ក្នុងខែមីនាកន្លងទៅនេះ មានអ្នកស្លាប់ ១០៧នាក់ និងរបួសជាង ២០០នាក់ដោយគ្រោះថ្នាក់ចរាចរណ៍
UPDATE | កូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យសារភាពថារូបគេតែម្នាក់គត់ដែលបានបើករថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់មនុស្ស ៦នាក់នៅខេត្តបាត់ដំបង
នគរបាលរាជធានីភ្នំពេញ ឃាត់ជនជាតិចិន៤នាក់ ដកហូតកាំភ្លើងខ្លី២ដើម និងថ្នាំញៀនមួយចំនួននៅខណ្ឌសែនសុខ
តុលាការសម្រេចឃុំខ្លួនអ្នកបើករថយន្តបុកមនុស្សស្លាប់ ៥នាក់ នៅខេត្តកំពង់ធំ

សន្តិសុខ និង សង្គម

ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងដែន៣នាក់ដកហូត គ្រឿងញៀនជិត២០០គីឡូក្រាម

2023/05/23 08:26:17 pm        222
ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បង្ក្រាប​បទល្មើស​ជួញដូរគ្រឿងញៀនឆ្លងដែនឃាត់ខ្លួនជនសង្ស័យ៣នាក់វត្ថុតាងគ្រឿងញៀន​​ជិត ២០០គីឡូក្រាម ។​ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជា​ដឹកនាំ​ផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញ​មន្ទីរប្រឆាំង​បទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង១០នាទី ដោយមាន​ការដឹកនាំ​និង​សម្របសម្រួលពីលោក ស៊ន មុនី ព្រះរាជអាជ្ញារង នៃអយ្យការអម​សាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យ​ស៊ើបការណ៍ក្រៅ (ក១១) និង (ក៥) សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ​និង​កម្លាំងជំនាញ​​ខេត្តកណ្តាល ស្រាវជ្រាវ-ស៊ើបអង្កេត រហូតឈាន​ដល់ការបង្ក្រាប​ករណីរក្សាទុក និងដឹកជញ្ជូន​គ្រឿងញៀន​ដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណ ០៥គោលដៅផ្សេងគ្នា (០៤គោលដៅ ក្នុងរាជធានីភ្នំពេញ និង ០១គោលដៅ នៅខេត្តកណ្តាល)។គោលដៅទី១ ៖ នៅចំណុចមុខក្រសួងពាណិជ្ជកម្ម មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។គោលដៅទី២ ៖ នៅចំណុចផ្ទះជួលលេខ ៦៤E១ ផ្លូវលេខ១១០ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។គោលដៅទី៣ ៖ នៅចំណុច បុរី ពិភពថ្មី ផ្ទះលេខ១០៧ ផ្លូវE ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។គោលដៅទី៤ ៖ នៅចំណុច បុរី ពិភពថ្មី ផ្ទះលេខ១២៦ ផ្លូវលេខ៣៥B ភូមិត្រពាំងព្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។និងគោលដៅទី៥ ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង០០នាទី សមត្ថកិច្ចបានបន្តទៅឆែកឆេរ នៅចំណុចផ្ទះ ជួលលេខ២CE1 ផ្លូវលេខ១០៩ ក្រុមទី៣១ ភូមិ៣ សង្កាត់អូប្ញស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ក្នុងកំឡុងប្រតិបត្តិការនោះសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ១.ឈ្មោះ សេង គុន្នី ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ។ ២.ឈ្មោះ អ៊ឹម ស្រីពៅ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ។ ៣.ឈ្មោះ លាស់ ណេត ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ។ដកហូតវត្ថុតាងគ្រឿងញៀន រួមមាន ៖១-ហេរ៉ូអ៊ីន (HEROINE) ទម្ងន់ជាង ១៣៨ គីឡូក្រាម ។ ២-អ៊ិចស្តាស៊ី (MDMA) ទម្ងន់ជាង ៤ គីឡូក្រាម ។៣-មេតំហ្វេតាមីន (METHAMPHETAMINE) ទម្ងន់ជាង ៤៦គីឡូក្រាម ។ ៤-កេតាមីន (KETAMINE) ទម្ងន់ជាង ៤គីឡូក្រាម ។៥-នីមេតាហ្សេប៉ាម (NIMETAZEPAM) ទម្ងន់ ៧៧២,២០ ក្រាម។សរុបរួមសារធាតុញៀនទម្ងន់ ១៩៣ គីឡូ និង ៩០៨,៤១ ក្រាម) និងសារធាតុមិនច្បាស់ទម្ងន់ ២៣,២១ ក្រាម ។ចំពោះជនសង្ស័យនិងវត្ដុតាងទាំងអស់សមត្ថកិច្ចជំនាញបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ តារាវុទ្ធី

អវកាសយានិកស្ត្រីអារ៉ាប់ដំបូងគេ បានទៅដល់ស្ថានីយអវកាស

2023/05/23 01:30:54 pm        146
អារ៉ាប៊ីសាអ៊ូឌីត៖ លោកស្រី Rayyanah Barnawi គឺជាអវកាសយានិកជនជាតិអារ៉ាប់ស្ត្រីដំបូងគេ ដែលបានធ្វើដំណើរទៅដល់ស្ថានីយអវកាសអន្តរជាតិ ឬ ISS។ លោកស្រីជាជនជាតិអារ៉ាប៊ីសាអ៊ូឌីតម្នាក់ ក្នុងចំណោមជនជាតិអារ៉ាប៊ីសាអ៊ូឌីតពីរនាក់ ក្នុងយានបេសកកម្មឯកជនទី២របស់ស្ថានីយអវកាស Axiom Space ដែលបានបាញ់បង្ហោះយានចម្លង SpaceX Falcon 9 ពីសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ។ក្នុងអំឡុងពេល១០ថ្ងៃរបស់លោកស្រីនៅក្នុងគន្លងផ្លូវលើស្ថានីយអវកាសអន្តរជាតិ (ISS) អ្នកវិទ្យាសាស្ត្រជីវសាស្រ្តវ័យ ២៤ឆ្នាំរូបនេះ គ្រោងនឹងធ្វើការស្រាវជ្រាវកោសិកាដើម និងមហារីកសុដន់។ នាងសង្ឃឹមថា នឹងជួយជំរុញទឹកចិត្តស្ត្រីមកពីគ្រប់មជ្ឈដ្ឋាន នៅមជ្ឈិមបូព៌ា។នៅក្នុងវីដេអូដែលថតនៅក្នុងលំហអាកាស មុនពេលនាងទៅដល់ស្ថានីយអវកាសអន្តរជាតិ ឬ ISS នាងបាននិយាយថា៖ «ជូនចំពោះមនុស្សជុំវិញពិភពលោក អនាគតគឺភ្លឺស្វាងល្អណាស់។ ខ្ញុំចង់ឲ្យអ្នកមានសុបិនដ៏ធំ ជឿជាក់លើខ្លួនឯង និងជឿជាក់លើមនុស្សជាតិ»។នាង Barnawi ត្រូវបានចូលរួមនៅក្នុងយានបេសកកម្ម Axiom 2 ដោយមិត្តរួមជាតិអ្នកជំនាញបេសកកម្មអារ៉ាប៊ីសាអូឌីត លោក Ali Alqarni ដែលជាអវកាសយានិកប្រុសទី២ មកពីរាជាណាចក្រឈូងសមុទ្រ ដើម្បីធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ រួមជាមួយជនជាតិអាមេរិកពីរនាក់ទៀត គឺអវកាសយានិក លោកស្រី Peggy Whitson និងពីឡុត លោក John Shoffner។ក្រុមយានិកទាំងអស់ បានធ្វើដំណើរទៅកាន់ទីអវកាសខាងក្នុងយានអវកាស Dragon របស់យានអវកាស SpaceX ដែលស្ថិតនៅលើយានចម្លង Falcon 9 និងដែលត្រូវបានបាញ់បង្ហោះពីមជ្ឈមណ្ឌលអវកាស Kennedy នៅទីក្រុង Cape Canaveral រដ្ឋ Florida កាលពីថ្ងៃអាទិត្យ៕

ប្រជាជនអាហ្វ្រិកខាងត្បូង ស្តីបន្ទោសរដ្ឋាភិបាលទីក្រុង ខណៈករណីជំងឺអាសន្នរោគកើនឡើង

2023/05/23 01:27:06 pm        34
អាហ្វ្រិកខាងត្បូង៖ ប្រជាជនអាហ្វ្រិកខាងត្បូង កាលពីថ្ងៃចន្ទ បានស្តីបន្តោសរដ្ឋាភិបាលតំបន់របស់ពួកគេ ព្រោះតែពុំបាន   ផ្តល់ឲ្យទឹកស្អាត ខណៈអ្នកស្លាប់ពីជំងឺអាសន្នរោគកើនឡើងដល់១៥នាក់ នៅក្នុងខេត្តដែលមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេស។ នាយកដ្ឋានសុខាភិបាល ក្នុងខេត្ត Gauteng បានប្រកាសការផ្ទុះឡើងជំងឺអាសន្នរោគកាលពីថ្ងៃអាទិត្យទី២១ ខែឧសភា ក្នុងតំបន់ Hammanskraal (ហាមម៉ាន់ក្រាអាល់) ជាតំបន់មួយមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ខាងជើងទីក្រុង Pretoria (ប្រេតូរៀ)។រដ្ឋាភិបាល ទីក្រុងនិយាយថា ពលរដ្ឋជិត១០០នាក់ ត្រូវបានគេមើលឃើញនៅក្នុងមន្ទីរពេទ្យ ហើយ៣៧នាក់បានចូលសម្រាកនៅក្នុងបន្ទប់ ដោយរដ្ឋាភិបាលបានព្រមានពលរដ្ឋតំបន់ Hammanskraal និងតំបន់នៅជុំវិញនោះកុំឲ្យផឹកទឹកពីក្បាលរ៉ូប៊ីណេ។ ពលរដ្ឋអាយុ៣៦ឆ្នាំឈ្មោះ Sello Samuel Lekoto ជាពលរដ្ឋគ្មានការងារធ្វើនៅតំបន់ Hammanskraal ជាអ្នកដែលកំពុងត្រូវបានព្យាបាលជំងឺអាសន្នរោគនៅមន្ទីរពេទ្យ Jubilee បាននិយាយថា យើងកំពុងផឹកទឹកនោះ ប៉ុន្តែពួកគេមិនចង់សម្អាតទឹកនោះទេ ឬត្រូវដាក់ទុយយោមួយផ្សេងទៀតដើម្បីផ្តល់ឲ្យយើងនូវទឹកនោះ។សាលាក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទឹកត្រូវបានផ្គត់ផ្គង់ដោយទីក្រុង នៅក្នុងតំបន់ Hammanskraal ដែលអាចបរិភោគបាន ប៉ុន្តែបញ្ហានោះទីក្រុងបានផ្តល់ទឹកស្អាតបរិភោគ តាមរយៈរថយន្តដឹកទឹក ទៅកាន់តំបន់លំនៅឋានក្រៅផ្លូវការជាច្រើនលើកក្នុងមួយសប្តាហ៍។ ជំងឺអាសន្នរោគ អាចបង្ករឲ្យរាគរូសធ្ងន់ធ្ងរ ក្អួត និងចុះខ្សោយ ហើយឆ្លងជាសំខាន់តាមអាហារឬទឹកមិនស្អាត។ វាអាចធ្វើឲ្យស្លាប់បានក្នុងរយៈពេលតែប៉ុន្មានម៉ោងប្រសិនបើមិនត្រូវបានព្យាបាល។ ប្រទេសអាហ្វ្រិកខាងត្បូង បានបញ្ជាក់ពីជំងឺអាសន្នរោគចំនួន៤១ករណី នៅទូទាំងប្រទេស៕

ប្រទេសប្រេស៊ីលប្រកាសគ្រាអាសន្នសុខភាពសត្វរយៈពេល១៨០ថ្ងៃ ខណៈផ្ទុះករណីឆ្លងជំងឺផ្ដាយបក្សីព្រៃ

2023/05/23 10:49:18 am        242
ប្រេស៊ីល៖ នៅក្នុងឯកសារមួយដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Carlos Favaroប្រទេសប្រេស៊ីល កាលពីថ្ងៃចន្ទ បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នសុខភាពសត្វរយៈពេល១៨០ថ្ងៃ ឆ្លើយតបទៅនឹងការរកឃើញដំបូងរបស់ប្រទេសនៃការផ្ទុះជំងឺផ្ដាសាយបក្សីធ្ងន់ធ្ងរនៅក្នុងចំណោមបក្សីព្រៃ។ ការចម្លងជំងឺផ្ដាសាយបក្សដោយប្រភេទវីរុសទី២គឺ H5N1 លើសត្វបក្សីព្រៃមិនបង្កឲ្យមានការដាក់បម្រាមលើការធ្វើពាណិជ្ជកម្ម ដោយផ្អែកលើសេចក្ដីណែនាំរបស់អង្គការពិភពលោកសម្រាប់សុខភាពសត្វ ។ប៉ុន្តែករណីផ្ទុះជំងឺផ្ដាសាយបក្សីពីកសិដ្ឋានមួយ តាមធម្មតាតម្រូវឲ្យសម្លាប់បក្សីទាំងអស់ និងអាចរឹតត្បិតលើការធ្វើអាជីវកម្មពីបណ្ដាប្រទេសនាំចូល។  ប្រេស៊ីល ជាប្រទេសនាំចេញមាន់សាច់ធំបំផុតក្នុងទំហំទឹកប្រាក់៩,៧ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន បានបញ្ជាក់ពីការផ្ទុះករណីជំងឺផ្ដាសាយបក្សី H5N1ចំនួន៨ករណីនៅក្នុងចំណោមបក្សីព្រៃ រួមទាំង៧ករណីនៅក្នុងរដ្ឋ Espirito Santo និងមួយករណីនៅក្នុងរដ្ឋ Rio de Janeiro ។  កាលពីចុងសប្ដាហ៍មុន ក្រសួងសុខាភិបាលបាននិយាយថា មានសំណាកសង្ស័យឆ្លងជំងឺផ្ដាសាយបក្សីចំនួន៣៣ករណីលើខ្លួនមនុស្ស នៅក្នុងរដ្ឋ Espirito Santo ជាទីដែលប្រទេសប្រេស៊ីល បានបញ្ជាក់ករណីដំបូងក្នុងចំណោមបក្សីព្រៃ កាលពីសប្ដាហ៍មុន បានបង្ហាញលទ្ធផលអវិជ្ជមានវិញសម្រាប់វីរុសទី២ប្រភេទ H5N1៕

ជនជាប់ចោទសម្លាប់មនុស្សនៅអាមេរិកនៅស្ងៀម អំឡុងសវនាការពាក់ព័ន្ធនឹងឃាតកម្ម នៅមហាវិទ្យាល័យក្នុងរដ្ឋ Idaho

2023/05/23 10:40:49 am        507
អាមេរិក៖ លោក Bryan Kohberger ជនជាប់ចោទពីបទសម្លាប់និស្សិតមហាវិទ្យាល័យ Idaho បួននាក់ ក្នុងការវាយប្រហារកាលពីព្រឹកព្រលឹមឆ្នាំមុន បានសម្រេចចិត្តឈរយ៉ាងស្ងៀមស្ងាត់ ក្នុងអំឡុងពេលសវនាការលើចោទប្រកាន់លើមកលើខ្លួន កាលពីថ្ងៃចន្ទ។លោក Kohberger វ័យ ២៨ឆ្នាំ មិនបានឆ្លើយតបទៅកាន់ចៅក្រមទេ នៅពេលត្រូវបានសួរចម្លើយលើរូបគាត់ ហើយមេធាវីរបស់គាត់ បានបញ្ជាក់ថា កូនក្ដីរបស់ខ្លួនឈរនៅស្ងៀមស្ងាត់មិននិយាយអ្វីទាំងអស់។ ដោយសារមិនបានឆ្លើយតប ចៅក្រមបានចូលទៅផ្តល់ចម្លើយពីការគ្មានទោសកំហុសជំនួសឲ្យរូបគេ។លោក Kohberger ត្រូវបានចោទប្រកាន់ពីបទចាក់ស្ត្រីបីនាក់ និងបុរសម្នាក់ នៅក្នុងផ្ទះរបស់ជនរងគ្រោះ កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំមុន ជាក្រិដ្ឋកម្មដែលបានធ្វើឲ្យទីក្រុងតូចមួយនៃមហាវិទ្យាល័យនៅទីក្រុងម៉ូស្កូ រដ្ឋ Idaho មានការភ្ញាក់ផ្អើល និងទាក់ទាញការចាប់អារម្មណ៍នៅទូទាំងប្រទេស។អ្នករួមបន្ទប់ពីរនាក់ទៀតនៅក្នុងផ្ទះពុំមានរបួសទេ ហើយយោងតាមឯកសាររបស់តុលាការបានឲ្យដឹងថា ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីទាំងនោះ បានប្រាប់អ្នកស៊ើបអង្កេតថា ខ្លួនបានឮនរណាម្នាក់កំពុងយំនៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះ នៅវេលាម៉ោង៤ទៀបភ្លឺ មុនពេលបុរសពាក់ម៉ាស់ ពាក់អាវខ្មៅ បានដើរកាត់នាង និងចេញពីផ្ទះនោះ។ ៦សប្តាហ៍ក្រោយមក លោក Kohberger ត្រូវបានចាប់ខ្លួននៅរដ្ឋ Pennsylvania។ ជនរងគ្រោះរួមមាន Madison Mogen, Kaylee Goncalves, Xana Kernodle និងមិត្តប្រុសរបស់នាង Ethan Chapin សុទ្ធតែបានរងរបួសដោយការត្រូវបានចាក់ជាច្រើនកាំបិត។នៅពេលនោះ លោក Kohberger កំពុងចំណាយពេលសិក្សាសញ្ញាប័ត្របណ្ឌិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យ Washington State ដែលមានចម្ងាយប្រមាណជា ១៦គីឡូម៉ែត្រ ពីសាកលវិទ្យាល័យ Idaho ។អាជ្ញាធរមិនបានបង្ហាញពីមូលហេតុនៅពីក្រោយរឿងនេះទេ ប៉ុន្តែបាននិយាយថា ពួកគេមានទំនុកចិត្តថា លោក Kohberger ជាឃាតក។ ចៅក្រមបានកំណត់ពេលសវនាការនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែតុលា ហើយជាប់ចោទអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ឬទោសប្រហារជីវិត ប្រសិនបើត្រូវបានកាត់ឲ្យជាប់ទោសពីបទមនុស្សឃាត៕

ប្រជាពលរដ្ឋឥណ្ឌាទទួលទានភេសជ្ជៈត្រជាក់ៗ ងូតទឹកក្នុងទន្លេដើម្បីការពារអាកាសធាតុក្តៅខ្លាំង

2023/05/22 11:32:30 am        343
ឥណ្ឌា៖ ប្រជាពលរដ្ឋនៅតាមតំបន់ជាច្រើនក្នុងប្រទេសឥណ្ឌា នាំគ្នាទទួលទានភេសជ្ជៈត្រជាក់ៗ និងងូតទឹកក្នុងទន្លេ ដើម្បីធ្វើឲ្យខ្លួនពួកគេត្រជាក់ ស្របពេលដែលរលកកម្តៅកាន់តែក្តៅខ្លាំងនៅទូទាំងតំបន់ ។  ស្របពេលដែលតូបលក់ទឹកផ្លែឈើ និងភេសជ្ជៈម្សៅក្រាម ផ្តល់ភាពធូរស្រាលដល់ពលរដ្ឋដែលធ្វើដំណើរក្រោមកម្តៅព្រះអាទិត្យដ៏ក្តៅនៅទីក្រុងភាគខាងកើត Patna ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Chandigarh បានទទួលទានការ៉េមកី និងផឹកទឹកត្រជាក់ ដើម្បីដោះស្រាយបញ្ហាអាកាសធាតុក្តៅនេះ ។  ខណៈពេលនោះដែរ ទន្លេបានសង្រ្គោះប្រជាពលរដ្ឋរស់នៅទីក្រុងភាគខាងជើង Prayagraj ជាទីដែលពួកគេមើលឃើញសីតុណ្ហភាពកើនឡើងខ្ពស់ជាង ៤០អង្សាសេ  លោក Rahul Singh គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Prayagraj និយាយថា វាពិតជាក្តៅខ្លាំងណាស់ ហើយវាមានអារម្មណ៍ថាដូចជារងើកភ្លើងធ្លាក់ពីលើមេឃអញ្ចឹង ។ ប្រជាពលរដ្ឋប្រឈមនឹងបញ្ហាច្រើនណាស់ ដោយសារតែរលកកម្តៅនេះ នោះហើយគឺជាហេតុផលដែលអ្នកមើលឃើញមនុស្សយ៉ាងច្រើននៅទីនេះ ។ ប្រជាពលរដ្ឋបានមកទីនេះ ដើម្បីងូតទឹក និងគេចចេញពីកម្តៅ ។  គួរឲ្យដឹងថា រដូវក្តៅនៅក្នុងប្រទេសឥណ្ឌា គឺជាពេលវេលាដ៏លំបាកមួយ ពេលដែលសីតុណ្ហភាពក្តៅខ្លាំងនាំឲ្យកើតមានជំងឺ ហើយជួនកាលស្លាប់មនុស្សទៀតផង ។  មូលហេតុដែលនាំឲ្យសីតុណ្ហភាពកើនឡើងខ្ពស់បែបនេះ គឺដោយសារបញ្ហាជាច្រើន ចាប់ពីបញ្ហាបម្រែបម្រួលអាកាសធាតុ រហូតដល់ការធ្វើនគរូបនីយកម្មកាន់តែខ្លាំងជាងមុន ការកសាងអគារខ្ពស់ៗ និងការថយចុះស្រទាប់បៃតង ៕

ជនប៉ាឡេស្ទីន៣នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅតំបន់កាន់កាប់វ៉េសប៊ែង

2023/05/22 11:10:22 am        268
ប៉ាឡេស្ទីន៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនប៉ាឡេស្ទីន ៣នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល នៅជំរំជនភៀសខ្លួន Balata ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែងនៅព្រឹកថ្ងៃចន្ទនេះ ។  នៅពុំទាន់មានការបញ្ជាក់អះអាងភ្លាមៗពីចំនួនអ្នកស្លាប់ពីដោយយោធាអ៊ីស្រាអែលនោះទេ ។  ទីភ្នាក់ងារព័ត៌មានរដ្ឋប៉ាឡេស្ទីន រាយការណ៍នៅថ្ងៃចន្ទនេះថា កងកម្លាំងអ៊ីស្រាអែល បានវាយឆ្មក់ជំរំជនភៀសខ្លួន Balata ស្ថិតក្នុងទីក្រុង Nablus ដោយប្រើប្រាស់គ្រឿងចក្រ និងបិទផ្លូវមិនឲ្យរថយន្តគិលានសង្រ្គោះចូលក្នុងជំរំ ៕

អគ្គិភ័យដ៍ធំឆេះហ៊ុមព័ទ្ធអគារការិយាល័យប្រៃសនីយ៍កណ្តាលទីក្រុងម៉ានីល

2023/05/22 10:46:51 am        392
ហ្វីលីពីន៖ អគ្គិភ័យដ៏ធំដែលបានឆេះហ៊ុមព័ទ្ធការិយាល័យប្រៃសនីយ៍កណ្តាលទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ជាប្រវត្តិសាស្ត្រ ត្រូវគ្រប់គ្រងបានទាំងស្រុងហើយ បន្ទាប់ពីរយៈពេលជាង៧ម៉ោងនៃការប្រឹងប្រែងពន្លត់ដ៏ខ្លាំងក្លា។ អណ្តាភ្លើង រឹតតែខ្លាំងឡើងឈានដល់ការប្រកាសអាសន្នខ្ពស់បំផុត ឬការប្រកាសអាសន្នទូទៅ នៅម៉ោង៥:៣០នាទី ព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃចន្ទទី២២ ខែឧសភានេះ។ យោងតាមស្ថានីយអគ្គភ័យទីក្រុងម៉ានីល បានឲ្យដឹងថា អគ្គិភ័យបានផ្ទុះឡើងនៅអំឡុងម៉ោង១១យប់ ម៉ោងក្នុងសុក្រ កាលពីថ្ងៃអាទិត្យ។  រហូតដល់ពាក់កណ្តាលអធ្រាត្រ ក្រុមអ្នកពន្លត់អគ្គិភ័យជិត៤០នាក់ មកពីសង្កាត់ផ្សេងៗគ្នានៃទីក្រុងម៉ានីល បានជួយពន្លត់ភ្លើងនេះបានដោយជោគជ័យ។ លោក Mark Laurente នាយបុគ្គលិកនៃអង្គភាពសេវាប្រៃសនីយ៍ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាឯកសារអត្តសញ្ញាណជាតិ នៅធានាបាន ព្រោះឯកសារទាំងនោះត្រូវបានតម្កល់ទុកនៅទីក្រុងមួយផ្សេងទៀត។ ទោះជាយ៉ាងណា ការិយាល័យប្រៃសនីយ៍កណ្តាល ដែលផ្ទុកសំបុត្រ និងកញ្ចប់ផ្សេងៗ មួយចំនួនអាចបានបាត់បង់ក្នុងអគ្គិភ័យនោះ។ អគារនេះ ត្រូវបានសាងសង់ដំបូងនៅក្នុងឆ្នាំ១៩២៦ ប៉ុន្តែវាបន្តការសាងសង់ឡើងវិញនៅក្នុងឆ្នំ១៩៤៦ បន្ទាប់ពីត្រូវបានបំផ្លាញធ្ងន់ធ្ងរអំឡុងសង្គ្រាមលើកលើកទី២៕

ហេតុការណ៍ប្រជ្រៀតជាន់គ្នានៅពហុកីឡដ្ឋានបណ្តាលឲ្យមនុស្ស១២នាក់ស្លាប់ នៅអែលសាលវ៉ាឌ័រ

2023/05/22 10:42:33 am        289
El Salvador៖ យ៉ាងហោចណាស់មនុស្ស១២នាក់បានស្លាប់ និងចំនួនមិនជាក់លាក់បានរងរបួសបន្ទាប់ពីហេតុការណ៍ប្រជ្រៀតជាន់គ្នានៅពហុកីឡដ្ឋានបាល់ទាត់ ក្នុងប្រទេសអែលសាលវ៉ាឌ័រ កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ក្រុម Alianza FC និងក្លឹប Deportivo FAS បានប្រកួតគ្នានៅជុំទី២នៃការប្រកួតកីឡា៤ប្រកួតវគ្គចុងក្រោយនៃវគ្គជម្រុះរបស់ពួកគេ នៅពហុកីឡដ្ឋាន Cuscatlan នៅក្នុងរដ្ឋធានី San Salvador នៅពេលនោះការប្រកួតបានផ្អាកបន្ទាប់ពីហេតុការណ៍ប្រជ្រៀតជាន់គ្នាបានកើតឡើងនៅក្នុងទីតាំងសម្រាប់អ្នកឈរទស្សនាការប្រកួត។ ពហុកីឡដ្ឋាន Cuscatlan អាចផ្ទុកអ្នកគាំទ្របាន ៤៤.០០០នាក់ ដែលបានធ្វើឲ្យវាក្លាយជាពហុកីឡដ្ឋានធំបំផុតមួយនៅក្នុងប្រទេសអាមេរិកកណ្តាល។រដ្ឋមន្ត្រីរដ្ឋាភិបាល លោក Juan Carlos Bidegain បាននិយាយថា ពហុកីឡដ្ឋានបានប្រែក្លាយទៅជាសមរភូមិ។ ប្រធានាធិបតីអែលសាលវ៉ាឌ័រ លោក Nayib Bukele បាននិយាយនៅលើបណ្តាញTwitter ថា នគរបាលស៊ីវិលជាតិ និងការិយាល័យអគ្គមេធាវីនឹងធ្វើការស៊ើបអង្កេតហ្មត់ចត់នៅក្នុងហេតុការណ៍នៅ  ពហុកីឡដ្ឋាននេះ។មនុស្សគ្រប់គ្នានឹងត្រូវបានស៊ើបអង្កេត មានទាំងក្រុម អ្នកគ្រប់គ្រង ពហុកីឡដ្ឋាន ការិយាល័យប្រអប់សំបុត្រ ក្រុមប្រកួត សហព័ន្ធ និងជាច្រើនទៀត។ នណាក៏ដោយដែលជាពិរុទ្ធជន ពួកគេនឹងពុំត្រូវបានរួចផុតពីទណ្ឌកម្មនោះទេ៕

សមត្ថកិច្ចបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានអំពីការចាប់ក្មេងៗ​ជាព័ត៌មាន​ក្លែងក្លាយ​បង្កើត​ឡើង​ដោយ​ក្រុមជនអាក្រក់

2023/05/21 07:55:48 pm        2171
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមាហាផ្ទៃ នាយប់ថ្ងៃទី២១ ខែឧសភានេះ​បានបញ្ជាក់ថា ការផ្សព្វផ្សាយនៅ​លើគេហទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន​នាពេល​ថ្មី​ៗ​នេះ​ថា មានករណីចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ជាព័ត៌មានមិនពិត បង្កើតឡើង​ដោយ​ក្រុម​ជន​អាក្រក់ ប្រឆាំងរាជរដ្ឋាភិបាល មានបំណងបំពុលសង្គម។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានជម្រាបជូនសាធារណ​ជន​ជ្រាប​ថានាពេ​ល​កន្លង​ទៅ​នេះ ទំព័រហ្វេសប៊ុកឈ្មោះ “អនុរក្ស”, “កាមទេពលឹមហុង” និងគណនីហ្វេសប៊ុកមួយចំនួន បាន​ចុះ​ផ្សាយ​ព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ។ «បន្ទាប់ពី​ទទួលព័ត៌មានខាងលើនេះ នាយកដ្ឋានបានចាត់មន្រ្តីជំនាញធ្វើការស្រាវជ្រាវបន្ទាន់ ជា​លទ្ធផល​កំណត់​បានថា ព័ត៌មានទាំងនេះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើត​ឡើង​ដោយ​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ។ បច្ចុប្បន្ននាយកដ្ឋានជំនាញ កំពុង​ប្រមូល​ភស្ថុតាង ដើម្បីអនុវត្តនិតិវិធីច្បាប់»។ នេះបើតាមសេចក្ដីក្នុងហ្វេសប៊ុកនាយកដ្ឋានដដែល។ នាយកដ្ឋានសង្ឃឹមថា មហាជន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម មេត្តា​កុំបន្ត​ចែក​ចាយ​ព័ត៌​មានក្លែងក្លាយខាងលើនេះ ដើម្បីចៀសវាងបង្កការយល់ច្រឡំ ឬបង្ក​អសន្តិសុខ​សង្គម​ផ្សេងៗ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា និងសាធារណរដ្ឋបង់ក្លាដែស ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ
04/02/2026 11:04 AM
ពលរដ្ឋអាល្លឺម៉ង់ សម្រុកឆ្លងកាត់ព្រំដែនទៅប៉ូឡូញដើម្បីស្វែងរកប្រេងឥន្ធនៈដែលមានតម្លៃទាបជាង
04/02/2026 11:04 AM
ចក្រភពអង់គ្លេស នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអន្តរជាតិស្តីពីការបើកឡើងវិញច្រកសមុទ្រ Hormuz
04/02/2026 11:04 AM
ក្រុមបាតុករនៅទីក្រុងតូក្យូ តវ៉ាប្រឆាំងការដាក់ពង្រាយមីស៊ីលរបស់ប្រទេសជប៉ុន
04/02/2026 11:04 AM
នាវាទេសចរណ៍មួយដឹកភ្ញៀវទេសចរសរុបជាង៦០០នាក់ ចូលចតនៅកំពង់ផែ​ក្រុង​ព្រះសីហនុ
04/02/2026 11:04 AM
រញ្ជួយដីដ៏ខ្លាំងក្លានៅឥណ្ឌូនេស៊ី បានបំផ្លាញអគារដែលបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់
04/02/2026 11:04 AM
ធុរកិច្ចជប៉ុនដែលវិនិយោគចិញ្ចឹមត្រីទីឡាប់នៅកម្ពុជាកំពុងសិក្សាលទ្ធភាពជំរុញការនាំចេញ
04/02/2026 11:04 AM
អភិបាលខេត្តកំពង់ចាម នាំយកអំណោយសប្បុរសធម៌ ចែកជូនបងប្អូនជនភៀសសឹក ក្នុងខេត្តព្រះវិហារ
04/02/2026 10:04 AM
ភាគហ៊ុនធ្លាក់ចុះ ប្រាក់ដុល្លារនិងប្រេងឡើងថ្លៃ បន្ទាប់ពីសុន្ទរកថារបស់លោក Trump ស្តីពីសង្គ្រាមអ៊ីរ៉ង់
04/02/2026 10:04 AM
អភិបាលខេត្តកណ្ដាល ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​អំពី​បញ្ហា​បោក​ប្រាស់​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ Online Scam និងពិនិត្យឯកសារ​ឱ្យបានច្បាស់មុនជួលផ្ទះឱ្យជនបរទេស​ស្នាក់នៅ
04/02/2026 10:04 AM