កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយញុះញង់ឱ្យចូលរួមធ្វើ​បដិវត្តពណ៌​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​
១សប្តាហ៍ គ្រោះថ្នាក់ចរាចរណ៍ បន្តឆក់យកជីវិតមនុស្ស២៨នាក់ របួសជិត៧០នាក់
ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៤នាក់ ករណីឆក់ប្រដាប់អាវុធ ៣ករណី

សន្តិសុខ និង សង្គម

ប្រជាពលរដ្ឋសំណូមពរអាជ្ញាធរខេត្ត ពិនិត្យលើការលក់ដូរអុសស្ទែនៅក្រុងកំពង់ឆ្នាំង

2022/08/19 10:56:31 am        119
កំពង់ឆ្នាំង៖ អុសស្ទែដែលបានពីព្រៃឈើលិចទឹករាប់រយម៉ែត្រគូប ត្រូវបានឈ្មួញប្រមូលទិញជារៀងរាល់ថ្ងៃ និងគរទុក ពុះជ្រៀក ដឹកចេញយកទៅលក់នៅតាមបណ្តាខេត្តផ្សេងៗទៀត ដែលករណីនេះ ធ្វើអោយប្រជាពលរដ្ឋងឿងឆ្ងល់ ថាហេតុអ្វីបានជាពួកគេប្រមូលបានអុសឈើព្រៃលិចទឹកច្រើនម្លេះ? ថាតើពួកគេកំពុងកាប់បំផ្លាញព្រៃលិចទឹកដោយលួចលាក់ដែរឬទេ?ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ បានប្រាប់ថា ដើមឈើព្រៃលិចទឹក មិនមែនចេះតែងាប់ច្រើន ដើម្បីអោយពួកគេប្រមូលយកទៅលក់អោយឈ្មួញនោះទេ។ កន្លងមក និងពេលថ្មីៗនេះ ក៏មានក្រុមជនខិលខូច ដើរគ្រៀវព្រៃឈើលិចទឹកធំៗ អោយងាប់ រួចហើយពួកគេទៅកាប់ និងដឹកយកឈើទាំងនោះមកលក់អោយឈ្មួញនៅក្រុងកំពង់ឆ្នាំងដែលជាអ្នកចាំទិញ ជារៀងរាល់ថ្ងៃ។ តំបន់ព្រៃលិចទឹកដែលមានប្រភេទឈើធំៗ តែងរងការកាប់បំផ្លាញពីក្រុមជនខិលខូចទាំងនោះ យកមកធ្វើជាអុសស្ទែសំរាប់លក់អោយឈ្មួញ។ប្រជាពលរដ្ឋបានសំណូមពរអាជ្ញាធរខេត្តកំពង់ឆ្នាំង និងជំនាញ មេត្តាពិនិត្យលើករណីខាងលើនេះផង បើពុំមានការទប់ស្កាត់នោះទេ ព្រឈើលិចទឹកធំៗ ត្រូវបានបំផ្លាញគ្មានសល់ឡើយ៕

អ្នកស្លាប់ដោយសារ​គ្រោះថ្នាក់ចរាចរណ៍​ក្នុងឆមាសទី១ ជិតមួយ​ពាន់នាក់ ខណៈ​អ្នករបួសជិត​បួនពាន់នាក់

2022/08/18 11:40:48 am        662
ភ្នំពេញ៖ មនុស្សយ៉ាងតិចចំនួន​៩៤២​នាក់​ បាន​ស្លាប់​បាត់​បង​ជីវិត ​និង​រងរបួស​ធ្ងន់​ស្រាល ​ចំនួន​៣៦៦៤​នាក់​ ខណៈ​យានយន្ត​ចំនួន​៨៨.៩៣២គ្រឿង​ត្រូវ​បាន​ពិន័យ​នៅ​ក្នុង​ឆមាសទី១​ ឆ្នាំ​២០២២​នេះ។​ នេះ​បើតា​ម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ (គ.ស.ច.គ.)។របាយការណ៍​របស់​គ.ស.ច.គ ​ដែល​ទូរទស្សន៍BTV ទទួល​បាន​នា​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២២​នេះ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​«ក្នុង​ឆមាសទី១ ​ឆ្នាំ​២០២២​ គ្រោះថ្នាក់​កើត​ឡើង​សរុប​ ១.៦០៩​លើក​ (យប់​៥៧%) បណ្ដាល​ឱ្យ​ស្លាប់​៩៤២ នាក់ និង​របួស​២.២៣៥​នាក់​ (ធ្ងន់១.៤២៩នាក់)។ មូល​ហេតុ​បង្ក​គ្រោះថ្នាក់​រួម​មាន​ ល្មើស​ល្បឿន​៣៨% ​បើក​បរ​មិន​គោរព​សិទ្ធិ​២៤%​ មិន​ប្រកាន់​ស្តាំ​១១% ​វ៉ា​ជែង​១១% ​បត់​១០%​ស្រវឹង​៣%​កត្តាយាន​២% និង​ងងុយ​១%​។​ ក្នុង​ចំណោម​អ្នក​ស្លាប់​ជា​អ្នក​ជិះ​ម៉ូតូ​ចំនួន​៨១% ​(៧៥៩/៩៤២នាក់) មាន​អ្នក​មិន​ពាក់​មួក​សុវត្ថិភាព​ចំនួន​៧៤%​ (៥៥៨/ ៧៥៩នាក់ )។ គ្រោះថ្នាក់​បាន​កើត​ឡើង​ច្រើន​នៅ​រាជ​ធានី​ភ្នំពេញ ​៤៥៨​លើក​ ខេត្ត​កណ្តាល ​១១៧លើក និងខេត្តព្រះ សីហនុ ៩៧លើក»។របាយការណ៍​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា​ តាម​រយៈការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ សមត្ថកិច្ច​បាន​ពិន័យ​យាន​យន្ត​ល្មើស​ច្បាប់​ចំនួន ​៨៨.៩៣២ គ្រឿង។ ដោយឡែក ការ​ពិន័យ​ប្រចាំ​ឆមាសទី១ ​នៅ​ទូទាំង​ប្រទេស​បាន​ទឹក​ប្រាក់​ចំនួន ​៧.៥៦០.២៦៥.០០០រៀល។ ជា​មួយ​គ្នា​នេះ​ ក្រុម​ការងារ​ត្រួត​ពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណ​បច្ចេក​ទេស​រាជធានី-​ខេត្ត​ ប្រចាំ​ឆមាស​ទី​១ ​ឆ្នាំ២០២២ បានធ្វើការ​ត្រួត​ពិនិត្យ​យាន​យន្ត​ចំនួន​ ៣០.១៥០គ្រឿង យាន​យន្ត​ត្រឹម​ត្រូវ​ចំនួន​ ២៤.៨៤៨គ្រឿង យានយន្តខុស លក្ខណ​បច្ចេក​ទេស​ចំនួន​ ៥.៣០២គ្រឿង៕ អត្ថបទ៖ បាន ចក់

នគរបាលធ្វើលំហាត់សមយុទ្ធជាក់ស្តែងជាមួយបុគ្គលិកផ្សារអេអន១ ទាក់ទងនិងរបៀបនៃការពន្លត់អគ្គិភ័យ និងសង្គ្រោះបឋម

2022/08/17 10:11:10 am        754
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំមន្រ្តីនគរបាល នៃនាយកដ្ឋាន ធ្វើលំហាត់សមយុទ្ធជាក់ស្តែងជាមួយបុគ្គលិកផ្សារអេអនទី១ ទាក់ទង និងរបៀប នៃការពន្លត់អគ្គិភ័យ ដែលកើតចេញពីយថាហេតុណាមួយ ខណៈលំហាត់សមយុទ្ធនេះនឹងធ្វើឡើងគ្រប់ផ្សារធំៗ និងទំនើបៗទាំងអស់នៅទូទាំងប្រទេសកម្ពុជា៕

មនុស្ស២នាក់ស្លាប់ ករណីបាក់ដីនៅក្រុមហ៊ុនវ៉ារីអគ្គិសនីតាទៃលើ

2022/08/11 03:05:32 pm        685
កោះកុង៖ មនុស្ស២នាក់បានស្លាប់ និង២នាក់ផ្សេងរបួសធ្ងន់ស្រាល ក្នុងករណីបាក់ដី​នៅក្នុងរូងទី៣ របស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាទៃលើ ស្ថិតនៅចំណុចស្ទឹងកែប ឃុំតាទៃលើ ​ស្រុកថ្មបាំងខេត្តកោះកុង។លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង ឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែសីហា នេះថា ករណីកម្រនឹងជួបប្រទះនេះ បានកើតឡើងវេលាម៉ោងជិត៧យប់ថ្ង្ងៃទី១០ ខែសីហា ម្សិលមិញ ដោយទីតាំងកើតហេតុឆ្ងាយដាច់ស្រយោលប្រមាណ ២០គីឡូម៉ែត្រពីទីរួមស្រុក។ លោកអភិបាលស្រុកថ្មបាំង បន្ថែមថា ៤ថ្ងៃនេះ ភ្លៀងធ្លាក់ជោគជាំស្ទើរគ្រប់មូលដ្ឋាន ដែលជា​ហេតុធ្វើចរន្តទឹកហូរពីលើខ្នងភ្នំច្រោះចុះក្រោមបង្កឱ្យបាក់ដីនៅរូងទី៣ របស់​ក្រុមហ៊ុន​វ៉ារី​អគ្គិសនី​តាទៃលើ បណ្តាលឱ្យស្លាប់​មនុស្សចំនួន ២នាក់ប្រុស និង​រងរបួសធ្ងន់​ចំនួន២នាក់។ បច្ចុប្បន្ន​លោក​បានណែនាំដល់ម្ចាស់ក្រុមហ៊ុនត្រូវដកកម្លាំងកម្មករមករកទីកន្លែងសុវត្ថិភាពរង់ចាំអាកាសធាតុអំណោយណាពេលទើបចុះធ្វើការតាមផែនការ ចៀសវាងបញ្ហាគ្រោះថ្នាក់បន្តកើតមានឡើង។ជនរងគ្រោះដោយសារការបាក់ដីសង្កត់លើស្លាប់២នាក់ ទី១.ឈ្មោះ នី វណ្ណៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិមេចាន់ ឃុំថ្មី ស្រុកកំពត ខេត្តកំពត និងទី២.ឈ្មោះ អ៊ុត ចាន់ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិក្តាត់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។សាកសពបានតម្កល់ទុកនៅវត្តថ្មបាំង រង់ចាំ​សាច់ញាតិ​មកទទួលយកធ្វើបុណ្យតាមប្រពៃណី ដោយ​ក្រុមហ៊ុនអគ្គិសនីតាទៃលើ​ ក៏ត្រៀមដោះស្រាយសំណងទូទាត់ចំពោះសពជនរងគ្រោះ។ដោយឡែកអ្នករងគ្រោះរបួសវិញ ទី១.ឈ្មោះ ចេន ណាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ មាន​ទីលំនៅភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសធ្ងន់) និងទី២-ឈ្មោះ បៀន អាយ ភេទប្រុស អាយុ៣១ឆ្នាំ ​មានទីលំនៅភូមិកណ្តាល ឃុំពាមរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (របួសស្រាល)។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕ អត្ថបទ៖ ឈឹម មករា

ការស៊ើបអង្កេតករណីមន្ត្រីអាវុធហត្ថខេត្តកំពង់ធំ ជំនាញកំពុងប្រមូលព័ត៌មានពីទីតាំងបង្ក្រាប

2022/08/10 03:40:06 pm        680
កំពង់ធំ៖ ការស៊ើបអង្កេតករណីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ទាក់ទិន​នឹងការបង្ក្រាបបទល្មើស​ល្បែង​ជល់មាន់តាមអនឡាញ និងមានមនុស្សម្នាក់ស្លាប់នោះ មកដល់ពេលនេះ ជំនាញស្រាវជ្រាវ​ពីរាជធានី​ភ្នំពេញ​បានកំពុងប្រមូលព័ត៌មានពីទីតាំងបង្ក្រាបផ្ទាល់ ដោយកម្លាំង​គណៈកម្មការចំពោះកិច្ចបានចុះទៅដល់ភូមិប្រជាពលរដ្ឋតែម្ដង។ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់ឲ្យដឹងថា មក​ដល់ថ្ងៃទី១០ សីហានេះ ក្រុមការងារស្រាវជ្រាវរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទៅដល់​ទីតាំងដែលកងរាជអាវុធហត្ថខេត្តកំពង់ធំ ចុះបង្ក្រាបល្បែងជល់មាន់អនឡាញនោះហើយ ការចុះទៅនេះ​គឺដើម្បីប្រមូលព័ត៌មានពីប្រជាពលរដ្ឋ និងម្ចាស់ទីតាំងឱ្យបានច្បាស់លាស់​ពី​រង្វង់​ប្រតិបត្តិការ​ និងសកម្មភាពបង្ក្រាបរបស់មន្ដ្រីកងរាជអាវុធហត្ថ។ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្ថែមថា មិនមានបណ្ដឹងណាមួយពីគ្រួសារសពមកកង​រាជ​អាវុធហត្ថទេ ប៉ុន្តែគោលការណ៍កងរាជអាវុធហត្ថតែងតែ​ទទួលយកព័ត៌មាន​ពី​ប​ណ្ដាញ​សង្គមយក​មក​ផ្ទៀងផ្ទាត់​ជាមួយរបាយការណ៍របស់មេបញ្ជាការខេត្ត។ចំពោះលទ្ធផល​នៃការស្រាវជ្រាវ​មកដល់​ពេលនេះ​មិនទាន់បានបង្ហាញនៅឡើយទេ។ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ​កាលពីម្សិលមិញ​ បានមានប្រសាសន៍ថា មន្ត្រី​កងរាជអាវុធហត្ថខេត្តកំពង់ធំចំនួនជាង ១០នាក់ ​ត្រូវបានផ្អាកការងាររបស់គាត់ ​បានន័យថា ព្យួរការងារសិន ​ដើម្បីបើកឲ្យការស៊ើបអង្កេតរបស់គណៈកម្មការចំពោះកិច្ច​ស្រាវជ្រាវ​ជុំវិញ​ករណីការស្លាប់មនុស្សនៅពេលដែលក្រុមមន្ដ្រីទាំងនេះ​ ចុះប្រតិបត្តិការបង្ក្រាប។សូមបញ្ជាក់ថា បណ្តាញសង្គមហ្វេសប៊ុកមួយបានបង្ហោះកាលពីពេលកន្លងទៅដោយលើកឡើងថា មាន​ករណីប្រជាពលរដ្ឋម្នាក់ឈ្មោះ សួង ឌ័ន អាយុ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ​ខេត្តកំពង់ធំ បាន​ស្លាប់ក្នុងប្រតិបត្តិការកម្លាំងកងរាជអាវុធហត្ថចុះទៅបង្ក្រាបបទល្មើសល្បែងជល់មាន់​តាម​អនឡាញមួយ​ ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះចោទថា ការស្លាប់នោះគឺ​បណ្តាល​មក​ពី​កម្លាំង​កង​រាជអាវុធហត្ថ៕

ទូកដមួយគ្រឿងបានលិចទៅក្នុងទន្លេស្រែពក បាត់ខ្លួនមនុស្សម្នាក់

2022/08/10 03:15:34 pm        753
រតនគិរី៖ ទូកដមួយគ្រឿង បានលិចទៅក្នុងទន្លេស្រែពក ក្នុងទឹកដីខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែសីហានេះ បណ្ដាលឱ្យបាត់ខ្លួនមនុស្សម្នាក់ ខណៈ១១នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះបានទាន់ពេលវេលា។នគរបាល បានឱ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅចំណុចកំពង់ចម្លងភូមិ០៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ។ ទូក បានលិច ដោយសារផ្ទុកលើសចំណុះ គឺមនុស្សរហូតដល់១២នាក់ និងម៉ូតូ៤គ្រឿង ហើយបើកបរចំកន្លែងទឹកហូរកួចខ្លាំង ។ កម្លាំងនគរបាល ស្រុកកូនមុំ កំពុងស្វែងរកមនុស្សដែលបានបាត់ខ្លួន ៕

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យឃាត់ខ្លួនអាវុធហត្ថមួយចំនួនជាប់សង្ស័យករណី បង្ក្រាបល្បែងជល់មាន់អនឡាញបណ្ដាលឱ្យមនុស្សស្លាប់នៅខេត្តកំពង់ធំ

2022/08/09 02:22:25 pm        739
កំពង់ធំ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យស៊ើបអង្កេត និងធ្វើការឃាត់ខ្លួនជាបន្ទាន់ ដល់មន្រ្តីកងរាជអាវុធហត្ថមួយចំនួន នៅខេត្តកំពង់ធំ ដែលជាប់សង្ស័យករណីធ្វើឱ្យប្រជាពលរដ្ឋម្នាក់ដែលរស់នៅកំពង់ធំ បានស្លាប់ ក្រោយមន្រ្តីអាវុធហត្ថចុះអនុវត្តលើបទល្មើសជល់មាន់ តាមអនឡាញកាលពីប៉ុន្មានថ្ងៃមុននោះ។តាមរយៈសារសំឡេង ដែលទូរទស្សន៍BTV ទទួលបាននាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ​កងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវផ្អាកការងារ​ចំពោះ​មន្ត្រីអនុវត្តន៍ច្បាប់ក្នុងករណីដែលជាប់សង្ស័យធ្វើឲ្យមនុស្សស្លាប់ជាបណ្តោះអាសន្ន ហើយ​ឱ្យស្ថិតនៅក្នុងបន្ទាយអាវុធហត្ថរងចាំការស៊ើបអង្កេត ខណៈករណីនេះ​ ឯកឧត្តម​ក៏បាន​សម្រេច​បង្កើត​គណៈកម្មការចំពោះកិច្ច ឱ្យចុះទៅស្រាវជ្រាវជាបន្ទាន់ ​ថាតើជនរងគ្រោះស្លាប់ដោយសារមន្ត្រី​អនុវត្តន៍ច្បាប់ ​ឬក៏ស្លាប់ដោយករណីអ្វីផ្សេង បើសិនរកឃើញជនរងគ្រោះស្លាប់ដោយសារ​មន្ត្រី​អនុវត្តន៍​ច្បាប់មែនោះ​ គឺត្រូវចាត់វិធានការតាមច្បាប់មិនលើកលែងឱ្យជាដាច់ខាត។សូមបញ្ជាក់ថា មានព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកមួយបានបង្ហោះកាលពីកន្លងទៅ ដោយ​លើកឡើងថា ​មានករណីប្រជាពលរដ្ឋម្នាក់ឈ្មោះ សួង ឌ័ន អាយុ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ខេត្តកំពង់ធំ បានស្លាប់ ក្នុងប្រតិបត្តិការកម្លាំងអាវុធហត្ថចុះទៅបង្ក្រាប​បទល្មើសល្បែង​ជល់មាន់​តាម​អនឡាញមួយ ​ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះចោទថា​ បណ្តាលមកពីកម្លាំងអាវុធហត្ថ។យ៉ាងណាក៏ដោយដើម្បីរកយុត្តិធម៌ដល់ក្រុមគ្រួសារនៃសព ​នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជា​ឲ្យមន្រ្តីចុះទៅស្រាវជ្រាវភ្លាមៗផងដែរ​បន្ទាប់ពីមានករណីនេះកើតឡើង ហើយ​ប្រសិនបើ​មានករណីនេះពិតប្រាកដមែននោះ​ អ្នកដែលបានប្រព្រឹត្តនឹងមិនត្រូវលើកលែងនោះឡើយ៕ អត្ថបទ៖ បាន ចក់

មនុស្ស៦នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់រថយន្តដឹកស៊ីទែនហ្គាស៍ខ្នាតធំ បើកលឿនជ្រុលចង្កូតបុករះតូបអ្នកលក់ដូរតាមដងផ្លូវជាតិលេខ៧៦

2022/08/08 03:36:28 pm        821
មណ្ឌលគិរី៖ មនុស្ស០៦នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍​រថយន្តដឹកស៊ីទែនហ្គាស៍​ខ្នាតធំ​មួយ​គ្រឿង ​បើកលឿនចុះចំណោតផ្លូវកែងជ្រុលចង្កូត បុករះតូបអ្នកលក់ដូរតាមដងផ្លូវជាតិ​លេខ៧៦ អស់ចំនួនបីខ្នង នៅវេលាម៉ោង ២២និង១៥នាទី ថ្ងៃទី០៧ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះតាលី ស្ថិតភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយកើតឡើង ដោយរថយន្តវេអងសណ្តោង ដឹកហ្គាស៍ល្បឿនលឿនចំណុចផ្លូវកោង ហើយបុកតូបបណ្តាលឲ្យក្រឡាប់។ ក្នុងហេតុការណ៍​នេះ គិតត្រឹមវេលាម៉ោង១០ព្រឹកថ្ងៃទី៨ សីហា ២០២២ ​សមត្ថកិច្ចនៅមិនទាន់អាច​បញ្ចប់​កំណត់​ហេតុនៅឡើយ ដោយសារស្ថានភាព​នៃ​គ្រោះថ្នាក់នោះ​ អាចឈានដល់ហានិភ័យខ្ពស់ ព្រោះស៊ីទែនមានផ្ទុកហ្គាស៍​ពេញ ដូច្នេះ​ត្រូវរង់ចាំ​រថយន្ត​ស្ទួចខ្នាតធំមកពីភ្នំពេញ ​ដើម្បីលើករថយន្តនោះចេញ​ និងបន្តពិនិត្យពីផលប៉ះពាល់ និង​ទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។ទោះជាយ៉ាងណាស្នងការនគរបាល ​ក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរង់ចាំអន្តរាគមន៍​នៅ​ទីតាំងកើតហេតុផ្ទាល់ បើមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។បើតាមសមត្ថកិច្ចថា ករណីខាងលើនេះ អ្នកបើករថយន្តនោះមិនដឹងលោតចេញ ឬកៀបជាប់​នៅ​ក្នុងរថយន្តទេ ដោយសារតែផ្ទះបាំងជិតមើលរថយន្តពុំចង់ឃើញ មេឃភ្លៀងហើយ​ងងឹត​ទៀត​កម្លាំង បានស្រែកហៅក៏មិនលឺដើររកក៏ពុំឃើញ។ រថយន្តម៉ាកវេអង ផ្លាកលេខ3E ភ្នំពេញ4191។បច្ចុប្បន្នជនរងគ្រោះសម្រាកព្យាបាលនៅផ្ទះ ។ ចំណែករថយន្តនៅនិងកន្លែងកើតហេតុដដែល ដោយសមត្ថកិច្ចកំពុងយាមនៅទីនោះ​ចៀសវាង​មាន​គ្រោះថ្នាក់ផ្សេងកើតឡើង៕

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាឱ្យបិទដេប៉ូខ្សាច់នៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ បន្ទាប់ពីបង្កភាពអសកម្មយូរឆ្នាំមកហើយ

2022/08/08 02:20:59 pm        1148
ភ្នំពេញ៖​ អនុវត្តតាមបទបញ្ជារបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ខណ្ឌមានជ័យ។លោក ស៊ុយ សេរិទ្ធ បានឱ្យដឹងថា ការចុះបិទ ដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះ ធ្វើឡើង​តាម​បទ​បញ្ជារបស់ឯកឧត្ដម ឃួង ស្រេង ​ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំ​របស់រដ្ឋបាល​រាជធានីភ្នំពេញ ​ដោយធ្វើឱ្យដីខ្សាច់ហូរហៀលើទ្រូវផ្លូវ ពិបាកធ្វើដំណើរ បង្កឱ្យមានគ្រោះថ្នាក់​ចរាចរណ៍ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀតដូចជា ខូចខាតផ្លូវ ប្រព័ន្ធលូជាដើម។លោក ស៊ុយ សេរិទ្ធ បន្ថែមថា អាជីវកម្មទាំង៤ទីតាំងខាងលើនេះ ​គឺត្រូវបិទទាំងស្រុងតែម្តង មិនទុក​ឱ្យដេប៉ូខ្សាច់ទាំងនេះ ​បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ​ហើយរាល់រចនាសម្ព័ន្ធ ​ដែលខូចខាត ដូចជា លូ ផ្លូវ នៅលើផ្លូវជាតិលេខ២ ផ្លូវ៦០ម៉ែត្រ និងផ្លូវ ៣០ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើត្រូវតែ​កើបដីខ្សាច់​ចេញ​ពីថ្នល់និងធ្វើការជួសជុលឡើងវិញទាំងលូ និងផ្លូវ។លោក បានបញ្ជាក់ផងដែរថា ទីតាំងដេប៉ូខ្សាច់ខាងលើនេះ ​ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ​ធ្វើការ​ណែនាំ និងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាររួចមកហើយ និងបានណែនាំឱ្យម្ចាស់ដេប៉ូមាន​ម៉ាស៊ីន​លាងកង់រថយន្ត ​និងដឹកជញ្ជូនខ្សាច់នៅពេលយប់វិញ ​ប៉ុន្តែទោះបីជាយ៉ាងណាក្តី ម្ចាស់​អាជីវកម្មនៅតែអនុវត្តមិនបានល្អ​ទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មទាំងស្រុងតែម្តង។គួរបញ្ជាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ ២នេះ មានទីតាំងដេប៉ូខ្សាច់ចំនួន៦ តែកំពុង​ធ្វើ​អាជីវកម្ម​តែ៤ ទីតាំងប៉ុណ្ណោះ៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អគារខុនដូកំពុងសាងសង់ ជាប់របងសាលាខណ្ឌទួលគោក ធ្លាក់ដែក បណ្ដាលឱ្យរថយន្ត៣គ្រឿងខូចខាត និងមនុស្សម្នាក់រងរបួសធ្ងន់

2022/08/08 12:57:49 pm        673
ភ្នំពេញ៖ អគារខុនដូមួយកន្លែង មានយីហោ W ជាប់របងសាលាខណ្ឌទួលគោក ដែលកំពុងសាងសង់បានធ្លាក់ដែកជាច្រើនដើមពីជាលើ បណ្ដាលឱ្យរថយន្តចំនួន ៣គ្រឿងរងការខូចខាត និងមេការម្នាក់ត្រូវចំក្បាលបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចអគារខុនដូ ស្ថិតនៅជាប់របងសាលាខណ្ឌទួលគោក តាមបណ្ដោយផ្លូវ លេខ៥៩៦ កែងផ្លូវលេខ៣២៩ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា មិនដឹងជាមូលហេតុអ្វីនោះទេ ស្រាប់តែមានការធ្លាក់ដែក ជា​ច្រើន​ដើម ពីលើអគារខុនដូ ជាន់លើបំផុត ធ្លាក់មកក្រោម បណ្ដាលឲ្យត្រូវមេការម្នាក់​រង​របួស​ចំក្បាលធ្ងន់ធ្ងរ រថយន្តរងការខូចខាតចំនួន៣គ្រឿង​ រួមមាន៖ រថយន្តរបស់ការដ្ឋាន រថយន្ត​របស់​គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ​និងរបស់ពលរដ្ឋ ​និង​ខ្ទាត​ចូលដល់ក្នុង​បរិវេណ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋថែមទៀតផងដែរ។គួរបញ្ជាក់ថា កន្លងមកទីតាំងខុនដូរនេះ ក៏ធ្លាប់មានបងប្អូនប្រជាពលរដ្ឋ ​មានការសំណូមពរ និង​បាន​ត្អូញត្អែរថា ការដ្ឋានមួយកន្លែងនៅជាប់សាលាខណ្ឌទួលគោក​ កំពុងសាងសង់​ រំលោភលើ​ចិញ្ចើមផ្លូវ បង្កការកកស្ទះ និងខ្វះលក្ខណៈបច្ចេកទេស គ្មានស្ដង់ដារ ​អាចបង្កហានិភ័យ និងគ្រោះថ្នាក់ដល់ពលរដ្ឋអ្នកធ្វើដំណើរផងដែរ ។ក្រោយមានការសំណូមពរ ​នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ ​លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក ​បានដឹកនាំកម្លាំងជំនាញរដ្ឋបាលខណ្ឌចុះត្រួតពិនិត្យ និង​ធ្វើការអប់រំ​ណែនាំ​ដល់​ម្ចាស់គម្រោង​សាងសង់​ការដ្ឋាន ដើម្បីធ្វើយ៉ាងណាឲ្យមាន ​សុវត្ថិភាព ​សណ្ដាប់ធ្នាប់ អនាម័យល្អ​ និងមិនឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ៕ អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថាកិច្ចពិភាក្សាជាមួយលោក Xi នឹងក្លាយជាលទ្ធផលដ៏ល្អបំផុតសម្រាប់ពិភពលោក
10/29/2025 12:10 PM
ប្រមុខការពារជាតិជប៉ុន-អាមេរិក បើកកិច្ចប្រជុំលើកដំបូងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន
10/29/2025 12:10 PM
រដ្ឋាភិបាលអាមេរិក ចូលរួមជាមួយដៃគូដើម្បីជំរុញថាមពលនុយក្លេអ៊ែរមានតម្លៃ៨០ពាន់លានដុល្លារ
10/29/2025 12:10 PM
កូរ៉េខាងត្បូង នឹងជូនគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុត និងមកុដស្រោបមាស ឱ្យទៅលោក Trump
10/29/2025 12:10 PM
ចៅក្រមបង្គាប់ឲ្យអ្នកដឹកនាំក្នុងការបង្ក្រាបអន្តោប្រវេសន៍នៅChicago របស់លោក Trump បង្ហាញខ្លួនក្នុងតុលាការ
10/29/2025 12:10 PM
មនុស្សជាច្រើននាក់ ស្លាប់និងបាត់ខ្លួន ក្នុងទឹកជំនន់ដ៏ធំនៅភាគកណ្តាលវៀតណាម
10/29/2025 12:10 PM
ប្រធានាធិបតីកូរ៉េខាងត្បូងព្រមានថា លទ្ធិគាំពារនិយម និងជាតិនិយមកំពុងតែកើនឡើងក្នុងសេដ្ឋកិច្ចសកល
10/29/2025 12:10 PM
ឯកឧត្តម គន់ គីម ណែនាំដល់អាជ្ញាធរមូលដ្ឋានពិនិត្យដោះស្រាយរាល់តម្រូវការជូនអតីតយុទ្ធជន
10/29/2025 12:10 PM
អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ពិចារណាទទួលយកការងារទីពីរ ខណៈការបិទរដ្ឋាភិបាលអាមេរិកនៅបន្ត
10/29/2025 12:10 PM
ឯកឧត្តម ឆាយ ឬទ្ធីសែន អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ និងជីកអណ្តូងទឹក ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តបាត់ដំបង
10/29/2025 12:10 PM