វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

ព័ត៌មានកីឡា

បាល់ ១១ ម៉ែត្រលែងជា «ល្បែងសំណាង» ខណៈក្រុមធំៗផ្តោតលើវិទ្យាសាស្ត្រ និងចិត្តសាស្ត្រនៅ World Cup 2026

2026/07/07 08:08:30 pm        408
ការស៊ុតបាល់កាត់សេចក្តី ១១ ម៉ែត្រ តែងតែត្រូវបានចាត់ទុកថាជាពេលវេលាដ៏តានតឹង និងឃោរឃៅបំផុតនៅក្នុងពិភពបាល់ទាត់។ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ទស្សនៈនេះកំពុងផ្លាស់ប្តូរ ខណៈកីឡាករ គ្រូបង្វឹក និងអ្នកចាំទី កាន់តែផ្តោតលើការហ្វឹកហាត់បច្ចេកទេស ការវិភាគទិន្នន័យ និងការរៀបចំផ្នែកចិត្តសាស្ត្រ ដោយមិនចាត់ទុកការស៊ុតប៉េណាល់ទីជារឿងពឹងសំណាងតែមួយមុខទៀតឡើយ។ការប្រកួតវគ្គ ៣២ ក្រុមចុងក្រោយបានបង្ហាញឱ្យឃើញពីសារៈសំខាន់នៃការត្រៀមខ្លួននេះ បន្ទាប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ និងហូឡង់ ត្រូវបានទម្លាក់ចេញពីការប្រកួត ក្រោយចាញ់ប៉ារ៉ាហ្គាយ និងម៉ារ៉ុក ក្នុងការស៊ុតបាល់កាត់សេចក្តី។លោក Geir Jordet សាស្ត្រាចារ្យនៅសាលាវិទ្យាសាស្ត្រកីឡាន័រវែស និងជាអ្នកនិពន្ធសៀវភៅ Pressure ដែលសិក្សាអំពីចិត្តសាស្ត្រនៃការស៊ុត ១១ ម៉ែត្របានលើកឡើងថា គំនិតដែលថា «បាល់ ១១ ម៉ែត្រគឺជាល្បែងសំណាង» គួរតែបោះបង់ចោល ព្រោះក្រុមដែលមានបំណងឈ្នះពាន World Cup ស្ទើរតែគេចមិនផុតពីការប្រឈមមុខនឹងការស៊ុតកាត់សេចក្តី។ តាមការស្រាវជ្រាវរបស់លោក Jordet ដែលបានវិភាគការស៊ុតបាល់កាត់សេចក្តីចំនួន ៧១៨ លើក ក្នុងព្រឹត្តិការណ៍ World Cup, UEFA Euro និង UEFA Champions League ចាប់តាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ២០២៣ បានរកឃើញថា កីឡាករជាង ៥៣ ភាគរយ ដែលស៊ុតខកខាន មានកាយវិការបង្ហាញពីភាពខកចិត្ត និងសម្ពាធដូចគ្នា ដូចជាឱនក្បាល លាក់មុខ ដួលទៅលើដី ឬជៀសវាងការជួបមិត្តរួមក្រុម។ក្រុមជម្រើសជាតិអង់គ្លេស គឺជាឧទាហរណ៍មួយនៃការផ្លាស់ប្តូរវិធីសាស្ត្រ។ បន្ទាប់ពីចាញ់ការស៊ុតប៉េណាល់ទី ៦ លើក ក្នុងចំណោម ៧ លើក អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០ សមាគមបាល់ទាត់អង់គ្លេសបានចាប់ផ្តើមគម្រោងសិក្សា និងហ្វឹកហាត់ការស៊ុតប៉េណាល់ទីយ៉ាងទូលំទូលាយ ដោយប្រើវិធីសាស្ត្រទំនើប និងផ្អែកលើការស្រាវជ្រាវ។ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Thomas Tuchel ក្រុមអង់គ្លេសនៅតែបន្តអភិវឌ្ឍការងារនេះ។ទន្ទឹមនឹងនេះ អ្នកចាំទីក៏កំពុងក្លាយជាតួអង្គសំខាន់កាន់តែខ្លាំង។ ជំនួសឱ្យការលោតទប់បាល់ដោយការទាយទិសដៅ ពួកគេបានប្រើទិន្នន័យ ស្ថិតិ និងការវិភាគទម្លាប់នៃអ្នកស៊ុត ដើម្បីបង្កើនឱកាសសង្គ្រោះបាល់។ លោក Jordet យល់ថា អ្នកចាំទីក្នុង World Cup ឆ្នាំ២០២៦ កំពុងទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យា និងទិន្នន័យបានល្អជាងពេលណាៗទាំងអស់៕ អត្ថបទ៖នាង សុភាវុធ 

ម្ចាស់ផ្ទះ World Cup 2026 ធ្លាក់អស់ហើយ! ក្រោយអាមេរិកចាញ់ប៊ែលហ្ស៊ិកធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ

2026/07/07 05:04:05 pm        253
ក្រុមជម្រើសជាតិអាមេរិក បានក្លាយជាប្រទេសម្ចាស់ផ្ទះចុងក្រោយដែលត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងប៊ែលហ្ស៊ិក ក្នុងលទ្ធផល ៤-១ នៅវគ្គ ១៦ ក្រុមចុងក្រោយ។លទ្ធផលនេះមានន័យថា ប្រទេសម្ចាស់ផ្ទះទាំងបី រួមមាន សហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិក សុទ្ធតែបានបញ្ចប់ដំណើររបស់ខ្លួននៅមុនវគ្គ ៨ ក្រុមចុងក្រោយ ដោយមិនមានក្រុមណាមួយអាចបន្តដំណើរទៅមុខបានឡើយ ដោយមុននេះ កាណាដា បានចាញ់ ម៉ារ៉ុក ខណៈ ម៉ិកស៊ិក ក៏ត្រូវ អង់គ្លេស ទម្លាក់ចេញផងដែរ។ប៊ែលហ្ស៊ិកបានបង្ហាញទម្រង់លេងយ៉ាងរឹងមាំ និងមានប្រសិទ្ធភាព ដោយទម្លាក់អាមេរិកចេញពីការប្រកួត ទោះបីជាក្រុមម្ចាស់ផ្ទះទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន Seattle ក៏ដោយ។Charles De Ketelaere រកបានពីរគ្រាប់ម្នាក់ឯង Hans Vanaken មួយគ្រាប់ និង Romelu Lukaku មួយគ្រាប់ ឱ្យប៊ែលហ្ស៊ិក ខណៈអាមេរិកស៊ុតគ្រាប់តាមស្មើដំបូងដោយ Malik Tillman។ជ័យជម្នះនេះបានជួយឱ្យប៊ែលហ្ស៊ិកកក់កៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ដើម្បីជួបក្រុមជម្រើសជាតិ អេស្ប៉ាញ ដែលទើបយកឈ្នះ ព័រទុយហ្គាល់ ១-០។ការប្រកួតរវាងប៊ែលហ្ស៊ិក និងអេស្ប៉ាញ ត្រូវបានគេរំពឹងថា នឹងក្លាយជាជំនួបដ៏ធំមួយនៅវគ្គ ៨ ក្រុមចុងក្រោយ ខណៈក្រុមទាំងពីរសុទ្ធតែបង្ហាញទម្រង់លេងល្អ និងកំពុងសម្លឹងឆ្ពោះទៅកាន់ការប្រជែងពាន World Cup ឆ្នាំ២០២៦៕ អត្ថបទ៖នាង សុភាវុធ

Ronaldo មិនទាន់សម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិក្រោយព័រទុយហ្គាល់ធ្លាក់ចេញពី World Cup

2026/07/07 04:49:02 pm        230
ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo បានបដិសេធមិនធ្វើការសម្រេចចិត្តភ្លាមៗអំពីអនាគតរបស់ខ្លួនជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ បន្ទាប់ពីក្រុមរងបរាជ័យ ១-០ ក្រោមថ្វីជើងអេស្ប៉ាញ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup។ការប្រកួតត្រូវបានសម្រេចដោយគ្រាប់បាល់នៅនាទីចុងក្រោយពីខ្សែបម្រើ Mikel Merino ដែលបានប្តូរចូលលេង និងស៊ុតបញ្ចូលទីជួយឱ្យអេស្ប៉ាញកក់កៅអីឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ។ក្រោយបញ្ចប់ការប្រកួត Ronaldo បានប្រាប់អ្នកសារព័ត៌មានថា អេស្ប៉ាញមានសំណាងជាងបន្តិច ក្នុងការរកបានគ្រាប់បាល់ជ័យជម្នះ។ខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះ បានបញ្ជាក់ថានេះជាការប្រកួត World Cup លើកចុងក្រោយរបស់ខ្លួន តែអនាគតជាមួយក្រុមជម្រើសជាតិមិនទាន់សម្រេចនៅពេលនេះទេ ដោយបញ្ជាក់ថា លោកមិនចង់ឱ្យការសម្រេចចិត្តផ្ទាល់ខ្លួន មកបាំងសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់ក្រុមជម្រើសជាតិឡើយ។Ronaldo ក៏បានបង្ហាញពីមោទនភាពចំពោះអ្វីដែលលោកបានរួមចំណែកជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់។ ក្នុងអាជីពជាមួយជម្រើសជាតិ លោកបានជួយព័រទុយហ្គាល់ឈ្នះពាន UEFA Euro 2016 និងពាន UEFA Nations League ចំនួនពីរលើក នៅឆ្នាំ ២០១៩ និងឆ្នាំ ២០២៥។សម្រាប់អាជីពនៅកម្រិតក្លិប Ronaldo ធ្លាប់លេងឱ្យ Sporting Lisbon, Manchester United, Real Madrid, Juventus និងបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយ Al Nassr។ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងឆ្នាំ ២០០៣ មក Ronaldo បានបង្ហាញខ្លួនសរុប ២៣៣ ប្រកួត និងស៊ុតបញ្ចូលទីបាន ១៤៦ គ្រាប់ ដែលជាកំណត់ត្រាដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិ៕ អត្ថបទ៖នាង សុភាវុធ

Merino ស៊ុតគ្រាប់ជ័យចុងម៉ោងឱ្យអេស្ប៉ាញទម្លាក់ព័រទុយហ្គាល់ ឡើងវគ្គ៨ក្រុម​ចុង​ក្រោយបាល់ទាត់ពិភពលោក

2026/07/07 04:38:29 pm        143
អ្នកគាំទ្របាល់ទាត់អេស្ប៉ាញបានផ្ទុះក្ដីរំភើបពេញទីក្រុង Madrid កាលពីថ្ងៃទី៦ ខែកក្កដា បន្ទាប់ពីខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal, Mikel Merino ស៊ុតបញ្ចូលទីគ្រាប់ជ័យនៅនាទីដំបូងនៃម៉ោងបន្ថែមបង្គ្រប់ ៩០+១ ជួយឱ្យក្រុមជម្រើសជាតិអេស្ប៉ាញយកឈ្នះព័រទុយហ្គាល់ក្នុងលទ្ធផល ១-០ និងកក់កៅអីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup។គ្រាប់បាល់របស់ Merino កើតឡើងត្រឹមតែ ៦ នាទីប៉ុណ្ណោះ បន្ទាប់ពីរូបគេត្រូវបានប្តូរចូលលេង ក្នុងការប្រកួតដ៏តានតឹងរវាងក្រុមទាំងពីរ ដែលធ្វើឡើងនៅកីឡដ្ឋាន Dallas រដ្ឋតិចសាស។ គ្រាប់បាល់នេះបានបំបែកភាពរឹងមាំរបស់ខ្សែការពារព័រទុយហ្គាល់ ដែលអាចទប់ទល់ការវាយសម្រុករបស់អេស្ប៉ាញបានអស់រយៈពេលជិតពេញការប្រកួត។ចំណែកឯបរាជ័យរបស់ព័រទុយហ្គាល់ ត្រូវបានគេរំពឹងថា អាចជាការប្រកួត World Cup លើកចុងក្រោយរបស់ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo វ័យ ៤១ ឆ្នាំ ដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup លើកទី៦ ស្មើកំណត់ត្រាពិភពលោក និងស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងការប្រកួតឆ្នាំនេះ៕ អត្ថបទ៖នាង សុភាវុធ

តេជោលីគ លើកទី៣ បង្ហាញភាពពិតប្រាកដ នៃសម្រស់បាល់ទះកម្ពុជា ខណៈបញ្ជាការដ្ឋាន​អង្គរក្ស ឈ្នះពានដាច់

2026/07/06 10:43:23 pm        200
ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ បានបញ្ចប់ដោយជោគជ័យ និងត្រូវបាន​វាយ​តម្លៃខ្ពស់ ពីថ្នាក់ដឹកនាំសហព័ន្ធជាតិ ក៏ដូចជាសហព័ន្ធកីឡាបាល់ទះពិភពលោក ដែលបានបង្ហាញពីភាពពិតប្រាកដនៃសម្រស់បាល់ទះកម្ពុជា ស្របពេលក្រុមបញ្ជាការដ្ឋានអង្គរក្ស បានឈ្នះពានដាច់ ក្នុងការនាំយកពានតេជោលីគ ទៅតម្កល់ទុកនៅក្លិបរបស់ខ្លួនជាផ្លូវការ ក្រោយគ្រងជើងឯក ៣រដូវកាលជាប់ៗគ្នា តាមលក្ខខណ្ឌនៃព្រឹត្តិការណ៍បាល់ទះធំជាងគេនៅកម្ពុជានេះ។លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានគូសបញ្ជាក់ថា តេជោលីគ ឆ្នាំនេះ ត្រូវបានវាយតម្លៃជាលីគមួយដ៏ធំក្នុងតំបន់ ដ្បិតកម្ពុជាទើបរៀបចំលីគបាន ៣ឆ្នាំ និងចុះបញ្ជីនៅសហព័ន្ធកីឡាបាល់ទះពិភពលោកបាន ២ឆ្នាំចុងក្រោយ តែការអនុវត្តតាមនិយាមអន្ដរជាតិ បានធ្វើឲ្យព្រឹត្តិការណ៍នេះ ទាក់ទាញការគាំទ្រដ៏ច្រើនលើសលុប តាំងពីវគ្គសន្សំពិន្ទុ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ក្រោយការពង្រឹងធនធានក្នុងស្រុក និងនាំចូលកីឡាករខ្លាំងៗពីអន្ដរជាតិរបស់ក្លិបនីមួយៗ។តាមរយៈភាពជោគជ័យនេះ មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល ថា ពានតេជោលីគ ឆ្នាំនេះ ពិតជាបានបង្ហាញនូវសម្រស់បាល់ទះពិតប្រាកដក្នុងប្រទេសកម្ពុជា ដ្បិតលោកសង្កេតឃើញអ្នកគាំទ្រផ្ទាល់ប្រមាណ ៨ ទៅ ៩ពាន់នាក់ ទាំងក្នុង និងក្រៅវិមានពហុកីឡដ្ឋានជាតិ ក៏ដូចជាអ្នកទស្សនាតាមបណ្ដាញសង្គមនានាយ៉ាងហោច ៨០% គឺជាការគាំទ្រព្រឹត្តិការណ៦ទាំងមូល ដោយទឹកចិត្ដ ក្ដីស្រលាញ់ និងឆន្ទៈចំពោះវិស័យកីឡាបាល់ទះជាតិ។ ការគាំទ្រនេះ បានធ្វើឲ្យមន្ដ្រីសហព័ន្ធបាល់ទះពិភពលោក ផ្ញើសារមកអបអរសាទរកម្ពុជា ហើយថា លីគបាល់ទះកម្ពុជា កំពុងប្រកួតប្រជែងជាមួយលីគបណ្ដាប្រទេសក្នុងតំបន់មួយចំនួន ដែលដើរមុនកម្ពុជាង ២០ឆ្នាំទៀតផង។សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ គឺមានបេក្ខភាពចំនួន ៨ក្រុមចូលរួម និងធ្វើការប្រកួតជម្រុះ ២ជុំ រហូតដល់រកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយក្រុមបញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះក្រុមវិសាខា ដោយលទ្ធផល ៣-០សិត ក្នុងពិន្ទុ ២៥-១៦, ២៥-១៨ និង ២៥-១៨។ ជ័យជម្នះស្ទើរមិនគួរឲ្យជឿ ជាមួយការធ្វើបានយ៉ាងល្អនេះ បានធ្វើឲ្យបញ្ជាការដ្ឋានអង្គរក្ស ក្លាយជាក្រុមជើងឯក ៣ឆ្នាំជាប់ៗគ្នា និងក្លាយជាម្ចាស់កម្មសិទ្ធពានធំ តេជោលីគ ជាផ្លូវការ ហើយសហព័ន្ធនឹងត្រូវរចនាពានថ្មីមួយទៀត សម្រាប់ដាក់ឲ្យប្រកួតប្រជែងនារដូវកាលថ្មី។ចំណែកក្រុមវិសាខា ដែលបាននាំចូលកីឡាករបរទេសខ្លាំងពីបារាំង អាមេរិក និងប្រេស៊ីល បានត្រឹមទទួលចំណាត់ថ្នាក់លេខ២ បីរដូវកាលជាប់គ្នា ស្របពេលក្រុមបាល់ទះស្នងការនគរបាលខេត្តស្វាយរៀង បានទទួលចំណាត់ថ្នាក់លេខ៣ ក្រោយវាយបកឈ្នះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ គួរឲ្យភ្ញាក់ផ្អើល ដោយលទ្ធផល ៣-២សិត ជាមួយពិន្ទុ ២១-២៥, ១៩-២៥, ២៥-១៩, ២៧-២៥ និង ១៥-១២៕ អត្ថបទ លី ឈុនឡា 

ក្រុមអាមេរិកមិនសម្រាកបុណ្យឯករាជ្រឡើយ ខណៈត្រៀមជួបប៊ែលហ្ស៊ិកវគ្គ ១៦ ក្រុម

2026/07/06 10:30:46 pm        194
ទោះបីជាថ្ងៃទី៤ ខែកក្កដា ជាទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិកមិនមានពេលសម្រាកនោះទេ ដោយកីឡាករទាំងអស់បានបន្តហ្វឹកហាត់យ៉ាងម៉ឺងម៉ាត់ ដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup។ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋានរបស់ក្រុម Seattle Seahawks ក្នុងទីក្រុង Seattle ដែលត្រូវបានចាត់ទុកថាជាកីឡដ្ឋានមួយមានបរិយាកាសរំភើប និងសំឡេងគាំទ្រខ្លាំងបំផុតក្នុងលីគ NFL។ មុនការប្រកួត World Cup ចាប់ផ្តើម អ្នកគាំទ្រជាច្រើនគ្រាន់តែរំពឹងថា ក្រុមជម្រើសជាតិអាមេរិកអាចឆ្លងផុតវគ្គចែកពូល និងឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយប៉ុណ្ណោះ។ ប៉ុន្តែការយកឈ្នះ ប៉ារ៉ាហ្គាយ, អូស្ត្រាលី និងបន្តយកឈ្នះ បូស្នៀ ២-០ បានធ្វើឱ្យទំនុកចិត្ត និងក្តីសង្ឃឹមរបស់អ្នកគាំទ្រកើនឡើងយ៉ាងខ្លាំងថា ក្រុមរបស់លោក Mauricio Pochettino អាចបន្តដំណើរបានឆ្ងាយជាងការរំពឹងទុក។ចំណែកឯក្រុមជម្រើសជាតិបែលហ្ស៊ិកវិញ មិនទាន់បង្ហាញទម្រង់លេងដែលអាចបញ្ចុះបញ្ចូលអ្នកគាំទ្របាននៅឡើយទេ។ ក្នុងវគ្គមុន ពួកគេត្រូវរងសម្ពាធពីក្រុម សេណេហ្គាល់ អស់រយៈពេលជាច្រើននាទី មុនពេលរកបាន ២ គ្រាប់តាមស្មើ គ្រាប់ជ័យជំនះ ១១ ម៉ែត្រនៅចុងម៉ោងនៃម៉ោងបន្ថែម ១៥ នាទីពីរដង។ការប្រកួត World Cup លើកនេះ ក៏អាចជាការបង្ហាញខ្លួនចុងក្រោយរបស់ ជំនាន់មាសរបស់បែលហ្ស៊ិក ដែលដឹកនាំដោយ Kevin De Bruyne, Romelu Lukaku និង Thibaut Courtois ផងដែរ។សម្រាប់ក្រុមអាមេរិក ខ្សែការពារដែលធ្លាប់ត្រូវគេចាត់ទុកថាជាចំណុចខ្សោយ មុនការប្រកួត បានបង្ហាញទម្រង់លេងយ៉ាងរឹងមាំក្នុងជ័យជម្នះលើបូស្នៀ។ ទោះជាយ៉ាងណា ពួកគេនឹងត្រូវប្រុងប្រយ័ត្នចំពោះខ្សែប្រយុទ្ធស្លាបល្បឿនលឿន Jérémy Doku ដែលត្រូវបានគេរំពឹងថាអាចបង្ហាញសមត្ថភាពពេញលេញក្នុងជំនួបនេះ៕ អត្ថបទ៖នាង សុភាវុធ 

Unai Simón៖ Ronaldo នៅតែគ្រោះថ្នាក់ ទោះមិនស្ថិតក្នុងចំណុចកំពូលនៃអាជីព មុនអេស្ប៉ាញជួបព័រទុយហ្គាល់

2026/07/06 08:32:08 pm        313
អ្នកចាំទីក្រុមជម្រើសជាតិអេស្ប៉ាញ Unai Simón បានអះអាងថា ទោះបី Cristiano Ronaldo មិនស្ថិតក្នុងទម្រង់លេងល្អបំផុតដូចកាលពីអតីតកាលក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះនៅតែជាកីឡាករដែលអាចសម្រេចលទ្ធផលការប្រកួតបានគ្រប់ពេល។ថ្លែងក្នុងសន្និសីទសារព័ត៌មាន Simón បាននិយាយថា ក្រុមអេស្ប៉ាញត្រូវតែព្យាយាមទប់ស្កាត់មិនឱ្យ Ronaldo មានឱកាសចូលទៅក្នុងតំបន់គ្រោះថ្នាក់ និងបង្កើតឱកាសនៅមុខទី ប្រសិនបើចង់ទទួលបានលទ្ធផលល្អក្នុងជំនួបវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup។ការប្រកួតរវាងអេស្ប៉ាញ និងព័រទុយហ្គាល់រាត្រីនេះ នឹងក្លាយជាជំនួបដ៏ក្តៅគគុកមួយ ដែលជាការសងសឹកបន្ទាប់ពីព័រទុយហ្គាល់បានយកឈ្នះអេស្ប៉ាញដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី ក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Nations League កាលពីឆ្នាំមុន បន្ទាប់ពីស្មើគ្នា ២-២។ជំនួបនេះក៏ត្រូវបានគេចាត់ទុកថា ជាការប្រឈមរវាងជំនាន់ចាស់ និងជំនាន់ថ្មី ពោលគឺ Cristiano Ronaldo របស់ព័រទុយហ្គាល់ និងតារាវ័យក្មេង Lamine Yamal របស់អេស្ប៉ាញ។Simón ក៏បានបង្ហាញទំនុកចិត្តលើ Yamal ផងដែរ ដោយជឿជាក់ថា ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ នឹងខិតខំជួយការពារក្រុម ពិសេសក្នុងការទប់ទល់នឹងការវាយលុកដ៏គ្រោះថ្នាក់ពីស្លាបឆ្វេងរបស់ព័រទុយហ្គាល់។ពាក់ព័ន្ធនឹងកំណត់ត្រារក្សាសំណាញ់ទីមិនឱ្យរបូតបាល់ចំនួន ៤ ប្រកួតជាប់គ្នា ដែលធ្វើឱ្យរូបគេបំបែកកំណត់ត្រារបស់អតីតអ្នកចាំទីអ៊ីតាលី Walter Zenga នៅ World Cup នោះ Simón បានបញ្ជាក់ថា សមិទ្ធផលនេះមិនមែនជារបស់គេតែម្នាក់ឯងទេ ប៉ុន្តែជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កីឡាករទាំងមូល។ក្រោមការដឹកនាំរបស់គ្រូបង្វឹក Luis de la Fuente អេស្ប៉ាញកំពុងបន្តទម្រង់លេងដ៏ល្អ ដោយមិនស្គាល់ពាក្យថាចាញ់ក្នុង ៣៤ ប្រកួតជាប់គ្នា ចាប់តាំងពីឈ្នះពាន UEFA Nations League 2023៕ អត្ថបទ៖នាង សុភាវុធ

លោក Carlos Queiroz លាលែងពីតំណែងគ្រូបង្វឹកហ្គាណា ក្រោយធ្លាក់ចេញពី World Cup

2026/07/06 08:10:45 pm        135
លោក Carlos Queiroz បានប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិហ្គាណា បន្ទាប់ពីដឹកនាំក្រុមបានរយៈពេលត្រឹម ៣ ខែ និងបញ្ចប់ដំណើរនៅព្រឹត្តិការណ៍ World Cup ត្រឹមវគ្គ ៣២ ក្រុមចុងក្រោយ។គ្រូបង្វឹកវ័យ ៧៣ ឆ្នាំរូបនេះ បានចូលកាន់តំណែងកាលពីខែមេសា និងបានដឹកនាំហ្គាណាបញ្ចប់ចំណាត់ថ្នាក់លេខ៣ ក្នុងពូល L មុនពេលចាញ់ក្រុមកូឡុំប៊ីក្នុងលទ្ធផល ១-០ នៅវគ្គ ៣២ ក្រុមចុងក្រោយ។លោក Queiroz ធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិជាច្រើននៅលើឆាកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ហើយការប្រកួតលើកនេះ គឺជាការចូលរួម World Cup ជាប់គ្នាលើកទី៥ ក្នុងនាមជាគ្រូបង្វឹក។ មុននេះ លោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិអ៊ីរ៉ង់ ព័រទុយហ្គាល់ និងអេហ្ស៊ីប ក្នុងការប្រកួតអន្តរជាតិធំៗ ហើយក៏ធ្លាប់បម្រើការជាជំនួយការគ្រូបង្វឹកនៅក្លិប Manchester United ផងដែរ។លោក Queiroz ក្លាយជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹក World Cup ពីររូបដែលបានចាកចេញពីតំណែងនៅថ្ងៃអាទិត្យ ដោយក្រុមជម្រើសជាតិហ្ស៊កដានីក៏បានបញ្ចប់កិច្ចសហការជាមួយលោក Jamal Sellami ផងដែរ បន្ទាប់ពីក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៤ ក្នុងពូល J៕ អត្ថបទ៖នាង សុភាវុធ 

Real Madrid ប្រកាសផ្ទេរខ្សែការពារហូឡង់ Denzel Dumfries ពី Inter Milan ជាផ្លូវការ

2026/07/06 06:53:35 pm        460
ក្លិបយក្សអេស្ប៉ាញ Real Madrid បានប្រកាសជាផ្លូវការពីការចុះហត្ថលេខាយកខ្សែការពារស្លាបស្តាំជម្រើសជាតិហូឡង់ Denzel Dumfries ពីក្លិបអ៊ីតាលី Inter Milan ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំ។ទោះបីក្លិបមិនបានបង្ហាញតម្លៃផ្ទេរជាផ្លូវការក៏ដោយ ប៉ុន្តែប្រភពព័ត៌មានជាច្រើនបានឱ្យដឹងថា Real Madrid បានសម្រេចបង់ប្រាក់តាមលក្ខខណ្ឌផ្តាច់កិច្ចសន្យាដែលមានតម្លៃប្រមាណ ២០ លានអឺរ៉ូ។Dumfries វ័យ ៣០ ឆ្នាំ ក្លាយជាកីឡាករថ្មីទី៤ ដែល Real Madrid នាំចូលក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បន្ទាប់ពី Marc Cucurella, Bernardo Silva និង Ibrahima Konaté។ ការមកដល់របស់គេត្រូវបានគេរំពឹងថានឹងបង្កើនការប្រកួតប្រជែងនៅតំបន់ការពារស្លាបស្តាំ ជាមួយខ្សែការពារជម្រើសជាតិអង់គ្លេស Trent Alexander-Arnold។អំឡុងពេលលេងឱ្យ Inter Milan ចាប់តាំងពីផ្ទេរមកពី PSV Eindhoven នៅឆ្នាំ ២០២១ Dumfries បានរួមចំណែកជួយក្រុមឈ្នះពាន Serie A ចំនួន ២ លើក និង Coppa Italia ចំនួន ៣ លើក។ រូបគេបង្ហាញខ្លួនសរុប ២០៧ ប្រកួត រកបាន ២៧ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២៨ លើក។លើឆាកអន្តរជាតិ Dumfries ក៏បានជួយក្រុមជម្រើសជាតិហូឡង់ឈានដល់វគ្គ ៣២ ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ FIFA World Cup រដូវក្តៅនេះផងដែរ។សម្រាប់ Real Madrid ការនាំចូល Dumfries គឺជាផ្នែកមួយនៃផែនការពង្រឹងតំបន់ការពារ បន្ទាប់ពីក្លិបបញ្ចប់រដូវកាលមុនដោយគ្មានពានរង្វាន់។ ប្រធានក្លិប Florentino Pérez ធ្លាប់បានសន្យាថានឹងពង្រឹងសមាសភាពក្រុមក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក ហើយក្លិបក៏បានតែងតាំង José Mourinho ឱ្យត្រឡប់មកដឹកនាំក្រុមជាលើកទី២ផងដែរ៕ អត្ថបទ៖នាង សុភាវុធ 

អ្នកគាំទ្ររាប់ពាន់នាក់ស្វាគមន៍ក្រុមជម្រើសជាតិកាបវែរ ក្រោយបញ្ចប់ដំណើរប្រវត្តិសាស្ត្រនៅ World Cup

2026/07/06 06:39:31 pm        180
អ្នកគាំទ្ររាប់ពាន់នាក់នៅរដ្ឋធានី Praia បាននាំគ្នាគ្រវីទង់ជាតិ លើកកន្សែងដែលមានអក្សរ "Cape Verde" និងបោះអាវជូនកីឡាករ ខណៈក្បួនដង្ហែរបស់ក្រុមជម្រើសជាតិកាបវែរ បានចាប់ផ្តើមធ្វើដំណើរជុំវិញទីក្រុង ដើម្បីអបអរសាទរការវិលត្រឡប់មកមាតុភូមិ កាលពីចុងសប្តាហ៍កន្លងទៅ។ទោះបីកាបវែរត្រូវបញ្ចប់ដំណើរនៅវគ្គ ៣២ ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមការពារតំណែងជើងឯក អាហ្សង់ទីន ក្នុងលទ្ធផល ៣-២ នៅម៉ោងបន្ថែមកាត់សេចក្តីក៏ដោយ ប៉ុន្តែក្រុមមួយនេះបានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យក្នុងការបង្ហាញខ្លួនលើកដំបូងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup និងទទួលបានការគាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។កាបវែរ ជាប្រទេសលើដីកោះចំនួន ១០ ស្ថិតនៅឆ្នេរសមុទ្រខាងលិចនៃទ្វីបអាហ្វ្រិក មានប្រជាជនប្រមាណ ៥០ម៉ឺននាក់។ ប្រទេសនេះទើបតែចូលរួមការប្រកួតជម្រុះ World Cup នៅដើមសតវត្សរ៍ទី២១ ហើយមុនការប្រកួតឆ្នាំនេះ ក្រុមជម្រើសជាតិរបស់ពួកគេឈរនៅចំណាត់ថ្នាក់លេខ ៦៧ ពិភពលោក។ភាពជោគជ័យរបស់កាបវែរនៅ World Cup គឺជាលទ្ធផលនៃគម្រោងអភិវឌ្ឍន៍រយៈពេលវែង ក្រោមការដឹកនាំរបស់គ្រូបង្វឹក Bubista ដែលបានស្វែងរក និងប្រមូលផ្តុំកីឡាករដែលមានដើមកំណើតកាបវែរ ពីបណ្តាប្រទេសនានាជុំវិញពិភពលោក មកកសាងជាក្រុមមួយដែលមានស្មារតីប្រកួតខ្ពស់ ភាពរឹងមាំ និងយុទ្ធសាស្ត្រលេងដ៏មានប្រសិទ្ធភាព។ទោះបីមិនអាចបន្តដំណើរទៅវគ្គបន្តបានក៏ដោយ ការបង្ហាញសមត្ថភាពរបស់កាបវែរនៅ World Cup លើកនេះ ត្រូវបានចាត់ទុកថាជាជោគជ័យដ៏ធំធេង និងជាមោទនភាពសម្រាប់ប្រទេស ក៏ដូចជាបានបង្ហាញថា ក្រុមតូចមួយក៏អាចប្រកួតប្រជែងជាមួយមហាអំណាចបាល់ទាត់ពិភពលោកបានដែរ៕អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
07/25/2026 09:07 AM
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
07/25/2026 09:07 AM
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
07/25/2026 09:07 AM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
07/25/2026 08:07 AM
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
07/25/2026 07:07 AM
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM