ដកហូតអាជ្ញាបណ្ណកាស៊ីណូ ដែលផ្តល់ជូនក្រុមហ៊ុន សៀងហៃ រីហ្សត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់
BREAKING NEWS | តំណាងអយ្យការសម្រេចចោទប្រកាន់កូនស្នងការរងខេត្តបន្ទាយមានជ័យបើកបរបុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី ចំនួន ២បទល្មើស
ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ

សន្តិសុខ និង សង្គម

រលកកម្តៅក្តៅខ្លាំងនាំឲ្យមានការព្រមានពីបញ្ហាសុខភាពនៅទូទាំងអឺរ៉ុប និងសហរដ្ឋអាមេរិក

2023/07/19 12:52:47 pm        227
រលកកម្តៅដ៏ក្តៅហួតហែងដែលបានវាយប្រហារតំបន់ជាច្រើននៅអឺរ៉ុប អាស៊ី និងសហរដ្ឋអាមេរិក កាន់តែធ្ងន់ធ្ងរទៅកាលពីថ្ងៃអង្គារម្សិលមិញ ក្នុងនោះអង្គការឧតុនិយមពិភពលោក(WMO) បានព្រមានពីហានិភ័យកើនឡើងករណីស្លាប់មនុស្សពាក់ព័ន្ធសីតុណ្ហភាពខ្ពស់ខ្លាំងហួសហេតុនេះ ។  ប្រជាពលរដ្ឋអាមេរិក កំពុងប្រឈមនឹងអាកាសធាតុក្តៅបំផុត ចាប់ពីកម្តៅដូចភ្លើងនៅរដ្ឋ Texas និងរដ្ឋ Southern California រហូតដល់ខ្យល់ឈ្លក់ផ្សែងអណ្តែតដល់តំបន់ Midwest បង្កឡើងដោយសារភ្លើងឆេះព្រៃនៅប្រទេសកាណាដា ។  ការព្រមានពីទឹកជំនន់ បានធ្វើឡើងផងដែរសម្រាប់ទីក្រុង Vermont ដែលទើបតែជន់លិចកាលពីសប្តាហ៍មុន ស្របពេលដែលព្យុះត្រូពិក Calvin ត្រូវបានគេរំពឹងថានឹងបោកបក់លើរដ្ឋហាវ៉ៃ ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។  ទីក្រុង Phoenix ស្ថិតនៅភាគនិរតីរដ្ឋ Arizona បានរកឃើញសីតុណ្ហភាពខ្ពស់រហូតដល់ ៤៣អង្សាសេ រយៈពេល ១៩ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃអង្គារ ពោលគឺបំបែកកណត់ត្រាចាស់រយៈពេល ១៨ថ្ងៃជាប់ៗគ្នា ។  ស្របពេលដែលសីតុណ្ហភាពនៅក្នុងរដ្ឋធានីរដ្ឋ Arizona មួយនេះ កើនឡើងដល់៤៧អង្សាសេ លោក Amit Ghagoji វ័យ ៤០ឆ្នាំ ដែលជាភ្ញៀវក្រៅរដ្ឋ បានដើរលេងតាមព្រៃក្នុងឧទ្យាន Papago របស់ទីក្រុង Phoenix ។  លោក Bhagoji និយាយថា វាប្រៀបបាននឹងអ្នកបើកគម្របឡ.ដុតនំអញ្ចឹងដែរ ហើយវាគឺជារលកកម្តៅក្តៅខ្លាំងណាស់ ។ បើសិនជាអ្នកធ្វើនំ ឬធ្វើអ្វីមួយ ហើយអ្នកបើកគម្របឡ. វានឹងជះចំហាយក្តៅភ្លាមលើមុខរបស់អ្នក ។  លោក Tom Frieders គឺជាអ្នកឧតុនិយមនៅសេវាកម្មឧតុនិយមជាតិ ស្ថិតក្នុងទីក្រុង Phoenix និយាយថា សីតុណ្ហភាពខ្ពស់ក្នុងតំបន់ នឹងមានចន្លោះពី ៤៦អង្សាសេ និង ៤៨,៩អង្សាសេ សម្រាប់រយៈពេល ៧ថ្ងៃទៀត បើសិនជាមិនយូរជាងនេះទេនោះ ។  ស្របពេលដែលសីតុណ្ហភាពក្តៅខ្លាំង វាយប្រហារតំបន់ជាច្រើនរបស់អឺរ៉ុប អំឡុងវិស្សមកាលរដូវក្តៅនេះ អង្គការ WMO បាននិយាយថា រលកកម្តៅនៅអឌ្ឍគោលខាងជើង នឹងកាន់តែធ្ងន់ធ្ងរខ្លាំង ។ មនុស្សប្រហែល ៦១.០០០នាក់ អាចត្រូវបានស្លាប់ដោយសារតែរលកកម្តៅនៅអឺរ៉ុបកាលពីឆ្នាំមុន ៕

ភ្លើងឆេះព្រៃនៅភាគពាយ័ព្យទីក្រុងអាតែន ប្រទេសក្រិក បន្តឆាបឆេះដល់ពេលយប់ និងបានបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើន

2023/07/19 12:45:09 pm        240
ក្រិក៖ ភ្លើងឆេះព្រៃ ២កន្លែងបានឆាបឆេះដោយមិនអាចគ្រប់គ្រងបានលើដីព្រៃក្នុងទីក្រុង Mandra នៅភាគពាយ័ព្យទីក្រុងអាតែន ប្រទេសក្រិក រយៈពេល ២ថ្ងៃជាប់ៗគ្នា កាលពីថ្ងៃអង្គារ ដោយបង្ខំឲ្យប្រជាពលរដ្ឋកាន់តែច្រើនរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ស្របពេលដែលក្រុមអាជ្ញាធរ ព្យាយាមបញ្ឈប់អណ្តាតភ្លើងពីការរីករាលដាលដល់តំបន់ដែលមានរោងចក្រចម្រាញ់ប្រេងកាត ។  យោងតាមការអះអាងរបស់ក្រុមសាក្សី និងក្រុមមន្រ្តី បានឲ្យដឹងថា ភ្លើងឆេះព្រៃមួយកន្លែង មានមុខកាត់រហូតដល់ ៨គ.ម ដោយបានឆាបឆេះផ្ទះសម្បែងប្រជាពលរដ្ឋ និងរថយន្តនៅជុំវិញទីក្រុង Mandra ស្ថិតនៅភាគខាងលិចរដ្ឋធានីអាតែន ដែលគ្របដណ្តប់ពីលើដោយផ្សែងខ្មៅយ៉ាងក្រាស់ឃ្មឹក ។  លោក Christos Stathis គឺជាអភិបាលក្រុង Mandra បាននិយាយប្រាប់ទូរទស្សន៍ Open TV ថា ពួកយើងកំពុងរស់នៅក្នុងស្ថានភាពអាក្រក់ ។ ផ្ទះសម្បែង និងអចលទ្រព្យ ត្រូវបានឆាបឆេះដោយតែភ្លើងឆេះព្រៃ ។  គួរឲ្យដឹងថា កាលពីឆ្នាំ ២០១៧ ទីក្រុង Mandra ដែលជាតំបន់ឧស្សាហកម្មធំ បានរងគ្រោះដោយសារទឹកជំនន់ដែលបានសម្លាប់មនុស្ស ២៤នាក់ ។  ការធ្វើចរាចរណ៍ ត្រូវបានផ្អាករយៈពេលជាច្រើនម៉ោងនៅតាមផ្លូវជាតិ ២ខ្សែតភ្ជាប់ទីក្រុងអាតែនជាមួយទីក្រុង Elefsina និងទីក្រុង Corinth ជាកន្លែងដែលរោងចក្រចម្រាញ់ប្រេងកាតកំពុងប្រតិបត្តិការ ។ កាលពីល្ងាចថ្ងៃអង្គារ អណ្តាតភ្លើងបានឆាបឆេះឆ្ពោះទៅកាន់ទីក្រុងមាត់សមុទ្រ Nea Peramos ។  សាក្សីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បាននិយាយថា ផ្ទះសម្បែង និងរោងចក្រផលិតនាវាខ្នាតតូចមួយកន្លែង ត្រូវបានបំផ្លាញនៅក្នុងទីក្រុង Neos Pontos ហើយសំណុំផ្សែងខ្មៅដ៏ក្រាស់ បានហោះលើមេឃ ក្រោយការផ្ទុះ ។  មន្រ្តីនគរបាលមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មកទល់នឹងពេលនេះ ស្រុកយ៉ាងហោចចំនួន ៧ ត្រូវបានជម្លៀសប្រជាពលរដ្ឋចេញ ហើយក្រុមនគរបាល បានជួយជម្លៀសមនុស្សជាង ៣០០នាក់ ។  លោក Andreas Theodosiadis គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Mandra ដែលឈរនៅជុំវិញកម្ទេចកម្ទី និងបំណែករថយន្តដែលរងការឆាបឆេះ និយាយថា ពួកយើងបានប្រឹងអស់ពីលទ្ធភាពដើម្បីពន្លត់ភ្លើងឆេះព្រៃ ហើយឥឡូវអ្វីៗត្រូវបានបំផ្លាញអស់ដោយសារតែវា ៕

UN៖ គំនិតមានច្រើនលើវិធីនាំចេញគ្រាប់ធុញ្ញជាតិ និងជីគីមីអ៊ុយក្រែន និងរុស្ស៊ីទៅកាន់ទីផ្សារពិភពលោក

2023/07/19 12:41:49 pm        208
UN៖អង្គការសហប្រជាជាតិ(UN)និយាយកាលពីថ្ងៃអង្គារថា មាននូវគំនិតជាច្រើនបានលេចចេញឡើងដើម្បីជួយឲ្យគ្រាប់ធុញ្ញជាតិអ៊ុយក្រែន និងរុស្ស៊ី ហើយនិងជីគីមីរុស្ស៊ី ទៅកាន់ទីផ្សារសកលលោក ក្រោយទីក្រុងម៉ូស្គូ ឈប់ទទួលយកកិច្ចព្រមព្រៀងអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធុញ្ញជាតិអ៊ុយក្រែនដោយសុវត្ថិភាពចេញពីកំពង់ផែសមុទ្រខ្មៅ ។  កិច្ចព្រមព្រៀងសមុទ្រខ្មៅនេះ ត្រូវបានរៀបចំឡើងដោយ UN និងប្រទេសទួរគី កាលពីខែកក្កដា ឆ្នាំមុន ដើម្បីប្រយុទ្ធប្រឆំាងនឹងវិបត្តិស្បៀងអាហារពិភពលោក បង្កឡើងដោយសារការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ។ អ៊ុយក្រែន និងរុស្ស៊ី ស្ថិតនៅក្នុងចំណោមប្រទេសនាំចេញគ្រាប់ធុញ្ញជាតិធំៗបំផុតរបស់ពិភពលោក ។  ការដកខ្លួនចេញពីកិច្ចព្រមព្រៀងរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ ដែលរួមទាំងការដកចេញការធានាចំពោះការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាពនោះ បានបញ្ចប់ផងដែរនូវកិច្ចព្រមព្រៀងរវាង UN និងទីក្រុងម៉ូស្គូ ដែលក្រុមមន្រ្តី UNបានយល់ព្រមជួយនាំចេញជីគីមី និងស្បៀងអាហាររុស្ស៊ីទៅកាន់ទីផ្សារពិភពលោក ។  អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric និយាយថា ទោះបីជាយ៉ាងណាក៏ដោយ អគ្គលេខាធិការ UNលោក Antonio Guterresនឹងបន្តស្វែងរកវិធីដែលមានលទ្ធភាពទាំងអស់ ដើម្បីធានាបានថា គ្រាប់ធុញ្ញជាតិអ៊ុយក្រែន គ្រាប់ធុញ្ញជាតិរុស្ស៊ី ជីគីមីរុស្ស៊ី អាចនាំចេញទៅកាន់ទីផ្សារពិភពលោកបាន ។  លោកបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានដោយពុំបានផ្តល់សេចក្តីលម្អិតថា មាននូវគំនិតច្រើនណាស់បានលេចចេញ ។  ខណៈពេលនោះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែនលោក Dmytro Kuleba និយាយថា ជម្រើសផ្សេងទៀតចំពោះកិច្ចព្រមព្រៀងគ្រាប់ធុញ្ញជាតិសមុទ្រខ្មៅ ត្រូវតែរកឲ្យឃើញ ហើយបច្ចុប្បន្នមាននូវការជជែកពិភាក្សាយ៉ាងសកម្មបំផុត ។  លោកបន្តថា ការនាំចេញគ្រាប់ធុញ្ញជាតិអ៊ុយក្រែនឆ្លងកាត់អឺរ៉ុបមិនអាចទូទាត់ជាមួយការចែកចាយពីកំពង់ផែអ៊ុយក្រែននៅសមុទ្រខ្មៅបាននោះទេ ៕

សហរដ្ឋអាមេរិករងការវាយប្រហារដោយកម្ដៅក្ដៅខ្លាំង ខ្យល់អាប់អួ ខ្យល់ព្យុះត្រូពិច ទាំងអស់ក្នុងពេលតែមួយ

2023/07/19 12:30:47 pm        203
អាមេរិក៖ សហរដ្ឋអាមេរិកកំពុងជួបប្រទះនឹងស្ថានភាពអាកាសធាតុខុសពីធម្មតា រាប់ចាប់តាំងពីព្យុះត្រូពិច នៅរដ្ឋហាវ៉ៃ រហូតដល់ការឡើងកម្ដៅក្ដៅបំផុតទូទាំងរដ្ឋនៅតំបន់ Sun Belt និងគុណភាពខ្យល់មិនល្អ នៅក្នុងតំបន់ជាច្រើន ខណៈដែលផ្សែងពីចំហេះព្រៃរបស់ប្រទេសកាណាដា បានបក់មកពាសពេញតំបន់ព្រំដែន។ខណៈដែលសហរដ្ឋអាមេរិក និងចិន ដែលជាប្រទេសបញ្ចេញផ្សែងពុលធំជាងគេបំផុតរបស់ពិភពលោក បានព្យាយាមឈានដល់កិច្ចព្រមព្រៀងកាត់បន្ថយការបញ្ចេញកាបូន ជនជាតិអាមេរិកបានជួបប្រទះនឹងរូបភាពផ្សេងៗនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដែលអ្នកវិទ្យាសាស្ត្រនិយាយថា ទំនងជាក្លាយជារឿងធម្មតា ក្រោមការប្រែប្រួលអាកាសធាតុដែលជំរុញដោយឥន្ធនៈហ្វូស៊ីល។កម្ដៅក្ដៅខ្លាំង ដែលបន្តមាននៅភាគខាងត្បូង និងភាគខាងលិចនៃសហរដ្ឋអាមេរិក កំពុងធ្វើឲ្យប្រជាជនអាមេរិករាប់សិបលាននាក់នៅក្រោមការផ្ដល់ប្រឹក្សាអំពីការឡើងក្ដៅខ្លាំងនេះ។ នៅទីក្រុង Phoenix រដ្ឋអារីហ្សូណា (Arizona) កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) កម្ដៅបានឡើងលើសពី ៤៣អង្សាសេ ដែលមានរយៈពេលថ្ងៃទី១៩ថ្ងៃជាប់ៗគ្នា ដោយហួសពីកម្រិតបែបនេះ កាលពីមុន រយៈពេល១៨ថ្ងៃ ជាប់ៗគ្នា។កន្លែងក្តៅបំផុតនៅសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) ត្រូវបានគេរំពឹងថា មាននៅជ្រលងមរណៈ (Death Valley) របស់រដ្ឋកាលីហ្វ័រញ៉ា ដែលសីតុណ្ហភាពនៅឯមជ្ឈមណ្ឌលអ្នកទេសចរ ក្នុងឧទ្យានជាតិ Death Valley ត្រូវបានគេរំពឹងថា នឹងឡើងដល់ ៥០អង្សាសេ។ជាមួយគ្នានេះ បើយោងតាមគេហទំព័រ AirNow.gov ដែលតាមដានការបង្កកង្វក់ បានឲ្យដឹងថា ផ្សែងពីចំហេះព្រៃនៅប្រទេសកាណាដា បានហោះអណ្តែតពាសពេញសហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមានគុណភាពខ្យល់មិនល្អ នាថ្ងៃអង្គារនោះ នៅតំបន់ឆ្ងាយៗ ដូចជាឧទ្យានជាតិ Yosemite ជាដើម។ចំណែកកោះដ៏ធំ (Big Island ) របស់រដ្ឋហាវៃ (Hawaii) ឯណោះវិញ សេវាអាកាសធាតុជាតិ (NWS) បានឲ្យដឹងថា កោះធំនេះបានស្ថិតនៅក្រោមការព្រមានអំពីព្យុះត្រូពិច កាលពីព្រឹកថ្ងៃអង្គារ ខណៈដែលកោះនេះត្រៀមប្រឈមជាមួយព្យុះត្រូពិច Calvin ដែលរំពឹងថា នឹងនាំឲ្យមានភ្លៀងធ្លាក់កម្រិត ៨អ៊ីញ (ជាង ២០សង់ទីម៉ែត្រ) និងល្បឿនខ្យល់បក់ខ្លាំង ៤០ម៉ាយល៍ (ជាង ៦៤គីឡូម៉ែត្រ) ក្នុងមួយម៉ោង។លើសពីនេះទៀត នៅចម្ងាយជិត ៥.០០០ម៉ាយល៍ (ជាង៨.០០០គីឡូម៉ែត្រ) ពីភាគឦសាន ក្នុងរដ្ឋ Vermont ការតាមដានទឹកជំនន់ បានប្រព្រឹត្តទៅ សម្រាប់ផ្នែកខ្លះនៅភាគកណ្តាលរបស់រដ្ឋ ក្នុងនោះរួមទាំងរដ្ឋធានី Montpelier ដែលត្រូវបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុន៕

អភិបាលតំបន់៖ រុស្ស៊ីវាយប្រហារតាមផ្លូវអាកាសជាយប់ទី២ លើកំពង់ផែ Odesa របស់អ៊ុយក្រែន

2023/07/19 12:25:55 pm        236
អ៊ុយក្រែន៖ អភិបាលតំបន់ បាននិយាយថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានជាប់រវល់យ៉ាងខ្លាំង ក្នុងរយៈពេលជាច្រើនម៉ោង នៅព្រឹកថ្ងៃពុធ ដើម្បីទប់ទល់ និងកម្ទេចការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីលើកំពង់ផែភាគខាងត្បូងនៃទីក្រុង Odesa សម្រាប់យប់ទីពីរជាប់ៗគ្នា។ប្រទេសរុស្ស៊ីបានចាប់ផ្ដើមវាយប្រហារកំពង់ផែរបស់អ៊ុយក្រែន កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) មួយថ្ងៃបន្ទាប់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅប្រកបដោយសុវត្ថិភាព ដោយការសម្រេចចិត្តនេះ បានបង្កើនការបារម្ភជាចម្បង នៅទ្វីបអាហ្រ្វិក និងអាស៊ីពីការឡើងថ្លៃតម្លៃស្បៀងអាហារ និងពីការកើនឡើងនូវភាពអត់ឃ្លាន។អភិបាលក្រុង Odesa លោក Oleh Kiper បាននិយាយនៅលើកម្មវិធីផ្ញើសារនៃបណ្ដាញសង្គម Telegram ថា៖ «កុំចូលទៅជិតបង្អួច កុំបាញ់ ឬបង្ហាញពីការងាររបស់កងកម្លាំងការពារដែនអាកាសឲ្យសោះ»។ភាគខាងកើតទាំងអស់របស់ប្រទេសអ៊ុយក្រែន ត្រូវបានប្រកាសព្រមានអំពីការវាយឆ្មក់តាមអាកាស ដោយចាប់ផ្តើមភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃពុធ។ ក្នុងរបាយការណ៍សមរភូមិផ្សេងទៀត ទីក្រុងម៉ូស្គូ និងទីក្រុងគីវ បានផ្តល់ព័ត៌មានផ្សេងគ្នាយ៉ាងច្រើននៃការប្រយុទ្ធគ្នា នៅភាគឦសានអ៊ុយក្រែន កាលពីថ្ងៃអង្គារ។៦សប្តាហ៍ ចាប់តាំងពីអ៊ុយក្រែនចាប់ផ្តើមបើកការវាយបក នៅភាគខាងកើត និងខាងត្បូង រុស្ស៊ីកំពុងបង្កើនការវាយលុកផ្នែកថ្មើរជើង នៅភាគឦសាន ហើយជាមួយគ្នានេះ ទីក្រុងមូស្គូនិយាយថា ការវាយលុករបស់អ៊ុយក្រែន បានបរាជ័យ៕

បំណាក់ដីនៅប្រទេសកូឡុំប៊ី បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៤នាក់ស្លាប់ និងបិទផ្លូវហាយវេដ៏សំខាន់មួយ

2023/07/19 10:18:18 am        205
កូឡុំប៊ី៖ បំណាក់ដីនៅកណ្តាលប្រទេសកូឡុំប៊ី បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់ ស្លាប់ កាលពីព្រឹកថ្ងៃអង្គារ ហើយបានបិទផ្លូវហាយវេមួយ ដែលតភ្ជាប់ពីទីក្រុងបូហ្គោតា (Bogota) ទៅកាន់វាលទំនាបភាគខាងកើតរបស់ប្រទេសនេះ។លំហូរល្បប់ និងកម្ទេចកម្ទី បានបំផ្លាញផ្ទះជាច្រើនខ្នងក្នុងទីក្រុង Quetame ហើយសាលាក្រុងមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងបូហ្គោតាដែលធ្វើដំណើរដោយជិះរថយន្ត ត្រូវចំណាយពេលមួយម៉ោង។ ភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យជន់លិចអូចំនួនបី។នគរបាល បាននិយាយថា ពួកគេកំពុងស្វែងរកអ្នកបាត់ខ្លួន ដែលអាចកប់នៅក្រោមកម្ទេចកម្ទី។ បំណាក់ដីនេះ ក៏បានបោកបក់ទៅលើកន្លែងគិតលុយមួយ និងបានធ្វើឲ្យបាក់ស្ពានមួយនៅលើផ្លូវហាយវេ Bogota-Villavicencio ដោយបង្ខំឱ្យនគរបាលប្តូរទិសចរាចរណ៍។ផ្ទះជាច្រើនខ្នងដែលត្រូវរងខូចខាតដោយការបាក់ដីភក់ ត្រូវបានសាងសង់នៅតាមជើងភ្នំនៅជិតទន្លេ។ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះនៅលើ Twitter ហើយបានសរសេរថាឧបទ្ទវហេតុនេះ«បង្ហាញថា មានតម្រូវការចាំបាច់»សម្រាប់មន្ត្រីក្នុងតំបន់ក្នុងការរៀបចំផែនការតំបន់ទីក្រុងឲ្យបានហ្មត់ចត់ជាងមុន ដោយទុកកន្លែងទំនេរច្រើននៅជុំវិញផ្លូវទឹក៕

កូរ៉េខាងជើង បានបាញ់មីស៊ីល២គ្រាប់ បន្ទាប់ពីនាវាមុជទឹកបំពាក់នុយក្លេអ៊ែរអាមេរិក បានទៅដល់កូរ៉េខាងត្បូង

2023/07/19 09:28:56 am        132
 កូរ៉េខាងជើង៖ យោធាជប៉ុន និងកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីកចំនួន២គ្រាប់ ចូលក្នុងសមុទ្រភាគខាងកើតរបស់ខ្លួន ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីនាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានទៅដល់កំពង់ផែកូរ៉េខាងត្បូងជាលើដំបូងក្នុងរយៈពេល៤០ឆ្នាំមិនធ្លាប់មាន។ក្រសួងការពារជាតិជប៉ុននិយាយថា មីស៊ីលទាំង២គ្រាប់ដែលត្រូវបានបាញ់នៅព្រឹកថ្ងៃពុធនេះ ទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ប្រទេសជប៉ុន ។ នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានអំពាវនាវឲ្យកូរ៉េខាងជើងកាត់បន្ថយការបាញ់សាកល្បងមីស៊ីលទាំងនេះ។ នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា យើងថ្កោលទោសយ៉ាងខ្លាំងនូវសកម្មភាពបាញ់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង ថាជាទង្វើបង្កហេតុដ៏ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិភាព និងសុវត្ថិភាពនៅឧបទ្វីបកូរ៉េ ព្រមទាំងសហគមន៍អន្តរជាតិ និងជាការបំពានយ៉ាងច្បាស់នៃសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក យ៉ាស៊ូកាស៊ុ ហាម៉ាដា (Yasukazu Hamada) រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មីស៊ីលទី១ បានហោះក្នុងរយៈកម្ពស់៥០គីឡូម៉ែត្រ និងចម្ងាយ៥៥០គីឡូម៉ែត្រ ចំណែកមីស៊ីលទី២ បានហោះក្នុងរយៈកម្ពស់៥០ គីឡូម៉ែត្រ និងចម្ងាយ៦០០គីឡូម៉ែត្រ ។ គួរឲ្យដឹងថា ការបាញ់នេះ បានកើតឡើង មិនដល់មួយសប្ដាហ៍ផងទេ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបដំណើរការដោយឥន្ធនៈរឹង វ៉ាសុង-១៨ (Hwasong-18) ចុងក្រោយបំផុតរបស់ខ្លួន ដែលក្រុងព្យុងយ៉ាង និយាយថាជាការព្រមានដល់សហរដ្ឋអាមេរិក និងគូសត្រូវផ្សេងទៀត ៕

ទាហានអាមេរិកម្នាក់ ដែលប្រឈមនឹងចំណាត់ការវិន័យ រត់ឆ្លងចូលទៅក្នុងប្រទេសកូរ៉េខាងជើង

2023/07/19 09:25:43 am        131
អាមេរិក៖ ក្រុមមន្ត្រីអាមេរិក និយាយថា ទាហានអាមេរិកម្នាក់ ដែលប្រឈមទៅនឹងចំណាត់ការវិន័យ បានរត់ឆ្លងចូលព្រំដែនអន្តរកូរ៉េ ចូលទៅក្នុងទឹកដីកូរ៉េខាងជើង កាលពីថ្ងៃអង្គារ និងត្រូវគេជឿថា កំពុងស្ថិតក្នុងការឃុំខ្លួននៅកូរ៉េខាងជើង ដែលបង្កើតឲ្យមានវិបត្តិថ្មីមួយទៀត សម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយជាមួយរដ្ឋដែលមានអាវុធនុយក្លេអ៊ែរមួយនេះ។  រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡដ អូស្ទីន (Lloyd Austin) បានបង្ហាញក្ដីបារម្ភសម្រាប់សុវត្ថិភាពរបស់ទាហានរូបនោះ ដែលយោធាអាមេរិកប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថា ទាហាន ដែលបានចូលរួមក្នុងដំណើរបង្ហាញទិសក្នុងតំបន់សន្តិសុខរួមរវាងប្រទេសកូរ៉េទាំង២ បានឆ្លងដោយចេតនា និងគ្មានការអនុញ្ញាត ទៅក្នុងតំបន់ខ្សែបន្ទាត់កំណត់ព្រំដែនយោធា ចូលដល់ទឹកដីរបស់កូរ៉េខាងជើង។   ទាហានអាមេរិក រូបនេះ ត្រូវបានគេស្គាល់មានឈ្មោះ ថា Private Travis T. King ដែលបានចូលបម្រើក្នុងកងទ័ពអាមេរិកកាលពីឆ្នាំ២០២១។  លោក បានប្រាប់សន្និសីទសារព័ត៌មានថា នៅមានរឿងរ៉ាវជាច្រើនត្រូវតែដឹង ។យើងជឿថា ទាហានរូបនេះ កំពុងត្រូវបានឃុំខ្លួនក្នុងប្រទេសកូរ៉េខាងជើង ដូច្នេះ យើងកំពុងតាមដាន និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ពីស្ថានភាពនេះ និងកំពុងធ្វើការដើម្បីស្វែងរកការបញ្ជាក់ពីក្រុមគ្រួសាររបស់ទាហានរូបនេះ៕

អាស៊ីប្រឈមនឹងវិបត្តិអាកាសធាតុ ស្របពេលជួបរលកកម្តៅ និងភ្លៀងធ្លាក់ខ្លាំងបំផុត

2023/07/18 12:58:35 pm        222
អាស៊ី៖អាស៊ីដែលជាទ្វីបធំបំផុត និងមានប្រជាពលរដ្ឋច្រើនបំផុតនៅលើពិភពលោក កំពុងរងផលប៉ះពាល់ស្លាប់មនុស្សដោយសារតែអាកាសធាតុរដូវក្តៅដ៏អាក្រក់បំផុត ពេលដែលប្រទេសជាច្រើនជួបរលកកម្តៅ និងភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងនោះរដ្ឋាភិបាលបានព្រមានឲ្យប្រជាពលរដ្ឋត្រៀមខ្លួនសម្រាប់ការមកដល់វិបត្តិអាកាសធាតុធ្ងន់ធ្ងរច្រើនទៀត ។  ភ្លៀងធ្លាក់ខ្លាំងក្នុងខែនេះ បានជន់លិចតំបន់ជាច្រើននៅជប៉ុន ចិន កូរ៉េខាងត្បូង និងឥណ្ឌា ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់ និងបង្កឲ្យកើតមានទឹកជំនន់ដ៏គំហក់ បំណាក់ដី និងដាច់ចរន្តអគ្គិសនី ។   សីតុណ្ហភាពខ្ពស់ ធ្វើឲ្យកើនឡើងជំងឺពាក់ព័ន្ធនឹងកម្តៅផងដែរ ជាពិសេសនៅក្នុងចំណោមតំបន់សហគមន៍ងាយរងគ្រោះ ដូចជាមនុស្សចាស់ជរាជាដើម ។  កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ មនុស្សយ៉ាងហោច ១៣នាក់នៅទីក្រុងភាគកណ្តាល Cheongju របស់កូរ៉េខាងត្បូង បានស្លាប់ក្រោយទឹកហូរចេញពីច្រាំងទន្លេ បានជន់លិចផ្លូវក្រោមដី បណ្តាលឲ្យជាប់រថយន្ត ដែលរួមទាំងរថយន្តក្រុងរដ្ឋផងដែរ ។  មនុស្សយ៉ាងហោច ៤១នាក់ បានស្លាប់នៅកូរ៉េខាងត្បូងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយមនុស្សរាប់ម៉ឺននាក់ទៀត ត្រូវបានបង្ខំជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយនិងស្វែងរកទីជម្រកបណ្តោះអាសន្ន ស្របពេលដែលភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យប៉ះពាល់ដល់តំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេស ។  ដើម្បីឆ្លើយតបនឹងការបាត់បង់អាយុជីវិតបែបនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានអំពាវនាវកំណែទម្រង់វិធីសាស្រ្តឆ្លើយតបនឹងអាកាសធាតុដ៏អាក្រក់របស់ប្រទេសមួយនេះ ។  ដោយឡែក នៅប្រទេសជិតខាងជប៉ុន ភ្លៀងធ្លាក់ខ្លាំងបំផុតនៅតំបន់ភាគនិរតីប្រទេស បង្កឲ្យកើតមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរបណ្តាលឲ្យមនុស្សយ៉ាងហោច ៦នាក់ស្លាប់ ហើយនិងមនុស្សជាច្រើននាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។  រលកកម្តៅ បានវាយប្រហារតំបន់មួយចំនួនរបស់ជប៉ុនផងដែរ ។ កាលពីថ្ងៃចន្ទម្សិលមិញ សីតុណ្ហភាព បាន កើនឡើងដល់ ៣៩,៧អង្សាសេ នៅទីក្រុង Kiryu ស្ថិតក្នុងខេត្ត Gunma នៃកោះ Honshu ដែលជាកោះធំបំផុត និងមានប្រជាពលរដ្ឋរស់នៅច្រើនបំផុតរបស់ជប៉ុន ។  ចំណែកឯប្រទេសឥណ្ឌាវិញ ដែលជាប្រទេសមានប្រជាពលរដ្ឋច្រើនបំផុតនៅលើពិភពលោក ស្ថិតនៅក្នុងចំណោមប្រទេសដែលត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារវិបត្តិអាកាសធាតុមួយនេះ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ១,៤ពាន់លាននាក់នៅទូទាំងប្រទេស ៕

ចំហេះព្រៃ ដុតបំផ្លាញផ្ទះជាច្រើងខ្នង នៅភាគអាគ្នេយ៍ ក្រុងអាតែន ប្រទេសក្រិក

2023/07/18 12:35:28 pm        86
ក្រិក៖ ចំហេះព្រៃដែលរាលដាលកាន់តែខ្លាំងឡើងៗដោយសារកម្លាំងខ្យល់បក់ បានឆាបឆេះយ៉ាងសន្ធោរសន្ធៅពេញទីក្រុងឆ្នេរសមុទ្រក្បែរទីក្រុងអាតែន (Athens) កាលពីថ្ងៃចន្ទ (ទី១៧ កក្កដា) រហូតបង្ខំឲ្យអ្នកស្រុកចាកចេញពីគេហដ្ឋានរបស់ពួកគេ និងជំរុញឲ្យមានការជម្លៀសកុមាររាប់រយនាក់ចេញពីជំរំរដូវក្តៅ។មន្ត្រីសេវាពន្លត់អគ្គិភ័យប្រទេសក្រិក បាននិយាយថា អគ្គិភ័យដែលបានឆាបឆេះ នៅក្នុងភូមិ Kouvaras ដែលមានចម្ងាយប្រហែល ២៧គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃរដ្ឋធានីរបស់ប្រទេសក្រិក បានរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារខ្យល់បក់ខ្លាំងខុសប្រក្រតី។ សាក្សីម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា ផ្ទះយ៉ាងហោចណាស់ ៥ខ្នង បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរជាងគេ ពេលភ្លើងចាប់ផ្ដើមឆាបឆេះតំបន់លំនៅឋានមាត់សមុទ្រ Lagonisi ដែលជារមណីយដ្ឋានរដូវក្តៅដ៏ពេញនិយមមួយ។នគរបាលបានជួយជម្លៀសពលរដ្ឋជាង ១០០នាក់ នៅតំបន់ដ៏ធំទូលាយ។ សេះរាប់សិបក្បាល ត្រូវបានជម្លៀសចេញតាមរថយន្តដឹកទំនិញ ខណៈដែលអណ្តាតភ្លើងបានទៅដល់ក្រោលគោ នៅតំបន់ក្បែរនោះនៃ Kalyvia និង Anavyssos ។ លោក Ioannis Artopoios អ្នកនាំពាក្យសេវាពន្លត់អគ្គិភ័យក្រិក បានប្រាប់ក្នុងកិច្ចសម្ភាសន៍ខ្លីតាមទូរទស្សន៍ថា នគរបាលបានឃាត់ខ្លួនមនុស្សម្នាក់ដែលសង្ស័យថាជាអ្នកបង្កឲ្យមានអគ្គិភ័យនេះឡើង។នាពេលនេះ អ្នកពន្លត់អគ្គិភ័យចំនួនជាង ២០០នាក់ ដែលទទួលបានជំនួយគាំទ្រពីទាហាន ២០នាក់ រថយន្តពន្លត់អគ្គីភ័យ ៦៨គ្រឿង យន្តហោះ ១០គ្រឿង និងឧទ្ធម្ភាគចក្រ ១០គ្រឿង កំពុងប្រឹងប្រយុទ្ធនឹងអណ្តាតភ្លើងដែលកំពុងឆេះយ៉ាងសន្ធោរសន្ធៅនេះ។អាជ្ញាធរប្រទេសក្រិកបាននិយាយថា ពួកគេកំពុងតទល់នឹងភ្លើងឆេះសរុបចំនួន ៨១កន្លែង នៅទូទាំងប្រទេស កាលពីថ្ងៃចន្ទ ដោយសមរភូមិធំជាងគេបំផុត គឺនៅក្បែរទីក្រុងអាតែនប ហើយកំពុងត្រៀមទប់ទល់នឹងការឆេះបន្ថែមទៀត នៅថ្ងៃអង្គារនេះ ដោយសារតែសីតុណ្ហភាពឡើងក្ដៅ និងខ្យល់បក់ខ្លាំង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋសភាបញ្ជូនសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទៅក្រុមប្រឹក្សាធម្មនុញ្ញ
04/04/2026 11:04 AM
រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
04/04/2026 11:04 AM
ក្រសួងការងារលើកទឹកចិត្តអ្នកស្វែងរកការងាររៀនជំនាញទន់បន្ថែម ដើម្បីត្រៀមខ្លួនមុនចូលទីផ្សារការងារ
04/04/2026 11:04 AM
ក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
04/04/2026 11:04 AM
អាហ្វហ្គានីស្ថាន រងការវាយប្រហារដោយរញ្ជួយដីកម្រិត ៥,៩ រ៉ិចទ័រ បណ្តាលឲ្យមនុស្សមួយចំនួនស្លាប់
04/04/2026 11:04 AM
ការវាយប្រហារនៅពេលថ្ងៃថ្មីរបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន
04/04/2026 10:04 AM
តំណាងរដ្ឋមន្រ្តីការពារជាតិ ចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅសមរភូមិមុខ នៅទិសទី២ យោធភូមិភាគទី៤
04/04/2026 09:04 AM
សេតវិមានស្វែងរកថវិកាការពារជាតិ១,៥សែនកោដ៍ដុល្លារអាមេរិក ខណៈសង្គ្រាមនៅអ៊ីរ៉ង់ជំរុញការចំណាយ
04/04/2026 09:04 AM
យន្តហោះដែលត្រូវបានបាញ់ទម្លាក់ បង្កើនហានិភ័យថ្មីសម្រាប់លោកTrump ខណៈទីក្រុងតេអេរ៉ង់ ស្វែងរកអាកាសយានិកអាមេរិកដែលបាត់ខ្លួន
04/04/2026 09:04 AM
ប្រមុខការពារជាតិកម្ពុជាចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដីនៅសមរភូមិ
04/04/2026 09:04 AM