អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

សន្តិសុខ និង សង្គម

ឧត្តមសេនីយ៍ឯក ចេវ ហាក់៖ «ការត្រួតពិនិត្យជាតិស្រវឹងពេលយប់អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង៥០ភាគរយ»

2024/06/27 12:24:34 pm        172
ការត្រួតពិនិត្យជាតិស្រវឹងចំពោះអ្នកបើកបរយានយន្ត អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង៥០ភាគរយ នៅពេលយប់ ហើយកម្លាំងសមត្ថកិច្ចចម្រុះនឹងបន្តការត្រួតពិនិត្យជាតិស្រវឹងដូចភ្លៀងរលឹមចំពោះអ្នកបើកបរនាពេលយប់ ទូទាំងប្រទេស ជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញដែលមានចរាចរណ៍មមាញឹក។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ថ្លែងក្នុងសន្និសីទសារព័ត៌មានលើកទីពីរ ដែលរៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លើប្រធានបទការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបង្ហាញសុទ្ធិដ្ឋិនិយមចំពោះវិធានការតឹងបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់រាជធានី ខេត្ត ជាពិសេសគឺ នាពេលយប់ ដើម្បីជួយថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កាត់បន្ថយការរបួស និងការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋ។លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ទទួលផែនចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសភាគច្រើន បានកើតឡើងនៅពេលយប់ ពោលគឺ៥៥ភាគរយ ដោយសារកត្តាបើកបរបញ្ជាយានយន្តក្នុងល្បឿនលឿន និងមានផ្ទុកជាតិស្រវឹងក្នុងខ្លួនអ្នកបើកបរបញ្ជាយានយន្តតែម្តង។ ផ្អែកកត្តានេះហើយដើម្បីការពារអាយុជីវិតអ្នកបើកបរ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ឧត្តមសេនីយ៍ឯកអគ្គស្នងរង បានមានប្រសាសន៍បញ្ជាក់ថា កម្លាំងសមត្ថកិច្ចនឹងមិនដកថយក្នុងការត្រួតពិនិត្យជាតិស្រវឹងនៅទូទាំងប្រទេសឡើយ ជាពិសេសនៅក្នុងរាជធានី តាមភូមិសាស្រ្តទាំង១៤ខណ្ឌ ដោយសមត្ថកិច្ចបានដាក់កម្លាំងចម្រុះផ្លាស់ប្តូវេនគ្នា ដើម្បីអនុវត្តការត្រួតពិនិត្យចន្លោះពីម៉ោង ១០យប់រហូតដល់ម៉ោង៤ភ្លឺ។ ក្រៅពីជួយកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ហើយ លោកឧត្តមសេនីយ៍ឯកបានបន្ថែមថា ការត្រួតពិនិត្យពេលយប់នេះក៏ជួយកាត់បន្ថយបទល្មើសព្រហ្មទណ្ឌនៅរាជធានីភ្នំពេញ ពេលយប់ផងដែរ។លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ទទួលផែនចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា៖«ការត្រួតពិនិត្យគ្រឿងស្រវឹងពេលយប់នេះ បានជួយកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមនុស្សបាត់បង់ជីវិតជាង៥០ភាគរយ ដោយសារអ្នកបើកបរលឿន និងមានជាតិស្រវឹង ដូច្នេះយើងបន្តរឹងបន្តឹងការអនុវត្តបន្ថែមទៀតនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ»។យោងតាមរបាយការណ៍ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុបចំនួន១ ២៩៦ករណី ក្នុងនោះ៥៥ភាគរយកើតឡើងនៅពេលយប់។ បើតាមលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ចំនួនអ្នកស្លាប់បានកើនឡើង៧ភាគរយ ធៀបនឹងឆ្នាំ២០២៣ ខណៈមូលហេតុនៃគ្រោះថ្នាក់ មាន៤០ភាគរយ កើតឡើងដោយសារបើកហួសល្បឿន មិនគោរពសិទ្ធិអាទិភាពមាន២៤ភាគរយ មិនប្រកាន់ស្ដាំ៩ភាគរយ និងមិនប្រយ័ត្ន៨ភាគរយ។គួរបញ្ជាក់ថា បញ្ហាចរាចរណ៍ស្ថិតក្នុងចំណោមអាទិភាព៦ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត ប្ដេជ្ញាបង្កើនការយកចិត្តទុកដាក់អនុវត្ត៕

តាមរយៈ App NoDrug កម្លាំងសមត្ថកិច្ចឃាត់ជនសង្ស័យ២នាក់ ដកហូតគ្រឿងញៀនមួយចំនួន នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត

2024/06/27 12:19:36 pm        97
បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋតាមរយ: App Nodrug របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយបែត បានធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីជាក់ស្តែង ពាក់ព័ន្ធបទល្មើស​រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិអូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតបានវត្ថុតាងមួយចំនួន រួមមាន៖១៖ សារធាតុញៀនចំនួន១កញ្ចប់តូច២៖ ថ្នាំគ្រាប់ (WY) ពណ៌ក្រហម ចំនួន១០៦គ្រាប់ និងពណ៍បៃតងចំនួន៤គ្រាប់៣៖ ម្សៅម្មត់សង្ស័យជាសាធាតុញៀនចំនួន២៤៖ ទូរស័ព្ទដៃចំនួន២គ្រឿង និងលិខិតឆ្លងដែន១ក្បាល៥៖ ដែកកេះ និងឧបករណ៍ប្រើប្រាស់ចំនួន១៦៖ ដបសម្រាប់ប្រើប្រាស់ និងទុយោចំនួន២៧៖ ថង់សម្រាប់ច្រកគ្រឿងញៀន និងកាបូបដាក់ថ្នាំញៀនចំនួន១។បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អ្នកគ្មានផ្ទះសម្បែងនៅសហរដ្ឋអាមេរិក កំពុងប្រឈមផលវិបាកក្នុងការរស់នៅដោយសាររលកកម្ដៅ

2024/06/27 11:52:28 am        73
រលកកម្ដៅខ្លាំងដែលថ្មីៗនេះបានបំបែកកំណត់ត្រាសីតុណ្ហភាពនៅទូទាំងសហរដ្ឋអាមេរិកកំពុងធ្លាក់ចុះក្នុងសប្តាហ៍នេះនៅតាមផ្នែកខ្លះនៃប្រទេសនេះ ដែលនាំមកនូវភាពធូរស្រាលបណ្តោះអាសន្នដល់ប្រជាជនអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ សីតុណ្ហភាពក្ដៅនេះ នៅតែបន្តប៉ះពាល់ដល់ជនគ្មានផ្ទះសម្បែង ដែលមានមធ្យោបាយតិច ក្នុងការគេចពីអាកាសធាតុដ៏ធ្ងន់ធ្ងរនេះ។ ប្រព័ន្ធព័ត៌មានសុខភាពតាមដានរលកកម្ដៅជាតិអាមេរិក បាននិយាយនៅសប្ដាហ៍នេះថា ទោះបីជាមានការធូរស្រាលនៅតំបន់ភាគឦសាននៃសហរដ្ឋអាមេរិកក៏ដោយ ក៏ប្រជាជនពីតំបន់ទំនាបទៅភាគអាគ្នេយ៍នៅតែបន្តទទួលរងរលកកម្ដៅខ្លាំងដដែល ដោយសីតុណ្ហភាពឡើងដល់១០០ អង្សាហ្វារិនហៃ ឬ ប្រហែល ៣៧,៨ អង្សាសេ។ សេវាកម្មអាកាសធាតុជាតិ (NWS) បាននិយាយថា សីតុណ្ហភាព និងសំណើមខ្ពស់នឹងបង្កើនហានិភ័យនៃជំងឺទាក់ទងនឹងកម្ដៅកើតឡើង ជាពិសេសសម្រាប់អ្នកដែលកំពុងធ្វើការ រស់នៅ ឬចូលរួមក្នុងសកម្មភាពខាងក្រៅ។ ដោយពិចារណាលើការមកដល់ដំបូងនៃសីតុណ្ហភាពខ្ពស់នៅឆ្នាំនេះ ក្រុមអ្នកជំនាញរំពឹងថាចំនួនអ្នកស្លាប់ពាក់ព័ន្ធនឹងរលកកម្ដៅ នៅទូទាំងប្រទេសនេះក្នុងឆ្នាំនេះ អាចកើនឡើងលើសពីចំនួនអ្នកស្លាប់ឆ្នាំមុនដែលមាន២.៣០២នាក់៕

មនុស្សជាង៥០០ នាក់បានស្លាប់ក្នុងរយៈពេល ៦ ថ្ងៃ ខណៈប៉ាគីស្ថានកំពុងជួបប្រទះសីតុណ្ហភាពក្ដៅខ្លាំង

2024/06/27 11:42:37 am        97
ស្របពេលសីតុណ្ហភាពក្ដៅហក់ឡើងខ្ពស់ នៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន សាកសពជាបន្តបន្ទាប់ក៏ត្រូវបានរាប់ផងដែរ។សេវារថយន្តគិលានសង្គ្រោះបន្ទាន់អ៊ីឌី (Edhi) និយាយថា ជាធម្មតាសេវានេះ បានដឹកសាកសពប្រហែលពី ៣០ ទៅ ៤០ នាក់ទៅកាន់កន្លែងតម្កល់សពក្នុងទីក្រុង ការ៉ាជី (Karachi) ជារៀងរាល់ថ្ងៃ។ ប៉ុន្តែក្នុងរយៈពេលប្រាំមួយថ្ងៃចុងក្រោយនេះ សេវានេះ បានប្រមូលសាកសពបានចំនួន ៥៦៨ នាក់ដោយក្នុងនោះមាន ១៤១ នាក់ ស្លាប់កាលពីថ្ងៃអង្គារតែមួយថ្ងៃប៉ុណ្ណោះ។ ហាក់ដូចជាលឿនពេកក្នុងការនិយាយឱ្យបានច្បាស់ថា តើមូលហេតុអ្វីដែលបណ្ដាលឱ្យមនុស្សស្លាប់នៅគ្រប់ករណីទាំងអស់ ។របាយការណ៍និយាយថា ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃចំនួនអ្នកស្លាប់បានកើតឡើងនៅពេលសីតុណ្ហភាពក្ដៅនៅទីក្រុង ការ៉ាជី បានហក់ឡើងលើសពី ៤០អង្សាសេ អំឡុងមានសំណើមខ្ពស់ដែលធ្វើឱ្យមនុស្សមានអារម្មណ៍ក្តៅ ខណៈកម្ដៅឡើងរហូតដល់ ៤៩អង្សាសេ។ លោកវេជ្ជបណ្ឌិត អ៊ីរ៉ាន សាវ៉ា សេក (Imran Sarwar Sheikh) ប្រធានផ្នែកសង្គ្រោះបន្ទាន់បាននិយាយថា មន្ទីរពេទ្យស៊ីវិល ការ៉ាជី បានទទួលមនុស្ស ២៦៧ នាក់ដែលធ្លាក់ខ្លួនឈឺដោយក្ដៅខ្លាំងពេក ឬហៅថាជំងឺសុរិយរោគ នៅចន្លោះថ្ងៃអាទិត្យដល់ថ្ងៃពុធសប្ដាហ៍នេះ ។ ក្នុងនោះមាន១២នាក់បានស្លាប់។វេជ្ជបណ្ឌិត រូបនេះបានប្រាប់ទូរទស្សន៍ BBC ថា ភាគច្រើននៃមនុស្សដែលយើងបានមើលឃើញចូលមកក្នុងមន្ទីរពេទ្យគឺមានអាយុចន្លោះពី៦០ឬ៧០ឆ្នាំ មួយចំនួនមានវ័យ៤៥ឆ្នាំ និង២នាក់ មានវ័យ២០ឆ្នាំផងដែរ ។ រោគសញ្ញារួមមាន ក្អួត រាគ និងក្តៅខ្លួនខ្លាំង៕

ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសនេប៉ាល់ បណ្តាលឲ្យមនុស្ស២០នាក់ស្លាប់រយៈពេលពីរថ្ងៃ ក្នុងពេលមានបំណាក់ដី និងរន្ទះបាញ់

2024/06/27 11:08:26 am        61
មន្ត្រីបាននិយាយកាលពីថ្ងៃពុធថា ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានបំណាក់ដី និងទឹកជំនន់ដ៏គំហុក នៅក្នុងប្រទេសនេប៉ាល់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១១នាក់ស្លាប់ និង៩នាក់ផ្សេងទៀតបានស្លាប់ដោយសាររន្ទះបាញ់ ក្នុងរយៈពេលពីរថ្ងៃ កន្លងទៅនេះ។រដ្ឋបាលស្រុក លោក ប៊ូដា បាហាឌូ ហ្គូរុង(Buddha Bahadur Gurung) បាននិយាយថា បំណាក់ដីបានបំផ្លាញលំនៅឋានចំនួនបីខ្នង កាលពីពេលយប់ នៅក្នុងស្រុក ឡាំជុង(Lamjung) មានចម្ងាយប្រហែល១២៥គីឡូម៉ែត្រ ភាគខាងលិចទីក្រុង កាតម៉ាន់ឌូ(Kathmandu) បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ រួមមានទាំងកុមារពីរនាក់។មន្ត្រីស្រុក តេក គូម៉ា រ៉េកមី(Tek Kumar Regmi) បាននិយាយថា នៅក្នុងស្រុក Morang ប្រហែល ៥០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍រដ្ឋធានីប្រទេសនេប៉ាល់ ទឹកជំនន់បានឆក់យកជីវិតមនុស្ស៤នាក់ ចាប់តាំងពីថ្ងៃអង្គារមក ខណៈមនុស្ស៣នាក់ផ្សេងទៀត បានស្លាប់ដោយបំណាក់ដីនៅភាគខាងលិច និងភាគខាងកើតប្រទេសនេប៉ាល់។មនុស្សរាប់រយនាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារទឹកជំនន់ និងបំណាក់ដី ដែលជាទូទៅភាគច្រើននៅតំបន់ភ្នំ ក្នុងប្រទេសនេប៉ាល់ ក្នុងពេលរដូវមូសុងចាប់ពីពាក់កណ្តាលខែមិថុនា ដល់ពាក់កណ្តាលខែកញ្ញា។

បុរសម្នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆេះផ្ទះពលរដ្ឋ នៅសង្កាត់ទឹកល្អក់ទី៣

2024/06/26 06:54:01 pm        126
ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋសង់ពីថ្មក្រោមឈើលើយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យបុរសវ័យ៥៦ឆ្នាំម្នាក់ស្លាប់ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានរួមទាំងសមត្ថកិច្ចបង្ការពន្លត់អគ្គីភ័យយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍ ។ គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងក្រោយសាលាវិទ្យាល័យ ជាសុីម សាមគ្គី សិ្ថតនៅតាមបណ្តោយផ្លូវលេខ៦៥៦ ភូមិ១២ ក្នុងសង្កាត់ទឹកល្អក់ទី០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ជនរងគ្រោះម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆេះស្លាប់ មានឈ្មោះ សំ សារិន ភេទ ប្រុស អាយុ៥៦ឆ្នាំ នឹងធ្លាប់មានជម្ងឺប្រចាំកាយ ផងដែរ។ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាគេឃើញមាន ផ្សែងហុយហ៊ុយឃ្មួលឃ្មាញ់ ចេញពីជាន់ខាងលើរួមជាមួយនឹង អណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ទើបបង្កអោយមានការឆោរឡោរ ផ្អើលដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ ជួុយរើសឥវ៉ានចេញ។ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ ព្រមទាំងកូនចៅ បានអង្គុយលេងនៅខាងក្រោមផ្ទះ ក្រោយមកជនរងគ្រោះក៏បានឡើងទៅលើផ្ទះតែម្នាក់ឯង ស្រាប់តែផ្សែងខ្មៅលាយជាអណ្ដាតភ្លើងបានឆាបឆេះ បណ្តាលអោយជាប់ជនរងគ្រោះឆេះស្លាប់។ក្រោយទទួលបានព័ត៌មានភ្លាមៗ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជារថយន្តពន្លត់អគ្គីភ័យគ្រប់គោលដៅចេញជួយអន្តរាគមន៍បាញ់ពន្លត់ ដើម្បីបង្ការកុំអោយមានការរាលដាលដល់ផ្ទះអ្នកជិតខាង ។ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ១៨គ្រឿងបានទើបគ្រប់គ្រងអោយរលត់ទៅវិញទាំងស្រុង ។ ចំពោះមូលហេតុបណ្តាលអោយមានការឆាបឆេះ កម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យកំពុងស្រាវជ្រាវបន្ត ដើម្បីរកមូលហេតុច្បាស់លាស៕ អត្ថបទ៖ កុម្ភះ

សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់មនុស្ស៥នាក់ពីបទជួញដូរ រក្សាទុក ដឹកជញ្ជូន និង​ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់

2024/06/26 01:18:41 pm        237
សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់មនុស្ស ៥នាក់ពីបទ ជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ វត្ថុតាង​គ្រឿង​ញៀន​ជិត ១៤៨គីឡូក្រាម ។អ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញ បញ្ជាក់ឲ្យដឹងថា មនុស្ស ៥នាក់ វត្ថុតាង​គ្រឿង​ញៀន​ជិត ១៤៨គីឡូក្រាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ​ ជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ បទល្មើស​ព្រហ្ម​ទណ្ឌ​ដែល​មាន​ចែង និងផ្តន្ទាទោសតាមមាត្រា ៤០ មាត្រា ៤៥ និងមាត្រា ៤៨ នៃច្បាប់ ស្តីពី ការត្រួត​ពិនិត្យ​គ្រឿង​ញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន​ភេរវកម្ម​។សូមជម្រាបឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង​ការ​នគរបាល​រាជ​ធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បើក​ប្រតិបត្តិការបង្ក្រាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀនដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជន​ជាតិ​តៃវ៉ាន់​ម្នាក់​ឈ្មោះ ហ្វាន យានគួយ ភេទប្រុស អាយុ២៦ឆ្នាំ នៅចំណុចក្នុងបុរីមួយកន្លែង សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដកហូតវត្ថុតាងថ្នាំញៀន ប្រភេទ កេតាមីន ចំនួន ៣ដុំ ស្មើនឹង ៣គីឡូក្រាម។បន្ទាប់មកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងបន្តស្រាវជ្រាវ បង្ក្រាបបានបក្ខពួកជនសង្ស័យ ចំនួន ៤នាក់បន្ថែមទៀត ជនជាតិតៃវ៉ាន់ ៣នាក់ និងជនជាតិជប៉ុន ១នាក់ នៅចំណុច បុរី អ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រមទាំងបានបន្តឆែកឆេរទីតាំងស្នាក់នៅ និង​ទីតាំងស្តុកគ្រឿងញៀន របស់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ចំនួន ៣ទីតាំងផ្សេងគ្នា រក​ឃើញថ្នាំញៀន ប្រភេទ កេតាមីន ចំនួន ១៤២ដុំ ស្មើនឹង ១៤២គីឡូក្រាម, ម្សៅសារ​ធាតុ​ផ្សំ​គ្រឿង​ញៀន ចំនួន ២គីឡូក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ៣គ្រឿង , ឧបករណ៍​សម្ភារៈ​សម្រាប់​វេចខ្ចប់គ្រឿងញៀនមួយចំនួន និងសំបកកញ្ចប់ថង់រូបតែសម្រាប់ច្រកថ្នាំញៀន (ខ្នាត ១គីឡូក្រាម) ចំនួន ២០០កញ្ចប់។សមត្ថកិច្ចបញ្ជាក់ថា ឧក្រិដ្ឋគ្រឿងញៀនទាំង ៥នាក់ ទី១៖ឈ្មោះ ស៊ូ ឈិនហៅ អាយុ២៣ឆ្នាំ,ទី២៖ឈ្មោះ ហ័ង ហឺជៀន អាយុ៣៥ឆ្នាំ,ទី៣៖ឈ្មោះ ហ្វាង ចឹងជីន អាយុ២០ឆ្នាំ, ទី៤៖ឈ្មោះ ណូមូរ៉ា សូគីជី អាយុ៧៦ឆ្នាំ និង ទី៥៖ ឈ្មោះ ហ្វាន យានគួយ អាយុ២៦ឆ្នាំ ។ ក្រោយបញ្ចប់ការសួរនាំ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនឧក្រិដ្ឋទាំង៥នាក់ និងវត្ថុតាងគ្រឿង​ញៀន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានីភ្នំពេញ កាលពៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤៕ តារាវុទ្ធី

UN៖ ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅប្រេស៊ីល ជាការព្រមានពីអាកាសធាតុប្រាប់ដល់ពិភពលោក

2024/06/26 12:58:30 pm        106
មន្ត្រីម្នាក់នៅទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (២៥ មិថុនា) ថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបានសម្លាប់មនុស្សជាង ១៧០ នាក់ និងកន្លះលាននាក់បានផ្លាស់ទីលំនៅនៅភាគខាងត្បូងប្រទេសប្រេស៊ីល គឺជាសញ្ញាព្រមាននៃគ្រោះមហន្តរាយបន្ថែមទៀតដែលនឹងកើតឡើងនៅទូទាំងទ្វីបអាមេរិក ដោយសារតែបម្រែបម្រួលអាកាសធាតុ។មនុស្សប្រហែល ៣៨៩.០០០ នាក់នៅក្នុងរដ្ឋ រីអូ ក្រានដេ ដូស៊ុល (Rio Grande do Sul) នៅតែត្រូវជម្លៀសចេញពីផ្ទះសម្បែងដោយសារតែភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលមន្ត្រីក្នុងតំបន់និយាយថាជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃតំបន់នេះ។ អ្នកវិទ្យាសាស្ត្រនិយាយថា បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យទឹកជំនន់ ទំនងជាកើតឡើងទ្វេដងខុសពីធម្មតា។លោក អាន់ឌ្រូ ហាភឺ (Andrew Harper) ទីប្រឹក្សាពិសេសស្តីពីសកម្មភាពអាកាសធាតុដល់ទីភ្នាក់ងារជនភៀសខ្លួន UNHCR បានទៅពិនិត្យតំបន់ប្រជុំជនដែលប៉ះពាល់ដោយទឹកជំនន់ក្នុងរដ្ឋធានី ព័រតូ អាលេហ្ក្រេ (Porto Alegre) របស់រដ្ឋកាលពីចុងសប្តាហ៍ ហើយបាននិយាយថា គ្រោះទឹកជំនន់លើសពីការរំពឹងទុកទាំងអស់ដែលអាជ្ញាធរមូលដ្ឋានមាន ចំពោះគ្រោះមហន្តរាយអាកាសធាតុ ហើយរដ្ឋាភិបាលត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីត្រៀមទប់ទល់ព្រឹត្តិការណ៍អាក្រក់ទាំងនេះ។ទោះបន្ទាប់ពីទឹកជំនន់បានស្រកហើយក៏ដោយ ក៏អ្នកស្រុកមិនអាចត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបានទេ ដោយសារផ្លូវពោរពេញដោយសំរាម និងកំទេចកំទី។ មនុស្សជាច្រើននៅតែរស់នៅក្នុងជម្រក រួមទាំងក្រុមជនភៀសខ្លួនវេណេស៊ុយអេឡា ដែលទើបបានតាំងទីលំនៅថ្មីនៅទីក្រុងដែលរងគ្រោះដោយទឹកជំនន់មួយនេះ៕

កូរ៉េខាងត្បូង បញ្ជាឱ្យក្រុមហ៊ុនផលិតអាគុយបញ្ឈប់ប្រតិបត្តិការ ក្រោយអគ្គិភ័យសម្លាប់មនុស្សរាប់សិបនាក់

2024/06/26 12:55:36 pm        91
អាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃពុធ (២៦ មិថុនា) នេះបានបញ្ជាឱ្យក្រុមហ៊ុនផលិតអាគុយលីចូមមួយកន្លែង បញ្ឈប់ប្រតិបត្តិការរោងចក្ររបស់ខ្លួនដោយគ្មានកំណត់ បន្ទាប់ពីអគ្គិភ័យបានសម្លាប់មនុស្ស ២៣ នាក់ ហើយបាននិយាយថាបុគ្គលិកក្រុមហ៊ុននេះបីនាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតលើការសង្ស័យថាបានបំពានច្បាប់សុវត្ថិភាពឧស្សាហកម្ម។អគ្គិភ័យនៅក្រុមហ៊ុនផលិតអាគុយដែលមិនបានចុះបញ្ជី ឈ្មោះ អារីសែល (Aricell) កាលពីថ្ងៃចន្ទ គឺជាឧបទ្ទវហេតុឧស្សាហកម្មដែលមានមនុស្សស្លាប់ច្រើនបំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ជារៀងរាល់ឆ្នាំ កម្មកររាប់សិបនាក់នៅកូរ៉េខាងត្បូង បានបាត់បង់ជីវិតដោយសារការងារ បើទោះបីជាមានច្បាប់តឹងរ៉ឹង និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀតដើម្បីបង្កើនសុវត្ថិភាពក៏ដោយ។ក្រុមហ៊ុន ដែលមានទីតាំងនៅមជ្ឈមណ្ឌលឧស្សាហកម្មនៅភាគនិរតីនៃទីក្រុងសេអ៊ូល គឺទីក្រុង ហ្វាសុង (Hwaseong) ត្រូវបានបញ្ជាឱ្យបិទរោងចក្រតែមួយគត់របស់ខ្លួនដើម្បីធ្វើការត្រួតពិនិត្យ នេះបើតាមមន្ត្រីក្រសួងការងារ លោក មីន ហ្គីល-សូ (Min Gil-soo) បានប្រាប់សន្និសីទសារព័ត៌មាន។ឈ្មោះ និងឋានន្តរស័ក្តិរបស់បុគ្គលិកក្រុមហ៊ុន អារីសែល ដែលស្ថិតនៅក្រោមការស៊ើបអង្កេតនោះមិនត្រូវបានបង្ហាញឱ្យដឹងទេ។ ការបំពានលើក្រមសុវត្ថិភាពឧស្សាហកម្មឆ្នាំ២០២២ អាចបណ្តាលឱ្យមានការជាប់ពន្ធនាគារសម្រាប់គ្រោះថ្នាក់ធ្ងន់ធ្ងរ។ នាយកប្រតិបត្តិ អារីសែល លោក ផាក សុនខ្វាន់ )Park Soon-kwan) បានសូមអភ័យទោសកាលពីថ្ងៃអង្គារ ចំពោះអគ្គិភ័យនេះ ប៉ុន្តែបាននិយាយថា ក្រុមហ៊ុនបានគោរពតាមបទប្បញ្ញត្តិសុវត្ថិភាព និងតម្រូវការបណ្តុះបណ្តាលទាំងអស់៕

នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនជនសង្ស័យម្នាក់«គ្រូផេះគ្រូអង្កាម» ទៅកាន់តុលាការ​ពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់

2024/06/26 12:48:59 pm        1143
នគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យ ម្នាក់ ដែលគេស្គាល់ថាជា គ្រូផេះ​គ្រូអង្កាម​ទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី នាព្រឹក​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់ ។សូមបញ្ជាក់ថានៅពេលថ្មីៗនេះមាន ការបង្ហោះចែកចាយឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម ពាក់ព័ន្ធ​សកម្មភាពប្រើប្រាស់អាវុធដើម្បីយកមកបាញ់ ខ្លួនឯងផ្ទាល់ ដោយសារ​ចង់​បញ្ជាក់​អំពី​ក្បួន​វេទនម្តខ្លាំងក្លាបង្ហាញដល់អ្នកដទៃមើលថាខ្លួនពូកែ ។ បន្ទាប់ពីឃើញ​ការ​ផ្សព្វផ្សាយ​ពត៌​មាន​នេះ​ភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ​បានដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចុះស្រាវជ្រាវ និ​ង​កោះ​ហៅ​គ្រូឈ្មោះ ណុប សក្កដា ហៅគ្រូផេះគ្រូអង្គាម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិត្រពាំងស្នោរ សង្កាត់​ពញ្ញាពន់ ខណ្ឌព្រែកព្នៅ យកមកសួរនាំនៅអអិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជុំវិញ​ការ​ប្រើ​ប្រាស់​អាវុធក្រោយពីកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅសាកសួរ។បន្ទាប់ពីសាកសួររួច ឯកឧត្តមអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បាន​បញ្ជា​ឲ្យ​ឃាត់​ខ្លួនជនសង្ស័យដើម្បីអនុវត្តតាមផ្លូវច្បាប់ ជាមួយគ្នានោះបើ​យោង​តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យគឺអាវុធខ្លីនោះគាត់រើសបាន ជាប្រភេទអាវុធខ្លីម៉ាកlock ហើយគាត់​ប្រើ​ប្រាស់​បាញ់ មកលើខ្លួនឯងចំនួន០៤គ្រាប់ដើម្បីអួតអ្នកភូមិពីមហិទ្ធិប្ញទ្ធិខ្លាំងពូកែបាញ់មិនមុត ក្នុង​ពិធី​ឡើង​អាស្រម​បារមីនៅផ្ទះរបស់គាត់កាលពីខែមេសាឆ្នាំ២០២២ ។ជនសង្ស័យបានបញ្ជាក់ថា អាវុធខ្លីដែលខ្លួនរើសបាននោះ ក្រោយធ្វើការបាញ់រួច គាត់យកទៅ​បោះចោល​នៅ​ក្នុងជ្រោះមួយកន្លែងក្នុងខេត្តក្រចេះ៕ អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកជំនាញ៖ អ៊ីរ៉ង់កំពុងស្វះស្វែងដើម្បីប្រែក្លាយជម្លោះយោធាជាមួយអាមេរិក ទៅជាជម្លោះសេដ្ឋកិច្ច
07/13/2026 05:07 PM
រលកកម្ដៅប្រហែល​ជាបាន​​បណ្តាលឱ្យមនុស្សស្លាប់ជាង ២.៧០០នាក់ នៅប្រទេសអង់គ្លេស និងវែលស៍
07/13/2026 04:07 PM
ចិនរិះគន់ចក្រភពអង់គ្លេស ជុំវិញសេចក្តីថ្លែងការណ៍រួម ស្តីពីសមុទ្រចិនខាងត្បូង
07/13/2026 04:07 PM
កងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
07/13/2026 04:07 PM
ការស្លាប់របស់លោក Graham បង្កើត​ជា​ភាពមិន​ច្បាសលាស់​ពី​អ្នក​ស្នងតំណែង នៅរដ្ឋ South Carolina
07/13/2026 04:07 PM
តម្លៃ​ប្រេងហក់​ឡើង ៤%​ ខណៈការវាយប្រហារយោធាថ្មី គំរាមកំហែង​ការដឹកជញ្ជូន នៅច្រកសមុទ្រ Hormuz
07/13/2026 04:07 PM
សម្ព័ន្ធមិត្តនឹងរួប​រួម​ជំនួយការពារដែនអាកាសបន្ថែមទៀតឱ្យ​អ៊ុយក្រែន ខណៈសន្ទុះសមរភូមិផ្លាស​ប្ដូរ​
07/13/2026 04:07 PM
CENTCOM៖អាមេរិកប្រើប្រាស់យានដ្រូនរបស់កងទ័ពជើងទឹកជាលើកដំបូងក្នុងការវាយប្រហារថ្មីលើអ៊ីរ៉ង់
07/13/2026 04:07 PM
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប សង្ឃឹមថានឹងឈានដល់ការឯកភាពគ្នាចំពោះទណ្ឌកម្មចុងក្រោយលើរុស្ស៊ី
07/13/2026 04:07 PM
ផ្ទះទេវតាទី៣៣៦ មួយខ្នងទៀត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋជួបការលំបាក នៅខេត្តតាកែវ
07/13/2026 04:07 PM