Chelsea បើកការចរចានាំយក Jordan Henderson និង Danny Welbeck មកបន្ថែម​បទពិសោធន៍​ក្នុងក្រុម
កីឡារាំកម្ពុជា៖ ការឈ្នះមេដាយ ៦៩គ្រឿងពីជើងឯកអាស៊ាននៅម៉ាឡេស៊ី ជាការ​បំបែក​កំណត់​ត្រា​ថ្មី​ប្រកប​ដោយភាពជោគជ័យជូនជាតិ
ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីឃីកបុកស៊ីង ស្ម័គ្រចិត្តបន្ដបរិច្ចាគឈាម ក្រោមស្មារតី «ខ្មែរជួយខ្មែរ»
ក្រុមបាល់ទាត់កម្ពុជា បន្ដបរាជ័យ តែលោកគ្រូ​បង្វឹក​នៅ​តែ​ជឿជាក់​កូន​ក្រុម​អាច​ស្វែង​រក​លទ្ធផល​ល្អ

ព័ត៌មានកីឡា

គោព្រៃកម្ពុជា ចាប់ផ្ដើមហាត់លើទឹកដីស្រីលង្កា មុនការប្រកួតជម្រុះ AFC Asian Cup នាថ្ងៃព្រហស្បតិ៍

2024/09/03 08:59:43 pm        276
បន្ទាប់ពីធ្វើដំណើរដល់ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា កាលពីយប់រំលងអធ្រាត្យឈាន​ចូលថ្ងៃ​ទី០២ ខែកញ្ញាកន្លងទៅ នៅល្ងាចថ្ងៃដដែល ក្រុមជម្រើសជាតិកម្ពុជា ក៏បាន​ចាប់ផ្ដើម​ការ​ហ្វឹកហាត់​របស់ខ្លួន ដើម្បីត្រៀមជួបក្រុមម្ចាស់ផ្ទះស្រីលង្កា ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup Saudi Arabia 2027 នាល្ងាចថ្ងៃទី០៥ ខែកញ្ញាខាងមុខ នៅកីឡដ្ឋាន Racecourse International។ទន្ទឹមជាមួយការត្រៀមខ្លួនប្រកួតជម្រុះពានរង្វាន់ប្រចាំទ្វីបនេះ បានធ្វើឲ្យអ្នកគាំទ្រមាន​ការចាប់​អារម្មណ៍ ក៏ដូចជារង់ចាំអ៊ុតមើលការប្រកួតទាំងអស់គ្នា រវាងក្រុមកម្ពុជា និងស្រីលង្កា ដែលមាន​ការកោះហៅកីឡាករថ្មីៗមកជួយក្រុមរៀងៗខ្លួន ពិសេសក្រុមជម្រើសជាតិស្រីលង្កា ដែលបានកោះហៅកីឡាករកូនកាត់ និងកំពុងប្រកបអាជីពនៅអឺរ៉ុបប្រមាណ ១២នាក់មកជួយក្រុម ស្របពេលលោក Felix Dalmas ក៏បានផ្ដល់ឱកាសដល់កីឡាករចូលសញ្ជាតិ ៣រូប និងកីឡាករកូនកាត់ខ្លួនមកជួយក្រុមគោព្រៃកម្ពុជាផងដែរ ។មុនការប្រកួតមកដល់ កីឡាករកម្ពុជា បានលើកឡើងស្រដៀងៗគ្នា ចំពោះការត្រៀមខ្លួនលើកនេះ គឺមានភាពល្អប្រសើរច្រើន ទោះបីការប្រមូលផ្ដុំមានរយៈពេលខ្លី តែផ្អែកលើគុណភាពកីឡាករម្នាក់ៗ គឺមានភាពល្អប្រសើរជាងមុន បន្ទាប់ពីការចាប់ផ្ដើមនៃលីគកំពូលកម្ពុជា រដូវកាលថ្មី ។ ម្យ៉ាងដោយមានកម្លាំងថ្មី នៃកីឡាករចូលសញ្ជាតិជួយផង នឹងធ្វើឲ្យតំបន់ការពារកម្ពុជាកាន់តែរឹងមាំ ទោះបីត្រូវប្រឈមជាមួយក្រុម ដែលប្រជុំដោយកីឡាករកូនកាត់ និងមានបទពិសោធន៍លេងនៅលីគអឺរ៉ុប ដូចជាស្រីលង្កាក៏ដោយ ។គួរដឹងថា ក្រោយធ្វើការប្រកួតជើងទី១ ជាមួយក្រុមម្ចាស់ផ្ទះស្រីលង្កា នាល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវត្រឡប់មកមាតុភូមិវិញ ដើម្បីបើកទ្វារពហុកីឡដ្ឋានជាតិ ស្វាគមន៍ក្រុមជម្រើសជាតិស្រីលង្កាវិញម្ដង នាថ្ងៃទី១០ ខែកញ្ញាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គបន្ដ នៃពានរង្វាន់ AFC Asian Cup Saudi Arabia 2027 ៕ អត្ថបទ លី ឈុនឡា

កីឡាករម៉ូតូស្ព័រកម្ពុជា រំពឹងទាញបានផលចំណេញច្រើន ប្រសិនបើមានទីលានស្ដង់ដារនៅកម្ពុជា

2024/09/03 08:39:24 pm        135
កីឡាករប្រណាំងម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ រំពឹងនឹងអាចទាញបានផលប្រយោជន៍ជាច្រើន ប្រសិនបើកម្ពុជាមានទីលានប្រណាំងយានយន្ដស្ដង់ដារ និងរៀបចំព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិ ពិសេសការប្រណាំងម៉ូតូស្ព័រ ដ្បិតបច្ចុប្បន្នធនធានកីឡាករ និងអ្នកស្រលាញ់វិស័យកីឡានេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ តែខ្វះខាតទីលាន ។ការលើកឡើងនេះ បន្ទាប់ពី ពិសិដ្ឋ ត្រឡប់មកពីចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី វិញ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយទទួលបានលទ្ធផលល្អលើសការរំពឹងទុក ក្នុងការបង្ហាញខ្លួនលើទីលានអន្ដរជាតិ Sepang Circurt កម្រិតស្ដង់ដារ  GP លើកដំបូងនេះ ។ពិសិដ្ឋ បានលើកឡើងថា ខ្លួនមិនរំពឹងការចូលរួមព្រឹត្តិការណ៍ដ៏ធំលើកដំបូងនេះ ទទួលបានសមិទ្ធផលរហូតដល់ចំណាត់ថ្នាក់លេខ៤ នោះទេ ដោយសារម៉ូតូក៏ខ្ចីគេ ហើយបទពិសោធន៍លើទីលាន ក៏មិនមាន តែដោយសារការស្រលាញ់ និងខំប្រឹងមិនបោះបង់ បានធ្វើឲ្យយុវជនខ្មែររូបនេះ ទទួលបានសមិទ្ធផលដ៏ល្អប្រសើរ ។ទន្ទឹមជាមួយការទទួលបានសមិទ្ធផលថ្មីលើឆាកអន្ដរជាតិនេះដែរ ឈឹម ពិសិដ្ឋ បានលើកឡើងថា ខ្លួនក៏ចង់ឲ្យមានទីលានស្ដង់ដារ និងមានការប្រកួតអន្ដរជាតិនៅកម្ពុជាដែរ ។ អ្នកលេងម៉ូតូស្ព័ររូបនេះ បន្ដថា បច្ចុប្បន្នធនធានកីឡាករក្នុងវិស័យនេះ មានច្រើន ទោះបីធៀបនឹងបណ្ដាប្រទេសផ្សេងៗ នៅមានកម្រិត តែបើកម្ពុជា មានទីលានប្រណាំងម៉ូតូស្ដង់ដារតាមច្បាប់ FIM ឬ FIA លោកជឿថា វិស័យនេះ នឹងរីកចម្រើន ហើយអាចផ្ដល់នូវផលចំណេញជាច្រើន ទាំងក្នុងវិស័យកីឡាយានយន្ដ ក៏ដូចជាទេសចរណ៍ទៀតផង ។គួរដឹងថា  ឈឹម ពិសិដ្ឋ បានចាប់យកអាជីពប្រណាំងម៉ូតូស្ព័រ តាំងពីឆ្នាំ២០១៩មក ហើយធ្លាប់ចូលរួមប្រណាំងក្នុងស្រុក និងទីលាន Mira International ប្រទេសថៃ ៤លើក ជាមួយកីឡាករខ្លាំងៗ។ នេះជាលើកដំបូងហើយ ដែលរូបគេបានបោះជំហានចូលរួមការប្រកួតលើទីលានខ្នាតធំស្ដង់ដារអន្ដរជាតិ នៅប្រទេសម៉ាឡេស៊ី ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជស្វាយរៀង ចែក ១ពិន្ទុម្នាក់ជាមួយណាហ្គា ក្នុងជំនួបជើងទី១ នៃលីគនារី

2024/09/02 07:14:39 pm        351
ក្រុមបាល់ទាត់នារី នៃក្លិបព្រះខ័នរាជស្វាយរៀង និងក្លិបណាហ្គាវើលដ៏ បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ប៉ុណ្ណោះ ក្នុងការប្រកួតសប្ដាហ៍ទី៣ នៃពានរង្វាន់ Cambodian Women’s League 2024/25 ក្រោយបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើគ្នា ១-១ កាលពីចុងសប្ដាហ៍កន្លងទៅ នៅកីឡដ្ឋានខេត្តស្វាយរៀង ។ជំនួបដ៏តានតឹងរវាងក្រុមទាំងពីរ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខក្រុមភ្ញៀវ ១គ្រាប់មុន នៅវគ្គទី១ ខណៈរយៈពេល ៤៥នាទីចុងក្រោយ ក្រុមកីឡាការិនីក្លិបណាហ្គាវើលដ៏ ក៏វាយបកបាន ១គ្រាប់វិញ រហូតដល់ចប់ការប្រកួត ដែលនាំឲ្យក្រុមទាំងពីរ ទទួលបានត្រឹម ១ពិន្ទុម្នាក់បន្ថែម ។លទ្ធផលស្មើគ្នានេះដែរ នាំក្រុមព្រះខ័នរាជស្វាយរៀង ធ្លាក់មកឈរលេខ៤ ដោយរកបាន ៧ពិន្ទុ ស្មើក្រុមភ្នំពេញក្រោន និងក្រុមសៀមរាបអេហ្វស៊ី ដែលឈរលេខ២ និងលេខ៣ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងស្មើ ១ ដូចៗគ្នា ។ រីឯណាហ្គាវើលដ៏ បានធ្លាក់មកឈរលេខ៦ ដោយរកបាន ៤ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមបឹងកេត ដែលឡើងឈរលេខ៥ បន្ទាប់ពីយកឈ្នះសមាគមក្លិបបាល់ទាត់មីស្ទើរលេង ៧-១ ។ចំណែកក្រុមកីឡាការិនីវិសាខា បន្ដឈរកំពូលតារាង ក្រោយបន្ដជ័យជម្នះជាលើកទី៣ លើក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដកំពង់ឆ្នាំង ៧-០ ៕ អត្ថបទ លី ឈុនឡា

ក្រុមបាល់ទះកម្ពុជាទទួលបានកៅអី SEA V.League 2025 ក្រោយឈ្នះគ្រប់ការប្រកួត នៃពានកម្រិត២

2024/09/02 06:26:40 pm        223
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានទទួលកៅអីលេងពានរង្វាន់កម្រិតទី១ ប្រចាំទំបន់ SEA V.League ឆ្នាំ២០២៥ ហើយ បន្ទាប់ពីដណ្ដើមបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ លើក្រុមភ្ញៀវ ក្នុងការប្រកួតបាល់ទះដណ្ដើមប្រាក់រង្វាន់ សម្ដេចមហាបវរធិបតី-SEA V.League Challenge ឆ្នាំ២០២៤ ដែលជាការប្រកួតកម្រិតទី២ ក្នុងតំបន់ កាលពីចុងសប្ដាហ៍កន្លងទៅ ។សម្រាប់ការប្រកួត SEA V.League Challenge លើកដំបូង ដែលសមាគមកីឡាបាល់ទះអាស៊ីអាគ្នេយ៍(SAVA) បានបង្កើត និងអនុញ្ញាតឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះនេះ គឺដើម្បីផ្ដល់ឱកាសឲ្យក្រុមផ្សេងៗ ក្នុងតំបន់ ដែលមិនទាន់មានសិទ្ធចូលរួមប្រកួតក្របខណ្ឌ SEA V.League ពោលគឺក្រៅពីក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងវៀតណាម បានធ្វើការប្រកួតជម្រុះ ដើម្បីដណ្ដើមកៅអីឡើងទៅលេងពានកម្រិតទី១ ប្រចាំទំបន់នេះ ។ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួត ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមម្ចាស់ផ្ទះកម្ពុជា ធ្វើបានយ៉ាងល្អ ដោយប្រកួតទី១ បានយកឈ្នះក្រុមម៉ាឡេស៊ី ៣-១ សិត ក្នុងពិន្ទុ ១៧-២៥, ២៥-១៨, ២៥-២១ និង ២៥-២១ ខណៈប្រកួតទី២ យកឈ្នះក្រុមឡាវ ៣-០ សិត ក្នុងពិន្ទុ ២៥-១៦, ២៥-១៨ និង ២៥-២៣ និងប្រកួតទី៣ យកឈ្នះក្រុមសិង្ហបុរី ៣-១ សិត ជាមួយពិន្ទុ ២៥-២០, ២៥-១០, ២៣-២៥ និង ២៥-១៨ ។ជ័យជម្នះនេះ នាំឲ្យក្រុមបាល់ទះកម្ពុជា ឈរកំពូលតារាង ក្នុងការប្រកួតបាល់ទះដណ្ដើមប្រាក់រង្វាន់ សម្ដេចមហាបវរធិបតី-SEA V.League Challenge ឆ្នាំ២០២៤ ហើយក៏ទទួលបានសិទ្ធដើម្បីចូលរួមការប្រកួត SEA V.League 2025 ។ក្រោយបញ្ចប់ការប្រកួតកម្រិតតំបន់នេះដែរ ក្រុមទាំង ៤ នៅសល់ភារកិច្ចដ៏សំខាន់ ១ថ្ងៃទៀត ពោលគឺនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ដែលក្រុមនីមួយៗ ត្រូវប្រកួតខ្វែង ក្នុងនោះក្រុមកំពូលតារាងកម្ពុជា ត្រូវជួបក្រុមលេខ៤ ឡាវ ខណៈក្រុមលេខ២ ម៉ាឡេស៊ី ត្រូវជួបក្រុមលេខ សិង្ហបុរី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមប្រាក់រង្វាន់សម្ដេចមហាបវរធិបតី ដោយក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់ ១០០លានរៀល, លេខ២ ទទួលបាន ៣០លានរៀល, លេខ៣ ទទួលបាន ២០លានរៀល និងលេខ៤ ទទួលបាន ១០លានរៀល៕ អត្ថបទ លី ឈុនឡា

ការប្រកួតបាលទាត់ស្វាយរៀង ស៊ុបភើ ខាប់លើកទី១ ឆ្នាំ២០២៤ វគ្គ១/៤ផ្តាច់ព្រ័ត្រ

2024/08/31 04:25:09 pm        182
ការប្រកួតបាលទាត់ស្វាយរៀង ស៊ុបភើ ខាប់លើកទី១ ឆ្នាំ២០២៤ ឈានចូលដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ ដោយក្នុងនោះថ្ងៃទី៣១ ខែសីហា -កាំភ្លើងធំ vs ស្នងការនគរបាលខេត្តស្វាយរៀង ម៉ោង ៨និង០០នាទីព្រឹក ទីលានវិទ្យាល័យស្វាយរំពារ-ពូប្រុសលីងគួយ vs សសយកក្រុងបាវ៉ិត ម៉ោង២និង៣០នាទីរសៀល ទីលានវិទ្យាល័យស្វាយរំពារថ្ងៃទី០១ ខែកញ្ញា -ព្រះខ័នរាជស្វាយរៀងអាយុក្រោម១៨ឆ្នាំ vs United SEZ ម៉ោង៨និង០០នាទីព្រឹក ទីលានវិទ្យាល័យស្វាយរំពារ-សសយកស្រុករមាសហែក vs គោព្រៃស្វាយធំ ម៉ោង២និង៣០នាទីរសៀល ទីលានវិទ្យាល័យស្វាយរំពារ

ថ្នាក់ដឹកនាំសហព័ន្ធស្នើគ្រប់ភាគីលើកកម្ពស់ ចលនាការ៉ាតេ ដើម្បីទាំងអស់គ្នា និងបង្កើតទិវាការ៉ាតេជាតិ

2024/08/29 09:55:55 pm        650
ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៩ និងបន្តអាណត្តិទី១០ ឆ្នាំ២០២៤-២០២៨ ព្រឹកថ្ងៃទី២៩ ខែសីហា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានការគាំទ្របន្តធ្វើជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា។ ក្នុងនាមប្រធានសហព័ន្ធអាណត្តិទី១០នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យគ្រប់ភាគីផ្ដោតយកចិត្តទុុកដាក់លើការលើកកម្ពស់ «ចលនាការ៉ាតេ ដើម្បីទាំងអស់គ្នា» តាមរយៈការបំផុសចលនាយុវជន និងមហាជនឱ្យចូលរួមហាត់ និងលេងកីឡាជាការកម្សាន្តសប្បាយ និងដើម្បីសុខភាពឱ្យបានកាន់តែច្រើនកុះករ ក្នុងនោះអាចបង្កើត«ទិវាការ៉ាតេជាតិ»ជារៀងរាល់ឆ្នាំនៅតាមទីសាធារណៈណាមួយ ក្នុងរាជធានីភ្នំពេញ ឬខេត្តគោលដៅ និងបង្កើតក្រុមសម្ដែងការ៉ាតេពិសេសដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជន។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តទៀតថាត្រូវអភិវឌ្ឍបច្ចេកទេសជំនាញតាមរយៈបន្តពង្រឹងការហ្វឹកហាត់ជំនាញ ដោយរៀបចំសិក្ខាសាលាការ៉ាតេសម្រាប់គ្រូបង្វឹកជំនាញ និងអាជ្ញាកណ្ដាល ឬចៅក្រមឱ្យបានដល់គ្រូបង្វឹកទាំងអស់នៅតាមគ្រប់ក្លឹបជាសមាជិកសហព័ន្ធ និងបន្តយកចិត្តទុកដាក់ខ្ពស់លើការរៀបចំលក្ខណៈសម្បត្តិទ្រទ្រង់សម្រាប់គ្រប់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ពិសេសជាមួយគ្រូបង្វឹកបរទេស។ ជាគំនិតផ្តួចផ្ដើមជាក់ស្តែង ឯកឧត្តមក៏បានស្នើឱ្យអគ្គហេរញ្ញិកសហការជាមួយអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចលនាឱ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្តចូលរួមទ្រទ្រង់ក្លឹបការ៉ាតេនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឯសហព័ន្ធការ៉ាតេកម្ពុជាត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងក្លឹប និងអភិវឌ្ឍក្លឹបជាសមាជិកឱ្យបានល្អ។ ជាមួយគ្នានេះសហព័ន្ធក៏ត្រូវបន្តគោលការណ៍«សន្សំសំចៃ និងច្នៃប្រឌិតខ្ពស់»។ យោងរបាយការណ៍ដែលអានដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធការ៉ាតេកម្ពុជា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន ធ្វើឱ្យសហព័ន្ធមានការអភិវឌ្ឍ និងរីកចម្រើនគួកត់សម្គាល់យ៉ាងខ្លាំង ជាពិសេសកីឡាការ៉ាតេកម្ពុជា បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងជោគជ័យនៃការប្រកួតកីឡាស៊ីហ្គេម២០២៣ដែលកីឡាការ៉ាតេក៏បានរង់ចាំ៦៤ឆ្នាំមកហើយ។ ម្យ៉ាងទៀតកីឡាការ៉ាតេកម្ពុជាធ្វើឱ្យមានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះភាពសកម្មចូលរួមប្រកួតគ្រប់វេទិកាការ៉ាតេអន្តរជាតិឡើងវិញក្នុងអាណត្តិទី៩នេះ។ សូមជម្រាបជូនថាសមាសភាពដឹកនាំគណៈកម្មាធិការប្រតិបត្តិអាណត្តិទី១០(២០២៤-២០២៨)ដែលទទួលបានពីការបោះឆ្នោតរួមមានៈ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន ឯកឧត្តមកិត្តិបណ្ឌិត លឹម គានហោ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត ឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា ឯកឧត្តម ហាវ រតនៈ ឯកឧត្តម អ៊ឹម សិទ្ធីរ៉ា និងលោក សាយ រ៉ាណូ ជាអនុប្រធាន ឯកឧត្តម វ៉ាត់ ចំរើនជាអគ្គលេខាធិការ អមដោយអគ្គលេខាធិការរង៥រូប ឯកឧត្តម កែវ បេងវឌ្ឍន៍ ជាអគ្គហេរញ្ញិក និងអគ្គហេរញ្ញិករង៣រូប និងសមាជិក៥រូប៕

សង្វៀនហនុមានគុនខ្មែរ នឹងប្រាកដឡើងដើមខែកញ្ញានេះ ជាមួយអ្នកលេងគុនខ្មែរខ្លាំងៗ

2024/08/28 06:20:01 pm        456
អ្នកប្រដាល់ខ្លាំងៗរបស់កម្ពុជា នឹងបង្ហាញខ្លួននៅលើសង្វៀនថ្មីហនុមានគុនខ្មែរ នៅស្ទួឌីយោទូរទស្សន៍បាយ័នស្ទឹងមានជ័យថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។ក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ អ្នកលេងគុនខ្មែរបានបង្ហាញខ្លួន និងត្រៀមរួចរាល់ក្នុងសង្វៀនថ្មី៦ជ្រុងនេះ។កីឡាករ បឺត សង្ឃឹម ត្រូវប្រកួតជាមួយ ពេជ្រ ប៊ុនសិទ្ធ ដណ្តើមខ្សែក្រវ៉ាត់ប្រភេទទម្ងន់៥៧គីឡូក្រាម។ គូអន្តរជាតិ ពេជ្រ សម្បត្តិ ប្រកួតនឹងកីឡាករអ៊ីរ៉ង់ Mehrdad Khanzadeh។ ក្រៅពីនេះនៅមានគូពិសេសៗមួយចំនួនទៀតដូចជាពេជ្រ វិបុលសុខ ប្រកួតជាមួយ រិគី ពៅអាគម៌ សេក ដារ៉ាន់ ជួបរិទ្ធី នឹមណូ និងមាស តេជៈ ប្រកួតជាមួុយសេក ចៅជូត៕

ក្រុមតេក្វាន់ដូ ITF កម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ ជាមួយនូវមេដាយជើងឯកអាស៊ី ២៤គ្រឿង

2024/08/26 05:12:21 pm        183
ក្រុមប្រតិភូ និងកីឡាតេក្វាន់ដូ ITF កម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ២០២៤ ក្រោយបញ្ចប់បេសកកម្ម នៃការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើស​ជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា ដោយបាននាំមកជាមួយនូវមេដាយសរុប ២៤គ្រឿង (មាស ៣ ប្រាក់ ៧ និងសំរឹទ្ធ ១៤)។ បេសកកម្មនេះ ដឹកនាំផ្ទាល់ដោយឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ។

ស.ស.យ.ក រមាសហែក និង បាវិត រកបាន ៣ពិន្ទុរៀងខ្លួន ក្នុងប្រកួតទី២ នៃពាន Svay Reing Super Cup

2024/08/13 11:09:07 pm        810
ការប្រកួតបាល់ទាត់ពានរង្វាន់ Svay Rieng Super Cup លើកទី១ ឆ្នាំ២០២៤ បានបញ្ចប់ការ​ប្រកួត​សន្សំពិន្ទុ សប្ដាហ៍ទី៣ ហើយ ស្របពេលក្រុម ស.ស.យ.ក ស្រុករមាសហែក និងក្រុម ស.ស.យ.ក ក្រុងបាវិត រកបាន ៣ពិន្ទុរៀងៗខ្លួន សម្រាប់ការប្រកួតទី២ ក្នុងពូល​D កាល​ពីចុង​សប្ដាហ៍កន្លងទៅ បន្ទាប់ពីក្រុមទាំងពីរ បានបញ្ចប់ការប្រកួតដំបូងក្នុងពូលស្មើគ្នា ១-១ ។សម្រាប់ក្រុម ស.ស.យ.ក ស្រុករមាសហែក បានយកឈ្នះក្រុមយុវជនសាមគ្គី ដោយលទ្ធផល ៦-២ ។ គ្រាប់បាល់ជ័យជម្នះលើកដំបូងនេះ រកបានដោយកីឡាករ សៅ អ៊ុក ៣គ្រាប់ម្នាក់ឯង និងមិត្ដរួមក្រុម យី សុរិយា ២គ្រាប់ និងកីឡាករ រ៉ា រ៉ូណាដូ ១គ្រាប់ ។ រីឯ ២គ្រាប់របស់ក្រុមយុវជនសាមគ្គី ធ្វើសម្រេចដោយកីឡាករ ជា នីន ទាំង ២គ្រាប់ ។ចំណែកក្រុម ស.ស.យ.ក ក្រុងបាវិត វិញ គឺបានយកឈ្នះក្រុមយុវជនភូមិហ៊ីង ដោយលទ្ធផល ៣-០ ដែលធ្វើសម្រេចដោយកីឡាករ រួ ដាំរ៉ុង, វ៉ាត កែវរតនៈ និងកីឡាករ ម៉ុត ចាន់រ៉ា ម្នាក់ ១គ្រាប់ ។ លទ្ធផលនេះដែរ នាំឲ្យក្រុម ស.ស.យ.ក ស្រុករមាសហែក និងក្រុម ស.ស.យ.ក ក្រុងបាវិត ឈរលំដាប់កំពូលតារាង ដោយរកបាន ៤ពិន្ទុស្មើគ្នា ។ដោយឡែកចំពោះលទ្ធផលការប្រកួតក្នុងសប្ដាហ៍ទី៣ ផ្សេងទៀត រួមមានក្រុមបក្សីស្វាយរៀង ប្រកួតស្មើក្រុមខ្លាំង U18 ព្រះខ័នរាជស្វាយរៀង ០-០, ក្រុម គោព្រៃភូមិស្វាយធំ ប្រកួតស្មើក្រុម CRS Sport ០-០, ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង យកឈ្នះក្រុមយុវជនឃុំសម្បត្តិមានជ័យ ៥-០ និងក្រុពូប្រុស លីង គួយ បានយកឈ្នះក្រុមយុវជនគគីសោម រហូតដល់ ១៦-០ ៕ អត្ថបទ លី ឈុនឡា 

ក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង ចាប់ផ្ដើមរដូវកាលថ្មី ជាមួយកំណត់ត្រាល្អៗ

2024/08/12 07:52:13 pm        427
ការប្រកួតបាល់ទាត់ជម្រើសជាតិខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ បានបើកទំព័រ​ការ​ប្រកួត​រដូវកាល​ថ្មី កាលពីចុងសប្ដាហ៍កន្លងទៅ ជាមួយលទ្ធផលឈ្នះ-ចាញ់ទាំង ៥ប្រកួត ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ គឺជ័យជម្នះរបស់ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង លើ​ក្រុម​ភ្ញៀវ​កង​យោធពលខេមរភូមិន្ទ រហូតដល់ ៧-០ ដែលជាការចាប់ផ្ដើមគួរឲ្យចាប់អារម្មណ៍ អមជា​មួយ​កំណត់​ត្រាល្អៗជាច្រើន ក្នុងការប្រកួតដំបូងនេះ ។សម្រាប់ជំនួបនៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី១១ ខែសីហា នៅចំពោះមុខ​អ្នក​ទស្សនា​ផ្ទាល់​នៅកីឡដ្ឋានចំនួន ៣,៩៤៣នាក់ បានធ្វើឲ្យអ្នកគាំទ្រខ្លួនពេញចិត្តជាខ្លាំង ជាមួយ​ការ​ដណ្ដើម​បាន ៣ពិន្ទុ អមជាមួយការការពារសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់សូម្បី ១គ្រាប់ ។ ចំពោះគ្រាប់បាល់ជ័យជម្នះរបស់ក្រុមជើងឯកឆ្នាំចាស់នេះ ធ្វើសម្រេចដោយកីឡាករ Cristian Dos Santos ២គ្រាប់ នៅនាទីទី៨ និងនាទី៦៣ គ្រាដែល ៥គ្រាប់ទៀត រកបានម្នាក់ ១គ្រាប់​ដោយ​កីឡាករ មិន រតនៈ, Bounkong Bounphachan, មីហ្ស៊ូណូ ហ៊ីការ៉ុ, Pablo Augusto និង គឹម សុខយុទ្ធ ។ក្នុងចំណោមគ្រាប់បាល់ជ័យជម្នះនេះដែរ Cristian Dos Santos បាន​ក្លាយ​ជាកីឡាករ​រក​បាន​គ្រាប់​បាល់​លឿន​ជាង​គេ ក្នុងចំណោម ៥ប្រកួតបើករដូវកាលថ្មី បន្ទាប់ពីប្រើរយៈពេល ៨នាទី ដើម្បី​រកគ្រាប់​នាំមុខឲ្យព្រះខ័នរាជស្វាយរៀង ដោយបំបែកគ្រាប់បាល់លឿនជាងគេ កាលពី​ថ្ងៃ​សៅរ៍​របស់កីឡាករមីយ៉ាន់ម៉ា Thiha Zaw ដែលរកគ្រាប់បាល់នាំមុខឲ្យក្រុមណាហ្គាវើលដ៏ លើ​ក្រុម​ភ្ញៀវគិរីវង់សុខសែនជ័យ នៅទីទី១០ ។ជ័យជម្នះនេះ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង បានឈរកំពូលតារាងបណ្ដោះអាសន្ន ក្នុង​សប្ដាហ៍​ទី១ នៃការប្រកួតជើងឯកលីគកំពូលកម្ពុជា៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ មន្ទីរពេទ្យគន្ធបុប្ផាជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជាប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម
07/28/2026 12:07 PM
Chelsea បើកការចរចានាំយក Jordan Henderson និង Danny Welbeck មកបន្ថែម​បទពិសោធន៍​ក្នុងក្រុម
07/28/2026 12:07 PM
អាជ្ញាធរ​ខេត្តកំពង់ស្ពឺ កំពុងជួសជុលពង្រីកបន្ថែមតួផ្លូវជាតិលេខ៤៦ទៅរមណីយដ្ឋានព្រះសុរាម្រិតកុសមៈ-ឧទ្យានជាតិគីរីរម្យ
07/28/2026 12:07 PM
អគ្គនាយកក្រុមហ៊ុន Minebea៖ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនប៉ះពាល់ដល់ប្រតិបត្តិការវិនិយោគនៅកម្ពុជាឡើយ
07/28/2026 12:07 PM
កីឡារាំកម្ពុជា៖ ការឈ្នះមេដាយ ៦៩គ្រឿងពីជើងឯកអាស៊ាននៅម៉ាឡេស៊ី ជាការ​បំបែក​កំណត់​ត្រា​ថ្មី​ប្រកប​ដោយភាពជោគជ័យជូនជាតិ
07/28/2026 12:07 PM
ក្រសួងការងារ ចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ រយៈពេល ៣ ថ្ងៃ
07/28/2026 12:07 PM
មន្ត្រី​ជាន់ខ្ពស់វប្បធម៌៖ «យុវជនកម្ពុជា គ្រប់រូបជាសសរទ្រូង នៃប្រទេសជាតិ ជា​អ្នក​បន្ត​វេនប្រកបដោយថាមពល»
07/28/2026 12:07 PM
សមត្ថកិច្ចបង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈ​ឆបោក​អនឡាញទ្រង់ទ្រាយធំ
07/28/2026 12:07 PM
ក្រសួងមុខងារសាធារណៈ៖ មន្រ្ដីអវត្តមានធ្វើជំរឿនដោយគ្មានហេតុផលប្រឈមការកាត់ឈ្មោះពីក្របខណ្ឌ
07/28/2026 12:07 PM
ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីឃីកបុកស៊ីង ស្ម័គ្រចិត្តបន្ដបរិច្ចាគឈាម ក្រោមស្មារតី «ខ្មែរជួយខ្មែរ»
07/28/2026 11:07 AM