វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

ព័ត៌មានកីឡា

ជំនួបអាហ្សង់ទីន និងអង់គ្លេសធ្វើឱ្យគេនឹកឃើញប្រវត្តិសាស្រ្តនៃការប៉ះទង្គិចរវាងប្រទេសទាំងពីរ មិនថានយោបាយ រឺកីឡា

2026/07/14 08:18:06 pm        213
ក្រុមអ្នកគាំទ្របាល់ទាត់អាហ្សង់ទីនបានបង្ហាញទស្សនៈថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិអង់គ្លេស នាពេលខាងមុខ គឺជាការប្រកួតដ៏ស្មុគស្មាញ និងពោរពេញដោយប្រវត្តិសាស្ត្រដែលមានអារម្មណ៍ប្រកួតប្រជែងយ៉ាងខ្លាំង។ ទោះជាយ៉ាងណា ពួកគេនៅតែមានជំនឿថា អាហ្សង់ទីនអាចឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោកបានម្តងទៀត។ការប្រកួតដែលគ្រោងធ្វើឡើងនៅយប់ថ្ងៃពុធស្អែកនេះនៅទីក្រុង Atlanta សហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថា ជាជំនួបដែលផ្ទុកទៅដោយប្រវត្តិសាស្ត្ររាប់ទសវត្សរ៍ ទាំងក្នុងវិស័យបាល់ទាត់ និងបរិបទនយោបាយ រវាងប្រទេសទាំងពីរ។ ក្រុមទាំងពីរក៏ត្រូវបានគេស្គាល់ថា ជាក្រុមដែលតែងតែអាចឆ្លងផុតស្ថានភាពលំបាក និងប្រកួតប្រជែងរហូតដល់ទីបញ្ចប់។ការជួបគ្នារវាងអាហ្សង់ទីន និងអង់គ្លេស តែងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែមានប្រវត្តិសាស្ត្រល្បីៗជាច្រើន រួមមានជ័យជម្នះរបស់អង់គ្លេសនៅ World Cup ឆ្នាំ១៩៦៦ ក្នុងទឹកដីខ្លួនឯង ស្រមោលនៃសង្គ្រាមកោះ Falklands ឆ្នាំ១៩៨២ គ្រាប់បាល់ "Hand of God" ដ៏ល្បីរបស់ Diego Maradona នៅឆ្នាំ១៩៨៦ ព្រមទាំងការប្រកួតដ៏តានតឹងក្នុងឆ្នាំ១៩៩៨ និងឆ្នាំ២០០២។ទោះបីជាការប្រកួតនេះមានភាពរំភើប និងផ្ទុកទៅដោយអារម្មណ៍ប្រវត្តិសាស្ត្រយ៉ាងណាក៏ដោយ កីឡាករអាហ្សង់ទីន និងគ្រូបង្វឹក Lionel Scaloni បានព្យាយាមកាត់បន្ថយសម្ពាធផ្លូវចិត្ត ដោយបញ្ជាក់ថា ពួកគេចាត់ទុកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គ្រាន់តែជាជំហានមួយប៉ុណ្ណោះ ក្នុងដំណើរឆ្ពោះទៅការពារតំណែងជើងឯក។          រំលឹកដែរថា ក្រុមទាំងពីរមានប្រវត្តិជួបគ្នានៅ World Cup សរុបប្រាំលើករួមមាន៖ -      ឆ្នាំ ១៩៦២ អង់គ្លេសឈ្នះ ៣-១ នៅវគ្គវិលជុំក្នុងពូល-      ឆ្នាំ ១៩៦៦ អង់គ្លេសឈ្នះ ១-០ នៅវគ្គ ៨ ក្រុមចុងក្រោយ ក្នុងដំណើរឆ្ពោះទៅគ្រងជើងឯក-      ឆ្នាំ ១៩៨៦ អាហ្សង់ទីនឈ្នះ ២-១ នៅវគ្គ ៨ ក្រុមចុងក្រោយ-      ឆ្នាំ ១៩៩៨ ស្មើគ្នា ២-២ មុនពេលអាហ្សង់ទីនឈ្នះ ៤-៣ ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី វគ្គ ១៦ ក្រុម-      ឆ្នាំ ២០០២ អង់គ្លេសឈ្នះ ១-០ នៅវគ្គវិលជុំក្នុងពូលអត្ថបទ៖នាង សុភាវុធ

មន្ត្រីជំនាញសហព័ន្ធចាត់ទុកថា គ្រូបង្វឹកហែលទឹកកម្រិតមូលដ្ឋាន ឈ្វេងយល់បន្ថែមអំពីការបង្ហាត់បង្រៀន កុមារ និងយុវជន

2026/07/14 08:03:52 pm        128
វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកកម្រិតមូលដ្ឋាន ដែលធ្វើឡើងរយៈពេល២ថ្ងៃ ដែលមានសិក្ខាកាមចូលរួមសរុប ៤៩នាក់មកពីសាលារៀនឯកជនអន្តរជាតិ និងក្លឹបហែលទឹក និងសាលារដ្ឋមួយចំនួនបានបិទបញ្ចប់ដោយជោគជ័យ ខណៈមន្ត្រីជំនាញសហព័ន្ធបានចាត់ទុកថា នេះជាឱកាសដ៏ល្អសម្រាប់ពួកគាត់ឈ្វេងយល់អំពីការបង្ហាត់បង្រៀនហែលទឹកជូនដល់កុមារ យុវជន និងមហាជន ក្រោយសហព័ន្ធសង្កេតឃើញថាសកម្មភាពបង្ហាត់បង្រៀនទូទៅកន្លងមក មិនទាន់បានត្រឹមត្រូវ និងទទួលស្គាល់ពីសហព័ន្ធជំនាញ។ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល នាពេលថ្មីៗកន្លងទៅ នៅទីស្នាក់ការសហព័ន្ធ រាជធានីភ្នំពេញ លោក ហែម គីរី អគ្គលេខាធិការ បានសង្កត់ធ្ងន់ថា គោលបំណងនៃវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកកម្រិតមូលដ្ឋាន នេះ យើងសង្កេតថា បណ្តាក្លឹបហែលទឹកនៅតាមសាលារៀនបណ្តុះបណ្តាលសិស្សានុសិស្សរបស់ខ្លួនពុំទាន់បានត្រឹមត្រូវ និងពុំទាន់មានការទទួលស្គាល់ពីសហព័ន្ធកីឡាជាតិ។ ដូច្នេះ តាមរយៈវគ្គបណ្តុះបណ្តាលនេះ គឺជាជំហានទី១ ដែលសហព័ន្ធខ្មែរកីឡាហែលទឹកបានផ្តល់ឱកាសជូនដល់គ្រូបង្វឹកមកពីសាលារៀនឯកជន និងក្លឹបហែលទឹកមួយចំនួនកំពុងបណ្តុះបណ្តាលជូនដល់កុមារ មហាជននៅតាមទីតាំងអាងទឹករបស់ខ្លួនឱ្យយល់ដឹងអំពីវិធីសាស្ត្រក្នុងការបង្ហាត់បង្រៀន គរុកោសល្យនៃគ្រូបង្វឹកហែលទឹក ច្បាប់ទម្លាប់នៃបង្ហាត់បង្រៀនហែលទឹកក្នុងកម្រិតមូលដ្ឋាន។លោកអគ្គលេខាធិការពន្យល់ថា មូលហេតុចម្បងនៃការបើកវគ្គហែលទឹកកម្រិតមូលដ្ឋាននេះ គឺដោយសារតែសហព័ន្ធបានមើលឃើញថា ក្លឹបបើកការបណ្តុះបណ្តាលមិនទាន់តាមត្រឹមត្រូវ និងការទទួលស្គាល់ពីសហព័ន្ធ។ ដូច្នេះសហព័ន្ធក៏ផ្តល់ឱកាសជូនដល់ពួកគាត់ក្នុងវគ្គសិក្សានេះ ព្រមទាំងផ្តល់វិញ្ញាបណ្ណបត្រដែលមានរយៈពេល២ឆ្នាំ ដើម្បីបន្តការបណ្តុះបណ្តាលនៅក្នុងស្ថាប័នរបស់ពួកគាត់។ លោក ហែម គីរី បន្តថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកបានមើលឃើញពីភាពវិជ្ជមាននៃការរួបរួមគ្នា ជំរុញដល់ការបណ្តុះបណ្តាលគ្រូហែលទឹក និងបន្តចែករំលែកដល់កីឡាករ កីឡាការិនីហែលទឹកឱ្យកាន់តែមានធនធានសម្បូរបែប និងត្រឹមត្រូវបានបច្ចេកទេសនៃវិស័យកីឡាហែលទឹកផងដែរ ។សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកកម្រិតមូលដ្ឋាន រៀបចំដោយសហព័ន្ធ និងប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ វគ្គនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់១២ ខែកក្តដា ឆ្នាំ២០២៦ មានសិក្ខាកាមចូលរួមចំនួន ៤៩នាក់ មកពី ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និងសាលារៀនអន្តរជាតិ នៅរាជធានីភ្នំពេញ៕

អ្នកគាំទ្ររាប់សែននាក់ស្វាគមន៍ក្រុមជម្រើសជាតិន័រវែស ទោះបីបញ្ចប់ដំណើរនៅវគ្គ៨ ក្រុមចុងក្រោយ World Cup

2026/07/14 07:33:35 pm        144
ប្រជាជនន័រវែសរាប់សែននាក់បានប្រមូលផ្តុំគ្នានៅបរិវេណព្រះបរមរាជវាំង ក្នុងទីក្រុង Oslo កាលពីល្ងាចថ្ងៃចន្ទដើម្បីស្វាគមន៍ក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួនក្នុងនាមជាវីរបុរស បន្ទាប់ពីត្រឡប់មកពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅសហរដ្ឋអាមេរិក។ទោះបីន័រវែសបានបរាជ័យក្រោមថ្វីជើងអង់គ្លេសក្នុងលទ្ធផល ២-១ បន្ទាប់ពីការប្រកួតបន្ថែមម៉ោង ដែលធ្វើឱ្យដំណើរប្រវត្តិសាស្ត្ររបស់ពួកគេត្រូវបញ្ចប់ត្រឹមវគ្គ៨ក្រុមចុងក្រោយ និងខកខានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ដោយ ប៉ុន្តែអ្នកគាំទ្រនៅតែចេញមកអបអរសាទរក្រុមជម្រើសជាតិយ៉ាងកក់ក្តៅ។តាមការប៉ាន់ស្មានក្រៅផ្លូវការ មានអ្នកគាំទ្រប្រមាណ ១០០,០០០នាក់ បានមកជួបជុំគ្នានៅខាងមុខព្រះបរមរាជវាំង និងលាតសន្ធឹងតាមបណ្តោយផ្លូវ Karl Johans gate ដែលជាវិថីសំខាន់របស់ទីក្រុង Oslo។យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធឆ្នើម Erling Haaland មិនបានចូលរួមក្នុងពិធីអបអរសាទរចុងក្រោយនោះទេ ដោយសាររូបគេបានចាកចេញមុនពេលកម្មវិធីបញ្ចប់។ ដូច្នេះ Haaland ក៏ខកខានការចូលរួមជាមួយមិត្តរួមក្រុមក្នុងពិធីអបអរសាទរ "Viking Row" នៅលើជណ្តើរព្រះបរមរាជវាំង ដែលដឹកនាំដោយព្រះអង្គម្ចាស់ Haakon វាយស្គរ រួមជាមួយអ្នកគាំទ្ររាប់ម៉ឺននាក់ដែលប្រមូលផ្តុំគ្នានៅខាងក្រោម។បន្ទាប់ពីបញ្ចប់ពិធីនៅព្រះបរមរាជវាំង ក្រុមជម្រើសជាតិន័រវែសបានបន្តដំណើរជួបសំណេះសំណាលជាមួយអ្នកគាំទ្រ តាមរយៈការជិះរថយន្តក្រុងបើកដំបូល ឆ្លងកាត់តំបន់កណ្តាលទីក្រុង Oslo ដើម្បីអបអរសាទរជាមួយប្រជាពលរដ្ឋ៕ អត្ថបទ៖នាង សុភាវុធ

អ្នករៀបចំប្រណាំងម៉ូតូត្រៃ៖ រំពឹងថាយ៉ាងយូរ ៥ឆ្នាំទៀត​ប៉ុណ្ណោះ​ធនធាន​កីឡាករ​ប្រណាំង​កម្ពុជា​នឹង​មាន​ច្រើនសម្បូរបែប

2026/07/14 07:21:19 pm        126
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងកង់បីដណ្តើមជើងឯកឆ្នាំ២០២៦ ដែល​បាន​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​២​ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់១២ ខែកក្កដា នៅទីលានវាលឥន្ទ្រី ស្ថិតនៅក្នុងខណ្ឌ ពោធិ៍សែន​ជ័យ​ រាជធានីភ្នំពេញ បានបញ្ចប់ដោយជោគជ័យ ដោយរកឃើញជើង​ខ្លាំង​តាម​វិញ្ញាសា​ប្រជែង​នីមួយៗ។ ក្រោយ​បិទបញ្ចប់ដោយជោគជ័យ នៃព្រឹត្តិការណ៍ខាងលើ លោក ពេជ្រ សុខា ស្ថាប​និក​អ្នក​រៀ​ប​ចំ​ព្រឹត្តិការណ៍​ប្រណាំង រំពឹងថាយ៉ាងយូរ៥​ឆ្នាំ​ទៀត​ប៉ុណ្ណោះធ​ន​ធាន​កីឡាករ​ប្រណាំង​កម្ពុជា​នឹង​មាន​ច្រើន​សម្បូរ​បែប ព្រោះថាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ក្រុមការងារ បានរៀបចំឲ្យមាន មាន​២​ទៅ​៣​ដង​ ក្នុងមួយឆ្នាំ។ នៅក្នុងឆ្នាំ២០២៦នេះ គណៈកម្មាធិការ​បចេ្ចក​ទេស​បាន​ដាក់​បញ្ចូល​នូវ​វិញ្ញាសា​ថ្នាល​អម​ព្រឹត្តិ​ការណ៍​​ប្រណាំង​ផងដែរដូច្នេះ ធនធានកីឡាករប្រណាំង​កម្ពុជា​នឹង​មាន​ច្រើន​នា​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​។ ជាមួយគ្នានោះ ក្នុងនាមអ្នករៀបចំព្រឹត្តិការណ៍ប្រណាំង ក៏សូមអំពាវនាវ និងលើក​ទឹក​ឱពុក​ម្តាយ​ដែល​ជា​អាណាព្យាបាល គួរតែបញ្ចូនកូនដែលមានឧបនិស្ស័យឱ្យមកចូលរួមការប្រកួត ដើម្បី​បណ្តុះ​ក្តី​ស្រមៃ​ដែល​កូន​ចូល​ចិត្ត​វិវឌ្ឍ​ខ្លួន​ជា​កីឡាករ​ជើង​ខ្លាំង​បង្ហាញ​មុ​ខ​មាត់​នៅ​លើ​ទីលាន​ប្រណាំង​ នាំមកនូវកិត្តិយស កេរ្តិ៍ឈ្មោះជូនគ្រួសារនិងសង្គមជាតិ មួយវិញទៀត​ជួយ​ឲ្យពួ​ក​គេ​បញ្ជៀស​ការ​ប្រព្រឹត្តិអំពើរមិនល្អបំផ្លាញគ្រួសារនិងសង្គមជាតិ។អ្នករៀបចំព្រឹត្តិការណ៍ ខាងលើ បានរំលេចថា តាមរយៈការរៀបចំជាញឹកញាប់ក្នុងឆ្នាំៗរបស់លោក មិន​ត្រឹមតែរួមចំណែកឱ្យវិស័យប្រណាំងនេះ រីកចម្រើនជឿនលឿនប៉ុណ្ណោះនោះទេ ពោល​វា​បាន​រួម​ចំណែក​ផលិតបានធនធានកីឡាករការិនីល្អៗថ្មីៗឆ្លើយតបទៅនិងតម្រូវការ ចេញ​ទៅ​ប្រកួត​ប្រជែង​នៅក្រៅប្រ​ទេសផងដែរ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ម៉ូតូត្រៃ និងកង់បី ដណ្តើមជើងឯកឆ្នាំ២០២៦ មានការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពីសហព័ន្ធកីឡាយានយន្តកម្ពុជា រួមទាំងក្រុមហ៊ុនដៃគូឧបត្ថម្ភគាំទ្រ នេះ​ជា​ចំណែក​ដ៏​សំខាន់​ ក្នុងការជួយរុ​ញ​ឱ្យវិ​ស័យ​ប្រភេទ​កីឡា​យាន​យន្ត​កម្ពុជា​ឱ្យ​កាន់​តែ​អភិវឌ្ឍ​ល្អ​ប្រសើរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ៕​

អតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញ Mariano Rajoy រងការរិះគន់ខ្លាំង​ក្រោយ​ថា​កីឡាករ​បារាំង​មិន​មាន​កីឡាករ​ជនជាតិបារាំង

2026/07/14 07:01:09 pm        224
អតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Mariano Rajoy កំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋាននយោបាយ និងសាធារណជន បន្ទាប់ពីលោកបានសរសេរនៅក្នុងអត្ថបទមួយថា ក្រុមបាល់ទាត់ជម្រើសជាតិបារាំង «មិនមានកីឡាករជនជាតិបារាំងទេ» មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក។លោក Rajoy ដែលធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីអេស្ប៉ាញពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ បានសរសេរអត្ថបទចុះផ្សាយក្នុងសារព័ត៌មានអនឡាញ El Debate ដោយលើកឡើងថា បារាំងជាម្ចាស់ជើងឯកពិភពលោក២សម័យ និងជាជើងឯករងនៅ World Cup លើកមុន។ លោកក៏បានសរសើរថា បារាំងបានឈ្នះគ្រប់ការប្រកួតក្នុងការប្រកួតលើកនេះ កំពុងឈរលេខ១ក្នុងចំណាត់ថ្នាក់ FIFA និងមានក្រុមកីឡាករកម្រិតខ្ពស់។ទោះជាយ៉ាងណា សម្តីដែលបង្កភាពចម្រូងចម្រាសបំផុតគឺការអះអាងថា «ពួកគេមិនមានកីឡាករជនជាតិបារាំងទេ ប៉ុន្តែលេងបានយ៉ាងល្អ និងក្លាយជាគូប្រកួតដ៏ខ្លាំង»។ ការលើកឡើងនេះត្រូវបានមនុស្សជាច្រើនចាត់ទុកថា ជាការរើសអើងជាតិសាសន៍ និងមិនគោរពចំពោះភាពចម្រុះរបស់សង្គមបារាំង។ការអត្ថាធិប្បាយរបស់លោក Rajoy ក៏ត្រូវបានប្រៀបធៀបទៅនឹងការបង្ហោះសាររើសអើងជាតិសាសន៍របស់សមាជិកព្រឹទ្ធសភាប៉ារ៉ាហ្គាយម្នាក់ ដែលធ្លាប់វាយប្រហារខ្សែប្រយុទ្ធឆ្នើម Kylian Mbappé ផងដែរ។ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអេស្ប៉ាញបច្ចុប្បន្ន លោក Pedro Sánchez បានបង្ហោះសារលើបណ្ដាញសង្គម X ដោយបញ្ជាក់ថា មនុស្សមួយចំនួននៅតែវាស់វែងភាពជាពលរដ្ឋតាមនាមត្រកូល ទីកន្លែងកំណើត ឬពណ៌សម្បុរ ខណៈអ្នកផ្សេងទៀតវាស់វែងតាមការចូលរួម និងការរួមចំណែកចំពោះប្រទេសជាតិ។លោក Sánchez បានសង្កត់ធ្ងន់ថា «អេស្ប៉ាញជារបស់អ្នកដែលស្រឡាញ់ និងខិតខំធ្វើការដើម្បីប្រទេស មិនមែនជារបស់អ្នកដែលធ្វើឱ្យប្រទេសអាប់ឱនដោយសារសេចក្តីថ្លែងការណ៍រើសអើងជនបរទេសនោះទេ»។ករណីនេះបានក្លាយជាប្រធានបទដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង មុនការប្រកួតដ៏សំខាន់រវាងអេស្ប៉ាញ និងបារាំង ខណៈការជជែកវែកញែកអំពីអត្តសញ្ញាណជាតិ និងភាពចម្រុះក្នុងវិស័យបាល់ទាត់នៅអឺរ៉ុប កំពុងបន្តក្តៅគគុក៕ អត្ថបទ៖នាង សុភាវុធ 

Mathieu van der Poel ឈ្នះដំណាក់កាលទី ៩ Tour de France ខណៈ Pogacar បន្តនាំមុខ

2026/07/13 07:30:48 pm        188
កីឡាករប្រណាំងកង់ហូឡង់ Mathieu van der Poel បានប្រជែងឈ្នះដំណាក់ទី៩ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Tour de France កាលពីថ្ងៃអាទិត្យ បន្ទាប់ពីយកឈ្នះក្នុងការប្រជែងដ៏ស្វិតស្វាញនៅចំនុចចុងក្រោយ។ដំណាក់កាលទី ៩ ដែលមានចម្ងាយផ្លូវ ១៥៤.៦ គីឡូម៉ែត្រ ធ្វើដំណើរពី Malemort ទៅ Ussel ត្រូវបានកាត់បន្ថយប្រវែងប្រមាណ ៣០ គីឡូម៉ែត្រ ដោយសារអាកាសធាតុក្តៅខ្លាំងឡើងដល់ ៤០ អង្សារ។ កីឡាកររបស់ក្រុម Alpecin – Premier Tech, Mathieu van der Poel ជាអ្នកមកដល់ទីព្រ័ត្រមុនគេក្នុងដំណាក់កាលទី ៩ ដោយប្រើពេល ៣ ម៉ោង ២៧ នាទី ៥១ វិនាទី តាមពីក្រោយដកីឡាករន័រវេស Tobias Johannessen និងលេខបីកីឡាករអង់គ្លេស Tom Pidcock។ក្រោយការប្រកួតដំណាក់កាលទី ៩ នេះ ម្ចាស់ជើងឯក Tour de France ៤ សម័យ Tadej Pogacar នៅតែបន្តរក្សាការនាំមុខក្នុងតារាងរួមដដែល ដោយកាន់ ២ នាទី ៤២ វិនាទី ពីអ្នកលេខពីរកីឡាករដាណឺម៉ាក Jonas Vingegaard និងលេខ ៣ កីឡាករម៉ិកស៊ិក Isaac del Toro យឺតជាង ៣ នាទី ២៧ វិនាទី។បន្ទាប់ពីថ្ងៃសម្រាកមួយថ្ងៃនៅថ្ងៃចន្ទនេះ Tour de France នឹងបន្តនៅថ្ងៃអង្គារ ដំណាក់កាលទី ១០ លើចម្ងាយផ្លូវ ១៦៦.៦ គីឡូម៉ែត្រ ពី Aurillac ទៅ Le Lioran៕ អត្ថបទ៖នាង សុភាវុធ

Nieto និង Cristian ផ្ទេរចូលវិសាខា ក្រោយចាកចេញពីភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង

2026/07/13 07:24:07 pm        196
ខ្សែប្រយុទ្ធកូឡុំប៊ីសញ្ជាតិខ្មែរ Andres Nieto និងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cristian Dos Santos ត្រូវបានវិសាខា ប្រកាសពីការនាំចូលជាផ្លូវការហើយ ក្រោយចាកចេញពីភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ដើម្បីពង្រឹងក្រុមត្រៀមការប្រកួតប្រជែង នារដូវកាលថ្មីខាងមុខ។នេះគឺជាការផ្ទេរគួរឲ្យចាប់អារម្មណ៍មួយទៀត បន្ទាប់ពីក្រុមរបូតកៅអី Top-6 ឆ្នាំចាស់នេះ បាននាំចូលខ្សែប្រយុទ្ធអន្ដរជាតិ ៣រូបជាបន្ដបន្ទាប់ កាលពីថ្មីៗ រួមមានកីឡាករកាមេរ៉ូន Ewolo Donovan ដែលផ្ទេរមកពីក្លិប Al-Jazeera នៃលីគកូវ៉ែត, អតីតយុវជនក្លិប Wolverhampton របស់អង់គ្លេស កីឡាករហូឡង់ Sherwin Dandey Seedorf ផ្ទេរមកពីក្លិប Al-Wehdatប្រទេសហ្សកដានី និងកីឡាករ Gai Pa Ousman មកពីក្លិបManila Digger របស់ហ្វីលីពីន។Andres Nieto គឺជាកីឡាករមានបទពិសោធន៍ជោគជ័យនៅកម្ពុជា ក្រោយចំណាយពេលជិត ៦ឆ្នាំ និងជាកម្លាំងស្នូលដ៏សំខាន់របស់ក្លិបភ្នំពេញក្រោន ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីកីឡាករកូូឡុំប៊ីរូបនេះ ទទួលបានសញ្ជាតិខ្មែរ។ នេះគឺជាការផ្លាស់ប្ដូរក្លិបអាជីពនៅកម្ពុជាលើកដំបូង ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី លើទឹកដីវិសាខា។ ចំណែក Cristian Dos Santos ក៏ជាខ្សែប្រយុទ្ធដ៏លេចធ្លោរមួយរូបផងដែរ ពិសេស ២រដូវកាលចុងក្រោយ ដែលរូបគេបានរួមរស់ជាមួយព្រះខ័នរាជស្វាយរៀង ដោយបានរួមចំណែកជួយក្រុមសម្រេចបានសមិទ្ធផលជាច្រើន ទាំងការប្រកួតក្នុងស្រុក និងពានរង្វាន់អន្ដរជាតិ។ ការសម្រេចផ្ទេរទៅកាន់វិសាខា ក៏ដូចជាការសម្រេចបន្ដអាជីពនៅកម្ពុជា ហើយបានបដិសេធបណ្ដាក្លិបក្នុងតំបន់មួយចំនួនពីកីឡាករប្រេស៊ីលរូបនេះ គោលបំណងសំខាន់ គឺ Cristian ចង់ទទួលបានសញ្ជាតិខ្មែរ ដើម្បីមានឱកាសលេងឲ្យក្រុមជម្រើសជាតិកម្ពុជា។គួរដឹងថា ក្រោយបញ្ចប់រដូវកាលឆ្នាំ២០២៥/២៦ ជាមួយលទ្ធផលដ៏ខកចិត្ត ពិសេសក្នុងលីគកំពូលកម្ពុជា វិសាខា បានសម្រេចរុះរើសក្រុមគួរឲ្យកត់សម្គាល់ ដោយកីឡាករមួយចំនួន ត្រូវបានដាក់ឲ្យខ្ចីជើង ហើយកីឡាករខ្លះទៀត ក្លិបបានចែកផ្លូវគ្នា ហើយនាំចូលកីឡាករថ្មីៗមួយចំនួន ទាំងខ្មែរ និងបរទេស ដើម្បីពង្រឹងក្រុមត្រៀមការប្រកួតប្រជែងរដូវកាលថ្មី ឆ្នាំ២០២៦/២៧ ខាងមុខ៕ អត្ថបទ លី ឈុនឡា

FIFA នឹងពិភាក្សាពីការពង្រីក World Cup ដល់ ៦៤ ក្រុមក្រោយបញ្ចប់ការប្រកួតឆ្នាំនេះ

2026/07/13 07:19:27 pm        225
ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បានឱ្យដឹងថា FIFA នឹងពិភាក្សាអំពីគម្រោងពង្រីកចំនួនក្រុមចូលរួមការប្រកួតបាល់ទាត់ពិភពលោកដល់ ៦៤ ក្រុម បន្ទាប់ពីការប្រកួតឆ្នាំ ២០២៦ ត្រូវបានបញ្ចប់ ប៉ុន្តែលោកមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមនោះទេ។ការប្រកួត World Cup ឆ្នាំ២០២៦ ដែលសហការរៀបចំដោយប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក គឺជាលើកដំបូងដែលមានការចូលរួមពី ៤៨ ក្រុម បន្ទាប់ពី FIFA សម្រេចពង្រីកពី ៣២ ក្រុម។ ការសម្រេចចិត្តនេះធ្លាប់រងការរិះគន់យ៉ាងខ្លាំង ប៉ុន្តែក្រោយការប្រកួតបានចាប់ផ្តើមកាលពីថ្ងៃទី១១ ខែមិថុនា ការរិះគន់បានថយចុះជាបន្តបន្ទាប់។លោក Infantino ដែលជាអ្នកជំរុញឱ្យមានការពង្រីកការប្រកួតពី ៣២ ក្រុមទៅ ៤៨ ក្រុម បានសង្កត់ធ្ងន់ថា World Cup គួរតែជាព្រឹត្តិការណ៍សម្រាប់ពិភពលោកទាំងមូល មិនមែនសម្រាប់តែទ្វីបអឺរ៉ុប និងអាមេរិកខាងត្បូងប៉ុណ្ណោះទេ។លោកបានឱ្យដឹងថា៖ «គ្រប់ប្រទេសទាំងអស់គួរតែមានក្តីស្រមៃថាអាចឡើងមកប្រកួតនៅ World Cup បាន។ បច្ចុប្បន្ន គុណភាពរបស់ក្រុមជម្រើសជាតិនៅទូទាំងពិភពលោកកំពុងតែកើនឡើងជាបន្តបន្ទាប់។ ប្រសិនបើប្រទេសតូចៗមិនទទួលបានឱកាសចូលរួមទេ ពួកគេនឹងខ្វះការលើកទឹកចិត្តក្នុងការអភិវឌ្ឍកម្រិតលេងរបស់ខ្លួន»។គួរបញ្ជាក់ថា FIFA បានបង្កើនចំនួនក្រុមចូលរួម World Cup ពី ២៤ ក្រុមទៅ ៣២ ក្រុម ចាប់តាំងពីឆ្នាំ១៩៩៨ ហើយការប្រកួតឆ្នាំ២០២៦ បានពង្រីកដល់ ៤៨ ក្រុមជាលើកដំបូង។ សម្រាប់ World Cup ឆ្នាំ២០៣០ នឹងត្រូវសហការរៀបចំដោយម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ ខណៈការប្រកួតឆ្នាំ២០៣៤ នឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត៕ អត្ថបទ៖នាង សុភាវុធ

សេណេហ្គាល់បញ្ចប់តំណែងគ្រូបង្គោល Pape Thiaw គ្រោងតែងតាំង Patrick Vieira

2026/07/13 07:07:01 pm        157
សហព័ន្ធបាល់ទាត់សេណេហ្គាល់ បានប្រកាសបញ្ចប់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិលោក Pape Bouna Thiaw ដា បន្ទាប់ពីលទ្ធផលមិនល្អនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។សេណេហ្គាល់ ត្រូវបានគេរំពឹងថា នឹងក្លាយជាបេក្ខភាពប្រជែងពាន បន្ទាប់ពីបានយកឈ្នះម៉ារ៉ុក ក្នុងវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations កាលពីខែមករា។ ប៉ុន្តែនៅ World Cup ក្រុមនេះបានបង្ហាញទម្រង់លេងមិនសូវល្អ ដោយចាញ់បារាំង និងន័រវេស ក្នុងពីរប្រកួតដំបូងនៃវគ្គចែកពូល។នៅវគ្គ៣២ក្រុមចុងក្រោយ សេណេហ្គាល់បាននាំមុខប៊ែលហ្ស៊ិក ២-០ រហូតដល់៥នាទីចុងក្រោយ ប៉ុន្តែត្រូវគូប្រកួតតាមស្មើ មុនពេលចាញ់ ៣-២ នៅម៉ោងបន្ថែម ដែលបញ្ចប់ក្តីសង្ឃឹមរបស់ពួកគេក្នុងការបន្តដំណើរទៅមុខ។ក្រៅពីលទ្ធផលមិនល្អ លោក Thiaw វ័យ៤៥ឆ្នាំ ក៏ត្រូវប្រឈមនឹងការពិន័យហាមឃាត់ដឹកនាំក្រុមចំនួន៥ប្រកួតផងដែរ។ ការពិន័យនេះនឹងចាប់ផ្តើមអនុវត្តនៅខែកញ្ញា ក្នុងវគ្គជម្រុះ Africa Cup of Nations ឆ្នាំ២០២៧ បន្ទាប់ពីលោកបានដឹកនាំកីឡាករសេណេហ្គាល់ដើរចេញពីទីលាន ដើម្បីតវ៉ាចំពោះការផ្តល់បាល់ពិន័យ ១១ ម៉ែត្រឱ្យម៉ារ៉ុក ក្នុងវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅទីក្រុង Rabat។សារព័ត៌មានកីឡាបារាំង L’Equipe បានរាយការណ៍ថា លោក Patrick Vieira អតីតខ្សែបម្រើជម្រើសជាតិបារាំង និងជាជ័យលាភី World Cup ដែលកើតនៅទីក្រុង Dakar ប្រទេសសេណេហ្គាល់ ស្ថិតក្នុងចំណោមបេក្ខភាពនាំមុខគេ សម្រាប់ចូលកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិសេណេហ្គាល់។ជាមួយគ្នានេះ សហព័ន្ធបាល់ទាត់សេណេហ្គាល់ បានប្រកាសថា នឹងរៀបចំសន្និសីទសារព័ត៌មានថ្ងៃនេះ ដើម្បីបញ្ជាក់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងការផ្លាស់ប្តូរគ្រូបង្វឹក និងទិសដៅរបស់ក្រុមជម្រើសជាតិបន្តទៅមុខ៕អត្ថបទ៖នាង សុភាវុធ

Wimbledon៖ Jannik Sinner ការពារជើងឯកបានសម្រេច ខណៈ Linda Noskova គ្រងជើងឯកផ្នែកនារី

2026/07/13 06:59:28 pm        320
ព្រឹត្តិការណ៍ប្រកួតវាយកូនបាល់ Grand Slam, Wimbledon បានបិទបញ្ចប់ដោយជោគជ័យកាលពីចុងសប្តាហ៍ កន្លងទៅ ដោយជើងឯកផ្នែកបុរសបានទៅ Jannik Sinner ខណៈផ្នែកនារីបានទៅកីឡាការិនីឆេក Linda Noskova។កីឡាករវាយកូនបាល់អ៊ីតាលី Jannik Sinner បានការពារតំណែងជើងឯក Wimbledon របស់ខ្លួនដោយជោគជ័យ បន្ទាប់ពីយកឈ្នះកីឡាករអាល្លឺម៉ង់ Alexander Zverev ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៦-៧ (៧-៩), ៧-៦ (៧-២), ៦-៣ និង ៦-៤ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ជ័យជម្នះនេះបានផ្តល់ឱ្យ Sinner នូវពានរង្វាន់ Grand Slam ទី៥ ក្នុងអាជីព និងជាជ័យជម្នះលើកទី១០ ជាប់ៗគ្នារបស់គេនៅពេលជួប Alexander Zverev។ការឈ្នះជើងឯក Wimbledon ពីរឆ្នាំជាប់គ្នា ក៏បានធ្វើឱ្យ Sinner ក្លាយជាកីឡាករបុរសទី១០ ក្នុងយុគសម័យ Open Era ដែលអាចការពារតំណែងជើងឯក Wimbledon បានដោយជោគជ័យ។ លទ្ធផលនេះក៏ជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់គេ ក្នុងការប្រជែងជាមួយគូប្រជែងដ៏ធំ Carlos Alcaraz ដែលបច្ចុប្បន្នមានពាន Grand Slam ចំនួន ៧។ចំណែកការប្រកួតផ្នែកនារីកាលពីថ្ងៃសៅរ៍ ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងកីឡាការិនីឆេកទាំងពីរនាក់ បានបញ្ចប់ទៅ ដោយកីឡាការិនីវ័យក្មេង Linda Noskova យកឈ្នះមិត្តភក្តិ Karolina Muchova ដោយលទ្ធផល ៦-២ ៥-៧ និង ៦-៣ ដើម្បីគ្រងជើងឯក Grand Slam លើកដំបូង៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM