វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

ព័ត៌មានកីឡា

ការសម្តែងពេលសម្រាកវគ្គទីមួយវគ្គផ្តាច់ព្រ័ត្រ World Cup នឹងមានរយៈពេលដល់ ២៥ នាទី

2026/07/16 08:28:39 pm        179
ការសម្រាកពាក់កណ្តាលការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក FIFA World Cup ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះនេះ ត្រូវបានគេរំពឹងថានឹងមានរយៈពេលចន្លោះពី ២០ ទៅ ២៥ នាទី ដើម្បីអនុញ្ញាតឱ្យមានការសម្តែងតន្ត្រីដ៏អស្ចារ្យស្រដៀងនឹងកម្មវិធី Super Bowl Halftime Show។កម្មវិធីសម្តែងរយៈពេលប្រមាណ ១១ នាទី នឹងធ្វើឡើងនៅកីឡដ្ឋាន New York New Jersey ដោយមានតារាល្បីៗរួមមាន Madonna, Shakira និងក្រុមចម្រៀង K-pop BTS ជាតួឯកសំខាន់។យ៉ាងណាមិញ ច្បាប់នៃការប្រកួតដែលគ្រប់គ្រងដោយ International Football Association Board (IFAB) បានកំណត់ថា ការសម្រាកពាក់កណ្តាលការប្រកួតមិនត្រូវលើសពី ១៥ នាទីឡើយ។គួររំលឹកថា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup កាលពីឆ្នាំមុន ដែលរៀបចំនៅកីឡដ្ឋានដដែល ការសម្រាកពាក់កណ្តាលការប្រកួតមានរយៈពេលសរុប ២៤ នាទី ដោយសារមានការសម្តែងពី Coldplay, J Balvin, Doja Cat, Tems និង Emmanuel Kelly។ថ្មីៗនេះ Justin Bieber ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីសិល្បករដែលនឹងចូលរួមសម្តែងនៅថ្ងៃអាទិត្យនេះផងដែរ។ ក្រៅពីតារាសំខាន់ៗ កម្មវិធីនេះក៏មាន Burna Boy, Gustavo Dudamel និងក្រុមចម្រៀង PS22 Chorus ដែលសហការជាមួយ Coldplay ខណៈ Chris Martin គឺជាអ្នករៀបចំ និងដឹកនាំកម្មវិធីសម្តែងទាំងមូល។ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងចាប់ផ្តើមនៅម៉ោង ៣:០០ រសៀល (ម៉ោងនៅទីក្រុង New York) ឬម៉ោង ២ រំលងអាធ្រាត (ម៉ោងនៅកម្ពុជា)។ក្នុងពិធីបិទនេះ ក៏នឹងមានការសម្តែងពី Tom Cruise, Laura Pausini, Nicole Scherzinger, Robbie Williams និង IShowSpeed ខណៈ Jennifer Hudson នឹងច្រៀងបទភ្លេងជាតិរបស់សហរដ្ឋអាមេរិក។សម្រាប់ការប្រកួតលើទីលាន ក្រុមជម្រើសជាតិអេស្ប៉ាញបានកក់កៅអីវគ្គផ្តាច់ព្រ័ត្ររួចហើយ បន្ទាប់ពីយកឈ្នះបារាំង ២-០ នឹងត្រូវជួបអាហ្សង់ទីនដែលវាយកបកយកឈ្នះអង់គ្លេស ២-១៕ អត្ថបទ៖នាង សុភាវុធ

កម្ពុជា ជួបឥណ្ឌូនេស៊ី បិទពូលB រសៀលនេះ មុនដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានបាល់ទាត់កម្រិតទី២ អាស៊ាន

2026/07/16 08:00:09 pm        369
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី បញ្ចប់ពូលB ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទាត់នារីកម្រិតទី២ ប្រចាំតំបន់អាស៊ាន ASEAN Women’s Cup ឆ្នាំ២០២៦ នាវេលាម៉ោង ៣:៤៥នាទីរសៀលថ្ងៃទី១៦ ខែកក្កដានេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មុនក្រុមទាំងពីរ ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាចុងសប្ដាហ៍នេះ។បច្ចុប្បន្នក្រុមទាំងពីរ សុទ្ធតែបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើតរៀងខ្លួន កាលពីថ្មីៗ កម្ពុជា កំពុងឈរកំពូលតារាង ក្រោយយកឈ្នះទីម័រខាងកើត ៣-១ ខណៈឥណ្ឌូនេស៊ី ឈរលេខ២ មាន ៣ពិន្ទុស្មើគ្នា ក្រោយយកឈ្នះក្រុមទីម័រខាងកើត ២-០។ យ៉ាងណាមិញរសៀលនេះ ក្រុមទាំងពីរ ត្រូវលទ្ធផលល្អរៀងខ្លួន ដើម្បីកំណត់ក្រុមលេខ១ និងលេខ២ ក្នុងពូលជាផ្លូវការ។ចំពោះបេក្ខភាពត្រូវជួបគ្នានៅវគ្គ ៤ក្រុមចុងក្រោយ នៅមិនទាន់ដឹងឡើយ ដោយរង់ចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលទាំងពីរ ដែលត្រូវប្រកួតដំណាលគ្នា គ្រាដែលជំនួបបញ្ចប់ពូលA គឺម្ចាស់ផ្ទះម៉ាឡេស៊ី ត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរី ។ បច្ចុប្បន្នបេក្ខភាពទាំង ៣ក្រុម ក្នុងពូលនេះ កំពុងមានពិន្ទុប្រទាញប្រទុងគ្នា ក្នុងនោះក្រុមជម្រើសជាតិនារីឡាវ មាន ២ពិន្ទុឈរកំពូលតារាងបណ្ដោះអាសន្ន គ្រាដែលម៉ាឡេស៊ី និងសិង្ហបុរី ឈរលេខ២ និងលេខ៣ រកបាន ១ពិន្ទុស្មើគ្នា។ ដូច្នេះចាំមើលតើក្រុមណាខ្លះ នឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទៅជួបក្រុមបាល់ទាត់នារីកម្ពុជា និងឥណ្ឌូនេស៊ី នៅវគ្គខ្វែងពូល នាថ្ងៃទី១៩ ខែកក្កដាខាងមុខ? អត្ថបទ លី ឈុនឡា   

ក្រុមបាល់ទះកម្ពុជាយកម្ចាស់ផ្ទះហ្វីលីពីន មុនជួបជួបឥណ្ឌូណេស៊ីល្ងាចនេះ

2026/07/16 06:59:14 pm        180
(ហ្វីលីពីន)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបើកការប្រកួតពានរង្វាន់បាល់ទះប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដោយយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ដោយលទ្ធផល ៣-២ ល្ងាចថ្ងៃទី១៥ ខែកក្កដា មុនបន្ដជួបក្រុមខ្លាំងឥណ្ឌូនេស៊ីនាល្ងាចនេះ។លទ្ធផលនេះគឺជាសញ្ញាណមួយដ៏ល្អ ឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទះកម្ពុជា ហើយក៏បង្ហាញភាពខ្លាំងជាថ្មី ដែលកម្ពុជា ធ្លាប់បានយកឈ្នះជាបន្ដបន្ទាប់ កាលពីបួនប្រាំឆ្នាំមុន មុនកម្ពុជាបង្ហាញខ្លួនលើកដំបូង ក្នុងពានរង្វាន់ SEA V.League កាលពីឆ្នាំ២០២៥ ដោយមិនស្គាល់ជ័យជម្នះទាល់តែសោះ។ បែបនេះក្ដី ក្រុមបាល់ទះកម្ពុជា បានចំណាយពេល ៥សិត ទម្រាំអាចយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ក្រោយការវាយបកឈ្នះគ្នាទៅវិញទៅមក ក្នុងនោះសិតទី១ កម្ពុជាបានយកឈ្នះ ២៥-២៣ តែត្រូវហ្វីលីពីន វាយបកឈ្នះ ៣០-២៨ នៅសិតទី២ ខណៈសិតទី៣ កម្ពុជា បានបន្ដយកឈ្នះ ២៥-២០។ ប៉ុន្ដែឱកាសផ្ដាច់យក ៣ពិន្ទុរបស់កម្ពុជា ត្រូវភ្លាតជាថ្មី នៅសិតទី៤ ក្រោយហ្វីលីពីន យកឈ្នះវិញ ២៥-២២ មុនកម្ពុជា វាយផ្ដាច់យកឈ្នះ ១៥-៨ពិន្ទុ នៅសិតទី៥។ នេះគឺជាជ័យជម្នះលើកដំបូង សម្រាប់ការបង្ហាញខ្លួនរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់កម្រិតទី១ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្រោយរងបរាជ័យ ៨ប្រកួតពេញ កាលពីរដូវកាលមុន ហើយក៏ជការសម្រេចបំណងសងសឹកលើក្រុមជម្រើសជាតិហ្វីលីពីនដូចគ្នា ដ្បិតជួបគ្នា ២ជើង កាលពីឆ្នាំ២០២៥ កម្ពុជា ចាញ់ហ្វីលីពីន ៣-២សិត នៅជើងទី១ មុនបន្ដចាញ់ ៣-១សិត នៅជើងទី២។ ជ័យជម្នះនេះធ្វើឲ្យក្រុមបាល់ទះកម្ពុជា មានសង្ឃឹមក្នុងការប្រជែងកៅអីវគ្គបន្ដ តែត្រូវចាំអ៊ុតការប្រកួតចុងក្រោយរបស់ខ្លួន ក៏ដូចជាជំនួបបញ្ចប់ពូលA ។ សម្រាប់ការប្រកួតបន្ទាប់កម្ពុជា នឹងត្រូវជួបក្រុមជើងឯកឆ្នាំចាស់ ឥណ្ឌូនេស៊ី វេលាម៉ោង ៤៖៣០នាទីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ មុនជំនួបបញ្ចប់ពូល រវាងឥណ្ឌូនេស៊ី និងហ្វីលីពីន នាថ្ងៃស្អែក។ ផ្អែកលើរូបមន្ដការប្រកួត ក្រោយបញ្ចប់ការប្រកួតវិលជុំ ក្រុមឈរលេខ១ និងលេខ២ តាមពូលនីមួយៗ នឹងបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

អ្នកគាំទ្រអាហ្សង់ទីនថា ជ័យជំនះលើអង់គ្លេសមានន័យលើសពីបាល់ទាត់ ខណៈ​អ្នកគាំទ្រ​អង់គ្លេសថា​វាជារឿងដដែលៗ

2026/07/16 06:34:17 pm        190
អ្នកគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីនរាប់រយនាក់ បាននាំគ្នាដង្ហែក្បួន និងអបអរសាទរនៅតំបន់ Times Square នាទីក្រុង New York ភ្លាមៗបន្ទាប់ពីក្រុមជម្រើសជាតិរបស់ពួកគេ វាយបកយកឈ្នះអង់គ្លេស ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក។ដោយស្លៀកពាក់អាវពណ៌ខៀវ-ស និងគ្រវីទង់ជាតិ អ្នកគាំទ្របានចាប់ដៃគ្នាច្រៀងបទលើកទឹកចិត្ត និងអបអរជ័យជម្នះដ៏រំភើប បន្ទាប់ពីអាហ្សង់ទីនរកបានពីរគ្រាប់នៅនាទីចុងក្រោយ ដើម្បីកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រ។អ្នកគាំទ្រម្នាក់ឈ្មោះ Lautaro Borrovinsky បាននិយាយថា៖ «បើមិនឆ្លងកាត់ការលំបាកទេ នោះមិនមែនជាអាហ្សង់ទីនទេ។ យើងរងសម្ពាធខ្លាំង ប៉ុន្តែបន្ទាប់ពីរកបានពីរគ្រាប់ អារម្មណ៍រីករាយបានផ្ទុះឡើងភ្លាមៗ»។ការប្រកួតរវាងអាហ្សង់ទីន និងអង់គ្លេស តែងតែមានអត្ថន័យលើសពីបាល់ទាត់ ដោយប្រទេសទាំងពីរមានប្រវត្តិប្រកួតប្រជែងយ៉ាងយូរអង្វែង។ លើសពីនេះ ពួកគេក៏មានជម្លោះអធិបតេយ្យភាពលើប្រជុំកោះ Falkland (ដែលអាហ្សង់ទីនហៅថា Las Malvinas) ដែលធ្លាប់ក្លាយជាសមរភូមិសង្គ្រាមរយៈពេលខ្លីកាលពីឆ្នាំ ១៩៨២។អ្នកគាំទ្រម្នាក់ទៀតឈ្មោះ Belisario Fernandez-Fundes ដែលបានបញ្ជាក់ថា ឪពុករបស់លោកធ្លាប់ចូលរួមក្នុងសង្គ្រាមនោះ បានលើកឡើងថា៖ «ការយកឈ្នះអង់គ្លេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺជាក្តីសុបិនដែលក្លាយជាការពិត។ វាមានន័យធំធេងជាងអ្វីដែលខ្ញុំធ្លាប់ស្រមៃទៅទៀត»។ងាកមកអ្នកគាំទ្រអង់គ្លេស បរិយាកាសនៅ Boxpark ទីក្រុងឡុងដ៍ ពោរពេញទៅដោយភាពស្ងប់ស្ងាត់ និងការខកចិត្ត បន្ទាប់ពីអ្នកគាំទ្រទស្សនាពីរគ្រាប់វាយបករបស់អាហ្សង់ទីននៅចុងម៉ោង។អ្នកគាំទ្រអង់គ្លេសជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយចំពោះលទ្ធផលនេះ។ លោក Stuart Marcus ដែលជាគ្រូបង្ហាត់ផ្នែកកាយសម្បទា បាននិយាយថា៖ «យើងពិតជាខកចិត្ត ប៉ុន្តែការពិតគឺអង់គ្លេសមិនទាន់ល្អគ្រប់គ្រាន់ទេ។ វាដូចជារឿងដដែលៗ ដែលខ្ញុំបានឃើញអស់ជាច្រើនឆ្នាំមកហើយ»។បន្ទាប់ពីវាយបកយកឈ្នះអង់គ្លេស ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន នឹងបន្តបេសកកម្មការពារជើងឯករបស់ខ្លួន ដោយត្រូវជួបក្រុមជម្រើសជាតិអេស្ប៉ាញនៅថ្ងៃអាទិត្យនេះ៕ អត្ថបទ៖នាង សុភាវុធ

កីឡាករអាហ្សង់ទីនលើកបដា ពាក់ព័ន្ធជម្លោះកោះ Falkland ក្រោយឈ្នះអង់គ្លេស ខណៈ FIFA អាចពិនិត្យករណីនេះ

2026/07/16 05:33:59 pm        159
ក្រុមកីឡាករជម្រើសជាតិអាហ្សង់ទីន បានបង្កការចាប់អារម្មណ៍ក្រោយបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ដែលពួកគេវាយបកយកឈ្នះអង់គ្លេស ២-១ ដោយបានលើកបដាដែលមានសរសេរថា «Las Malvinas Son Argentinas» មានន័យថា «កោះម៉ាល់វីណាស (Falkland) ជារបស់អាហ្សង់ទីន»។សកម្មភាពនេះត្រូវបានគេមើលឃើញថា អាចផ្ទុយនឹងបទប្បញ្ញត្តិរបស់ FIFA ដែលហាមឃាត់ការបង្ហាញបដា ទង់ជាតិ ឬសម្ភារផ្សេងៗដែលមានលក្ខណៈនយោបាយ ប្រមាថ ឬរើសអើង នៅក្នុងកីឡដ្ឋានអំឡុងការប្រកួត។រហូតមកដល់ពេលនេះ FIFA មិនទាន់ចេញសេចក្តីអធិប្បាយជាផ្លូវការពាក់ព័ន្ធនឹងករណីនេះនៅឡើយទេ។ក្នុងរូបភាពក្រោយការប្រកួត ខ្សែការពារ Lisandro Martinez និងខ្សែបម្រើ Giovani Lo Celso ត្រូវបានគេឃើញកាន់បដាខាងលើ ទាំងញញឹម និងគ្រវីដៃទៅកាន់អ្នកគាំទ្រ ខណៈប្រភពនៃបដានោះមិនទាន់ត្រូវបានបញ្ជាក់។បញ្ហាអធិបតេយ្យភាពលើប្រជុំកោះ Falkland ដែលអាហ្សង់ទីនហៅថា Las Malvinas គឺជាជម្លោះដ៏យូរអង្វែងរវាងអាហ្សង់ទីន និងចក្រភពអង់គ្លេស។ ប្រទេសទាំងពីរធ្លាប់ធ្វើសង្គ្រាមរយៈពេលខ្លីលើប្រជុំកោះនេះកាលពីឆ្នាំ១៩៨២ ដែលបានសម្លាប់ទាហានអាហ្សង់ទីន ៦៤៩ នាក់ និងទាហានអង់គ្លេស ២៥៥ នាក់។ ក្រោយសង្គ្រាម អង់គ្លេសបានបន្តគ្រប់គ្រងប្រជុំកោះនេះ ខណៈប្រជាពលរដ្ឋភាគច្រើននៅទីនោះក៏គាំទ្រការបន្តស្ថិតក្រោមអធិបតេយ្យភាពរបស់ចក្រភពអង់គ្លេស។ទោះជាយ៉ាងណា អាហ្សង់ទីននៅតែអះអាងថា ប្រជុំកោះនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលបានទទួលបន្តពីអេស្ប៉ាញក្រោយទទួលបានឯករាជ្យនៅឆ្នាំ១៨១៦ ហើយចោទថា អង់គ្លេសបានកាន់កាប់កោះនេះដោយខុសច្បាប់នៅឆ្នាំ១៨៣៣៕ អត្ថបទ៖នាង សុភាវុធ

អាហ្សង់ទីនវាយបកឈ្នះអង់គ្លេស ២-១ ឡើងវគ្គផ្តាច់ព្រ័ត្រ World Cup ជួបអេស្ប៉ាញ

2026/07/16 05:17:23 pm        160
ក្រុមការពារតំណែងជើងឯក អាហ្សង់ទីន បានវាយបកយកឈ្នះក្រុមជម្រើសជាតិអង់គ្លេស ក្នុងលទ្ធផល ២-១ មិនគួរឱ្យជឿនៅចុងម៉ោង ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកជួបអេស្ប៉ាញដែលរង់ចាំ។ការប្រកួតដ៏តានតឹងនេះ អង់គ្លេសជាអ្នករកគ្រាប់បាល់នាំមុខមុននៅនាទីទី៥៥ បន្ទាប់ពី Morgan Rogers បញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់ ហើយ Anthony Gordon ជាអ្នកបញ្ចប់ទីយ៉ាងល្អ។ទោះជាយ៉ាងណា អាហ្សង់ទីនបានបង្កើនសម្ពាធយ៉ាងខ្លាំង និងរកគ្រាប់តាមស្មើទាល់តែបាននៅនាទីទី៨៥ ដោយខ្សែបម្រើ Enzo Fernandez ស៊ុតពីក្រៅប្រអប់គ្រោះថ្នាក់ បន្ទាប់ពីទទួលបាល់បញ្ជូនពី Lionel Messi។Lionel Messi ម្តងទៀតគឺជាអ្នកប៉ះបញ្ជូនឱ្យមានគ្រាប់បាល់នៅម៉ោងបន្ថែមនាទីទី៩០+២ Lautaro Martinez ដែលទើបចូលជំនួស តែតបាល់បញ្ចូលទីយ៉ាងល្អដើម្បីជួយអាហ្សង់ទីនវាយបកយកជ័យជម្នះ ២-១។ លោក Thomas Tuchel គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បានទទួលស្គាល់ថា អាហ្សង់ទីនសមនឹងទទួលបានជ័យជម្នះ បន្ទាប់ពីបង្ហាញទម្រង់លេងល្អនៅវគ្គចុងក្រោយនៃការប្រកួត។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា អង់គ្លេសក៏លេងបានយ៉ាងល្អក្នុងរយៈពេល ៥៥ នាទីដំបូង និងសមនឹងនាំមុខ ១-០ ផងដែរ។លោក Tuchel បានលើកឡើងថា ការប្រកួតនេះអាចបែងចែកជាពីរវគ្គ ដោយមុន និងក្រោយពេលអង់គ្លេសរកបានគ្រាប់បាល់។ លោកទទួលស្គាល់ថា ការបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពិតជាធ្វើឱ្យក្រុមមានការឈឺចាប់ ប៉ុន្តែលោកបានជំរុញឱ្យកីឡាករគោរពសមិទ្ធផលរបស់គូប្រកួត ទទួលយកលទ្ធផល និងរៀនពីកំហុស ដើម្បីត្រឡប់មកវិញឱ្យកាន់តែរឹងមាំនៅការប្រកួតបន្ទាប់។គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ក៏បានសរសើរការតស៊ូរបស់កូនក្រុម ដោយចាត់ទុកថា ពួកគេអាចមានមោទនភាពចំពោះការប្រកួតទល់នឹងក្រុមការពារតំណែងជើងឯកពិភពលោក។ លោកបញ្ជាក់ថា អាហ្សង់ទីនកាន់តែគ្រោះថ្នាក់នៅពេលតាមពីក្រោយ ព្រោះពួកគេហ៊ានប្រថុយ វាយសម្រុកខ្លាំង និងបង្ហាញគុណភាពខ្ពស់ក្នុងការគ្រប់គ្រងបាល់ ដែលជាកត្តាធ្វើឱ្យអង់គ្លេសពិបាកទប់ទល់។លោក Tuchel បានបន្ថែមថា ក្រោយចប់ការប្រកួត លោកមិនបាននិយាយច្រើននៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ទេ ព្រោះគ្មានពាក្យណាអាចបំបាត់ការខកចិត្តបានភ្លាមៗឡើយ។ អ្វីដែលសំខាន់ គឺទទួលយកការបរាជ័យដោយការគោរព ទទួលស្គាល់ថាក្រុមបានប្រឹងប្រែងអស់ពីសមត្ថភាព ហើយបន្តក្រោកឈរឡើងវិញ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនាពេលខាងមុខ។គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni បានកោតសរសើរស្មារតីតស៊ូរបស់កូនក្រុម។ លោក Scaloni បានថ្លែងក្រោយការប្រកួតថា ក្រុមរបស់លោកតែងតែបង្ហាញទម្រង់លេងល្អបំផុតនៅពេលស្ថិតក្រោមសម្ពាធ។ លោកបានបញ្ជាក់ថា អ្វីដែលធ្វើឱ្យលោកមានមោទនភាពបំផុត គឺការដែលកីឡាករប្រយុទ្ធរហូតដល់សំឡេងកញ្ចែចុងក្រោយ។ ទោះបីជាក្រុមត្រូវធ្លាក់ចេញក៏ដោយ ក៏ពួកគេអាចចាកចេញដោយគ្មានការសោកស្តាយ ព្រោះបានប្រឹងប្រែងអស់ពីសមត្ថភាព។គ្រូបង្វឹកវ័យ៤៨ឆ្នាំរូបនេះបានលើកឡើងថា បន្ទាប់ពីអង់គ្លេសរកគ្រាប់បាល់នាំមុខ អាហ្សង់ទីនបានបង្ហាញអត្តសញ្ញាណពិតរបស់ខ្លួន ដោយមិនត្រឹមតែពឹងលើយុទ្ធសាស្ត្រ ឬបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីឆន្ទៈ កម្លាំងចិត្ត និងស្មារតីប្រយុទ្ធ ដែលជាមូលដ្ឋាននៃការលេងបាល់ទាត់របស់ក្រុម។លោក Scaloni ក៏បានពណ៌នាកីឡាកររបស់ខ្លួនថា ជាអ្នកប្រយុទ្ធដែលមានភាពរឹងមាំ និងមិនខ្លាចសម្ពាធ។ លោកបញ្ជាក់ថា នៅនាទីចុងក្រោយនៃការប្រកួត គ្មាននរណាម្នាក់គិតខ្លាចធ្វើខុសនោះទេ ផ្ទុយទៅវិញ ពួកគេទាំងអស់នៅតែចង់បានបាល់ និងចង់លេងដូចដែលធ្លាប់ធ្វើតាំងពីក្មេង។លោកបានសរសើរថា កីឡាករទាំងអស់មានភាពសាមគ្គីដូចជាគ្រួសារតែមួយ មិនបោះបង់ចោលបាល់ណាមួយឡើយ និងតស៊ូរហូតដល់វិនាទីចុងក្រោយ។រំលឹកផងដែរ ជ័យជំនះរបស់អាហ្សង់ទីនធ្វើឱ្យពួកគេបន្តដំនើរឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកលើកទី ៧ និងបន្តស្វែងរកជើងឯកលើកទី ៤ ក្នុងប្រវតិ្តសាស្រ្ត។ ចំណែកអង់គ្លេស ក្រៅពីឈ្នះជើងឯកលើកដំបូងតាំងពីឆ្នាំ ១៩៩៦ ក្នុងទឹកដីរបស់ខ្លួននោះ ពួកគេបន្តឈឺចាប់ធ្លាប់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី ៣ បន្ទាប់ពីធ្លាក់ត្រឹមវគ្គនេះនៅឆ្នាំ ១៩៩០ និង ២០១៨៕ អត្ថបទ៖នាង សុភាវុធ

Brighton ចំណាយលុយបំបែកកំណត់ត្រាក្លិបនាំយកខ្សែការពារ Luka Vuskovic ពី Tottenham តម្លៃ ៤៦ លានផោន

2026/07/15 08:46:00 pm        283
ក្លិបបាល់ទាត់ Brighton បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខានាំយកខ្សែការពារក្រុមជម្រើសជាតិក្រូអាស៊ី Luka Vuskovic ពី Tottenham Hotspur ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រារបស់ក្លិបប្រមាណ ៤៦ លានផោនជាមួយនឹងកិត្ចសន្យារយៈពេល ៥ ឆ្នាំ និងមានជម្រើសបន្តបន្ថែម ១ ឆ្នាំ។Brighton ធ្លាប់ដាក់សំណើទិញកីឡាករវ័យ ១៩ ឆ្នាំរូបនេះចំនួនពីរលើកកាលពីខែមុន ប៉ុន្តែត្រូវបាន Tottenham បដិសេធ។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀងចុងក្រោយអាចមានតម្លៃកើនដល់ ៥០ លានផោន ប្រសិនបើលក្ខខណ្ឌប្រាក់អត្ថប្រយោជន៍ផ្សេងៗត្រូវបានបំពេញ។Vuskovic បានផ្ទេរទៅ Tottenham នៅឆ្នាំ ២០២៥ ពីក្លិបក្រូអាស៊ី Hajduk Split ។ បន្ទាប់ពីមកដល់អង់គ្លេស រូបគេត្រូវបានដាក់ឱ្យ Hamburg ខ្ចីជើង និងបានបង្ហាញខ្លួន ៣០ ប្រកួត នៅក្របខណ្ឌ Bundesliga រដូវកាលមុន ស៊ុតបញ្ចូលទីបាន ៦ គ្រាប់។Vuskovic នឹងមកជំនួសតំណែងខ្សែការពារកណ្តាលជម្រើសជាតិហូឡង់ Jan Paul van Hecke ដែលបានផ្ទេរទៅ Tottenham ក្នុងកិច្ចសន្យារយៈពេលវែង ដោយមានតម្លៃប្រមាណ ៥២ លានផោន។កើតនៅទីក្រុង Split ប្រទេសក្រូអាស៊ី Vuskovic បានហ្វឹកហាត់ចេញពីថ្នាលយុវជនរបស់ Hajduk Split និងបានបង្កើតប្រវត្តិសាស្ត្រជាកីឡាករវ័យក្មេងបំផុតដែលបានបង្ហាញខ្លួនក្នុងលីគកំពូលក្រូអាស៊ី នៅវ័យត្រឹម ១៦ ឆ្នាំ។ មិនតែប៉ុណ្ណោះ រូបគេក៏ក្លាយជាអ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រក្លិបផងដែរ។នៅកម្រិតជម្រើសជាតិ Vuskovic បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិក្រូអាស៊ី ៦ ប្រកួត និងស៊ុតបញ្ចូលទីបាន ១ គ្រាប់ និងបានបង្ហាញខ្លួនជាលើកដំបូងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកថ្មីៗនេះផងដែរ។សម្រាប់រដូវកាលថ្មី Premier League, Brighton នឹងបើករដូវកាលដោយទទួលស្វាគមន៍ Aston Villa នៅទឹកដីរបស់ខ្លួន នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា៕ អត្ថបទ៖នាង សុភាវុធ

កម្ពុជា ជួបម្ចាស់ផ្ទះហ្វីលីពីនល្ងាចនេះ បើកឆាកយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជុំទី១

2026/07/15 08:13:57 pm        648
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះហ្វីលីពីន បើឆាកពូលA ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទះប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA V-Cup ឆ្នាំ២០២៦ នាវេលាម៉ោង ៥៖៣០នាទីល្ងាច ម៉ោងក្នុងតំបន់ ត្រូវនឹងម៉ោង ៤៖៣០នាទីល្ងាច ម៉ោងនៅកម្ពុជា នាមជ្ឈមណ្ឌលកីឡា Condon City។នេះជាការប្រកួតដំបូង ក្នុងចំណោម ២ប្រកួត នៃពូល A ដែលក្រុមបាល់ទះកម្ពុជា ត្រូវឆ្លងកាត់ មុនជំនួបបន្ទាប់ ដោយត្រូវជួបក្រុមខ្លាំងប្រចាំតំបន់ឥណ្ឌូនេស៊ី នាថ្ងៃទី១៦ ខែកក្កដាស្អែក ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។សម្រាប់ប្រវត្តិជួបគ្នាក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ ៤លើកចុងក្រោយ កម្ពុជា និងហ្វីលីពីន បានទទួលជ័យជម្នះ ២ប្រកួតរៀងៗខ្លួន ក្នុងនោះស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម កម្ពុជាឈ្នះហ្វីលីពីន ៣-១សិត ខណៈស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជា បន្ដឈ្នះហ្វីលីពីន ៣-០សិត តែជួបគ្នា ២លើកចុងក្រោយក្នុងពានរង្វាន់ SEA V.League កាលពីឆ្នាំ២០២៥ ហ្វីលីពីន បានយកឈ្នះវិញ ៣-២សិត នៅជុំទី១ និងឈ្នះ ៣-១សិត នៅជុំទី១។ ដូច្នេះចាំមើលតើរដូវកាលថ្មីនេះ កម្ពុជា នឹងអាចវាយបកឈ្នះហ្វីលីពីនវិញបានដែលឬទេ?គួរដឹងថា នេះជាលើកទី២ ហើយ ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រចាំតំបន់មួយនេះ បន្ទាប់ពីការចូលរួមលើកដំបូង ទទួលបានលទ្ធផលមិនសមប្រកប ដោយរងបរាជ័យ ៨ប្រកួត ក្នុងការប្រកួតទាំង ២ជុំ កាលពីរដូវកាលមុន ។ចំណែករដូវកាលថ្មីនេះ ការប្រកួតត្រូវបានអនុវត្តតាមរូបមន្ដថ្មី ក្រោយបន្ថែមសមាជិកថ្មីមីយ៉ាន់ម៉ា ធ្វើឲ្យកើនបេក្ខភាពដល់ ៦ក្រុម និងបែងចែកជា ២ពូល។ ជុំទី១ នឹងត្រូវធ្វើការប្រកួតនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា និងជុំទី២ ត្រូវប្រកួតនៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដាខាងមុខ។  ក្នុងការប្រកួតជុំនីមួយៗ ត្រូវអនុវត្តរូបមន្ដប្រកួតវិលជុំក្នុងពូល ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ ឡើងទៅប្រកួតវគ្គខ្វែង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមឈ្នះ នឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងពានប្រចាំជុំនីមួយៗតែម្ដង៕ អត្ថបទ លី ឈុនឡា

Mason Greenwood រកបានទ្រនំថ្មីផ្ទេរពី Marseille ទៅ Fenerbahce តម្លៃ ៣៩ លានអឺរ៉ូ

2026/07/15 08:04:39 pm        183
ក្លិបយក្សតួកគី Fenerbahce បានប្រកាសជាផ្លូវការ ពីការចុះហត្ថលេខា​នាំយក​ខ្សែ​ប្រយុទ្ធ​ជន​ជាតិ​អង់​គ្លេស Mason Greenwood ពីក្លិបបារាំង Olympique de Marseille ក្នុងតម្លៃផ្ទេរ ៣៩ លានអឺរ៉ូ។ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Istanbul បានបញ្ជាក់ថា ភាគីទាំងពីរ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ទាំង​ជាមួយកីឡាករ និងក្លិប Marseille រួចរាល់ហើយ ដោយថ្លៃផ្ទេរ​នឹង​ត្រូវ​បង់​ជា​បី​ដំណាក់​កាល​ស្មើៗគ្នា ក្នុងរយៈពេលបីឆ្នាំខាងមុខ។Fenerbahce ក៏នឹងទទួលបន្ទុកលើការទូទាត់ថ្លៃ ប្រាក់ចំណែកអភិវឌ្ឍន៍ (Solidarity Payments) ដែលកើតឡើងស្របតាមបទប្បញ្ញត្តិរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ផងដែរ​។Solidarity Payments គឺជាប្រាក់​ដែល​ក្លិប​ទិញ​កីឡាករត្រូ​វ​បែង​ចែក​ទៅ​ឱ្យក្លិប​ដែល​ធ្លាប់​បណ្តុះ​បណ្តាល​​កីឡាករនោះក្នុងវ័យកុមារ ឬយុវជន ស្របតាមបទប្បញ្ញត្តិរបស់ FIFA ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ការ​អភិវឌ្ឍយុវជន។Greenwood វ័យ ២៤ ឆ្នាំ បានផ្ទេរពី Manchester United ទៅកាន់ Marseille កាលពីខែ​កក្កដា ឆ្នាំ២០២៤ ក្រោមកិច្ចសន្យារយៈពេល ៥ ឆ្នាំ បន្ទាប់ពីបញ្ចប់​ទំនាក់​ទំនង​ដ៏​យូរ​អង្វែង​ជា​មួយ​ក្លិប​នៅ Premier League។ក្នុងរយៈពេលពីររដូវកាលជាមួយ Marseille ខ្សែប្រយុទ្ធដែលអាចលេងបានច្រើនតួនាទីរូបនេះ រក​បាន ៣៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៦៦ ប្រកួតនៅលីគកំពូលបារាំង។Fenerbahce សង្ឃឹមថា Greenwood នឹងជួយបង្កើនប្រសិទ្ធភាពតំបន់ប្រយុទ្ធ និង​ជា​កម្លាំង​សំខាន់​ក្នុង​ការប្រជែងពានរង្វាន់លីគកំពូលតួកគី ដែលក្លិបខកខានឈ្នះតាំងពីឆ្នាំ ២០១៤៕ អត្ថបទ៖នាង សុភាវុធ

Arsenal ប្រកាសផ្ទេរ Leandro Trossard ទៅ Besiktas បញ្ចប់ការរួមរស់រយៈពេល ៣ឆ្នាំ

2026/07/15 07:40:00 pm        191
ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានប្រកាសជាផ្លូវការថា ខ្សែប្រយុទ្ធស្លាបជម្រើសជាតិបែលហ្ស៊ិក Leandro Trossard នឹងផ្ទេរទៅចូលរួមជាមួយក្លិបទួកគី Besiktas ដោយបញ្ចប់ការស្នាក់នៅទឹកដី Emirates រយៈពេល ៣ ឆ្នាំ។កីឡាករវ័យ ៣១ ឆ្នាំរូបនេះ បានបង្ហាញខ្លួនសរុប ១៧៤ ប្រកួតក្នុងគ្រប់ក្របខណ្ឌឱ្យ Arsenal និងស៊ុតបញ្ចូលទីបាន ៣៦ គ្រាប់ បន្ទាប់ពីផ្ទេរមកពីក្លិប Brighton កាលពីខែមករា ឆ្នាំ២០២៣។តាមការចុះផ្សាយរបស់សារព័ត៌មាននៅចក្រភពអង់គ្លេស Besiktas នឹងចំណាយថ្លៃផ្ទេរប្រមាណ ១៧ លានផោន ដើម្បីនាំយក Trossard ខណៈកិច្ចសន្យារបស់គេជាមួយ Arsenal នៅសល់រហូតដល់ឆ្នាំ២០២៧ និងមានជម្រើសបន្តមួយឆ្នាំទៀត។Arsenal ក៏បានបញ្ជាក់ថា Trossard ទទួលបានការអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់ទីក្រុង Istanbul ដើម្បីឆ្លងកាត់ការពិនិត្យសុខភាព មុនសម្រេចការផ្ទេរជាផ្លូវការ។ក្នុងរដូវកាលមុន Trossard បានរួមចំណែកយ៉ាងសំខាន់ក្រោមការដឹកនាំរបស់លោក Mikel Arteta ដោយស៊ុតបញ្ចូលទីបាន ៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៦ លើក ក្នុងការបង្ហាញខ្លួន ៣១ ប្រកួតនៅ Premier League ខណៈ Arsenal បានបញ្ចប់ការរង់ចាំអស់រយៈពេល ២២ ឆ្នាំ ដើម្បីលើកពានជើងឯកលីគកំពូលអង់គ្លេស ហើយបានឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM