វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

ព័ត៌មានកីឡា

អេស្ប៉ាញ ត្រៀមជួបបារាំងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ខណៈការប្រជែងរវាង Yamal និង Mbappe នៅតែបន្ត

2026/07/13 06:36:29 pm        161
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានបន្តការហ្វឹកហាត់នៅទីក្រុង Dallas ដើម្បី​ត្រៀម​ជួប​ក្រុម​ជម្រើស​ជាតិ​បារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ពិភពលោក។ក្រុម​របស់គ្រូបង្វឹក Luis de la Fuente បង្ហាញទម្រង់លេងយ៉ាងរឹងមាំនៅព្រឹត្តិការណ៍ឆ្នាំនេះ ដោយ​របូតគ្រាប់បាល់ត្រឹមមួយគ្រាប់ប៉ុណ្ណោះ ក្នុងជ័យជម្នះ ២-១ លើបែលហ្ស៊ិក នៅវគ្គ៨​ក្រុម​ចុង​ក្រោយ។ទោះជាយ៉ាងណា អេស្ប៉ាញនឹងត្រូវប្រឈមនឹងគូប្រកួតលំបាកបំផុតរបស់ខ្លួន ពេលជួប​ក្រុម​បារាំង ​ដែលមានខ្សែប្រយុទ្ធកំពុងស្ថិតក្នុងទម្រង់លេងដ៏ល្អ។ Kylian Mbappe រកបាន ៨ គ្រាប់ ខណៈ Ousmane Dembele ស៊ុតបញ្ចូលទីបាន ៥ គ្រាប់។ នេះជា​លើក​ដំបូង​ចាប់​តាំង​ពី​ប្រេស៊ីល​ក្នុង​ឆ្នាំ២០០២ ដែលក្រុមមួយមានកីឡាករ ២ រូបស៊ុតបញ្ចូលទីបាន​ច្រើន​បែប​នេះ​ក្នុង​ការ​ប្រកួត World Cup។អេស្ប៉ាញធ្លាប់យកឈ្នះបារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Euro 2024 និង​បន្ត​ឈ្នះ​ម្តង​ទៀត​នៅវ​គ្គ៤ក្រុមចុងក្រោយ UEFA Nations League ឆ្នាំ២០២៥។ ប៉ុន្តែក្រុម​បារាំង​ក្រោម​ការ​ដឹក​នាំរ​បស់លោក Didier Deschamps ក្នុងឆ្នាំ២០២៦ ត្រូវបានគេចាត់ទុកថា​មាន​កម្លាំង​ខ្លាំង​ជាង​មុន និងជាគូប្រជែងដ៏គួរឱ្យខ្លាច។ស្ថិតិបង្ហាញថា អេស្ប៉ាញមិនទាន់ចាញ់ការប្រកួតផ្លូវការណាមួយក្នុងរយៈពេល ៩០ នាទីទេ ចាប់​តាំង​ពីចាញ់ស្កុតឡេន ២-១ កាលពីខែមីនា ឆ្នាំ២០២៣។ បន្ទាប់មក ពួកគេចាញ់​តែ​ការ​ប្រកួត​មិត្ត​ភាព​ទល់​នឹងកូឡុំប៊ី និងចាញ់ព័រទុយហ្គាល់ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីក្នុងវគ្គផ្តាច់ព្រ័ត្រ Nations League ឆ្នាំ២០២៥។ដោយឡែក កំណត់ត្រារបស់ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal ក៏នៅតែរក្សាបានយ៉ាងល្អ ដោយ​អេស្ប៉ាញមិនដែលចាញ់ឡើយក្នុងការប្រកួត ២៦ លើក ដែលរូបគេចាប់ផ្តើម ១១ នាក់​ដំបូង ចាប់តាំងពីឆ្នាំ២០២៣។ជាមួយ​គ្នានេះ ក្នុងការជួបគ្នាដោយផ្ទាល់ក្នុងការប្រកួតជម្រុះចាញ់ធ្លាក់ ទាំងនៅកម្រិតក្លិប និង​ក្រុម​ជម្រើស​ជាតិ Yamal ក៏មិនទាន់ស្គាល់ពាក្យថាចាញ់ Mbappe នោះដែរ ដែល​ធ្វើ​ឱ្យ​ការ​ប្រឈម​មុខ​រវាងតារាបាល់ទាត់ទាំងពីរ កាន់តែទាក់ទាញការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​ជុំវិញ​ពិភព​លោក​៕ ​អត្ថបទ៖នាង សុភាវុធ

កម្ពុជា ជួបទីម័រល្ងាចនេះ ខណៈបើឈ្នះឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រពាន ASEAN Women’s Cup

2026/07/13 05:59:29 pm        247
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវជួបក្រុមជម្រើសនារីទីម័រខាងកើត នាវេលាម៉ោង ៣:៤៥នាទីរសៀល(ម៉ោងនៅកម្ពុជា) ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទាត់នារីប្រចាំតំបន់អាស៊ីអាគ្នេយ៍ (ASEAN Women’s Cup) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។នេះគឺជាការប្រកួតបើកឆាកពូលB របស់ក្រុមជម្រើសជាតិនារីកម្ពុជា ដែលមានបេក្ខភាព ៣ក្រុម ត្រូវប្រកួតប្រជែង ដូចពូលA ដែរ ។ ប៉ុន្ដែប្រសិនបើក្រុមបាល់ទាត់នារីកម្ពុជា អាចយកឈ្នះការប្រកួតល្ងាចនេះ ពួកគេនឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ ដ្បិតទីម័រខាងកើត បានរងបរាជ័យ ១ប្រកួតមកហើយ ក្រោមថ្វីជើងក្រុមជម្រើសជាតិនាទីឥណ្ឌូនេស៊ី ២-០ កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅ។បន្ទាប់ពីបញ្ចប់ការប្រកួតទល់ក្រុមជម្រើសជាតិនារីទីម័រខាងកើត នារសៀលនេះ ក្រុមកីឡាការិនីកម្ពុជា នឹងត្រូវជួបប្រកួតបញ្ចប់ពូលB ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី វិញម្ដង នាថ្ងៃទី១៦ ខែកក្កដាខាងមុខ។លោក Yasuhiro Yoshida គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ដោយទំនុកចិត្តលើកូនក្រុម ដោយលោកសង្កត់ធ្ងន់ថា កម្ពុជាមានក្រុមមួយដែលល្អ ជាពិសេសកាលពីប្រកួតកន្លងទៅ ក្រុមទាំងមូល ពិតជាធ្វើបានល្អ ហើយលោកចង់ឲ្យក្រុមធ្វើឲ្យកាន់តែល្អជាងមុនទៀត សម្រាប់ការប្រកួតទាំងអស់ក្នុងយុទ្ធនាការប្រកួតពានប្រចាំតំបន់មួយនេះ។លោកបានរក្សានូវកីឡាការិនីល្អៗ ជាពិសេសពួកគេមានបទពិសោធន៍រួចហើយ កាលពី ២ឆ្នាំមុន ដែលជួយឲ្យក្រុមជម្រើសជាតិនារីកម្ពុជា ទទួលបានជើងឯករងនៅក្នុងព្រឹត្តិការណ៍នេះ។ ការណ៍នេះ ក្រុមទាំងមូល ប្ដេជ្ញានឹងខំប្រឹងប្រែងធ្វើឲ្យបានល្អបំផុត និងខំប្រឹងប្រែងគ្រប់ការប្រកួតទាំងអស់ ដើម្បីយកជ័យជម្នះជូនជាតិមាតុភូមិ។គួរដឹងថា ពានរង្វាន់កម្រិតទី២ ប្រចាំតំបន់នេះ មានបេក្ខភាព ៦ក្រុមចូលរួម និងបែងចែកជា ២ពូល គ្រាដែលពូលA មានម្ចាស់ផ្ទះម៉ាឡេស៊ី ឡាវ និងសិង្ហបុរី ។ ក្រោយបញ្ចប់ការប្រកួតក្នុងពូល ក្រុមឈរលេខ១ និងលេខ២ នឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី២២ ខែកក្កដាខាងមុខ។ក្រោយបញ្ចប់ការប្រកួតនេះដែរ សម្រាប់ក្រុមឈរលេខ១ លេខ២ និងលេខ៣ នឹងទទួលបានកៅអីចូលរួមការប្រកួតពានរង្វាន់បាល់ទាត់នារីកម្រិតទី១ ប្រចាំតំបន់អាស៊ាន ASEAN Women’s Championship នាឆ្នាំ២០២៧ ខាងមុខ៕ អត្ថបទ លី ឈុនឡា

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនប្រធានាធិបតីបារាំងបង្ហាញជំនឿលើក្រុមបាល់ទាត់បារាំង និង​ជូនពរ​ឱ្យលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២៦

2026/07/13 05:23:24 pm        88
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃនេះសម្តេចបាន​ផ្ញើសារជូន​លោក​ប្រធានា​ធិបតីបារាំង ម៉ាក្រុង ដោយសម្តេចមានជំនឿទុកចិត្តលើក្រុមបាល់ទាត់បារាំង ហើយ​សម្ដេច​បាន​ជូនពរ​ឱ្យក្រុមបាល់ទាត់បារាំងឱ្យទទួលបានជោគជ័យ លើកពានបាល់ទាត់ពិភពលោក ឆ្នាំ​២០២៦​។សម្តេចតេជោបានសរសេរសារថា៖«ថ្ងៃនេះខ្ញុំបានជូនសារមួយជូនម៉ាក្រុង ប្រធានា​ធិបតី​បារាំង​រឿង​បាល់ទាត់។ តាំងពីចុងឆ្នាំ២០២២ មកប្រធាធិបតី ម៉ាក្រុងរបស់បារាំង និងខ្ញុំតែង​ឆ្លង​ឆ្លើយ​ជាមួយ​គ្នាជាប្រចាំ ទោះខ្ញុំមិនធ្វើជានាយករដ្ឋមន្ត្រីទៀតក៏ដោយ ដែលសារនោះបញ្ជូនទៅមកតាម WhatsApp» សាររបស់ខ្ញុំថ្ងៃនេះក្រៅពីសួរសុខទុក្ខគាត់ និងគ្រួសារ ខ្ញុំបានបង្ហាញ​នូវជំនឿ​ទុកចិត្ត​លើ​ក្រុមបាល់ទាត់បារាំង និងជូនពរក្រុមបាល់ទាត់បារាំងទទួលជោគជ័យ​រហូតលើកពាន​ក្នុង​ការ​ប្រកួត​បាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ»។សម្ដេចតេជោបានបន្តថា សាររបស់ខ្ញុំបញ្ចប់ដោយពាក្យ «Vive Les Bleus !!!» រូបថតខ្ញុំ​លើក​ពាន​នេះជារូបភាពដែលកីឡាករបារាំងក្នុងនាម FIFA នាំមកកម្ពុជានិងប្រទេសនានានៅអាស៊ីឆ្នាំ ២០២២។ ឯអាវលេខ៩ជាអាវរបស់ខ្ញុំ ដែលតែងពាក់លេខ៩​ពេលចូលទាត់បាល់​កាលពីពេលមុន»៕

ក្រុមបាល់ទះកម្ពុជា ចេញទៅប្រកួតពានតំបន់អាស៊ានជាថ្មី ក្រោយ​មិន​សម​ប្រកប​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង

2026/07/13 05:07:53 pm        203
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចេញ​ដំណើរ​ទៅចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​ប្រចាំ​តំបន់​អាស៊ាន ​SEA V-Cup ឆ្នាំ២០២៦ ហើយ ខណៈការប្រកួតជើងទី១ នឹងធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា មុនបន្ដការប្រកួតជើងទី២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ​ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដាខាងមុខ។នេះជាលើកទី២ ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្ហាញ​វត្ត​មាន​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​មួយ​នេះ បន្ទាប់ពីការចូលរួមលើកដំបូង កាលពីឆ្នាំ២០២៥ កន្លងទៅ ពុំទទួល​បាន​លទ្ធផល​សម​ប្រកប​ ដោយរងបរាជ័យ ៨ប្រកួតផ្ទួនៗ ក្នុងការប្រកួតលក្ខណៈវិលជុំ ២ជើងដូចគ្នា ដែល​មាន​បេក្ខ​ភាព​ប្រកួតប្រជែង ៥ក្រុមចូលរួម។ក្រឡេកមកចាប់អារម្មណ៍បេសកកម្មឆ្នាំថ្មីនេះ ការប្រកួតនឹងត្រូវអនុវត្តតាមរូបមន្ដថ្មី ក្រោយ​សមាគម​បាល់​ទះអាស៊ីអាគ្នេយ៍ បានបង្កើនក្រុមចូលរួមរហូតដល់ ៦ក្រុម ហើយត្រូវបែងចែកជា ២ពូល ក្នុងនោះកម្ពុជា ស្ថិតក្នុងពូលA ជាមួយក្រុមខ្លាំងហ្វីលីពីន និងឥណ្ឌូនេស៊ី គ្រា​ដែល​ពូល​B ​មានក្រុមវៀតណាម មីយ៉ាន់ម៉ា និងថៃ ដែលត្រូវធ្វើការប្រកួតវិលជុំ ហើយក្រុមឈរលេខ១ និង​លេខ​២ ​នឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយបញ្ចប់វគ្គសន្សំពិន្ទុ។សម្រាប់​ដំណើរប្រជែងពានថ្នាក់តំបន់ប្រចាំឆ្នាំនេះដែរ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ថា ក្រុមនីមួយៗ សុទ្ធតែមាន​ការ​រៀប​ចំ​ក្រុម​បាន​ល្អ លើកលែងកម្ពុជា ទោះបីមានការប្រមូលផ្ដុំ តាំងពីដើមឆ្នាំ តែក្រោយ​អនុញ្ញាត​ឲ្យ​កីឡាករ​ជួយ​ក្លិប​ប្រកួតពានតេជោលីគ ពួកគេទើបត្រឡប់ចូលជំរុំហ្វឹកហាត់រយៈពេលខ្លី ហើយ​ចេញ​ដំណើរ​ទៅ​ប្រកួតជើងទី១ នៃពាន SEA V-Cup នៅហ្វីលីពីន កាលពីចុងសប្ដាហ៍កន្លងទៅ។ទន្ទឹមជាមួយគ្នា លោកក៏បានបញ្ជាក់ពីការអវត្តមានកីឡាករមួយចំនួន ក្រោយ​ផ្ទុះ​ការ​វែក​ញែក​លើ​បណ្ដាញ​សង្គម​ផងដែរ ក្នុងនាមសហព័ន្ធ ដែលចាត់ទុកកីឡាករទាំងអស់ ជាកូន និងទទួល​បាន​ការ​ស្រលាញ់​ស្មើ​ៗ​គ្នា។ លោកថា ពាក់ព័ន្ធនឹងការជ្រើសរើសកីឡាករ មានអ្នកជាប់ មាន​អ្នក​មិន​ជាប់​ គឺអាស្រ័យលើគណៈគ្រូ ជាអ្នកសម្រេច ដ្បិតគ្រូដឹងច្បាស់ពីកីឡាករ និង​តួនាទី​លេង​របស់​ពួក​គេ​ម្នាក់​ៗ ដែលបានបង្ហាញទម្រង់លេងល្អ ឬមិនល្អ កំឡុងពេលប្រមូលផ្ដុំហ្វឹកហាត់។ក្នុង​នោះ​លោកបានលើកឧទាហរណ៍កីឡាករមួយចំនួន ដូចជា រុន សុខជា ដែល​មិន​ទាន់​ Fit​ ជា​មួយ​ការ​ហ្វឹក​ហាត់ គ្រាដែល មឿន ម៉េងឡាយ ក្រោយចូលរួមតាមការកោះហៅ តែ​បាន​ចាក​ចេញ​ពី​ជំរុំ​ហ្វឹក​ហាត់ ​ដោយគ្មានការផ្ដល់ព័ត៌មាន រហូតគ្រូសម្រេច មិនជ្រើសរើសរូបគេ ហើយ​សហព័ន្ធ​ក៏​មាន​ការ​សោក​ស្ដាយ​ដូចគ្នា។ បែបនេះក្ដី លោកជឿជាក់ថា កីឡាករត្រូវបានជ្រើសរើស នឹង​ខំ​ប្រឹង​លេង ​ដើម្បីស្វែងរកលទ្ធផលល្អ ក្នុងនាមអត្តពលិកតំណាងជាតិ និងប្រជាជនទាំងមូល។សម្រាប់​កីឡាករ ១៤រូប ដែលត្រូវបានជ្រើសរើសចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ត្រៀម​ការ​ប្រកួត​ពាន​រង្វាន់​ SEA V-Cup  ឆ្នាំ២០២៦ រួមមានចែកបាល់(ប៉ះសេ) សួន ចាន់ណារ៉ូ, វឿន វាសនា, គួន ម៉ុម, កែវ ស្រេងលីហួរ, សឿន ហេង, ចាន់ វាសនា, ផុល រតនៈ, មួន និមល, ខេង ថុនា, ឧក រដ្ឋា, ពិន សារុន, ធី ម៉េងហួង, អ៊ុន សុវណ្ណារាជ និង ខឹម សុវណ្ណដារ៉ា ដែល​ដឹក​នាំ​ដោយ​​គ្រូប​ង្វឹក​លោក នៅ សាម៉េត និងលោក Berto Friol Barrios ជាគ្រូជំនួយ។ចំពោះ​ដំណើរ​ការប្រកួតពានរង្វាន់ប្រចាំតំបន់នេះដែរ នឹងត្រូវស្វែងរក្រុមជ័យលាភីប្រចាំជើងទី១ និង​ជើង​ទី២ រៀងៗខ្លួន ដូចធ្លាប់បានអនុវត្តនាឆ្នាំកន្លងមក ដើម្បី​មាន​ពិន្ទុ​ក្នុង​តារាង​ចំណាត់​ថ្នាក់​បាល់ទះ​ពិភពលោក ជាក់ស្ដែងឆ្នាំមុន ទោះបីកម្ពុជា រងបរាជ័យ ៨ប្រកួតជាប់គ្នា តែកម្ពុជា ក៏​ទទួល​បាន​ចំណាត់ថ្នាក់ផ្លូវការលើកដំបូងផងដែរ។ សម្រាប់រូបមន្ដប្រកួតក្រោយចប់វគ្គសន្សំពិន្ទុ ក្រុម​លេខ​១ និងលេខ២ ត្រូវប្រកួតខ្វែងពូល នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បី​ស្វែង​រក​ក្រុម​ឈ្នះ​ឡើង​ទៅ​ប្រកួត​ដណ្ដើម​ពាននៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង៕ អត្ថបទ លី ឈុនឡា

អស្ចារ្យ! ក្រុមម៉ូតូទឹកកម្ពុជា ៥នាក់ ឈ្នះមេដាយមាស និងប្រាក់សរុប ៧គ្រឿង ក្នុងព្រឹត្តិការណ៍ World Series ប្រចាំតំបន់អឺរ៉ុប

2026/07/13 04:42:11 pm        201
ក្រុមម៉ូតូទឹកជម្រើសជាតិកម្ពុជា បានសម្រេចជោគជ័យដ៏ត្រចះត្រចង់ក្នុងការប្រកួតព្រឹត្តិការណ៍ម៉ូតូទឹកពិភពលោក Jet Ski World Series ជុំទី១ ឆ្នាំ២០២៦ ប្រចាំតំបន់អឺរ៉ុប ដែលប្រទេសប៊ុលហ្គារី បានទទួលធ្វើម្ចាស់ផ្ទះពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ដោយកម្ពុជា ដណ្ដើមបានមេដាយសរុប ៧គ្រឿង ខណៈមានកីឡាករត្រឹម ៥នាក់ប៉ុណ្ណោះចូលរួម។ជាមួយបេសកកម្មចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ក្នុងចំណោមកីឡាករកម្ពុជា ដែលដឹកនាំដោយលោក សាលី អ៊ូមើត ទៅចូលរួម សុទ្ធតែដណ្ដើមមេដាយ ក្នុងនោះវីរៈកីឡាករ សាលី អ៊ូមើត ផ្ទាល់ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា Pro Am Sport GP ខណៈសិស្សប្អូន កៃ វ៉ាន់ស៊ីដែន ឈ្នះមេដាយមាស ២, មុីន អូស្មាន់ ឈ្នះមេដាយមាស ១, ទៀត សាលេះ ឈ្នះមេដាយមាស១, និងកីឡាករ មីន មូសស្តាន់ ឈ្នះមេដាយប្រាក់ ១គ្រឿង។តាមរយៈសារអេឡិចត្រូនិកពីប្រទេសប៊ុលហ្គារី លោក សាលី អ៊ូមើត បានសម្ដែងក្ដីរំភើប និងសប្បាយរីករាយ ដែលក្រុមម៉ូតូទឹកកម្ពុជា អាចរក្សាបាននូវភាពក្ដៅក្នុងការប្រកួតប្រជែងកម្រិតខ្ពស់មួយនេះ ។ លោកថា សមិទ្ធផលដែលក្រុមកីឡាករកម្ពុជាទទួលបាន ស្របទៅនឹងការរំពឹងទុក ទោះបីកម្ពុជាមានកីឡាករចូលរួមតិច តែកីឡាករម្នាក់ៗ បានខំប្រឹងអស់ពីសមត្ថភាព រហូតអាចសម្រេចសមិទ្ធផលដ៏ល្អប្រសើរជូនជាតិមាតុភូមិ។ជាមួយព្រឹត្តិការណ៍ម៉ូតូទឹកដ៏ធំប្រចាំឆ្នាំ ដែលផ្ដួចផ្ដើមរៀបចំដោយសហរដ្ឋអាមេរិកនេះ ឆ្នាំ២០២៦ នេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺនឹងមានរៀបចំការប្រកួត ៣ជុំ នៅ ៣ទ្វីបផ្សេងៗគ្នា ក្រោយនោះ ក្រោយបញ្ចប់ការប្រកួតជុំទី១ នៅទ្វីបអឺរ៉ុប ការប្រកួតជុំបន្ទាប់ នឹងធ្វើឡើងនៅសហរដ្ឋអាមេរិក នាខែតុលា ឆ្នាំ២០២៦ មុនបន្ដការប្រកួតជុំទី៣ ប្រចាំទ្វីបអាស៊ី នៅប្រទេសថៃ នាខែមករា ឆ្នាំ២០២៧ ខាងមុខ ដែលក្រុមម៉ូតូទឹិកកម្ពុជា ពិសេសវីរៈកីឡាករ សាលី អ៊ូមើត ប្ដេជ្ញាជម្នះឧបសគ្គចូលរួមឲ្យបានទាំង ៣ជុំ ដើម្បីដណ្ដើមពានរង្វាន់ ក៏ដូចជាមោទនភាពជូនជាតិ ពិសេសបង្ហាញពីស្មារតីដ៏រឹងមាំរបស់ក្រុមកីឡាកម្ពុជា ហើយបង្ហាញឲ្យពិភពលោកឃើញថា កម្ពុជានៅតែត្រូវការសន្ដិភាពជានិច្ច៕ អត្ថបទ លី ឈុនឡា 

ព្រះខ័នរាជស្វាយរៀងនាំចូលកីឡាករហូឡង់ Silvester van der Water ពង្រឹង​ក្លឹប​ត្រៀម​យុទ្ធនាការ​អន្តរជាតិធំៗ

2026/07/13 04:15:31 pm        224
(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកលីគកំពូលកម្ពុជា បាន​ធ្វើ​ឱ្យ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅកម្ពុជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបាន​ប្រកាស​នាំ​ចូល​ជា​ផ្លូវ​ការ​នូវ​កីឡាករ​ខ្សែ​បម្រើ-ប្រយុទ្ធស្លាបសញ្ជាតិហូឡង់ Silvester van der Water ដើម្បី​មក​ពង្រឹង​ក្រុម​ត្រៀម​ប្រកួត​ប្រជែងពា​នរង្វាន់នៅលើឆាកអន្តរជាតិ។ ក្លឹបបានបញ្ជាក់ថាកីឡាករ វ័យ ២៩ ឆ្នាំរូបនេះ នឹងក្លាយជាកម្លាំងស្នូល​សម្រាប់​តែ​ពី​រ​ព្រឹត្តិការណ៍​ធំ​ៗ​ប៉ុណ្ណោះ គឺពានរង្វាន់ទ្វីបអាស៊ីលំដាប់ទី២ AFC Champions League Two និង​ពាន​រង្វាន់​តំបន់​អាស៊ាន AFF ASEAN Club Championship (Shopee Cup)។ ក្នុងកិច្ចសម្ភាសន៍ កីឡាកររូបនេះបាន​បញ្ជាក់ថា ខ្លួន​ពិត​ជា​រីករាយមែ​ន​ទែន​ដែល​បាន​មក​ដល់​ទឹក​ដី​កម្ពុជា​។ វាជាឱកាសល្អសម្រាប់ក្លឹបដែលលេងក្នុងលីគកម្រិតខ្ពស់នៅអាស៊ី ហើយ​នេះ​វា​ពិត​ជា​ខុស​ពី​ការ​លេងក្នុ​ងលីគធម្មតា ព្រោះមានក្រុមខ្លាំងៗជាច្រើនមកពីសិង្ហបុរី ឥណ្ឌូណេស៊ី និង​ប្រទេស​មួយ​ចំនួនទៀតត្រូវប្រកួតប្រជែង។ រូប​គេ​មាន​គោលដៅ​តែមួយ​គត់​ដែល​មក​ទី​នេះ​គឺ​ដើម្បី​ក្លាយ​ជា​ជើងឯ​ក ដោយត្រូវឈ្នះ AFC Champion League Two ហើយ​ក៏​សង្ឃឹម​ដែរ​ថា​នឹង​រក​គ្រាប់​បាល់​បាន​ច្រើន និងបញ្ជួនបាល់ឱ្យមិត្តរួមក្រុម ហើយរូបគេ​ពិតជាត្រូវ​ការ​ឈ្នះ​គ្រប់​ការ​ប្រកួត​។ Silvester van der Water មិនមែនជាកីឡាករធម្មតានោះទេ ព្រោះរូបគេមានប្រវត្តិ និង​បទ​ពិសោធន៍​ប្រកួត​យ៉ាងជោគជាំនៅលើទីលានកម្រិតខ្ពស់ដូចជាធ្លាប់ប្រឡូកក្នុងលីគកំពូលហូឡង់ (Eredivisie)ដោយធ្លាប់បង្ហាញខ្លួនឱ្យក្លឹប Heracles Almelo និងធ្លាប់ប្រកួត​ទល់​នឹង​ក្រុម​ធំ​ៗ​មួយ​ចំនួន​រួម​មាន Ajax និង PSV ផងដែរ។ កៅពីនេះគេក៏ធ្លាប់លេងឱ្យក្លឹប Cambuur, PEC Zwolle និង RKC Waalwijk នៅក្នុងស្រុកកំណើត។ ក្នុង​លីគកំពូលសហរដ្ឋអាមេរិក (MLS) Silvester ធ្លាប់បានផ្លាស់ទៅលេងឱ្យក្លឹប Orlando City ដោយ​បង្ហាញខ្លួនបាន ៣២ ប្រកួត រកបាន ៣ គ្រាប់ និងបានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ U.S. Open Cup ។ ក្រៅពីនេះ មុនមកដល់កម្ពុជា រូបគេទើបតែបានបញ្ចប់ភារកិច្ចជាមួយក្លឹប Panionios F.C នៅ​ក្នុង​លីគ​ប្រទេស​ក្រិក លេងបាន១៤ប្រកួត និងរកបាន២គ្រាប់។ ការមកដល់របស់សមាជិកថ្មីរូបនេះ ត្រូវបានអ្នកគាំទ្របាល់ទាត់ជាតិរំពឹងយ៉ាងមុតមាំថា នឹង​ជួយ​បង្កើន​គុណភា​ពលេងរបស់ព្រះខ័នរាជស្វាយរៀង ឱ្យកាន់តែមុតស្រួចនៅលើឆាកអន្តរជាតិ និង​នាំ​យក​មោទ​នភាពមកជូនអ្នកគាំទ្រកម្ពុជាទាំងមូល៕

អាហ្សង់ទីនឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រការប្រកួតបាល់ទាត់ពិភពលោក ២០២៦ ក្រោយឈ្នះស្វីស

2026/07/12 05:42:04 pm        212
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះស្វីស ៣ទល់នឹង១ ដោយគ្រាប់​បាល់​ចុង​ក្រោយ​របស់កីឡាករ Julián Álvarez និងកីឡាករ Lautaro Martínezក្នុងម៉ោងបន្ថែម ព្រឹកថ្ងៃទី១២ ខែកក្កដានេះនៅសហរដ្ឋអាមេរិក។ លទ្ធផល​នេះធ្វើឱ្យម្ចាស់ជើងឯក​ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួត​កីឡាបាល់​ទាត់​ពានរង្វាន់ពិភពលោក ២០២៦ ។ដំណើរការប្រកួតវគ្គទី១ មិនដល់១០នាទីផង ក្រុមអាហ្សង់ទីនបើកការនាំមុខមុននៅពេលដែលកីឡាករ ខ្សែបម្រើ Alexis Mac Allister តែតបាល់បញ្ចូលទីយ៉ាងល្អ ក្រោមការជ្រោមជ្រែងបញ្ជូនបាល់យ៉ាងច្បាស់ពីកីឡាករ Lionel Messi។ទោះបីជាយ៉ាងណាក្ដីក្នុងវគ្គទី២ ក្រុមជម្រើសជាតិស្វីសបានវាយបក និងរកគ្រាប់បាល់តាមស្មើវិញ បន្ទាប់ពីកីឡាករ Dan Ndoye ទាត់បញ្ចូលទីបានសម្រេចនៅនាទីទី៦៧។ ស្ថានការណ៍ប្រកួតមានការប្រែប្រួលសម្រាប់ស្វីសចាប់ពីនាទីទី៧២ នៅពេលដែលខ្សែប្រយុទ្ធ Breel Embolo ទទួលបានកាតលឿងទីពីរ (ស្មើកាតក្រហម) ត្រូវបណ្តេញចេញពីទីលាន ដែលបង្ខំឱ្យក្រុមស្វីសត្រូវលេងសល់សមាជិកតែ ១០ នាក់ប៉ុណ្ណោះក្នុងការទប់ទល់ជាមួយអាហ្សង់ទីន។ដោយពង្រឹងប្រពន្ធការពារទប់ទល់នឹងការវាយសម្រុករបស់អាហ្សង់ទីន ចប់ការប្រកួត៩០នាទីក្រុមទាំងពីរស្មើគ្នា ១ទល់១។ នៅនាទីទី១១២ ក្នុងម៉ោងបន្ថែម កីឡាករ Julián Álvarez បានទាត់បញ្ចូលទីយ៉ាងអស្ចារ្យឱ្យអាហ្សង់ទីន មុនពេលកីឡាករ Lautaro Martínez បន្ថែមគ្រាប់ទី៣នៅចុងម៉ោង ។លទ្ធផលនេះនេះធ្វើឱ្យអាហ្សង់ទីនឡើងទៅជួបអង់គ្លេសនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ៕

អតីតកីឡាករក្លឹប Porto Rui Pires ផ្ទេរពីក្លឹបនៅសិង្ហបុរី​មកលេង​ឱ្យជើងឯកកម្ពុជា​ព្រះខ័នរាជស្វាយរៀង

2026/07/12 03:22:12 pm        432
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ថ្ងៃទី១១ ខែកក្កដា បានបង្ហាញសមាជិកថ្មីរបស់ខ្លួនគឺកីឡាករ Rui Miguel Guerra Pires រឺហៅខ្លីថា Rui Pires ដើម្បីពង្រឹងក្លឹបត្រៀមរដូវកាលថ្មី២០២៦-២០២៧ ត្បិតក្លឹបជើងឯកកម្ពុជាមួយនេះមានប្រកួតជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុក។ ក្នុងវីដេអូកិច្ចសម្ភាសន៍ដែលក្លឹបព្រះខ័នរាជស្វាយរៀងបានផ្សព្វផ្សាយ កីឡាករ Rui Pires បានលើកឡើងថា ព្រះខ័នរាជស្វាយរៀងជាក្លឹបធំជាងគេនៅកម្ពុជា ហើយខ្លួនមកទីនេះដើម្បីជួយក្លឹបលេងការប្រកួត AFC Champion League Two ពានក្លឹបអាស៊ីអាគ្នេយ៍ និងការប្រកួតផ្សេងៗទៀតដូចជាលីគកំពូលកម្ពុជាជាដើម។ អ្វីដែលគេចាប់អារម្មណ៍ពេលមកដល់កម្ពុជាដំបូងគឺកត់សម្គាល់ឃើញប្រជាជននៅទីនេះរួសរាយ រាក់ទាក់ណាស់។ ដោយសារនៅក្លឹបព្រះខ័នរាជមានកីឡាករសញ្ជាតិព័រទុយហ្កាល់ដែរនោះ Rui Pires បានលើកឡើងទៀតថា មិត្តរួមជាតិរបស់គេ Thiago បានពន្យល់អ្វីៗគ្រប់យ៉ាងពីក្លឹប ពីប្រទេសកម្ពុជា ហើយវត្តមានរបស់Thiagoនៅទីនេះ នឹងធ្វើឱ្យខ្លួនគេងាយសម្របខ្លួនជាមួយអ្នកគ្រប់គ្នានៅក្នុងក្លឹប។ ទាក់ទងនឹងអ្នកគាំទ្រ កីឡាកររូបនេះចង់បង្ហាញអ្វីៗទាំងអស់នៅលើទីលាន ហើយនឹងព្យាយាមផ្តល់ជួនពូកគាត់ឱ្យអស់ពីសមត្ថភាព ហើយសុំឱ្យអ្នកគំាទ្រមកគាំទ្រក្លឹបរៀងរាល់សប្ដាហ៍ដូច្នោះយើងអាចឈ្នះការប្រកួតធំៗបំផុតដែលអាចធ្វើទៅបាន។ សូមរំលឹកថា Rui Pires បានចាប់ផ្តើមបោះជំហានដំបូងក្នុងវិស័យបាល់ទាត់នៅសាលាបណ្តុះបណ្តាលយុវជនលំដាប់ពិភពលោករបស់ក្លឹប FC Porto នៅក្នុងឆ្នាំ២០០៩។ ហើយបានអភិវឌ្ឍសមត្ថភាពខ្លួនយ៉ាងលឿន ដោយបានលេងឱ្យក្រុមយុវជនស្ទើរគ្រប់កម្រិតអាយុ ដូចជា (យុវជនអាយុក្រោមU15, U17, U19) និងត្រូវបានដំឡើងទៅលេងឱ្យក្រុមបម្រុង FC Porto B នៅក្នុងក្របខណ្ឌលីគលំដាប់ទី២ របស់ព័រទុយហ្គាល់ (LigaPro) នាឆ្នាំ២០១៦។ កីឡាកររូបនេះក៏ជាសមាជិកដ៏សំខាន់របស់ក្រុមជម្រើសជាតិយុវជនព័រទុយហ្គាល់ (U18, U19, U20) ដោយធ្លាប់ជួយក្រុមឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រជើងឯកយុវជនអាយុក្រោម១៩ឆ្នាំថែមទៀតផង។ នៅឆ្នាំ២០១៩ Rui Pires បានសម្រេចចិត្តចាកចេញពីទឹកដីកំណើតផ្ទេរទៅកាន់ក្លឹប Troyes AC នៅក្នុងលីគលំដាប់ទី២ របស់ប្រទេសបារាំង (Ligue 2)។ រដូវកាល ២០២០/២០២១ គេបានរួមចំណែកជួយឱ្យក្លឹប Troyes ឈ្នះជើងឯកលីគទី២ (Ligue 2) និងទទួលបានកៅអីឡើងទៅលេងនៅលីគកំពូលបារាំង (Ligue 1)។ ក្រោយមកត្រូវបានក្លឹបព័រទុយហ្គាល់ Paços de Ferreira ខ្ចីជើងទៅលេងនៅក្នុងលីគកំពូលព័រទុយហ្គាល់ (Primeira Liga)ក្នុងរដូវកាល២០២១-២០២៣ មុនផ្លាស់មកកាន់ តំបន់អាស៊ីរួមរស់ជាមួយក្លឹប Lion City Sailors របស់ក្លឹបសិង្ហបុរី ក្នុងឆ្នាំ ២០២៣–២០២៦)។ ការផ្ទេរមកកាន់ក្លឹបព្រះខ័នរាជស្វាយរៀងនាពេលនេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យតំបន់ខ្សែបម្រើរបស់ក្រុមជើងឯកកម្ពុជាកាន់តែរឹងមាំ និងមានឥទ្ធិពលខ្លាំងក្នុងការប្រកួតពានរង្វាន់ AFC ក៏ដូចជាពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ ផងដែរ៕

អបអរសាទរ អង់គ្លេសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោក២០២៦ ក្រោយឈ្នះន័រវែស

2026/07/12 03:15:00 pm        245
តោកំណាចអង់គ្លេស បានយកឈ្នះន័រវែស ២ទល់នឹង១ក្នុងម៉ោងបន្ថែមដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់ពិភពលោក២០២៦ ព្រឹកថ្ងៃអាទិត្យនេះ នៅពហុកីឡដ្នាន Miami សហរដ្ឋអាមេរិក។ ជំនួបនេះ ដំណើរការបាន៣៦នាទី ន័រវែសផ្ដើមនាំមុខមុនពេលដែលកីឡាករ Andreas Schjelderup ទាត់បញ្ចូលទីបានសម្រេចពីការបញ្ជួនបាល់របស់កីឡាករ Martin Ødegaard។ តែមុនចប់វគ្គទី១នាទីទី៤៥+២ កីឡាករ Jude Bellingham ទាត់បញ្ចូលទីឱ្យតោកំណាចអង់គ្លេសតាមស្មើ ១ទល់នឹង១ ពីការបញ្ជួនបាល់របស់កីឡាករ Anthony Gordon។ ក្នុងវគ្គទី២ នៅនាទីទី ៥៦ ន័រវែសស្ទើរតែរកគ្រាប់បាល់បានមួយគ្រាប់ទៀតទៅហើយ ប៉ុន្តែត្រូវបានដកវិញបន្ទាប់ពីពិនិត្យបច្ចេកវិទ្យា VAR ដោយសារ កីឡាករ Erling Haaland បង្កកំហុសរុញច្រានកីឡាករអង់គ្លេស។ ពេលវេលានៅសេសសល់ពិសេសជាង១០នាទីមុនចប់ការប្រកួតជម្រើសជាតិន័រវែសបានដាក់សម្ពាធ និងលេងនៅមុខទីអង់គ្លេស ប៉ុន្តែធ្វើមិនបានសម្រេចនោះទេ។ ចប់ការប្រកួត៩០នាទីក្រុមទាំងពីរស្មើគ្នា ១ទល់នឹង១។ ដើម្បីសម្រេចអ្នកឈ្នះម៉ោងបន្ថែម១៥នាទីពីរដងត្រូវបានប្រើ។ ក្នុងវគ្គនេះ លេងមិនដល់៣នាទីស្រួលបួលផងកីឡាករ Jude Bellingham ដដែលបានទាត់បញ្ចូលទីគ្រាប់ទីពីររបស់ខ្លួន ជួយឱ្យអង់គ្លេសឡើងនាំមុខ ២-១។ ក្នុងវគ្គទី២នៃម៉ោងបន្ថែមមិនមានគ្រាប់បាល់កើតឡើងទៀតទេ។ ចប់ការប្រកួត១២០នាទី អង់គ្លេសឈ្នះន័រវែស ២ទល់នឹង១។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អង់គ្លេស ត្រូវជួប អាហ្សង់ទី រឺស្វីស ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា តាំងពីឈ្នះពានរង្វាន់ពិភពលោកឆ្នាំ១៩៦៦មក នេះជាលើកទីបីហើយដែលអង់គ្លេសឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ទាប់ពីលើកទី១នៅឆ្នាំ១៩៩០នៅអ៊ីតាលី លើកទី២ឆ្នាំ២០១៨ នៅរុស្ស៊ី៕ 

Tadej Pogacar ឈ្នះដំណាក់កាលទី៦ Tour de France ត្រលប់មកនាំមុខគេក្នុងតារាងរួម

2026/07/10 09:28:49 pm        213
កីឡាករប្រណាំងកង់ស្លូវេនី Tadej Pogacar បានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ដោយប្រើកម្លាំង និងបច្ចេកទេសក្នុងការឡើងភ្នំដ៏លំបាក មុនមកដល់ទីព្រ័ត្រដាច់ម្នាក់ឯងក្នុងដំណាក់កាលទី៦ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Tour de France កាលពីថ្ងៃទី៩ ខែកក្កដា និងឡើងមកនាំមុខគេវិញក្នុងតារាងរួម។ដំណាក់កាលទី ៦ ដែលមានចម្ងាយផ្លូវ ១៨៦.២ គីឡូម៉ែត្រ ម្ចាស់ជើងឯក Tour de France ពីរសម័យ Jonas Vingegaard មិនអាចតាមទាន់ល្បឿនរបស់ Pogacar អំឡុងការឡើងភ្នំប្រវែង ១៧,១ គីឡូម៉ែត្រទៅកាន់ Tourmalet បានឡើយ និងបានបញ្ចប់ដំណាក់កាលនៅចំណាត់ថ្នាក់លេខ​ ២ តាមពីក្រោយ ២ នាទី ៣៨ វិនាទី ខណៈលេខ ៣ បានទៅកីឡាករម៉ិកស៊ិក Isaac del Toro។ចំណែក Torstein Traeen ដែលជាអ្នកនាំមុខគេមុនចាប់ផ្តើមដំណាក់កាលនេះ បានជួបឧបទ្ទវហេតុដួលអំឡុងពេលចុះពីភ្នំ Tourmalet។ក្រោយ ៦ ដំណាក់កាលនេះ Tadej Pogacar ដែលជាអតីតជើងឯក ២ សម័យបានឡើងមកនាំមុខគេជាមួយនឹងថេរវេលាល្អជាងអ្នកលេខពីរ Jonas Vingegaard ២នាទី ៤២ វិនាទី តាមពីក្រោយដោយ Isaac del Toro យឺតជាង ៣ នាទី ២៧ វិនាទី៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM