វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

ព័ត៌មានកីឡា

អ្នកគាំទ្របាល់ទាត់ World Cup នៅ Las Vegas ទទួលបានបទពិសោធថ្មី ជួបជុំទស្សនាបាល់ទាត់ពីអាងហែលទឹក

2026/07/15 07:10:54 pm        148
បរិយាកាសនៃការប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក FIFA World Cup រវាងក្រុមជម្រើសជាតិបារាំង និងអេស្ប៉ាញ មិនត្រឹមតែក្តៅគគុកនៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែក៏បានទាក់ទាញអ្នកគាំទ្រយ៉ាងច្រើននៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ឱ្យជួបជុំគ្នាទស្សនាការប្រកួតក្នុងបរិយាកាសដ៏រស់រវើក និងប្លែកភ្នែក។នៅ Stadium Swim នៃសណ្ឋាគារ Circa អ្នកគាំទ្ររាប់រយនាក់បានរីករាយទស្សនាការប្រកួតអមជាមួយការហែលទឹក និងសម្រាកកម្សាន្តក្រោមពន្លឺថ្ងៃ។ លោក Mike Palm អនុប្រធានប្រតិបត្តិការរបស់កាស៊ីណូ Circa, The D និង Golden Gate បានពន្យល់ថា ទីតាំងនេះមិនមែនជាអាងហែលទឹកធម្មតាទេ ប៉ុន្តែជាកន្លែងដែលបង្កើតឡើងសម្រាប់ការទស្សនាកីឡាដោយផ្ទាល់ ជាមួយអេក្រង់ដ៏ធំ ដែលត្រូវបានគេចាត់ទុកថាធំបំផុតនៅក្បែរអាងហែលទឹកក្នុងទីក្រុង Las Vegas។លោក Palm បានបន្ថែមថា ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ វប្បធម៌កម្សាន្តពេលថ្ងៃនៅ Las Vegas មានការរីកចម្រើនយ៉ាងខ្លាំង ហើយ Stadium Swim បានរួមបញ្ចូលបទពិសោធន៍ទស្សនាកីឡា ការភ្នាល់កីឡា និងការកម្សាន្តនៅអាងហែលទឹកចូលគ្នា ដើម្បីផ្តល់បទពិសោធន៍ថ្មីដល់អ្នកគាំទ្រ។អ្នកគាំទ្រជនជាតិបារាំង Hadil Chelda ដែលបច្ចុប្បន្នរស់នៅទីក្រុង Los Angeles បានធ្វើដំណើរមក Las Vegas ដើម្បីទស្សនាការប្រកួតជាមួយមិត្តភក្តិ។ លោកបាននិយាយថា បរិយាកាសនៅទីនោះពិតជាអស្ចារ្យ ដោយអាចរីករាយជាមួយអាកាសធាតុល្អ អាងហែលទឹក ភេសជ្ជៈ និងការទស្សនាបាល់ទាត់ក្នុងពេលតែមួយ។ជាលទ្ធផលនៃការប្រកួត អេស្ប៉ាញបានយកឈ្នះបារាំងក្នុងលទ្ធផល ២-០ ហើយបានកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈដែល Stadium Swim នឹងបន្តទទួលអ្នកគាំទ្រទស្សនាការប្រកួតបន្ទាប់រវាងអាហ្សង់ទីន និងអង់គ្លេសនៅថ្ងៃបន្ទាប់ផងដែរ៕ អត្ថបទ៖នាង សុភាវុធ  

ទេសចរណ៍ចិន ត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ នាដើមខែសីហា

2026/07/15 06:49:40 pm        215
ប្រជាពលរដ្ឋ និងកីឡាករ ដែលនិយមចូលចិត្តកីឡារត់ បានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី១១ នៅខេត្តសៀមរាប នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។យោងតាមវីដេអូផលិតរួមគ្នា ស្របតាមកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងគណៈកម្មការរៀបចំព្រឹត្តិការណ៍តាលីម៉ារ៉ាតុង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្មីៗ បានបង្ហាញយ៉ាងច្បាស់ពីការជឿជាក់របស់ប្រជាជនចិន មកលើស្ថេរភាពនយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់នៅកម្ពុជា ដោយពួកគេ បានត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមព្រឹត្តិការណ៍រត់ចម្ងាយ ៤២គីឡូម៉ែត្រលើទឹកដីអច្ឆរិយអង្គរនេះ។តាមរយៈប្រភពដដែល ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញនូវការស្វាគមន៍អត្តពលិក ក៏ដូចជាភ្ញៀវទេសចរណ៍ចិនទាំងអស់ ក្នុងការធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ នាដើមខែសីហាខាងមុខ ជាមួយការធានានូវសុខសុវត្ថិភាពពេញលេញ ក្នុងរដូវកាលបៃតង ដែលជាពេលវេលាដ៏ស្រស់ស្អាតមួយកម្រិតទៀត ពិសេសនៅតំបន់អង្គរតែម្ដង។ទន្ទឹមជាមួយគ្នា ទាំងតំណាងគណៈកម្មការព្រឹត្តិការណ៍តាលីម៉ារ៉ាតុង ក៏ដូចជាប្រជាជនចិន បានសម្ដែងនូវសេចក្ដីរីករាយ ជាមួយការត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមរត់ប្រណាំង នៅខេត្តសៀមរាប នាពេលឆាប់ៗខាងមុខ។ ទាំងអស់នេះ សបញ្ជាក់ឲ្យឃើញពីការជឿជាក់របស់ប្រជាជនចិន មកលើប្រទេសកម្ពុជា ដែលជាប្រទេសមានសុខសន្ដិភាពពេញលេញ ហើយក៏ជាសារមួយដ៏សំខាន់ ជួយជំរុញដល់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងការផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះកម្ពុជាទៅកាន់ពិភពលោកផងដែរ។សូមរំឮកថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មការរៀបចំព្រឹត្តិការណ៍តាលីម៉ារ៉ាតុង បានចុះកិច្ចព្រមព្រៀងពបញ្ជូនប្រតិភូ និងអត្តពលិកអាជីព ក៏ដូចជាស្ម័គ្រចិត្ត ចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងទៅវិញទៅមក កាលពីពាក់កណ្ដាលឆ្នាំ២០២៤ ហើយគម្រោងនេះ ត្រូវបានអនុវត្ត ២ឆ្នាំរួចមកហើយ ពិសេសការរៀបចំនៅឆ្នាំ២០២៥ ដោយមានប្រជាជនចិនចូលរួមច្រើនជាងគេ ខណៈឆ្នាំ២០២៦ នេះ ក៏រំពឹងនឹងទទួលបានអត្តពលិក ក៏ដូចជាភ្ញៀវទេសចរណ៍ពីចិន កាន់តែច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា

ការប្រកួតរវាងអង់គ្លេស និងអាហ្សង់ទីនធ្វើឲ្យ​នឹកឃើញដល់រឿងជូរចត់ក្នុងសមរភូមិបាល់ទាត់ និង​នយោបាយ​ គ្រាដែលអាជ្ញាធរអាមេរិករឹតបន្តឹងសន្តិសុខ

2026/07/15 06:21:11 pm        179
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងត្រូវប្រកួតជាមួយជម្រើសជាតិអង់គ្លេស នៅ​ម៉ោង​០២​និង​០០​នាទី​រំលង​អាធ្រាត្រ​ចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ពេលវេលានៅកម្ពុជា​នៅអាត្លង់តា សហរដ្ឋអាមេរិក ដើម្បី​ប្រជែង​យក​កៅអីឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​កីឡា​បាល់ទាត់​ពាន​រង្វាន់​ពិភព​លោក​២០២៦។ នេះគឺជាជំនួបប្រវត្តិសាស្ត្រដែលលើសពីកីឡា ព្រោះបានផ្សារភ្ជាប់​យ៉ាង​ជ្រាល​ជ្រៅ​ជាមួយ​រឿង​រ៉ាវ​នយោបាយ និងជម្លោះទឹកដី។ ភាពតានតឹង​ដ៏​ស្រួច​ស្រាវ​បំផុត​បាន​កើត​ឡើង​ក្រោយ​សង្រ្គាម​កោះ​ហ្វក​ឡែន ​(Falklands War) ឬអាហ្សង់ទីនហៅថា កោះម៉ាល់វីណាស់ (Malvinas) ក្នុង​ឆ្នាំ​១៩៨២​។ មួយវិញទៀតវាហាក់ដូចជាគាប់ជួប ការទទួលមរណភាព​ក្នុង​សប្តាហ៍​នេះ​របស់​អតីត​កីឡាករ​បាល់​ទាត់​អាហ្សង់ទីន​ លោក Antonio Rattin បានធ្វើឱ្យនឹកឃើញ​អំពី​ជម្លោះ​កីឡា​ដំបូង​បង្អស់​មួយ​រវាង​ប្រទេស​ទាំងពីរ​។ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ១៩៦៦ ប្រទេសទាំងពីរបានជួបគ្នាក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ​នៃ​ពាន​រង្វាន់​បាល់ទាត់ពិភពលោក ពេលនោះប្រទេសអង់គ្លេសធ្វើជាម្ចាស់ផ្ទះ។ លោក Rattin​ជា​ប្រធាន​ក្រុម​អាហ្សង់ទីន ត្រូវបានបណ្តេញចេញពីទីលាន។ លោកបានចាប់ទាញ​ទង់​ជាតិ​នៅ​ជ្រុង​ទីលាន​ដែល​មានរូបទង់ជាតិចក្រភពអង់គ្លេសនៅពេលលោកដើរចេញ ហើយបន្ទាប់មក​បាន​ទៅ​អង្គុយ​លើ​កម្រាលព្រំដែលបម្រុងទុកសម្រាប់ម្ចាស់ក្សត្រិយ៍ Elizabeth ដោយបដិសេធ​មិន​ព្រម​ដើរ​ចេញ​។ ​ក្រោយមក លោកបាននិយាយ ថា អ្នកគាំទ្រអង់គ្លេស​បាន​គប់​កំប៉ុង​ស្រា​បៀរ​មក​លើ​រូប​លោក​។អារម្មណ៍ឆេវឆាវនៅលើទីលានបានកើនឡើងយ៉ាងខ្លាំងពេញការប្រកួត ដែលបាន​បញ្ច​ប់​ទៅ​ដោយ​អង់​គ្លេស​ឈ្នះអាហ្សង់ទីន១ទល់នឹង០។ ក្រោយមក គ្រូបង្វឹកអង់គ្លេសលោក Alf Ramsey បាន​និយាយ​សំដៅ​ទៅលើកីឡាករអាហ្សង់ទីនថាជា "សត្វធាតុ"។ នេះគឺជាការប្រមាថ​មួយ​ដែល​អាហ្សង់ទីន​មិន​ដែលបំភ្លេចបានឡើយ។ម្ភៃឆ្នាំក្រោយមក នៅពហុកីឡដ្ឋាន Azteca ទីក្រុងម៉ិកស៊ីកូ ពោលនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ​១៩៨៦​ ប្រទេសទាំងពីរបានជួបគ្នាម្តងទៀតក្នុងវគ្គ ៨ ក្រុមចុង​ក្រោយ​បាល់​ទាត់​ពិភព​លោក​១៩៨៦​។ ប្រទេស​ទាំងពីរ​ទើប​តែ​បាន​ធ្វើ​សង្គ្រាម​ក្នុង​ជម្លោះ​រយៈពេល​ជា​ង​ពីរ​ខែ​លើ​ការ​គ្រប់​គ្រង​ដែន​កោះ​នៅ​មហាសមុទ្រអាត្លង់ទិកខាងត្បូង ដែលខាងចក្រភពអង់គ្លេសហៅថា កោះ Falklands ហើយអាហ្សង់ទីនហៅថា កោះ Malvinas ក្នុងឆ្នាំ ១៩៨២ ដែលធ្វើឱ្យ​ទាហាន​អាហ្សង់​ទីន​ ៦៤៩ នាក់ និងទាហានអង់គ្លេស ២៥៥ នាក់បានពលីជីវិត។ អារម្មណ៍ឈឺចាប់ និង​សោក​សៅ​នៅតែមានភាពស្រស់ៗនៅឡើយ។ក្នុងការប្រកួតនោះ វីរបុរស Diego Maradona ដែល​ជា​កីឡាករ​បាល់​ទាត់​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​មានទេពកោសល្យបំផុតនៅក្នុងប្រវត្តិសាស្ត្រ បានស៊ុតបញ្ចូលទីពីរ​គ្រាប់​ទល់​នឹង​អង់​គ្លេស ​ដើម្បីទម្លាក់ពួកគេចេញពីការប្រកួត។ គ្រាប់បាល់ទីពីរគឺជាទស្សនីយភាពដ៏ស្រស់ស្អាតខ្លាំង ដោយ​អូ​សបាល់យ៉ាងវែងកាត់ទីលាន លោកបានញាក់​ដាច់​ខ្សែការពារ​ពាក់​កណ្តាល​ក្រុម​របស់​អង់គ្លេស​។ ចំណែកឯគ្រាប់បាល់ទីមួយ គឺជាការប្រើដៃលេងបាល់ ដែលត្រូវបាន​គេ​ស្គាល់​ថា​ជា​គ្រាប់​បាល់​ "Hand of God" ដែលជាគ្រាប់បាល់​មួយ​ដែល​ស្ទើរ​តែ​ប្រាកដ​ជា​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលឡើយនៅក្នុងយុគសម័យដែលមានបច្ចេកវិទ្យា VAR នាពេលបច្ចុប្បន្ននេះ។សម្រាប់ Maradona និងប្រជាជនអាហ្សង់ទីនជាច្រើន វាមិនមែនជាការបន្លំឡើយ។ វា​គឺ​ជា​ជ័យ​ជម្នះ​របស់​អ្នកទន់ខ្សោយទៅលើអ្នកមានអំណាច។លោក Maradona បានសរសេរនៅក្នុងសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួនរបស់លោកមានចំណងជើង "El Diego" ថាវាលើសពីការយកឈ្នះក្រុមបាល់ទាត់មួយទៅទៀត វាគឺជាការ​យក​ឈ្នះ​លើ​ប្រទេស​មួយ​។ ​ជាការពិតណាស់ មុនពេលការប្រកួត យើងបាននិយាយថា បាល់ទាត់​មិន​មាន​អ្វី​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​កោះ Malvinas ឡើយ ប៉ុន្តែយើងដឹងថាក្មេ​ង​ៗ​អាហ្សង់ទីន​ជា​ច្រើន​បាន​ស្លាប់​នៅ​ទី​នោះ ​ត្រូវបានគេបាញ់ទម្លាក់ដូចជាសត្វចាបអញ្ចឹង។ នេះគឺជាការសងសឹក"។ទំនាក់​ទំនង​រវាងចក្រភពអង់គ្លេស និងអាហ្សង់ទីន គឺជាទំនាក់ទំនងដ៏រំជើបរំជួល និង​ចម្រុះ​ដោយ​ក្តី​ស្រឡាញ់​ផង និងការស្អប់ខ្ពើមផងជាយូរមកហើយផង។ តាមពិតទៅបើ​និយាយ​ពី​ប្រវត្តិ​បាល់​ទាត់​នៅ​អាហ្សង់​ទីនវិញគគឺក្រុមអ្នកចំណាកស្រុកជនជាតិអង់គ្លេស ដែលភាគច្រើនជា​កម្មករ​ផ្លូវ​រ​ថ​ភ្លើង ​ជាអ្នកនាំយកកីឡាបាល់ទាត់មកកាន់ប្រទេសអាហ្សង់ទីនដំបូងបង្អស់នៅក្នុងសតវត្សទី ១៩ ដែល​ជា​អ្វី​មួយដែលនៅតែឆ្លុះបញ្ចាំងរហូតមកដល់សព្វថ្ងៃនេះតាមរយៈឈ្មោះរបស់ក្រុមមួយចំនួន ជាក្លឹប River Plate ឬក្លឹបដំបូងបង្អស់របស់ Lionel Messi គឺក្លឹប Newell's Old Boys ជាដើម។ជនជាតិអង់គ្លេសក៏បាននាំយកមកនូវប្រព័ន្ធធនាគារ ការវិនិយោគ និងផ្លូវរថភ្លើង ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​នាំចេញសាច់គោ និងអាហារផ្សេងៗទៀតពីតំបន់វាលស្មៅ Pampas ហើយវា​បាន​បង្កើត​ជា​ទំនាក់ទំនងបែបពាក់កណ្តាលអាណានិគម។ កីឡាផ្សេងទៀតក៏បានមកដល់ផងដែរ ដូច​ជា​កី​ឡាប៉ូ​ឡូ (Polo) និងកីឡាបាល់ឱប (Rugby) ដែលកីឡាទាំង​ពីរ​នេះ​ត្រូវ​បាន​លេង​ក្នុង​កម្រិត​ខ្ពស់​នៅអាហ្សង់ទីននាពេលបច្ចុប្បន្ន។ ប៉ុន្តែទំនាក់ទំនងនេះ ជារឿយៗមាន​លក្ខណៈ​លំអៀង​ទៅ​ខាងម្ខាង ហើយការមិនពេញចិត្ត​ចំពោះក្រុ​ម​អ្នក​មាន​អំណាច​ដែល​មាន​និន្នាការ​និយម​អង់​គ្លេស​បានចាប់ផ្តើមកើតមានឡើង សូម្បីតែនៅពេលដែ​ល​ជន​ជាតិ​អង់​គ្លេស​បាន​ដក​ខ្លួន​ចេញ​ជា​បណ្តើរ​ៗនៅ​ក្នុងពាក់កណ្តាលសតវត្សទី ២០ ក៏ដោយ។បន្ទាប់ពីឆ្នាំ ១៩៨៦ ការជួបគ្នាក្នុងបាល់ទាត់ពិភពលោកបន្ទាប់គឺនៅក្នុងឆ្នាំ ១៩៩៨ដែល​បារាំង​ធ្វើ​ម្ចាស់​ផ្ទះ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ហើយត្រូវបានគេចង​ចាំបំ​ផុត​តាមរយៈ​កាត​ក្រហម​ដែល​ផ្តល់​ទៅ​ឱ្យ David Beckham ហើយការប្រកួតនោះអាហ្សង់​ទីន​ឈ្នះ​៤​ទល់​៣​ដោយ​ការ​កាត់​សេចក្តី​ទាត់​បាល់១១ម៉ែត្រ បន្ទាប់ពីស្មើគ្នា ២ទល់២ក្នុង១២០នាទី។ បួនឆ្នាំក្រោយមកទៀត គឺបាល់ទាត់ពិភពលោក២០០២ កូរ៉េ-ជប៉ុនជាម្ចាស់ផ្ទះ គ្រាប់បាល់របស់ Beckham បានជួយឱ្យអង់គ្លេសឈ្នះអាហ្សង់ទីនក្នុងវគ្គចែកពូល។ នោះ​គឺជា​ការ​ជួប​គ្នាចុ​ង​ក្រោយ​រប​ស់ពួកគេនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ទំនាក់​ទំនងប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ គឺជារឿងរ៉ាវនៃការផ្សារ​ភ្ជាប់​គ្នា​រវាង​វប្បធម៌​ដោយ​អង់​គ្លេស​នាំ​យក​បាល់ទាត់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៅឱ្យ និងការឈឺចាប់ពីសង្គ្រាម និងកា​រ​មើល​ងាយ ដែលធ្វើឱ្យរាល់ការជួបគ្នារបស់ពួកគេមានលក្ខណៈលើសពីកីឡា។ ចំពោះស្ថានភាពបច្ចុប្បន្ននៃជម្លោះកោះហ្វកឡេន (Falkland Islands ឬ Islas Malvinas) នៅក្នុង​ឆាកនយោបាយអន្តរជាតិ បាននិងកំពុងឡើងកម្ដៅខ្លាំងជាថ្មីម្តងទៀតនៅក្នុងឆ្នាំ ២០២៦ នេះ ​ដោយសារការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់មហាអំណាច និងការ​ប៉ះ​ទង្គិច​សម្តី​គ្នា​ចំ​ពេល​អង់គ្លេស និងអាហ្សង់ទីន​ជួបគ្នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​បាល់​ទាត់​ពិភព​លោក​២០២​៦​នេះ​។ក្នុងនោះកាលពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោក Pablo Quirno បានសរសេរអត្ថបទផ្សាយលើសារព័ត៌មាន La Nación ដោយហៅការ​គ្រប់​គ្រងរ​បស់​អង់​គ្លេសថាជា "ការកាន់កាប់ខុសច្បាប់"។ លោកបានវាយប្រហារថា ប្រជាជនរស់នៅលើ​កោះ​ហ្វក​ឡេន​សព្វ​ថ្ងៃ គឺជាប្រជាជនដែល "ត្រូវបានបង្កើតឡើងជាសិប្បនិម្មិត" ដោយអង់គ្លេស ហើយ​ការ​បោះឆ្នោតប្រជាមតិកាលពីឆ្នាំ២០១៣ (ដែល ៩៩.៨% ចង់នៅជាមួយអង់គ្លេស) គឺគ្មាន​តម្លៃ​ច្បាប់​ឡើយ​។ លោក​ក៏​បាន​ថ្កោល​ទោស​ផែន​ការ​ខួង​ប្រេងរ​បស់​អង់​គ្លេស​នៅ​ជុំវិ​ញ​កោះ​នោះផង​ដែរ​។ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេស លោក Sir Keir Starmer និងរដ្ឋមន្ត្រីការបរទេសលោកស្រី Yvette Cooper បានវាយបកភ្លាមៗ ដោយបដិសេធការលើកឡើងរបស់អាហ្សង់ទីន ។ អង់គ្លេស​អះ​អាង​ថា ដែនអធិបតេយ្យភាពកោះនេះគឺជារបស់ចក្រភពអង់គ្លេសដាច់ខាត ហើយសិទ្ធិ​សម្រេច​វាសនា​ខ្លួនឯ​ងរបស់ប្រជាជនលើកោះគឺជាចំណុចសំខាន់បំផុត។ជម្លោះនេះបានឡើងកម្ដៅតាំងពីខែមេសា-ឧសភា ឆ្នាំ២០២៦ មកម្ល៉េះ បន្ទា​ប់​ពី​មាន​បែក​ធ្លាយ​អនុស្ស​រណៈ​ផ្ទៃក្នុងរបស់ក្រសួងសង្គ្រាមអាមេរិក។ យោងតាមរបាយការណ៍ រដ្ឋបាលរបស់​ប្រធានា​ធិបតី ​Donald Trump បានពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​ពិចារណា​ឡើង​វិញ​លើ​ការ​គាំ​ទ្ររ​បស់​ខ្លួន​ចំពោះ​អធិបតេយ្យភាពអង់គ្លេសលើកោះហ្វកឡេន ដើម្បីឆ្លើយតបនឹង​ជំហរ​មិន​ដាច់​ស្រឡះ​របស់​អង់គ្លេស​លើ​សង្គ្រាមប្រឆាំងអ៊ីរ៉ង់។ទោះបីជារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាន​ព្យាយាមសម្រាលសង្រ្គាមចិត្តសាស្ត្រនេះ ដោយបញ្ជាក់ថា អាមេរិកនៅតែរក្សាជំហរ "អព្យា​ក្រឹត​" ​ដដែលក៏ដោយ ប៉ុន្តែវាបានផ្តល់ឱកាសឱ្យប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei (ដែលស្និទ្ធនឹងលោក ត្រាំ) ប្រកាសជាថ្មីថាលោកនឹងប្រើប្រាស់ផ្លូវការទូតដើម្បី "យក​កោះ​នេះ​ត្រឡប់​មក​វិញ"។រីឯជំហររបស់អង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំនាខែមិថុនា ឆ្នាំ២០២៦ នៅតែបន្តចាត់​ទុក​កោះហ្វក​ឡេន​ជា "ដែនដីមិនទាន់មានស្វ័យគ្រប់គ្រង" និងអំពាវនាវឱ្យប្រទេស​ទាំងពីរ​ចូល​តុចរចា​ដោយ​សន្តិវិធី ខណៈដែលប្រទេស​ចិន​បន្ត​បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការទាមទារ​របស់​អាហ្សង់ទីនលើកោះនេះ ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួននៅអាមេរិកខាងត្បូង។ភាពតានតឹងផ្នែកការទូតចុងក្រោយបង្អស់នេះ បានផ្ទុះឡើងចំពេល​ដែល​ក្រុម​បាល់​ទាត់​ទាំង​ពីរ​ត្រូវ​ជួប​គ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកនៅទីក្រុងអាត្លង់តា នាព្រឹកថ្ងៃ​ព្រហស្បត្តិ៍​។​ ហើយសម្រែកច្រៀងរាំរំលឹកដល់កោះម៉ាល់វីណាសពីសំណាក់អ្នកគាំទ្រអាហ្សង់ទីន បានធ្វើឱ្យអាជ្ញាធរអាមេរិកបង្កើនការការពារសន្តិសុខយ៉ាងតឹងរ៉ឹង ព្រោះខ្លាច​មាន​ការ​ប៉ះ​ទង្គិ​ចគ្នា​ដោយ​សារ​គំនុំនយោបាយ៕

ឯកឧត្តម ហ៊ុន ម៉ានី៖ កីឡា មិត្តភាព និងសប្បុរស គឺជាស្មារតីស្នូលរបស់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ

2026/07/15 05:46:40 pm        145
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានគូសរំលេចពីស្មារតីស្នូល និងបេសកកម្មចម្បងរបស់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ដោយផ្តោតលើគោលដៅសំខាន់ចំនួន ៣ រួមមាន «កីឡា មិត្តភាព និងសប្បុរស» ដើម្បីលើកកម្ពស់សុខភាព ការរឹតចំណងមិត្តភាព និងការចូលរួមជួយដល់ការងារសង្គម។ការលើកឡើងនេះ ស្របពេលឯកឧត្តម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់កីឡាករក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ និងការបង្ហាញឯកសណ្ឋានថ្មីរបស់ខ្លួនជាផ្លូវការ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយមាឯកឧត្តមឧបនាយករដ្ឋមន្ដ្រីនការចូលរួមជាសក្ខីភាពពីថ្នាក់ដឹកនាំ អាជ្ញាធរកីឡា និងក្រុមបាល់ទាត់ជាច្រើន នៅអគារ The Kampus។ទន្ទឹមជាមួយការចេញសេចក្ដីសម្រេចទទួលស្គាលសមាសភាពកីឡាករផ្លូវការ និងស្ដាបនូវរបាយការណ៍សង្ខេបពីសកម្មភាពក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្មរបស់សមាជិកក្រុម ទាំងគ្រូបង្វឹក និងកីឡាករ ក្នុងរយៈពេលជិត ២ឆ្នាំកន្លងមក ទាំងការហ្វឹកហាត់ ការប្រកួត ពិសេសការចូលរួមជួយដល់ការងារសង្គមផ្សេងៗ។ក្នុងនាមប្រធានក្រុមផ្ទាល់ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងពីសារៈសំខាន់ នៃកីឡាបាល់ទាត់ ដែលជាក្ដីស្រលាញ់របស់មនុស្សគ្រប់រូប ហើយនាំឲ្យមានការជួបជុំ ពង្រឹង និងពង្រីកនូវចំនងមិត្តភាព ដែលជាតម្លៃស្នូលមួយដ៏សំខាន់ សម្រាប់ភាពរីកចម្រើននៃសង្គមជាតិមួយ ដែលត្រូវចាប់ផ្ដើមពីការកសាងស្មារតីមិត្តភាព។ កត្ដានេះហើយ ទើបថ្នាក់ដឹកនាំក្រុម សម្រេចជ្រើសរើសយកពាក្យ ៣ គឺ កីឡា មិត្តភាព និងសប្បុរស សម្រាប់ជាស្មារតីស្នូល នៃបេសកកម្មរបស់ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ដែលមិនត្រឹមចូលរួមលើកកម្ពស់សុខភាព មិត្តភាព តែថែមទាំងអាចរួមចំណែកជួយដល់សង្គមជាតិថែមទៀតផង។គួរដឹងថា សមាសភាពកីឡាករក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ដែលត្រូវបានប្រកាសទទួលស្គាល់ គឺមានសមាជិកសរុបចំនួន ៨៧នាក់ ដែលមកពីគ្រប់មជ្ឈដ្ឋាន ទាំងថ្នាក់ដឹកនាំ និងសមាជិក ស.ស.យ.ក, មន្ត្រីរាជការ, ពាណិជ្ជករ, សិល្បករ, កីឡាករអាជីព អតីតកីឡាករអាជីព និងកីឡាករមកពីក្រុមផ្សេងៗ ដោយមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានក្រុម ព្រមទាំងទីប្រឹក្សាក្រុមចំនួន ១០រូប, អនុប្រធាន ៤រូប ព្រមទាំងក្រុមការងារពាក់ព័ន្ធផ្សេងទៀត។ក្រោយបង្កើតដំបូង ក្នុងខែតុលា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្នក្រុមបាល់ទាត់មានសមាសភាពកីឡាករចម្រុះនេះ បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ដូចជាការប្រកួតមិត្តភាពអបរសាទរខួបលើកទី១ នៃទិវាសន្ដិភាពនៅកម្ពុជា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤, ការប្រកួតអបអរសាទរទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៥, កម្មវិធី «តស់! យើងទៅច្រៀងចម្រៀងជាតិផ្ដល់កម្លាំងចិត្តជូនទ័រជួរមុខ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ និងការប្រកួតមិត្តភាពផ្សេងៗទៀតសរុបចំនួន ១១លើក ជាមួយផែនការជាច្រើនទៀត ដែលថ្នាក់ដឹកនាំក្រុមបានប្ដេជ្ញាយ៉ាងមុតមាំ ក្នុងការដឹកនាំស្មារតីក្រុមឱ្យមានសាមគ្គីភាព និងវិន័យខ្ពស់ រក្សាឱ្យបានដាច់ខាតនូវគោលការណ៍ស្នូល បន្តសកម្មភាពមនុស្សធម៌ដើម្បីបម្រើសង្គមជាតិ និងខិតខំពង្រីកសមាជិកភាពបន្ថែមទៀត ក្រោមស្មារតីរឹងមាំគឺ «កីឡា មិត្តភាព សប្បុរស»៕ អត្ថបទ លី ឈុនឡា          

អេស្ប៉ាញទម្លាក់បារាំងឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកលើកដំបូង ក្នុងរយៈពេល ១៦ឆ្នាំ

2026/07/15 05:28:28 pm        191
ក្រុមជម្រើសជាតិអេស្ប៉ាញ បានបង្ហាញទម្រង់លេងយ៉ាងរឹងមាំ និង​គ្រប់​គ្រង​ការ​ប្រកួត​បាន​យ៉ាង​ល្អ ​ដោយយកឈ្នះក្រុមជម្រើសជាតិបារាំងក្នុងលទ្ធផល ២-០ នៅវគ្គពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្របា​ល់​ទា​ត់​ពិភពលោក ដើម្បីកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ។អេស្ប៉ាញ ដែលជាម្ចាស់ជើងឯក UEFA Euro 2024 បានបើកការនាំមុខនៅនាទីទី២២ ប​ន្ទា​ប់​ពី​ខ្សែ​ប្រយុទ្ធ Mikel Oyarzabal ស៊ុតបាល់ពិន័យ ១១ ម៉ែត្របានសម្រេច ក្រោយ Lucas Digne បង្ក​កំហុសលើ Lamine Yamal នៅក្នុងតំបន់គ្រោះថ្នាក់។នៅនាទីទី៥៨ អេស្ប៉ាញបានបន្ថែមគ្រាប់ទី២ តាមរយៈ Pedro Porro ដែលទទួល​បាន​ការ​បញ្ជូន​បាល់​យ៉ាង​ល្អពី​ Dani Olmo ក្នុងការលេង ១-២ មុនពេលស៊ុតផុតដៃអ្នកចាំទី Mike Maignan ធានា​ជ័យជម្នះ ២-០។គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងលោក Didier Deschamps បានទទួលស្គាល់ថា ក្រុម​របស់​លោក​ចាញ់​អេស្ប៉ាញដោយសមត្ថភាពពិតប្រាកដ។ បារាំងដែលត្រូវបាន​គេ​ចាត់​ទុក​ថា​ជា​បេក្ខភាព​ដ៏​សំខាន់​មួយ​សម្រាប់លើកពាន មិនអាចបង្ហាញទម្រង់លេងដូចការរំពឹងទុកឡើយ។ អេស្ប៉ាញ​បាន​គ្រប់​គ្រង​តំបន់បម្រើយ៉ាងល្អ កាត់ផ្តាច់ការបញ្ជូនបាល់ទៅកាន់ខ្សែប្រយុទ្ធ Kylian Mbappe និង​ទាញយកផលប្រយោជន៍ពីកំហុសជាច្រើនរបស់កីឡាករបារាំង។ថ្លែងក្រោយ​ចប់​ការប្រកួតលោក Deschamps បាននិយាយថា៖ «អេស្ប៉ាញជាក្រុមដ៏ខ្លាំងមួយ ហើយ​ពួកគេបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅយប់នេះ។ យើងលេ​ង​មិន​បាន​ល្អដូ​ច​ការ​ប្រកួត​មុន​ៗ​ទេ មានកំហុសបច្ចេកទេសច្រើនជាងធម្មតា ហើយក៏ខ្វះកម្លាំងរាងកាយផងដែរ»។ «យើង​ដឹង​ពី​គុណភាពរបស់អេស្ប៉ាញ ហើយប្រសិនបើយើងចង់ឡើងវគ្គបន្ទាប់ យើង​ត្រូវ​តែ​លេង​ឱ្យ​បាន​ល្អ​បំ​ផុត។ ប៉ុន្តែយើងមិនអាចធ្វើបានទេ»។បញ្ហារបស់បារាំងកាន់តែធ្ងន់ធ្ងរ នៅពេលខ្សែការពារ William Saliba រងរបួស ខណៈខ្សែបម្រើ Adrien Rabiot ត្រូវប្រុងប្រយ័ត្នជាងមុន បន្ទាប់ពីទទួលបានកាតលឿងតាំងពីដើមការប្រកួត។ លោក Deschamps ក៏បានសរសើរអេស្ប៉ាញចំពោះសមត្ថភាពក្នុងការយល់ទិសដៅបាល់ កាត់​ផ្តា​​ច់ការបញ្ជូនបាល់ និងកាត់ផ្តាច់ចង្វាក់លេងរបស់បារាំង។«ពួកគេពូកែក្នុងការភ្ជាប់ការលេង និងអាចយល់ទិសដៅបាល់បានយ៉ាងល្អ ដើម្បីកាត់​ផ្តាច់​ការ​វាយ​ប្រហារ​របស់​យើង។ យើងមិនអាចរកដំណោះស្រាយបានទេ។ ការដែលយើង​មិន​អាច​បង្ហាញ​គុណ​ភាព​ប្រយុទ្ធ និងបច្ចេកទេសដូចការប្រកួតមុន គឺជាកំហុសរបស់យើងមួយផ្នែក ប៉ុន្តែ​អេស្ប៉ាញ​ក៏​សម​នឹងទទួលបានការកោតសរសើរផងដែរ»។បរាជ័យនេះបានបញ្ចប់ក្ដីសង្ឃឹមរបស់បារាំងក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup បីលើកជាប់ៗគ្នា បន្ទាប់ពីធ្លាប់ចាញ់អាហ្សង់ទីនដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីនៅវគ្គផ្តាច់ព្រ័ត្រ ២០២២ នៅកាតា។ទោះបីជាមានការខកចិត្តយ៉ាងខ្លាំងក៏ដោយលោក Deschamps មិនចង់មើលរំលងសមិទ្ធផលដែលក្រុមបានសម្រេចនៅក្នុងការប្រកួតនេះឡើយ។«ការខកចិត្តគឺធំណាស់។ កីឡាករទាំងអស់សុទ្ធតែជាអ្នកប្រកួតប្រជែង ហើយការបញ្ចប់ដំណើរនៅត្រឹមនេះពិតជាឈឺចាប់។ ប៉ុន្តែខ្ញុំមិនចង់មើលរំលងនូវអ្វីៗដែលយើងបានធ្វើនោះទេ។ គ្រាន់តែការប្រកួតនេះ អេស្ប៉ាញបានបង្ហាញថា ពួកគេល្អជាងយើងមួយកម្រិត»។ងាកមកអេស្ប៉ាញវិញ គ្រូបង្វឹកលោក Luis de la Fuente បានថ្លែងថា ក្រុមរបស់លោកកំពុងស្ដារឡើងវិញនូវស្មារតី និងទម្រង់លេងដ៏រឹងមាំដូចសម័យដែលធ្លាប់ឈ្នះជើងឯកពិភពលោកឆ្នាំ ២០១០។«ខ្ញុំតែងតែនិយាយថា សម្រាប់ខ្ញុំ កីឡាករអេស្ប៉ាញគឺជាកីឡាករល្អបំផុតក្នុងពិភពលោក ពីព្រោះពួកគេមានការយល់ដឹងអំពីការលេងបាល់ទាត់យ៉ាងល្អ។ ពួកគេដឹងថាត្រូវលេងបែបណានៅពេលប្រយុទ្ធ និងនៅពេលការពារ។ នេះគឺជាសមិទ្ធផលដ៏អស្ចារ្យរបស់បាល់ទាត់អេស្ប៉ាញ គ្រូបង្វឹកអេស្ប៉ាញ ក្លិបអាជីព និងលីគបាល់ទាត់អេស្ប៉ាញរួមគ្នាសម្រេចបាន។ យើងគួរតែមានមោទនភាព និងឱ្យតម្លៃចំពោះអ្វីដែលយើងមាន ហើយការប្រកួតថ្ងៃនេះគឺជាភស្តុតាងយ៉ាងច្បាស់។ សរុបមកវិញ តាំងពីចាប់ផ្តើមព្រឹត្តិការណ៍ យើងបានវាយតម្លៃថា ក្រុមទាំងមូលកំពុងស្ថិតក្នុងស្មារតីជើងឯកដូចយុគសម័យឈ្នះជើងឯកឆ្នាំ ២០១០ នៅអាហ្វ្រិកខាងត្បូង»។លោក Luis de la Fuente ក៏បានបង្ហាញបំណងចង់ជួបក្រុមអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ ដោយសារតែលោកមានទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយគ្រូបង្វឹក Lionel Scaloni។ ទន្ទឹមនឹងនេះ លោកក៏បានកោតសរសើរក្រុមអង់គ្លេសផងដែរ និងលើកឡើងថា ការប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រមួយទៀត គឺជាការប្រកួតដែល «អាចក្លាយជាវគ្គផ្តាច់ព្រ័ត្រ World Cup បានដែរ» ដោយសារគុណភាពរបស់ក្រុមទាំងពីរ។នៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើង នៅកីឡដ្ឋាន New York/New Jersey នៅយប់ថ្ងៃអាទិត្យ ទី១៩ រំលងអាធ្រាតចូលថ្ងៃទី ២០ ខែកក្កដានៅកម្ពុជា អេស្ប៉ាញនឹងត្រូវជួបអ្នកឈ្នះរវាងក្រុមជម្រើសជាតិអង់គ្លេស រឺអាហ្សង់ទីន៕អត្ថបទ៖នាង សុភាវុធ

Slaven Bilinc ត្រឡប់មកដឹកនាំក្រុមជម្រើសជាតិក្រូអាស៊ីជាថ្មី

2026/07/14 09:51:31 pm        155
សហព័ន្ធបាល់ទាត់ក្រូអាស៊ី បានប្រកាសជាផ្លូវការនៅថ្ងៃចន្ទពីការតែងតាំងលោក Slaven Bilic អតីតអ្នកចាត់ការក្លិប West Ham United ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិ បន្ទាប់ពីលោក Zlatko Dalic លាលែងពីតំណែង។លោក Slaven Bilic វ័យ ៥៧ ឆ្នាំ បានវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិវិញ បន្ទាប់ពីធ្លាប់ដឹកនាំក្រុមអាយុក្រោម ២១ ឆ្នាំរបស់ក្រូអាស៊ី មុនពេលក្លាយជាគ្រូបង្វឹកក្រុមធំអស់រយៈពេល ៦ ឆ្នាំ ដោយបានដឹកនាំសរុប ៦៥ ប្រកួត។ចំណែកលោក Dalic ដែលត្រូវបានចាត់ទុកថាជាគ្រូបង្វឹកជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ក្រូអាស៊ី បានសម្រេចចិត្តចាកចេញពីតំណែងក្រោយដឹកនាំក្រុមអស់រយៈពេល ៩ ឆ្នាំ បន្ទាប់ពីក្រូអាស៊ីធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោក ២០២៦ ក្រោមថ្វីជើងព័រទុយហ្គាល់វគ្គ ៣២ ក្រុមចុងក្រោយ។លោក Slaven Bilic មិនទាន់ដឹកនាំក្រុមណាមួយឡើយចាប់តាំងពីចាកចេញពីក្លិប Al Fateh នៃលីគកំពូលអារ៉ាប៊ីសាអូឌីត ក្នុងឆ្នាំ ២០២៤ បន្ទាប់ពីដឹកនាំក្រុមបាន ៣៦ ប្រកួតក្នុងមួយរដូវកាល។ក្រៅពីនេះ លោកក៏មានបទពិសោធន៍យ៉ាងច្រើននៅអង់គ្លេស ដោយធ្លាប់ដឹកនាំ West Ham, West Bromwich Albion និង Watford។ អាជីពជាគ្រូបង្វឹករបស់លោកបានចាប់ផ្តើមនៅក្លិប Hajduk Split ក្នុងឆ្នាំ ២០០១ បន្ទាប់ពីចូលនិវត្តន៍ពីអាជីពជាកីឡាករបានមួយឆ្នាំ។ក្នុងនាមជាកីឡាករលោក Bilic បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិក្រូអាស៊ី ៤៤ ប្រកួត និងជាសមាជិកសំខាន់ម្នាក់ដែលបានជួយឱ្យក្រូអាស៊ីឈ្នះចំណាត់ថ្នាក់លេខ៣ បាល់ទាត់ពិភពលោក ១៩៩៨ នៅប្រទេសបារាំង។បេសកកម្មដំបូងរបស់លោកក្នុងការវិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិក្រូអាស៊ី គឺដឹកនាំក្រុមឱ្យឆ្លងផុតវគ្គជម្រុះជើងឯកទ្វីបអឺរ៉ុប UEFA Euro 2028 មុនបន្តរៀបចំក្រុមសម្រាប់ការប្រកួត FIFA World Cup 2030៕ អត្ថបទ៖នាង សុភាវុធ

អ្នកចាត់ការថ្មី Andoni Iraola ថា Liverpool ត្រូវការទិញចូលកីឡាករថ្មីបន្ថែម ដើម្បីត្រៀមប្រជែងរដូវកាលថ្មី

2026/07/14 09:42:41 pm        192
អ្នកចាត់ការថ្មីរបស់ហង្សក្រហម Liverpool លោក Andoni Iraola បានឱ្យដឹងថា លោកចង់ឱ្យក្លិបបន្តចុះហត្ថលេខានាំចូលកីឡាករថ្មីបន្ថែមទៀត ខណៈក្រុមកំពុងរៀបចំសម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី Premier League ២០២៦-២៧ ដោយមានគោលដៅធ្វើឱ្យលទ្ធផលប្រសើរជាងរដូវកាលមុន។Liverpool បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៥ កាលពីរដូវកាលមុន ហើយរហូតមកដល់ពេលនេះ ក្លិបបាននាំចូលខ្សែការពារកណ្តាល Jeremy Jacquet ពី Stade Rennais និងខ្សែប្រយុទ្ធស្លាប Victor Munoz ពី Osasuna។លោក Iraola បានចូលកាន់តំណែងនៅខែមិថុនា បន្ទាប់ពីលោក Arne Slot ត្រូវបានបញ្ចប់តួនាទី។ ភារកិច្ចដ៏ធំរបស់លោក គឺស្តារកម្លាំង Liverpool ឱ្យវិលត្រឡប់មកប្រជែងពានវិញ ខណៈក្រុមក៏ត្រូវប្រឈមនឹងអវត្តមានរបស់ខ្សែប្រយុទ្ធ Mohamed Salah ដែលធ្លាប់ជាកម្លាំងសំខាន់របស់ក្លិបអស់ជាច្រើនឆ្នាំកន្លងមក។លើសពីនេះ លោកក៏ត្រូវស្វែងរកដំណោះស្រាយចំពោះបញ្ហាកីឡាកររងរបួសរយៈពេលវែង រួមមាន Hugo Ekitike, Conor Bradley និង Giovanni Leoni ផងដែរ។Iraola អតីតកីឡាករជម្រើសជាតិអេស្ប៉ាញ ដែលធ្លាប់លេងឱ្យ Athletic Bilbao ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៥ បានចាប់ផ្តើមអាជីពជោគជ័យក្នុងនាមជាគ្រូបង្វឹក Bournemouth កាលពីឆ្នាំ២០២៣ ហើយបានដឹកនាំក្រុមបញ្ចប់នៅលេខ៦ Premier League កាលពីរដូវកាលមុន ព្រមទាំងទទួលបានកៅអីនៅ UEFA Europa League។គ្រូបង្វឹកវ័យ ៤៤ ឆ្នាំរូបនេះបានបញ្ជាក់ថា លោកយល់ច្បាស់ពីសម្ពាធនៃការដឹកនាំក្លិបធំដូចជា Liverpool ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលខុសត្រូវ។Liverpool នឹងចាប់ផ្តើមយុទ្ធនាការ Premier League រដូវកាលថ្មី ដោយត្រូវធ្វើដំណើរទៅទឹកដី Newcastle United នៅថ្ងៃទី២៣ ខែសីហា៕អត្ថបទ៖នាង សុភាវុធ

កម្ពុជាឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រពាន ASEAN Women’s Cup ក្រោយយកឈ្នះទីម័រខាងកើត ៣-១

2026/07/14 09:32:22 pm        221
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ (១/២) នៃពានរង្វាន់បាល់ទាត់នារីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Women's Cup 2026 ហើយ ក្រោយយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើត ដោយលទ្ធផល ៣-១ កាលពីល្ងាចថ្ងៃចន្ទកន្លងទៅ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ការប្រកួតដំបូងក្នុងពូលB របស់ក្រុមបាល់ទាត់នារីកម្ពុជានេះ ត្រូវបានទីម័រខាងកើត នាំមុខ ១គ្រាប់មុន ត្រឹមរយៈពេល ២នាទី ដោយកីឡាការិនី Juleica Da Costa មុនកីឡាការិនី ហេង សុវណ្ណមុនី និង ឈិត សាភឿន វាយបកបានម្នាក់ ១គ្រាប់ ជួយឲ្យកម្ពុជា បើកការនាំមុខវិញ នៅនាទី២៩ និងនាទី៣៦ ហើយលទ្ធផលនេះ បានរក្សាដល់ចុងម៉ោង ទើបកីឡាការិនី វិបុល សេរីស៊ីថា រកបានគ្រាប់ទី៣ នៅនាទី៩០+៦ ជួយឲ្យក្រុមជម្រើសជាតិនារីកម្ពុជា យកឈ្នះក្រុមកីឡាការិនីទីម័រខាងកើត ៣-១ តែម្ដង។សម្រាប់ជ័យជម្នះដ៏សំខាន់នេះ បានធ្វើឲ្យក្រុមជម្រើសជាតិនារីកម្ពុជា កក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្ដិ ទោះបីសល់ ១ប្រកួតក្នុងដៃក្ដី ដោយរកបាន ៣ពិន្ទុ ស្មើក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី មុនក្រុមទាំងពីរ ត្រូវជួបគ្នាប្រជែងកៅអីកំពូលតារាងពូលB នាថ្ងៃទី១៦ ខែកក្កដាខាងមុខ។ ចំណែកក្រុមជម្រើសជាតិនារីទីម័រខាងកើត បានក្លាយជាក្រុមអត់ឱកាសមុនគេ ក្នុងចំណោមបេក្ខភាពចូលរួមពានរង្វាន់ថ្នាក់តំបន់នេះ ក្រោយរងបរាជ័យ ២ប្រកួតជាប់គ្នា។សូមបញ្ជាក់ថា ពានរង្វាន់  ASEAN Women's Cup 2026 មាន ៦ក្រុមចូលរួមដូចកាលពីរដូវកាលមុនដែរ និងបែងចែកជា ២ពូល ដើម្បីប្រកួតសន្សំពិន្ទុ និងចម្រាញ់ក្រុមលេខ១ លេខ២ តាមពូលនីមួយៗឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២២ ខែកក្កដាខាងមុខ។ ក្រោយបញ្ចប់ការប្រកួតនេះ សម្រាប់ក្រុមជ័យលាភីលេខ១ លេខ២ និងលេខ៣ នឹងទទួលបានកៅអីចូលរួមការប្រកួតពានរង្វាន់បាល់ទាត់នារីកម្រិតទី១ ប្រចាំតំបន់អាស៊ាន ASEAN Women’s Championship នាឆ្នាំ២០២៧៕ អត្ថបទ លី ឈុនឡា 

គោព្រៃកម្ពុជា ចេញទៅហាត់ ១សប្ដាហ៍នៅជប៉ុន មុនបើកទ្វារផ្ទះទទួលសិង្ហបុរី បើកឆាកជើងឯកអាស៊ាន

2026/07/14 09:21:56 pm        247
ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅប្រទេសជប៉ុនហើយ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់រយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែកក្កដាខាងមុខ ដើម្បីត្រៀមការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Championship Hyundai Cup ឆ្នាំ២០២៦ ដែលនឹងចាប់ផ្ដើមនាចុងខែនេះ។ជាមួយការបើកយុទ្ធនាការហ្វឹកហាត់ ក្រោយរងប្រតិកម្មពីអ្នកគាំទ្រនេះ ក្រុមគោព្រៃកម្ពុជា បានចាកចេញពីមាតុភូមិ កាលពីល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Koji Gyotoku និងកីឡាករ ២៤នាក់ ដែលបានកោះហៅ និងបង្ហាញកាលពីដើមសប្ដាហ៍មុន ដើម្បីហ្វឹកហាត់នៅជប៉ុន ដោយមានកិច្ចសហការ និងទទួលបានការគាំទ្រពីសមាគមបាល់ទាត់ជប៉ុន (JFA)។ក្រោយត្រឡប់ពីហ្វឹកហាត់នៅជប៉ុន មានពេល ៣ថ្ងៃ ដើម្បីបន្ដការហ្វឹកហាត់នៅរាជធានីភ្នំពេញ មុនបើកទ្វារផ្ទះស្វាគមន៍ការប្រកួតផ្លូវការ នៃពានរង្វាន់បាល់ទាត់កម្រិតទី១ ប្រចាំតំបន់ ដោយត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរីមុនគេ ក្នុងពូលA នាថ្ងៃទី២៤ ខែកក្កដា នៅពហុកីឡដ្ឋានជាតិមរកតេជោ រាជធានីភ្នំពេញ មុនបន្ដការប្រកួតក្រៅដី ទល់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៧-កក្កដា និងការត្រឡប់មកប្រកួតក្នុងដី ជាមួយក្រុមភ្ញៀវទីម័រខាងកើត នាថ្ងៃទី៣ ខែសីហា និងការប្រកួតបញ្ចប់ពូលA ក្រៅដី ទល់ក្រុមខ្លាំងវៀតណាម នាថ្ងៃទី៧ ខែសីហាខាងមុខ។សម្រាប់ពានរង្វាន់ ASEAN Championship Hyundai Cup រដូវកាលថ្មីនេះ មាន ១០ក្រុមចូលរួម និងបែងចែកជា ២ពូល ក្នុងមួយពូលមាន ៥ក្រុម គ្រាដែលកម្ពុជា ស្ថិតក្នុងពូលA ជាមួយការទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ២ប្រកួត និងត្រូវប្រកួតក្រៅដី ២ប្រកួត។ ព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហាខាងមុខ ។ សម្រាប់ក្រុមឈរលេខ១ និងលេខ២ ក្រោយបញ្ចប់ការប្រកួតវិលជុំក្នុងពូល នឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕ អត្ថបទ លី ឈុនឡា 

Soccer League រដូវកាលទី៩ ឈានដល់វគ្គ ១/២ ផ្នែកបុរស និងក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រផ្នែកនារី

2026/07/14 08:58:17 pm        210
ក្រោយដំណើរការប្រកួតជាង ៥សប្ដាហ៍កន្លងទៅ ពានរង្វាន់បាល់ទាត់ Soccer League រដូវកាលទី៩ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផ្នែកបុរស ដែលនឹងត្រូវជួបគ្នានាថ្ងៃទី១៥ ខែកក្កដាស្អែក ស្របពេលវិញ្ញាសាបាល់ទាត់នារី បានរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមសេនាអង្គរយូណាយធីត ត្រូវជួបក្រុមយុវតីស្ទាំងភ្លើងក្មេងវត្ដក្ដីចាស់ នាចុងសប្ដាហ៍នេះ។សម្រាប់បេក្ខភាពវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ដែលត្រូវជួបគ្នានាថ្ងៃពុធស្អែកនេះ រួមមានក្រុម អេសជីស៊ី ត្រូវជួបក្រុម ស៊ីប៊ែលអេហ្វស៊ី និងក្រុម ឌី អាយ ជី អេហ្វស៊ី ត្រូវជួបក្រុម អិ NSM ISP FC នៅទីលានបាល់ទាត់ AUPP។ក្រុមទាំង ៤ បានឆ្លងកាត់ការប្រកួត និងទម្លាក់ក្រុមខ្លាំងៗជាច្រើន ទម្រាំឈានដល់វគ្គសំខាន់នេះ ពិសេសក្រុម អេសជីស៊ី ដែលបានយកឈ្នះក្រុមជើងឯករងឆ្នាំចាស់ គោពិឃាតអេហ្វស៊ី នៅវគ្គ ៨ក្រុមចុងក្រោយ ដ្បិតក្រុមគោពិឃាតអេហ្វស៊ី បានទម្លាក់ក្រុមជើងឯកឆ្នាំចាស់ អាណាចក្របៃតង នៅវគ្គ ១៦ក្រុមចុងក្រោយ។ចំណែកលទ្ធផលវគ្គ ៨ក្រុមចុងក្រោយ ៣ប្រកួតផ្សេងទៀត គឺក្រុម NSM ISP FC បានយកឈ្នះក្រុម TOFU Army FT ដោយការទាត់បាល់ប៉េណាល់ទី ៩-៨ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ២-២, ក្រុម ស៊ីប៊ែលអេហ្វស៊ី បានយកឈ្នះក្រុម DIG Legend ១១-០ និងក្រុម ឌីអាយជី អេហ្វស៊ី បានយកឈ្នះក្រុមនសៀមរាបយូណាយធីត ដោយលទ្ធផល ៣-១។ក្រោយជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នារសៀលថ្ងៃទី១៥ ខែកក្កដាស្អែក ក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រ នាល្ងាចថ្ងៃទី១៨ ខែកក្កដា ក្រោយជំនួបវគ្គផ្ដាច់ព្រ័ត្រផ្នែកនារី ដើម្បីប្រកួតកាត់សេចក្ដីស្វែងរកក្រុមជើងឯក Soccer League រដូវកាលទី៩ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) គ្រាដែលក្រុមចាញ់ នឹងត្រូវជួបគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅទីលាន AUPP នាថ្ងៃទី១៧ ខែកក្កដា មុនជំនួបវគ្គផ្ដាច់ព្រ័ត្រមួយថ្ងៃ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM