ក្រុមបាល់ទាត់កម្ពុជា បន្ដបរាជ័យ តែលោកគ្រូ​បង្វឹក​នៅ​តែ​ជឿជាក់​កូន​ក្រុម​អាច​ស្វែង​រក​លទ្ធផល​ល្អ
កម្ពុជា មានកៅអីលេងពានបាល់ទះអាស៊ី ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្រោម​លក្ខ​ខណ្ឌ​ផ្សេងគ្នា
Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី

ព័ត៌មានកីឡា

ព្រះខ័នរាជស្វាយរៀងចេញទៅប្រកួតពានក្លឹបលំដាប់ទីបីអាស៊ីនៅម៉ុងហ្គោលី ជាក្តីសង្ឃឹមខ្ពស់

2024/10/28 04:40:32 pm        285
ជើងឯកកម្ពុជាព្រះខ័នរាជស្វាយរៀង រំលងអធ្រាត្រចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ បាន​ចាក​ចេញ​ទៅកាន់ទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ចូលរួមការប្រកួត​ជើង​ឯក​ក្លឹប​លំដាប់​ទី​បី​ទ្វីបអាស៊ី ២០២៤/២០២៤ (AFC Challenge League)។នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកJosep Munoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ប្រាប់​ឱ្យដឹងថានេះជាបទពិសោធន៍ថ្មីសម្រាប់ក្លឹបដែលចូលរួមការប្រកួតនេះ ហើយពីរ​ក្រុម​ឡើង​ទៅ​វគ្គ​បន្ទាប់។ ចំពោះមុខត្រូវលេងឱ្យល្អជាមួយក្លឹប Madura United និងSP Falcons ដែល​សុទ្ធ​សឹង​ជា​ក្រុមល្អៗ ហើយត្រូវតេស្តខ្លួនឯងជាមួយការប្រកួតថ្មីនេះ។ ទាក់ទងនឹងគូប្រកួតទាំងពីររបស់ខ្លួន គ្រូបង្វឹកដដែលបន្តទៀតថាយើងបានមើលការប្រកួត និង​មាន​ក្រុម​ការងារវិភាគការប្រកួតនេះ។ ក្រុមទាំងពីរលេងខ្លាំង ជាពិសេសកីឡាករម៉ុងហ្គោលី ហ៊ា​ន​លេង​ច្រើន​ជាង ក្លាហានពេលលេងប្រយុទ្ធ។ ជារួមក្រុម Falcons លេងល្អជាង។អ្វីដែល​ត្រូវធ្វើពេលមកដល់ប្រទេសម៉ុងហ្គោលី គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញថា សម្រាប់​ផែនការគឺឱ្យកីឡាករប្រមូលកម្លាំងមកវិញ ដោយសារនេះជាការធ្វើដំណើរផ្លូវឆ្ងាយ ហើយ​យើង​ត្រូវតែលេងឱ្យខ្លាំងដូចក្រុមទាំងពីរលេងដូចគ្នា។ព្រះខ័នរាជ​ស្វាយរៀងបើកការប្រកួតក្នុងពូល E តំបន់អាស៊ីខាងកើត ដោយត្រូវជួបម្ចាស់ផ្ទះ SP Falcons ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង២និង០០នាទីរសៀល។ ពីរថ្ងៃបន្ទាប់ ជើង​ឯកកម្ពុជា ត្រូវជួបក្លឹបឥណ្ឌូណេស៊ី Madura United។លោក Josep Munoz បន្ថែមដែរថាមុនការប្រកួតមកដល់គ្មានបញ្ហារបួសកីឡាករនោះទេ ពោល​ទាំង​២៨នាក់មានវត្តមាននៅម៉ុងហ្គោលី។ ហើយយើងព្យាយាម​ធ្វើ​ឱ្យ​បាន​ល្អ​ទាំង​ពីរ​ប្រកួត​នេះ​ជាមួយ​ក្តីរំពឹងឡើងវគ្គបន្ទាប់។AFC Challenge League ជាការប្រកួតបាល់​ទាត់​ជើង​ឯក​សម្រាប់​ក្លឹប​លំដាប់​ទី៣​នៅ​ទ្វីប​អាស៊ី​ដែល​រៀបចំ​ដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ហើយម្ចាស់ជើងឯកមានកៅអីទៅលេង AFC League Twoវគ្គចែកពូលរដូវកាលបន្ទាប់។ជើង​ឯកក្លឹបលំដាប់ទីបីនេះ អាស៊ីខាងលិចមាន១២ក្រុមចូលរួម ចែកជា​បី​ពូល​មួយ​ពូល​មាន​បួន​ក្រុម ក្រុមលេខ១ក្នុងពូលទាំងបីចំនួន៣ក្រុម និងលេខ២​ល្អ​បំផុត​មួយ​ក្រុម​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។ ចំនែកអាស៊ីខាងកើតមាន៦ក្លឹបចូលរួម ចែកជាពីរពូលមួយពូលមានបីក្រុម ហើយ​លេខ​១ និង​លេខ២ឡើងទៅវគ្គ៨ក្រុមចុងក្រោយជាមួយអាស៊ីខាងលិច ដែលត្រូវលេងនៅខែមីនា ឆ្នាំ​២០២៥។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលេងនៅខែមេសា និងវគ្គផ្តាច់ព្រ័ត្រលេងនៅខែឧសភា ឆ្នាំ២០២៥៕

ពានសម្ដេចតេជោ-ថ្នាក់ខេត្ត៖ សៀមរាប កក់កៅអីវគ្គ ១/៤ ខណៈក្រុមបងប្អូន បានត្រឹម​ស្មើគ្នាក្នុងជំនួបបង្គ្រប់ជុំទី១

2024/10/23 10:33:49 pm        974
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ខេត្ត) បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ(១/៤) មួយក្រុមទៀតហើយ គឺក្រុមបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ស្របពេលក្រុមឈើតុំខេត្តពោធិ៍សាត់ ត្រូវការ ១ពិន្ទុទៀត ដើម្បីធានកៅអីវគ្គបន្ដ ។ រីឯជំនួបបង្គ្រប់ជុំទី១ រវាងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលត្រូវបានចាត់ទុកជាជំនួបបងប្អូន បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ។សម្រាប់ក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប បានបន្ដយកឈ្នះខេត្តឧត្ដរមានជ័យ លើទឹកដីខ្លួន ក្នុងលទ្ធផល ៨-០ បន្ទាប់ពីយកឈ្នះ ៦-០ ក្រៅដី កាលពីជើងទី១ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមតំណាងខេត្តសៀមរាបនេះ ធ្វើសម្រេចដោយកីឡាករ Omokafe ៤គ្រាប់, អៀម ភិរម្យ ២គ្រាប់ និងកីឡាករ ហ៊ន សុផានិត និង គា ម៉េងហ័ង រកបានម្នាក់ ១គ្រាប់ ដែលនាំឲ្យក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប រកបាន ៩ពិន្ទុពេញ ឈរកំពូលតារាងពូល E ក្រោយឈ្នះ ៣ប្រកួតជាប់ៗគ្នា ហើយបានក្លាយជាក្រុមទី២ ដែលបានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីសមាគមបាល់ទាត់ខេត្តស្វាយរៀង ។ចំណែកក្រុមបាល់ទាត់ឈើតុំខេត្ដពោធិ៍សាត់វិញ បានបន្ដយកឈ្នះក្រុមប៉ៃលិនស៊ីធី ក្នុងលទ្ធផលដ៏តានតឹង ១-០ លើទឹកដីខ្លួន បន្ទាប់ពីយកឈ្នះ ៣-០ ក្រៅដី កាលពីជើងទី១ ។ គ្រាប់បាល់ជ័យជម្នះ ដែលជួយឲ្យក្រុមឈើតុំខេត្តពោធិ៍សាត់ ទទួលបាន ៣ពិន្ទុបន្ថែម ធ្វើសម្រេចដោយកីឡាករ ភាព មិថុនា នៅនាទី៨៧ ។ ជ័យជម្នះនេះ នាំឲ្យក្រុមតំណាងខេត្តពោធិ៍សាត់ដដែល បន្ដឈរកំពូលតារាងD ដោយរកបាន ៧ពិន្ទុ នាំមុខប៉ៃលិនស៊ីធី ដែលទើបរកបាន ៣ពិន្ទុ និងសល់ ១ប្រកួតក្នុងដៃដូចគ្នា ។ ការណ៍នេះ ក្រុមឈើតុំពោធិ៍សាត់ គឺមានសង្ឃឹមខ្ពស់ឡើងទៅវគ្គបន្ដ ។ តែយ៉ាងណាក៏ត្រូវចាំអ៊ុតលទ្ធផល ២ប្រកួតចុងក្រោយរបស់ខេត្តបាត់ដំបងសិនឌេរ ។ក្រឡេកទៅចាប់អារម្មណ៍ជំនួបបង្គ្រប់ជុំទី១ ក្នុងពូល G រវាងក្រុមម្ចាស់ផ្ទះមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម និងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ គឺបានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ ។ ជំនួបដ៏ជក់ចិត្ត រវាងក្រុមក្បែខាងគ្នានេះ ត្បូងឃ្មុំ បានស៊ុតគ្រាប់នាំមុខម្ចាស់ផ្ទះ ១គ្រាប់មុន នៅនាទីទី១០ ដោយកីឡាករ សារី តៃម៉ូ តែមិនបាន ២នាទីស្រួលបួលផង កីឡាករ អេម ផលនិត ក៏រកបានគ្រាប់តាមស្មើឲ្យខេត្តកំពង់ចាមវិញ នៅនាទី១២ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង គ្មានក្រុមណាអាចរកគ្រាប់បាល់បន្ថែមទៀតឡើយ ។ ការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បន្ដឈរកំពូលតារាង ខណៈខេត្តកំពង់ចាម ឈរលេខ២ ដោយរកបាន ៤ពិន្ទុស្មើគ្នា៕ អត្ថបទ លី ឈុនឡា  

កីឡាករវ័យក្មេងកម្ពុជា ២៣នាក់ ត្រូវបានជ្រើសរើសហ្វឹកហាត់ជាមួយគ្រូបង្វឹក Spur នៅថៃ

2024/10/22 11:46:16 pm        661
កីឡាករយុវជនកម្ពុជា ២៣នាក់ ត្រូវបានជ្រើសរើសហ្វឹកហាត់ នៅកោះសាមុយ ប្រទេសថៃ ជាមួយគ្រូបង្វឹកមកពីក្លិប Tottenham Hotspur រយៈពេល ៦ខែ ក្រោមកម្មវិធីបាល់ទាត់ AIA-Spurs Elite Football Camp  តាមរយៈក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដែលផ្តោតលើការបណ្តុះគំនិត និងសុខមាលភាពកុមារឲ្យមានសុខភាពល្អ តាមរយៈកីឡា និងការអភិវឌ្ឍទៅកាន់ជើងឯកនាពេលអនាគត ។កម្មវិធីនេះ បានចាប់ផ្ដើមដំណើរការកោះសាមុយ កាលពីខែកញ្ញាកន្លងទៅ ខណៈមានកុមារ និងយុវជនកម្ពុជាចំនួន ២៣នាក់ ដែលមានទេពកោសល្យ ត្រូវបានសម្រិតសម្រាំងចេញពីកីឡាករសរុបចំនួន ១,៤៨២នាក់ពីកម្មវិធី AIA-Spurs ដើម្បីទទួលបានឱកាសហ្វឹកហាត់រយៈពេល ៦ខែ ។ ចំពោះវគ្គបណ្ដុះបណ្ដាលបាល់ទាត់ AIA-Spurs Elite Football Camp គឺមានរយៈពេល ៥ថ្ងៃ ដែលសម្របសម្រួល និងបង្វឹកផ្ទាល់ដោយគ្រូបង្វឹកមកពីក្លិបក្របខណ្ឌលីគកំពូលអង់គ្លេស ។កំឡុងពេលហ្វឹកហាត់នោះដែរ គ្រូបង្វឹកកម្រិតខ្ពស់មកពី Spurs លោក Shannon Moloney, Lily Javis និង Josh Tilley បានផ្តល់ឲ្យកុមារទាំងអស់ ចាប់យកសមត្ថភាពចាំបាច់ ដើម្បីក្លាយជាកីឡាករលំដាប់ពិភពលោក ចែករំលែកការយល់ដឹង បទពិសោធន៍ និងគន្លឹះស្ថាបនាដែលជាទុនដើម្បីក្លាយជាកីឡាករអាជីព ដែលរួមផ្សំលើការកសាងទំនុកចិត្ត ភាពអំណត់អត់ធន់ ការប្តេជ្ញាចិត្ត និងការអភិវឌ្ឍជំនាញទំនាក់ទំនងសង្គមជាដើម ។បន្ថែមពីលើជំនាញផ្នែកបាល់ទាត់ កីឡាករវ័យក្មេងរបស់កម្ពុជាទាំងអស់ ក៏ទទួលបានវគ្គសិក្សាលើអត្ថប្រយោជន៍នៃអាហារូបត្ថម្ភ សុខភាពផ្លូវចិត្ត  ការស្រលាញ់និងថែរក្សាបរិស្ថាន និងកត្តាចាំបាច់ផ្សេងៗទៀតដែលជាគ្រឹះទទួលបានសុខភាពល្អ ដើម្បីត្រៀមខ្លួនក្លាយជាកីឡាករអាជីពជាពេលអនាគតផងដែរ ។ទន្ទឹមជាមួយការបង្កើតកម្មវិធីនេះដែរ អាណាព្យាបាលរបស់កីឡាករវ័យក្មេងកម្ពុជាទាំងអស់ បានសម្ដែងក្ដីរីករាយ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់ ជំរុញឲ្យកូនៗខ្លួន មិនត្រឹមមានសុខភាពល្អ ថែមទាំងមានទំនួលខុសត្រូវជាងមុន មានភាពក្លាហាន មានទំនុកចិត្ត និងរាង្គកាយស្វាហាប់ជាងមុនទៀតផង ។គួរដឹងថា ក្រោយទទួលបានជោគជ័យ និងការគាំទ្រចំពោះវគ្គបណ្ដុះបណ្ដាលនេះ អេ អាយ អេ នឹងពាំនាំកម្មវិធី “AIA-Spurs បាល់ទាត់ដើម្បីសុខភាពកុមារ-ជើងឯកអង្គរ” ទៅកាន់ទឹកដីខេត្តសៀមរាប ក្រោមការរៀបចំជាមួយក្លិបបាល់ទាត់ Tottenham Hotspur សម្រាប់ផ្តល់នូវបទពិសោធន៍បាល់ទាត់តាមក្បូនខ្នាតអន្តរជាតិដល់កុមារអាយុពីចាប់ពី ៥ឆ្នាំ ដល់ ១៤ឆ្នាំ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។ ដូច្នេះសម្រាប់អាណាព្យាបាលដែលចាប់អារម្មណ៍ គឺអាចចុះឈ្មោះចូលរួមបានដោយឥតគិតថ្លៃ រហូតដល់ថ្ងៃទី៣១ ខែតុលាខាងមុខ៕ អត្ថបទ លី ឈុនឡា

អ្នកគាំទ្រសោកស្ដាយក្រោយ សួន ចាន់ណារ៉ូ សម្រេចចិត្តចូលនិវត្តន៍​ពីក្រុមបាល់ទះ​ជម្រើសជាតិកម្ពុជា

2024/10/18 10:37:20 pm        741
អ្នកគាំទ្របានសម្ដែងការសោកស្ដាយ បន្ទាប់ពីកីឡាករ សួន ចាន់ណារ៉ូ បាន​សម្រេច​ចិត្ត​ចូល​និវត្ដន៍​ពី​ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដ្បិតគេមើលឃើញថា ប្រធានក្រុមរូបនេះ នៅ​តែ​មាន​សមត្ថភាព​ខ្ពស់ក្នុងតំណែងអ្នកលើកបាល់បច្ចុប្បន្ន។ដំណឹងដ៏ភ្ញាក់ផ្អើលនេះដែរ ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជា ផ្សព្វផ្សាយលើបណ្ដាញសង្គម កាល​ពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ហើយ​សហព័ន្ធ​ក៏​គ្រោង​នឹងរៀបចំ​កម្ម​វិធី​ចូល​និវត្តន៍​ជា​ផ្លូវ​​ការរបស់កីឡាករវ័យ ២៩ឆ្នាំរូបនេះ នាដើមសប្ដាហ៍ក្រោយផងដែរ ។យោង​តាមការជូនដំណឹងរបស់សហព័ន្ធ ទាំងថ្នាក់ដឹកនាំ មន្ដ្រី និងកីឡាករទាំងអស់ សុទ្ធតែ​បាន​គោរព​នូវ​ការសម្រេចចិត្តនេះ ព្រមទាំងបានអរគុណ សួន ចាន់ណារ៉ូ ដែលបានខិត​ខំប្រឹង​ប្រែង​ជួយ​ក្រុម​ជម្រើសជាតិកម្ពុជាជាច្រើនរដូវកាលកន្លងមក រហូតសម្រេចបាន​សមិទ្ធផ​ល​ធំ​ៗ​ជា​ច្រើន​សម្រាប់​ជាតិ​មាតុភូមិទៀតផង ។ទន្ទឹមនឹងការប្រកាសនេះដែរ បានធ្វើឲ្យអ្នកគាំទ្រ មានការសោកស្ដាយជាខ្លាំង ដ្បិតគេយល់ថា សួន ចាន់ណារ៉ូ នៅតែមានសមត្ថភាពក្នុងតួនាទីជាអ្នកលើកបាល់ស្ដង់ដារ ។ តែយ៉ាងណាពួកគេ ក៏​បានបង្ហាញការគាំទ្រ ចំពោះការសម្រេចចិត្តរបស់ ចាន់ណារ៉ូ ជាច្រើន​នៅ​តាម​បណ្ដាញ​សង្គម​ផង​ដែរ ។គួរដឹងថា  ក្រោយប្រកបអាជីពបាល់ទះជាង ១០ឆ្នាំមកនេះ សួន ចាន់ណារ៉ូ បាន​រួម​ចំណែក​ជួយ​ក្រុម​ជម្រើស​ជាតិកម្ពុជាជាច្រើន ពិសេសរយៈពេល ៣ឆ្នាំចុងក្រោយ ដែលរូបគេបាន​ជួយ​ក្រុម​បង្កើត​កំណត់​ប្រវត្តិសាស្ដ្រជាបន្ដបន្ទាប់ ដូចការដណ្ដើមបានមេដាយសំរឹទ្ធលើកដំបូង ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣១ នៅវៀតណាម មុនបន្ដឈ្នះមេដាយប្រាក់ បន្ដឈ្នះមេដាយប្រាក់ ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ព្រមទាំងពានរង្វាន់ថ្នាក់ជាតិ និងអន្ដរជាតិជាច្រើនទៀត ខណៈ​ចុង​ក្រោយ គឺគេបានរួមចំណែកជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានកៅអីកម្រិត១ នៃ​ពាន​រង្វាន់ SEA V-League 2025 ទៀតផង ៕ អត្ថបទ លី ឈុនឡា

បាល់ទាត់ពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្ត៖ ត្រឹម១នាទី នាំឲ្យកំពង់ធំ និងព្រះវិហារក្រោន ចែកគ្នា ១ពិន្ទុម្នាក់

2024/10/18 10:18:55 pm        982
សមាគមកីឡាបាល់ទាត់ខេត្តកំពង់ធំ បានចែក ១ពិន្ទុម្នាក់ជាមួយក្រុមបាល់ទាត់ព្រះវិហារក្រោន បន្ទាប់​ពីភ្លាត់ត្រឹម ១នាទី ធ្វើឲ្យក្រុមទាំងពីរ បញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ក្នុង​ជំនួប​បញ្ចប់​ទី១ ក្នុងពូល F នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ​២០២៤/២៥ (ថ្នាក់ខេត្ត) ។ជំនួបជើងទី១ នៅកីឡដ្ឋានខេត្តកំពង់ធំនេះ កីឡាករ រ៉ា តារា ស៊ុតគ្រាប់នាំ​មុខ​ឲ្យ​ក្រុម​ភ្ញៀវ​ព្រះវិហារ​ក្រោន ១គ្រាប់មុន នៅនាទី៣៧ ប៉ុន្ដែក្រោយពីនាំមុខ មិនទាន់បាន ១នាទីស្រួលបួលផង ក្រុមម្ចាស់ផ្ទះសមាគមកីឡាបាល់ទាត់ខេត្តកំពង់ធំ ក៏មានឱកាសតាមស្មើភ្លាមៗ នៅនាទី៣៨ បន្ទាប់ពីខ្សែការពារ ហាក់ ងួនឡៃហេង ទាត់បាល់ផ្ដាច់ភ្លាត់ស្នៀតចូលទីខ្លួនឯង(Own Goal) ។បន្ទាប់ពីរកបាន ១គ្រាប់ម្នាក់ត្រឹមរយៈពេល ១នាទីនេះ ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង តែមិនមានក្រុមណាអាចរកគ្រាប់បាល់បន្ថែមបានឡើយ ដោយរក្សាលទ្ធផល ១-១ រហូតដល់ចប់ការប្រកួតពេញម៉ោង ។ការចែកគ្នា ១ពិន្ទុម្កនាក់នេះដែរ នាំឲ្កយក្រុមព្រះវិហារក្រោន បន្ដឈរកំពូលតារាងពូលF ជាបណ្ដោះអាសន្ន ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងស្មើ ១ រកបាន ៤ពិន្ទុ គ្រាដែលសមាគមកីឡាបាល់ទាត់ខេត្តកំពង់ធំ ឈរលេខ២ រកបាន ២ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួតស្មើ ទាំង ២ប្រកួត ៕ អត្ថបទ៖ លី ឈុនឡា 

ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» ចាប់ផ្ដើមហើយនៅថ្ងៃនេះ

2024/10/18 07:33:33 pm        199
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» ​បាន​ចាប់ផ្តើមជាផ្លូវការហើយ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតនេះ​ជាការគាស់រំលេចឡើងវិញនូវយុទ្ធគុនបុរាណ ក្បួនយុទ្ធគុន យុទ្ធសិល្ប៍ យុទ្ធោ​បករណ៍​បុរាណ និងយុទ្ធសាស្ត្រសង្គ្រាម របស់ព្រះមហាវីរក្សត្រ និង វីរបុព្វបុរស​ដូន​តាខ្មែរ​គ្រប់​ជំនាន់​។សូមទស្សនាកម្រងរូបភាព នៃពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់​សម្ដេចបវរធិបតី» ៖ 

ថ្នាក់ដឹកនាំកីឡាចំបាប់ ចាត់ទុកពង្រឹងសមត្ថភាពគ្រូតាមខេត្ត ជារឿងត្រឹមត្រូវ ដើម្បីផលិតធនធាន​បន្ដវេនកាន់តែច្រើន

2024/10/17 11:16:44 pm        481
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា រំពឹងផលិតបានកីឡាករ-កីឡាការិនី​ជំនាន់​ថ្មីកាន់តែច្រើន សម្រាប់បន្ដវេនក្នុងវិស័យកីឡាចំបាប់កម្ពុជា បន្ទាប់ពីការបណ្ដុះបណ្ដាល និង​ពង្រឹង​សមត្ថ​ភាព​គ្រូបង្វឹកមកពីតាមបណ្ដាលខេត្ត ។នេះបើតាមការលើកឡើង ក្រោយពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាចំបាប់ថ្នាក់ជាតិ ក្រោម​គម្រោង​សាមគ្គី​អូឡាំពិក ស្ដីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ ដែលមានរយៈពេល ១២ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី០៧-១៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។លោកបន្ដថា វគ្គនេះ រៀបចំឡើង ដើម្បីធានានូវចីរភាព និងបន្ដរីកចម្រើន ទាំងកម្លាំង និងបច្ចេកទេស ក្នុង​វិស័យកីឡាចំបាប់ សម្រាប់គ្រូបង្វឹក ពិសេសគ្រូតាមខេត្ត ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាត់ និង​ផលិត​បាន​នូវកីឡាករ-កីឡាការិនីបន្ដវេនកាន់តែច្រើន និងប្រកបដោយសក្ដានុពល ក្រោយ​ពេល​គ្រូ​បង្វឹក​ទាំង​អស់​នោះ មានចំណេះដឹង និងបច្ចេកទេសត្រឹមត្រូវ ក្នុងការបង្ហាត់ ក៏ដូចជាចេះ​មើល​នូវ​ទេពកោសល្យ​កូន​សិស្ស​។ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះដែរ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា បានកោតសសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាម ដែលជាគ្រូបង្វឹក ក្នុង​ការ​យក​ចិត្តទុកដាក់ក្រេបជញ្ជក់យក​ចំណេះដឹងថ្មីៗពីគ្រូឧទ្ទេសអន្តរជាតិ​ពាក់ព័ន្ធ​នឹង​គោលការណ៍​បច្ចេកទេស​នៃ​ការបង្វឹកកីឡាចំបាប់ ដើម្បីអភិវឌ្ឍន៍ចំណេះជំនាញលើសមត្ថភាពជាគ្រូបង្វឹករបស់ខ្លួន ។លោកថា វគ្គនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ ដែលមាន​រយៈ​ពេល​៥ខែ ដោយផ្តោតលើគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ១-បង្កើតគោល​នយោបាយ​ថ្មី​សម្រាប់​ការ​ប្រកួត និងការបង្វឹកប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់កីឡាចំបាប់ថ្នាក់ជាតិ។ ២-កម្មវិធីកំណត់​ទេពកោសល្យ និងស្វែងរកថែរក្សាអត្តពលិកកីឡាចំបាប់វ័យក្មេងដើម្បីទទួលបានជោគជ័យ ។ ៣-រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្វឹក និងមន្រ្តីអាជ្ញាកណ្តាលចៅក្រម ដើម្បីបង្កើតជំនាញ និងធានា​បាន​នូវនិរន្តរភាពកីឡាចំបាប់នូវក្នុងប្រទេស និង ៤-អភិវឌ្ឍន៍ធនធានមនុស្ស និងប្រព័ន្ធរៀបចំការប្រកួត ដើម្បីត្រៀមរៀបចំការប្រកួតយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា ។គួរដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាចំបាប់ថ្នាក់ជាតិ មានសិក្ខាកាមចំនួន ២៥នាក់ចូលរួម ដែល​បង្រៀ​នដោយគ្រូឧទ្ទេសលោក Martin Hauck ជំនាញការមកពីសហព័ន្ធកីឡាចំបាប់ពិភពលោក ហើយ​បុរសជនជាតិអាមេរិករូបនេះ ក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងសិក្សារបស់សិក្ខាកាម ក៏ដូច​ជាចំណេះដឹងរបស់គ្រូបង្វឹកម្នាក់ៗផងដែរ ៕អត្ថបទ លី ឈុនឡា  

ពានសម្ដេចតេជោ-ថ្នាក់ខេត្ត៖ កំពង់ចាម រកបាន ៣ពិន្ទុពេញ ខណៈស្ទឹងត្រែង ស្មើកំពង់ធំ

2024/09/27 08:46:31 pm        124
ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានយកឈ្នះ​ក្រុមម្ចាស់​ផ្ទះ​សមាគម​កីឡា​ខេត្ត​មណ្ឌល​គិរី ៣-០ ក្នុងជំនួបបើកឆាកពូលG នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ខេត្ត) ស្របពេលក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត​ស្ទឹងត្រែង និងសមាគមកីឡាបាល់ទាត់ខេត្តកំពង់ធំ បានត្រឹមចែកគ្នា ១ពិន្ទុពីការប្រកួតដំបូង ក្នុង​ពូល​F កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។សម្រាប់​ការប្រកួតនៅទីលានអនុវិទ្យាល័យ ហ៊ុន សែន សែនមនោរម្យក្រុ មមន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកំពង់ចាម បានដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះ រហូតរកបាន ៣គ្រាប់ជាបន្ដបន្ទាប់ ដែល​ធ្វើ​សម្រេច​ដោយកីឡាករ ជា ណាវីន ២គ្រាប់ នៅនាទី៤០ និងនាទី៤៧ ខណៈ ១គ្រាប់ទៀត រក​បាន​ដោយ​កីឡាករ សុក្រី អ៊ីសាន នៅនាទី៨៣ ខណៈសមាគមកីឡាខេត្តមណ្ឌលគិរី មិនអាច​ទម្លាយ​របាំង​ការពារក្រុមភ្ញៀវបានឡើយ ។ចំណែកការប្រកួតទីលានសាលាបឋមសិក្សាស្ទឹងត្រែងវិញ បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ។ ជំនួប​ដ៏តានតឹងនេះ ក្រុមម្ចាស់ផ្ទះ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង បានបើកការនាំមុខ ១​គ្រាប់មុន នៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ ណាត ភក្ដី នៅនាទី៤១ ។ ប៉ុន្ដែចូលវគ្គទី២ មិន​ទាន់បាន ១០នាទីផង កីឡាករ នន់ មានុត ក៏រកបាន​គ្រាប់​តាម​ស្មើ​ឲ្យ​សមាគម​កីឡា​ខេត្ត​កំពង់ធំ​វិញ នៅនាទី៥៧ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ការប្រកួតពេញម៉ោងតែម្ដង ។ជាមួយ​លទ្ធផលនេះដែរ នាំឲ្យក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ឡើងឈរ​កំពូល​តារាង​ពូល​G បណ្ដោះអាសន្ន ស្របពេលក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង និង​សមាគម​កីឡាខេត្តកំពង់ធំ បានត្រឹមឈរលេខ១ និងលេខ២ ដោយរកបាន ១ពិន្ទុស្មើគ្នា មុន​បន្ដ​ការ​ប្រកួត​ក្រោយ​សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលឆាប់ៗខាងមុខ៕ អត្ថបទ លី ឈុនឡា 

បេក្ខជន ១,២០០នាក់ ដាក់ពាក្យធ្វើអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤

2024/09/20 06:13:48 pm        317
យុវជន-យុវតីប្រមាណ ១,២០០នាក់ បានដាក់ពាក្យចូលរួមបម្រើការងារក្នុងព្រឹត្តិការណ៍​កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ ។ នេះបើយោងតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ។គណៈកម្មការអ្នកស្ម័គ្រចិត្ត នៃព្រឹត្តិការណ៍កីឡាជាតិ បានជូនដំណឹងដល់បេក្ខជនដែលបានចុះឈ្មោះទាំងអស់ ត្រូវត្រៀមខ្លួនចូលរួមធ្វើការសម្ភាសន៍រយៈពេល ៣ថ្ងៃ នៅថ្ងៃទី២៣, ២៤ និងថ្ងៃទី២៥ ខែកញ្ញាខាងមុខ ដើម្បីកំណត់យកបេក្ខជនប្រមាណ ៦០០ ទៅ ៧០០នាក់ សម្រាប់ចូលរួមចំណែកក្នុងដំណើរការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នាខែក្រោយ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្មីៗ ។យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានកីឡា កំឡុងបើកទទួលពាក្យស្នើសុំជាអ្នកស្ម័គ្រចិត្ដ កាលពីថ្មីៗ បានបញ្ជាក់ដែលថា សម្រាប់អត្ថប្រយោជន៍ ដែលបេក្ខជនជាប់ជាអ្នកស្ម័គ្រចិត្តនេះ នឹងទទួលបាននូវឯកសណ្ឋានអ្នកស្ម័គ្រចិត្ត កាតសម្គាល់ខ្លួន និងទទួលបាននូវលិខិតថ្លែងអំណរគុណពីគណកម្មការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាជាតិប្រចាំ ២ឆ្នាំម្ដងនេះផងដែរ ។គួរដឹងថា ពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងប្រារព្ធពិធីបើកផ្លូវការ នាថ្ងៃទី៣០ ខែតុលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងពិធីបិទ នឹងធ្វើឡើងនាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី៕ អត្ថបទ លី ឈុនឡា

ក្លិបបាល់ទាត់ភ្នំពេញក្រោនបានចាប់ដៃគូជាមួយ World Vision ក្នុងការរៀបចំ National Football Camp

2024/09/14 08:02:43 pm        148
ក្លិបបាល់ទាត់ភ្នំពេញក្រោន មានមោទនភាពក្នុងការប្រកាសពីភាពជាដៃគូរបស់យើងជាមួយអង្គការទស្សនៈពិភពលោក ដើម្បីគាំទ្ររៀបចំ National Football Camp (NFC)។ ការរៀបចំកម្មវិធីនេះគឺក្នុងគោលបំណងលើកកម្ពស់វិស័យបាល់ទាត់ និងលើកទឹកចិត្តក្មេងស្រី ក៏ដូចជាផ្តល់ឱកាសពួកគេមានភាពស្មើគ្នាក្នុងការប្រកួតប្រជែងជាមួយក្មេងប្រុសតាមរយៈកីឡាបាល់ទាត់បាល់ទាត់។ក្លឹបមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកជាមួយអង្គការទស្សនៈពិភពលោកនេះ ដើម្បីផ្តល់ការគាំទ្រទៅកាន់កីឡាករដែលមានទេព្យកោសល្យចំនួន ១៦០នាក់ចូលរួមដោយមិនគិតថ្លៃ មកកីឡដ្ឋាន Smart RSN Stadium ។ ឱកាសដ៏វិសេសវិសាលនេះនឹងផ្តល់សិទ្ធិដល់ពួកគេក្នុងការចូលរួមក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ដែលមានការប្រកួតប្រជែងមួយនេះ ក៏ដូចជាទទួលបានការយល់ដឹងដ៏មានតម្លៃអំពីជំនាញជីវិត និងសារៈសំខាន់នៃសមភាពយេនឌ័រ។គំនិតនៃការផ្តួចផ្តើមនេះគឺវាបានបង្កើតបរិយាកាសក្នុងការថែទាំដល់យុវជនឲ្យមានភាពរីកចម្រើន និងគាំទ្រគ្នាទៅវិញទៅមក ដោយមិនគិតពីភេទ។ តាមរយៈការជំរុញការងារជាក្រុម និងភាពធន់តាមរយៈកីឡា ក្នុងគោលបំណងបំពាក់ឱ្យអត្តពលិកវ័យក្មេងទាំងនេះនូវមេរៀនជីវិតសំខាន់ៗ ដែលពួកគេអាចយកទៅអនុវត្តឲ្យបានយូរអង្វែង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្គ្រាមលើអ៊ីរ៉ង់ ត្រូវបានកំណត់ជារបៀបវារៈកំពូលក្នុងជំនួបរវាង លោកTrump និងលោក Netanyahu
07/28/2026 11:07 AM
ក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកផ្នែកការទូតវិញ ខណៈអាមេរិក-អ៊ីរ៉ង់បានផ្អាកប្រយុទ្ធគ្នារយៈពេលបីថ្ងៃ
07/28/2026 11:07 AM
ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយបន្តហក់ឡើង សាំង ៤ ៥៥០ រៀល/លីត្រ និងម៉ាស៊ូត ៥ ២៥០ រៀល/លីត្រ
07/28/2026 11:07 AM
ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា
07/28/2026 11:07 AM
ក្រុមបាល់ទាត់កម្ពុជា បន្ដបរាជ័យ តែលោកគ្រូ​បង្វឹក​នៅ​តែ​ជឿជាក់​កូន​ក្រុម​អាច​ស្វែង​រក​លទ្ធផល​ល្អ
07/28/2026 11:07 AM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
07/28/2026 10:07 AM
កម្ពុជា មានកៅអីលេងពានបាល់ទះអាស៊ី ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្រោម​លក្ខ​ខណ្ឌ​ផ្សេងគ្នា
07/28/2026 10:07 AM
រដ្ឋប្រកាសឱ្យពលរដ្ឋត្រៀមខ្លួន​ចូលទៅនៅក្នុងលំនៅឋានថ្មីដែល​ចាប់ឆ្នោតពីកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
07/28/2026 10:07 AM
UN៖ សកម្មភាពរបស់អ៊ីស្រាអែលនៅលីបង់អាចចាត់ទុកថា ជា«ឧក្រិដ្ឋកម្មសង្គ្រាម»
07/28/2026 10:07 AM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករ ក្នុងខេត្តពោធិ៍សាត់
07/28/2026 10:07 AM