Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

ម្ចាស់ផ្ទះថៃ ប្រកាសប្រភេទកីឡាបឋមជាង ៤០ប្រភេទ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៥

2024/06/18 08:25:13 pm        321
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក កាលពីថ្មីៗ ម្ចាស់ផ្ទះថៃ បានប្រកាសនូវប្រភេទកីឡាបណ្ដោះអាសន្ន សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ខាងមុខ ដែលសរុបចំនួន ៤៤ប្រភេទកីឡា ។ក្នុងចំណោមប្រភេទកីឡា ដែលប្រទេសម្ចាស់ផ្ទះបានកំណត់ជាបឋមនេះ ត្រូវបានបែងចែកជា ៣ក្រុម ក្នុងនោះក្រុមទី១-ប្រភេទកីឡាចាំបាច់ គឺមានកីឡាអត្តពលកម្ម និងកីឡាក្នុងទឹក ដែលរួមមានហែលទឹក លោតទឹក បាល់ទឹក រាំក្នុងទឹក និងហែលទឹកម៉ារ៉ាតុង ។រីឯក្រុមទី២ ជាប្រភេទកីឡាអូឡាំពិក និងអាស៊ី ក្នុងនោះមានកីឡាបាញ់ធ្នូ, វាយសី, បាល់បោះ (5x5, 3x3), ទូកកាណូ, រ៉ូអ៊ីង, ទោចក្រយាន, គុនដាវ, បាល់ទាត់ (បុរស, នារី), វាយកូនហ្គោល, កាយសម្ព័ន្ធ, បាល់គប់, ហុកគី, ហុកគីលើទឹកកក, យូដូ, បាញ់កាំភ្លើង, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, វាយកូនបាល់, ទ្រីយ៉ាត្លុង, បាល់ទះ, ចំបាប់, ជិះស្គីលើទឹកកក, ផេនតាត្លុងទំនើប, បេស្បល-សូហ្វបល, ប្រដាល់សកល, ជិះសេះ និងប៉ូឡូ, បាល់ឱប និងទូកក្តោង  ព្រមទាំងប្រភេទកីឡាអាស៊ីក្នុងសាល និងក្បាច់គុន រួមមានបាល់ទាត់ Futsal, មួយ, បញ្ចស៊ីឡាត់, ប៉េតង់, ស៊ីប៉ាក់តាក្រ, ប៊ីយ៉ា និងស្នូកឃ័រ និងកីឡាអេឡិចត្រូនិកច ។ចំណែកក្រុមទី៣ គឺមានកីឡា Floorball, ឃីកបុកស៊ីង, បាល់ទាត់លើតុ និង Netball ក្រៅពីនេះ ក៏មានកីឡាសម្ដែង ២ប្រភេទផងដែរ រួមមានកីឡាទាញព្រ័ត្រ និងកីឡាចោលថាស ។បើតាមការបញ្ជាក់របស់គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្មីៗ ចំពោះការកំណត់ប្រភេទកីឡាជាផ្លូវការ ក្នុងការប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ នឹងសម្រេចនៅខែធ្នូ ឆ្នាំ២០២៤ ខាងមុខ បន្ទាប់ពីមានការប្រជុំពិភាក្សា និងមានការឯកភាពពីបណ្ដាលប្រទេសសមាជិកទាំងអស់៕ អត្ថបទ លី ឈុនឡា 

ឯកឧត្តម ថោង ខុន គាំទ្រកិច្ចសហការរវាង CEF និងEFI ដើម្បីជំរុញការអភិវឌ្ឍកីឡាជិះសេះកម្ពុជា

2024/06/18 04:56:23 pm        83
ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហាញការគាំទ្រ ចំពោះកិច្ចសហការរវាងសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ(CEF) ជាមួយសហព័ន្ធកីឡាជិះសេះអន្ដរជាតិ (FEI) ដោយទំនាក់ទំនងនេះ នឹងផ្ដល់នូវផលវិជ្ជមាន ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាជិះសេះកម្ពុជាឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅរកការប្រកួតប្រជែង និងដណ្ដើមលទ្ធផលល្អប្រសើរជូនជាតិបន្ថែមទៀត ។ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមទេសរដ្ឋមន្ដ្រី បានអញ្ជើញចូលរួមកម្មវិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ដែលសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានរៀបចំទទួលស្វាគមន៍លោក Jack Huang អនុប្រធានសហព័ន្ធកីឡាជិះសេះអន្ដរជាតិ នៅក្លិបបង្ហាត់ជិះសេះ ជីននីស រីស៊ត កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ទិត ឌីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ។ក្នុងនាមប្រមុខចលនាអូឡាំពិកកម្ពុជា ឯកឧត្ដមបណ្ឌិត ថោង ខុន បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ចជាថ្មីរបស់មន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាជិះសេះអន្ដរជាតិ នាពេលនេះ ដែលស្ដែងឲ្យលទ្ធផលពីលទ្ធផលជំនួបដំបូង រវាងឯកឧត្តមទេសរដ្ឋមន្ដ្រី ជាមួយប្រធាន FEI លោក Ingmar De Vos និងលោក Jack Huang ផ្ទាល់ កាលពីចុងខែមករា ឆ្នាំ២០២៤ កន្លងទៅ។ នេះគឺជាសញ្ញាណដ៏ល្អសម្រាប់វិស័យកីឡាជិះសេះកម្ពុជា ក្រោមកិច្ចសហការ និងមានការគាំទ្រពីអន្ដរជាតិ ដើម្បីជំរុញការអភិវឌ្ឍឆ្ពោះទៅភាពរីកចម្រើនមួយកម្រិតទៀត ។ឯកឧត្តមបណ្ឌិត កិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ក៏ដូចជាការត្រៀមបរិច្ចាគសេះ និងបច្ចេកទេសផ្សេងៗ ពី FEI ដល់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ នាពេលខាងមុខ នឹងក្លាយជាបច្ច័យដ៏ល្អ សម្រាប់ជំរុញគុណផលកម្រិតខ្ពស់ដល់អត្តពលិកកីឡាជិះសេះកម្ពុជា ត្រៀមការប្រកួតអន្ដរជាតិនានា ដូចជាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ពិសេសគឺការបណ្ដុះបណ្ដាលនូវធនធានកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ តែម្ដង ។ទន្ទឹមជាមួយគ្នា ព្រះអង្គម្ចាស់ នរោត្ដម ណានដាទេវី អគ្គលេខាធិការសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ក៏បានសម្ដែងនូវសេចក្ដីរីករាយ ដែលទទួលបានការគាំទ្រ ទាំងស្ថាប័នកីឡាជាតិ និងអន្ដរជាតិ ពិសេសក្រោយការបង្កើតសហព័ន្ធ ដែលជំរុញឲ្យកីឡាជិះសេះកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ ។ តាមរយៈកិច្ចសហការជាមួយសហព័ន្ធកីឡាជិះសេះអន្ដរជាតិ ក៏ដូចជាការត្រៀមផ្ដល់នូវជំនួយសេះជាច្រើនក្បាល នាពេលខាងមុខដែរ ព្រះអង្គម្ចាស់ ក៏បានបង្ហាញសុទិដ្ឋិនិយម នឹងរុញវិស័យកីឡាជិះសេះកម្ពុជាឲ្យរីកមច្រើនមួយកម្រិតទៀតដែរ ។គួរដឹងថា ដំណើរទស្សនកិច្ចរបស់អនុប្រធានសហព័ន្ធកីឡាជិះសេះអន្ដរជាតិ លោក Jack Huang មកកាន់ប្រទេសកម្ពុជាលើកនេះ គឺដើម្បីពិនិត្យហេរចនាសម្ព័ន្ធមជ្ឈមណ្ឌលហ្វឹកហាត់ថ្មី​របស់សហព័ន្ធកម្ពុជា​បង្ហាត់ជិះសេះ ស្របពេល FEI កំពុងពិចារណាក្នុងការប្រគល់សេះចំនួន ១២ក្បាល ដល់សហព័ន្ធជាតិ តាមរយៈសហព័ន្ធកីឡាជិះសេះហុងកុង និងក្លិប Jockey Cub ។ មិនតែប៉ុណ្ណោះ លោកក៏នឹងចូលរួមការបញ្ចប់កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រោមមូលនិធី FEI លើកដំបូង ៕ អត្ថទ លី ឈុនឡា

ព្រឹត្តិការណ៍បាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Grand Championship បិទបញ្ចប់ដោយជោគជ័យ

2024/06/17 10:57:33 pm        127
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជនពានរង្វាន់ AIA – ISF Grand Championship បានបិទបញ្ចប់ដោយជោគជ័យហើយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅ​កីឡដ្ឋាន AIA Stadium ក្នុងគោលបំណង ជួយដល់កុមារក្រីក្រ ដែលគ្មានលទ្ធភាព ផ្ដល់​ឲ្យ​ពួក​គាត់​ចូលរួមលេងបាល់ទាត់ និងបង្រៀនឲ្យពួកគាត់យល់ដឹង ពីសារសំខាន់ នៃការប្តេជ្ញាចិត្ត ការធ្វើ​ការងា​រ​ជាក្រុម ប្រឹងប្រែងជំនះ ឧបសគ្គ ក្នុងជីវិតរបស់ពួកគេប្រចាំថ្ងៃ។ក្រោយការបិទបញ្ចប់ លោកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា លោក​ស្រីពិតជា សប្បាយចិត្តយ៉ាងខ្លាំង ដោយបានមើលឃើញ សកម្មភាពក្លាហ៊ាន របស់​កីឡាករ-កីឡាការិនីវ័យក្មេង ដែលចូលរួមលេងកីឡា ។លោកស្រីបានបន្តថា ឆ្លង​កាត់​ការ​ប្រកួត​បាល់​ទាត់​នេះផងដែរ ពិតជាបានជួយផ្លាស់ប្តូរជីវិតកុមារ និងយុវជន ជាច្រើននាក់ក្នុង​ការ​ជួយ​ពួក​គេ​រៀន​សូត្រ ជំនាញបាល់ទាត់ ថែមទាំងធ្វើឲ្យគេយល់ដឹងពីសារសំខាន់នៃការប្តេជ្ញាចិត្ត ការ​ធ្វើ​ការងារ​ជាក្រុម និងភាពធន់ទ្រាំ តាមរយៈការប្រកួតនេះផងដែរ។ប្រធានអង្គការរូបនេះ បាន​អំពាវ​នាវ ដល់ម្ចាស់ឧបត្ថម្ភ និងសប្បុរសជននានា ជួយគាំទ្រដល់ការប្រកួតបាល់ទាត់ វិលជុំកុមារ និង​យុវជន បន្ថែមផង ព្រោះអង្គការផ្កាយសមុទ្រមានគោលបំណងពង្រីកវិសាលភាពរបស់ខ្លួន ទៅ​ដល់​ខេត្តឆ្ងាយៗបន្តទៀត។គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយអង្គការ ផ្កាយ​សមុទ្រ (ISF) ក្រោមការជួយឧបត្ថម្ភជ្រោមជ្រែង ដោយក្រុមហ៊ុន AIA Cambodia ក្នុង​គោល​បំណង​ផ្តល់ឱកាស ក្នុងការប្រកួតប្រជែង ក្នុងវិស័យកីឡាបាល់ទាត់ ទៅដល់កុមារ និង យុវជន​ទូទាំងប្រទេសក៏ដូចជាជួយលើកកម្ពស់ការចូលរួម និងការអភិវឌ្ឍសហគមន៍ ។ គួរ​រំលឹក​ផង​ដែលថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AIA – ISF Grand Championship មាន​កីឡាករ​កីឡាការនី​ចូលរួមសរុបចំនួន ១៩២នាក់ មកពី ១៦ក្រុម រួមមានភ្នំពេញ ក្រុងកំពត និង​ខេត្ត​បន្ទាយមានជ័យ ដោយប្រកួតទៅតាមប្រភេទអាយុផ្សេងៗដូចជា កុមារា និងកុមារីអាយុក្រោម ១០ឆ្នាំ, ១៤ឆ្នាំ, ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ឆ្នាំផងដែរ៕

ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុង ទាក់ចិត្តជនបរទេស និងប៉ងរត់នៅខេត្តសៀមរាប និងព្រះសីហនុទៀត

2024/06/17 10:45:42 pm        125
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១២ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ​ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមសរុប ៤,១១០នាក់ ក្នុងនោះ​មាន​ជន​បរទេសជិត ១ពាន់នាក់ ដែលសុទ្ធតែសប្បាយរីករាយ ក្នុងការចូលរួមរត់ ហើយមាន​ជន​បរទេស​ខ្លះ បានជាប់ចិត្ត និងប៉ងបន្ដចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តសៀមរាប ក៏​ដូច​ជា​ខេត្ត​ព្រះសីហនុបន្ដទៀតផង ។ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ រៀបចំឡើងក្រោមអធិបតីតភាពឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើន ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍នេះ ប្រកបដោយសុវត្ថិភាព និងរលូនផងដែរ ។ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ឆ្នាំនេះ មានអ្នកចូលរួមទិវារត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុងភ្នំពេញសរុប ៤,១១០នាក់ ក្នុងនោះមានអត្តពលិករត់ ២១គីឡូ​ម៉ែត្រ ​៦៤៧​នាក់,  រត់ ១០គីឡូម៉ែត្រ ១,៨៧០នាក់,  រត់ ៥គីឡូម៉ែត្រ ១៣៣៧នាក់ និងរត់កម្សាន្ត ២គីឡូម៉ែត្រ ២៥៦នាក់ ។ ប៉ុន្ដែបាញ់កាំភ្លើងបញ្ជាចេញដំណើរ ឯកឧត្តមទេសរដ្ឋមន្ដ្រី ក៏បាន​អញ្ជើញ​អត្តពលិកជាតិ-អន្តរជាតិ លើកដៃប្រណមដើ​ម្បីថ្វា​យ​នូវ​សព្ទ​សាធុ​ការពរ ​ក្នុង​ព្រះរា​ជ​ពិធី​បុណ្យ​ចម្រើ​នព្រះជន្ម សម្តេចព្រះមហាក្សត្រី  ព្រះវររាជមាតាជាតិខ្មែរផងដែរ ។ក្នុងបរិយាកាសដ៏សប្បាយរីករាយនោះដែរ លោក Thom Aenger(ថម អេងហ្គ័រ) មក​ពី​ចក្រ​ភព​អង់​គ្លេស និងអ្នកស្រី Loagars (ឡៅហ្គាស) មកពីអាល្លឺម៉ង់ បានសម្ដែងក្ដីរីករាយ ដែលបាន​ចូល​រួម​ព្រឹត្តិការណ៍ដ៏ស្រស់ស្អាត និងរៀបចំបានយ៉ាងល្អនេះ ហើយពួកគេ​បាន​តាំង​ចិត្ត​នឹង​បន្ដ​ចូល​រួម​រត់ពាក់កណ្ដាលម៉ារ៉ាតុងនៅកម្ពុជាបន្ដទៀត ដូចជារត់ពាក់​កណ្ដាល​ម៉ារ៉ា​តុង​អង្គរ ​ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម ដើម្បីបានស្វែងយល់បន្ថែមទៀត ពីគោលដៅ​ទេសចរណ៍​នៅកម្ពុជា។សូមបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាត និងគាំទ្រពីរាជរដ្ឋាភិបាល ក៏​ដូចជា​ក្រសួង​ព្រះបរម​រាជវាំង និងរដ្ឋបាលរាជធានីភ្នំពេញ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ ត្រូវបាន​រៀបចំ​រៀងរាល់ឆ្នាំ ក្នុងគោលបំណងសំខាន់ៗមួយចំនួន ពិសេសដើម្បី​អបអរ​សាទរ​ព្រះរាជ​ពិធី​បុណ្យច​ម្រើន​ព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងផ្សព្វផ្សាយពីក្រុងភ្នំពេញ ។ ម្យ៉ាងក៏ដើម្បីចូលរួមការងារសប្បុរសធម៌ផងដែរ ដោយថវិកាទទួលបានពីការរៀបចំ គណៈកម្មការ នឹង​រៀបចំបរិច្ចាគជូនមន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌នានា ក្រោយបញ្ចប់កម្មវិធីរៀងរាល់ឆ្នាំ ៕ អត្ថបទ លី ឈុនឡា 

ប្រធានក្រុមម៉ូតូទឹកកម្ពុជា ដាក់គោលដៅដណ្ដើមពានប្រចាំទ្វីប និងពិភពលោកជូនជាតិ​ឲ្យបានឆ្នាំនេះ

2024/06/14 11:39:36 pm        187
លោក សាលី អ៊ូមើត អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កីឡា​ម៉ូតូទឹកកម្ពុជា បានប្ដេជ្ញានឹងខិតខំប្រឹង ពួតដៃជាមួយសិស្សប្អូន ដើម្បីឆ្ពោះទៅប្រជែងពាន ទាំង​ជើងឯកទ្វីបអាស៊ី Jet Ski Asian Championships និងពានរង្វាន់កម្រិតពិភពលោក Jet Ski World Series ជូនប្រទេសជាតិឲ្យបានក្នុងឆ្នាំ២០២៤ នេះ ។ការដាក់គោលដៅនេះ បន្ទាប់ពី អ៊ូមើត និងសិស្សប្អូន បានធ្វើដំណើរមកដល់មាតុភូមិវិញ នៅ​ល្ងាច​ថ្ងៃទី១៣ ខែមិថុនា ក្រោយបញ្ចប់ការប្រកួតម៉ូតូទឹកជើងឯកអាស៊ី Jet Ski Asian Championships ឆ្នាំ២០២៤ ជុំទី១ នៅប្រទេសជប៉ុន កាលពីថ្មីៗ ដោយក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើម​បានមេដាយមាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១ សរុប ៥គ្រឿង ។ ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ប្រតិភូ​កីឡា​ម៉ូតូទឹកកម្ពុជានេះ ក៏មានការទទួលស្វាគមន៍ពីឯកឧត្តម ណុះ ស្លេស រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធផងដែរ ។វីរកីឡាករ សាលី អ៊ូមើត បានចាត់ទុកនេះ គឺជាលទ្ធផលដ៏ល្អ សម្រាប់ជុំទី១ នៃជើងឯកអាស៊ី ដែល​កម្ពុជា​បញ្ជូនកីឡាករចូលរួមប្រកួតតិចជាងគេ ព្រមទាំងមាន​បញ្ហា​បច្ចេក​ទេស​ម៉ូតូ​ទឹក​ខ្លះ​ថែម​ទៀត។ យ៉ាងណាមិញ ក្នុងនាមប្រធានក្រុមម៉ូតូទឹកកម្ពុជា លោកបានស្នើសុំ​ម្ចាស់​ក្លិប​ Flamingo លោក Henri Klauf ដើម្បីទិញម៉ូតូទឹកថ្មី និងសម្រួចសមត្ថភាពកីឡាករកម្ពុជា ដើម្បី​ឆ្ពោះទៅប្រជែងពាន ទាំងកម្រិតទ្វីបអាស៊ី និងកម្រិតពិភពលោក ជូ​ន​ប្រទេស​ជាតិឲ្យបាននាពេលខាងមុខ ។កីឡាករខ្មែរឥស្លាមដដែលបន្ដថា ការប្រកួតជើងឯកទ្វីបអាស៊ី និងពិភពលោកចំពោះមុខ គឺ​ជា​ឱកាស​មួយ ដើម្បីពង្រឹងសមត្ថភាពកីឡាករវ័យក្មេងកម្ពុជា សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៥ នៅ​ថៃផងដែរ ។ ដូច្នេះរាល់ពេលមានការប្រកួតផ្សេងៗ អ៊ូមើត នឹងព្យាយាមស្នើសុំម្ចាស់ក្លិប ដើម្បី​ចូល​រួម​ការប្រកួត និងពង្រឹងសមត្ថភាពកីឡាករម៉ូតូទឹកកម្ពុជា ឆ្ពោះទៅ​ដណ្ដើម​មេដាយ​ស៊ីហ្គេម​ជូន​ជាតិ នាឆ្នាំក្រោយផងដែរ ។គួរដឹងថា ព្រឹត្តការណ៍ប្រណាំងម៉ូតូទឹក Asian Championship ឆ្នាំ២០២៤ ដែល​ជប៉ុន​ធ្វើ​ម្ចាស់​ផ្ទះ កាលពីសប្ដាហ៍មុន គឺមានអត្តពលិក ១៧ប្រទេសចូលរួម  ខណៈកម្ពុជា បានបញ្ជូនកីឡាករ ៥រូប និងគ្រូបង្វឹក១ គ្រូជំនួយ១ និងប្រតិភូ ២នាក់ចូលរួម ។ ជាលទ្ធផល វីរ:កីឡាករ សាលី អូម៉ើត ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា Sport GP និងប្អូនប្រុសបង្កើតកីឡាករ សាលី ហ្វីលីន  ឈ្នះមេដាយមាស ១ លើវិញ្ញាសា Expert Runabout  1100 Stock  ។ រីឯកីឡាករ មីន អូស្មាន់ ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា Novice Ski Stock និងមេដាយសំរឹទ្ធ ១ លើ​វិញ្ញាសា Novice Runabout 1100 Open និងកីឡាករ កៃវ៉ាន់ ស៊ីដែន  ឈ្នះមេដាយប្រាក់ ១ លើ​វិញ្ញាសា Novice Ski Stock ៕ អត្ថបទ លី ឈុនឡា  

ជំនួបមិត្តភាពសប្បុរសធម៌បើកពាន Soccer League ទទួលបានថវិកាសរុប ៤៦០លានរៀល

2024/06/14 11:27:02 pm        191
ការប្រកួតបាល់ទាត់មិត្តភាពសប្បរសធម៌ រវាងក្រុម ស.ស.យ.ក អលស្ដារ និងក្រុមផ្ការីកគ្រប់រដូវ ក្នុងពិធីបើកការប្រកួតផ្លូវការ នៃពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ កាល​ពី​ចុង​សប្ដាហ៍មុន បានទទួលថវិកាសរុបចំនួន ៤៦០,១៦១,៦០០រៀល ។នេះយោងតាមការជូនដំណឹងរបស់គណៈកម្មការរៀបចំពានរង្វាន់ Soccer League នៅថ្ងៃទី១៣ ខែ​មិថុនា ឆ្នាំ២០២៤ ។ បន្ថែមលើនេះ ក្នុងនាមគណៈកម្មការរៀបចំ ក៏បានថ្លែង​អំណរ​គុណ​ដល់​សប្បុរសជន ចំពោះការចូលរួម និងគាំទ្រលើសកម្មភាពមនុស្សធម៌យ៉ាងផុសផុល ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់សប្បុរសធម)នេះផងដែរ ។យ៉ាងណាមិញ គណៈកម្មការរៀបចំពាន Soccer League ដដែល នៅតែអំពាវ​នាវ​ដល់​បងប្អូន​សប្បុរស​ជននានា ដែលមានបំណងចង់ចូលរួមសកម្មភាពមនុស្សធម៌ ដើម្បីជួយកុមារកម្ពុជានេះ នៅ​តែអាចចូលរួមបរិច្ចាគបន្ដទៀតបាន ។គួរដឹងថា ដើម្បីអបអរសាទរពិធីបើកការប្រកួតពានរង្វាន់ Soccer League លើកទី៧ កាល​ពីថ្ងៃ​ទី៩ ខែមិថុនាកន្លងទៅ គណៈកម្មការបានរៀបចំឲ្យមានការប្រកួតមិត្តភាពសប្បុរសធម៌ដ៏ធំ ក្រោម​មូលបទ «បេះដូងអ្នកកីឡាដើម្បីកុមារកម្ពុជា» រវាងក្រុម ស.ស.យ.ក អលស្ដារ និង​ក្រុម​ផ្ការីក​គ្រប់​រដូវ​ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈជាលទ្ធផលក្រុម ស.ស.យ.ក អលស្ដារ បាន​ទទួល​ជ័យ​ជម្នះ ៣-២ ។ លើសពីនេះ ក៏មានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគ​តាមរយៈ​ការ​ប្រកួត​នេះ ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ និងជួយកុមារកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា 

ឯកឧត្តម វ៉ាត់ ចំរើន៖ ឆ្នាំ២០២៥ តទៅ នឹងមានការប្រកួតគុនចម្រុះខ្មែរបុរាណ ដណ្ដើមពានសម្ដេចធិបតីរៀងរាល់ឆ្នាំ

2024/06/14 11:14:22 pm        156
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និង​ជា​រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហើបថា ចាប់ពីឆ្នាំ២០២៥ តទៅ នឹង​មាន​ការ​រៀបចំ​ការប្រកួតកីឡាគុនចម្រុះបុរាណខ្មែរ ដណ្ដើមពានរង្វាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ដ្រីនៃកម្ពុជា រៀងរាល់ឆ្នាំ ក្រោយ​ទទួល​បាន​គោលការណ៍​ណែនាំ​ដ៏ខ្ពង់​ខ្ពស់​របស់​សម្ដេចធិបតី កាលពីថ្មីៗ ។ការទម្លាយព័ត៌មានដ៏ល្អ ដែលអ្នកនិយមលេងគុនចម្រុះ ពិសេសអ្នកលេងគុនចម្រុះបុរាណខ្មែរនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា កាលពីថ្ងៃពុធ ខណៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី នឹងផ្ដល់ការឧបត្ថម្ភការគាំទ្រ និងរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះបុរាណខ្មែររៀងរាល់ឆ្នាំ ចាប់​ពី​ឆ្នាំ​២០២៥ តទៅ ។ នេះគឺជាយុទ្ធសាស្ដ្រ និងផែនការ​ដ៏​ច្បាស់​លាស់​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បីជំរុញការអភិវឌ្ឍយុទ្ធគុនចម្រុះសម្រាប់កម្ពុជា បន្ដពីការ​ចាប់​ផ្ដើម​នៃ​ការ​ប្រកួត​យុទ្ធគុន​ចម្រុះ​ជើង​ឯកអាស៊ីនាខែក្រោយ ។ឯកឧត្តមបន្ដថា ក្នុងការប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរ ដណ្ដើម​ពាន​រង្វាន់​សម្ដេច​ធិបតី​នាយករដ្ឋ​មន្ដ្រី ចាប់ពីឆ្នាំក្រោយ គឺជាឱកាសសម្រាប់អ្នកហាត់គុនខ្មែរទាំងអស់ អាចចូលរួមប្រកួតបាន ហើយ​ក្រោយៗទៅទៀត កីឡាករបរទេសក៏អាចចូលរួមប្រកួតបានដែរ ។ ដូច្នេះ​ក្នុង​នាម​មន្ដ្រី​ជំនាញ ឯកឧត្តមបានសម្ដែងនូវមោទនភាព និងក្ដីសង្ឃឹមខ្ពស់ ចំពោះការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ខ្ពង់​ខ្ពស់​រ​បស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកតម្កើនក្បាច់គុនបុរាណខ្មែរ ។គួរដឹងថា ចំពោះការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា នាខែក្រោយ ក៏​ទទួល​បាន​ការគាំទ្រពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ផ្ទាល់ ក្នុងពិធីបើកការប្រកួតនាថ្ងៃទី១១ ខែកក្កដា ។ ការប្រកួតនេះ ត្រូវបានរំពឹងនឹងមានអត្តពលិកជាង ២០ប្រទេសចូលរួម ខណៈកម្ពុជា ក៏​បាន​ត្រៀម​អត្តពលិក ១៦រូបរួចរាល់ ដើម្បីស្វាគមន៍​អត្តពលិក​គុន​ចម្រុះ​ឆ្នើមៗ​តំណាង​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​ជា​ច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា 

អត្តពលិកជាង ៤ពាន់នាក់ មកពី ៥៧ប្រទេស ត្រៀមរត់ភ្នំពេញអន្ដរជាតិ​ពាក់កណ្ដាល​ម៉ារ៉ាតុងចុងសប្ដាហ៍នេះ

2024/06/14 10:57:47 pm        199
ទិវារត់ប្រណាំងភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១២ នឹងមកដល់នាចុងសប្ដាហ៍នេះ ពោល​គឺ​នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង ខណៈ​នឹង​មាន​អត្ត​ពលិកជាង ៤ពាន់នាក់ មកពី ៥៧ប្រទេសចូលរួម ។ នេះបើតាមការបញ្ជាក់របស់លោក សែម ផល្លា ​នាយកបច្ចេកទេសព្រឹត្តិការណ៍ម៉ារ៉ាតុង អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀប​ចំឡើងដោយមានការអនុញ្ញាត និងការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព្រះបរមរាជវាំង និង​រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល ផង និងរួមចំណែកជំរុញការផ្សព្វផ្សាយក្រុងភ្នំពេញផង ។លោក សែម ផល្លា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា គណៈកម្មការរៀបចំ បាន​ទទួល​អ្នក​ចុះ​ឈ្មោះ​ចូលរួម​សរុប​ចំនួន ៤,១១០នាក់ ក្នុងនោះនោះមានប្រជាពលរដ្ឋខ្មែរ ៣,៤២២នាក់ និងជន​បរទេស ៦៨៨នាក់ មកពី ៥៧ប្រទេស ។ សម្រាប់អ្នកចុះឈ្មោះរួច គឺអាច​អញ្ជើញ​ទទួល​សម្ភារៈ​រ​ត់​បាន នៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមិថុនានេះ នៅសួនច្បារមុខព្រះបរមរាជវាំង មុនចូលរួម​កម្ម​វិធី​រត់​ផ្លូវការ នាវេលាម៉ោង ៥៖១០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា សម្រាប់វិញ្ញាសារត់ចម្ងាយ ២១​គីឡូម៉ែត្រ និងវិញ្ញាសាបន្ដបន្ទាប់ទៀត ។គួរដឹងថា ចំពោះតម្រាយផ្លូវរត់ នៃទិវារត់ប្រណាំងភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ ក៏​មិន​ខុស​ពីឆ្នាំមុនៗដែរ សម្រាប់វិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ នឹងចេញដំណើរ​ពី​មុខ​ព្រះបរម​រាជ​វាំង រត់កាត់មហាវិថីសំខាន់ៗមួយចំនួន ឆ្ពោះទៅស្ពានជ្រោយចង្វារ និងរត់ពាត់​ជុំវិញ​សណ្ឋាគារ​សុខា មុនរត់តាមផ្លូវមាត់ទន្លេ ឆ្ពោះទៅកោះពេជ្រ មុនរត់មកបញ្ចប់​ទីនៅ​មុខ​ព្រះបរម​រាជវាំង​ដដែល ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងត្រូវបានពង្រឹងផ្នែកសុវត្ថិភាព តាមដង​ផ្លូវ ក្រោមកិច្ចសហការជាមួយអាជ្ញាធរ និងមន្ទីរពេទ្យដៃគូដល់ទៅ ៣ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ដល់​អ្នក​រត់ទាំងអស់ផងដែរ៕ អត្ថបទ លី ឈុនឡា  

គ្រូជម្រើសជាតិតេក្វាន់ដូ WT យកការប្រកួត Korean Ambassador’s Cup ជាទុនបង្កើនធនធានកីឡាករ សម្រាប់ការប្រកួតកីឡាយុជនអាស៊ី២០២៩

2024/06/14 09:54:27 pm        68
លោក ឆយ យ៉ុងសុក គ្រូជម្រើសជាតិ តេក្វាន់ដូ WT កម្ពុជា បានបញ្ជាក់ថា សហព័ន្ធនឹង យកកម្មវិធី ការប្រកួត Korean Ambassador’s Cup Taekwondo Competition 2024 ជាដើមទុនបង្កើនធនធានកីឡាករសម្រាប់ការប្រកួតកីឡាយុជនអាស៊ីនាពេលខាងមុខ។ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងការ បិទបញ្ចប់ការប្រកួតជ្រើសរើសកីឡាករ កីឡាការនីឆ្មើម កាលពីម្សិលមិញនេះ លោកគ្រូជនជាតិកូរ៉េរូបនេះ បានឲ្យដឹងបន្ថែមថា តាមការកត់សម្គាល់របស់ខេមរៈសហព័ន្ធតេក្វាន់ដូ WT មើលឃើញថា ឆ្នាំនេះសន្ទុះនៃការចូលរួមរបស់ក្មេងៗ និងយុវជន មានការកើនឡើង ដែលជាផលវិជ្ជមានមួយក្នុងការត្រៀមខ្លួនឲ្យបានកាន់តែល្អសម្រាប់ឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាយុវជនជើងឯកអាស៊ីនាពេលខាងមុខ។ ជាមួយគ្នានោះកញ្ញា Kang Yesong  តំណាងមកពីខាងស្ថានទូតកូរ៉េប្រចាំនៅកម្ពុជាបានលើកឡើងថា ចំពោះកម្មវិធីនេះគឺស្ថានទូតតែងតែយកចិត្តទុកដាក់ជួយដល់សហព័ន្ធជានិច្ច បើគិតមកដល់ពេលនេះគឺមានរយៈពេល១០ឆ្នាំមកហើយក្នុងការចូលរួមឧបត្ថម្ភគាំទ្រ។ តាមរយៈការរៀបចំកម្មវិធីនេះកញ្ញាជឿថា នឹងអាចជួយឲ្យកីឡាករកម្ពុជាជំនាន់ក្រោយ ស្រលាញ់វិស័យកីឡាតេក្វាន់ដូWTកាន់តែខ្លាំង ជាពិសេសនោះ ដើម្បីអាចសាងយុវជនស្រករក្រោយ អាចមានឱកាសបង្ហាញនូវសមត្ថភាពក្នុងគោលដៅសម្រេចក្ដីស្រមៃបានក្លាយជាកីឡាករជម្រើសជាតិតេក្វាន់ដូនាពេលខាងមុខផងដែរ។សូមបញ្ជាក់ថា ការប្រកួត 2024 Korean Ambassador’s Cup Taekwondo Competition គឺមានប្រតិភគ្រូបង្វឹក៣៤នាក់កីឡាករ១៤០ និងកីឡាការិនី ១២២ ដោយក្នុងនោះមកពីតាមបណ្ដាក្លិប និងសាលា គ្រឹះស្ថានសិក្សាសរុបចំនួន ២២ ដោយធ្វើការប្រកួតចំនួន១ថ្ងៃពេញគឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅអាគារប៊ូយុងរបស់ខេមរៈសហព័ន្ធតេក្វាន់ដូ WT ក្នុងបរិវេណពហុកីឡដ្ខានជាតិអូឡាំពិច ៕

វិវាទពាក្យសម្ដីរវាងឯកឧត្តម ខូវ ឆាយ និង Dave Leduc បានបញ្ចប់ ក្រោមស្មារតីរួមគ្នា​ដើម្បីផ្សព្វផ្សាយគុនខ្មែរ

2024/06/12 10:42:07 pm        154
ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជា​ប្រធាន​គណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា (NOCC) បានដឹកនាំកិច្ចប្រជុំសម្របសម្រួលរវាងឯកឧត្តម ខូវ ឆាយ ប្រធាន​សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងកីឡាករ Dave Leduc ដើម្បីបញ្ចប់នូវវិវាទពាក្យសម្ដី និង​ការ​យល់​ច្រឡំ​កន្លងមក ក្រោមស្មារតីរួមគ្នាដើម្បីជំរុញការអភិវឌ្ឍ និងផ្សព្វផ្សាយគុនខ្មែរ ។កិច្ចប្រជុំចង្អៀតនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកឧកញ៉ា ស្រី ចាន់ថន អនុ​ប្រធាន​កិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរផងដែរ ។ជាលទ្ធផលផលនៃជំនួបក្រោមការសម្របសម្រួលផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ភាគីទាំងពីរ បាន​យល់គ្នា ដោយកីឡាករ Dave Leduc មានឆន្ទៈបន្តជួយផ្សព្វផ្សាយគុនខ្មែរលើឆាកជាតិ-អន្តរជាតិ ហើយ ឯកឧត្តម ខូវ ឆាយ ក៏សម្តែងការអបអរសាទរ ស្វាគមន៍ និងត្រៀម​កិច្ច​សហការ​ជានិច្ច​ខាង​ផ្នែក​បច្ចេក​ទេស​ជាមួយលោក Dave Leduc ឲ្យបានស៊ីជម្រៅតាមគោលការណ៍ និងលក្ខន្តិកៈរបស់សហព័ន្ធ ក្រោម​ស្មារតីរួមគ្នាដើម្បីផ្សព្វផ្សាយគុនខ្មែរឲ្យកាន់តែល្បីល្បាញបន្ថែមទៀតលើឆាកអន្តរជាតិ ។លោក ខូវ ឆាយ បានបញ្ជាក់ថា ក្រោមឆន្ទៈរួមដើម្បីលើកមុខមាត់គុនខ្មែរ បន្ទាប់​ពី​ជំនួប​សម្រប​សម្រួល​បន្ទាន់​នេះ លោកក៏ចែករំលែកខ្លះៗ នូវអ្វីដែលគួរធ្វើ និងអ្វីមិនគួរដើម្បី ប្រសិនបើ Dave Leduc ​ពិត​ជា​ស្រលាញ់ និងចង់លើកស្ទួយគុនខ្មែរ ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ តាម​រ​យៈ​នេះ ភាគីទាំងពីរ បានយល់គ្នាច្រើន ពិសេស Dave Leduc ក៏បានទទួលស្គាល់នូវកំហុសឆ្គងកន្លងមក ហើយ​ក៏​រីករាយក្នុងការសហការជាមួយសហព័ន្ធផងដែរ ។ទន្ទឹមជាមួយគ្នា Dave Leduc ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានដែរថា កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងល្អ ហើយ​លោក​សប្បាយចិត្តក្នុងការរកឃើញវិធីសាស្រ្តលើកកម្ពស់គុនខ្មែរ ក្រោយ​បញ្ចប់​រឿងរ៉ាវ​ដែល​យល់​ច្រឡំ​គ្នា​កន្លង​មក។ បន្ទាប់ពីជំនួបនេះ Dave Leduc ចាត់ទុកឯកឧត្តម ខូវ ឆាយ គឺជាមនុស្សល្អ និង​ឆ្លាតវៃ តាមរយៈការបង្ហាញនូវផែនការច្បាស់លាស់ក្នុងការលើកកម្ពស់គុនខ្មែរលើឆាកអន្ដរជាតិ ហើយ​លោក​ក៏​គាំទ្រនូវគំនិតរបស់ប្រធានសហព័ន្ធ ក៏ដូចជាមានគោលដៅ​ចូលរួម​រុញ​គុន​ខ្មែរ​ឲ្យ​កាន់​តែ​ល្បីល្បាញ​លើ​ពិភពលោកផងដែរ ។គួរដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីឯកឧត្តម ខូវ ឆាយ បានប្រកាសមិនស្វាគមន៍កីឡាករ Dave Leduc ឡើងសង្វៀននៅកម្ពុជា បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ និងការជជែកវែកញែកគ្នាជាច្រើន ក្នុង​នោះ​កីឡាករ Lethwei របស់មីយ៉ាន់ម៉ា Dave Leduc ក៏បានព្យាយាមបកស្រាយជាបន្ដបន្ទាប់ ។ យ៉ាង​ណាបញ្ហានេះ ត្រូវបានដោះស្រាយ និងបញ្ចប់ក្រោមការដឹកនាំសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM
[UPDATE] ការផ្ទុះនៅផ្សារទំនើបក្នុង​ខេត្ត Kumamoto របស់​ជប៉ុន ធ្វើ​ឱ្យមនុស្សជាប់ក្នុង​នោះ​ ក្រោយ​មាន​រញ្ជួយដី​ខ្លាំង​
07/28/2026 06:07 PM
ឯកអគ្គរដ្ឋទូត៖ រុស្ស៊ី និងឥណ្ឌូនេស៊ីពិចារណាឱកាសសហការលើវិស័យធនធានលោហៈកម្រ
07/28/2026 05:07 PM
[BREAKING NEWS] មនុស្សជាប់នៅ​ក្នុងផ្សារទំនើប ក្នុង​ប្រទេស​ជប៉ុន បន្ទាប់ពីមាន​រញ្ជួយដី
07/28/2026 05:07 PM
អ្នកការទូត៖ រុស្ស៊ីអំពាវនាវឲ្យជប៉ុនត្រឡប់ទៅរកផ្លូវអភិវឌ្ឍប្រកបដោយសន្តិភាពវិញ
07/28/2026 05:07 PM
កងនាវារបស់កងនាវាចរប៉ាស៊ីហ្វិករុស្ស៊ីបានទៅដល់កំពង់ផែ Cam Ranh របស់វៀតណាម ដើម្បីធ្វើសមយុទ្ធរួមគ្នា
07/28/2026 05:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ពិភាក្សាជាមួយសមភាគី​អារ៉ាប៊ីសាអ៊ូឌីត និងអូម៉ង់ អំពីសន្តិសុខច្រកសមុទ្រ Hormuz
07/28/2026 05:07 PM
ក្រសួងកសិកម្ម និងអាជ្ញាធរមីន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»
07/28/2026 05:07 PM