កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយញុះញង់ឱ្យចូលរួមធ្វើ​បដិវត្តពណ៌​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​
១សប្តាហ៍ គ្រោះថ្នាក់ចរាចរណ៍ បន្តឆក់យកជីវិតមនុស្ស២៨នាក់ របួសជិត៧០នាក់
ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៤នាក់ ករណីឆក់ប្រដាប់អាវុធ ៣ករណី

សន្តិសុខ និង សង្គម

ការបាញ់ផ្លោងមិនកំណត់គោលដៅ បណ្តាលឲ្យមនុស្ស៣៤នាក់ស្លាប់ រួមទាំងកុមារ នៅស៊ូដង់

2023/07/12 11:42:54 am        75
ស៊ូដង់៖ ក្រសួងសុខាភិបាលរដ្ឋ នៅទីក្រុង Khartoum បាននិយាយកាលពីថ្ងៃអង្គារថា ការបាញ់ផ្លោងមិនកំណត់គោលដៅ បណ្តាលឲ្យមនុស្ស៣៤នាក់ស្លាប់ រួមមានទាំងកុមារ នៅក្នុងផ្សារដ៏ពេញនិយមមួយ នៅក្នុងទីក្រុង Omdurman ប្រទេស៊ូដង់។ យោងតាមអាជ្ញាធរសុខាភិបាល បានឲ្យដឹងថា អ្នកស្លាប់និងរងរបួសភាគច្រើន គឺជាអ្នកលក់ដូរទំនិញនៅផ្សារ Melga និងអ្នកបើកបររថយន្តដឹកទំនិញ។ បន្ទាប់ពីជម្លោះប្រដាប់អាវុធផ្ទុះឡើង នៅក្នុងប្រទេសស៊ូដង់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ចំនួនជនស៊ីវិលដ៏ច្រើន បានបង្ខំឲ្យភៀសខ្លួនចេញ រួមមានទាំងអ្នកដែលបានភៀសខ្លួននៅតែក្នុងប្រទេសរួចហើយដោយសាជម្លោះកាលពីពេលមុ ក្នុងប្រទេសស៊ូដង់ និងជនភៀសខ្លួនមកពីប្រទេសផ្សេងៗទៀត ដែលបានគិតថាមានសុវត្ថិភាពនៅក្នុងប្រទេសស៊ូដង់។បន្ថែមលើការភៀសខ្លួនថ្មី នៅក្នុងប្រទេសនេះ មនុស្សជាង៦សែននាក់ រួមទាំងពលរដ្ឋស៊ូដង់ នីងជនភៀសខ្លួនមកពីប្រទេសដទៃដែលទទួលដោយប្រទេសស៊ូដង់បានភៀសខ្លួនចេញពីស៊ូដង់ ទៅកាន់ប្រទេសជិតខាង ឬត្រឡប់ទៅប្រទេសកំណើតវិញក្នុងកាលៈទេសៈដ៏លំបាកដែលតាមការកត់សំគាល់ ទៅកាន់ប្រទេសឆាត ស៊ូដង់ខាងត្បូង សាធារណៈរដ្ឋអាហ្វ្រិកកណ្តាល អេហ្ស៊ីប និងប្រទេសអេត្យូពី៕

ចិន ជំរុញឲ្យជប៉ុនជាថ្មីម្តងទៀតឲ្យបញ្ឈប់ដំណើរការគម្រោងបញ្ចេញទឹក ចូលទៅក្នុងមហាសមុទ្រ

2023/07/12 11:20:04 am        80
ចិន៖ ប្រទេសចិន កាលពីថ្ងៃចន្ទ (ទី១០ ខែកក្កដា) ជាថ្មីម្តងទៀត បានជំរុញឲ្យប្រទេសជប៉ុនបញ្ឈប់ផែនការរបស់ខ្លួន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រ នៅឯកិច្ចប្រជុំលើកទី៥៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានអនុម័តលើលទ្ធផលនៃប្រព័ន្ធត្រួតពិនិត្យជាសកល (UPR) របស់ប្រទេសជប៉ុន។ ដោយថ្លែងនៅក្នុងកិច្ចពិភាក្សាអំពីលទ្ធផលនៃប្រព័ន្ធត្រួតពិនិត្យជាសកល (UPR) របស់ប្រទេសជប៉ុន អ្នកការទូតចិន បានបញ្ជាក់អះអាងជាថ្មីម្ដងទៀតនូវការអំពាវនាវរបស់ប្រទេសចិន ដើម្បីឲ្យប្រទេសជប៉ុនបញ្ឈប់ផែនការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ។អ្នកការទូតចិនបានជំរុញឲ្យប្រទេសជប៉ុនបោះបង់ចោលនូវផែនការនេះ តាមលក្ខណៈវិទ្យាសាស្ត្រ សុវត្ថិភាព និងតម្លាភាព ហើយសហការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដើម្បីដាក់ចេញយន្តការត្រួតពិនិត្យអន្តរជាតិរយៈពេលវែង ដែលពាក់ព័ន្ធនឹងប្រទេសជិតខាងរបស់ជប៉ុន និងអ្នកពាក់ព័ន្ធផ្សេងទៀតឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។អ្នកការទូតបានចង្អុលបង្ហាញថា ក្រៅពីមិនគិតគូដល់ការខាតបង់ផ្នែកសេដ្ឋកិច្ច ប្រទេសជប៉ុនធ្វើមិនដឹងមិនលឺនឹងកង្វល់ និងការប្រឆាំងរបស់សហគមន៍អន្តរជាតិ ហើយការបន្តបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរពីរោងចក្រហ្វូគូស៊ីម៉ារាប់លានតោនទៅក្នុងសមុទ្រ ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ គឺស្មើនឹងចាត់ទុកមហាសមុទ្រប៉ាស៊ីហ្វិកដូចជា «លូបង្ហូរទឹកសំអុយ»៕

ការវិភាគ៖ ទួរគីផ្អៀងទៅលោកខាងលិចជាថ្មី ក្នុងគោលនយោបាយការបរទេស ខណៈសេដ្ឋកិច្ចមានសម្ពាធ

2023/07/12 11:12:58 am        79
វិភាគ៖ បន្ទាប់ពីកំណត់គោលនយោបាយដាក់ឲ្យប្រទេសទួរគីនៅឆ្ងាយពីសម្ព័ន្ធមិត្តលោកខាងលិច ប្រធានាធិបតីលោក Tayyip Erdogan បានផ្លាស់ប្ដូរគោលនយោបាយ ជាមួយនឹងការសម្រេច ដែលធ្វើឲ្យសហរដ្ឋអាមេរិកពេញចិត្ត ហើយផ្ដល់ការខកចិត្តដល់រុស្ស៊ី ដែលបញ្ហានេះគឺជាការបត់បែនមួយ ដែលត្រូវបានគេមើលឃើញថា មានគោលបំណងមួយផ្នែក ដើម្បីបង្វែរសេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងតែធ្លាក់ចុះ ឲ្យងើបឡើងវិញ និងជំរុញឲ្យមានការវិនិយោគពីបរទេស។ការគិតគូរពីគោលនយោបាយការបរទេសឡើងវិញនេះ គឺជាផ្នែកមួយនៃការកែសម្រួលយ៉ាងទូលំទូលាយរបស់លោក Erdogan រយៈពេល ៦សប្តាហ៍ បន្ទាប់ពីរូបលោកជាប់ឆ្នោតជាប្រធានាធិបតីម្ដងទៀតពោលគឺលោកក៏បានផ្លាស់ប្តូរទិសដៅលើសេដ្ឋកិច្ចផងដែរ ដោយក្រឡាស់គោលនយោបាយហិរញ្ញវត្ថុតឹងរ៉ឹងជ្រុល ដែលត្រូវបានរិះគន់ថា បានធ្វើឲ្យមានអតិផរណាមិននឹងន និងរូបិយប័ណ្ណធ្លាក់ចុះ ក្នុងប្រទេសទួរគី។ចំណងទាក់ទងរបស់លោក Erdogan ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចាប់ផ្ដើមមានសម្ពាធ ដោយសារទំនាក់ទំនងរបស់ប្រទេសទួរគីជាមួយសម្ព័ន្ធមិត្តលោកខាងលិច ដែលមានរយៈពេលជាច្រើនឆ្នាំ រួមជាមួយនឹងកត្តាផ្សេងៗទៀត ដោយក្នុងនោះរួមទាំងក្ដីបារម្ភអំពីការគ្រប់គ្រងតាមបែបអត្តាធិបតេយ្យដែលកើនឡើងជាលំដាប់របស់លោកផងដែរ។ប៉ុន្តែការយល់ព្រមរបស់លោក Erdogan កាលពីថ្ងៃចន្ទ (ទី១០ ខែកក្កដា) ដើម្បីឲ្យប្រទេសស៊ុយអែតបានចូលរួមជាមួយអង្គការណាតូ ពោលគឺជាការសម្រេចដែលរូបលោកបានប្រឆាំងអស់រយៈជាច្រើនខែនោះ ត្រូវបានស្វាគមន៍ដោយមេដឹកនាំលោកខាងលិច ដែលបានប្រឹងប្រែងពង្រឹងសម្ព័ន្ធភាព បន្ទាប់ពីមានការលុកលុយរបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែន។បន្ទាប់ពីមាននូវការកែប្រែដ៏គួរឲ្យភ្ញាក់ផ្អើលពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទួរគី ក្រុមអ្នកវិភាគជឿថា ការសម្រេចរបស់លោក Erdogan ដោយក្នុងនោះរួមទាំងការប្រកាសគាំទ្រដល់ប្រទេសអ៊ុយក្រែន ក្នុងការចូលជាសមាជិករបស់អង្គការណាតូផងដែរ មិនមែនជារឿងចៃដន្យនោះឡើយ។លោក Galip Dalay នៅវិទ្យាស្ថានស្រាវជ្រាវ Chatham House បាននិយាយថា៖ «មានការយល់ឃើញមួយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះថា ទំនាក់ទំនងរវាងទួរគី និងរុស្ស៊ី កាន់តែមានគម្លាតឆ្ងាយទៅៗហើយ។ នេះបង្ហាញពីការរៀបចំតុល្យភាពថ្មីយ៉ាងច្បាស់លាស់»៕

ទីក្រុងរបស់រដ្ឋវើម៉ិន សហរដ្ឋអាមេរិក ត្រូវបានទឹកជំនន់ជន់លិច ខណៈទំនប់ទឹកឈានជិតដល់កម្រិតហៀរចេញ

2023/07/12 10:19:26 am        212
 អាមេរិក៖ ខ្សែទឹកខាងលើទំបន់ពីទីក្រុងរបស់រដ្ឋវើម៉ិន (Vermont) កំពុងរ៉ាប់រងសមត្ថភាពទឹកដល់កម្រិតអតិប្បរមា កាលពីថ្ងៃអង្គារទី១១ខែកក្កដា បន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយបានបិទផ្លូវនានាចេញពីទីក្រុងធំរបស់រដ្ឋវើម៉ិន គឺទីក្រុងម៉ុនប៉ែលយ័រ (Montpelier) និងបណ្ដាលឲ្យមនុស្សជាច្រើនជាប់ក្នុងលំនៅឋានរបស់ពួកគេ។ ក្រុមមន្ត្រីទីក្រុងនេះ បាននិយាយថាទំនប់ទឹក រៃសធ៍ស្វីលដាម (Wrightsville Dam) ដែលផ្ទុកទឹកបម្រុងចំនួន៦,៤គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងទីក្រុងម៉ុនប៉ែលយ័រ ជិតចំណុចដែលផ្លូវទឹកនឹងចាំបាច់ត្រូវបញ្ចេញទឹកចូលក្នុងទន្លេ ណស ប្រែនជ៍(North Branch)។ ខណៈដែលទីក្រុងរបស់រដ្ឋនេះ ស្ថិតក្នុងភាគឦសាននៅក្រោមទឹក សីតុណ្ហភាពនៅមហាសមុទ្រ បានកើនឡើងខ្ពស់ដល់៣២អង្សាសេ នៅក្នុងរដ្ឋហ្វ្លរីដា ជាមួយគ្នានោះ រដ្ឋតិចសាស់ កំពុងទទួលរកកម្ដៅខ្លាំង ហើយរដ្ឋកាលីហ្វ័រនីញ៉ា កំពុងត្រៀមទប់ទល់នឹងការហក់ឡើងនៃសីតុណ្ហភាពខ្ពស់រហូតដល់៤៩អង្សាសេ នៅក្នុងតំបន់វាលខ្សាច់នៅចុងសប្ដាហ៍នេះ។ ភាគច្រើននៃតំបន់ភាគឦសានសហរដ្ឋអាមេរិក រួមទាំងតំបន់មួយចំនួននៃរដ្ឋញ៉ូយ៉ក ម៉ាស្សាឈូសេត និង ខិននីធីខិត បានទទួលរងកម្ពស់ទឹកភ្លៀង២០សង់ទីម៉ែត្ររួចទៅហើយ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។ក្រុមមន្ត្រីរដ្ឋវើម៉ិន បានហៅទឹកជំនន់នេះថាជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីព្យុះសង្ឃរា អ៊ីរ៉េន(Irene) បានបោកបក់ដល់រដ្ឋញូវ អ៊ីងគ្លែន (New England) ជាព្យុះតំបន់ត្រូពិក កាលពីឆ្នាំ២០១១ និងបានបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិប្រមាណ ៧៥០លានដុល្លារអាមេរិក និងសម្លាប់មនុស្ស៧នាក់ នៅក្នុងរដ្ឋមួយនេះ៕

មនុស្ស ៨៦នាក់ស្លាប់ និង១៥១របួសដោយសារភ្លៀងធ្លាក់ខ្លាំងនៅប៉ាគីស្ថានចាប់តាំងពីខែមិថុនាមក

2023/07/11 02:55:19 pm        121
ប៉ាគីស្ថាន៖ សារព័ត៌មាន ARY News ដែលមានមូលដ្ឋាននៅប៉ាគីស្ថានបានរាយការណ៍ដោយសំអាងដល់សម្តីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA)ថា មនុស្ស៨៦នាក់បានស្លាប់ និង១៥១នាក់ផ្សេងទៀតបានរងរបួសនៅក្នុងភ្លៀងមូសុងនាពេលថ្មីៗនេះចាប់តាំងពីថ្ងៃទី២៥ ខែមិថុនាមក។នៅក្នុងរបាយការណ៍របស់អាជ្ញាធរ NDMA បានបញ្ជាក់ថា មនុស្ស ៦នាក់បានស្លាប់ និង ៩នាក់ផ្សេងទៀត បានរងរបួសនៅក្នុងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសប៉ាគីស្ថានក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បើយោងតាម ARY News ។យោងតាមទិន្នន័យរបស់ទីភ្នាក់ងារ NDMA បានឲ្យដឹងថា មកទល់បច្ចុប្បន្ននេះ មានអ្នកស្លាប់ចំនួន ៨៦នាក់ និងរបួស ១៥១នាក់ ដែលក្នុងនោះមានស្ត្រី ១៦នាក់ និងកុមារ ៣៧នាក់។ ផ្ទះសម្បែងចំនួន ៩៧ខ្នង ក៏បានរងការខូចខាតដែរ ខណៈភ្លៀងធ្លាក់យ៉ាងគំហុកបន្តធ្វើឲ្យមានការខូចខាតនៅទូទាំងប្រទេស៕

សាជីវកម្ម BBC របស់ចក្រភពអង់គ្លេសបានផ្អាកការងារពិធីករម្នាក់ជុំវិញរឿងអាស្រូវរូបថតក្មេងជំទង់

2023/07/11 02:47:01 pm        113
អង់គ្លេស៖ សាជីវកម្ម BBC របស់ចក្រភពអង់គ្លេសបានផ្អាកការងារបុគ្គលិកប្រុសម្នាក់កាលពីថ្ងៃអាទិត្យ (៩ កក្កដា) បន្ទាប់ពីមានការចោទប្រកាន់ថាតារាពិធីកររបស់ខ្លួនម្នាក់នេះ បានបង់ប្រាក់ឱ្យក្មេងជំទង់ចំនួនរាប់ពាន់ផោនដើម្បីថតរូបអាសអាភាស ដោយចាប់ផ្តើមពីពេលពួកគេមានអាយុ ១៧ឆ្នាំ។ប្រព័ន្ធផ្សព្វផ្សាយនេះបាននិយាយថា ខ្លួនបានដឹងជាលើកដំបូងអំពីពាក្យបណ្តឹងកាលពីខែឧសភា ប៉ុន្តែការចោទប្រកាន់ថ្មីអំពីលក្ខណៈផ្សេងគ្នាត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ (៦ កក្កដា) ហើយខ្លួនបានជូនដំណឹងដល់ "ក្រុមអាជ្ញាធរខាងក្រៅ" ។នគរបាលទីក្រុងឡុងដ៍្របាននិយាយថា ខ្លួនបានទទួលទំនាក់ទំនងដំបូងពី BBC ប៉ុន្តែមិនមានការបញ្ជូន ឬការចោទប្រកាន់ជាផ្លូវការណាមួយត្រូវបានធ្វើឡើងនោះទេ។សារជីវកម្ម BBC បាននិយាយថា នេះជា "កាលៈទេសៈដ៏ស្មុគស្មាញ និងឆាប់រហ័សពេក" ហើយខ្លួន "កំពុងធ្វើការឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីរកការពិត និងជូនដំណឹងឱ្យបានត្រឹមត្រូវនូវជំហានបន្ទាប់ដ៏សមស្រប"៕

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីជំរុញឲ្យតំបន់អាស៊ានគ្មាននុយក្លេអ៊ែរ

2023/07/11 02:42:39 pm        105
ឥណ្ឌូណេស៊ី៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Marsudi បានបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ប្រចាំឆ្នាំនៅថ្ងៃអង្គារ (១១ កក្កដា)នេះ ដោយជំរុញឱ្យតំបន់នេះគ្មានអាវុធនុយក្លេអ៊ែរ។សុន្ទរកថាបើកនៃកិច្ចប្រជុំនេះ ត្រូវបានបន្តដោយសម័យប្រជុំបិទទ្វាររវាងប្រទេសជាសមាជិក ដែលសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ ដែលមិនមានរដ្ឋណាមួយក្នុងចំណោមរដ្ឋអាវុធនុយក្លេអ៊ែរទាំងប្រាំបានបានព្រមព្រៀងគ្នានោះ ត្រូវបានលើកយកទៅពិភាក្សា។កិច្ចប្រជុំប្រចាំឆ្នាំនេះធ្វើឡើង ស្របពេលមានសម្ពាធដើម្បីដោះស្រាយវិបត្តិនយោបាយបង្ហូរឈាមនៅក្នុងសហភាពមីយ៉ាន់ម៉ា និងដោះស្រាយភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដែលសមាជិកអាស៊ានមួយចំនួនមានការទាមទារទឹកដីត្រួតស៊ីគ្នាជាមួយប្រទេសចិន។អាស៊ានក៏នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាននៅចុងសប្តាហ៍នេះផងដែរ ដោយមានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov សុទ្ធតែបានគ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍ទាំងនោះ៕

ទីភ្នាក់ងារអាកាសធាតុUN ៖ សប្តាហ៍ទី១ ខែកក្កដានេះ មានអាកាសធាតុក្តៅបំផុតក្នុងកំណត់ត្រា

2023/07/11 02:37:42 pm        143
UN៖ យោងតាមអង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទ បានឱ្យដឹងថា សប្តាហ៍ដំបូងនៃខែកក្កដានេះគឺជារយៈពេលដែលមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រា ដោយបានព្រមានអំពីសីតុណ្ហភាពពិភពលោកនឹងកើនឡើងនៅពេលដែលឥទ្ធិពលនៃបាតុភូត អ៊ែល នីញ៉ូ (El Nino) កើតមានឡើងនៅចុងឆ្នាំនេះ។យោងតាមទិន្នន័យពីអង្គការ WMO បានឲ្យដឹងថា ភពផែនដីទើបតែជួបប្រទះខែមិថុនាដ៏ក្តៅបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម។ សីតុណ្ហភាពជាមធ្យមនៃខែមិថុនាឆ្នាំនេះគឺ ០,៦អង្សាសេខ្ពស់ជាងខែមិថុនា ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០។ នៅពេលដែលខែកក្កដាបានចាប់ផ្តើម សីតុណ្ហភាពពិភពលោកនៅតែបន្តកើនឡើង។ដោយសំអាងដល់ទិន្នន័យបឋមរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន អង្គការ WMO បាននិយាយថា ថ្ងៃទី ៧ ខែកក្កដា គឺជាថ្ងៃដ៏ក្តៅបំផុត។ សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកស្ថិតនៅកម្រិត ១៧,២៤ អង្សាសេ ពោលគឺ ០,៣អង្សារសេខ្ពស់ជាងមុនធៀបនឹងកំណត់ត្រាមុនដែលមានត្រឹម ១៦,៩៤អង្សារសេ ដែលបានកត់ត្រានៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។សីតុណ្ហភាពក្នុងមហាសមុទ្រនានាក្នុងខែឧសភា និងមិថុនា ក៏បានបំបែកកំណត់ត្រាផងដែរ។ ក្រុមអ្នកឧតុនិយមបានរកឃើញរលកកំដៅសមុទ្រ (MHW) នៅជិតប្រទេសអៀរឡង់ ចក្រភពអង់គ្លេស និងសមុទ្របាល់ទិក។ ទន្ទឹមនឹងនេះដែរ តំបន់ទឹកកកនៃសមុទ្រអង់តាក់ទិកបានរលាយធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងខែមិថុនា គឺតិចជាងជាមធ្យមចំនួន ១៧ភាគរយ។អង្គការ WMO បាននិយាយថា សីតុណ្ហភាពខ្ពស់ដែលបំបែកកំណត់ត្រានេះ អាចបង្កការខូចខាតដល់ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន។ នេះឆ្លុះបញ្ចាំងពីផលប៉ះពាល់យូរអង្វែងនៃសកម្មភាពរបស់មនុស្សទៅលើអាកាសធាតុនៃភពផែនដីរបស់យើង៕

ឆ្មាំល្បាតឆ្នេរអេស្ប៉ាញជួយសង្គ្រោះជនអន្តោប្រវេសន៍យ៉ាងតិច៨៦នាក់ចេញពីប្រជុំកោះកាណារី

2023/07/11 02:34:06 pm        104
អេស្ប៉ាញ៖ យ៉ាងហោចណាស់មានជនអន្តោប្រវេសន៍ចំនួន៨៦នាក់ ត្រូវស្ទាក់ចាប់បាន និងជួយសង្គ្រោះដោយឆ្មាំល្បាតឆ្នេរអេស្ប៉ាញកាលពីថ្ងៃច័ន្ទ (១០ កក្កដា) ដែលមានចម្ងាយ ១១៣ គីឡូម៉ែត្រ (៧០ ម៉ាយ) ពីកោះ ក្រាន កាណារីយ៉ា។ នាវាកុងតឺន័រ MSC Marta ត្រូវបានបង្វែរទិសដៅទៅតំបន់នោះ ដើម្បីផ្តល់ការគាំទ្រ បន្ទាប់ពីយន្តហោះស្វែងរក និងជួយសង្គ្រោះ បានរកឃើញទូកខ្នាតតូចផ្ទុកមនុស្ស៨០នាក់ និងស្ត្រី ៦នាក់។ជនអន្តោប្រវេសន៍ទាំងនោះ ត្រូវបានបញ្ចូនទៅកាន់នាវាឆ្មាំល្បាតឆ្នេរ ហើយបន្ទាប់មកពិនិត្យ និងថែទាំដោយសេវាសង្គ្រោះបន្ទាន់នៅកំពង់ផែ Arguineguin នៅលើកោះ ក្រាន កាណារីយ៉ា។ ទិន្នន័យរបស់រដ្ឋាភិបាលអេស្ប៉ាញបានបង្ហាញថាមនុស្ស ៧.២១៣នាក់បានទៅដល់ប្រជុំកោះកាណារីនៅចន្លោះខែមករាដល់ចុងខែមិថុនាឆ្នាំនេះ ដែលតួលេខនេះបានធ្លាក់ចុះ ១៨,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

មនុស្ស២នាក់បានស្លាប់ និង១២នាក់រងរបួសបន្ទាប់ពីបាក់ផ្លូវហាយវេដែលកំពុងសាងសង់នៅទីក្រុងបាងកក

2023/07/11 02:30:22 pm        170
ថៃ៖ បាងកក៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ បន្ទាប់ពីរនាំងសំណង់ដ៏ធំនៅលើផ្លូវដ៏មមាញឹកមួយបានដួលរលំនៅក្នុងទីក្រុងបាងកក នគរបាលបាននិយាយនៅថ្ងៃអង្គារ (១១ កក្កដា)នេះ ដោយវីដេអូនៃឧបទ្ទវហេតុនេះត្រូវបានចែកចាយយ៉ាងឆាប់រហ័សតាមអ៊ីនធឺណិត។រនាំងដែកដ៏ធំនៅលើគម្រោងសាងសង់ផ្លូវហាយវេ Lat Krabang Tollway នៅភាគខាងកើតទីក្រុងនេះ បានបាក់ស្រុតដល់ដីកាលពីរសៀលថ្ងៃច័ន្ទ ដោយធ្វើឲ្យអ្នកថ្មើរជើង និងអ្នកបើកបរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នគរបាលបាននិយាយថា មនុស្សយ៉ាងហោចណាស់២នាក់បានស្លាប់ និង១២នាក់ទៀតរងរបួស។លោក Chadchart Sittipunt អភិបាលក្រុងបាងកក បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃចន្ទ នៅទីតាំងកើតហេតុថា "យើងមិនទាន់ដឹងថា មូលហេតុអ្វីបណ្តាលឱ្យមានកើតមានឧបទ្ទវហេតុនេះទេ។ យើងមិនទាន់មានព័ត៌មានណាមួយអំពីអ្នកបាត់ខ្លួននៅឡើយទេ"។ លោកបានបន្ថែមថា អ្នករងរបួសបួននាក់ ដែលស្ថិតក្នុងចំណោមអ្នករងរបួសទាំងអស់ កំពុងមានស្ថានភាពធ្ងន់ធ្ងរ។លោក Chadchart បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះនឹងរង់ចាំវិស្វករវិភាគការដួលរលំ មុនពេលចាប់ផ្តើមប្រតិបត្តិការ។ លោកបានបន្តថា៖ «យើងផ្តល់អាទិភាពដល់សុវត្ថិភាពជាមុន។ បន្ទាប់មកយើងនឹងចាប់ផ្តើមប្រតិបត្តិការស្វែងរកដោយប្រុងប្រយ័ត្ន»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម វង សូត ថ្លែងសុន្ទរកថា គន្លឹះ នៅក្នុងសន្និសីទសភាអន្តរជាតិ រំលឹកខួបលើកទី៣០ឆ្នាំ នៃការអនុម័តរដ្ឋធម្មនុញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់
10/30/2025 09:10 AM
អនុប្រធានទី២ រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការសន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់
10/30/2025 09:10 AM
ប៉ាគីស្ថាន គំរាមលុបបំបាត់ក្រុមតាលីបង់របស់អាហ្វហ្គានីស្ថាន ក្រោយការចរចាសន្តិភាពបរាជ័យ
10/30/2025 09:10 AM
ឯកឧត្តម វង សូត ជួបសំណេះសំណាល ជាមួយ ឯកឧត្តមប្រធានក្រុមប្រឹក្សាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន
10/30/2025 09:10 AM
[BREAKING NEWS] ប្រធានាធិបតីចិន Xi Jinping អញ្ជើញបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្រោយរយៈពេល ១១ឆ្នាំ ខណៈត្រៀមជួបលោក Trump
10/30/2025 08:10 AM
សាកសពត្រៀបត្រាតាមដងផ្លូវ ខណៈអ្នកស្លាប់ពីប្រតិបត្តិការនគរបាលរបស់ប្រេស៊ីល ឡើងដល់យ៉ាងតិច ១៣០នាក់
10/30/2025 08:10 AM
UN ជំរុញភាគីទាំងអស់កុំឱ្យសន្តិភាពរបូតចេញពីដៃ ក្រោយអ៊ីស្រាអែលវាយប្រហារថ្មីៗលើហ្កាហ្សាសម្លាប់មនុស្សជាង១០០នាក់
10/30/2025 08:10 AM
ក្រុមក្មេងទំនើងបង្កហិង្សាកាប់បំផ្លាញទ្រព្យសម្បត្តិនៅខណ្ឌច្បារអំពៅ ត្រូវសមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបបាន០៨នាក់
10/30/2025 08:10 AM
រដ្ឋធានីដែល្លីប្រទេសឥណ្ឌាងាកទៅរកការសាបព្រួសពពកបង្កើតជាភ្លៀង ដើម្បីទប់ស្កាត់កង្វក់បរិយាកាស
10/29/2025 08:10 PM
កង្វះខាតប្រេងឥន្ធនៈ កំពុងយាយីដល់តំបន់កសិកម្មដ៏សំខាន់របស់ប្រទេសបូលីវី
10/29/2025 08:10 PM