Chelsea បើកការចរចានាំយក Jordan Henderson និង Danny Welbeck មកបន្ថែម​បទពិសោធន៍​ក្នុងក្រុម
កីឡារាំកម្ពុជា៖ ការឈ្នះមេដាយ ៦៩គ្រឿងពីជើងឯកអាស៊ាននៅម៉ាឡេស៊ី ជាការ​បំបែក​កំណត់​ត្រា​ថ្មី​ប្រកប​ដោយភាពជោគជ័យជូនជាតិ
ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីឃីកបុកស៊ីង ស្ម័គ្រចិត្តបន្ដបរិច្ចាគឈាម ក្រោមស្មារតី «ខ្មែរជួយខ្មែរ»
ក្រុមបាល់ទាត់កម្ពុជា បន្ដបរាជ័យ តែលោកគ្រូ​បង្វឹក​នៅ​តែ​ជឿជាក់​កូន​ក្រុម​អាច​ស្វែង​រក​លទ្ធផល​ល្អ

ព័ត៌មានកីឡា

ឯកឧត្តម វ៉ាត់ ចំរើន៖ វត្តមាន វណ្ណដា ក្នុងពិធីបិទកីឡាអូឡាំពិក បានជះឥទ្ធិពលខ្ពស់​លើពិភពលោក

2024/08/12 07:41:51 pm        632
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជា​អគ្គលេខាធិការ​អូឡាំពិក​កម្ពុជា(NOCC) បានបង្ហាញនូវមោទនភាព ចំពោះវត្តមានតារារ៉េបដ៏ល្បីកម្ពុជា លោក វណ្ណដា ដែល​ត្រូវ​បានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងម្ចាស់ផ្ទះបារាំង ជ្រើសរើស​ចូល​រួម​ច្រៀង​អបអរសាទរពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក នាទីក្រុងប៉ារីស ឆ្នាំ២០២៤ កាលពីល្ងាច​ថ្ងៃ​ទី១១ ខែសីហា ។សកម្មជនចលនាអូឡាំពិកកម្ពុជាដដែល បានចាត់ទុកការបង្ហាញវត្តមានលើឆាក នៃ​ពិធី​បិទ​ព្រឹត្តិការណ៍​កីឡាដ៏ធំប្រចាំរដូវកាល ៤ឆ្នាំម្ដងនេះ បានជះឥទ្ធិពលខ្ពស់ទៅលើពិភពលោក តាម​រយៈការបង្ហាញនូវទេពកោលសល្យ និងលក្ខណៈពិសេសរបស់ វណ្ណដា ក្នុងនាម​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ហើយក៏ជាការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីជម្រើសចាតិកម្ពុជា ទោះបីលទ្ធផល​ការ​ប្រកួត​យ៉ាងណា ត្រូវបន្ដខិតខំប្រឹងប្រែង ពិសេសការពារនូវសន្ដិភាព ដើម្បីមានឱកាស​បង្ហាញ​សមត្ថភាព និងទេពកោសល្យលើឆាកអន្ដរជាតិ មិនថាកីឡា ឬសិល្បៈនោះទេ ។គួរដឹងថា វណ្ណដា ត្រូវបានបង្ហាញវត្តមានដ៏ភ្ញាក់ផ្អើល ក្នុងចំណោមសិល្បករ​អន្ដរជាតិ​ល្បីៗ​ជា​ច្រើន ក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ នៅកីឡដ្ឋាន Stade De France នៃ​ទីក្រុង​ប៉ារីស ប្រទេសបារាំង ដោយកំពូលតារារ៉េបវ័យក្មេងកម្ពុជារូបនេះ បានលើកយកបទ «Time To Rise» ទៅច្រៀង ហើយបានទទួលការសាទរជាខ្លាំងពីប្រជាពលរដ្ឋខ្មែរ គ្រាដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​លើ​ពិភពលោក ក៏បានចុះផ្សាយនូវវត្តមានតារាងចម្រៀងកម្ពុជា ក្នុងពិធីបិទ​ព្រឹត្តិការណ៍​ពិភពលោក ៤ឆ្នាំម្ដងនេះផងដែរ ៕ អត្ថបទ លី ឈុនឡា

ផ្ទុះការភ្ញាក់ផ្អើល! ចំពោះវត្តមានតារារ៉េបដ៏ល្បីកម្ពុជា វណ្ណដា ច្រៀងបទ «Time To Rise» ក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤

2024/08/12 05:14:47 pm        521
ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្ដៅ លើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង បាន​ប្រារព្ធ​ពិធីបិទការប្រកួតដោយជោគជ័យ នៅកីឡដ្ឋាន Stade De France ក្រោយដំណើរ​ការ​ប្រកួត​ជាង​កន្លះខែ ដោយទទួលបានការអបអរសាទរពីប្រតិភូបណ្ដាប្រទេសចូលរួម ជាមួយការ​សម្ដែង​នូវ​ទស្សនិភាពចម្រុះជាច្រើន ពិសេសការប្រគំតន្ដ្រីអបអរពិធីបិទព្រឹត្តិការណ៍ពិភពលោក ៤​ឆ្នាំ​ម្ដង​នេះ ក៏មានវត្តមានតារារ៉េបដ៏ល្បីកម្ពុជា វណ្ណដា ផងដែរ ដែលធ្វើឲ្យមាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ពិសេសប្រជាពលរដ្ឋ និងអ្នកគាំទ្រនៅកម្ពុជា ។គ្មានការផ្សព្វផ្សាយមុនឡើយថា តារារ៉េបដ៏ល្បីរបស់កម្ពុជារូបនេះ ត្រូវឡើង​ឆាក​ដ៏​អស្ចារ្យ​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ សូម្បីប្រតិភូ និងអត្តពលិកកម្ពុជា ជាក់ស្ដែង​ឯកឧត្តម ញាណ សុខវិសាល នាយបេសកកម្មកម្ពុជា និងគ្រូបង្វឹកហែលទឹក ហែមថុន វិទិនី ក៏​ដូច​ជា​គ្រូបង្វឹកកីឡាករ-កីឡាការិនីផ្សេងទៀត ក៏ដូច្នេះដែរ ។ តែបន្ទាប់ពីលឺបទ «Time To Rise» ហើយ​ឃើញវត្តមាន វណ្ណដា កំពុងច្រៀងផ្ទាល់នៅចំពោះមុខ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង គ្រា​ដែលអ្នកទស្សនាការផ្សាយបន្ដផ្ទាល់នៅកម្ពុជា ក៏ភ្ញាក់ផ្អើល និងមានមោទនភាព ចំពោះ​វត្តមាន​សិល្បករកម្ពុជា ក្នុងពិធីព្រឹត្តិការណ៍នេះផងដែរ ។ជាមួយការចូលរួមក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ នេះ នាំឲ្យតារារ៉េបវ័យក្មេងកម្ពុជា វណ្ណដា បង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រ ក្នុងនាមសិល្បករខ្មែរវ័យក្មេងដំបូងគេ ដែលបាន​ឡើង​ច្រៀង​ក្នុងពិធីបិទកីឡាអូឡាំពិក ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតលើពិភពលោក តែង​រៀប​ចំ​រៀង​រាល់ ៤ឆ្នាំម្ដងនេះ ជាមួយនឹងការ​ប្រើប្រាស់​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ដ៏​ទាក់​ទាញ​ទៀត​ផង​។ ក្រៅពី វណ្ណដា ក៏មានការចូលរួមពីសិល្បករល្បីៗមកពីបណ្ដាប្រទេសជាច្រើនផងដែរ ។គួរដឹងថា កន្លងមកក្រៅពីការប្រគំតន្ដ្រីផ្សេងៗ វណ្ណ ក៏ធ្លាប់ចូលរួមសម្ដែង និង​ច្រៀង​អប​អរ​ព្រឹត្តិការណ៍​កីឡាជាតិ និងអន្ដរជាតិ ទាំងក្នុងប្រទេស និងតំបន់ផងដែរ ដូចជាការប្រកួតកីឡាជាតិ ហើយ​ពិសេសគឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ក៏តារារ៉េបដ៏ល្បីរូបនេះ បាន​ចូល​រួម និងលើកយកបទ «Time To Rise» ច្រៀងផងដែរ ។ក្រឡេកទៅចាប់អារម្មណ៍ក្រុមកីឡាករកម្ពុជាវិញ ដែលបានបញ្ជូនកីឡាករ-កីឡាការិនី ៣រូប ក្នុង​នាម​អត្តពលិកទទួលបានសិទ្ធអនុគ្រោះចូលរួមប្រកួតកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ក៏បាន​បញ្ចប់​បេសកកម្មរបស់ខ្លួនផងដែរ តែពុំមានឱកាសឈានដល់វគ្គដណ្ដើមមេដាយនោះទេ៕ អត្ថបទ លី ឈុនឡា

អាមេរិក បញ្ចប់នៅចំណាត់លេខ១ ក្រោយឈ្នះមេដាយមាសបាល់បោះនារី

2024/08/12 04:37:37 pm        404
ព្រឹត្តការណ៍អូឡាំពិក២០២៤ បានបញ្ចប់ការប្រកួតប្រភេទកីឡាទាំង៣២ហើយ ខណៈពិធីបិទផ្លូវការត្រូវធ្វើឡើងដោយជោគជ័យយប់មិញនេះ។ក្រោយដំណើរការប្រកួតកន្លះខែបាល់បោះនារី (បារាំង vs អាមេរិក)ជាអ្នកកំណត់រវាងអាមេរិក និងចិន មួយណាជាអ្នកគ្រងកំពូលតារាងអូឡាំពិក បន្ទាប់ពីប្រដេញមេដាយមាសគ្នា។ថ្ងៃចុងក្រោយនេះ មុនប្រកួតបាល់បោះនារីវគ្គផ្តាច់ព្រ័ត្រ ចិន អាមេរិក ឈ្នះមេដាយមាសមួយគ្រឿងបន្ថែមរៀងខ្លួន។អមេរិកឈរកំពូលតារាង ពេលដែលក្រុមបាល់បោះនារីឈ្នះមេដាយមាស បន្ទាប់ពីឈ្នះបារាំង ៦៧-៦៦ ។ អាមេរិក និងចិនមានមេដាយមាស៤០គ្រឿងដូចគ្នា តែអាមេរិក មានមេដាយប្រាក់ និងសំរឹទ្ធច្រើនជាង។ជប៉ុនលេខ៣ មានមេដាយមាស២០គ្រឿង (ពាក់កណ្តាលមេដាយមាសអាមេរិក និងចិន) ប្រាក់១២ និងសំរឹទ្ធ១៣គ្រឿង សរុប៤៥គ្រឿង។អូស្ត្រាលី លេខ៤ ជាមួយមេដាយមាស១៨គ្រឿង ប្រាក់១៩ និងសំរឹទ្ធ១៦គ្រឿង សរុប៥៣គ្រឿង។ ចំណែកម្ចាស់ផ្ទះបារាំងបញ្ចប់នៅចំណាត់ថ្នាក់លេខ៥ ឈ្នះមេដាយមាស១៦គ្រឿង សំរឹទ្ធ២៦គ្រឿង និងប្រាក់២២គ្រឿង សរុប ៦៤គ្រឿង។ហូឡង់ ចក្រភពអង់គ្លេស កូរ៉េខាងត្បូង អ៊ីតាលី និងអាល្លឺម៉ង់ បញ្ចប់នៅចំណាត់ថ្នាក់លេខ៦ លេខ៧ លេខ៨ លេខ៩ និងលេខ១០រៀងគ្នា។ដោយសរុបមេដាយរួមប្រទេសសមាជិកដែលឈ្នះ អាស៊ានឈរនៅចំណាត់ថ្នាក់លេខ១៧ ក្រោយឈ្នះមេដាយមាស ៥គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ៨គ្រឿង សរុប១៦គ្រឿ៕

ព្រឹត្តិការណ៍ប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គកម្រិតអាស៊ី ២០២៤ ចាប់ផ្ដើមការប្រកួតនៅថ្ងៃនេះ ខណៈកីឡាករកម្ពុជាប្ដេជ្ញាខំប្រឹងឲ្យអស់ពីសមត្ថភាព​ដណ្ដើម​ពានរង្វាន់​ជូនជាតិ

2024/08/12 03:49:48 pm        471
ព្រឹត្តិការណ៍ប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គកម្រិតអាស៊ី Asia Cross Country Rally ឆ្នាំ២០២៤ នៅប្រទេសថៃ នឹងចាប់ផ្ដើមការប្រកួតផ្លូវការ នៅថ្ងៃទី១២ ខែសីហានេះ ក្រោយ​ប្រារព្ធ​ពិធីបើកកាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ នៅខេត្តសូរ៉ាត់ថានី ដោយមានក្រុម​កីឡាករ​ជើង​ខ្លាំង អមជាមួយរថយន្ដល្អៗមកពី ១០ប្រទេសចូលរួម ។ ទន្ទឹមជាមួយការប្រកួតនេះដែរ សមាជិកក្រុម VKH Rally Racing របស់កម្ពុជា រួមមានកីឡាករ វង្ស គឹមហួត និងកីឡាករ ហេង បញ្ញា បានប្ដេជ្ញានឹងពួតដៃគ្នាខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បី​ប្រកួត​ប្រជែង​ជាមួយក្រុមខ្លាំងៗមកពីបណ្ដាប្រទេសក្នុងទ្វីបអាស៊ី ដើម្បីស្វែងរកលទ្ធផលល្អ ក៏ដូច​ជា​ដណ្ដើម​ពានរង្វាន់ជូនប្រទេសជាតិកម្ពុជាផងដែរ ៕

កម្ពុជា និងឥណ្ឌូណេស៊ីធ្វើធ្វើជាម្ចាស់ផ្ទះរួមគ្នា ប្រារព្ធទិវាកីឡាអាស៊ាន នៅពហុកីឡដ្ឋានជាតិ

2024/08/10 04:47:54 pm        300
ទិវាកីឡាអាស៊ាន ត្រូវប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ ក្រោមវត្តមានជាអធិបតីរបស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ដោយមានអ្នកចូលរួមជិត៨០០នាក់ ខណៈឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះរួមនៃទិវានេះ។ទិវាកីឡាអាស៊ាន ត្រូវធ្វើឡើងក្នុងគោលបំណងរំលឹកដល់ថ្ងៃបង្កើតសហគមន៍អាស៊ាន និងលើកកម្ពស់សកម្មភាពកីឡារបស់សហគមន៍អាស៊ាន ផ្សព្វផ្សាយបំផុសឱ្យប្រជាជននៃបណ្តាប្រទេសសមាជិកអាស៊ានចូលរួមលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ ការពារ និងអភិរក្សកីឡាប្រពៃណី និងល្បែងប្រជាប្រិយឱ្យក្លាយជាកីឡាទំនើបដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិនៅក្នុងតំបន់ និងពិភពលោក រួមចំណែកអភិវឌ្ឍសង្គមជាតិ។

អូឡាំពិក២០២៤៖ បញ្ចប់ថ្ងៃប្រកួតទី១៤ - ចិនតាមស្មើមេដាយមាសអាមេរិក ក្រោយឈ្នះ៤គ្រឿងទៀត

2024/08/10 02:54:38 pm        244
អាមេរិក និងចិននៅតែប្រដេញគ្នា ក្នុងការប្រកួតអឡាំពិក២០២៤ ខណៈ​ព្រឹត្តិការណ៍​បួន​ឆ្នាំ​ម្តង​នេះ​បញ្ចប់​នៅថ្ងៃទី១១ ខែសីហានេះ។ ពេលនេះចិន មានមេដាយមាស៣៣គ្រឿងស្មើគ្នាអាមេរិក តែខុសគ្នាចំនួនមេដាយប្រាក់ និងសំរឹទ្ធ។ ចិនដណ្តើមបានមេដាយមាស៤គ្រឿងបន្ថែមពីកីឡាលោតទឹក ប្រដាល់ ទូកកានូ និង វាយកូនឃ្លីលើតុ។ ឯអាមេរិកឈ្នះបីគ្រឿងបន្ថែមពីកីឡាអត្តពលកម្មពីរគ្រឿង និងលើកទម្ងន់មួយគ្រឿង។អូស្ត្រាលីបន្តឈរលេខ៣ដដែល ទោះមិនឈ្នះមេដាយមាសបន្ថែមក៏ដោយ។ ជប៉ុនហក់ពីលេខ៧មកលេខ៤ ក្រោយឈ្នះមេដាយមាសបីគ្រឿងបន្ថែមទៀត ខណៈចក្រភពអង់គ្លេស បារាំង និងកូរ៉េខាងត្បូង ធ្លាក់មកលេខ៥ លេខ៦ និងលេខ៧រៀងគ្នា។ចំណែកអស៊ានពេលនេះដណ្តើមបានមេដាយ១៦គ្រឿងហើយ ក្រោយសុង្ហបុរីឈ្នះមេដាយសំរឹទ្ធលើប្រភេទកីឡាទូកក្តោង៕

សហរដ្ឋអាមេរិក និងចិនបន្តនាំមុខប្រទេសខ្លាំងៗផ្សេងទៀតកាន់តែឆ្ងាយ ខណៈឥណ្ឌូណេស៊ី​ឈ្នះមេដាយមាសពីរគ្រឿង

2024/08/09 06:32:21 pm        222
សហរដ្ឋអាមេរិក និងចិន កាន់តែនាំមុខដាច់ឆ្ងាយក្នុងការប្រកួតប្រជែង​មេដាយអូឡាំពិក​ពីអូស្ត្រាលី ម្ចាស់ផ្ទះបារាំង ចក្រភពអង់គ្លេស កូរ៉េខាងត្បូង និងជប៉ុន ខណៈអូឡាំពិកនឹង​បិទបញ្ចប់​នៅថ្ងៃអាទិត្យនេះ។ដោយឈ្នះមេដាយមាសបន្ថែមបីគ្រឿងទៀត អាមេរិកបន្តឈរលេខ១។ កីឡាការិនីអាមេរិក DAVIS-WOODHALL Taraឈ្នះមេដាយមាសលើប្រភេទកីឡាអត្តពលកម្មវិញ្ញាសាលោតចម្ងាយ ដោយលោតបាន៧ម៉ែត្រ១០។ ឯកីឡាការិនីមិត្តរួមជាតិរបស់គេឈ្នះមេដាយសំរឹទ្ធ ហើយកីឡាការិនីអាល្លឺម៉ង់ ឈ្នះមេដាយប្រាក់។កីឡាការិនី McLAUGHLIN-LEVRONE Sydney បានបន្ថែមមេដាយមាសឱ្យអាមេរិក ពេលដែលឈ្នះវិញ្ញាសារត់ផ្លោះរបង៤០០ម៉ែត្រនារី ដោយបានប្រើពេលវេលា៥០វិនាទី៣៧។ អ្វីដែលកត់សម្គាល់កីឡាការិនីរូបនេះ បានបំបែកឯតទគ្គកម្ម (អេ-តៈ-ទ័ក-គៈ-កាំ)ពិភពលោក និងអូឡាំពិកដែលរូបគេបង្កើតឡើងក្នុងការប្រកួតជើងឯកពិភពលោក ២០២៤ និងអូឡាំពិកតូក្យ២០២០លើកមកប្រកួត២០២១។ក្រៅពីនេះកីឡាករអាមេរិកមួយរូបទៀត HOLLOWAY Grant ដណ្តើមបានមេដាយមាសប្រភេទកីឡាអត្តពលកម្មវិញ្ញាសារត់ផ្លោះរបង១១០ម៉ែត្របុរស ដោយប្រើពេល ១២វិនាទី៩៩។ ជាបណ្តោះអាសន្នគិត្រឹមថ្ងៃទី៨ ខែសីហា សហរដ្ឋអាមេរិកមានមេដាយសរុប១០៣គ្រឿង ក្នុងនោះមាស៣០គ្រឿង ប្រាក់៣៨គ្រឿង និងសំរឹទ្ធ៣៥គ្រឿង។ចិន ថ្ងៃប្រកួតទី១៣នេះ ឈ្នះមេដាយមាសច្រើនជាងគេ រហូត៤គ្រឿង ហើយឈរនៅលំដាប់ទី២។ កីឡាករ XIE Siyi និងWANG Zongyuan ដណ្តើមបានមេដាយមាស និងប្រាក់លើប្រភេទកីឡាលោតទឹកវិញ្ញាសាស៣ម៉ែត្រស្ព្រីងបតបុរស ដោយធ្វើបាន៥៤៣,៦០ពិន្ទុ និង៥៣០,២០ពិន្ទុ។ កីឡាករម៉ិចស៊ិក OLVERA IBARRA Osmarធ្វើបាន៥០០,៤០ពិន្ទុ ឈ្នះមេដាយសំរឹទ្ធ។កីឡាលើកទម្ងន់វិញ្ញាសា៥៩គីឡូក្រាមនារី កីឡាការិនីចិន LUO Shifang ឈ្នះមេដាយមាស ដោយធ្វើបាន២៤១ពិន្ទុ។ កីឡាការិនីកាណាដា CHARRON Maude ឈ្នះមេដាយប្រាក់ ខណៈដែលកីឡាការិនីឆាយនីសតៃប៉ិ KUO Hsing-Chunដណ្តើមបានមេដាយសំរឹទ្ធ។កីឡាការិនី ចិន CHANG Yuan ឈ្នះកីឡាការិនី តួកគី AKBAS Hatice ៥ទល់នឹង០ កីឡាប្រដាល់សកលវិញ្ញាសា៥៤គីឡូក្រាមនារី។ចំណែកមេដាយមាសមួយគ្រឿងទៀតរបស់ចិន កើតឡើងពីកីឡាទូកកានូ វិញ្ញាសាគូបុរសចម្ងាយ៥០០ម៉ែត្រ បន្ទាប់ធ្វើបានល្អជាងគេ ហើយអ៊ីតាលីមេដាយប្រាក់ និងសំរឹទ្ធបានទៅប្រទេសអេស្ប៉ាញ។ ចិនមកដល់ពេលនេះ ឈ្នះមេដាយមាស២៩គ្រឿង ប្រាក់២៥គ្រឿង និងមេដាយសំរឹទ្ធ១៩គ្រឿង សរុប ៧៣គ្រឿង។ប្រទេសផ្សេងទៀតដែលដណ្តើមបានមេដាយមាសថ្ងៃទីប្រកួតទី១៣ មាន ហូឡង់(ពីរគ្រឿង) នូវែលសេឡង់(ពីរគ្រឿង) អ៊ួសបេគីស្ថាន (ពីរគ្រឿង) ប៉ាគីស្ថាន អូទ្រីស អ៊ីតាលី អាល្លឺម៉ង់ ចក្រភពអង់គ្លេស អ៊ីរ៉ង់ ប៊ុលហ្គារី ជប៉ុន ម្ចាស់ផ្ទះបារាំង បុតស្វាណា និងកូរ៉េខាងត្បូង។ចំណែកប្រទេសសមាជិកអាស៊ាន ឥណ្ឌូណេស៊ីឈ្នះមេដាយមាស២គ្រឿងក្នុងថ្ងៃតែមួយលើប្រភេទកីឡាឡើងភ្នំ និងលើកទម្ងន់។ គិតត្រឹមព្រឹកនេះ អាស៊ានឈ្នះមេដាយសរុប១៥គ្រឿង ក្នុងនោះមាស៥គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ៧គ្រឿង។កីឡាដែលត្រូវដណ្តើមមេដាយបន្តថ្ងៃនេះមាន ហែលទឹកចម្ងាយឆ្ងាយបុរស១០គីឡូម៉ែត្រ វាយកូនឃ្លីលើតុ ទូកក្ដោង ឡើងភ្នំ ទូកកានូ ហុកគី កាយសម្ព័ន្ធរីស្មិច លោតទឹក បាល់ទាត់ លើកទម្ងន់ បាល់ទះ ប្រណាំងកង់ក្នុងសាល ចំបាប់ អត្តពលកម្ម តេក្វាន់ដូ បាល់ទះឆ្នេរខ្សាច់ កីឡារាំ និងកីឡាប្រដាល់៕

អត្តពលិកអាមេរិក​ និងជប៉ុនទើបទទួលបានមេដាយអូឡាំពិករដូវរងារ​ទីក្រុងប៉េកាំងដែលរង់ចាំជាងពីរឆ្នាំ

2024/08/08 10:28:23 pm        242
រយៈពេលពីរឆ្នាំកន្លះ បន្ទាប់ពីបានប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង​កាលពីឆ្នាំ ២០២១ អត្តពលិកជិះស្គីលើទឹកកកអាមេរិក និងជប៉ុនបាន​ឈាន​ជើង​ឡើង​លើ​វេទិកា​កិត្តិយសនៅទីក្រុងប៉ារីសកាលពីថ្ងៃពុធ ដើម្បីទទួលបានមេដាយមាស និងប្រាក់ ដែល​ផ្លាស់​ប្តូរ​ម្ចាស់​បន្ទាប់ពីក្រុមជ័យលាភីរុស្ស៊ីរកឃើញមានសារធាតុហាមឃាត់ក្នុងឈាម។ នៅ​ពី​មុខអគារប្រវត្តិសាស្រ្ត Eiffel ទីក្រុងប៉ារីស ទីបំផុតក្រុម​ជិះ​ស្គី​លើ​ទឹកកក​របស់​អាមេរិក​បាន​ទទួល​ពេល​វេលាអស្ចារ្យដែលពួកគេ បន្ទាប់ពីកីឡាការិនីរុស្ស៊ីវ័យ ១៥ ឆ្នាំ​ Kamila Valieva ត្រូវ​ធ្វើ​តេស្តឃើញមានសារធាតុហាមឃាត់នៅក្នុងឈាមកាលពីអូឡាំពិករដូវរងារ ២០២១។Valieva ត្រូវបានធ្វើតេស្តឃើញវេជ្ជមាន មួយថ្ងៃបន្ទាប់ពីពេលទទួលបានជ័យលាភីនៅប៉េកាំង ដែល​ធ្វើ​ឱ្យ IOC សម្រេចប្រកាសថា ក្រុមស្គីទឹកកករបស់រុស្ស៊ីទាំងអស់ក្នុងវិញ្ញាសានេះ ត្រូវ​ដក​ហូត​មេដាយ​មាស។ មុន​ការប្រកាសដកហូតនេះ ក៏មានការប្តឹងតវ៉ាគ្នាជាច្រើនដំណាក់កាលផងដែរ៕ អត្ថបទ៖នាង សុភាវុធ 

ឯកឧត្តម ថោង ខុន៖ ការប្រកួតគុនចម្រុះ «ពានរង្វាន់សម្ដេចធិបតី» ជាឱកាសគាស់រំលើង​យុទ្ធគុនបុរាណឡើងវិញ

2024/08/08 10:11:40 pm        332
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និង​ជាប្រធានគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់​សម្ដេច​ធិបតី” (គ.ច.យ.ខ.ព) បានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាឱកាសគាស់​រំលើង​យុទ្ធ​គុន​បុរាណ​ខ្មែរ​គ្រប់ទម្រង់ឡើងវិញ ដើម្បីបន្ដការអភិរក្ស និងអភិវឌ្ឍន៍យូរអង្វែងតទៅមុខទៀត ។ឯកឧត្តមបានមានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី​ប្រកាស​ផ្លូវ​ការ​អំពី​កាល​បច្ចេទ​ប្រកួត ក៏ដូចជាផ្សព្វផ្សាយនូវព័ត៌សំខាន់ៗ ពាក់ព័ន្ធនឹងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ដែលគ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២៤ ខាងមុខ ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ឯកឧត្តមបណ្ឌិត ថោង ខុន បន្ដថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ដ្រី  ក្នុងគោលបំណងគាស់រំលើងឡើងវិញនូវយុទ្ធគុនបុរាណរបស់បុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ក្រោមស្មារតី អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍ​ដើម្បីអភិរក្ស “មរតកយុទ្ធគុនខ្មែរបុរាណ” ។ ដោយហេតុនេះ ឯកឧត្តមបាន​អំពាវ​នាវ​ដ​ល់អ្ន​ក​ហាត់​ក្បាច់គុនបុរាណខ្មែរទាំងអស់ ពិសេចាស់ព្រឹទ្ធាចារ្យ នៅតាមសហគមន៍ទូទាំងប្រទេស ចុះ​​ឈ្មោះ​ចូលរួមឲ្យបានច្រើន ដើម្បីបង្ហាញ ក៏ដូចជាចូលរួមអភិរក្ស និងអភិរក្សនូ​វ​ក្បាច់​គុន​មរកត​ដូន​តា​ខ្មែរ​ទាំងអស់គ្នា ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធគុនចម្រុះកម្ពុជា និងជាអនុប្រធាន​គណៈកម្មការ​អចិន្ដ្រៃយ៍​គណៈ​កម្មការ​ចំពោះ​កិ​ច្ច ក៏បានផ្ដល់នូវព័ត៌មានសំខាន់ជាច្រើន ពិសេសពាក់ព័ន្ធនឹងបទបញ្ជាការប្រកួត ដោយ​ឯកឧត្តម​បានពន្យល់ច្បាស់ អំពីការបង្កើតនូវបទបញ្ជាថ្មី និងមានលក្ខណៈវិទ្យាសាស្ដ្រកីឡា សម្រាប់​អនុ​វត្តក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ដោយ​បើក​ឲ្យ​អ្នក​ហាត់​គុនខ្មែរបុរាណគ្រប់ទម្រង់ និងគ្រប់ប្រភេទ ចូលរួមដោយសេរី ។គួរដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បាន​ប្រកាស​ក្នុង​ពិធី​បើក​ការ​ប្រកួត​យុទ្ធគុន​ចម្រុះ​​ជើង​ឯកអាស៊ី លើកទី២ កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅថា សម្ដេចបានផ្ដួចផ្ដើម និង​អនុញ្ញាត​ជា​គោលការណ៍ឲ្យមានរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ដើម្បី​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​ធិបតី រៀងរាល់ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០២៤ តទៅ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍​ក្បាច់​គុន​បុរាណ​ខ្មែរ ជាពិសេសផ្សព្វផ្សាយឲ្យពិភពលោកដឹងថា កម្ពុជាមានយុទ្ធគុន​បុរាណ​ដ៏​សម្បូរ​បែប ច្រើនប្រភេទ ច្រើនទម្រង់ និងច្រើនមេគុន មិនមែនមានក្បាច់គុនបុរាណត្រឹម ២ ឬ ៣ នោះទេ៕ អត្ថបទ លី ឈុនឡា

លោក ធិន វិចិត្រ៖ ការប្រកួតកីឡាឧបសគ្គមានការចូលរួមពីកីឡាករ កីឡាការិនីច្រើន​លើសពីការរំពឹងទុក

2024/08/08 09:10:00 pm        219
លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាឧបសគ្គកម្ពុជាបានគូសបញ្ជាក់ថា ការ​ប្រកួត​កីឡា​ឧបសគ្គ ដែលប្រារព្ធធ្វើឡើងខេត្ត ព្រះសីហនុ មានចំនួនកីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​យ៉ាង​ផុស​ផុលខ្លាំង លើសពីការរំពឹងទុក បើទោះបីជានេះជាប្រភេទកីឡាថ្មីសម្រាប់កម្ពុជាក្តី។អគ្គ​លេខាធិការរូបនេះ គូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាឧបសគ្គនេះ ត្រូវបាន​រៀប​ចំ​ការ​ប្រកួត​ចំនួន ៣ជុំ ពោលគឺចំនួន៣សប្តាហ៍ ដោយសប្តាហ៍ទី១ ជាការប្រកួតវគ្គជម្រុះ ដែលបាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី០៣-០៤ ខែសីហា ឆ្នាំ២០២៤ ហើយការប្រកួតសម្រាប់សប្តាហ៍ទី២ គឺជាការប្រកួត​វគ្គ​ពាក់​កណ្តាល គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៤ និងសប្តាហ៍ទី៣ ជា​ការប្រកួតវគ្គផ្តាច់ព្រ័ត្រ គ្រោងនឹងចាប់ពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៤ ។ ការប្រកួតនេះមានការចូលរួមពីសាលាអន្តរជាតិ អ៊ីសិន អនុវិទ្យាល័យ ហ៊ុនសែន កម្មករ អនុ​វិទ្យាល័យ​សម្តេចឪ ក្លឹបសន្តិភាព ការ៉ាតេដូ សាលាជីវិត វិទ្យាល័យហ៊ុនសែនមិត្តភាព ក្លឹបភ្នំពេញ និង​ក្រុមមហាជន ដែលមានចំនួនអ្នកចូលរួម សរុប ២៣៦នាក់ ក្នុងនោះមាន​កីឡាការិនី​ចំនួន​៥២​នាក់​។គោលបំណងសំខាន់មួយទៀត ក្នុងការរៀបចំការប្រកួតនៅខេត្តព្រះសីហនុនេះ គឺដើម្បីជា​ការ​បំផុស​ស្មារតី​ដល់យុវជនឱ្យចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព និង​បញ្ជៀស​យុវជនឱ្យជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ស្របតាមគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​នូវ​ពាក្យស្លោក ប្រជាជនម្នាក់លេងកីឡាមួយប្រភេទ ប្រចាំជីវិត។ ជាមួយគ្នានេះ សហព័ន្ធ​កីឡាឧបសគ្គកម្ពុជាក៏មានបំណងសំខាន់មួយទៀត ក្នុងការបង្ក​ឱ្យ​មានភាព​ទាក់​ទាញ​ដល់​វិស័យទេសចរណ៍ផងដែរ។ លោក ធិន វិចិត្រ សង្កត់ធ្ងន់ថា ៖«ថ្មីដ្បិតតែ ប្រភេទកីឡាឧបសគ្គនេះ គឺថ្មីសម្រាប់កម្ពុជា​ក៏​ពិត​មែន ប៉ុន្តែប្រភេទកីឡានេះត្រូវបានរៀបចំប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កាល​ពី​ខែ​ឧសភា ឆ្នាំ២០២៣ នៅកម្ពុជា ដែលជាប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជា ហើយ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កីឡាឧបសគ្គកម្ពុជាក៏ដណ្តើមបានមេដាយសំរឹទ្ធ ក្នុងចំណោមប្រទេសអាស៊ាន ដែលចូល​រួម​ផង​​ដែរ​»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ក្នុងការវាយប្រហារលើភូមិមួយក្នុងរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា
07/28/2026 01:07 PM
អតីតមន្ត្រីយោធាអ៊ីស្រាអែលរាប់រយនាក់ជំរុញឱ្យលោក Trump ជួយបញ្ចប់អំពើហិង្សារបស់អ្នកតាំងលំនៅឋាន
07/28/2026 01:07 PM
មន្ត្រីអាមេរិក៖ កិច្ចចរចាជុំបន្ទាប់រវាងអ៊ីស្រាអែល និងលីបង់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែសីហា
07/28/2026 12:07 PM
អារ៉ាប៊ីសាអ៊ូឌីត ការពារប្រឆាំងការវាយប្រហារដោយយានដ្រូនពីក្រុមគាំទ្រដោយអ៊ីរ៉ង់
07/28/2026 12:07 PM
រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ មន្ទីរពេទ្យគន្ធបុប្ផាជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជាប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម
07/28/2026 12:07 PM
Chelsea បើកការចរចានាំយក Jordan Henderson និង Danny Welbeck មកបន្ថែម​បទពិសោធន៍​ក្នុងក្រុម
07/28/2026 12:07 PM
អាជ្ញាធរ​ខេត្តកំពង់ស្ពឺ កំពុងជួសជុលពង្រីកបន្ថែមតួផ្លូវជាតិលេខ៤៦ទៅរមណីយដ្ឋានព្រះសុរាម្រិតកុសមៈ-ឧទ្យានជាតិគីរីរម្យ
07/28/2026 12:07 PM
អគ្គនាយកក្រុមហ៊ុន Minebea៖ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនប៉ះពាល់ដល់ប្រតិបត្តិការវិនិយោគនៅកម្ពុជាឡើយ
07/28/2026 12:07 PM
កីឡារាំកម្ពុជា៖ ការឈ្នះមេដាយ ៦៩គ្រឿងពីជើងឯកអាស៊ាននៅម៉ាឡេស៊ី ជាការ​បំបែក​កំណត់​ត្រា​ថ្មី​ប្រកប​ដោយភាពជោគជ័យជូនជាតិ
07/28/2026 12:07 PM
ក្រសួងការងារ ចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ រយៈពេល ៣ ថ្ងៃ
07/28/2026 12:07 PM