ក្នុងខែមីនាកន្លងទៅនេះ មានអ្នកស្លាប់ ១០៧នាក់ និងរបួសជាង ២០០នាក់ដោយគ្រោះថ្នាក់ចរាចរណ៍
UPDATE | កូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យសារភាពថារូបគេតែម្នាក់គត់ដែលបានបើករថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់មនុស្ស ៦នាក់នៅខេត្តបាត់ដំបង
នគរបាលរាជធានីភ្នំពេញ ឃាត់ជនជាតិចិន៤នាក់ ដកហូតកាំភ្លើងខ្លី២ដើម និងថ្នាំញៀនមួយចំនួននៅខណ្ឌសែនសុខ
តុលាការសម្រេចឃុំខ្លួនអ្នកបើករថយន្តបុកមនុស្សស្លាប់ ៥នាក់ នៅខេត្តកំពង់ធំ

សន្តិសុខ និង សង្គម

ធនាគារ First Republic៖ ម្ចាស់ថ្មី JP Morgan នឹងកាត់ការងារចំនួន១ពាន់ការងារ

2023/05/26 12:20:32 pm        235
អាមេរិក៖ ធនាគារ JP Morgan Chase នឹងកាត់ការងារនៅធនាគារផ្តល់ប្រាក់កម្ចី First Republic របស់សហរដ្ឋអាមេរិក បន្ទាប់ពីបានទិញក្រុមហ៊ុននេះនៅក្នុងខែនេះ។ ប្រព័ន្ធផ្សព្វផ្សាយ BBC បាននិយាយថា តួនាទីប្រមាណ១ពាន់កន្លែង ឬ ១៥ ភាគរយនៃកម្លាំងការងាររបស់ធនាគារ First Republic នឹងត្រូវកាត់ចេញ។ នៅសប្តាហ៍នេះផងដែរ ធនាគារ First Citizens ដែលបានទិញអង្គភាពផ្តល់ប្រាក់កម្ចីដែលជួបបញ្ហាមួយផ្សេងទៀតរបស់សហរដ្ឋអាមេរិក បានប្រកាសពីការកាត់ការងារផងដែរ។ កាលពីដើមឆ្នាំនេះ មានបញ្ហាជាច្រើន នៅក្នុងធនាគារប្រចាំតំបន់របស់សហរដ្ឋអាមេរិក ដែលបានបង្កការព្រួយបារម្ភអំពីវិបត្តិដែលអាចរាលដាលបន្ថែមទៀត។ ធនាគារ JP Morgan បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងកាត់តួនាទីជាច្រើន ដែលកាន់កាប់ដោយបុគ្គលិកនៅធនាគារមានមូលដ្ឋាននៅទីក្រុង San Francisco ប៉ុន្តែពុំទាន់បានដាក់តួលេខលើការបាត់បង់ការងារនោះទេ។ បុគ្គលិកដែលរងផលប៉ះពាល់ នឹងទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍សម្រាប់រយៈពេល៦០ថ្ងៃ រួមជាមួយកញ្ចប់ដែលរួមមានការបង់ប្រាក់សរុប និងអត្ថប្រយោជន៍ផ្សេងទៀត។ ធនាគារ JP Morgan បាននិយាយថា ខ្លួននឹងជួយពួកគេ ដោយការស្វែងរកតួនាទីថ្មីនៅក្នុងនិងក្រៅក្រុមហ៊ុន៕

ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលបាលីស្ទីកមានរយៈចម្ងាយ២.០០០គីឡូម៉ែត្រ

2023/05/26 12:12:52 pm        363
អ៊ីរ៉ុង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អ៊ីរ៉ង់បាននិយាយថា ប្រទេសអ៊ីរ៉ង់ បានសាកល្បងមីស៊ីលបាលីស្ទីករយៈចម្ងាយ២ពាន់គីឡូម៉ែត្រ កាលពីថ្ងៃព្រហស្បតិ៍ រយៈពេល២ថ្ងៃបន្ទាប់ពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល បានបង្កើនការរំពឹងទុកនូវសកម្មភាពប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប្រទេសអ៊ីរ៉ង់ដែលមានកម្មវិធីមួយក្នុងចំណោមកម្មវិធីមីស៊ីលធំបំផុតជាច្រើននៅមជ្ឈឹមបូព៌ា បាននិយាយថា អាវុធរបស់ខ្លួនមានសមត្ថភាពបាញ់ដល់ប្រទេសអ៊ីស្រាអែល និងមូលដ្ឋានសហរដ្ឋអាមេរិក នៅក្នុងតំបន់។ទោះបីជាមានការប្រឆាំងពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសសហភាពអឺរ៉ុបក៏ដោយ ទីក្រុងតេអេរ៉ង់នឹងផលិតបន្ថែមទៀតកម្មវិធីមីស៊ីលការពាររបស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammadreza Ashtiani បាននិយាយថាសាររបស់យើងទៅកាន់សត្រូវរបស់ប្រទេសអ៊ីរ៉ង់ គឺថា យើងនឹងការពារប្រទេសនិងសមិទ្ធិផលរបស់យើង។ សាររបស់យើងទៅកាន់មិត្តភក្តិ គឺថា យើងមានបំណងជួយឲ្យមានស្ថិរភាពក្នុងតំបន់។ ទូរទស្សន៍រដ្ឋ បានផ្សាយនូវអ្វីដែលខ្លួននិយាយថា ជាវីដេអូបង្ហាញពីការកែសម្រួលថ្មីនៃមីស៊ីលបាលីស្ទីក Khoramshahr 4 របស់អ៊ីរ៉ង់ដោយមានរយៈចម្ងាយ២ពាន់គីឡូម៉ែត្រ ដែលអាចបំពាក់ក្បាលគ្រាប់ទម្ងន់១.៥០០គីឡូក្រាម។ ប្រទេសអ៊ីស្រាអែល ដែលសាធារណៈរដ្ឋអ៊ីស្លាមពុំបានទទួលស្គាល់ បានចាត់ទុកអ៊ីរ៉ង់ជាការគំរាមដល់ការតាំងនៅនៃរដ្ឋរបស់ខ្លួន។ អ៊ីរ៉ង់ និយាយថា មីស៊ីលបាលីស្ទីករបស់ខ្លួនគឺជាការរារាំងដ៏សំខាន់ និងជាកម្លាំងសងសឹកប្រឆាំងសហរដ្ឋអាមេរិក អ៊ីស្រាអែលនិងសត្រូវក្នុងតំបន់ផ្សេងទៀត៕

មន្ត្រីនគរបាលម្នាក់នៅក្រុង New York ត្រូវបានកាត់ទោសពីបទ ចាប់ផ្ដួល ដាល់និងវាយបុរសម្នាក់ឲ្យសន្លប់

2023/05/26 11:18:15 am        323
អាមេរិក៖ រដ្ឋអាជ្ញាតុលាការសហព័ន្ធប្រចាំតំបន់ បានបង្ហាញថានគរបាលក្រុង New York ម្នាក់ បានដាល់ម្ដងហើយម្ដងទៀតលើមុខរបស់បុរសម្នាក់ និងបានវាយរូបគេឲ្យសន្លប់ អំឡុងជម្លោះនៅក្នុងតំបន់ West Village  កាលពីខែវិច្ឆិកាឆ្នាំ២០២១ ដែលបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់។  លោក James Kilduff មេធាវីរបស់នគរបាលជាប់ចោទរូបនេះ បានប្រាប់ទូរទស្សន៍ CNNថា មន្ត្រីនគរបាលក្រុង New York លោក Juan Perez វ័យ៤២ឆ្នាំ បានផ្ដល់ចម្លើយពីភាពគ្មានទោសចំពោះការចោទប្រកាន់បទមជ្ឈិមទាក់ទងការវាយប្រហារ នៅក្នុងតុលាការកាលពីថ្ងៃពុធ និងបានច្រានចោលយ៉ាងដាច់ណាត់ចំពោះការចោទប្រកាន់ដាក់បន្ទុកដោយរដ្ឋអាជ្ញានេះ។ ក្រុមរដ្ឋអាជ្ញាបាននិយាយថា ជនរងគ្រោះក៏បានរងរបួសបែកច្រចុះ និងជាំភ្នែកផងដែរ។  រដ្ឋអាជ្ញាសហព័ន្ធប្រចាំតំបន់ Manhattan បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ក្រុមមន្ត្រីនគរបាលជារឿយៗ តែងជួបស្ថានភាពបែបនេះ ប៉ុន្តែពួកគេត្រូវតែប្រើប្រាស់ជំនាញបណ្ដុះបណ្ដាលរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងគោរពដល់ប្រជាពលរដ្ឋក្រុង New York។ បុរសរងគ្រោះ ដែលគ្មានកន្លែងស្នាក់នៅ បានប្រាប់នគរបាលថា រូបគេត្រូវបានគេធ្វើបាប។យោងតាមសេចក្ដីថ្លែងការណ៍មួយ លោក Perez បានប្រាប់បុរសនោះឲ្យអង្គុយ និងបានយកដបចេញពី ដៃរបស់គេ។បុរសនោះបានធ្វើតាមការបញ្ជា ប៉ុន្តែបន្តជជែកទៅកាន់លោក Perez និងព្យាយាមក្រោកឈរ ។លោក Perez នឹងត្រូវឡើងសវនានៅថ្ងៃទី២ខែសីហា៕

ការផ្ទុះរាលដាលជំងឺអាសន្នរោគនៅអាហ្វ្រិកខាងត្បូងដុតបញ្ឆេះកំហឹងពលរដ្ឋជុំវិញសេវាផ្ដល់ទឹកស្អាត

2023/05/26 10:16:50 am        319
អាហ្វ្រិកខាងត្បូង៖ នៅពេលការផ្ទុះជំងឺអាសន្នរោគត្រូវបានបញ្ជាក់នៅក្នុងតំបន់ ហានម៉ាន់ស្កាល់ (Hammanskraal) ភាគខាងជើងរដ្ឋធានីព្រីតូរីយ៉ា(Pretoria) របស់អាហ្វ្រិកខាងត្បូង   វាស្ទើរតែពុំមានការភ្ញាក់ផ្អើលទេសម្រាប់ប្រជាពលរដ្ឋភាគច្រើនភ្ញាក់ផ្អើលដែលកំពុងតម្រង់ជួររង់ចាំទទួលទឹកស្អាតនិងសាប៊ូនោះ។ បញ្ហាកង្វះទឹកស្អាត និងអនាម័យ តែងតែជាក្ដីកង្វល់នៅក្នុងតំបន់ ហានម៉ាន់ស្កាល់ ជាតំបន់ក្រីក្រមួយដែលមានប្រជាជនរស់នៅ ប្រមាណ ១២ម៉ឺននាក់ ព្រោះថាវាជាផ្នែកមួយក្នុងតំបន់មួយចំនួនរបស់អាហ្វ្រិកខាងត្បូង ហើយការផ្ទុះជំងឺឆ្លងចុងក្រោយបំផុតក្នុងតំបន់នេះ បានឆក់យកជីវិតមនុស្ស២១នាក់រួចទៅហើយ ។ លោក ពីអេតជេឡេ (Piet Jele )វ័យ៣៦ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ បាននិយាយថា ពេលខ្លះទឹកធំក្លិនដូចជាទឹកទន្លេអ៊ីចឹង ដូចជាទឹកបូមពីទន្លេ។ ជួនកាលក៏មានក្លិនល្អគ្រាន់បើបន្តិច ប៉ុន្តែ ពេលខ្លះវាមានក្លិនស្អុយដូចទឹកលូ។  មនុស្សប្រហែល១៦៥នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុក ជូប៊ីលី (Jubilee )ខណៈដែលមន្ទីរពិសោធន៍បានបញ្ជាក់ថា ករណីផ្ទុះជំងឺអាសន្នរោគបានកើនឡើងដល់២៩នាក់ ។អភិបាលក្រុងនេះ ត្រូវតែ ចាត់វិធានការបន្ទាន់មុនពេលជំងឺនេះ ឆក់យកជីវិតមនុស្សកាន់តែច្រើនថែមទៀត ។  គេពុំបានដឹងថាតើការរាតត្បាតចាប់ផ្តើមដោយរបៀបណា និងថាតើវាជាប់ទាក់ទងទៅនឹងទឹកកខ្វក់ក្នុងតំបន់ ហានម៉ាន់ស្កាល់ (Hammanskraal )នេះដែរឬទេ។ អាជ្ញាធរកំពុងស៊ើបអង្កេតប្រភពដើមនៃការផ្ទុះជំងឺនេះ។ ជំងឺអាសន្នរោគមាននៅក្នុងបណ្ដាប្រទេសមានការអភិវឌ្ឍន៍តិចតួចរបស់ទ្វីបអាហ្រ្វិក ជាងរដ្ឋធានីដែលមានវិស័យឧស្សាហកម្មធំបំផុតរបស់ប្រទេសនេះ៕

ជនសង្ស័យត្រូវបានចាប់ខ្លួន បន្ទាប់ពីមនុស្ស៤នាក់បានស្លាប់ក្នុងការវាយប្រហារដោយកាំភ្លើងនិងកាំបិតនៅជប៉ុន

2023/05/26 08:50:25 am        254
ជប៉ុន៖ មន្ត្រីមួយរូបបានប្រាប់សារព័ត៌មាន AFP ថា នគរបាលជប៉ុននៅថ្ងៃសុក្រទី២៦ឧសភានេះបានឃុំខ្លួនជនសង្ស័យម្នាក់ ដែលបានលាក់ខ្លួននៅក្នុងអគារមួយក្រោយការចោទប្រកាន់ថាបានសម្លាប់មនុស្សចំនួន៤នាក់ រួមទាំងមន្ត្រីនគរបាល២នាក់ ក្នុងការវាយប្រហារដោយកាំភ្លើង និងកាំបិត ។  បុរសម្នាក់ដែលត្រូវបានចាប់ឃុំខ្លួននៅខាងក្រៅអគារកសិដ្ឋានជិតទីក្រុង Nakano ក្នុងតំបន់ Nagano ដែលនគរបាលបានបញ្ជាក់ពីការស្លាប់ជនរងគ្រោះទី៤នៅពេលយប់រំលងអាធ្រាត្រ ជាស្រ្តីវ័យចំណាស់ដែល ត្រូវបារកឃើញមានរបួស នៅកន្លែងកើតហេតុហើយក្រោយមកបានប្រកាសថាបានស្លាប់។ អ្នកនាំពាក្យនគរបាលមួយរូប បានប្រាប់សារព័ត៌មាន AFP ថា ជនសង្ស័យត្រូវបានឃុំខ្លួននៅម៉ោងប្រហែល៤និង៣០នាទីព្រឹក។ នេះជាអំពើហិង្សាឧក្រឹដ្ឋកម្មដ៏កម្រនៅក្នុងប្រទេសជប៉ុន ដែលមានអត្រាមនុស្សឃាតកម្រិតទាប និងប្រទេសមួយក្នុងស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលមានច្បាប់ប្រើប្រាស់អាវុធតឹងរ៉ឹងបំផុតក្នុងពិភពលោក។  ទីភ្នាក់ងារសារព័ត៌មាន Kyodo បាននិយាយថា ជនសង្ស័យបានសំងំលាក់ខ្លួនរយៈពេល៤ម៉ោងនៅក្នុងផ្ទះ ដែលជាកម្មសិទ្ធិរបស់ឪពុកគេ ដែលជាអភិបាលក្រុង Nakano។ ជនសង្ស័យ ត្រូវបានចោទប្រកាន់ពីបទចាក់សម្លាប់ជនរងគ្រោះ ដោយប្រើកាំបិតធំ មួយ មុនពេលប្រើកាំភ្លើងបាញ់សត្វ បាញ់ទៅលើស្ត្រីនគរបាល២នាក់ ដែលបានលើកទូរស័ព្ទបន្ទាន់។សារព័ត៌មាន NHK បាននិយាយដោយសំអាងប្រភពពីនគរបាលថា ក្រោយមកខ្មាន់បានបាញ់ប្រហារដោយអាវុធដែលទំនងជាកាំភ្លើងគ្រាប់ប្រាយទៅលើក្រុមនគរបាលដែលបានទៅដល់កន្លែងកើតហេតុ។ គេពុំបានដឹងទេពីមូលហេតុនៅពីក្រោយការវាយប្រហារនេះទេ៕

តំបន់ធំៗជាច្រើនរបស់ម៉ិកស៊ីក ត្រូវបានគ្របដណ្តប់ដោយធូលី ខណៈភ្នំភ្លើង Popocatépetlបន្តព្រួសផេះនិងធូលី

2023/05/24 11:19:44 am        174
ម៉ិកស៊ីក៖ ប្រជាជនប្រមាណ៣លាននាក់ ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួន ខណៈតំបន់ធំៗជាច្រើនរបស់ប្រទេសម៉ិកស៊ីក ត្រូវបានគ្របដណ្តប់ទៅដោយធូលីពីភ្នំភ្លើង Popocatépetl (ប៉ូប៉ូកាតេប៉េតល) ដែលបានធ្វើឲ្យពន្យារពេលជើងហោះហើបណ្តាលឲ្យសាលារៀនជាច្រើន ត្រូវបិទទ្វារ។ ការិយាល័យសម្របសម្រួលការការពារស៊ីវិលជាតិរបស់ប្រទេស បានបង្កើនកម្រិតព្រមានរបស់ខ្លួនដល់ដំណាក់កាលទី៣ព័ណ៌លឿង ដែលបានចេញបញ្ជាឲ្យមានការជម្លៀសខ្លួន និងបានព្រមានប្រជាជនដែលនៅក្បែរនោះត្រៀមសម្រាប់លទ្ធភាពដែលអាចចាកចេញពីតំបន់។ជំហានបន្ទាប់ ជាការប្រកាសអាសន្នព័ណ៌ក្រហម ដែលបណ្តាលឲ្យមានការជម្លៀសជាកាតព្វកិច្ច ហើយទីជម្រករាប់សិបកន្លែង ត្រូវបានបើករួចជាស្រេចនៅក្នុងតំបន់នៅព័ទ្ធជុំវិញមាត់ភ្នំភ្លើង ជាការបង្ការជាមុន។ប្រជាជនប្រមាណ២៥លាននាក់ រស់នៅក្នុងចម្ងាយ៦០ម៉ាយពីភ្នំភ្លើង Popocatépetl មានចម្ងាយត្រឹមតែ ៤៥ម៉ាយភាគអាគ្នេយ៍ទីក្រុងម៉ិកស៊ីកូស៊ីធី។ រយៈពេលជាង១សប្តាហ៍ ភ្នំដែលមានកម្ពស់១៧.៧៩៧ហ្វុត ត្រូវបានគេស្គាល់ថា El PoPo មានការផ្ទុះកើនឡើង ដោយព្រួសសំណុំផ្សែងផេះដ៏ក្រាស់ និងថ្មក្តៅ ឡើងលើអាកាស។ សកម្មភាពដែលដឹកនាំដោយរដ្ឋាភិបាលម៉ិកស៊ិក បានបង្កើនកម្រិតព្រមាន និងបានបិទសាលារៀន ក្នុងក្រុងរាប់សិបកន្លែង នៅទូទាំងរដ្ឋចំនួន៣៕

UN៖ មីយ៉ាន់ម៉ា និងបង់ក្លាដែស ត្រូវការជំនួយ ៣៧៥លានដុល្លារ ក្រោយរងគ្រោះដោយព្យុះស៊ីក្លូន

2023/05/24 11:13:27 am        130
UN៖ អង្គការសហប្រជាជាតិ ឬ UN កាលពីថ្ងៃអង្គារ (ទី២៣ ខែឧសភា) បាននិយាយថា អង្គការនេះ ត្រូវការថវិកាចំនួន ៣៧៥លានដុល្លារអាមេរិក ដើម្បីទិញស្បៀងអាហារ ថ្នាំពេទ្យ និងជំនួយសង្គ្រោះផ្សេងទៀតទៅជួយដល់មនុស្សរាប់លាននាក់ដែលរងផលប៉ះពាល់ ដោយសារព្យុះស៊ីក្លូន ដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃសហភាពមីយ៉ាន់ម៉ា និងប្រទេសបង់ក្លាដែស។ភាគខាងលិចសហភាពមីយ៉ាន់ម៉ា និងខេត្តនានាក្នុងប្រទេសជិតខាងបង់ក្លាដែស ដែលមានប្រជាជនមូស្លីម និងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាយ៉ាងច្រើននោះ បានទទួលរងឥទ្ធិពលយ៉ាងខ្លាំងក្លាពីព្យុះស៊ីក្លូន Mocha កាលពីថ្ងៃទី១៤ ខែឧសភា ដែលត្រូវបានគេប៉ាន់ប្រមាណថា បានសម្លាប់មនុស្សរាប់រយនាក់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។សម្រាប់មីយ៉ាន់ម៉ា អង្គការសហប្រជាជាតិ ឬ UN បានប្រាប់ថា ខ្លួនកំពុងអំពាវនាវសុំថវិកាជំនួយបន្ថែមចំនួន ១២២លានដុល្លារនិងមូលនិធិដែលមានស្រាប់ចំនួន ២១១លានដុល្លារ ដើម្បីយកទៅប្រើប្រាស់ដើម្បីឆ្លើយតបនឹងព្យុះស៊ីក្លូន ខណៈដែលប្រទេសបង់ក្លាដែស ត្រូវការដាច់ដោយឡែកចំនួន ៤២លានដុល្លារ។លោក Ramanathan Balakrishnan អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅសហភាពមីយ៉ាន់ម៉ា បាននិយាយថា៖ «ឥឡូវនេះយើងកំពុងប្រជែងជាមួយពេលវេលា ដើម្បីផ្តល់ជម្រកសុវត្ថិភាពដល់ប្រជាជន នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ទាំងអស់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ដែលកើតឡើងដោយការប្រើប្រាស់ទឹក»។ការអំពាវនាវនេះធ្វើឡើង ខណៈដែលអង្គការមនុស្សធម៌ ព្យាយាមចូលទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុត បន្ទាប់ពីរងការខូចខាតដោយព្យុះ ហើយពួកគេរង់ចាំការអនុញ្ញាតពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។អ្នកនាំពាក្យរបស់របបយោធា មិនអាចទាក់ទងសុំការអធិប្បាយបានទេ។ មេដឹកនាំរបបយោធា បានឲ្យដឹងថា មនុស្ស ១៤៥នាក់ បានស្លាប់ដោយសារព្យុះស៊ីក្លូននេះ ហើយជំនួយកំពុងត្រូវបានបញ្ជូនទៅតំបន់ដែលរងផលប៉ះពាល់។មូលនិធិនេះនឹងជួយដល់មនុស្ស ១៦លាននាក់ ដែលរងផលប៉ះពាល់នៅទូទាំងតំបន់ចំនួនប្រាំនៃសហភាពមីយ៉ាន់ម៉ា រួមមាន Chin, Sagaing, Magway, Kachin និង Rakhine៕

ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់នៅប្រទេសអេស្ប៉ាញនៅភាគអាគ្នេយ៍

2023/05/24 10:31:44 am        278
អេស្ប៉ាញ៖ ជាវិធានការការពារ អាជ្ញាធរប្រទេសអេស្ប៉ាញ បានបិទសាលារៀន សាកលវិទ្យាល័យ និងសេវាសាធារណៈផ្សេងៗ ដូចជាមណ្ឌលថែទាំពេលថ្ងៃ ខណៈភ្លៀងធ្លាក់ខ្លាំងវាយបក់ឆ្លងកាត់ឆ្នេរសមុទ្រភាគអាគ្នេយ៍ កាលពីថ្ងៃអង្គារ ដែលបានបណ្តាលឲ្យជាន់ផ្ទាល់ដីលិចលង់ដោយទឹកជំនន់ ជន់លិចរថយន្ត និងមានការបិទផ្លូវថ្នល់។ ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា បន្តពេញមួយថ្ងៃអង្គារ ក្នុងតំបន់ដែលទទួលរងគ្រោះធ្ងន់ធ្ងរបំផុត រួមទាំងផ្នែកមួយចំនួននៅតំបន់ Murcia និង Valencia ព្រមទាំងតំបន់ Andalusia ក្នុងពេលមានការព្រមានពីគ្រោះអាសន្នទឹកជំនន់កម្រិតខ្ពស់។នៅក្នុងទីក្រុង Cartagena អង្គភាពសេវាសង្គ្រោះបន្ទាន់ បានព្យាយាមបង្ហូរចេញទឹកជំនន់ជន់លិចផ្លូវ ជាកន្លែងដែលឃ្លីបវីដេអូ តាមទូរទស្សន៍ក្នុងតំបន់ បានបង្ហាញ ទឹកបានលិចរថយន្តនិងទោចក្រយានយន្តដោយអន្លើដែលបានចតនៅទីនោះ។  ទឹកភ្លៀងធ្លាក់អាចជួយសម្រាលដល់គ្រោះរាំងស្ងួតដែលបានអូសបន្លាយពេលយូរ ដែលកំពុងប៉ះពាល់ដល់ប្រទេសនេះ។ ប៉ុន្តែទោះជាយ៉ាងណា រដូវកាលនេះគេនៅតែរំពឹងថាជារដូវក្តៅហួតហែងបំផុត លើកំណត់ត្រា។ទឹកភ្លៀងធ្លាក់នៅទូទាំងប្រទេស នៅចន្លោះខែតុលា ឆ្នាំ២០២២ និងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ទាបជាងជាកម្រិតមធ្យមសម្រាប់អំឡុងពេលនេះ ដែលមានភ្លៀងធ្លាក់តាមធម្មតាកើនឡើងទ្វេដង ដែលជាតម្រូវការរហូតដល់ចុងខែកញ្ញា ទើបឈានដល់កម្រិតធម្មតា៕

បម្រាមផ្អាកជើងហោះហើររយៈចម្ងាយជិត បានចូលជាធរមាននៅក្នុងប្រទេសបារាំង

2023/05/24 10:10:49 am        265
បារាំង៖ បម្រាមមួយលើជើងហោះហើរក្នុងស្រុកចម្ងាយជិត បានចូលជាធរមាន នៅក្នុងប្រទេសបារាំងកាលពីថ្ងៃអង្គារ ក្នុងចំណាត់ការមួយដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ដែលរដ្ឋមន្ត្រីមួយរូបបាននិយាយថា ជា «ពិភពលោកដំបូង»។ បម្រាមដែលហាមប្រាមជើងហោះហើររវាងទីក្រុងនានា ដែលអាចទៅដល់ដោយរថភ្លើង ក្នុងរយៈពេលតិចជាង២ម៉ោងកន្លះ ត្រូវបានអនុម័តដោយសមាជិកសភាកាលពីខែមេសា ឆ្នាំ២០២១ ក្នុងពេលមានការធ្លាក់ចុះការធ្វើដំណើរតាមផ្លូវអាកាស អំឡុងការរាតត្បាតជំងឺ Covid-19។វាបានធ្វើឲ្យប៉ះពាល់ដល់ជើងហោះហើរ ពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងនានា រួមទាំងទីក្រុងណងត៍(Nantes) ទីក្រុងបដូ (Bordeaux )និងទីក្រុងលីយ៉ុង(Lyon) ។ប៉ុន្តែក្រុមអ្នកធ្វើយុទ្ធនាការបរិស្ថាន បាននិយាយថា បម្រាមនេះពុំទាន់គ្រប់គ្រាន់នោះទេ។ មុនពេលបម្រាមត្រូវបានអនុម័តទៅជាច្បាប់ក្នុងឆ្នំា២០២១ វេទិកាអាកាសធាតុរបស់ប្រជាជន ត្រូវបានបង្កើតឡើង ដោយលោក ប្រធានាធិបតី Macron ដើម្បីជួយដល់គោលនយោបាយអាកាសធាតុដែលលេចចេញជារូបរាង អំពាវឲ្យលុបចោលជើងហោះហើរនៅលើផ្លូវដែលការធ្វើដំណើរបានដោយរថភ្លើង មានរយៈពេលតិចជាង៤ម៉ោង។ ដោយបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបារាំងលោក ក្លេម៉ង់ បូណេ(Clement Beaune) បាននិយាយថា ចំណាត់ការនេះ គឺជា«សញ្ញាដ៏សំខាន់ និងពិភពលោកដំបូង»៕

ពលរដ្ឋអ៊ុយរុយហ្គាយ បន់ស្រន់ឲ្យមានទឹកភ្លៀងខណៈដែលអាងស្ដុកទឹកនៅសល់ទឹកប្រើប្រាស់១០ថ្ងៃ

2023/05/24 08:25:14 am        269
អ៊ុយរុយហ្គាយ៖ គ្រោះរាំងស្ងួតជាប្រវត្ដិសាស្រ្ដនៅក្នុងប្រទេសអ៊ុយរុយហ្កាយ បានធ្វើឲ្យអាងស្ដុកទឹកដែលផ្ដល់ទឹកដល់រដ្ឋធានី ម៉ុនតេវីដេអូ ស្ទើរតែរីងស្ងួតអស់ទៅហើយ។ភ្លៀងធ្លាក់តិច និងសីតុណ្ហភាពកើនឡើងខ្ពស់នៅទូទាំងតំបន់ខាងត្បូងនៃអាមេរិកខាងត្បូងនេះ បានបង្កឲ្យមានគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំទៅ ដោយបានបង្កផលប៉ះពាល់ដល់ផលដំណាំនៅក្នុងប្រទេសជិតខាងអាហ្សង់ទីន ដែលជាប្រទេសផលិតគ្រាប់ធញ្ញជាតិ និងបានបង្កឲ្យការខាតបង់ដល់ការធ្វើកសិកម្មនៅតំបន់ទីទួល។ យោងតាមក្រុមមន្រ្ដីបានឲ្យដឹងថា ក្នុងប្រទេសអ៊ុយរុយហ្កាយ កង្វះខាតទឹកមានសភាពធ្ងន់ធ្ងរបំផុតនៅក្នុងរយៈពេល៧៤ឆ្នាំមិនធ្លាប់មាន។ ពោលគឺវាកំពុងធ្វើឲ្យប៉ះពាល់ដល់ផ្គត់ផ្គង់សម្រាប់មនុស្សរាប់ម៉ឺននាក់ ហើយកំពុងធ្វើឲ្យគុណភាពទឹកចុះខ្សោយទៀតផង។ លោកហ្វេឌើរីកូ ក្រេមើម៉ាន់ ប្រធានសហជីពកម្មករ នៅឯអង្គភាពOSE បាននិយាយថា ភ្លៀងធ្លាក់តិច ការគ្រប់គ្រងផ្គត់ផ្គង់មិនបានត្រឹមត្រូវ និងកង្វះការវិនិយោគពីរដ្ឋ គឺជាកត្តាដ៏ធំដែលនាំឲ្យមានស្ថានភាពបែបនេះ។ ហើយទឹកសម្រាប់មនុស្សប្រើប្រាស់នេះ ក៏បានជួយបំពេញដល់ការដាំសណ្ដែកសៀង ការចិញ្ចឹមសត្វ និងព្រៃឈើផងដែរ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

NEA បង្ហាញគន្លឹះសំខាន់ៗ ៧យ៉ាង ដើម្បីត្រៀមខ្លួនសម្ភាសការងារឱ្យទទួលលទ្ធផលល្អ
04/02/2026 12:04 PM
ម៉ាឡេស៊ី ឱ្យបុគ្គលិករដ្ឋាភិបាលធ្វើការពីផ្ទះចាប់ពីពាក់កណ្ដាលខែមេសា ដើម្បីសន្សំសំចៃថ្លៃថាមពល
04/02/2026 12:04 PM
អ៊ីរ៉ង់និយាយថាមេដឹកនាំកំពូលលោក Ayatollah Mojtaba Khamenei មានសុខភាពល្អហើយនឹងបង្ហាញមុខឆាប់ៗ
04/02/2026 12:04 PM
បទចម្រៀង ១៣ឆ្នាំមុន “Take me to America” ល្បីឡើង​វិញ​ក្រោយ​បូស្នៀឈ្នះ​អ៊ីតាលី​ឡើង​លេង​ World Cup
04/02/2026 12:04 PM
UN៖ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់ ធ្វើឱ្យជំនួយកាន់តែត្រូវការនៅមជ្ឈិមបូព៌ា
04/02/2026 12:04 PM
ក្រុមហ៊ូទី នៅយេម៉ែនអះអាងការវាយប្រហារដោយមីស៊ីលលើកទីបីលើអ៊ីស្រាអែល ខណៈលូកដៃចូលជ្រៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា
04/02/2026 12:04 PM
លោក Trump ហៅ NATO ថាជា «ខ្លាក្រដាស» ហើយកំពុងពិចារណាដកខ្លួនចេញ
04/02/2026 12:04 PM
បណ្ដាទីតាំងសំខាន់ៗសម្រាប់ប្រារព្ធ«នគរសង្ក្រាន្ត» កំពុងមមាញឹកក្នុងការរៀបចំតុបតែងលម្អ
04/02/2026 12:04 PM
អាមេរិក ដកទណ្ឌកម្មលើប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា ដោយបើកផ្លូវឱ្យគ្រប់គ្រងទ្រព្យសម្បត្តិឡើងវិញ
04/02/2026 12:04 PM
អាហ្វ្រិកខាងត្បូង ដាក់ពង្រាយកងទ័ពដើម្បីដោះស្រាយអំពើហិង្សារបស់ក្រុមជនអន្ធពាល នៅ Western Cape
04/02/2026 12:04 PM