ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីឃីកបុកស៊ីង ស្ម័គ្រចិត្តបន្ដបរិច្ចាគឈាម ក្រោមស្មារតី «ខ្មែរជួយខ្មែរ»
ក្រុមបាល់ទាត់កម្ពុជា បន្ដបរាជ័យ តែលោកគ្រូ​បង្វឹក​នៅ​តែ​ជឿជាក់​កូន​ក្រុម​អាច​ស្វែង​រក​លទ្ធផល​ល្អ
កម្ពុជា មានកៅអីលេងពានបាល់ទះអាស៊ី ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្រោម​លក្ខ​ខណ្ឌ​ផ្សេងគ្នា
Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ

ព័ត៌មានកីឡា

ក្លិបបាល់ទាត់ភ្នំពេញក្រោនបានចាប់ដៃគូជាមួយ World Vision ក្នុងការរៀបចំ National Football Camp

2024/09/14 08:02:43 pm        148
ក្លិបបាល់ទាត់ភ្នំពេញក្រោន មានមោទនភាពក្នុងការប្រកាសពីភាពជាដៃគូរបស់យើងជាមួយអង្គការទស្សនៈពិភពលោក ដើម្បីគាំទ្ររៀបចំ National Football Camp (NFC)។ ការរៀបចំកម្មវិធីនេះគឺក្នុងគោលបំណងលើកកម្ពស់វិស័យបាល់ទាត់ និងលើកទឹកចិត្តក្មេងស្រី ក៏ដូចជាផ្តល់ឱកាសពួកគេមានភាពស្មើគ្នាក្នុងការប្រកួតប្រជែងជាមួយក្មេងប្រុសតាមរយៈកីឡាបាល់ទាត់បាល់ទាត់។ក្លឹបមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកជាមួយអង្គការទស្សនៈពិភពលោកនេះ ដើម្បីផ្តល់ការគាំទ្រទៅកាន់កីឡាករដែលមានទេព្យកោសល្យចំនួន ១៦០នាក់ចូលរួមដោយមិនគិតថ្លៃ មកកីឡដ្ឋាន Smart RSN Stadium ។ ឱកាសដ៏វិសេសវិសាលនេះនឹងផ្តល់សិទ្ធិដល់ពួកគេក្នុងការចូលរួមក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ដែលមានការប្រកួតប្រជែងមួយនេះ ក៏ដូចជាទទួលបានការយល់ដឹងដ៏មានតម្លៃអំពីជំនាញជីវិត និងសារៈសំខាន់នៃសមភាពយេនឌ័រ។គំនិតនៃការផ្តួចផ្តើមនេះគឺវាបានបង្កើតបរិយាកាសក្នុងការថែទាំដល់យុវជនឲ្យមានភាពរីកចម្រើន និងគាំទ្រគ្នាទៅវិញទៅមក ដោយមិនគិតពីភេទ។ តាមរយៈការជំរុញការងារជាក្រុម និងភាពធន់តាមរយៈកីឡា ក្នុងគោលបំណងបំពាក់ឱ្យអត្តពលិកវ័យក្មេងទាំងនេះនូវមេរៀនជីវិតសំខាន់ៗ ដែលពួកគេអាចយកទៅអនុវត្តឲ្យបានយូរអង្វែង៕

គ្រូ U18 ស្វាយរៀង សរសើរឆន្ទៈគូប្រកួត ក្រោយយកឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ Svay Rieng Super Cup

2024/09/09 06:23:45 pm        279
លោក ម៉ី សុផាត គ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ នៃក្លិបព្រះខ័នរាជស្វាយរៀង បាន​ស្ងើច​សរសើរ​ឆន្ទៈរបស់ក្រុមគោព្រៃភូមិស្វាយធំ គឺជាក្រុមមួយដ៏ល្អ ទោះបីក្រុមរបស់លោក បាន​យក​ឈ្នះ ​៤-១ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Svay Rieng Super Cup លើកទី១ ឆ្នាំ២០២៤ ក៏ដោយ ។ក្រោយបញ្ចប់ការប្រកួតដ៏ជក់ចិត្ត នៅទីលានវិទ្យាល័យ ស្វាយរំពារ កាលពីចុងសប្ដាហ៍កន្លងទៅ លោក ម៉ី សុផាត បានបញ្ជាក់ថា ទោះបីវគ្គទី១ ក្រុមខ្លួននាំមុខ ១គ្រាប់មុន តែកូនក្រុម ធ្វើ​មិន​សូវ​បាន​ល្អ រហូតធ្វើឲ្យគូប្រជែងមានឱកាសដាក់សម្ពាធ ។ យ៉ាងណាមិញ នៅវគ្គទី២ ក្រុមរៀប​ចំ​បាន​ល្អ ទើបទទួលបានលទ្ធផលជាវិជ្ជមាន ។ បែបនេះក្ដីក៏លោកនៅតែសរសើរក្រុមគោព្រៃភូមិស្វាយធំ ដែល​បាន​បង្ហាញនូវឆន្ទៈលេងពេញ ៩០នាទី ។បន្ទាប់ពីឡើងវគ្គផ្ដាច់ព្រ័ត្រ លោកនឹងព្យាយាមរៀបចំក្រុមឲ្យកាន់តែល្អ ដើម្បីប្រជែងពាន ពិសេស​ប្រសិន​បើ​ជួយក្រុមស្នងការនគរបាលខេត្តស្វាយរៀង ដែលក្រុម​យុវជន ​U18 ​ព្រះខ័​ន​រាជ​ស្វាយ​រៀង ​ធ្លាប់បរាជ័យក្នុងពាន Svay Rieng Cup តែម្ដង ។ជាមួយគ្នាដែរ លោក សាញ់ ស៊ីថា គ្រូបង្វឹកក្រុមគោព្រៃភូមិស្វាយធំ ក៏បានកោត​សរសើរ​នូវ​ការ​ខំប្រឹង​របស់​កូនក្រុមដូចគ្នា ទោះបីមិនអាចឈានទៅវគ្គផ្ដាច់ព្រ័ត្រ ក៏ជាលទ្ធផលមួយល្អ ដែ​ល​ក្រុម​ពុំ​ធ្លាប់​ធ្វើបានកន្លងមក ។ លោកបានចាត់ទុកនេះ គឺជាមោទនភាពមួយ សម្រាប់ក្រុម​ដែល​ប្រជុំ​ដោយ​កីឡាករ​ក្នុងភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលមាន​អ្នក​ធ្វើការ​ផង និងជាសិស្សផង ។គួរដឹងថា បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនសប្ដាហ៍ ពានរង្វាន់ Svay Rieng Super Cup ​លើក​ទី​១ ឆ្នាំ២០២៤ ដែលផ្ដួចផ្ដើមគំនិតរៀបចំដោយឯកឧត្តម ឌី វិជ្ជា ប្រធានសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង បានរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ១ក្រុមហើយ គឺក្រុម​យុវជន ​U18 ​ព្រះខ័ន​រាជស្វាយរៀង គ្រាដែល ១ក្រុមទៀត ត្រូវរង់ចាំការប្រកួតកាត់សេចក្ដី រវាងក្រុម​ស្នងការដ្ឋាន​នគរបាលខេត្តស្វាយរៀង និង ស.ស.យ.ក ក្រុងបាវិត នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ​ខាងមុខ នៅទីលានវិទ្យាល័យ រំពារ ដដែល ៕ អត្ថបទ លី ឈុនឡា

កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤

2024/09/07 04:17:25 pm        1160
ឯកឧត្ដម វ៉ាត់ ចំរើន និងឯកឧត្ដម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា រួមជាមួយ ឯកឧត្ដមអគ្គនាយក មន្រ្តីប្រតិភូ នៃក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ រដ្ឋបាលខេត្តកែប និងខេត្តព្រះសីហនុ ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ និងពិធីដង្ហែរភ្លើងគប់កីឡាជាតិ។ ឯកឧត្ដម វ៉ាត់ ចំរើន បញ្ជាក់ថាខេត្តកែប ជាខេត្តដែលត្រូវរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង និងជាខេត្តដែលត្រូវដង្ហែរភ្លើងគប់កីឡាជាតិដំបូងគេមុនបន្តទៅកាន់ខេត្តព្រះសីហនុ ឆ្ពោះទៅខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង និងបន្តចេញពីខេត្តកណ្តាល ទីតាំងព្រែកជីកហ្វូណនតេជោ រួចដង្ហែរទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក។នៅខេត្តព្រះសីហនុ ឯកឧត្ដម បានមានប្រសាសន៍ថាខេត្តព្រះសីហនុ ជាខេត្តតំបន់ទេសចរណ៍មួយ ដូច្នេះការរៀបចំការប្រកួតកីឡាម៉ូតូទឹក ទូកក្ដោង និងពិធីដង្ហែរភ្លើងគប់កីឡាជាតិ នឹងអាចផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៃខេត្តឆ្នេរសមុទ្រមួយនេះ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យបានទូលំទូលាយ។សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២៕

Cristiano Ronaldo ក្លាយជាកីឡាករដំបូងដែលស៊ុតបញ្ចូលទី ៩០០ គ្រាប់ ក្នុងអាជីពបាល់ទាត់កម្រិតកំពូល

2024/09/06 05:33:46 pm        62
Cristiano Ronaldo បានក្លាយជាកីឡាករដំបូងដែលស៊ុតបញ្ចូលទី ៩០០ គ្រាប់ក្នុងអាជីពបាល់ទាត់កម្រិតកំពូល ខណៈដែលព័រទុយហ្កាល់យកឈ្នះក្រូអាស៊ី ២-១។កីឡាករវ័យ ៣៩ ឆ្នាំរូបនេះបានស៊ុតបាល់វ៉ូឡេនៅនាទីទី ៣៤ ដែលជាគ្រាប់នាំមុខ ២-០ សម្រាប់ព័រទុយហ្កាល់បន្ទាប់ពី Diogo Dalot បើកការនាំមុខនៅនាទីទី ៧។មួយគ្រាប់នេះ ក៏ជាការពន្លាតគ្រាប់បាល់ដល់ ១៣១ គ្រាប់ឱ្យក្រុមព័រទុយហ្កាល់ ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេឱ្យក្រុមជម្រើសជាតិក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ ៩០០ គ្រាប់នេះគឺបូកបញ្ចូលតាំងពីពេលប្រកួតអាជីពបាល់ទាត់ជាមួយ Sporting Lisbon, Manchester United, Real Madrid, Juventus និង Al-Nassr៕

បញ្ចប់ថ្ងៃប្រកួតទី៨ (៥ កញ្ញា ២០២៤) ចិនបន្តឈរកំពូលតារាងជើងឯកប៉ារ៉ាឡាំពិកប៉ារីស២០២៤

2024/09/06 04:41:23 pm        258
បញ្ចប់ថ្ងៃប្រកួតទី៨ (៥ កញ្ញា ២០២៤) ការប្រកួតកីឡាប៉ារ៉ាឡាំពិកប៉ារីស២០២៤(Paralympic 2024) ចិនបន្តឈរកំពូលតារាងជើងឯក។ចិនឈ្នះមេដាយមាស១២គ្រឿងបន្ថែមទៀតថ្ងៃប្រកួតទី៨ ថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៤ ដើម្បីបន្តឈរកំពូលតារាងជើងឯកប៉ារ៉ាឡាំពិក២០២៤ទីក្រុងប៉ារីស។ចិនឈ្នះមេដាយសរុប ១៦៦គ្រឿង (មាស៧៤គ្រឿង ប្រាក់៥៥គ្រឿង និងសំរឹទ្ធ៣៧គ្រឿង)។ចក្រភពអង់គ្លេសបន្តឈរលេខ២ ក្រោយដណ្តើមបានមេដាយមាស៣៦គ្រឿង ប្រាក់២៩គ្រឿង និងសំរឹទ្ធ១៩គ្រឿង សរុប៨៤គ្រឿង។អាមេរិក ឈ្នះមេដាយមាស២៧គ្រឿង ប្រាក់៣៣គ្រឿង និងសំរឹទ្ធ១៧គ្រឿង សរុប៧៧គ្រឿង ហើយតាមពីក្រោយដោយហូឡង់ បារាំង អ៊ីតាលី អ៊ុយក្រែន ប្រេស៊ីល៕

ក្រុមសីដក់កម្ពុជា ឈ្នះមេដាយ ២គ្រឿង ក្នុងថ្ងៃដំបូង នៃការប្រកួតកម្រិតពិភពលោក នៅថៃ

2024/09/03 09:58:32 pm        793
ក្រុមកីឡាសីដក់ និងឈិនឡូនកម្ពុជា បានឈ្នះមេដាយ ២គ្រឿង នៅថ្ងៃដំបូង នៃការប្រកួត​កម្រិត​ពិភពលោក ISTAF World Sepaktakraw Championship, 37th Thai King’s Cup 2024 នៅ​ប្រទេសថៃ កាលពីថ្ងៃទី០១ ខែកញ្ញាកន្លងទៅ រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ១ ខណៈ​អត្តពលិកកម្ពុជា នៅសល់ការប្រកួត ៥វិញ្ញាសាទៀត រហូតដល់ថ្ងៃទី០៨ ខែកញ្ញាខាងមុខ ។សម្រាប់មេដាយប្រាក់ ក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះ ដណ្ដើមបានលើវិញ្ញាសាសីកន្ដ្រកផ្នែកបុរស ដែល​រកបាន ៥៣០ពិន្ទុ ដើម្បីឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ដោយយបន្ដធ្វើបាន ៥៤០ពិន្ទុ ។ លទ្ធផល​នេះ នាំឲ្យក្រុមកម្ពុជា ទទួលបានត្រឹមមេដាយប្រាក់ គ្រាដែលមេដាយមាស បានទៅ​ម្ចាស់​ផ្ទះថៃ និងមេដាយសំរឹទ្ទស្ទួន បានទៅវៀតណាម និងព្រុយណេ ។ចំណែក​មេដាយសំរឹទ្ធវិញ ដណ្ដើមបានលើវិញ្ញាសាសីកន្ដ្រកផ្នែកនារី ។ ការប្រកួតនេះដែរ ក្រុម​កីឡា​ការិនីកម្ពុជា រកបាន ៣៧០ពិន្ទុពីការប្រកួតដំបូង តែសោកស្ដាយនៅវគ្គ ៤ក្រុមចុងក្រោយ កម្ពុជារកបានត្រឹម ៣៦០ពិន្ទុ នាំឲ្យក្រុមសីដក់កម្ពុជា ទទួលបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ ។គួរ​ដឹងថា ព្រឹត្តិការណ៍អន្ដរជាតិ ដែលមានរយៈពេល ៨ថ្ងៃនេះ មានអត្តពលិកមកពី ៨ប្រទេស​ចូលរួម រួមមានក្រុមម្ចាស់ផ្ទះថៃ មីយ៉ាន់ម៉ា វៀតណាម ឡាវ ចិន ឥណ្ឌា ជប៉ុន និងកម្ពុជា ។ ក្នុងនោះកម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកសរុប ២៩នាក់ចូលរួមប្រកួតលើ ៧វិញ្ញាសា រួមមាន​វិញ្ញាសាក្រុមបុរស និងក្រុមនារី ៣នាក់ ទល់ ៣នាក់, ផ្នែកបុរស-នារី ៤នាក់ ទល់ ៤នាក់, វិញ្ញាសាសីកន្ដ្រក់ផ្នែកបុរស និងផ្នែកនារី និងវិញ្ញាសា ៤នាក់ ទល់ ៤នាក់ចម្រុះ៕ អត្ថបទ លី ឈុនឡា

អ៊ីរ៉ង់ រៀបចំជើងឯកគុនខ្មែរថ្នាក់ជាតិ ចម្រាញ់កីឡាករឆ្នើមត្រៀមប្រកួតជើងឯកពិភពលោកនៅកម្ពុជា

2024/09/03 09:48:23 pm        604
សហព័ន្ធកីឡាគុនខ្មែរប្រចាំនៅប្រទេសអ៊ីរ៉ង់ បានរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំប្រទេសខ្លួន ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីឆ្នើមត្រៀមចូលរួមការប្រកួតជើងឯកពិភពលោក លើកទី៥ នៅកម្ពុជា នាចុងឆ្នាំ២០២៤ ។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្ដរជាតិ បានមានប្រសាសន៍ថា អ៊ីរ៉ង់ គឺជាសមាជិកមួយរបស់សហព័ន្ធគុនខ្មែរអន្ដរជាតិ ហើយការរៀបចំការប្រកួតគុនខ្មែរជើងឯកថ្នាក់ជាតិលើទឹកដីអ៊ីរ៉ង់នេះ គឺជាមោទនភាពដ៏អស្ចារ្យមួយទៀត សម្រាប់កម្ពុជា ពិសេសបានបង្ហាញឃើញថា គុនខ្មែរ ពិតជាក្បាច់គុនបុរាណរបស់កម្ពុជាពិតប្រាកដមែន ។ឯកឧត្តមបន្ដថា នេះគឺជាការប្រកួតលក្ខណៈកម្ដៅសាច់ដុំមួយរបស់បណ្ដាប្រទេសសមាជិក KIF ជាក់ស្ដែងការប្រកួតគុនខ្មែរជើងឯកថ្នាក់ជាតិនៅអ៊ីរ៉ង់ គឺដើម្បីចម្រាញ់បាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗ សម្រាប់បញ្ជូនមកចូលរួមការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ នៅខេត្តសៀមរាប ដែលគ្រោងនឹងរៀបចំនាថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ។យោងតាមរបាយការណ៍លោក Seydreza Mousavi ប្រធានសហព័ន្ធគុនខ្មែរប្រចាំប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា ក្រោយក្លាយជាសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិ លោកបានផ្ដល់ឱកាសឲ្យយុវជនអ៊ីរ៉ង់ ហ្វឹកហាត់ និងប្រកួតលក្ខណៈជើងឯកប្រចាំប្រទេស ។ នេះគឺជាមោទនភាពជាតិខ្មែរមួយ ដែលបានផ្សព្វផ្សាយពីក្បាច់គុនបុរាណខ្មែរទៅកាន់បណ្ដាប្រទេសនានា ស្របពេលបច្ចុប្បន្នមានសមាជិកគុនខ្មែរអន្ដរជាតិ បានកើនដល់ ៥១ប្រទេសហើយ ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម ។អគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្ដរជាតិដដែល បានរំឮកទៀតថា គោលដៅរបស់គុនខ្មែរអន្ដរជាតិ គឺការពង្រីកសមាជិកឲ្យបានច្រើន ដើម្បីកម្ពុជាបានក្លាយជាសមាជិកមួយ ដែលទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ពោលគឺត្រូវមានសមាជិកចាប់ពី ៧៥ប្រទេសឡើងទៅ ។ ដូច្នេះកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងជំរុញការងារនេះ ដើម្បីពង្រីកសមាជិកឲ្យគ្រប់តាមគោលដៅ ជាមួយបទដ្ឋានគតិយុត្ដក្នុងការគ្រប់គ្រងដឹកនាំសណ្ដាប់ធ្នាប់គុនខ្មែរលើពិភពលោកឱ្យបានល្អដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍ និងអភិរក្សគុនខ្មែរឲ្យបានយូរអង្វែង និងប្រកបដោយចីរភាព ។គួរដឹងថា ក្រោយបង្កើតសហព័ន្ធគុនខ្មែរអន្ដរជាតិដំបូង កាលពីឆ្នាំ២០១៥ គឺមានសមាជិកត្រឹមជាង ២០ប្រទេសប៉ុណ្ណោះ តែបច្ចុប្បន្នបានកើនដល់ ៥១ប្រទេស ហើយមានប្រទេសខ្លះ បាននឹងកំពុងដំណើរនីតិវិធីចូលជាសមាជិក ហើយប្រទេសខ្លះទៀត ក៏មានសកម្មភាពជាហូរហែ ដូចដែលប្រទេសអ៊ីរ៉ង់ បាននឹងកំពុងរៀបចំជាដើម ។ នេះគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីចូលរួមផ្សព្វផ្សាយ និងជំរុញការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្ដរជាតិ៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជស្វាយរៀង U18 និងគោព្រៃភូមិស្វាយធំ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ស្វាយរៀងស៊ុបភើខាប់ ២០២៤

2024/09/03 09:31:08 pm        641
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងអាយុក្រោម១៨ឆ្នាំ បានយកឈ្នះក្រុម United SEZ ៨ទល់នឹង២ ចុងសប្ដាហ៍កន្លងទៅនៅទីលានបាល់ទាត់វិទ្យាល័យស្វាយរំពារឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្វាយរៀងស៊ុបភើខាប់២០២៤។ក្រុមយុវជនព្រះខ័នរាជស្វាយរៀង បើកការនាំមុខគូប្រកួត United SEZ នៅនាទី៧ ដោយគ្រាប់បាល់កីឡាករ សុខ ស៊ីណេ។ ៥នាទីបន្ទាប់កីឡាករម្ចាស់អាវលេខ២២ អ៊ុន ចន្ថា បន្ថែមគ្រាប់ទី២ឱ្យក្រុម។ក្នុងវគ្គទី២ ដំណើរការប្រកួតបាន១០នាទីកីឡាករម្ចាស់អាវលេខ១១ នៅ សុភក្ត្រា រកបានពីរគ្រាប់ផ្ទួនៗឱ្យព្រះខ័នរាជស្វាយរៀងនាំមុខ៤ទល់០។ នាទី៥៧ កីឡាករ សុខ ស៊ីណេ ធ្វើបានសម្រេចគ្រាប់ទី២របស់ខ្លួន និងគ្រាប់ទី៥ឱ្យក្រុម។ ទោះយ៉ាងនេះក្ដីយុវជនព្រះខ័នរាជមិនបន្ធួរដៃនោះទេ ពោលរកបានបីគ្រាប់បន្ថែមទៀតដោយកីឡាករ ពៅ វណ្ណដា នាទីទី៦៥ ជៀវ សំផារិទ្ធនាទីទី៨០ និងកីឡាករសុខ ស៊ីណេនាទីទី៨៧។ ប៉ុន្តែមុនចប់ការប្រកួត United SEZ វាយបកបានពីរគ្រាប់វិញដោយកីឡាករ ភឹន ចាន់វិសុទ្ធនាទីទី៩០បូក១ និង៩០បូក៤។ ក្រោយការប្រកួត លោក ម៉ី សុផាត គ្រូបង្វឹកអាយុក្រោម១៨ឆ្នាំព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ថាគ្រប់ការប្រកួតក្រុមត្រៀមខ្លួនបានល្អ ហើយចំពោះមុខត្រូវព្យាយាមឱ្យក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ។ លោកបន្តថា ស្វាយរៀងស៊ុបភើខាប់ពិតជាមានសារៈសំខាន់សម្រាប់យុវជន។ថ្ងៃជាមួយគ្នានោះដែរ ក្រុមបាល់ទាត់គោព្រៃភូមិស្វាយធំវាយបកតាមស្មើ និងឈ្នះសសយកស្រុករមាសហែកដោយបាល់កាត់សេចក្តី១១ម៉ែត្រ ហើយកក់កៅអីវគ្គ៤ក្រុមចុងក្រោយដែរ។ លេងបាន៧នាទី កីឡាករម្ចាស់អាវលេខ៧ សៅ អ៊ុក ទាត់បញ្ចូលទីឱ្យសសយករមាសហែកនាំមុខ មុនពេលកីឡាករ វ៉ា គឹង បន្ថែមគ្រាប់ទី២នៅនាទីទី៩។ នាទីទី៣៩ កីឡាករសៅ អ៊ុក ទាត់បញ្ចូលទីគ្រាប់ទី៣ឱ្យរមាសហែក។ ប៉ុន្តែ៣នាទីមុនចប់វគ្គទី១ គោព្រៃភូមិស្វាយធំ វាយបកបានមួយគ្រាប់វិញដោយកីឡាកររិទ្ធ តុលា។ ក្នុងវគ្គទី២ដែលមានភ្លៀងធ្លាក់ គោព្រៃភូមិស្វាយធំ បន្តរកបានពីរគ្រាប់បន្ថែម ធ្វើបានសម្រេចដោយកីឡាករ សាយ ពុធទ្រា នាទីទី៥៧ និងហៀប ឧត្តម នាទីទី៦៧។ នាទីដែលសេសសល់គ្មានគ្រាប់បាល់កើតឡើងទេ។ ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា ៣ទល់៣។ដើម្បីសម្រេចថាក្រុមមួយណាឡើងទៅវគ្គបន្ត ការទាត់បាល់កាត់សេចក្តី១១ម៉ែត្រត្រូវធ្វើឡើង ហើយគោព្រៃភូមិស្វាយធំក៏បានយកឈ្នះ ៤ទល់នឹង៣។វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ក្រុមយុវជនព្រះខ័នរាជស្វាយរៀងអាយុក្រោម១៨ឆ្នាំ ប្រកួតជាមួយគោព្រៃភូមិស្វាយធំ៕

គោព្រៃកម្ពុជា ចាប់ផ្ដើមហាត់លើទឹកដីស្រីលង្កា មុនការប្រកួតជម្រុះ AFC Asian Cup នាថ្ងៃព្រហស្បតិ៍

2024/09/03 08:59:43 pm        276
បន្ទាប់ពីធ្វើដំណើរដល់ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា កាលពីយប់រំលងអធ្រាត្យឈាន​ចូលថ្ងៃ​ទី០២ ខែកញ្ញាកន្លងទៅ នៅល្ងាចថ្ងៃដដែល ក្រុមជម្រើសជាតិកម្ពុជា ក៏បាន​ចាប់ផ្ដើម​ការ​ហ្វឹកហាត់​របស់ខ្លួន ដើម្បីត្រៀមជួបក្រុមម្ចាស់ផ្ទះស្រីលង្កា ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup Saudi Arabia 2027 នាល្ងាចថ្ងៃទី០៥ ខែកញ្ញាខាងមុខ នៅកីឡដ្ឋាន Racecourse International។ទន្ទឹមជាមួយការត្រៀមខ្លួនប្រកួតជម្រុះពានរង្វាន់ប្រចាំទ្វីបនេះ បានធ្វើឲ្យអ្នកគាំទ្រមាន​ការចាប់​អារម្មណ៍ ក៏ដូចជារង់ចាំអ៊ុតមើលការប្រកួតទាំងអស់គ្នា រវាងក្រុមកម្ពុជា និងស្រីលង្កា ដែលមាន​ការកោះហៅកីឡាករថ្មីៗមកជួយក្រុមរៀងៗខ្លួន ពិសេសក្រុមជម្រើសជាតិស្រីលង្កា ដែលបានកោះហៅកីឡាករកូនកាត់ និងកំពុងប្រកបអាជីពនៅអឺរ៉ុបប្រមាណ ១២នាក់មកជួយក្រុម ស្របពេលលោក Felix Dalmas ក៏បានផ្ដល់ឱកាសដល់កីឡាករចូលសញ្ជាតិ ៣រូប និងកីឡាករកូនកាត់ខ្លួនមកជួយក្រុមគោព្រៃកម្ពុជាផងដែរ ។មុនការប្រកួតមកដល់ កីឡាករកម្ពុជា បានលើកឡើងស្រដៀងៗគ្នា ចំពោះការត្រៀមខ្លួនលើកនេះ គឺមានភាពល្អប្រសើរច្រើន ទោះបីការប្រមូលផ្ដុំមានរយៈពេលខ្លី តែផ្អែកលើគុណភាពកីឡាករម្នាក់ៗ គឺមានភាពល្អប្រសើរជាងមុន បន្ទាប់ពីការចាប់ផ្ដើមនៃលីគកំពូលកម្ពុជា រដូវកាលថ្មី ។ ម្យ៉ាងដោយមានកម្លាំងថ្មី នៃកីឡាករចូលសញ្ជាតិជួយផង នឹងធ្វើឲ្យតំបន់ការពារកម្ពុជាកាន់តែរឹងមាំ ទោះបីត្រូវប្រឈមជាមួយក្រុម ដែលប្រជុំដោយកីឡាករកូនកាត់ និងមានបទពិសោធន៍លេងនៅលីគអឺរ៉ុប ដូចជាស្រីលង្កាក៏ដោយ ។គួរដឹងថា ក្រោយធ្វើការប្រកួតជើងទី១ ជាមួយក្រុមម្ចាស់ផ្ទះស្រីលង្កា នាល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវត្រឡប់មកមាតុភូមិវិញ ដើម្បីបើកទ្វារពហុកីឡដ្ឋានជាតិ ស្វាគមន៍ក្រុមជម្រើសជាតិស្រីលង្កាវិញម្ដង នាថ្ងៃទី១០ ខែកញ្ញាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គបន្ដ នៃពានរង្វាន់ AFC Asian Cup Saudi Arabia 2027 ៕ អត្ថបទ លី ឈុនឡា

កីឡាករម៉ូតូស្ព័រកម្ពុជា រំពឹងទាញបានផលចំណេញច្រើន ប្រសិនបើមានទីលានស្ដង់ដារនៅកម្ពុជា

2024/09/03 08:39:24 pm        135
កីឡាករប្រណាំងម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ រំពឹងនឹងអាចទាញបានផលប្រយោជន៍ជាច្រើន ប្រសិនបើកម្ពុជាមានទីលានប្រណាំងយានយន្ដស្ដង់ដារ និងរៀបចំព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិ ពិសេសការប្រណាំងម៉ូតូស្ព័រ ដ្បិតបច្ចុប្បន្នធនធានកីឡាករ និងអ្នកស្រលាញ់វិស័យកីឡានេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ តែខ្វះខាតទីលាន ។ការលើកឡើងនេះ បន្ទាប់ពី ពិសិដ្ឋ ត្រឡប់មកពីចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី វិញ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយទទួលបានលទ្ធផលល្អលើសការរំពឹងទុក ក្នុងការបង្ហាញខ្លួនលើទីលានអន្ដរជាតិ Sepang Circurt កម្រិតស្ដង់ដារ  GP លើកដំបូងនេះ ។ពិសិដ្ឋ បានលើកឡើងថា ខ្លួនមិនរំពឹងការចូលរួមព្រឹត្តិការណ៍ដ៏ធំលើកដំបូងនេះ ទទួលបានសមិទ្ធផលរហូតដល់ចំណាត់ថ្នាក់លេខ៤ នោះទេ ដោយសារម៉ូតូក៏ខ្ចីគេ ហើយបទពិសោធន៍លើទីលាន ក៏មិនមាន តែដោយសារការស្រលាញ់ និងខំប្រឹងមិនបោះបង់ បានធ្វើឲ្យយុវជនខ្មែររូបនេះ ទទួលបានសមិទ្ធផលដ៏ល្អប្រសើរ ។ទន្ទឹមជាមួយការទទួលបានសមិទ្ធផលថ្មីលើឆាកអន្ដរជាតិនេះដែរ ឈឹម ពិសិដ្ឋ បានលើកឡើងថា ខ្លួនក៏ចង់ឲ្យមានទីលានស្ដង់ដារ និងមានការប្រកួតអន្ដរជាតិនៅកម្ពុជាដែរ ។ អ្នកលេងម៉ូតូស្ព័ររូបនេះ បន្ដថា បច្ចុប្បន្នធនធានកីឡាករក្នុងវិស័យនេះ មានច្រើន ទោះបីធៀបនឹងបណ្ដាប្រទេសផ្សេងៗ នៅមានកម្រិត តែបើកម្ពុជា មានទីលានប្រណាំងម៉ូតូស្ដង់ដារតាមច្បាប់ FIM ឬ FIA លោកជឿថា វិស័យនេះ នឹងរីកចម្រើន ហើយអាចផ្ដល់នូវផលចំណេញជាច្រើន ទាំងក្នុងវិស័យកីឡាយានយន្ដ ក៏ដូចជាទេសចរណ៍ទៀតផង ។គួរដឹងថា  ឈឹម ពិសិដ្ឋ បានចាប់យកអាជីពប្រណាំងម៉ូតូស្ព័រ តាំងពីឆ្នាំ២០១៩មក ហើយធ្លាប់ចូលរួមប្រណាំងក្នុងស្រុក និងទីលាន Mira International ប្រទេសថៃ ៤លើក ជាមួយកីឡាករខ្លាំងៗ។ នេះជាលើកដំបូងហើយ ដែលរូបគេបានបោះជំហានចូលរួមការប្រកួតលើទីលានខ្នាតធំស្ដង់ដារអន្ដរជាតិ នៅប្រទេសម៉ាឡេស៊ី ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រី​ជាន់ខ្ពស់វប្បធម៌៖ «យុវជនកម្ពុជា គ្រប់រូបជាសសរទ្រូង នៃប្រទេសជាតិ ជា​អ្នក​បន្ត​វេនប្រកបដោយថាមពល»
07/28/2026 12:07 PM
សមត្ថកិច្ចបង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈ​ឆបោក​អនឡាញទ្រង់ទ្រាយធំ
07/28/2026 12:07 PM
ក្រសួងមុខងារសាធារណៈ៖ មន្រ្ដីអវត្តមានធ្វើជំរឿនដោយគ្មានហេតុផលប្រឈមការកាត់ឈ្មោះពីក្របខណ្ឌ
07/28/2026 12:07 PM
ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីឃីកបុកស៊ីង ស្ម័គ្រចិត្តបន្ដបរិច្ចាគឈាម ក្រោមស្មារតី «ខ្មែរជួយខ្មែរ»
07/28/2026 11:07 AM
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យពន្លឿនការរៀបចំផ្ដល់សេវាជូនអតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងស្រុកគាស់ក្រឡ
07/28/2026 11:07 AM
ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ កម្ពុជាមិនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬ​បញ្ជា​ទិញ​វត្ថុ​ធាតុ​ដើម​ពីប្រ​ទេសដែលអនុវត្តបែបនេះឡើយ
07/28/2026 11:07 AM
កងកម្លាំងប្រដាប់អាវុធយេម៉ែន ព្រមានក្រុមហ៊ូទីឲ្យបញ្ឈប់ការបន្តគំរាមកំហែងដល់សន្តិសុខសមុទ្រក្រហម
07/28/2026 11:07 AM
សង្គ្រាមលើអ៊ីរ៉ង់ ត្រូវបានកំណត់ជារបៀបវារៈកំពូលក្នុងជំនួបរវាង លោកTrump និងលោក Netanyahu
07/28/2026 11:07 AM
ក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកផ្នែកការទូតវិញ ខណៈអាមេរិក-អ៊ីរ៉ង់បានផ្អាកប្រយុទ្ធគ្នារយៈពេលបីថ្ងៃ
07/28/2026 11:07 AM
ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយបន្តហក់ឡើង សាំង ៤ ៥៥០ រៀល/លីត្រ និងម៉ាស៊ូត ៥ ២៥០ រៀល/លីត្រ
07/28/2026 11:07 AM