ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់

សន្តិសុខ និង សង្គម

ជំនន់ទឹកភ្លៀងកំពុងបន្តវាយលុកលិចលង់ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

2021/09/12 11:40:25 am        1211
បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀង ដែលអូសបន្លាយតាំងពីយប់ថ្ងៃទី១០ រហូតដល់ព្រឹក១២ ខែកញ្ញា ឆ្នាំ ២០២១ បន្តលិចលង់ផ្ទះសម្បែង និងដំណាំរបស់ប្រជាពលរដ្ឋ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។បញ្ហាទឹកជំនន់នេះ កម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ និងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១១ នៃកងពលតូចថ្មើរជើងលេខ៥១ បានចុះជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ពីផ្ទះ នៅតំបន់ទំនាប​ជាប់​មាត់អូរព្រំដែន និងនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ នៅស្រុកម៉ាឡៃ ។លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១១ នៃកងពលតូច​ថ្មើរជើង​លេខ៥១ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងកងទ័ពផ្នែកសឹក​រងស្រុកម៉ាឡៃ អាជ្ញាធរ​មូលដ្ឋាន ចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាល​ឲ្យលិចផ្ទះមួយចំនួន ។ក្នុងនោះកងកម្លាំងបានជួយដឹកជញ្ជូនសម្ភារៈផ្សេងៗ និងសត្វចិញ្ចឹម ទុកដាក់ទៅកាន់ទីទួល​មានសុវត្ថិភាព ក្នុងភូមិថ្មី ឃុំអូរស្រឡៅ ហើយរហូតមកដល់ពេលនេះ មិនទាន់មានពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់ ដល់អាយុជីវិតនោះទេ ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៦៥៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៩៩នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/11 11:50:42 am        395
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៦៥៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៩៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៤៩៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៦០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២០២៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៣ ៤១១នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩៨ ៨៤២នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ស្ថានភាពជំនន់ទឹកភ្លៀង កំពុងវាយលុកលិចលង់ផ្ទះពលរដ្ឋ នៅស្រុកម៉ាឡៃ

2021/09/11 10:38:27 am        751
បន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ ពិសេសភ្លៀងធ្លាក់ពេញមួយយប់ទល់ភ្លឺ កាលពីយប់មិញនេះ បង្កជាទឹកជំនន់ បណ្ដាលឲ្យមានការលិចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយពលរដ្ឋកំពុងជួបគ្រោះទឹកជំនន់នេះ ត្រូវបានអាជ្ញាធរ បាន​និង​កំពុង​ជម្លៀស​ទៅកាន់​ទីទួលសុវត្ថិភាព ។ជំនន់ទឹកភ្លៀងនេះ គឺកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ បានដឹកនាំកម្លាំងចំនួន ១០នាក់ សហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង បណ្តាល​ឲ្យ​លិចផ្ទះចំនួន ៤ខ្នង ក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ហើយពលរដ្ឋ ដែលត្រូវទឹកជំនន់លិច ក៏ត្រូវបានអាជ្ញាធរនាំទៅកាន់ទីទួលសុវត្ថិភាព ។ប្រភពពីមន្ត្រីកងទ័ព នៅយោធភូមិភាគទី៥ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ជំនន់ទឹកភ្លៀង នៅបន្តវាយលុកលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកម៉ាឡៃ ព្រោះកាល​ពី​យប់មិញ គឺមានភ្លៀងធ្លាក់មួយយប់ទល់ភ្លឺបន្ថែមទៀត ហើយកម្លាំងនៅ​វរសេនាតូចថ្មើរជើង​លេខ៥១១ និងអាជ្ញាធរមូលដ្ឋាន កំពុងត្រៀមខ្លួនបន្ថែម ក្នុងការជួយសង្គ្រោះពលរដ្ឋ ដែលជួប​គ្រោះទឹកជំនន់នេះ៕

២ថ្ងៃធ្វើតេស្តអាជីវករនៅផ្សារកំរៀង និងអ្នកពាក់ព័ន្ធជិត៦០០នាក់ រកឃើញវិជ្ជមានកូវីដ១៩ ជាង២០០នាក់

2021/09/10 02:13:06 pm        572
បាត់ដំបង ៖ អាជ្ញាធរស្រុកកំរៀង សហការជាមួយក្រុមគ្រូពេទ្យការិយាល័យស្រុកប្រតិបត្តិសំពៅលូន ( OD ) បានធ្វើតេស្តរហ័សលើអាជីវករនៅផ្សារកំរៀង និងអ្នកពាក់ព័ន្ធជិត៦០០នាក់ ក្នុងរយៈពេល២ថ្ងៃ ក្នុងនោះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាង២០០នាក់។លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានថ្លែងឲ្យដឹងថា ក្រុមគ្រូពេទ្យបានធ្វើតេស្តលើ ក្រុម​គ្រួសារ​អាជីវករ និងអ្នកពាក់ព័ន្ធរយៈពេល២ថ្ងៃនេះ មានចំនួន ៥៩៦នាក់ ក្នុងនោះបានរកឃើញ​វិជ្ជមាន​កូវីដ១៩ ចំនួន២១២នាក់ ខណៈក្រុមគ្រូពេទ្យនឹងបន្តធ្វើតេស្តអ្នកពាក់ព័ន្ធ​ជាបន្តបន្ទាប់​រហូត​ដល់ប្រាកដថាលែងអ្នកមានឆ្លងក្នុងព្រឹត្តិការណ៍នេះ។ករណីឆ្លងនេះ បានរកឃើញតាមរយៈរថយន្តតូច ដឹកបង្គារចេញពីផ្សារឡែម ខាងប្រទេសថៃ យកមកលក់​នៅផ្សារខេ.អ.ឌី ឫហៅផ្សារកំរៀង និងអាជីវករខ្មែរចេញចូលទៅផ្សារឡែម ដែលជា​ប្រភពចម្លង ទោះបី រយៈពេល៧២ម៉ោង ត្រូវធ្វើតេស្តម្តងទៀត ប៉ុន្តែអាជីវករខ្លះចូលមក ធ្វើតេស្ត​អវិជ្ជមាន អត់ត្រឡប់ទៅផ្សារឡែមវិញ ក្រោយមកមានវិជ្ជមានក្នុងខ្លួន ដោយមិនបានដឹង ហើយ​ចម្លងតៗគ្នា ។ជាមួយគ្នានោះ រដ្ឋបាលស្រុកកំរៀងក៏បានស្នើសុំគោលការណ៍ពី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីធ្វើការបិទការចេញចូលរថយន្តតូចៗ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង មួយរយៈសិន អាច៧ថ្ងៃ ឫ១០ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ជាការឆ្លើយតប ឯកឧត្តម ងួន រតនៈ បានបញ្ជាឲ្យបិទផ្សារកំរៀងជាស្ថាពរមិនឲ្យមាន​ការលក់​ដូរ​ឡើយ ។ ចំណែកការធ្វើចរាចរណ៍ចេញចូលទៅប្រទេសថៃ​ អនុញ្ញាតឲ្យ​ដំណើរ​ការ​ជាប្រក្រតី​ដោយធ្វើតេស្តរៀងរាល់៧២ម៉ោងម្ដង។ គិតចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ រហូតមក​ដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ​សរុបចំនួន ៦ ៤៥៧ នាក់ ក្នុងនោះ​បានព្យាបាលជាសះស្បើយចំនួន ៥ ៣២២នាក់ កំពុងសម្រាកព្យាបាលចំនួន ១ ០៤៦នាក់ និងស្លាប់៨៩នាក់៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៦៦០នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​ចំនួនអ្នកស្លាប់​កើនជាង២០០០នាក់​ហើយ​គិតត្រឹមថ្ងៃនេះ

2021/09/10 11:51:10 am        300
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៦៦០នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤១៧នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥៣៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១២២នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២០១៩នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩២ ៩១២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩៨ ១៨៤នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អត្រាអ្នកវិជ្ជមានកូវីដ១៩បំប្លែងថ្មី Delta កើនឡើង អាជ្ញាធរបន្ទាយមានជ័យ សម្រេចបន្តបំរាមគោចរ ៧ថ្ងៃទៀត

2021/09/10 10:28:39 am        554
បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានសម្រេចបន្តអនុវត្តបំរាមគោចរពេលយប់ រយៈពេល ៧ថ្ងៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីដែលតា (Delta) ខណៈខេត្តនៅជាប់ព្រំដែនថៃមួយនេះ បានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី កើនឡើងជាបន្តបន្ទាប់ គួរឲ្យព្រួយបារម្ភ ។យោងតាមសេចក្តីសម្រេច រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្តីពីការបន្តអនុវត្តវិធានការរដ្ឋបាល​ជា​បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បាន​ឲ្យដឹងថា រដ្ឋបាលខេត្តអនុវត្តបំរាមគោចរនៅពេលយប់ មួយសប្ដាហ៍ទៀត គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៣ទៀបភ្លឺ លើកលែងតែករណីមួយចំនួន ។សេចក្តីសម្រេច បន្តថា បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារ សេចក្តី​សម្រេច នឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លង​រាលដាលនៃ​ជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិត​បទដ្ឋាន​គតិយុត្តជាធរមាន ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ គឺបានរក​ឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទវីរុសបំប្លែងថ្មីដែលតា មានទាំងពលករត្រឡប់មកពី​ប្រទេសថៃ និងការឆ្លងនៅក្នុងសហគមន៍ ក្នុងនោះមានទាំងពលរដ្ឋ និងមន្ត្រីសុខាភិបាល ។ឯកឧត្តម បញ្ជាក់ថា នារយៈពេលចុងក្រោយនេះ ការរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta នៅក្នុង​សហគមន៍ មានចំនួនច្រើនជាងពលករ ហើយអត្រាពលករឆ្លងដែនមកពីប្រទេសថៃ ​តាមច្រកនានា ជាប់ខេត្តបន្ទាយមានជ័យ ​ក៏មានការថយចុះផងដែរ ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា ចំនួន៧៣៨ករណី ឈរនៅលេខរៀងទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានរកឃើញចំនួន ១ ១១៣ករណី ៕​អត្ថបទ ៖ សុខរិទ្ធ

រថយន្តកូរ៉េធុនធំ បើកបុកម៉ូតូ​បណ្ដាលឲ្យ​បុរសម្នាក់​ផ្ទប់​នឹងរថយន្តស្តារិច​មួយគ្រឿងទៀត​បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ

2021/09/10 10:13:03 am        805
ភ្នំពេញ ៖ រថយន្តកូរ៉េធុនធំមួយគ្រឿង បើកបត់ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូធូដេមួយគ្រឿង ទៅផ្ទប់ជាមួយរថយន្តស្តារិចមួយគ្រឿងផ្សេងទៀត បណ្តាលឲ្យបុរសម្នាក់ ជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ០៦និង៣០នាទីព្រឹកទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ កែងផ្លូវសម្តេចជាស៊ីម ស្ថិតក្នុង ភូមិជ្រះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។នគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ណេត ចាន់បុត្រ អាយុ ២៦ឆ្នាំ ស្នាក់នៅ ម្ដុំសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានឪពុកឈ្មោះ ណេត ស៊ីឌីម អាយុ ៦០ឆ្នាំ និងម្តាយឈ្មោះ អៀង ចាន់ណារី អាយុ៥៨ឆ្នាំ ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់​បើក​រថយន្ត​កូរ៉េធន់ធំមួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3D-7872​ បើកតាមបណ្តោយផ្លូវ២០១១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះដល់កែងផ្លូវសម្តេចជាស៊ីម រថយន្តក៏បត់ស្តាំទៅកើត​តាមផ្លូវ​សម្តេចជាស៊ីម ក៏ជ្រុលចង្កូតទៅបុកម៉ូតូធូដេមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IV-8488ដែលបើកតាមបណ្តោយផ្លូវសម្តេចជាស៊ីម ទិសដៅពីកើតទៅលិចបុកផ្ទប់​ទៅ​និងរថយន្តស្តារិច​មួយគ្រឿងទៀត ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BJ-1721 ដែលបើកពីក្រោយស្របទិសដៅ​ជាមួយម៉ូតូធូដេ បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូធូដេស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ចំណែកម៉ូតូរងការខូច រីឯរថយន្តកូរ៉េធន់ធំរងការខូចខាតផ្នែកខាងមុខខាងឆ្វេងរថយន្ត និង រថយន្តស្តារិចរងការខូចខាតផ្នែកខាងមុខដូចគ្នា ។ក្រោយពេលកើតហេតុ ម្ចាស់រថយន្តទាំង២ បានរត់គេចខ្លួនបាត់ សមត្ថកិច្ចមូលដ្ឋាន​បានចុះមកដល់​ទីតាំងកើតហេតុទាក់ទងឲ្យសមត្ថកិច្ចជំនាញ មកវាស់វែងយករថយន្តទាំង២គ្រឿង​និងម៉ូតូមួយ​គ្រឿង​យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់រថយន្តទាំង២ ចូលខ្លួនមកដោះស្រាយទៅតាមនិតិវិធីច្បាប់នៅពេលក្រោយ ៕អត្ថបទ៖ កុម្ភៈ

ពលរដ្ឋរស់នៅអាជ្ញាធរក្រុងតាខ្មៅ បន្តស្នើអាជ្ញាធរពាក់ព័ន្ធជួយពិនិត្យផ្លូវលេខ១១៥ ដីហុយខ្លាំងណាស់

2021/09/09 08:59:53 am        722
កណ្ដាល ៖ បញ្ហាអនាម័យ បរិស្ថានជារឿយៗ ត្រូវអាជ្ញាធរតាមបណ្តាមូលដ្ឋាននានា​តែងយកចិត្ត​ទុកដាក់អនុវត្តន៍បានល្អប្រសើរគួរឲ្យ​កត់​សម្គាល់ ​ធ្វើឲ្យប្រជាពលរដ្ឋមាន​ការកោតសរសើរផងដែរ ។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏នៅមានតាមបណ្តាមូលដ្ឋាន រាជធានីខេត្ត មួយចំនួនផ្សេងទៀត ហាក់មិនសូវបានគិតគូរឲ្យបានល្អប្រសើរនៅឡើយនោះទេ ជាពិសេសបញ្ហា អនាម័យ និងបរិស្ថាននេះតែម្តង ។ដោយឡែកបើយើងក្រឡេកទៅមើល អំពីបញ្ហាបរិស្ថាន អនាម័យ នៅលើកំណាត់ផ្លូវលេខ ១១៥ នៃមូលដ្ឋាន ក្រុងតាខ្មៅ ខេត្តកណ្តាល បច្ចុប្បន្នកំពុងកើតមានស្ថានភាព យ៉ាប់យ៉ឺនខ្លាំងណាស់ ពីព្រោះមានដី ហុយទ្រលោម ខណៈរថយន្តដឹកដី ដឹកខ្សាច់ បើករដោយគ្មាន សណ្តាប់ធ្នាប់ ដូចមាន រូបភាពបញ្ជាក់ស្រាប់ ។ពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បាន​ត្អូញត្អែរ​សារជាថ្មីម្តងទៀតថា ចំពោះស្ថានភាព​ផ្លូវលេខ​១១៥ នៃមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល នាពេលបច្ចុប្បន្ន មានសភាពយ៉ាប់យ៉ឺនបំផុត ពីព្រោះ មានដីហុយទ្រលោមរាល់ថ្ងៃបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព​ បរិស្ថានយ៉ាងធ្ងន់ធ្ងរ ទៅ​ដល់​ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ ពិសេសនោះ គឺប៉ះពាល់ដល់​សោភ័ណភាព នៃក្រុងតាខ្មៅ ខេត្តកណ្តាល តែម្តង ដោយសារវត្តមានរបស់ក្រុមរថយន្តដឹកដី និងរថយន្តដឹកខ្សាច់​យ៉ាងច្រើនសន្ធឹកបើកបរលឿនៗណាស់ ។ដោយសារបញ្ហាទាំងនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល ទាំងមូល សូមសំណូមពរអាជ្ញាធរជំនាញ ឬលោកអភិបាលក្រុងតាខ្មៅ មេត្តាចុះត្រួតពិនិត្យ​អំពី​ស្ថានភាពផ្លូវ និងបរិស្ថាន អនាម័យនៅតំបន់នោះផង ។ពលរដ្ឋលើកឡើងថា តំបន់ដែលប៉ះពាល់បរិស្ថាន អនាម័យខ្លាំងជាងគេ នៅក្នុងមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល គឺនៅតាមបណ្ដោយផ្លូវលេខ១១៥ គិតចាប់ពីស្ពានព្រែកសំរោងត្រើយ​ខាងលិច​រហូត​ដល់ស្តុប ៦០ម៉ែត្រ ព្រុំប្រទល់ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមួយផ្នែកទៀតនៅ តាម​បណ្ដោយ​ផ្លូវលេខ ២១A ស្វាយរលំ សង្កាត់ស្វាយរលំ សង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ សង្កាត់តាក្ដុល និងសង្កាត់ព្រែកហូរ នៃក្រុងតាខ្មៅ ។ពាក់ព័ន្ធព័ត៌មាននេះ BTV បានព្យាយាមទំនាក់ទំនងទៅកាន់លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ តាមរយះទូរស័ព្ទ នាវេលាម៉ោង ១៤ និង៤៩នាទី រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ តេចូលតែនិយាយគ្នាស្តាប់មិនបាននោះទេ ឬក៏អាចមកពីសេវាខ្សោយ លុះតេម្តងទៀត ប៉ុន្តែមិនមានការទទួល ។សូមជម្រាបជូនឲ្យដឹងថា ថ្លែងនៅក្នុងកិច្ចជុំ ក្រុមការងារអាជីវកម្មខ្សាច់ ដោយមានការចូលរួម ពីបណ្តាមន្ទីរពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នៅសាលាខេត្តកណ្តាល កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក ត្រូវគ្រប់គ្រង​ដេប៊ូខ្សាច់ឲ្យបានល្អ បើដេប៊ូខ្សាច់ណាមួយមិនមានអាជ្ញាប័ណ្ណស្របច្បាប់ ត្រូវ​បញ្ឈប់​អាជីវកម្មជាបន្ទាន់។លោកអភិបាលរងខេត្ត បានណែនាំទៀតថា រាល់ការដឹកខ្សាច់ ត្រូវអនុវត្ត តាមបទដ្ឋានបច្ចេកទេស​ត្រឹមត្រូវ កុំឲ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់​នៅតាមដងផ្លូវ។លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវផ្ដល់ព័ត៌មានមកដល់ថ្នាក់ខេត្ត ដើម្បីមានវិធានការ នៅពេលដែលមានភាពមិនប្រក្រតី កើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន៕អត្ថបទ ៖ តារាវុទ្ធី

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៩៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៣៩៧នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/08 11:46:54 am        529
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៥៩៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៣៩៧នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៤១៩នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៧៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៩៨៧នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩២ ០១៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩៦ ៩៣៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ក្រសួងធនធានទឹក ឱ្យប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាស និងរាជធានី-ខេត្ដខ្លះ អាចប្រឈម​នឹងជំនន់ទឹកភ្លៀង

2021/09/08 10:50:14 am        632
ព្រះសីហនុ ៖ ដោយមើលឃើញពីការប្រែប្រួលអាកាសធាតុបន្តបន្ទាប់ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម បានបន្ដចេញផ្សាយសេចក្ដីជួនដំណឹង ស្ដីពីការ​ព្យាការណ៍​ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ជាពិសេស​ខេត្ដតំបន់មាត់សមុទ្រ មានផ្ទៃមេឃអួរអាប់ ពពក អ័ព្ទច្រើន នឹងមានភ្លៀង​ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ ទន្ទឹមនឹងនោះនៅក្នុងភូមិសាស្ដ្រ នៃខេត្ដកោះកុង ខេត្ដព្រះសីហនុ និងខេត្ដកំពត ក៏អាចមាននូវជំនន់ទឹកភ្លៀងផងដែរ។ អាស្រ័យស្ថានភពធាតុអាកាស ដូចបានជម្រាបជូន សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបង្កើន​ការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងដោយយថាហេតុ។ យោងតាមសេចក្ដីជួនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យថា ព្រះរាជាណាចក្រកម្ពុជា ទទួល​ឥទ្ធិពល​ពីជ្រលងសម្ពាធ (ITCZ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ ឡាវ និងវៀតណាម រួចនឹងចុះបន្ដិចមកលើប្រទេសកម្ពុជា។ ខ្យល់មូសុងនីរតីបក់ក្នុងល្បឿណមធ្យមតៅបង្គួរ ខ្យល់សមុទ្រ (Sea Breeze) វិសម្ពាធពីរ ដែលស្ថិតនៅខាងកើតក្បែរប្រទេសហ្វីលីពីន ដែលបច្ចុប្បន្នបានបំប្លែងខ្លួនទៅជាព្យុះទី១៣ ឈ្មោះកុន សុន (STS CONSON) ដែលនឹងមានដំណើរឆ្ពោះទៅប្រទេសវៀតណាមលើ មិនមាន​ឥទ្ធិពលមកលើកម្ពុជាទេ។ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី២៤ ទៅ ២៦អង្សាសេ សីតុណ្ហភាពអតិបរមា ពី៣២ ទៅ ៣៤អង្សាសេ។ ផ្ទៃមេឃអួរអាប់ មានពពក អ័ព្ទច្រើន នឹងមានភ្លៀង​ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ ទន្ទឹមនឹងនោះ​នៅក្នុងភូមិសាស្ដ្រនៃខេត្ដកោះកុង ខេត្ដព្រះសីហនុ និងខេត្ដកំពត ក៍អាចមាននូវជំនន់​ទឹកភ្លៀង​ផងដែរ។ តាមបណ្ដាខេត្ដនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី២៣ ទៅ ២៥អង្សាសេ សីតុណ្ហភាពអតិបរមា ពី៣១ ទៅ ៣៣អង្សាសេ។ ផ្ទៃមេឃអួរអាប់ មានពពក អ័ព្ទច្រើន នឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ទន្ទឹមនឹងនោះបណ្ដាខេត្ដមួយចំនួនជាអាទិ៍ ៖ ខេត្ដបាត់ដំបង ខេត្ដពោធិ៍សាត់ ខេត្ដកំពង់ធំ ខេត្ដកំពង់ឆ្នាំង ខេត្ដកំពង់ស្ពី ខេត្ដកណ្ដាល ខេត្ដស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ ចំណែកឯបណ្ដាខេត្ដជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ពី២២ ទៅ ២៤អង្សាសេ សីតុណ្ហភាពអតិបរមា ពី២៩ ទៅ ៣១អង្សាសេ។ ផ្ទៃមេឃអួរអាប់ មានពពក អ័ព្ទច្រើន នឹងមានភ្លៀងក្នុងកម្រិតពីធម្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕អត្ថបទ ៖ ប៊ុនថា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
04/10/2026 09:04 AM
អង់គ្លេសចេញការព្រមានដ៏ខ្លាំងក្លាដល់លោក Putin ជុំវិញការរកឃើញនាវាមុជទឹកចារកម្មរុស្ស៊ីនៅអាត្លង់ទិកខាងជើង
04/10/2026 09:04 AM
ក្រុមប្រឹក្សាធម្មនុញ្ញបើកកិច្ចប្រជុំពេញអង្គពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
04/10/2026 09:04 AM
អ្នកស្លាប់ក្នុងការវាយប្រហារពីអ៊ីស្រាអែលលើលីបង់កើនឡើងដល់ជាង៣០០នាក់ខណៈប្រកាសកាន់ទុក្ខទូទាំងប្រទេស
04/10/2026 09:04 AM
សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រធាន​​ក្រុមហ៊ុនខ្នាតយក្សមួយ​របស់​ចិន​ក្នុង​វិស័យ​វិស្វកម្ម​ និង​ហេដ្ឋា​រចនាសម្ព័ន្ធ ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារ
04/10/2026 09:04 AM
លោក Trump៖ អ៊ីរ៉ង់កំពុងធ្វើការងារមិនល្អដើម្បីអនុញ្ញាតឱ្យប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz
04/10/2026 08:04 AM
រុស្ស៊ី និងអ៊ុយក្រែនយល់ព្រមលើបទឈប់បាញ់សម្រាប់ថ្ងៃបុណ្យ Easter នៅចុងសប្តាហ៍នេះ
04/10/2026 08:04 AM
អាមេរិកនឹងធ្វើជាម្ចាស់ផ្ទះការពិភាក្សាលីបង់-អ៊ីស្រាអែល ខណៈការវាយប្រហារគំរាមកំហែងដល់បទឈប់បាញ់អ៊ីរ៉ង់
04/10/2026 08:04 AM
តុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួន ជនសង្ស័យចំនួន៣នាក់ ដែលលួចកាប់ព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ
04/10/2026 08:04 AM
រដ្ឋមន្ត្រីការបរទេសកម្ពុជា- អគ្គនាយកអង្គការយូណេស្កូ ផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ
04/10/2026 07:04 AM