ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី
បណ្ដេញជន​ជាតិចិន ៣១៨នាក់ ចេញពីកម្ពុជាពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

សន្តិសុខ និង សង្គម

បំណាក់ដី បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ នៅតំបន់ភ្នំភាគខាងជើង ប្រទេសវៀតណាម

2024/06/18 12:19:12 pm        88
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា បំណាក់ដីនៅជម្រាលភ្នំមួយ បណ្តាលឱ្យមនុស្ស៤នាក់ ស្លាប់ នៅក្នុងខេត្ត Bac Kan ភាគខាងជើងប្រទេសវៀតណាម នៅព្រឹកថ្ងៃអង្គារនេះ។ មនុស្ស៥ នាក់ក្នុងគ្រួសារមួយ កំពុងដេកនៅក្នុងលំនៅឋានរបស់ពួកគេ ដែលស្ថិតនៅលើភ្នំមួយក្នុងស្រុក Pac Nam នៅពេលដែលឧបទ្ទវហេតុកើតឡើង ។បំណាក់ដី បានកប់លើលំនៅឋានរបស់ពួកគេទាំងស្រុង ហើយមនុស្ស៤នាក់ក្នុងចំណោមពួកគេ ក្នុងនោះរួមមានទាំងទារកអាយុមួយខែម្នាក់ ត្រូវបានកប់ក្នុងបំណាក់ដី ខណៈមនុស្សម្នាក់ក្នុងគ្រួសារនេះ អាច គេចខ្លួនរួច។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា បរិមាណទឹកភ្លៀងធ្លាក់នៅក្នុងតំបន់នេះ មានរហូតដល់ ៩០ មីលីម៉ែត្រ ចាប់តាំងពីម៉ោង ៨ យប់ម្សិលមិញ រហូតដល់ម៉ោង៦:៣០ នាទីព្រឹកថ្ងៃអង្គារនេះ។ យោងតាមការិយាល័យស្ថិតិរបស់ប្រទេសវៀតណាម បានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិ បានបណ្តាលឱ្យមនុស្ស៣៩នាក់ស្លាប់ និងបាត់ខ្លួន នៅក្នុងប្រទេសវៀតណាម ចាប់តាំងពី ខែមករា ដល់ខែឧសភា។

អគ្គិភ័យនៅរដ្ឋ California ធ្វើឲ្យការភ័យខ្លាចពីរដូវចំហេះព្រៃដ៏គ្រោះថ្នាក់មានខ្លាំងឡើងៗ

2024/06/18 12:16:58 pm        128
អ្នកពន្លត់អគ្គិភ័យ នៅរដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី១៧ ខែមិថុនា) នេះ បានប្រឹងប្រែងទប់ទល់ជាមួយនឹងអណ្ដាតភ្លើងឆាបឆេះដ៏ធំបំផុតរបស់រដ្ឋ រហូតមកទល់ពេលនេះ ក្នុងឆ្នាំ២០២៤ ខណៈដែលការភ័យខ្លាចមានកាន់តែខ្លាំងឡើងៗ ចំពោះស្ថានភាពដ៏អាក្រក់ ដែលអាចកើតឡើងនៅក្នុងខែដ៏ក្តៅ និងហួតហែង នាពេលខាងមុខ។ចំហេះព្រៃ នៅភាគខាងជើងនៃទីក្រុង Los Angeles បានឆាបឆេះយ៉ាងលឿនលើផ្ទៃដីជិត ៦.០៧០ហិចតា កាលពីចុងសប្តាហ៍ ដោយនាំឲ្យមានការជម្លៀសទាំងបង្ខំ ចំពោះអ្នកបោះតង់ជាង ១.០០០នាក់ពីសួនកម្សាន្ត និងការបិទបឹង សម្រាប់ជិះទូកលេងដ៏ពេញនិយមមួយ។អ្នកពន្លត់អគ្គិភ័យប្រហែល ១.១៥០នាក់ កំពុងប្រឹងប្រែងទប់ស្កាត់នូវអ្វីដែលហៅថា «Post Fire» (អ្វីកើតមានក្រោយអគ្គិភ័យ) ដោយបានពន្លត់អណ្តាតភ្លើងជាមួយនឹងការបាញ់ទឹកចេញពីយន្តហោះចំនួន ៧គ្រឿង ហើយចំហេះនៅសល់ត្រឹមតែ ៨ភាគរយប៉ុណ្ណោះ ត្រឹមព្រឹកថ្ងៃទី១៧ ខែមិថុនា។មជ្ឈមណ្ឌលអគ្គិភ័យអន្តរកម្មជាតិ បានព្រមានថា អគ្គិភ័យនេះកំពុង «បង្ហាញពីសកម្មភាពអគ្គិភ័យដ៏ខ្លាំងក្លា» ដោយការមើលឃើញមានភាពពិបាក ហើយខ្យល់បក់មានល្បឿនរហូតដល់ ៨០គីឡូម៉ែត្រ ក្នុង ១ម៉ោង ដែលទាំងនេះបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកពន្លត់អគ្គិភ័យ។ផ្ទៃដីប្រហែល ១៧.០០០ហិកតា ត្រូវបានឆាបឆេះរួចហើយ នៅរដ្ឋ California ក្នុងឆ្នាំ២០២៤ ដោយមានប្រហែល ៥០ភាគរយខ្ពស់ជាងមធ្យមភាគរយៈពេល ៥ឆ្នាំ ត្រឹមដំណាក់កាលនេះ។ ដោយយោងតាមនិន្នាការចំហេះរបស់ជាតិ ចំហេះព្រៃនៅឆ្នាំ២០២៤ មានចំនួនតិចជាងមុន ប៉ុន្តែមានទំហំធំជាងកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ៕

ពលរដ្ឋអាមេរិកជាង៧៥លាននាក់ ដាក់ឲ្យនៅក្រោមការប្រុងប្រយ័ត្នខ្ពស់ពីរលកកម្ដៅខ្លាំង

2024/06/18 12:09:50 pm        80
មនុស្សជាង៧៥លាននាក់នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានដាក់ឲ្យនៅក្រោមការប្រុងប្រយ័ត្នខ្ពស់ពីរកលកម្ដៅខ្លាំង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈរលកកម្ដៅឆ្ពោះទៅកាន់ភាគខាងកើត ហើយតំបន់ Mid-Atlantic និង New England ទំនងជានឹងជួបប្រទះសីតុណ្ហភាពក្ដៅខ្លាំង ៩០ហ្វារិនហៃ។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិក បានមើលឃើញរលកកម្ដៅក្ដៅបំផុតខុសពីអាកាសធាតុក្ដៅផ្សេងៗ រយៈពេលជាង២ថ្ងៃចាប់តាំងពីឆ្នាំ១៩៣៦មក។ ក្រុមមន្ត្រី បានព្រមានជាថ្មីទៀត ដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នជាមុន។ ផ្នែកភាគច្រើននៃតំបន់ភាគខាងលិច និងឦសាន ស្ថិតក្រោមការព្រមានពីការហក់ឡើងសីតុណ្ហភាពក្ដៅខ្លាំង ឬតាមដានយ៉ាងយកចិត្តទុកដាក់។ កម្ដៅដ៏គ្រោះថ្នាក់តែងកើតឡើងជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពិសេសនៅក្នុងទីក្រុង ហ្វូនិក (Phoenix) ជាទីដែលមនុស្ស ៦៤៥នាក់ បានស្លាប់ ទាក់ទងនឹងអាកាសធាតុក្ដៅក្នុងឆ្នាំ២០២៣ ។ សីតុណ្ហភាព នៅទីនោះបានហក់ឡើងខ្ពស់ដល់១១២ ហ្វារិនហៃ ស្មើនឹង៤៤,៤អង្សាសេ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ។ មន្ត្រីព្យាករអាកាសធាតុ បាននិយាយថា រយៈពេល២សប្ដាហ៍ដំបូងនៃខែមិថុនានេះ នៅក្នុងទីក្រុងហ្វូនិក រដ្ឋ អារីហ្សូណា បានជួបប្រទះអាកាសធាតុក្ដៅបំផុតមិនធ្លាប់មាន៕

មនុស្ស ១១នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួន ក្នុងឧបទ្ទវហេតុលិចទូក២គ្រឿង

2024/06/18 11:47:28 am        93
ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា មនុស្សយ៉ាងហោចណាស់១១ នាក់បានស្លាប់ និងជាង៦០ នាក់កំពុងបាត់ខ្លួន ដោយសារការលិចទូកចំនួនពីរគ្រឿង នៅឯឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ីតាលី។អង្គការសប្បុរសធម៌អាល្លឺម៉ង់ រ៉េសខ្យូហ្ស៊ីប (RESQSHIP) បាននិយាយថា ខ្លួនបានស្រង់មនុស្សចំនួន ៥១ នាក់ពីការលិចទូកឈើ ហើយបានរកឃើញសាកសពចំនួន ១០ នាក់ដែលជាប់នៅខាងក្រោមទូកក្បែរកោះ ឡាំផេដូសា (Lampedusa) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ អង្គការក្រុមគ្រូពេទ្យមនុស្សធម៌អន្តរជាតិ (MSF) បាននិយាយថា នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយនៅថ្ងៃដដែលនោះ មនុស្សជាង៦០ នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន ក្នុងនោះ២៦ នាក់ក្នុងចំណោមពួកគេ បារម្ភថាជាកុមារ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិខាងលើនេះ បាននិយាយថា ទូកទាំងនោះបានដឹកជនអន្តោប្រវេសន៍ ដែលបានចេញដំណើរពីប្រទេសលីប៊ី និងទួរគី។យោងតាម រ៉េសខ្យូហ្ស៊ីប ឲ្យដឹងថា អ្នកនៅរស់រានមានជីវិតពីការលិចទូកនៅជិតកោះឡាំផេដូសា របស់អ៊ីតាលី ត្រូវបានប្រគល់ទៅឱ្យឆ្មាំឆ្នេរសមុទ្រអ៊ីតាលី ហើយត្រូវបាននាំយកទៅច្រាំងនៅព្រឹកថ្ងៃចន្ទ ខណៈអ្នកស្លាប់កំពុងត្រូវបានបញ្ជូនទៅកាន់កោះនេះ ។ ទីភ្នាក់ងារជនភៀសខ្លួន UNHCR អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ទូកនេះបានចេញដំណើរពីប្រទេសលីប៊ី ហើយកំពុងដឹកជនអន្តោប្រវេសន៍ពីប្រទេសស៊ីរី អេហ្ស៊ីប ប៉ាគីស្ថាន និងបង់ក្លាដែស ៕

អ្នកទេសចរម្នាក់ទៀត ត្រូវបានគេរកឃើញស្លាប់ក្នុងប្រទេសក្រិក ក្នុងពេលមានរលកកម្ដៅ

2024/06/18 10:06:36 am        93
កោះ Corfu របស់ប្រទេសក្រិក បានទាក់ទាញអ្នកទេសចរជាច្រើននៅក្នុងរដូវក្តៅ ដោយពួកគេភាគច្រើនជ្រើសរើសដើរលេងតាមភ្នំ ដើម្បីស្វែងរកឆ្នេរស្ងាត់នៅឆ្នេរសមុទ្រអាយអូនៀន(Ionian)។ប៉ុន្តែអំឡុងពេលនៃអាកាសធាតុក្តៅខុសពីធម្មតាកំពុងបង្កឱ្យមានការព្រួយបារម្ភថ្មីចំពោះសុវត្ថិភាព។ កាលពីថ្ងៃចន្ទ នគរបាលបាននិយាយថា ជនជាតិអាមេរិកអាយុ ៥៥ ឆ្នាំម្នាក់ ត្រូវបានគេរកឃើញស្លាប់នៅលើកោះ ម៉ាតរ៉ាគី(Mathraki) ជាការស្លាប់អ្នកទេសចរទី ៣ ក្នុងមួយសប្តាហ៍។ពិធីករទូរទស្សន៍អង់គ្លេស Michael Mosley បានបាត់ខ្លួននៅលើកោះមួយ កាលពីដើមខែមិថុនា ដោយជំរុញឱ្យមានការស្វែងរកដោយឧទ្ធម្ភាគចក្រ សត្វសុនខ និងយានដ្រូន។ សាកសពរបស់លោកត្រូវបានគេរកឃើញនៅថ្ងៃទី ៩ ខែមិថុនា។ អ្នកទេសចរជនជាតិហូឡង់អាយុ៧៤ឆ្នាំម្នាក់ទៀត ត្រូវបានគេរកឃើញថាបានស្លាប់នៅលើកោះ Samos កាលពីថ្ងៃសៅរ៍។អាជ្ញាធរនិយាយថា វាគ្រោះថ្នាក់ណាស់ក្នុងការដើរនៅក្រោមកម្តៅថ្ងៃ ប៉ុន្តែត្រូវលាបឡេការពារកម្តៅថ្ងៃ និងផឹកទឹកឲ្យបានច្រើន ដើម្បីសុវត្ថិភាព។ កម្តៅថ្ងៃក្តៅខ្លាំង បណ្តាលឲ្យមនុស្សស្លាប់ ខណៈ សីតុណ្ហភាពបានកើនឡើងលើសពី១០៤ ដឺក្រេហ្វារិនហៃ កាលពីដើមខែនេះ ហើយរដូវកាលវិស្សមកាលបានចាប់ផ្តើមនៅទូទាំងឆ្នេរដាច់ស្រយាលរបស់ប្រទេសក្រិក ទីនៅតាំងបុរាណ និងនៅផ្លូវភ្នំ។ក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តស្វែងរកមនុស្សបីនាក់ផ្សេងទៀត ដែលបានបាត់ខ្លួននៅប្រទេសក្រិកក្នុងពេលមានសីតុណ្ហភាពខ្ពស់ រួមមាន ស្ត្រីជនជាតិបារាំងពីរនាក់អាយុ៧៣ឆ្នាំ និង៦៤ ឆ្នាំ នៅលើកោះ Sikinos និងនគរបាលអាមេរិកម្នាក់អាយុ ៥៩ ឆ្នាំ នៅលើកោះ Amorgos ។

មនុស្ស៥នាក់ស្លាប់ និងបាត់ខ្លួន១៥នាក់ ស្របពេលមានភ្លៀងធ្លាក់ខ្លាំងនៅប្រទេសចិនភាគខាងត្បូង

2024/06/18 09:52:23 am        76
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ថា មនុស្ស ៥ នាក់បានស្លាប់ និង១៥ នាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងបំណាក់ដីនៅប្រទេសចិនភាគខាងត្បូង។ ភ្លៀងធ្លាក់យ៉ាងគំហុកបានវាយប្រហារផ្នែកខ្លះនៃខេត្តក្វាងទុង ដែលមានប្រជាជនរស់នៅច្រើន ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន បន្ទាប់ពីអាកាសធាតុអាប់អួរជាច្រើនសប្តាហ៍នៅទូទាំងប្រទេសចិន។ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ដោយដកស្រង់សម្តីពីក្រុមអាជ្ញាធរខេត្តថា មនុស្ស ៥ នាក់បានស្លាប់ និង១៥ នាក់បាត់ខ្លួន ក្នុងគ្រោះមហន្តរាយធម្មជាតិនៅជិតទីក្រុង មីចូវ (Meizhou) កាលពីថ្ងៃចន្ទទី១៧មិថុនា។ប្រភពខាងលើបានបន្ថែមថាមនុស្ស ១៣ នាក់ទៀតត្រូវបានជាប់ក្នុងទឹកជំនន់ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពរបស់ពួកគេទេ។ទូរទស្សន៍ CCTV ដដែលបានរាយការណ៍ថា ក្រុមអាជ្ញាធរបានបញ្ជូនបុគ្គលិកសង្គ្រោះបន្ទាន់ជាង ១ម៉ឺននាក់ ទៅកាន់តំបន់រងផលប៉ះពាល់ ដើម្បីចាប់ផ្តើមការងារស្វែងរក និងជួយសង្គ្រោះយ៉ាងឆាប់រហ័ស។ ប្រទេសចិនកំពុងស្ថិតនៅចំកណ្តាលរដូវក្តៅអំឡុងរលកកម្តៅដ៏ខ្លាំង បានគ្របដណ្ដប់ភាគខាងជើង ខណៈភ្លៀងបានស្រោចស្រពភាគខាងត្បូង បង្កជាទឹកជំនន់ និងបំណាក់ដី៕

ក្រុមបាតុករអ៊ីស្រាអែល អំពាវនាវឲ្យរដ្ឋាភិបាលលាលែងពីតំណែង ដើម្បីសង្គ្រោះអ៊ីស្រាអែល

2024/06/18 09:07:14 am        151
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានមកប្រមូលផ្តុំគ្នានៅក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យមានការបោះឆ្នោតថ្មីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំនួសនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu ដែលជាថ្មីម្តងទៀតស្ថិតក្នុងតំណែងជាន់ខ្ពស់នៃក្រុមចម្រុះស្តាំនិយម នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសអ៊ីស្រាអែល។ រដ្ឋាភិបាលបង្រួបបង្រួម ក្នុងសម័យសង្រ្គាម បានដកខ្លួនចេញចេញ កាលពីសប្តាហ៍មុន នៅពេលដែលអតីតឧត្តមសេនីយនិយមកណ្តាលពីររូបគឺបេនីហ្គាន(Benny Gantz) និងលោក ហ្កាឌី អ៊ីសេនកុត(Gadi Eisenkot) បានលាលែងពីដំណែង ដោយទុកឱ្យលោក Netanyahu ពឹងផ្អែកលើដៃគូស្តាំនិយមជ្រុល។ របៀបវារៈដ៏តានតឹងរបស់ពួកគេ បានបង្កឱ្យមានភាពប្រេះឆាដ៏ធំ នៅក្នុងសង្គមអ៊ីស្រាអែល ទោះបីជានៅមុនពេលការវាយលុករបស់ក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលា ដែលបានបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សាក៏ដោយ។បន្ទាប់ពីការចាកចេញរបស់ លោក Gantz ក្រុមប្រឆាំង បានប្រកាសពីការចេញតវ៉ាតាមដងផ្លូវរយៈពេលមួយសប្តាហ៍ ដែលរួមមានទាំងការបិទផ្លូវធំ និងបង្កើតមហាបាតុកម្ម។នៅពេលថ្ងៃលិច ក្រុមមនុស្សរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅខាងក្រៅសភា ក្នេសសិត(Knesset) ជាសភារបស់អ៊ីស្រាអែល ហើយមានផែនការដើរក្បួនទៅកាន់លំនៅឋានឯកជនរបស់លោក Netanyahu នៅក្នុងទីក្រុង។មនុស្សជាច្រើនបានគ្រវីទង់ជាតិអ៊ីស្រាអែល ខណៈអ្នកផ្សេងទៀតកាន់ស្លាកសរសេររិះគន់ការដោះស្រាយបញ្ហាធំៗរបស់លោក Netanyahu ដូចជាការជំរុញសេចក្តីស្នើច្បាប់ពង្រាងផ្នែកយោធា ដែលលើកលែងជនជាតិជ្វីហ្វជ្រុលនិយមពីសេវាចាំបាច់ ព្រមទាំងការដោះស្រាយសង្រ្គាមជាមួយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងការប្រយុទ្ធជាមួយក្រុមហេសបូឡានៅលីបង់។អ្នកតវ៉ា និយាយថា ដំណើរធ្វើឲ្យប្រសើរឡើងវិញសម្រាប់ប្រទេសអ៊ីស្រាអែល វាចាប់ផ្តើមនៅទីនេះ។ នៅពេលដែល លោក Benny Gantz និងលោក Eisenkot ចាកចេញពីក្រុមចម្រុះ យើងកំពុងបន្តដំណើរការនេះ ហើយសង្ឃឹមថារដ្ឋាភិបាល នឹងលាលែងពីតំណែងក្នុងពេលឆាប់ៗ។ បាតុកម្ម ជាញឹកញយធ្វើឡើងប្រចាំសប្តាហ៍ ពុំទាន់បានផ្លាស់ប្តូរទិដ្ឋភាពនយោបាយនៅឡើយទេ ហើយលោក Netanyahu នៅតែគ្រប់គ្រងសំឡេងភាគច្រើនប្រកបដោយស្ថិរភាពនៅក្នុងសភា។

មនុស្ស ១៣ នាក់បានស្លាប់ ខណៈភ្លៀងធ្លាក់ខ្លាំងវាយប្រហារតំបន់អាមេរិកកណ្តាល

2024/06/18 08:32:01 am        98
ក្រុមអាជ្ញាធរនៃប្រទេសទាំងពីរបាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ថា មនុស្សចំនួន ១៣ នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងបំណាក់ដីនៅក្នុងប្រទេស អែលសាល់វ៉ាឌ័រ (El Salvador) និងក្វាតេម៉ាឡា( Guatemala) ខណៈភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់អាមេរិកកណ្តាល។ ប្រធាននាយកដ្ឋានការពារជនស៊ីវិល លោក ល្វីស អាម៉ាយ៉ា(Luis Amaya) បាននិយាយថា នៅក្នុងប្រទេស អែលសាល់វ៉ាឌ័រ (El Salvador) ដែលជាប្រទេសរងគ្រោះខ្លាំងបំផុតរហូតមកដល់ពេលនេះ មនុស្ស ៥ នាក់បានស្លាប់នៅក្នុងគ្រោះបំណាក់ដីនៅស្រុក តាគូបា(Tacuba) ភាគខាងលិចរបស់ប្រទេសនេះ។ការស្លាប់ទាំងនោះ កើតឡើងបន្ទាប់ពីអ្នកស្លាប់ពីរនាក់ត្រូវបានគេកត់ត្រា ក្រោយដើមឈើមួយដើមនិងបង្គោលភ្លើងបានដួលរលំលើរថយន្ត ដែលកំពុងធ្វើដំណើរលើផ្លូវហាយវ៉េក្នុងរដ្ឋធានី។លោក បានបន្ថែមថា មនុស្សបួននាក់ផ្សេងទៀតបានស្លាប់នៅក្នុងទឹកជំនន់ និងបំណាក់ដីកាលពីចុងសប្តាហ៍មុន។ សភាបានអនុម័តដាក់រដ្ឋក្នុងគ្រាអាសន្ន ដើម្បីជួយសម្រួលដល់ការចល័តរធនធាន។ លោកប្រធានាធិបតី ណាយីប ប៊ូកេឡេ (Nayib Bukele) បាននិយាយនៅលើបណ្ដាញសង្គម X ថាលោកបានស្នើឱ្យសភាសម្រេចយកថ្ងៃអង្គារនេះ ជាថ្ងៃឈប់សម្រាកសហព័ន្ធដើម្បីជៀសវាងការធ្វើដំណើរនិង កាត់បន្ថយហានិភ័យនៃសោកនាដកម្មផ្សេងៗ៕

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ចំនួន១៣នាក់ពាក់ព័ន្ធ៣ករណីផ្សេងគ្នា

2024/06/17 04:04:25 pm        88
ភ្នំពេញ ៖ ជនសង្ស័យ ១៣នាក់ពាក់ព័ន្ធ ៣ករណីផ្សេងគ្នា ត្រូវបាន នគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។​លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយមានការដឹកនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញសមត្ថកិច្ច ការិយាល័យ ជំនាញ និង នគរបាលនៃអធិកាដ្ឋានខណ្ឌទាំង១៤បានយកចិត្តទុកដាក់បង្ក្រាបបានក្រុមក្មងទំនើង និងជនសង្ស័យប្រព្រឹត្តិបទល្មើសជាបន្តបន្ទាប់ ហើយ ត្រូវបានបង្ហាញមុខជាសាធារណះនោះពេលនេះ។លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ១៣នាក់ ក្នុងនោះម្នាក់ករណីឃាតកម្មសម្លាប់ក្មេងប្រុស អាយុ ៤ខែ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែក ១២នាក់ទៀត គឺជាក្រុមក្មេងទំនើងដែលតែងតែជិះម៉ូតូដេញកាប់ចាក់គ្នាបង្កភាពអាណាធិបតេយ្យ នៅក្នុងរាជធានីភ្នំពេញ ក្មុងនោះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបឃាត់ខ្លួន ៦នាក់ និង ៦នាក់ទៀត បង្ក្រាបបានដោយនគរបាលខណ្ឌពោធិ៍សែនជ័យ ។ចំពោះជនសង្ស័យទាំង ១៣ នាក់សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕អត្ថបទ តារាវុទ្ធី , រូបភាព ម៉ឺន កុម្ភៈ

វិទ្យាស្ថានសិក្សាសង្គ្រាមរបស់ស៊ុយអែត៖ ក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែមទៀត ត្រូវបានដាក់ពង្រាយនៅទូទាំងពិភពលោក

2024/06/17 02:01:14 pm        74
វិទ្យាស្ថានសិក្សាពីសង្គ្រាមរបស់ប្រទេសស៊ុយអែតនិយាយថា ក្បាលគ្រាប់នុយក្លេអ៊ែរសរុបជាសាកលដែលត្រូវបានដាក់ពង្រាយជាមួយមីស៊ីល និងយន្តហោះ បានកើនឡើង៦០គ្រាប់ លើសពីឆ្នាំមុន។ ប្រទេសចិន និងរុស្ស៊ី ទំនងជាកំពុងជំរុញការដាក់ពង្រាយរបស់ពួកគេ។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកហូម(Stockholm) បានចេញផ្សាយការរកឃើញ នៅថ្ងៃចន្ទនេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន។វិទ្យាស្ថាននិយាយថា ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១២.១២១គ្រាប់ ត្រូវបានប៉ាន់ប្រមាណ នៅក្នុងខែមករាឆ្នាំ ២០២៤ ថយចុះចំនួន៣៩១គ្រាប់ ពីដើមឆ្នាំមុន។ ប្រទេសរុស្ស៊ី ត្រូវបានគេប៉ាន់ប្រមាណថាមានក្បាលគ្រាប់ចំនួន ៥.៥៨០គ្រាប់ បន្ទាប់មកសហរដ្ឋអាមេរិកមាន៥.០៤៤គ្រាប់។ ប្រទេសទាំងពីរត្រូវបានគេជឿថា មានប្រហែល៩០ ភាគរយនៃសារពើភណ្ឌសរុបជាសកល។ ប្រទេសចិន ត្រូវបានគេប៉ាន់ប្រមាណថា មានឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ធំបំផុតទី៣ មានចំនួន៥០០គ្រាប់ ជាចំនួនច្រើនជាង៩០គ្រាប់ លើសពីឆ្នាំមុន។ក្នុងចំណោមចំនួនសរុប ក្បាលគ្រាប់ដែលត្រូវបានប៉ាន់ប្រមាណមានចំនួន ៣.៩០៤គ្រាប់ ឬច្រើនជាង ៣០ភាគរយ ត្រូវបានដាក់ពង្រាយជាមួយមីស៊ីល និងយន្តហោះ។ របាយការណ៍នេះ បាននិយាយថា ជាលើកដំបូង ប្រទេសចិនត្រូវបានគេជឿថាមានក្បាលគ្រាប់ក្នុងការត្រៀមប្រតិបត្តិការខ្ពស់។ របាយការណ៍ ក៏និយាយផងដែរថា រុស្ស៊ីត្រូវបានគេប៉ាន់ប្រមាណថានឹងដាក់ពង្រាយក្បាលគ្រាប់ចំនួន ៣៦គ្រាប់ បន្ថែមទៀតជាមួយនឹងកម្លាំងប្រតិបត្តិការ ច្រើនជាងកាលពីខែមករា ឆ្នាំ ២០២៣។របាយការណ៍នេះក៏និយាយផងដែរថា ចំនួនមីស៊ីលបាលីស្ទីកអន្តរទ្វីប ដែលប្រទេសចិនមាន ទំនងជាឈានដល់ ឬលើសពីចំនួនដែលរុស្ស៊ី ឬអាមេរិក មាន ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។ វិទ្យាស្ថាន បានអត្ថាធិប្បាយថា ប្រទេសចិនកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន លឿនជាងប្រទេសផ្សេងទៀត។ របាយការណ៍ វិភាគថា ភាពតានតឹងជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើឱ្យផ្នែកការទូតនុយក្លេអ៊ែរ ចុះខ្សោយបន្ថែមទៀត។ របាយការណ៍បាននិយាយសំដៅទៅលើសមយុទ្ធអាវុធនុយក្លេអ៊ែរតាកទិក ដែលរុស្ស៊ីបានធ្វើនៅជិតព្រំដែនអ៊ុយក្រែន កាលពីខែឧសភា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គការសង្គមស៊ីវិលចូលរួមជាមួយរដ្ឋាភិបាលលើកកម្ពស់ការងារសមរម្យដល់កម្មករក្រៅប្រព័ន្ធ
05/11/2026 01:05 PM
អាជ្ញាធរខេត្តកណ្ដាល ជំរុញដល់បងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាពបន្ថែមលើការ​អនុវត្ត​ការងារ​របស់ខ្លួន
05/11/2026 12:05 PM
អភិបាលខេត្តកណ្ដាល៖ ការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី គឺជាការរួមចំណែកយ៉ាងសំខាន់ដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនដល់ប្រជាពលរដ្ឋ
05/11/2026 12:05 PM
ព្រឹត្តិការណ៍បាល់ទះ តេជោលីគ លើកទី៣ ដឹងតែកក្រើក ក្រោយបន្ថែមលក្ខខណ្ឌថ្មី និងប្រាក់រង្វាន់
05/11/2026 12:05 PM
វិមានក្រឹមឡាំង៖ ​ខ្លួនរំពឹងថា បេសកជនអាមេរិកលោក​ Witkoff និងលោក Kushner ​នឹង​មកកាន់រុស្ស៊ី​​ឆាប់ៗនេះ
05/11/2026 12:05 PM
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា និងថៃ ឯកភាពប្រើប្រាស់យន្តការ UNCLOS ដើម្បី​ដោះ​ស្រាយ​​បញ្ហាដែនសមុទ្រត្រួតគ្នា
05/11/2026 12:05 PM
តុលាការបញ្ជូនក្រុមសង្ស័យ១៦នាក់ ទៅពន្ធនាគារ ក្រោយរកឃើញពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត
05/11/2026 12:05 PM
អ្នកនាំពាក្យ៖ កម្ពុជាអំពាវនាវឱ្យអនុវត្ដភ្លាមៗសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ដើម្បីវាស់វែង​ខណ្ឌសីមា​ព្រំដែន​កម្ពុជា-ថៃ
05/11/2026 12:05 PM
អ្នកវិភាគ៖ ទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ កំពុងប្រើសម្ពាធតាកទិកដើម្បីមើលថាតើនរណាចុះញ៉មមុន
05/11/2026 11:05 AM
ចាប់ឆ្នោត AFC Asian Cup 2027 អារ៉ាប៊ីសាអ៊ូឌីតស្ថិតក្នុងពូលជាមួយប្រទេសអារ៉ាប់ទាំងអស់
05/11/2026 11:05 AM