វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

ព័ត៌មានកីឡា

Manchester United បង្ហាញទីតាំងសាងសង់កីឡដ្ឋានថ្មី ១០០,០០០ កៅអី ក្នុងគម្រោងអភិវឌ្ឍន៍តំបន់ Old Trafford

2026/07/10 09:12:19 pm        209
ក្លិបបិសាចក្រហម Manchester United បានប្រកាសទីតាំងផ្លូវការសម្រាប់គម្រោងសាងសង់កីឡដ្ឋានថ្មីដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាចំនួន ១០០,០០០ នាក់ ដោយទីតាំងនេះស្ថិតនៅចម្ងាយប្រមាណ ៣៥០ ម៉ែត្រ ភាគពាយព្យពីកីឡដ្ឋាន Old Trafford បច្ចុប្បន្ន។កាលពីខែមុន ក្លិបបានទិញដីបន្ថែមទំហំ ២៥ អា សម្រាប់គម្រោងនេះ ដែលបច្ចុប្បន្នផ្នែកមួយនៃដីនោះកំពុងប្រើប្រាស់ជាទីលានប្រណាំងរថយន្ត Go-Kart។រូបភាពគម្រោងដំបូងត្រូវបានបង្ហាញជាសាធារណៈជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ដោយជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ដ៏ធំមានតម្លៃរាប់ពាន់លានផោន សម្រាប់ការកែប្រែ និងអភិវឌ្ឍតំបន់ជុំវិញ Old Trafford ដែលនឹងមានឈ្មោះថា Trafford Wharfside។ក្លិបបានអះអាងថា រូបភាពដែលបានបង្ហាញគ្រាន់តែជាគម្រោងបឋមប៉ុណ្ណោះ ហើយការរចនាចុងក្រោយនៃកីឡដ្ឋាននឹងត្រូវកំណត់នៅក្នុងដំណាក់កាលបន្ទាប់នៃការពិភាក្សា។ជាមួយគ្នានេះ Manchester United ក៏បានបញ្ជាក់ថា មិនទាន់មានការសម្រេចចិត្តណាមួយទាក់ទងនឹងអនាគតរបស់កីឡដ្ឋាន Old Trafford បច្ចុប្បន្ននៅឡើយទេ។តាមផែនការ គម្រោងអភិវឌ្ឍន៍ Trafford Wharfside លើផ្ទៃដីប្រមាណ ១៥០ ហិកតា នឹងបង្កើតជាសហគមន៍ថ្មីមួយ ដែលរួមមានផ្ទះសម្បែងថ្មីប្រមាណ ១៥,០០០ ខ្នង ហើយត្រូវបានរំពឹងថានឹងបង្កើតឱកាសការងារថ្មីជាង ៤៨,០០០ កន្លែង សម្រាប់ប្រជាជនក្នុងតំបន់៕ អត្ថបទ៖នាង សុភាវុធ

នំ Croissant រាងបាល់ទាត់កំពុងទាក់ទាញអ្នកគាំទ្រ World Cup 2026 នៅទីក្រុង Miami

2026/07/10 08:45:31 pm        155
ខណៈការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 កំពុងឈានចូលដំណាក់កាលសំខាន់ ហាងនំ Maman Bakery នៅទីក្រុង Miami សហរដ្ឋអាមេរិក បានបង្កើតនំ Croissant រាងបាល់ទាត់ តុបតែងដោយទង់ជាតិនៃប្រទេសចូលរួមប្រកួត ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងពិភពបាល់ទាត់។ការប្រកួត World Cup ឆ្នាំ 2026 ត្រូវបានរៀបចំរួមគ្នាដោយ កាណាដា សហរដ្ឋអាមេរិក និងម៉ិកស៊ិក ខណៈទីក្រុង Miami ក៏ជាទីក្រុងម្ចាស់ផ្ទះមួយផងដែរ។នំ Croissant ពិសេសនេះ ត្រូវបានតុបតែងដោយទង់ជាតិដែលអាចបរិភោគបាន តំណាងឱ្យ ប្រេស៊ីល, សហរដ្ឋអាមេរិក, អាហ្សង់ទីន, ម៉ិកស៊ិក, បារាំង និងអ៊ុយរូហ្គាយជាដើម។ មិនត្រឹមតែរូបរាងប៉ុណ្ណោះទេ សូម្បីតែរសជាតិក៏ត្រូវបានជ្រើសរើសឱ្យឆ្លុះបញ្ចាំងពីអត្តសញ្ញាណម្ហូបអាហាររបស់ប្រទេសនីមួយៗផងដែរ។អ្នកផលិតនំ Sarah Ifrah Ohana បានឱ្យដឹងថា ក្រុមការងារបានបង្កើតនំនេះ ដើម្បីអបអរសាទរ World Cup និងបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌របស់បណ្ដាប្រទេសដែលចូលរួមប្រកួត។នំតំណាងប្រទេសប្រេស៊ីលមានស្នូល Acai Puree ខណៈនំរបស់សហរដ្ឋអាមេរិកប្រើ Chocolate Buttercream។ អាហ្សង់ទីនមានស្នូល Guava Puree, ម៉ិកស៊ិកប្រើ Mango Puree, បារាំងប្រើស្នូល Strawberry-Lemon និងអ៊ុយរូហ្គាយប្រើ Dulce de Leche ដែលជាបង្អែមដ៏ល្បីរបស់ប្រទេសនោះ។Ohana បានបន្ថែមថា គោលបំណងសំខាន់គឺចង់ឱ្យអ្នកគាំទ្របានចែករំលែកពេលវេលាល្អៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ដោយរីករាយទទួលទាននំ ខណៈកំពុងទស្សនាការប្រកួតបាល់ទាត់ជាមួយគ្នា។អតិថិជនម្នាក់ឈ្មោះ Alexa Perez វ័យ ២៩ ឆ្នាំ ដែលបានជ្រើសរើសនំតំណាងសហរដ្ឋអាមេរិករសជាតិ Chocolate Buttercream បាននិយាយថា នំទាំងនេះបានបង្កើតបរិយាកាស និងស្មារតីនៃការប្រកួត World Cup យ៉ាងពិតប្រាកដ៕ អត្ថបទ៖នាង សុភាវុធ

ការប្រកួតហែលទឹកកុមារ លើកទី៣ វិលត្រឡប់មកវិញ សហព័ន្ធគ្រោងនឹងរៀបចំនៅដើមខែក្រោយ

2026/07/10 08:05:28 pm        152
សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសថា សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតកីឡាហែលទឹកកុមារ លើកទី៣ ឆ្នាំ២០២៦ នាថ្ងៃទី០១ ខែសីហា ខាងមុខ ហើយសហព័ន្ធនឹងដាក់៥០វិញ្ញាសាប្រកួតប្រជែង ដើម្បីវាស់ស្ទង់សមត្ថភាព និងផ្តស់ឳកាស ជូនដល់កុមារា កុមារី ដែលបានហ្វឹកហាត់ហែលទឹកជាមួយគ្រូបង្វឹកនៃសហព័ន្ធខ្មែរកីឡាហែលទឹក ដែលមានទីតាំងក្នុងពហុកីឡដ្ឋានជាតិ ក៏ដូចជាកុមារដែលកំពុងហ្វឹកហាត់នៅតាមសាលារៀន និងស្ថាប័ននានាបានចូលរួមប្រកួត ដោយមិនផ្តោតសំខាន់ទៅលើលទ្ធផលចាញ់ ឬឈ្នះនោះទេ។ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានឱ្យដឹងថា នេះជាការប្រកួតកុមារប្រចាំឆ្នាំ ដែលព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសជូនដល់កុមារា កុមារីខ្មែរ និងកូនបរទេសរស់នៅកម្ពុជាអាចចូលរួមប្រកួតប្រជែង ក៏ដូចជាបំផុសស្មារតីដល់កុមារចូលរួមលេងកីឡាដើម្បីសុខភាព ព្រមទាំងសំឡឹងមើលធនធានបន្តវេនសម្រាប់វិស័យកីឡាហែលទឹកកម្ពុជាផងដែរ។អ្វីដែលផ្តោតខ្លាំងបំផុត គឺការចូលរួមរបស់កុមារា កុមារីឱ្យបានច្រើន រួមទាំងការចូលរួមការលើកទឹកចិត្តពីអាណាព្យាបាលផងដែរ។លោកបន្ថែមថា ការប្រកួតនេះ គឺដើម្បីបង្កឱ្យមានភាពសប្បាយរីករាយរវាងកីឡាករ កីឡាការិនីវ័យក្មេង គ្រូបង្វឹក និងអាណាព្យាបាល ដោយបងប្អូនមហាជន ជាពិសេសអាណាព្យាបាលអាចយល់ថា ការរៀនចេះហែលទឹក គឺជាការជួយសង្គ្រោះអាយុជីវិតរបស់ខ្លួនឯង នៅពេលដែលធ្វើដំណើរនៅតាមផ្លូវទឹក ឬពេលទៅលេងទឹកក្តី។ ប្រសិនបើពួកគាត់ចេះហែលទឹក គឺពួកគាត់នឹងមានសុវត្តិភាពខ្ពស់ជាងអ្នកមិនចេះហែលទឹក។សូមជម្រាបថា ចំពោះលក្ខខណ្ឌនៃការចុះឈ្មោះចូលរួមប្រកួត សម្រាប់កីឡាករមួយនាក់ ប្រកួតបាន៥វិញ្ញាសា សម្រាប់កម្រិតអាយុចែកជា៤ប្រភេទ រួមមាន៖វិញ្ញាសាកុមារា-កុមារី ក្រោមអាយុ៦ឆ្នាំ, វិញ្ញាសាអាយុ៧-៨ ឆ្នាំ, វិញ្ញាសាកុមារ អាយុ ៩-១០ ឆ្នាំ និងវិញ្ញាសាសម្រាប់កុមារា កុមារីអាយុ ១១-១២ ឆ្នាំ ដោយសរុបមាន ៥០វិញ្ញាសា៕

Jarell Quansah ត្រូវអវត្តមានពីអង់គ្លេសពីរប្រកួតក្រោយកាតក្រហមពេលឈ្នះម៉ិកស៊ិក

2026/07/10 07:30:22 pm        142
កីឡាករខ្សែការពារ Jarell Quansah របស់ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវអវត្តមានចំនួន ២ ប្រកួត បន្ទាប់ពីទទួលបានកាតក្រហមក្នុងការប្រកួតដែលអង់គ្លេសយកឈ្នះម៉ិកស៊ិក ៣-២។Quansah ត្រូវបានបណ្តេញចេញពីទីលាននៅនាទីទី៥៤ ក្រោយបង្កកំហុសលើកីឡាករម៉ិកស៊ិក Jesus Gallardo។ FIFA បានចាត់ទុកកំហុសនេះថាជា ការប្រព្រឹត្តកំហុសធ្ងន់ធ្ងរ (Serious Foul Play) ដូច្នេះគណៈកម្មាធិការវិន័យបានបន្ថែមការព្យួរមួយប្រកួតលើការពិន័យស្វ័យប្រវត្តិមួយប្រកួត។ខ្សែការពារវ័យ ២៣ ឆ្នាំ ដែលទើបផ្ទេរពី Liverpool ទៅ Bayer Leverkusen នឹងខកខានការប្រកួតវគ្គ៨ក្រុមចុងក្រោយទល់នឹងន័រវែសយប់នេះ ក៏ដូចជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើអង់គ្លេសឡើង ទៅជួបអាហ្សង់ទីន ឬស្វីស។ ទោះជាយ៉ាងណា ប្រសិនបើអង់គ្លេសឈានដល់វគ្គផ្តាច់ព្រ័ត្រ Quansah នឹងអាចត្រឡប់មកចូលលេងវិញបាន។សមាគមបាល់ទាត់អង់គ្លេស (FA) ធ្លាប់ពិចារណាអំពីការប្តឹងឧទ្ធរណ៍លើការពិន័យនេះ ប៉ុន្តែតាមបទប្បញ្ញត្តិរបស់ការប្រកួត មិនមាននីតិវិធីអនុញ្ញាតឱ្យប្តឹងជំទាស់នោះទេ។ការអវត្តមានរបស់ Quansah ក៏ធ្វើឱ្យគ្រូបង្វឹក Thomas Tuchel ប្រឈមការលំបាកក្នុងការរៀបចំតំបន់ខ្សែការពារស្តាំផងដែរ។ Quansah បានចូលជំនួសតំណែងនេះក្នុងការប្រកួតជាមួយម៉ិកស៊ិក ខណៈ Reece James កំពុងរងរបួសសរសៃពួរខាងក្រោយ ហើយ Djed Spence បានចូលលេងត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះ ដោយសារបញ្ហាកាយសម្បទាបន្តិចបន្តួច។ទោះជាយ៉ាងណា លោក Tuchel បានបញ្ជាក់ថា James ត្រូវបានរំពឹងថានឹងមានសមត្ថភាពចូលលេងវិញសម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយជាមួយន័រវែស បន្ទាប់ពីខកខានការប្រកួតពីរលើកចុងក្រោយ ដោយសាររបួសដែលទទួលបានពេលប្រកួតវគ្គចែកពូលទល់នឹងហ្គាណា៕ អត្ថបទ៖នាង សុភាវុធ

កីឡាករ-កីឡាការិនីឆ្នើមៗ ៤រូប ត្រៀមការពារ និងដណ្ដើមខ្សែក្រវាត់គុនខ្មែរ នៅអូស្ដ្រាលី នាសប្ដាហ៍ក្រោយ

2026/07/10 06:26:36 pm        145
យ៉ាងហោចមានកីឡាករ-កីឡាការិនីឆ្នើមៗកម្ពុជា ៤រូប ក្នុងចំណោម ៦រូប ដែលត្រូវការពារ និងដណ្ដើមខ្សែក្រវាត់កម្រិតអន្ដរជាតិ ក្នុងព្រឹត្តិការណ៍ Cambodia Kun Khmer Best of The Best In Australia ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយអាជ្ញាធរកីឡាអូស្ដ្រាលី ត្រៀមរៀបចំនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ នៅទីក្រុងស៊ីដនី។នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបេសកកម្មគុនខ្មែរ កាលពីថ្ងៃទី៩ ខែកក្កដានេះ អ្នកលេងគុនខ្មែរ ដែលត្រូវចេញទៅការពារ និងដណ្ដើមខ្សែក្រវាត់គុនខ្មែរអន្ដរជាតិនេះ រួមមានកីឡាករ ពេជ្រ សម្បត្តិ, បឺត សង្ឃឹម និង ពេជ្រ អាទិទេព្យ ដែលត្រូវដាក់ខ្សែក្រវាត់ឲ្យកីឡាករអូស្ដ្រាលីដណ្ដើម គ្រាដែលកីឡាការិនី ទូច ចាន់វត្តី ត្រូវបានផ្ដល់ឱកាសឲ្យប្រកួតដណ្ដើមខ្សែក្រវាត់លើកដំបូង ដើម្បីជាការលើកទឹកចិត្តដល់កីឡាការិនីលេចធ្លោររបស់កម្ពុជារូបនេះ។ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចាត់ទុកព្រឹត្តិការណ៍នេះ លើសពីការប្រកួតការពារ និងដណ្ដើមខ្សែក្រវាត់ តែជាបេសកកម្មមួយក្នុងការនាំគុនខ្មែរចូលទៅកាន់ទ្វីបអូសេអានី ដែលជាទីផ្សារកីឡាដ៏មានសក្ដានុពលខ្ពស់ ហើយក៏ជាការសម្រេចបានមួយជំហានទៀត នៃផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ក្នុងការពង្រីកវិសាលភាព និងឥទ្ធិពលរបស់គុនខ្មែរ លើឆាកអន្ដរជាតិ ដែលកំពុងជំរុញគុនខ្មែរឲ្យក្លាយជាកីឡាសកលនាថ្ងៃអនាគត។ប្រធានសហព័ន្ធដដែល បានគូរំលេចទៀតថា សហព័ន្ធគុនខ្មែរអន្តរជាតិ និងសហព័ន្ធគុនខ្មែរជាតិ មិនត្រឹមតែមានគោលបំណងរៀបចំព្រឹត្តិការណ៍ប្រកួតនៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងជំរុញការកសាងមូលដ្ឋានរឹងមាំសម្រាប់គុនខ្មែរ តាមរយៈការបង្កើតអង្គការចាត់តាំងគុនខ្មែរនៅបរទេស ការបង្កើតសមាគម និងក្លិបគុនខ្មែរ ក៏ដូចជាការបង្កើតសហព័ន្ធគុនខ្មែរប្រចាំប្រទេស និងប្រចាំទ្វីប ដើម្បីឱ្យគុនខ្មែរមានរចនាសម្ព័ន្ធដឹកនាំ សកម្មភាពហ្វឹកហាត់ និងកម្មវិធីប្រកួតនៅក្រៅប្រទេស ប្រកបដោយស្តង់ដារ និងនិរន្តរភាព។នេះជាចក្ខុវិស័យរយៈពេលវែង ដែលសហព័ន្ធកំពុងអនុវត្តជាបន្តបន្ទាប់ ដើម្បីពង្រឹងការទទួលស្គាល់គុនខ្មែរនៅលើពិភពលោក និងឆ្ពោះទៅសម្រេចគោលដៅដ៏ធំបំផុត គឺការជំរុញឲ្យគុនខ្មែរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលជាសមាជិកនៃចលនាអូឡាំពិកអន្តរជាតិ និងឈានទៅរកការបញ្ចូលជាប្រភេទកីឡាក្នុងការប្រកួតអូឡាំពិកនាពេលអនាគត ហើយឯកឧត្តមក៏បានអរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសវិស័យឯកជន ដែលជាដៃគូមិនអាចខ្វះបានក្នុងការជំរុញ និងឆ្ពោះទៅសម្រេចបេសកកម្មដ៏ធំនេះផងដែរ។ឆ្លៀតឱកាសនោះដែរ លោក អ៊ឹង វីរៈ អគ្គនាយកបន្ដវេននៃក្រុមហ៊ុន ខ្មែរ ប៊ែរវើជីស បានសម្ដែងមោទនភាព ដែលបានបន្ដរួមចំណែកជាមួយសហព័ន្ធ ដើម្បីជំរុញការផ្សព្វផ្សាយក្បាច់គុនអត្តសញ្ញាណជាតិ ទៅកាន់ឆាកអន្ដរជាតិ តាមរយៈការរៀបចំកម្មវិធីជាបន្ដបន្ទាប់ ទាំងក្នុង និងក្រៅប្រទេស ជាក់ស្ដែងការគាំទ្រព្រឹត្តិការណ៍ចំពោះមុខនៅទីក្រុងស៊ីដនី ដោយលោកមានសុទិដ្ឋិនិយមតាមរយៈកម្មវិធីនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋអូស្ដ្រាលី និងពិភពលោកស្គាល់គុនខ្មែរកាន់តែច្បាស់បន្ថែមទៀត។ក្រឡេកមកចាប់អារម្មណ៍កម្មវិធីប្រកួត ដែលនឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV នេះដែរ រាល់ដៃគូរបស់កីឡាករ-កីឡាការិនីគុនខ្មែរ សុទ្ធតែជាបេក្ខភាពម្ចាស់ផ្ទះអូស្ដ្រាលី ក្នុងនោះប់អ្នកលេងរហស្សនាមក្របីព្រៃ ពេជ្រ សម្បត្តិ នឹងត្រូវជួបកីឡាករ Phonlakit Chompram និងកីឡាករ បឺត សង្ឃឹម ត្រូវជួបកីឡាករ Sulaiman Hashemi ដើម្បីការពារខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាមដូចគ្នា គ្រាដែល ពេជ្រ អាទិទេព ត្រូវជួបកីឡាករ Ali Nazari ការពារខ្សែក្រវាត់ទម្ងន់ ៥៨គីឡូក្រាម និងកីឡាការិនី ទូច ចាន់វត្តី ត្រូវជួបកីឡាការិនី Fleur Waru ដណ្ដើមខ្សែក្រវាត់ទម្ងន់ ៥៧គីឡូក្រាម។ ជាមួយគ្នាក៏នឹងមានគូមិត្តភាពអន្ដរជាតិ រវាងកីឡាករ ឡុង សំណាង ជួបកីឡាករ Songraw Petchyindee និងកីឡាករ គឹម វាសនា ជួបកីឡាករ Jimmy Foster ផងដែរ៕ អត្ថបទ លី ឈុនឡា

កីឡាករអេស្ប៉ាញសរសើរអ្នកចាំទី Courtois មុនប៉ះបែលហ្ស៊ិកនៅវគ្គ៨ក្រុមចុងក្រោយ World Cup

2026/07/10 05:59:10 pm        157
កីឡាករក្រុមជម្រើសជាតិអេស្ប៉ាញបានបង្ហាញការកោតសរសើរចំពោះអ្នកចាំទី Thibaut Courtois របស់ក្រុមបែលហ្ស៊ិក ខណៈក្រុមទាំងមូលកំពុងហ្វឹកហាត់ត្រៀម មុនការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup។ខ្សែបម្រើ Gavi បានចាត់ទុក Courtois ថា ជាអ្នកចាំទីល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់។ រូបគេបានបញ្ជាក់ថា អេស្ប៉ាញត្រូវតែបង្កើតឱកាសស៊ុតបញ្ចូលទីឱ្យបានច្រើន ប្រសិនបើចង់យកឈ្នះអ្នកចាំទីរបស់ Real Madrid រូបនេះ។ចំណែកខ្សែប្រយុទ្ធ Mikel Oyarzabal បានបង្ហាញក្តីសង្ឃឹមថា Courtois អាចនឹងមិនស្ថិតក្នុងទម្រង់លេងល្អបំផុតនៅថ្ងៃប្រកួត ដែលអាចផ្តល់ឱកាសដល់អេស្ប៉ាញស្វែងរកគ្រាប់បាល់។ការប្រកួតរវាងអេស្ប៉ាញ និងបែលហ្ស៊ិក នឹងធ្វើឡើងរាត្រីនេះ នៅកីឡដ្ឋាន Los Angeles ក្នុងវគ្គ៨ក្រុមចុងក្រោយ ខណៈប៊ែលហ្ស៊ិកកំពុងមានទំនុកចិត្តខ្ពស់ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះអាមេរិក ៤-១។ជ័យជម្នះរបស់បែលហ្ស៊ិកក៏ត្រូវបានអមដោយរឿងចម្រូងចម្រាសផងដែរ បន្ទាប់ពីការពិន័យមួយប្រកួតរបស់ខ្សែប្រយុទ្ធ Folarin Balogun ដែលទទួលបានកាតក្រហម ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្រោយមានការអន្តរាគមន៍ពីប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលបានស្នើឱ្យប្រធាន FIFA លោក Gianni Infantino ពិនិត្យករណីនេះឡើងវិញ។សម្រាប់អេស្ប៉ាញ ក្រុមរបស់គ្រូបង្វឹក Luis de la Fuente កំពុងបន្តកំណត់ត្រាមិនស្គាល់ពាក្យថាចាញ់រហូតដល់ ៣៥ ប្រកួតជាប់គ្នា ហើយក៏មិនទាន់មានក្រុមណាស៊ុតបញ្ចូលទីបានដែរនៅ World Cup ឆ្នាំនេះ៕ អត្ថបទ៖នាង សុភាវុធ        

គួច សុកុម្ភៈ បង្ហាញគោលបំណងធំ ២ ក្រោយចូលរួមជាមួយ ​ISI​ តែ​មិន​ប្រាកដ​ជាទី​បញ្ចប់​នៃអាជីពរបស់ខ្លួន

2026/07/10 05:37:07 pm        178
ខ្សែបម្រើចាស់វស្សា គួច សុកុម្ភៈ បានបង្ហាញពីគោលបំណងធំៗ ២ បន្ទាប់ពីផ្ទេរ​មក​ចូល​រួមជាមួយក្លិប ISI ដង្កោសែនជ័យ ក្រោមលក្ខខណ្ឌខ្ចីជើងពីក្លិបណាហ្គាវើលដ៏ ក្នុងរដូវកាលឆ្នាំ២០២៦/២៧ ទី១-លោកចង់ចែករំលែកបទពិសោធន៍ជាង ២០ឆ្នាំក្នុងអាជីពដល់សិស្សប្អូន ពិសេសយុវជនក្រុមដំរីជ័យ និងទី២-ការប្ដេជ្ញាជួយក្រុមស្វែងរកលទ្ធផលល្អ។កីឡាករវ័យក្បែរ ៤០ឆ្នាំរូបនេះ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសមាជិកថ្មីរបស់ក្រុម ISI កាលពីថ្មីៗថា ដោយសារខ្លួនមានវ័យកាន់តែច្រើន អាជីពបាល់ទាត់ក៏កាន់តែខ្លី ដូច្នេះឱកាសបង្ហាញខ្លួន គឺជារឿងសំខាន់មួយ ហើយលោកពិតជារីករាយក្នុងការចែករំលែកអ្វីដែលខ្លួនមានទាំងអស់ដល់ក្រុម។ លើសពីនេះ សុកុម្ភៈ ក៏បានបង្ហើបទៀតថា SI ក៏មិនប្រាកដជាទីកន្លែងបញ្ចប់អាជីពរបស់ខ្លួនដែរ។គួរដឹងថា គួច សុកុម្ភៈ គឺជាកីឡាករមានបទពិសោធន៍មួយ ក្នុងចំណោមកីឡាករមានសក្ដានុពលផ្សេងៗទៀត ដែលក្លិប ISI ដង្កោសែនជ័យ ទើបបានចុះកិច្ចសន្យា និងត្រៀមនាំចូលបន្ថែមទៀត ដើម្បីពង្រឹងក្រុមឲ្យបានកាន់តែខ្លាំង សម្រាប់ត្រៀមការប្រកួតប្រជែង នារដូវកាលថ្មីខាងមុខ៕ អត្ថបទ លី ឈុនឡា

Mbappe រកបានគ្រាប់ទី៨ នៅ World Cup ឆ្នាំនេះឱ្យបារាំងទម្លាក់ម៉ារ៉ុក ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

2026/07/10 05:19:56 pm        225
ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបញ្ចូលទីគ្រាប់ទី៨របស់ខ្លួននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំនេះ ដើម្បីជួយក្រុមជម្រើសជាតិបារាំងយកឈ្នះម៉ារ៉ុក និងកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនចូល។នៅវគ្គទី១ Mbappe បានទទួលបាល់ពិន័យ១១ម៉ែត្រ ក្រោយត្រូវខ្សែការពារ Noussair Mazraoui របស់ក្លិប Manchester United បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់។ ទោះជាយ៉ាងណា ការស៊ុតមិនបានល្អឡើយ មិនមានកម្លាំងគ្រប់គ្រាន់ និងត្រូវអ្នកចាំទី Yassine Bounou សង្គ្រោះបានដោយមិនពិបាក។យ៉ាងណាមិញ នៅនាទីទី៦០ Mbappe បានលុបលាងកំហុសរបស់ខ្លួនវិញដោយការស៊ុតបាល់កោងយ៉ាងស្រស់ស្អាតពីខាងក្រៅប្រអប់គ្រោះថ្នាក់ បើកការនាំមុខឱ្យក្រុមបារាំង។ត្រឹម៦នាទីបន្ទាប់ ម្ចាស់ពាន Ballon d'Or, Ousmane Dembele បានបន្ថែមគ្រាប់ទី២ ឱ្យបារាំងឈ្នះ ២-០។គ្រាប់បាល់របស់ Mbappe បានធ្វើឱ្យរូបគេមានគ្រាប់បាល់សរុប ៨ គ្រាប់ ស្មើនឹង Lionel Messi នៅក្នុងការប្រកួត World Cup លើកនេះ។ ប៉ុន្តែ Mbappe កំពុងឈរនាំមុខក្នុងការប្រជែងពាន Golden Boot ដោយសារមានចំនួនប៉ះបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីច្រើនជាង។ជាមួយគ្នានេះ Mbappe និង Messi ក៏កំពុងប្រជែងគ្នាដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ World Cup ផងដែរ។ ខ្សែប្រយុទ្ធបារាំងវ័យ ២៧ ឆ្នាំ រកបានសរុប ២០ គ្រាប់ ខណៈ Messi វ័យ ៣៩ ឆ្នាំ កំពុងកាន់កំណត់ត្រា ២១ គ្រាប់។ក្រុមជម្រើសជាតិបារាំង ដែលធ្លាប់ឈ្នះពាន World Cup ចំនួន ២ លើក និងធ្លាប់ចាញ់អាហ្សង់ទីនដោយបាល់កាត់សេចក្តីក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២ នឹងត្រូវជួបអ្នកឈ្នះរវាងអេស្ប៉ាញ និងបែលហ្ស៊ិក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅទីក្រុង Dallas៕ អត្ថបទ៖នាង សុភាវុធ

Arthur Fery បង្កើតប្រវត្តិសាស្ត្រនៅ Wimbledon ខណៈ Alexander Zverev ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

2026/07/09 10:13:10 pm        155
កីឡាករវាយកូនបាល់អង់គ្លេស Arthur Fery បានបន្តសរសេរប្រវត្តិសាស្ត្រនៅព្រឹត្តិការណ៍ Grand Slam, Wimbledon បន្ទាប់ពីយកឈ្នះកីឡាករអ៊ីតាលី Flavio Cobolli ដែលជាកីឡាករលំដាប់ទី៩ ក្នុងលទ្ធផល ៣សិតផ្ទួនៗ ៦-៤, ៧-៦(៧-៤) និង ៦-០ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។Fery វ័យ ២៣ ឆ្នាំ ដែលទទួលបានសិទ្ធិចូលរួមការប្រកួតតាមរយៈ Wildcard បានក្លាយជាកីឡាករទី៤ ក្នុងប្រវត្តិសាស្ត្រការប្រកួត Grand Slam ដែលអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឯកត្តជនបុរស។ រូបគេក៏ជាកីឡាករ Wildcard ដំបូងគេដែលធ្វើបានបែបនេះនៅ Wimbledon ចាប់តាំងពី Goran Ivanisevic ឈ្នះជើងឯកក្នុងឆ្នាំ២០០១។ទោះជាប្រឈមមុខនឹងកីឡាករដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតដែលខ្លួនបានជួបក្នុងការប្រកួតនេះក៏ដោយ Fery បានបង្ហាញទម្រង់លេងយ៉ាងក្លាហាន និងមានទំនុកចិត្ត ដោយគ្រប់គ្រងការប្រកួតបានយ៉ាងល្អនៅលើទីលាន Centre Court ក្រោមអាកាសធាតុក្តៅខ្លាំង។នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Fery នឹងត្រូវជួបកីឡាករអាល្លឺម៉ង់ Alexander Zverev ដែលជាកីឡាករលំដាប់ទី២ នៃការប្រកួត។ចំណែកឯ Zverev បានកក់កៅអីវគ្គ៤នាក់ចុងក្រោយ ក្រោយយកឈ្នះកីឡាករអាមេរិក Taylor Fritz ក្នុងលទ្ធផល ៣ សិតផ្ទួនៗផងដេរ ៦-៤, ៦-៤ និង ៦-២៕ អត្ថបទ៖នាង សុភាវុធ

លោក Zlatko Dalic លាលែងពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាស៊ី ក្រោយដឹកនាំរយៈពេល ៩ ឆ្នាំ

2026/07/09 09:00:13 pm        166
លោក Zlatko Dalic គ្រូបង្វឹកដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិក្រូអាស៊ី បានប្រកាសលាលែងពីតំណែងជាផ្លូវការហើយ បន្ទាប់ពីដឹកនាំក្រុមអស់រយៈពេល ៩ ឆ្នាំ និងមិនអាចនាំក្រុមឆ្លងផុតវគ្គ ៣២ ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នេះបាន។ការសម្រេចចិត្តរបស់លោកកើតឡើង ក្រោយក្រូអាស៊ីប្រកួតចាញ់ព័រទុយហ្គាល់ក្នុងលទ្ធផល ២-១ នៅវគ្គ ៣២ ក្រុមចុងក្រោយ ដែលបញ្ចប់ក្តីសង្ឃឹមរបស់ពួកគេក្នុងការប្រជែងពានរង្វាន់ពិភពលោកឆ្នាំនេះ។ក្នុងអំឡុងពេលដឹកនាំក្រុមចាប់តាំងពីឆ្នាំ២០១៧ លោក Dalic បានសរសេរប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់បាល់ទាត់ក្រូអាស៊ី ដោយនាំក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០១៨ និងទទួលបានចំណាត់ថ្នាក់លេខ៣ នៅ World Cup ឆ្នាំ២០២២ ក្នុងប្រទេសកាតា។ លើសពីនេះ ក្រូអាស៊ីក៏បានក្លាយជាជើងឯករង UEFA Nations League រដូវកាល ២០២២-២៣ ផងដែរ។ក្នុងរយៈពេល ៩ ឆ្នាំ លោកបានដឹកនាំក្រូអាស៊ីសរុប ១១១ ប្រកួត ដោយទទួលបានជ័យជម្នះ ៦២ ប្រកួត ដែលធ្វើឱ្យលោកក្លាយជាគ្រូបង្វឹកជោគជ័យបំផុតរបស់ក្រូអាស៊ី។សម្រាប់យុទ្ធនាការ World Cup 2026 ក្រូអាស៊ីបានបញ្ចប់នៅចំណាត់ថ្នាក់លេខ២ ក្នុងពូល L ដើម្បីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេបានចាញ់អង់គ្លេស ៤-២ ឈ្នះប៉ាណាម៉ា ១-០ និងយកឈ្នះហ្គាណា។ក្រោយការបរាជ័យក្រោមថ្វីជើងព័រទុយហ្គាល់ លោក Dalic បានរិះគន់ការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ដោយលើកឡើងពីបាល់ពិន័យ ១១ ម៉ែត្រដែលផ្តល់តាម VAR និងការលើកទង់ Off-Side នៅចុងម៉ោង ដែលបដិសេធគ្រាប់បាល់តាមស្មើរបស់ Josko Gvardiol។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ការកាត់សេចក្តីមិនមែនជាលេសសម្រាប់ការធ្លាក់ចេញពីការប្រកួតរបស់ក្រូអាស៊ីឡើយ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM