វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

ព័ត៌មានកីឡា

សមាជិកព្រឹទ្ធសភាប៉ារ៉ាហ្គាយមិនដកពាក្យសំដីរបស់ខ្លួន ទោះមានការរិះគន់ក្រោយប្រើពាក្យប្រមាថ Mbappe

2026/07/09 08:50:49 pm        161
សមាជិកព្រឹទ្ធសភាប៉ារ៉ាហ្គាយ លោកស្រី Celeste Amarilla បានថ្លែងនៅថ្ងៃពុធលោកស្រីកំពុង ផ្លាស់ប្តូរទស្សនៈចាស់ៗ ដែលលោកស្រីឥឡូវនេះមិនគាំទ្រទៀតឡើយ បន្ទាប់ពីរងការរិះគន់យ៉ាងខ្លាំងជុំវិញការបង្ហោះសារប្រកាន់ពូជសាសន៍សំដៅលើខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង Kylian Mbappe។កន្លងមក Amarilla បានបង្ហោះសារយ៉ាងវែងនៅលើបណ្ដាញសង្គម X ដោយប្រើពាក្យសម្តីប្រមាថ និងប្រកាន់ពូជសាសន៍ ដោយហៅ Mbappe ថាជា «ជនជាតិកាមេរូនដែលកំពុងព្យាយាមធ្វើខ្លួនជាជនជាតិបារាំង» ព្រមទាំងប្រើពាក្យមិនសមរម្យផ្សេងទៀត។ លោកស្រីថែមទាំងអះអាងថា កីឡាករប៉ារ៉ាហ្គាយគួរតែបានវាយ Mbappe បន្ទាប់ពីការប្រកួតផងដែរ។ជាការឆ្លើយតប Mbappe ដែលជាប្រធានក្រុមជម្រើសជាតិបារាំង បានចេញសេចក្តីថ្លែងការណ៍រិះគន់ Amarilla យ៉ាងខ្លាំង ដោយហៅលោកស្រីថាជា «ស្ត្រីដែលគួរឱ្យស្អប់ខ្ពើម» និងបានការពារទាំងខ្លួនឯង និងកីឡាករក្រុមជម្រើសជាតិប៉ារ៉ាហ្គាយពីការចោទប្រកាន់ទាំងនោះ។នៅក្នុងសុន្ទរកថានៅព្រឹទ្ធសភា Amarilla បានពន្យល់ថា លោកស្រីធ្លាប់ទទួលការអប់រំនៅសាលាបារាំង និងកោតសរសើរតម្លៃប្រជាធិបតេយ្យ និងសេរីនិយមរបស់បារាំង។ លោកស្រីក៏បានលើកឡើងថា បានធំដឹងក្តីក្នុងជំនាន់មួយដែលការនិយាយអំពីពណ៌សម្បុរ និងរូបរាងកាយត្រូវបានគេចាត់ទុកថាជារឿងធម្មតា។ទោះជាយ៉ាងណា Amarilla ក៏បានរិះគន់យុវជនជំនាន់ថ្មីថា «មានភាពងាយរងឥទ្ធិពលផ្លូវចិត្ត» ដោយនិយាយថា ប្រសិនបើលោកស្រីជាអ្នកនៅក្នុងស្ថានភាពរបស់ Mbappe លោកស្រីប្រហែលជាត្រូវទៅពិគ្រោះជាមួយអ្នកជំនាញផ្លូវចិត្ត ដោយសារតែការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គមជនជាតិបារាំង។ទន្ទឹមនឹងនេះ សហព័ន្ធបាល់ទាត់បារាំង (FFF) បានប្រកាសថា នឹងដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌប្រឆាំង Amarilla ដោយចាត់ទុកការលើកឡើងរបស់លោកស្រីថា «គួរឱ្យស្អប់ខ្ពើម និងមិនអាចទទួលយកបាន»។រីឯរដ្ឋាភិបាលប៉ារ៉ាហ្គាយ ក៏បានចេញសេចក្តីថ្លែងការណ៍បដិសេធ និងថ្កោលទោសចំពោះសម្តីរបស់ Amarilla ដោយបញ្ជាក់ថា ការលើកឡើងទាំងនោះផ្ទុយនឹងគោលការណ៍នៃការរស់នៅរួមគ្នាដោយសន្តិភាព និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលប្រទេសប៉ារ៉ាហ្គាយប្រកាន់ខ្ជាប់៕ អត្ថបទ៖នាង សុភាវុធ

Manchester United ឈានដល់កិច្ចព្រមព្រៀងផ្ទេរ Andrey Santos ពី Chelsea តម្លៃ ៥០ លានផោន

2026/07/09 08:35:37 pm        165
ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយ Chelsea ក្នុងការផ្ទេរខ្សែបម្រើជនជាតិប្រេស៊ីល Andrey Santos ក្នុងតម្លៃសរុប ៥០ លានផោន។ប្រភពព័ត៌មានបានឱ្យដឹងថា ការចរចាបានដំណើរការយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយ បន្ទាប់ពី United បានបង្ហាញចំណាប់អារម្មណ៍លើកីឡាកររូបនេះកាលពីចុងសប្តាហ៍កន្លងទៅ។តាមកិច្ចព្រមព្រៀង Manchester United នឹងបង់ប្រាក់ដំបូងចំនួន ៤៨ លានផោន ខណៈ Chelsea នឹងទទួលបានបន្ថែម ២ លានផោនទៀត តាមរយៈលក្ខខណ្ឌប្រាក់រង្វាន់ដែលអាចសម្រេចបាន។ លើសពីនេះ Chelsea ក៏បានដាក់បញ្ចូលលក្ខខណ្ឌទទួលបាន ១០% ពីតម្លៃផ្ទេរលើកក្រោយ ប្រសិនបើ Santos ត្រូវបានលក់ទៅក្លិបផ្សេង។Santos ត្រូវបានអនុញ្ញាតឱ្យធ្វើតេស្តសុខភាពរួចរាល់ ខណៈមិត្តរួមសញ្ជាតិប្រេស៊ីល Ederson ក៏គ្រោងនឹងឆ្លងកាត់ការពិនិត្យសុខភាពផងដែរ មុនបញ្ចប់ការផ្ទេរពី Atalanta មកកាន់ Old Trafford ក្នុងតម្លៃ ៣៥ លានផោន បន្ទាប់ពីក្រុមជម្រើសជាតិប្រេស៊ីលធ្លាក់ចេញពីការប្រកួត World Cup។ការមកដល់របស់ Santos ត្រូវបានចាត់ទុកថាជាការដោះស្រាយបញ្ហាសំខាន់មួយរបស់ Manchester United ខណៈកីឡាករជើងចាស់ Casemiro បានចាកចេញពីក្លិបក្រោយផុតកិច្ចសន្យា ហើយ Manuel Ugarte ដែលគ្រោងលក់ចេញ ក៏រងរបួសដាច់សរសៃចងជង្គង់ធ្ងន់ធ្ងរ ត្រូវសម្រាកព្យាបាលរយៈពេលយូរ។ការផ្ទេររបស់ Andrey Santos ក៏នឹងក្លាយជាកីឡាករចាកចេញទីបីរបស់ Chelsea នៅរដូវក្តៅនេះ បន្ទាប់ពី Marc Cucurella ផ្ទេរទៅ Real Madrid និង Tyrique George ចូលរួមជាមួយ Everton៕ អត្ថបទ៖នាង សុភាវុធ

អត្តពលិកវាយសី៧ប្រទេស នឹងចូលរួមប្រកួតជើងឯក អាស៊ីអាគ្នេយ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/09 08:27:04 pm        181
សហព័ន្ធកីឡាវាយសីកម្ពុជា បានឱ្យដឹងថាអត្តពលិកវាយសី៧ប្រទេស នឹងចូលរួមប្រកួតជើងឯក អាស៊ីអាគ្នេយ៍ លើកទី៣ ឆ្នាំ២០២៦ដែល កម្ពុជា ជាម្ចាស់ផ្ទះ រួមមាន ឡាវ ម៉ាទ្បេស៊ី ទីម័រខាងកើត មីយ៉ាន់ម៉ា វៀតណាម និងព្រុយណេ។លោក កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាបានឱ្យដឹងថា លើកនេះ គ្រោងនឹងធ្វើឡើងពីថ្ងៃទី១៥-២១ ខែសីហា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ រាជធានីភ្នំពេញ ហើយលោកក៏បានបានអំពាវនាវដល់មហាជនអញ្ជើញចូលរួមទស្សនាគាំទ្រផ្តល់កម្លាំងចិត្ត និងបង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជាទាំងអស់គ្នាឱ្យបានច្រើនកុះករ។ លោក បញ្ជាក់ថា ការរៀបចំការប្រកួតអន្តរជាតិកម្រិតតំបន់មួយនេះត្រូវបានធ្វើឡើងម្តងទៀត បន្ទាប់ពីមានការលិខិតផ្លូវការរបស់សហព័ន្ធកីឡាវាយសីអាស៊ី ក្នុងកិច្ចសហការរៀបចំព្រឹត្តិការណ៍អន្តរជាតិមួយនេះ។ ជាមួយគ្នានេះ សហព័ន្ធក៏បានប្រកាសជូនដំណឹងដល់ប្រធានក្លឹបវាយសីទាំងអស់ ជាសមាជិកសហព័ន្ធអាចចុះឈ្មោះចូលរួមប្រកួតជម្រុះកីឡាការិនី នៅអំឡុងពាក់កណ្តាលខែកក្កដានេះ ដើម្បីត្រៀមប្រកួតកីឡាវាយសីថ្នាក់ជាតិ ថ្នាក់អន្តរជាតិផងដែរ។សូមបញ្ជាក់ផងដែរថា ព្រឹតិ្តការណ៍កីឡាវាយសីជើងឯកថ្នាក់តំបន់កម្រិត អាស៊ីអាគ្នេយ៍នេះ កាលលើកទី២ ក្នុងឆ្នាំ២០២៥ កម្ពុជាធ្លាប់ធ្វើម្ចាស់ម្តងរួចមកហើយ ដោយគ្រានោះជាសម្ធិផលកម្ពុជាទទួលបានមេដាយ មាស០៥ ប្រាក់១២ និង សំរិទ្ធ១១ សរុបមេដាយ ២៨គ្រឿង ឈរក្នុងលំដាប់លេខ២ គ្រាដែលសហភាពមីយ៉ាន់ម៉ាឈរលេខ១ ប្រទេសឡាវលេខ៣ ប្រទេសប្រ៊ុយណេលេខ៤ និងទីម័រលេសលេខ៥៕

ន័រវេសត្រៀមខ្លួនរួចជាស្រេចមុនជួបអង់គ្លេសវគ្គ ៨ ក្រុមចុងក្រោយ World Cup

2026/07/09 08:07:31 pm        159
ក្រុមបាល់ទាត់ជម្រើសជាតិន័រវេស ជាមួយនឹងខ្សែប្រយុទ្ធឆ្នើម Erling Haaland បានបន្តការហ្វឹកហាត់ក្រោមអាកាសធាតុក្តៅ នៅទីលានហ្វឹកហាត់របស់ក្លិប Inter Miami CF ក្នុងទីក្រុង Fort Lauderdale រដ្ឋ Florida កាលពីថ្ងៃ ដើម្បីត្រៀមប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ទល់នឹងអង់គ្លេស។ន័រវេសបានឈានមកដល់វគ្គនេះដោយទឹកចិត្តមុតមាំ បន្ទាប់ពីបង្កើតការភ្ញាក់ផ្អើលយកឈ្នះប្រេស៊ីល ដែលជាលទ្ធផលធ្វើឱ្យពួកគេឡើងដល់វគ្គ៨ក្រុមចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ប្រធានក្រុម Martin Odegaard បានលើកឡើងថា ក្រុមន័រវេសរីករាយក្នុងតួនាទីជាក្រុមមិនសូវមានគេចាត់ទុកជាបេក្ខភាពប្រជែងជើងឯក ហើយជឿជាក់ថាក្រុមមានសមត្ថភាពប្រកួតប្រជែងជាមួយអង់គ្លេស ដែលមានកីឡាករមួយចំនួនជាមិត្តរួមក្លិប Arsenal របស់ខ្លួនផងដែរ។Odegaard បន្ថែមថា ក្រុមបានសម្របខ្លួនបានយ៉ាងល្អទៅនឹងអាកាសធាតុក្តៅ បន្ទាប់ពីស្នាក់នៅសហរដ្ឋអាមេរិកអស់រយៈពេលជាងមួយខែមកហើយ។ ទន្ទឹមនឹងនេះ គ្រូបង្វឹក Stale Solbakken ក៏បានបដិសេធព័ត៌មានអំពីបញ្ហាសុខភាពនៅក្នុងក្រុម ដោយអះអាងថា កីឡាករទាំងអស់ស្ថិតក្នុងស្ថានភាពល្អ និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត។លោក Solbakken ក៏បានបញ្ជាក់ដែរថា អាកាសធាតុក្តៅនឹងមិនផ្តល់អត្ថប្រយោជន៍ដល់ភាគីណាមួយឡើយ ព្រោះទាំងន័រវេស និងអង់គ្លេសសុទ្ធតែមិនធ្លាប់លេងក្រោមលក្ខខណ្ឌបែបនេះជាប្រចាំដូចគ្នា។ការប្រកួតរវាងន័រវេស និងអង់គ្លេស នឹងធ្វើឡើងនៅកីឡដ្ឋាន Miami នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ

NOCC ប្រកាសផ្ដល់មេដាយអនុស្សាវរីយ៍ ដល់អត្តពលិកចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុង លើកទី១៤

2026/07/09 07:58:31 pm        145
គណៈកម្មការម៉ារ៉ាតុង អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានធ្វើការជូនដំណឹងដល់អត្តពលិកជាតិ-អន្ដរជាតិ ដែលបានចូលរួមទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិភ្នំពេញ លើកទី១៤ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងមក អាចមកទទួលមេដាយអនុស្សាវរីយ៍បានហើយ ក្រោយខកខានទទួលកំឡុងពេលព្រឹត្តិការណ៍ ដោយសារការយឺតយ៉ាវ និងបញ្ហាដឹកជញ្ជូន ដែលពន្យាពេលខុសពីការគ្រោងទុក ធ្វើឲ្យមានការរអាក់រអួលមិនអាចផ្តល់ជូនទាឲ្យន់ពេលវេលា។សេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី៨ ខែកក្កដានេះ បានបញ្ជាក់ថា មេដាយអនុស្សាវរីយ៍ បានមកដល់រាជធានីភ្នំពេញហើយ ។ ហេតុនេះ កីឡាករ-កីឡាការិនី អាចមកទទួលយកមេដាយអនុស្សាវរីយ៍បាន តាមកាលបរិច្ឆេទ ដូចជា៖ ចំពោះអ្នករត់នៅរាជធានីភ្នំពេញ អាចមកទទួលនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។ចំពោះអ្នករត់នៅតាមបណ្ដាខេត្ត និងនៅក្រៅប្រទេសវិញ គណៈកម្មការរៀបចំនឹងធ្វើការផ្ញើតាមរយៈ ភ្នាក់ងារដឹកជញ្ជូន ឬតាមប្រៃសណីយ៍កម្ពុជា។ ហេតុនេះ សម្រាប់អ្នករត់នៅក្រៅស្រុក អាចទំនាក់ទំនងអ៊ីម៉ែលរបស់គណៈកម្មការរៀបចំ ដើម្បីទទួលបានមេដាយរបស់ខ្លួន។បែបនេះក្ដី គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ បានសូមការអភ័យទោសជាថ្មី ចំពោះឧប្បត្តិហេតុ ដែលបានកើតឡើងបណ្ដាលមកពីការដឹកជញ្ជូនពីក្រៅប្រទេស ហើយក៏អរគុណ ចំពោះការយោគយល់ និងចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុង ដែលគណៈកម្មការបានរៀបចំកន្លងមកផងដែរ។សូមរំឮកថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ ឆ្នាំ២០២៦ ដែលរៀបចំឡើងក្នុងគោលបំណងអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី  នរោត្តម  មុនិនាថ  សីហនុ  ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល មានអត្តពលិកជាតិ-អន្ដរជាតិជិត ៦ពាន់នាក់ចូលរួម៕ អត្ថបទ លី ឈុនឡា

កីឡាករហូឡង់ Olav Kooij ឈ្នះដំណាក់កាលទី៥ ក្នុងការបង្ហាញខ្លួនដំបូងនៅ Tour de France

2026/07/09 05:55:24 pm        137
កីឡាករប្រណាំងកង់ហូឡង់ Olav Kooij សម្រេចបានជ័យជម្នះ​លើកដំបូង​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប្រណាំងកង់លំដាប់ Grand Tour, Tour de France ក្រោយឈ្នះការ​ប្រកួត​ដំណាក់​កាលទី៥ កាលពីថ្ងៃពុធ ខណៈដែលនេះគឺជាការចូលរួមលើកដំបូង។កីឡាកររបស់ក្រុម Decathlon AG2R La Mondiale រូបនេះ បានប្រើ​ល្បឿន​យ៉ាងល្អ​នៅចំនុច​ចុង​ក្រោយ​នៃចម្ងាយផ្លូវ ១៥៨,៣ គីឡូម៉ែត្រ ពីទីក្រុង Lannemezan ទៅកាន់ Pau ដោយ​មក​ដល់​ទី​ព្រ័ត្រមុនកីឡាករអាល្លឺម៉ង់ Max Kanter ខណៈកីឡាករបែលហ្ស៊ិក Tim Merlier បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។ក្រោយបញ្ចប់ដំណាក់កាលទី៥ នេះអ្នកនាំមុខគេនៅតែជាកីឡាករន័រវេស Torstein Traen ដោយកាន់ថេរវេលាសរុបល្អជាងអ្នកលេខពីរកីឡាករអាមេរិក Sean Quinn ២៨ វិនាទី ខណៈលេខបីកីឡាករឆេក Mathias Vacek យឺតជាងជិត ៤ នាទី។ សម្រាប់ដំណាក់កាលទី ៦ ថ្ងៃព្រហស្បតិ៍នេះមានចម្ងាយផ្លូវ ១៨៦.២ គីឡូម៉ែត្រ ឆ្លងកាត់ស្ថានភាពផ្លូវឡើងភ្នំ៕ អត្ថបទ៖នាង សុភាវុធ

គណៈកម្មការ បង្ហាញក្រុមត្រូវប្រជែងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី២០ ខណៈមានសមាជិកថ្មី ២ក្រុម

2026/07/09 05:08:21 pm        210
គណៈកម្មការរៀបចំពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញក្រុមបាល់ទាត់ ដែលចុះឈ្មោះចូលរួមប្រកួតពានរង្វាន់ថ្នាក់ខេត្ត លើកទី២០ ចំនួន ១៩ក្រុមជាផ្លូវការ ក្នុងនោះមានសមាជិកថ្មី ២ក្រុម ជំនួសឲ្យក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង និងក្រុមឈើតុំខេត្តពោធិ៍សាត់ ដែលអវត្តមានឆ្នាំនេះ។សម្រាប់បេក្ខភាពទាំង ១៩ក្រុម ដែលត្រូវប្រជែងពានសម្ដេចតេជោ ហ៊ុន សែន - ថ្នាក់ខេត្ត ឆ្នាំនេះ រួមមានក្រុមការពារជើងឯក មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម, ខេត្តស្វាយរៀង, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ, ខេត្តកំពត, សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ, ខេត្តព្រះសីហនុ, ខេត្តកណ្ដាល, ខេត្តកែប, ក្លិបកីឡាបាល់ទាត់ អាចារ្យលាក់ខេត្តកំពង់ធំ, ព្រះវិហារក្រោន, បាត់ដំបងយូណៃធីត, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្ដរមានជ័យ, ខេត្តសៀមរាប, ភ្នំពេញហ្គាឡាក់ស៊ី, ភ្នំដាមហានគរខេត្តតាកែវ, ខេត្តកោះកុង និងសមាគមបាល់ទាត់ ការិយល័យភូមិបាលស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ក្នុងចំណោមក្រុម ដែលត្រៀមប្រកួតរដូវកាលថ្មីនេះ មានសមាជិកថ្មី ២ក្រុម គឺសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល និងសមាគមបាល់ទាត់ ការិយល័យភូមិបាលស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ វត្តមានក្រុមទាំងពីរ បានធ្វើឲ្យបេក្ខភាពប្រជែងពានសម្ដេចតេជោ-ថ្នាក់ខេត្ត ឆ្នាំនេះ រក្សាចំនួន ១៩ក្រុម ដូចឆ្នាំមុនដែរ ក្រោយវត្តមានក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង និងក្រុមឈើតុំខេត្តពោធិ៍សាត់ បន្ថែមលើខេត្តចំនួន ៤ ទៀត ដែលមិនបានចុះឈ្មោះ រួមមានខេត្តប៉ៃលិន ខេត្តក្រចេះ ខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី។គួរដឹងថា បើគ្មានការប្រែប្រែលនោះទេ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) លើកទី២០ ឆ្នាំ២០២៦/២៧ គ្រោងនឹងចាប់ផ្ដើមដំណើរការប្រកួតពីចុងខែកក្កដានេះ រហូតដល់ខែវិច្ឆិកាខាងមុខ ដើម្បីស្វែងរកក្រុមជ័យលាភីប្រចាំឆ្នាំផង និងបេក្ខភាពត្រូវបន្ដដំណើរទៅប្រកួតពានថ្នាក់ជាតិ ជាមួយសមាជិកក្រុមលីគកំពូលកម្ពុជាផង។កាលពីឆ្នាំមុន ពានថ្នាក់ខេត្តនេះ ត្រូវបានគ្រងជើងឯកដោយក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ក្រោយយកឈ្នះក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ដោយលទ្ធផល ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ៕ អត្ថបទ លី ឈុនឡា

Djokovic ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon ៨ ឆ្នាំជាប់គ្នា បន្តជួប Sinner

2026/07/08 07:43:13 pm        155
អតីតកីឡាករវាយកូនបាល់លេខ១ ពិភពលោក Novak Djokovic បាន​កក់កៅ​អី​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Grand Slam, Wimbledon ជាលើកទី៨ជាប់ៗគ្នា បន្ទាប់ពីយក​ឈ្នះ​កីឡាករ​កាណាដា Felix Auger-Aliassime ក្នុងការប្រកួតដ៏ស្វិតស្វាញដែលចំណាយពេលជាង ៥ ម៉ោង.Djokovic បានយកឈ្នះដោយលទ្ធផល ៧-៦ (១០-៨), ៣-៦, ៦-៣, ៦-៧ (៤-៧) និង ៧-៦ (១០-៤) ក្នុងការប្រកួតដែលមានការប្រកួតប្រជែងខ្លាំងពីដើមរហូតដល់ចប់។ ជ័យជម្នះនេះបានធ្វើឱ្យកីឡាករស៊ែប៊រូបនេះ ឡើងទៅជួបម្ចាស់ជើងឯកឆ្នាំមុន Jannik Sinner ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលត្រូវបានរំពឹងថានឹងក្លាយជាការប្រកួតដ៏អស្ចារ្យមួយនៃការប្រកួតឆ្នាំនេះ។មុននេះ Sinner បានបញ្ចប់ដំណើរដ៏គួរឱ្យចាប់អារម្មណ៍របស់កីឡាករអាល្លឺម៉ង់ Jan-Lennard Struff ដោយយកឈ្នះក្នុងលទ្ធផល ៧-៥, ៧-៦ (៧-៤) និង ៦-៣។ រីឯកីឡាការិនីសាធារណរដ្ឋឆេក Karolina Muchova បានយកឈ្នះម្ចាស់ជើងឯក Grand Slam ៤ សម័យ Naomi Osaka របស់ជប៉ុន ក្នុងលទ្ធផល ៧-៦ (៧-៤) និង ៦-៤។Muchova នឹងត្រូវជួប Coco Gauff នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីកីឡាការិនីអាមេរិករូបនេះ វាយបកយកឈ្នះមិត្តរួមជាតិ និងអតីតដៃគូលេងវាយគូ Jessica Pegula ក្នុងលទ្ធផល ៤-៦, ៦-៣ និង ៦-៣។ដោយឡែកកីឡាករអាល្លឺម៉ង់ Alexander Zverev ក៏បានកក់កៅអីទៅកាន់វគ្គ ៨ នាក់ចុងក្រោយជាលើកដំបូងនៅ Wimbledon ផងដែរ បន្ទាប់ពីបញ្ចប់ការប្រកួតជុំទី៤ ដែលត្រូវបានពន្យារពេលជាមួយកីឡាករឆេក Jiri Lehecka៕ អត្ថបទ៖នាង សុភាវុធ

FIFA បើកការស៊ើបអង្កេតករណីរើសអើងពូជសាសន៍លើ IShowSpeed នៅ World Cup

2026/07/08 06:52:50 pm        122
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសបើកការស៊ើបអង្កេតជាផ្លូវការ ក្រោយមានការចោទប្រកាន់ថា អ្នកបង្កើតមាតិកាដ៏ល្បីល្បាញ IShowSpeed បានរងការប្រើពាក្យសម្តីដែលមានលក្ខណៈរើសអើងពូជសាសន៍ពីអ្នកគាំទ្រម្នាក់ អំឡុងការប្រកួត FIFA World Cup 2026 រវាងក្រុមជម្រើសជាតិអាហ្សង់ទីន និងកាប់វែរនៅកីឡដ្ឋាន Hard Rock ទីក្រុង Miami។ហេតុការណ៍នេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ បន្ទាប់ពីវីដេអូផ្សាយផ្ទាល់ (Livestream) របស់ IShowSpeed បានបង្ហាញពីការប្រឈមមុខជាមួយអ្នកគាំទ្រម្នាក់ពាក់អាវក្រុមអាហ្សង់ទីន ដែលត្រូវបានគេចោទថាបានប្រើពាក្យសម្តីប្រមាថ និងមានលក្ខណៈរើសអើងពូជសាសន៍សំដៅទៅលើរូបលោក។ IShowSpeed ដែលមានឈ្មោះពិតថា Darren Jason Watkins Jr. គឺជាអ្នកបង្កើតមាតិកាជនជាតិអាមេរិក ដែលមានអ្នកតាមដានរាប់សិបលាននាក់នៅលើបណ្ដាញសង្គមរួមមាន ៥៧ លាន Subscribers នៅ YouTube និង ៥៣ លានអ្នកតាមដាននៅ TikTok។នៅក្នុងសេចក្តីថ្លែងការណ៍ FIFA បានបញ្ជាក់ថា ខ្លួនបានដឹងពីហេតុការណ៍នេះ និងបានចាប់ផ្តើមការស៊ើបអង្កេតភ្លាមៗ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានសង្កត់ធ្ងន់ថា ការរើសអើងពូជសាសន៍ ការស្អប់ខ្ពើម និងការរើសអើងគ្រប់ទម្រង់។ FIFA ក៏បានអះអាងថា World Cup គឺជាព្រឹត្តិការណ៍ដែលតំណាងឱ្យភាពចម្រុះជាតិសាសន៍ ការគោរពគ្នាទៅវិញទៅមក និងការរួបរួមរបស់មនុស្សមកពីជុំវិញពិភពលោក។គិតត្រឹមពេលនេះ IShowSpeed និងក្រុមការងាររបស់លោក មិនទាន់ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការជុំវិញហេតុការណ៍នេះនៅឡើយ ខណៈ FIFA ក៏មិនទាន់បង្ហាញព័ត៌មានលម្អិតអំពីជំហានបន្ទាប់នៃការស៊ើបអង្កេតដែរ។ករណីនេះកើតឡើងស្របពេល FIFA កំពុងបង្កើនវិធានការប្រឆាំងការរើសអើងក្នុងអំឡុងការប្រកួត World Cup 2026។ កាលពីសប្តាហ៍មុន FIFA បានបង្ហាញថា ការបំពានលើបណ្ដាញសង្គមក្នុងអំឡុងការប្រកួតបានកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបនឹង World Cup ឆ្នាំ២០២២ ហើយក្នុងចំណោមសារបំពានទាំងនោះ ប្រហែល ១១% មានលក្ខណៈរើសអើងពូជសាសន៍៕ អត្ថបទ៖នាង សុភាវុធ 

Fulham តែងតាំង Alvaro Arbeloa ជាអ្នកចាត់ការថ្មីជាមួយកិច្ចសន្យា ៣ឆ្នាំ

2026/07/08 06:31:35 pm        144
ក្លិបបាល់ទាត់អង់គ្លេស Fulham បានប្រកាសតែងតាំងលោក Álvaro Arbeloa ជាអ្នកចាត់ការថ្មីរបស់ក្រុមជាផ្លូវការជាមួយនឹងកិច្ចសន្យារយៈពេល ៣ ឆ្នាំ។អតីតអ្នកចាត់ការ Real Madrid វ័យ ៤៣ ឆ្នាំរូបនេះ បានចូលមកជំនួសតំណែងលោក Marco Silva ដែលបានសម្រេចចិត្តចាកចេញពី Fulham ទៅកាន់ Benfica នៅព័រទុយហ្គាល់។Arbeloa បានចាកចេញពី Real Madrid នៅចុងរដូវកាលមុន បន្ទាប់ពីដឹកនាំក្រុមក្នុងនាមជាគ្រូបង្វឹកបណ្ដោះអាសន្ន ក្រោយលោក Xabi Alonso លាលែងពីតំណែងកាលពីខែមករា។ ក្នុងការដឹកនាំ ២៨ ប្រកួតចុងក្រោយនៃរដូវកាល លោកបានជួយ Real Madrid បញ្ចប់ចំណាត់ថ្នាក់លេខ ២ នៅ La Liga ខណៈក្រុមត្រូវធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ ក្រោមថ្វីជើង Bayern Munich។មុនពេលក្លាយជាអ្នកចាត់ការក្រុមធំ Arbeloa បានបំពេញតួនាទីជាគ្រូបង្វឹកក្រុមយុវជនរបស់ Real Madrid និងត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកវ័យក្មេងដែលមានសក្តានុពលខ្ពស់។ជុំវិញការស្វែងរកអ្នកចាត់ការថ្មី Fulham ក៏ធ្លាប់មានទំនាក់ទំនងជាមួយលោក Thomas Frank អតីតអ្នកចាត់ការរបស់ Tottenham Hotspur និង Brentford ផងដែរ ខណៈលោក Kieran McKenna អតីតអ្នកចាត់ការរបស់ Ipswich Town ត្រូវបានគេចាត់ទុកថាមាជាបេក្ខភាពឈានមុខម្នាក់។សម្រាប់ការចាប់ផ្តើមការងារនៅ Fulham លោក Arbeloa មានបំណងនាំយកកីឡាករមួយចំនួនដែលលោកធ្លាប់ធ្វើការជាមួយមកពង្រឹងក្រុម រួមមានខ្សែបម្រើប្រយុទ្ធ Franco Mastantuono ខ្សែការពារ Fran García និងខ្សែប្រយុទ្ធ Gonzalo García ដើម្បីបង្កើនកម្លាំងប្រកួតប្រជែងនៅរដូវកាលខាងមុខ៕ អត្ថបទ៖នាង សុភាវុធ   

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
07/25/2026 07:07 AM
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM