កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយញុះញង់ឱ្យចូលរួមធ្វើ​បដិវត្តពណ៌​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​
១សប្តាហ៍ គ្រោះថ្នាក់ចរាចរណ៍ បន្តឆក់យកជីវិតមនុស្ស២៨នាក់ របួសជិត៧០នាក់
ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៤នាក់ ករណីឆក់ប្រដាប់អាវុធ ៣ករណី

សន្តិសុខ និង សង្គម

អគ្គិភ័យកំពុងឆាបឆេះក្លឹបកម្សាន្តមួយកន្លែងនៅម្តុំវង្វង់មូលផ្សារដើមថ្កូវ យ៉ាងសន្ធោរសន្ធៅ

2022/09/01 11:10:03 am        509
BREAKING NEWS! នៅខណៈនេះ អគ្គិភ័យកំពុងឆាបឆេះក្លឹបកម្សាន្តឈ្មោះ All Friends PUB យ៉ាងសន្ធោរសន្ធៅ នៅតាមបណ្តោយផ្លូវលេខ ៤៨៤(ម្តុំវង្វង់មូលផ្សារដើមថ្កូវ) សង្កាត់ផ្សារដើមថ្លូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង និងអាជ្ញាធរមូលដ្ឋាន កំពុងអន្តរាគមន៍ពន្លត់ជាបន្តបន្ទាប់។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដាក់បទបញ្ជាឱ្យមន្ត្រីក្រោមឱវាទ បំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព

2022/09/01 10:54:00 am        366
ស្ទឹងត្រែង៖ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានដាក់បទបញ្ជាឱ្យមន្ត្រីក្រោមឱវាទប្រឹងប្រែងបំពេញការងារតាមភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងមានភាពទទួលខុសត្រូវទៅតាមមុខងារភារកិច្ចបានប្រគល់ជូន ប្រកបដោយប្រសិទ្ធភាពខ្ពស់។ថ្លែងក្នុងពិធីបំពាក់ឋានន្តរស័ក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនយោធិន នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ តថ្ងៃទី៣១សីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី អៀងវ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ភាពជោគជ័យក្នុងការបំពេញការងារគ្មានអ្វីបានមកដោយងាយៗនោះទេ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គា្ន ដូចនេះយើងត្រូវអនុវត្តឱ្យបានតាមទិសស្លោកថា ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ  ច្បាប់ត្រូវតែគោពរ  បទល្មើសត្រូវតែបង្ក្រាប និងពាក្យមួយឃ្លាទៀត ជួយគិតជួយធ្វើ រួមគ្នាទទួលខុសត្រូវ។ គួរបញ្ជាក់ថា កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបំពាក់ឋានន្តរស័ក្តិចំនួន១៩នាក់ និងជូនប័ណ្ណសរសើរ លិខិតសរសើរដល់យោធិននៃកងរាជអាវុធហត្ថខេត្តចំនួន៣៥នាក់  ដែលបានធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អៀងវ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ។

សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន...! ជនសង្ស័យប្រុស-ស្រី ២នាក់ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោក ក្រោមរូបភាពផ្ញើលុយ ឬសម្ភារៈមានតម្លៃមកពីក្រៅប្រទេស

2022/09/01 10:03:27 am        557
ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រោយទទួលបានសេចក្ដីរាយការណ៍ និងពាក្យបណ្ដឹងរបស់ពលរដ្ឋរងគ្រោះ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ២នាក់ ពាក់ព័ន្ធករណីឆបោកក្រោមរូបភាពផ្ញើលុយ ឬសម្ភារៈមានតម្លៃមកពីក្រៅប្រទេស។ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ០៤ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចនៅទីតាំងវីងមួយកន្លែង កំពុងធ្វើសកម្មភាពដកលុយ ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យដែលបានឃាត់ខ្លួនទី១៖ ឈ្មោះ N’ CHO MARCEL ភេទប្រុស ជនជាតិ កូដូវ័រ និងទី២៖ឈ្មោះ ដូង ធារី ភេទស្រី ជនជាតិ ខ្មែរ។ជនសង្ស័យបានឆ្លើយសារភាពថា ឈ្មោះ ASIA ភេទប្រុស ជនជាតិ វ៉េណេស៊ុយអេទ្បា រស់នៅក្រៅប្រទេស បានទំនាក់ទំនងទៅជនរងគ្រោះតាមរយៈហ្វេសប៊ុក និងសុំលេខពីជនរងគ្រោះថា ខ្លួនចង់ផ្ញើអីវ៉ាន់ ឬប្រាក់ជាច្រើន ទៅប្រទេសកម្ពុជា ដោយឲ្យជនរងគ្រោះជាអ្នកទទួលអីវ៉ាន់ ឬប្រាក់បញ្ញើនោះ ។ បន្ទាប់មកឈ្មោះ ASIA បានផ្ញើលេខទូរសព្ទ័របស់ជនរងគ្រោះឲ្យទៅឈ្មោះ N’ CHO MARCEL ហើយឲ្យស្រ្តីម្នាក់ដើរតួជា គយ បង្គាប់ឲ្យជនរងគ្រោះផ្ញើប្រាក់បង់ពន្ធដើម្បីយកទំនិញនោះចេញ។ គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទីអំឡុង ខែសីហា ឆ្នាំ២០២២ មានគណនីហ្វេសបុកឈ្មោះ PARIMAL បានប្រាប់ថា ខ្លួនជាប់នៅប្រទេសអ៊ុយក្រែន ហើយខ្លួនត្រូវការផ្ញើប្រាក់មកទុកនៅស្រុកខ្មែរ ដើម្បីរកមនុស្សចិត្តល្អជួយរក្សាទុកឲ្យ ហើយឈ្មោះ PARIMAL ធ្វើជាជ្រើសរើសយកជនរងគ្រោះឈ្មោះ ឯក ពិសិដ្ឋ ភេទប្រុស រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បន្ទាប់មកក៏មានស្រ្តីជនជាតិខ្មែរម្នាក់ អះអាងខ្លួនជាមន្រ្តីគយ ដែលបានឃាត់បខាងលើ ស្ត្រីនោះបញ្ជាក់ទៀតថា ទាល់តែបង់ប្រាក់ពិន័យចំនួន USD ១៧.៥០០$ តាមរយៈវីងលេខទូរស័ព្ទ ទើបអាចទទួលបានកញ្ចប់ប្រាក់ខាងលើ។ ដោយចាញ់ល្បិចកលរបស់ក្រុមឆបោកខាងលើ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានផ្ញើប្រាក់ជាបន្តបន្ទាប់សរុបជាង៩ពាន់ដុល្លារ។ ប៉ុន្តែក្រោយពីផ្ញើប្រាក់រួចជនរងគ្រោះទាក់ទងលែងបាន ចំណែកគណនីហ្វេកបុកឈ្មោះ PARIMAL ក៏មិនអាចទាក់ទងបានទៀត ទើបដឹងថា ចាញ់បោកគេហើយ ប៉ុន្តែនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្រាប់តែឈ្មោះ PARIMAL បានទាក់ទងមកឲ្យជនរងគ្រោះផ្ញើប្រាក់បន្ថែម៥០០០$ ទៀតនឹងទទួលបានកញ្ចប់ប្រាក់នោះ តែមុនពេលផ្ញើប្រាក់ជនរងគ្រោះបានរាយការណ៍មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីជួយអន្តរាគមន៍ទើបឃាត់ខ្លួនជនសង្ស័យបាន ខណៈពេលកំពុងចូលទៅដកប្រាក់នៅទីតាំងវីងមួយកន្លែងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕(ដោយ៖ កុម្ភៈ)

បង្ក្រាបគ្រឿងញៀននៅភ្នំពេញស្លាប់ជនសង្ស័យម្នាក់ និងរបួសមនុស្ស៤នាក់

2022/08/31 12:47:40 pm        336
ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជាអាជ្ញាធរមូលដ្ឋាន​បង្ក្រាប​គ្រឿងញៀន​ឈានដល់ការផ្ទុះអាវុធប្រមាណជាង ១០គ្រាប់ បណ្ដាលឲ្យស្លាប់ជន​សង្ស័យម្នាក់ របួសមនុស្ស៤នាក់​ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ​រឹបអូស​សារធាតុញៀន ជាង ២០គីឡូក្រាម។ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២ ចំណុចផ្លូវចូលកំពង់ដស្វាយជ្រុំ តាមបណ្តោយផ្លូវកែវចិន្តា ស្ថិតក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ​តាមមុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយធំ ធ្វើដំណើរដោយរថយន្តចំនួន ០២គ្រឿង ​ដោយ​រថយន្ត​មួយគ្រឿងម៉ាក ford ពណ៌ស ​ពាក់ស្លាកលេខភ្នំពេញ 2BO-0123​ ដឹកផ្ការួចបង្កប់គ្រឿងញៀន ​ជាង២០គីឡូក្រោមផ្កា ត្រូវបានកម្លាំងសមត្ថកិច្ចបាញ់បំបែកកង់រថយន្តទាំង០៤​ ទៅមុខលែងរួច និងរថយន្តមួយ​គ្រឿងទៀត​ម៉ាក MG ពណ៌ក្រហម ​ពាក់ស្លាកលេខភ្នំពេញ 2BL-7217 ធ្វើដំណើរដោយជនសង្ស័យចំនួន០៣នាក់ ព្យាយាម​គេច ​និង​បាញ់រះមកលើសមត្ថកិច្ចត្រូវបានកម្លាំងសមត្ថកិច្ច​ បាញ់ទៅវិញ បណ្ដាល​ឲ្យជនសង្ស័យម្នាក់​ស្លាប់ក្នុងរថយន្ត ​និងរបួសម្នាក់ ​ចំណែក​២នាក់ទៀត ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន។ តាមប្រភពព័ត៌មានពីពលរដ្ឋ បានបង្ហើបឲ្យដឹងថា​ ក្នុងប្រតិបត្តិការនេះ បណ្ដាល​ឲ្យ​ពលរដ្ឋរងរបួស​ចំនួន០៣នាក់​ គឺមនុស្សស្រី០២នាក់ និងបុរសម្នាក់ជាម្ចាស់ម៉ូតូកង់៣​ ដែលរថយន្តជនសង្ស័យ បើកបុកចំពីមុខ។ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ​ បានធ្វើការ​ហ៊ុមព័ទ្ធ​ ទីតាំងកើតហេតុ ដើម្បីឲ្យជំនាញ ធ្វើការត្រួតពិនិត្យ និងដកហូតគ្រឿងញៀន ជាង២០គីឡូក្រាម៕ អត្ថបទ៖ កុម្ភៈ

តុលាការបើកសវនការលើករណីលោក ឌួង ងៀប ឆបោកប្រាក់ជាង ៧លានដុល្លារ តែលោក មិនចូលរួមសេវនាការឡើយ

2022/08/30 04:08:38 pm        940
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នេះចៅក្រម​ស៊ើបសួរ​នៃ​អយ្យការអមសាលា​ដំបូង​រាជធានីភ្នំពេញ ​បានបើកការ​ស៊ើបសួរ​ជំនុំជម្រះ​ តែពុំឃើញមានវត្តមានលោក ឌួង ងៀប ចូលក្នុងសវនការឡើយ។ មានតែភាគីជនជាតិតៃវ៉ាន់​ ជាជនរងគ្រោះ ចូលរួមក្នុងសវនាការ​ជំនុំជម្រះ​នេះ។ជនជាតិតៃវ៉ាន់ ជាជនរងគ្រោះមានឈ្មោះ CHIH YU បានឲ្យដឹងថា ក្នុង​សវនការ​ជំនុំជម្រះ​នេះ មិន​ឃើញវត្តមានលោក ឌួង ងៀប ចូលរួមឡើយ។ ដូច្នេះលោក​សំណូមពរដល់ អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ជួយរកយុតិធម៌​ និងឲ្យលោក ឌួង ងៀប មានដំណោះស្រាយ។ជនរងគ្រោះ ​បានឲ្យដឹងថា ពាក់ព័ន្ធលុយចំនួនជាង ៧ លានដុល្លារនេះ គឺលោក​ជាដៃគូជំនួញ ជា​មួយ​លោក ឌួង ងៀប ដោយក្រុមហ៊ុនមានការសហការគ្នា​លោក ឌួង ងៀប ​បានឆបោក ជន​រងគ្រោះ ​ពាក់ព័ន្ធ​ករណីក្លែង​អត្តសញ្ញាណប័ណ្ណ​ឱ្យ​ចិនច្រើននាក់ និង​ក្លែង​លក់ដីខ្យល់ ដោយ​យក​បានលុយច្រើនលានដុល្លារ ។ កន្លងមកលោក ឌួង ងៀប ក៏ធ្លាប់បានចេញ​សែក​ ឲ្យ​មក​ជនរង​គ្រោះវិញ​ផងដែរ ​តែ​ជា​សែកស្អុយ​ មិនមានទឹកប្រាក់ឡើយ។ជាចុងក្រោយជនរងគ្រោះ ជាដើមចោទសំណូមពរ ​ដល់អាជ្ញាធរពាក់ព័ន្ធ ​ជាពិសេសស្ថាប័ន តុលាការ​ជួយ​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះផង។ ពាក់ព័ន្ធ​ករណីនេះ ​BTV News​ពុំមាន​ប្រភព​ណា​អាច​បញ្ជាក់ពីភាគីលោក ឌួង ងៀប បានឡើយ៕ អត្ថបទ៖ កុម្ភះ

អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋ ព្រួយបារម្ភចំពោះកំណើននៃការបើកល្បែងផ្សង​សំណាងឆ្នោតឡូតូ នៅតាមផ្ទះ

2022/08/30 01:13:13 pm        1210
កណ្ដាល៖ នៅពេលបច្ចុប្បន្ន នៅតាមផ្ទះដែលមានប្រកបរបររកស៊ីខ្នាតតូចនៅតាមមូលដ្ឋាននានា គឺមានការបើកល្បែងឆ្នោតផ្សងសំណាងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំមានច្បាប់ មានអាជ្ញាបណ្ណ​អនុញ្ញាតឲ្យបើកត្រឹមត្រូវ ប៉ុន្តែសម្រាប់ការបើកនេះ អាជ្ញាធរមូលដ្ឋាន ក៏ដូចជា​បណ្តា​ប្រជាពលរដ្ឋ​នៅភ្នំពេញ​ និងខេត្តកណ្តាល ​បានបង្ហាញការព្រួយបារម្ភ​ចំពោះរីកដុះដាលការបើកល្បែងផ្សង​សំណាង​នេះលឿនពេក ​ដែលធ្វើឲ្យប៉ះពាល់ជីវភាព​ និងការរកចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។បើតាមលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ រាជធានីភ្នំពេញ ថ្លែងប្រាប់BTVនៅថ្ងៃទី៣០ខែ​សីហា​នេះថា ​នៅពេលបច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន នៅក្នុងសង្កាត់របស់លោកស្រីបាននឹងកំពុង​ចុះត្រួត​ពិនិត្យ ​ច្បាប់អនុញ្ញាត ​និងសុពលភាពអាជ្ញាបណ្ណបើកអាជីវកម្មនានានៅក្នុងមូលដ្ឋានខ្លួន ប៉ុន្តែ​សម្រាប់ច្បាប់អនុញ្ញាត និងអាជ្ញាបណ្ណបើកល្បែងផ្សងសំណាង​ឆ្នោតឡូតូ ដែលមានដាក់បង្ហាញ​ផ្ទាំង​កញ្ចក់​ទូរទស្សន៍​នេះ យើងមានការពិបាកគ្រប់គ្រងទីតាំងរបស់គេឲ្យបានច្បាស់លាស់ ហើយ​ពលរដ្ឋមួយចំនួនបានបើកល្បែងផ្សងសំណាងនោះ​ គឺបានកូពីអាជ្ញាបណ្ណនោះ ទៅបើក​នៅ​ទីតាំងថ្មីៗ​ច្រើនទៀត​ ដោយមិនមានការសុំការអនុញ្ញាតពីសាលាសង្កាត់នោះទេ។ពលរដ្ឋ បានថ្លែងថា សម្រាប់ការបើកល្បែងផ្សង​សំណាងស្របច្បាប់នេះ​គឺមានទីតាំងមួយ​ចំនួន​មានបើកល្បែងមិនស្របច្បាប់​ទៅជាមួយគ្នាដូចជា​ ល្បែងឆ្នោតវៀតណាម និងល្បែងហ្គេម​អនឡាញជាដើម ​ ដែលបញ្ហានេះ​ពលរដ្ឋសើ្នសុំអាជ្ញាធរ ​និង​ក្រុមហ៊ុនសាមីជួយចុះត្រួតពិនិត្យ​ការ​បើកឲ្យបានត្រឹមត្រូវ ជាពិសេសត្រួតពិនិត្យ​ការបើក​នៅជិតសាលារៀន​បង្កការរំខាន​សិស្ស​កំពុងសិក្សាជាដើម។បើតាមមន្ត្រីជំនាញអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកណ្តាល ​បានថ្លែងថា នៅក្នុងអង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល​ មិនមាន​បើកសេវា​ផ្តល់ច្បាប់ ផ្តល់​អាជ្ញាបណ្ណ​បើកអាជីវកម្មឆ្នោតឡូតូ​ និងល្បែងផ្សងសំណាងនោះទេ ​ខណៈការផ្តល់ច្បាប់អនុញ្ញាត និងផ្តល់​អាជ្ញាបណ្ណសម្រាប់បើកអាជីវកម្មនានាទៀត​ គឺអង្គភាព ​មានផ្តល់អាជ្ញាបណ្ណដែលមាន​សុពលភាព​រយៈពេល១ឆ្នាំនិង២ឆ្នាំម្តង ​ហើយមានទីតាំងមួយច្បាស់លាស់​និងងាយស្រួលអាជ្ញាធរគ្រប់គ្រង។សូមបញ្ជាក់ថា ​តាមការឲ្យដឹងពីប្រភពក្រៅផ្លូវការពីពលរដ្ឋដែលបានបើកល្បែងផ្សងសំណាងនេះ គឺដំបូងមានតំណាងក្រុមហ៊ុនឡូតូ ​ធ្វើសកម្មភាពដោយ​ចុះមកសាក​សួរ​ជួលផ្ទះ រួចហើយ​ផ្តល់​ការរៀបចំដំឡើង​ទូរទស្សន៍​កុំព្យូទ័រ​បំពាក់ internet និងមានការផ្តល់ប្រាក់ខែប្រមាណ ១៥០ដុល្លារ​ទៅ២០០ដុល្លា​អាមេរិចក្នុងមួយខែ​ទៅតាមកម្រិតទីតាំងពលរដ្ឋចូលសេវាតិច ឬច្រើនផងដែរ៕ អត្ថបទ ស៊ុម សុខជា

នគរបាលប៉ុស្ដិ៍រដ្ឋបាលឈើទាល ស្រុកកៀនស្វាយ ដាក់កម្លាំងប្រចាំការទាំងថ្ងៃ-យប់ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋ

2022/08/29 04:30:45 pm        715
កណ្ដាល៖ នគរបាលប៉ុស្ដិ៍រដ្ឋបាលឈើទាល ​ស្រុកកៀនស្វាយ​ បាន​ដាក់កម្លាំងប្រចាំការ​ទាំង​ថ្ងៃ-យប់​ដើម្បី​ពង្រឹង​សន្តិសុខ និងសុវត្ថិភាព​ជូនពលរដ្ឋ ខណៈបទល្មើស​ចោរកម្ម ហិង្សា និងគ្រឿងញៀន ​បង្ក្រាប​បាន​ជាបន្ដបន្ទាប់។ ដើម្បី​ពង្រឹង​សន្តិសុខ និងសុវត្ថិភាព​ជូនពលរដ្ឋលោកវរសេនីយ៍ត្រី សឿន ផល្លី មេប៉ុស្ដិ៍រដ្ឋបាលឃុំឈើទាល ​បានដាក់គោល​ដៅ​ប្រចាំការទាំងថ្ងៃ-យប់​នៅតាមទីសាធារណៈ ​ដើម្បី​បង្កលក្ខណៈងាយស្រួល ក្នុងការចុះ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ ​ឱ្យបានទាន់ពេលវេលា។លោកមេប៉ុស្ដិ៍នគរបាលប៉ុស្ដិ៍រដ្ឋបាលឈើទាល ​ស្រុកកៀនស្វាយ ​បានប្រាប់BTV Newsថា ដោយ​មាន​ការ​ណែនាំ​ពី​ឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍រដ្ឋបាលឈើទាល ​បានដាក់ប៉ុស្ដិ៍សាធារណៈប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ព្រមទាំង​ការ​ដើរ​ល្បាត​ និងការផ្ដល់សេវាសាធារណៈផ្សេងៗ ​ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការឆ្លើយតប ឬ​កិច្ច​អន្តរាគមន៍ ជួយប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ក្នុងពេលដែលមានបញ្ហាមិន​ប្រក្រតី​ផ្សេងៗ​។លោកវរសេនីយ៍ត្រី សឿន ផល្លី បានថ្លែងថា រយៈពេលចុងក្រោយ១ខែ ក្នុងឆ្នាំ២០២២នេះ បទល្មើស​ដែល​កម្លាំង​សមត្ថកិច្ច​បង្រ្កាប​បាន មានការ​ថយ​ចុះដូចជា​ បទល្មើស​ចោរកម្ម លួច ប្លន់ គ្រឿងញៀន និង​អំពើ​ហិង្សា​ជាដើម។ លោក បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​ឱ្យ​ការ​ពង្រឹង​សន្តិសុខ ​និងសុវត្ថិភាពឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះគឺ ​នគរបាលរបស់យើង​តែងតែ​​ផ្សព្វផ្សាយ​​យ៉ាង​ញឹកញាប់​នៅ​តាម​មូលដ្ឋាន ដើម្បី​ជំរុញ​ឱ្យ​មាន​ការចូលរួមរាយការណ៍​ពី​ប្រជាពលរដ្ឋ។ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋ មានការអបអរសាទរ និង​សប្បាយចិត្ត​នៅពេលឃើញ​កម្លាំង​សមត្ថកិច្ច​ដាក់ប៉ុស្ដិ៍​ចុះដើរ​ល្បាត​ និងបង្ក្រាបបទល្មើស​បានជាបន្ដបន្ទាប់ដូចជា៖ ចោរកម្ម លួច ប្លន់ គ្រឿងញៀនផងដែរ។គួររម្លឹកផងដែរថា ក្នុងការផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព លោក​ឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល បាន​ធ្វើ​ការណែនាំ​ដល់​លោក លោក​ស្រីស្នងការរង និងលោកអធិការនគរបាលក្រុង/ស្រុកទាំង១១ ត្រូវ​យកចិត្តទុកដាក់ណែនាំ និង​ពិនិត្យ​ទៅ​លើមន្ត្រីរបស់ខ្លួន ដែលឈរជើងនៅតាមគោលដៅ​ត្រួត​ពិនិត្យ​តាម​ដងផ្លូវ ឱ្យ​យកចិត្តទុក​ដាក់​ខ្ពស់​ក្នុង​ការ​ឆែកអាវុធ​ជាតិផ្ទុះ។ល។ ដើម្បី​ធានា​បាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់៕អត្ថបទ ៖ នុត សាវី

អគ្គីភ័យឆេះឃ្លាំងលក់រថយន្តនៅផ្លូវទំនប់៧០ ខូចខាតរថយន្តចំនួន ១០គ្រឿងទាំងស្រុង

2022/08/27 09:28:22 am        416
ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅឃ្លាំងលក់រថយន្តមួយកន្លែង បណ្ដាលឲ្យរថយន្ត​ចំនួន ១០គ្រឿង ខូចខាតទាំងស្រុង ដែលហេតុការណ៍នេះបានកើតឡើងនៅ​វេលាម៉ោង​០២យប់​រំលង​អធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវទំនប់៧០ ហៅ​ទំនប់​ទួលគោក ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុន ពេលកើតហេតុនោះគេឃើញមានផ្សែង​ហុយ​ចេញ​ពី​រថយន្តនៅក្នុងឃ្លាំងដែលម្ចាស់បានចាក់សោររបងត្រឹមត្រូវដូចរាល់ថ្ងៃ បន្ទាប់មក​ក៏​មាន​អណ្ដាត​ភ្លើង​ឆេះឡើងយ៉ាងសន្ធោសន្ធៅ និងរាលដាលពីរថយន្តមួយទៅរថយន្តផ្សេងទៀត ព្រមទាំង​ឆ្លង​ទៅឃ្លាំងមួយទៀតដែលនៅក្បែរគ្នា។ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលការិយាល័យ​បង្ការ និង​ពន្លត់​អគ្គី​ភ័យ​ នៃ​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ​គ្រប់​គោលដៅ​ ដើម្បី​ចេញ​ជួយ​អន្តរាគម​​ន៍បាញ់​ពន្លត់ ជៀសវាងរាលដាលដល់ឃ្លាំងដទៃបន្ថែមទៀត ។ តែទោះ​ជា​យ៉ាងនេះ​ក៏​​ដោយ​ទំហំ​នៃ​ការ​ឆាបឆេះនេះលឿន ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យរថយន្តខូចខាតសរុបចំនួន១០គ្រឿង ភាគច្រើន ម៉ាក ធុនត្រា ។តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងគឺ បណ្ដាលមកពីឆ្លងប្រព័ន្ធភ្លើងពីអាគុយក្នុងរថយន្ត ទើបមានការឆាបឆេះបែបនេះ ។ ក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់អ្វីឡើយ ដោយប្រើពេលជាង១ម៉ោងក៏ពន្លត់ភ្លើងឲ្យរលត់ទៅវិញជាស្ថាពរ ៕ អត្ថបទ៖ កុម្ភៈ 

សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនជនជួញដូរមនុស្សបានមួយចំនួន ​ខណៈអ្នកពាក់ព័ន្ធកំពុងស្រាវជ្រាវ​បន្តទៀត

2022/08/19 01:04:55 pm        775
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា សមត្ថកិច្ចកម្ពុជា បាន​ធ្វើការឃាត់ខ្លួន ជសង្ស័យជួញដូរមនុស្សបានមួយចំនួន ហើយអ្នកពាក់ព័ន្ធដទៃទៀត កំពុងស្រាវជ្រាវ​ដើម្បីចាប់ខ្លួនបន្ត ​ខណៈជនរងគ្រោះដែលជាជនជាតិអាមេរិក និង​ជនជាតិឥណ្ឌូនេស៊ី​បានសង្រ្គោះ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ​ក្រោយបញ្ចប់កិច្ចប្រជុំក្រុមការងារជំនាញអន្ដរក្រសួង-ស្ថាប័នទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ ​នាព្រឹកថ្ងៃទី១៩ ខែសីហា នេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា បន្ទាប់ពីមានបទបញ្ជា​ក្រុមប្រតិបត្តិការចុះឆែកឆេរជន បរទេសនៅតាមសណ្ឋាគារ ​កាស៊ីណូ ​និងកន្លែងមួយចំនួនទៀត ​ដោយធ្វើការឃាត់ខ្លួនមេការ និង​មេខ្លោង ជួញដូរ​មនុស្សបានមួយចំនួន ​ដើម្បីយក​មក​ផ្ដន្ទាទោស​ទៅតាមច្បាប់។ចំពោះ​ករណី​រត់​ចេញពីកាស៊ីណូ នៅជ្រៃធំ ខេត្តកណ្ដាល ​សម្ដេច ស ខេង បានឲ្យដឹងថា​ តាម​ព័ត៌មាន​បឋម អ្នកទាំងនោះមកធ្វើការខុសច្បាប់នៅកម្ពុជា ​ខណៈពួកគេទាំងនោះជាជនវៀតណាម ហើយអាច ចូលមកធ្វើការងារនៅកម្ពុជាពុំមានច្បាប់ត្រឹមត្រូវផងដែរ។សូមរំលឹកថា​ ប្រតិបត្តិការ​ត្រួត​ពិនិត្យ ​ការរស់នៅ​របស់ជនបរទេស​នៅកម្ពុជា​ លើកលែង​តែ​មន្រ្តីទូត បែបនេះ ​បន្ទាប់ពីអាម៉េរិក ​ដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅ ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ នៃការ​ជួញដូរមនុស្ស។ ​យ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង ​បាន​បញ្ជាក់ថា ​របាយការណ៍​ខ្លះ​ត្រឹមត្រូវ និងខ្លះទៀត មិនមែនជាការពិតនោះឡើយ៕ អត្ថបទ៖ បាន ចក់

ពលរដ្ឋសម្ដែង​ការ​ព្រួយបារម្ភ​នឹង​ល្បែង​ភ្នាល់បាញ់​កាំជ្រួច​នៅស្រុកអន្លង់វែង​អាចបង្ករ​ហានិភ័យ​កើតឡើងក្នុងមូលដ្ឋាន

2022/08/19 12:35:30 pm        467
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងអូរថ្ម ស្ថិតនៅភូមិជាំ ឃុំត្រពាំប្រិយន៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​នឹងល្បែងស៊ីសងភ្នាល់​បាញ់កាំជ្រួច​របស់​ជន​ជាតិ​ថៃ ដែល​អាច​បង្ករ​ប៉ះពាល់​ច្រើន ​ដោយសារ​កម្ទេច​គ្រាប់​រំសេវ​បាន​ធ្លាក់​ជិត​មូលដ្ឋាន​របស់​ពួក​គាត់​នៅ​ពេលខ្លះ វា​អាច​បណ្តាល​ឱ្យ​មាន​ការ​ឆេះ​ដល់​ផ្ទះ​សម្បែង​ និង​ចំការ​ក៏​មាន​ផងដែរ។ប្រជាពលរដ្ឋ ​បាន​បង្ហើបឱ្យដឹងថា ​កន្លង​មកល្បែងស៊ីសងភ្នាល់បាញ់កាំជ្រួច ​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​ស្របច្បាប់​របស់​ក្រុមហ៊ុន​«សាមនខេរៈអភិវឌ្ឍន៍» នៅពេលបាញ់កាំជ្រួចម្តងៗ តែងតែមាន​ផល​ប៉ះពាល់​ដោយសារ​កម្ទេច​គ្រាប់រំសេវ​បានធ្លាក់ជិតមូលដ្ឋាន​របស់ពួក​គាត់​វា​បណ្តា​ឲ្យមាន​ផល​ប៉ះ​ពាល់ខ្លាំង​ដល់​បញ្ហាសុខាភាព​របស់ប្រជាពលរដ្ឋ​ពី​ចំហាយ​គ្រាប់​រំសេវ​ដោយ​ការបាញ់កាំជ្រួច​នេះផងដែរ។គួររម្លឹងថា ក្រុមហ៊ុន«សាមនខេរៈអភិវឌ្ឍន៍» ទទួលបាន​សិទ្ធ​បើក​ល្បែង​ស៊ីសង​ភ្នាល់​បាញ់កាំជ្រួច នៅលើទឹកដីនៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ​ដោយ​មិន​ខ្វល់​ពី​បញ្ហា​ប្រឈមទៅ​នឹងផល​ប៉ះពាល់​ដល់ប្រជា​ពលរដ្ឋនោះឡើយ។ ​ពាក់ព័ន្ធបញ្ហានេះខាង​ក្រុមហ៊ុន​BTV Newsមិនអាចសុំការ​បំភ្លឺ​បានទេ ​ដោយ​ពុំ​មាន​លេខ​ទូរស័ព្ទ​ម្ចាស់​ក្រុមហ៊ុន៕ អត្ថបទ៖ ឃិន សារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា និងធនាគារពិភពលោក ពិភាក្សាលើការផ្តល់ជំនាញ និងការងារ ដល់ពលករខ្មែរមកពីថៃ
10/28/2025 10:10 PM
ពហិការសកលកើនឡើងប្រឆាំងនឹងអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
10/28/2025 09:10 PM
វិមានក្រឹមឡាំង៖ ទាហានរុស្ស៊ីនឹងកម្ទេចជនបរទេសដែលប្រយុទ្ធឲ្យទីក្រុងគីវ
10/28/2025 09:10 PM
ភាពទាល់ច្រកធ្វើកិច្ចប្រជុំសន្តិភាពអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន ស្ថិតក្នុងភាពពុំច្បាស់លាស់
10/28/2025 08:10 PM
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន៖ ក្រុមហាម៉ាសត្រូវតែបញ្ជាក់ជំហររបស់ខ្លួន ជុំវិញការកាន់កាប់អាវុធ
10/28/2025 08:10 PM
ការប្រទះឃើញយានដ្រូន ធ្វើឲ្យអាកាសយានដ្ឋានអេស្ប៉ាញបិទរយៈពេល ២ម៉ោង
10/28/2025 08:10 PM
សម្ដេចធិបតី សឹងគ្មានពេលសម្រាក ប៉ុន្តែមានកម្លាំងចិត្ត ធ្វើការកាន់តែខ្លាំង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន
10/28/2025 07:10 PM
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់៖ សម្ពាធបន្ថែមទៀតត្រូវការចាំបាច់ ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន
10/28/2025 07:10 PM
WMO ព្រមានថា ព្យុះកំណាច Melissa នឹងក្លាយជាព្យុះដ៏អាក្រក់បំផុតរបស់ចាម៉ៃកាក្នុងសតវត្សរ៍នេះ
10/28/2025 07:10 PM
លោក Lukashenko ថ្កោលទោសការបិទព្រំដែនរបស់លីទុយអានីជាមួយបេឡារុស
10/28/2025 07:10 PM