វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

ព័ត៌មានកីឡា

ហាត់១ បាន ២ សម្រាប់គ្រូ និងសិស្សក្លិបគុនខ្មែរដូនតា ក្រោយបញ្ចប់ការហ្វឹកហាត់​ជាមួយអ្នក​ជំនាញ​ឃីកបុកស៊ីងអន្ដរជាតិ

2026/07/03 06:58:29 pm        159
កម្មវិធីហ្វឹកហាត់ជំនាញ និងបច្ចេកទេសកីឡាឃីកបុកស៊ីង ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅក្លិបគុនខ្មែរដូនតាឃីកបុកស៊ីងកម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោមហ្វឹកហាត់រយៈពេល ១០ថ្ងៃ ជាមួយអ្នកជំនាញអន្ដរជាតិ ដែលបានផ្ដល់អត្ថប្រយោជន៍ ហាត់ ១ បាន ២ សម្រាប់គ្រូបង្វឹក ពិសេសកីឡាករ ក្រោយយល់ច្បាស់ និងញែកដាច់រវាងបច្ចេកទេសប្រកួតឃីកបុកស៊ីង និងគុនខ្មែរ។ទន្ទឹមជាមួយការបញ្ចប់ការហ្វឹកហាត់នៅក្លិបទី២ នៃយុទ្ធនាការទ្រង់ទ្រាយធំ កាលពីល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក អុឹង វិសាល ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយមានការចូលរួមផ្ទាល់ពីឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ ក៏បានអញ្ជើញជួបសំណេះសំណាល លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក ក៏ដូចជាកីឡាករគ្រប់រូប ហើយសង្ឃឹមថា ក្រោយការហ្វឹកហាត់ជាមួយអ្នកជំំនាញមកពីចិន ទាំងគ្រូ និងសិស្ស នឹងបន្ដប្រឹងប្រែងអនុវត្តជាប្រចាំ ដើម្បីដុសខាតសមត្ថភាពកាន់តែប្រសើរត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។លោក មករា គុនខ្មែរ គ្រូជំនួយនៃក្លិបគុនខ្មែរដូនតាឃីកបុកស៊ីងកម្ពុជា បានបញ្ជាក់ថា ការហាត់ឃីកបុកស៊ីងនេះ ខុសគ្នាពីហាត់គុនខ្មែរ ពិសេសផ្ដោតលើដៃ និងជើង ជាមួយចង្វាក់ដល់លឿន ។ ដូច្នេះបើច្របាច់បញ្ចូលគ្នា គឺកាន់តែល្អ  មានន័យថា ល្អទាំងគុនខ្មែរ ល្អទាំងឃីកបុកស៊ីង នៅពេលកីឡាករយល់ច្បាស់ពីបច្ចេកទេសប្រកួតរបស់កីឡាប្រយុទ្ធទាំង ២ ប្រភេទ ប្រៀបបានហាត់ ១ បានផលចំណេញ ២ នៅពេលកីឡាករឡើងប្រកួតជាក់ស្ដែងលើសង្វៀន។ ក្រៅពីការអគុណក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលនាំឲ្យមានកម្មវិធីហ្វឹកហាត់ពិសេសនេះ លោកបានប្ដេជ្ញានឹងបន្ដពង្រឹងបន្ថែម ដើម្បីរុញកីឡាករ ទាំងគុនខ្មែរ និងឃីកបុកស៊ីង ឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅរកភាពល្បីល្បាញលើឆាកអន្ដរជាតិ។ដោយឡែកកីឡាករ រស្មី គុនខ្មែរ ក្រោយប្រឡូកក្នុងវិស័យកីឡាប្រដាល់គុនខ្មែរជិត ១០ឆ្នាំ រូបគេបានចាប់អារម្មណ៍ បន្ទាប់ពីបានហ្វឹកហាត់ជំនាញថ្មី ជាមួយគ្រូជំនាញកីឡាឃីកបុកស៊ីងអន្ដរជាតិ ហើយ រស្មី បានប្ដេជ្ញានឹងបន្ដប្រឹងប្រែងហ្វឹកហាត់ដុសខាតសមត្ថភាពឲ្យបានកាន់តែខ្លាំង ដើម្បីមានឱកាសបានប្រកួត ហើយនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពិសេសស្វែងរកឱកាសប្រកួតតំណាងជាតិ ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានាតែម្ដង។សូមរំឮកថា ដើម្បីរួមចំណែករុញគុនខ្មែរ ក៏ដូចជាឃីកបុកស៊ីងកម្ពុជាឲ្យកាន់តែល្បីល្បាញលើពិភពលោក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភថវិកាចំនួន ៥០០លានរៀលដល់សហព័ន្ធកីឡាឃីកបុកស៊ីង ដើម្បីនាំគ្រូអន្ដរជាតិ មកបង្ហាត់ដល់កីឡាករ-កីឡាការិនីគ្រប់បណ្ដាក្លិបទូទាំងប្រទេស រយៈពេល ៧ខែ ដើម្បីបង្កើនសមត្ថភាពទ្វេដង ត្រៀមការប្រកួតប្រជែងលើឆាកអន្ដរជាតិ ពិសេសការត្រៀមធ្វើម្ចាស់ផ្ទះកីឡាឃីកបុកស៊ីងជើងឯកអាស៊ី លើកទី២ នាខែធ្នូ ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា

ព័រទុយហ្កាល់វាយបកយកឈ្នះក្រូអាស៊ីចុងម៉ោងឡើងវគ្គ ១៦ ក្រុមចុងក្រោយ

2026/07/03 06:27:26 pm        133
ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់បានបង្ហាញស្មារតីតស៊ូពុះពារ ដោយវាយ​បកយក​ឈ្នះ​ក្រុម​ក្រូអាស៊ី​ក្នុងលទ្ធផល ២-១ នៅចុងម៉ោង នៃការប្រកួតវគ្គ ៣២ ក្រុមចុងក្រោយ ពានរង្វាន់​បាល់ទាត់ពិភពលោក FIFA World Cup 2026 ដើម្បីកក់កៅអីទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។ការប្រកួតដែលធ្វើឡើងនៅទីក្រុង Toronto ប្រទេសកាណាដា មានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។ បន្ទាប់ពីបញ្ចប់តង់ទីមួយដោយគ្មានគ្រាប់បាល់ ក្រូអាស៊ីបានបំបែកភាពស្ងប់ស្ងាត់នៅនាទីទី៥៣ តាមរយៈខ្សែប្រយុទ្ធ Ivan Perišić ដែលជួយឱ្យក្រុមរបស់ខ្លួននាំមុខ ១-០។ទោះជាយ៉ាងណា ព័រទុយហ្កាល់មិនបោះបង់ឡើយ។ នៅនាទីទី៦៨ Cristiano Ronaldo បានស៊ុតបាល់ពិន័យ ១១ ម៉ែត្រតាមស្មើ ១-១ បន្ទាប់ពីការពិនិត្យ VAR សម្រេចផ្តល់បាល់ពិន័យដល់ក្រុមរបស់លោក Roberto Martínez។ខណៈដែលការប្រកួតហាក់នឹងឈានទៅម៉ោងបន្ថែម Gonçalo Ramos បានក្លាយជាវីរបុរស ដោយតែតបញ្ចូលទីគ្រាប់ជ័យជម្នះនៅនាទី ៩០+៥ ក្រោយទទួលបាល់បញ្ជូនពី Rafael Leão ធ្វើឱ្យព័រទុយហ្កាល់ឈ្នះ ២-១ និងទម្លាក់ក្រូអាស៊ីចេញពីការប្រកួត។ជ័យជម្នះនេះបានធានាឱ្យព័រទុយហ្កាល់ឈានទៅវគ្គ ១៦ ក្រុមចុងក្រោយ ដែលពួកគេនឹងត្រូវជួបគូប្រជែងជិតខាង គឺអេស្ប៉ាញ ក្នុងការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍មួយរវាងក្រុមខ្លាំងទាំងពីរដែលជាប់ព្រំដែននឹងគ្នា៕ អត្ថបទ៖នាង សុភាវុធ 

អេស្ប៉ាញយកឈ្នះអូទ្រីស ៣-០ បញ្ចប់ការរង់ចាំជ័យជម្នះក្នុងវគ្កចាញ់-ធ្លាក់ World Cup ជាលើកដំបូងតាំងពីឆ្នាំ ២០១០

2026/07/03 06:06:38 pm        193
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ដោយយកឈ្នះក្រុមជម្រើសជាតិអូទ្រីសក្នុងលទ្ធផល ៣-០ នៅវគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។ជ័យជម្នះនេះមានអត្ថន័យយ៉ាងសំខាន់សម្រាប់អេស្ប៉ាញ ព្រោះជាជ័យជម្នះលើកដំបូងរបស់ពួកគេក្នុងវគ្គចាញ់-ធ្លាក់នៃការប្រកួតបាល់ទាត់ពិភពលោក ចាប់តាំងពីឈ្នះជើងឯកកាលពីឆ្នាំ ២០១០។ បន្ទាប់ពីលើកពាននៅអាហ្វ្រិកខាងត្បូង អេស្ប៉ាញបានជួបការខកចិត្តជាបន្តបន្ទាប់ ដោយធ្លាក់ត្រឹមវគ្គចែកពូលក្នុងឆ្នាំ ២០១៤ និងចាញ់ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៅឆ្នាំ ២០១៨ និង ២០២២។ក្នុងការប្រកួតនេះ ខ្សែប្រយុទ្ធ Mikel Oyarzabal គឺជាតួឯក ដោយរកបាន ២ គ្រាប់ ខណៈ Pedro Porro បន្ថែមបាន ១ គ្រាប់ទៀត ដើម្បីធានាជ័យជម្នះ។ គ្រូបង្វឹក Luis de la Fuente បានសរសើរការលេងរបស់កូនក្រុមថា ជាការបង្ហាញសមត្ថភាពដ៏ល្អបំផុតមួយរបស់ពួកគេក្នុងការប្រកួតនេះ។ ជាមួយនឹងជ័យជម្នះនេះ អេស្ប៉ាញបានផ្ញើសារយ៉ាងច្បាស់ទៅកាន់គូប្រជែងថា ពួកគេជាបេក្ខភាពដ៏រឹងមាំមួយសម្រាប់ការប្រជែងជើងឯក World Cup ឆ្នាំនេះ។អេស្ប៉ាញនឹងបន្តដំណើរទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ ដោយត្រូវជួបក្រុមព័រទុយហ្គាល់ ក្នុងការប្រកួតដែលត្រូវបានរំពឹងថានឹងមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ៕ អត្ថបទ៖នាង សុភាវុធ 

អត្តពលិកជិត ២ពាន់នាក់ នឹងចូលរួមជិះកង់-រត់ អបអបខួប ៩ឆ្នាំ នៃការ​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃគុក ​ក្នុង​បញ្ជី​បេតិកភណ្ឌ ចុងសប្ដាហ៍នេះ

2026/07/03 05:45:49 pm        244
ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី៩ ​នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦) នឹងមកដល់នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ ដោយ​មាន​អត្តពលិកជាតិ និងអន្ដរជាតិយ៉ាងហោចជិត ២ពាន់នាក់ចូលរួម។ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា មកទល់ពេលនេះ ការ​ចុះ​ឈ្មោះត្រូ​វបានបិទ ខណៈតួរលេខអត្តពលិក ដែលបានចុះឈ្មោះ​តាមរយៈ​ការ​ជូន​ដំណឹង​រប​ស់​ក្រសួង​ទេសចរណ៍ និងដៃគូពាក់ព័ន្ធ សម្រាប់កម្មវិធីជិះកង់កញ្ចប់ខ្សែទស្សនកិច្ចចម្ងាយ ៣០​គីឡូ​ម៉ែត្រ ​មានអ្នកចុះឈ្មោះប្រមាណ ៦០០នាក់ មកពី ៤ប្រទេស រួមមានអាល្លឺម៉ង់ អាហ្សេរី ទុយណេស៊ី ​និងកម្ពុជា។ចំណែកអត្តពលិក ត្រៀមចូលរួមរត់ឆ្លងកាត់ឧបសគ្គ លើវិញ្ញាសាទាំង ៣ រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ គឺមានអ្នកចុះឈ្មោះប្រមាណជាង ១ពាន់នាក់ មកពី ១៧ប្រភេទ ដូចជាបារាំង អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី រុស្ស៊ី ចិន ហុងកុង ញូហ្សឺលែន វៀតណាម ហ្វីលីពីន ស្រីលង្កា ឈឺលី ហូឡង់ ជប៉ុន មីយ៉ាន់ម៉ា អ៊ុយក្រែន និងម្ចាស់ផ្ទះកម្ពុជា។បែបនេះក្ដី ក្នុងនាមថ្នាក់ដឹកនាំគណៈកម្មការរៀបចំ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្តកំពង់ធំ នៅតែបើកជំហរ និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមឲ្យបានច្រើនកុះករ ទាំងការចូលរួមផ្ទាល់ និងការអបអរសាទរតាមដងផ្លូវ ដ្បិតការចូលរួមសកម្មភាពកីឡានេះ មិនត្រឹមបានលើកកម្ពស់សុខភាពសាធារណៈ តែក៏ជាការចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់ទេសចរណ៍ដ៏មានសារៈសំខាន់នេះផងដែរ។គួរដឹងថា នេះជាលើកដំបូង ដែលក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងអាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងវិស័យឯកជន បានរៀបចំព្រឹត្តិការណ៍កីឡាធំៗព្រមគ្នា ក្នុងគោលបំណងសំខាន់ ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ ធម្មជាតិ ដើម្បីជំរុញកំណើនភ្ញៀវទេសចរនារដូវកាលបៃតង។ជាមួយព្រឹត្តិាករណ៍កីឡាទេសចរណ៍ដ៏ធំនេះ គ្រោងនឹងមានថ្នាក់ដឹកនាំជាច្រើនចូលរួម ។ ចំពោះកម្មវិធីជិះកង់ នាព្រឹកថ្ងៃទី៥ ខែកក្កដាចុងសប្ដាហ៍នេះ គឺត្រូវចេញដំណើរពីគល់ស្ពានស្ទឹងសែន ឆ្ពោះទៅសហគមន៍លក់ក្រឡាន សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី មុនបញ្ចប់នៅប្រាសាទសំបូរព្រៃគុក ព្រមទាំងកម្មវិធីរត់ឆ្លងកាត់ឧបសគ្គចម្ងាយ ៤២គីឡូម៉ែត្រ ដែលចេញដំណើរពីគល់ស្ពានស្ទឹងសែន ទៅបញ្ចប់នៅប្រាសាទសំបូរព្រៃគុក លើកលែងការរត់ចម្ងាយ ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ ដែលត្រូវរៀបចំកម្មវិធីរត់នៅតំបន់ប្រាសាទសំបូរព្រៃគុកផ្ទាល់តែម្ដង៕ អត្ថបទ លី ឈុនឡា  

Chelsea ប្រកាសពីការផ្ទេរ Marco Palestra ពី Atalanta តម្លៃប្រមាណ ៤៧លានផោន

2026/07/02 09:52:16 pm        239
ក្លិបបាល់ទាត់តោខៀវ Chelsea បានប្រកាសជាផ្លូវការពីការផ្ទេរខ្សែការពារស្តាំវ័យក្មេង Marco Palestra ពីក្លិប Atalanta ក្នុងតម្លៃប្រមាណ ៤៧លានផោន រួមទាំងប្រាក់លើកទឹកចិត្តផ្សេងៗ។ខ្សែការពារវ័យ ២១ឆ្នាំរូបនេះ បានចុះកិច្ចសន្យារយៈពេល ៦ឆ្នាំ ជាមួយ Chelsea ដោយមានជម្រើសបន្តបន្ថែមមួយឆ្នាំទៀត។ រូបគេក៏ក្លាយជាកីឡាករថ្មីដំបូងគេ ដែលក្លិបនាំចូលក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Xabi Alonso ផងដែរ។មុនសម្រេចផ្ទេរមកកាន់ទឹកដី Stamford Bridge មានព័ត៌មានថា Palestra ជិតឈានដល់កិច្ចព្រមព្រៀងវិលត្រឡប់ទៅកាន់ក្លិបដែលធ្លាប់បណ្តុះបណ្តាលរូបគេ គឺ Inter Milan។ ទោះជាយ៉ាងណា Chelsea បានចូលប្រជែងនៅពេលចុងក្រោយ ដោយដាក់សំណើលើសពីតម្លៃ ៤៣លានផោនរបស់ Inter និងផ្តល់ប្រាក់ឈ្នួលខ្ពស់ជាង ដែលធ្វើឱ្យកីឡាករយល់ព្រមផ្ទេរមកលេងនៅ Premier League។ការផ្ទេរលើកនេះ គឺជាជំហានដ៏ធំមួយក្នុងអាជីពរបស់ Palestra ដែលបានរីកចម្រើនយ៉ាងឆាប់រហ័ស។ ត្រឹមរយៈពេល ៣ឆ្នាំប៉ុណ្ណោះ រូបគេបានឡើងពីក្រុមអាយុក្រោម ២៣ឆ្នាំរបស់ Atalanta ដែលប្រកួតនៅលីគលំដាប់ទី៣ របស់អ៊ីតាលី មកក្លាយជាកីឡាកររបស់ Chelsea។Palestra បានបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមធំ Atalanta ក្នុងការប្រកួត UEFA Europa League កាលពីខែធ្នូ ឆ្នាំ២០២៣។ ប៉ុន្តែការអភិវឌ្ឍខ្លួនយ៉ាងលេចធ្លោរបស់គេ បានកើតឡើងអំឡុងពេលលេងក្នុងលក្ខខណ្ឌខ្ចីជើងជាមួយ Cagliari កាលពីរដូវកាលមុន ដែលជួយឱ្យគេទទួលបានឱកាសបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមជម្រើសជាតិអ៊ីតាលី ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup៕ អត្ថបទ៖នាង សុភាវុធ 

ប៊ែលហ្ស៊ិកវាយបកពីក្រោយពីរគ្រាប់ យកឈ្នះសេណេហ្គាល់ ៣-២ ឡើងវគ្គ១៦ក្រុមចុងក្រោយ World Cup 2026

2026/07/02 09:39:46 pm        214
ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក បានបង្ហាញស្មារតីតស៊ូដ៏អស្ចារ្យ ដោយវាយបកពីការតាមពីក្រោយ ២គ្រាប់ មកយកឈ្នះក្រុមជម្រើសជាតិសេណេហ្គាល់ ក្នុងលទ្ធផល ៣-២ ដើម្បីកក់កៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។ការប្រកួតបានចាប់ផ្តើមដោយសេណេហ្គាល់គ្រប់គ្រងស្ថានការណ៍បានល្អ និងបង្កើតសម្ពាធយ៉ាងខ្លាំងទៅលើខ្សែការពារប៊ែលហ្ស៊ិក និងរកបានពីរគ្រាប់នាំមុខមុនដោយ Habib Diarra នាទីទី ២៥ និង Ismaila Sarr នាទីទី ៥១។យ៉ាងណាមិញ ក្រុមប៊ែលហ្ស៊ិកមិនបានបោះបង់ឡើយ ពួកគេបានកែប្រែទម្រង់លេង និងបង្កើនសម្ពាធទៅលើគូប្រកួត ដោយរកបានគ្រាប់បាល់តាមមកវិញពីរគ្រាប់ចុងម៉ោងដោយ Romelu Lukaku នាទីទី ៨៦ និង Youri Tielemens នាទីទី ៨៩។ខ្សែបម្រើ Aston Villa, Tielemens ដដែលគឺជាអ្នកស៊ុតសម្រេចគ្រាប់បាល់ជ័យជនះពិន័យ ១១ ម៉ែត្រនៅនាទីចុងក្រោយនៃម៉ោងបន្ថែមកាត់សេចក្តី ១២០+៥។សម្រាប់សេណេហ្គាល់ បរាជ័យលើកនេះពិតជាគួរឱ្យសោកស្តាយ បន្ទាប់ពីបាននាំមុខរហូតដល់ ២គ្រាប់។ ទោះជាយ៉ាងណា ក្រុមតំណាងទ្វីបអាហ្វ្រិកបានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ និងបានប្រកួតយ៉ាងស្វិតស្វាញជាមួយក្រុមខ្លាំងរបស់អឺរ៉ុប៕ អត្ថបទ៖នាង សុភាវុធ

ការស្វែងរកនាទីលេងឲ្យបានច្រើន ជាគោលដៅសម្រាប់ សេត រ៉ូស៊ីប ចូលរួមជាមួយ ISI

2026/07/02 09:28:12 pm        174
កីឡាករ សេត រ៉ូស៊ីប បានដាក់គោលដៅស្វែងរកនាទីលេងឲ្យបានច្រើន នារដូវកាលថ្មី ឆ្នាំ២០២៦/២៧ ខាងមុខ ក្រោយចូលរួមជាមួយក្លិប ISI ដង្កោសែនជ័យ។កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានបញ្ជាក់ថា ISI ជាក្រុមស្ដង់ដារមួយ ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ ពិសេសជាក្លិបមានធនធានកីឡាករវ័យក្មេង និងមានគុណភាពល្អៗច្រើន ។ ដូច្នេះការសម្រេចចិត្តចូលរួមជាមួយក្រុមបាតតារាង នៃលីគឆ្នាំចាស់នេះ ព្រោះ រ៉ូស៊ីប ចង់មាននាទីលេងច្រើន ហើយប្ដេជ្ញានឹងខំប្រឹងជាមួយមិត្តរួមក្រុមទាំងអស់ ដើម្បីសម្រេចគោលដៅនេះ។គួរដឹងថា ក្រោយទទួលទ្ធផលមិនគាប់ប្រសើរក្នុងលីគឆ្នាំ២០២៥/២៥ ក្រុមដំរីជ័យ ISI បាននឹងកំពុងរៀបចំ រុះរើក្រុមគួរឲ្យកត់សម្គាល់ ពិសេសក្រៅពីនាំចូលគ្រូបង្វឹកដ៏មានបទពិសោធន៍លោក Conor Nestor មកដឹកនាំក្រុម ពួកគេក៏បាននឹងកំពុងកៀរគរកីឡាករមានបទពិសោធន៍ជាច្រើនមករួមក្រុមត្រៀមប្រកួតប្រជែងនារដូវកាលថ្មីផងដែរ។សម្រាប់ សេត រ៉ូស៊ីប ត្រូវបានចាត់ទុកជាកីឡាករមានបទពិសោធន៍ជោគជ័យមួយ ដែលអាចរួមចំណែកជួយក្រុម ដ្បិតជាង ១ទសវត្សរ៍កន្លងមក រូបគេបានលេងឲ្យក្លិបធំៗចំនួន ៣ រួមមានណាហ្គាវើលដ៏ នៅចន្លោះឆ្នាំ២០១៤-២០១៦, ក្លិបបឹងកេត នៅចន្លោះឆ្នាំ២០១៦-២០២២ និងក្លិបព្រះខ័នរាជស្វាយរៀង នៅចន្លោះឆ្នាំ២០២៣-២០២៦ ខណៈរដូវកាលចុងក្រោយ រ៉ូស៊ីប បានផ្ទេរទៅលេងឲ្យបឹងកេតវិញ ក្រោមលក្ខខណ្ឌខ្ចីជើង មុនឈានដល់ការបញ្ចប់កិច្ចសន្យា និងផ្លាស់មកចូលរួមជាមួយក្រុមមានមូលដ្ឋាននៅតំបន់វេងស្រេង ISI ដង្កោសែនជ័យពេលនេះ៕អត្ថបទ លី ឈុនឡា

អង់គ្លេសទម្លាក់កុងហ្គោ ២-១ ឡើងវគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមអាហ្វ្រិកចាកចេញទាំងកិត្តិយស

2026/07/02 09:22:18 pm        189
ក្រុមជម្រើសជាតិអង់គ្លេស បានកក់កៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោយយកឈ្នះក្រុមជម្រើសជាតិសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងលទ្ធផល ២-១ នៅវគ្គ៣២ក្រុមចុងក្រោយ។ការប្រកួតបានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ ដោយក្រុមកុងហ្គោបង្ហាញទម្រង់លេងក្លាហាន និងមិនខ្លាចគូប្រជែងដែលជាក្រុមខ្លាំងមួយក្នុងចំណោមបេក្ខភាពប្រជែងពាន។ ទោះជាយ៉ាងណា អង់គ្លេសនៅតែអាចប្រើប្រាស់បទពិសោធន៍ និងគុណភាពកីឡាកររបស់ខ្លួន ដើម្បីរកបានជ័យជម្នះ ២-១ និងបន្តដំណើរទៅកាន់វគ្គបន្ទាប់។កុងហ្គោបានបើកការនាំមុខមុននៅនាទីទី ៧ ដោយ Brian Cipenga ខណៈគ្រាប់បាល់នេះ កុងហ្គោបាននាំមុខ ស្ទើពេញមួយប្រកួត ហើយក៏មានក្តីសង្ឃឹមបង្ករការភ្ញាក់ផ្អើកផងដែរ។យ៉ាងណាក្តី ខ្សែប្រយុទ្ធឆ្នើម Harry Kane ជាវិរៈបុរសរបស់អង់គ្លេសបន្ទាប់ពីរកបានពីរគ្រាប់ម្នាក់ឯងវាយបកយកឈ្នះនៅនាទីទី ៧៥ មួយគ្រាប់ និង ៨៦ មួយគ្រាប់ នាំអង់គ្លេសឡើងវគ្គ ១៦ ក្រុមជួបម៉ិកស៊ិក។សម្រាប់កុងហ្គោទោះបីមិនអាចបង្កការភ្ញាក់ផ្អើលដោយទម្លាក់អង់គ្លេសបានក៏ដោយ ប៉ុន្តែការបង្ហាញខ្លួនរបស់ពួកគេនៅ World Cup 2026 ត្រូវបានចាត់ទុកថាជាជោគជ័យដ៏ធំមួយ។ ក្រុមរហស្សនាម ខ្លារខិន បានវិលត្រឡប់មកកាន់វេទិកាបាល់ទាត់ពិភពលោកជាលើកដំបូងក្នុងរយៈពេល ៥២ឆ្នាំ បន្ទាប់ពីការចូលរួមលើកចុងក្រោយកាលពីឆ្នាំ១៩៧៤ ក្រោមឈ្មោះ Zaire។ក្រោយការប្រកួត អ្នកគាំទ្រកុងហ្គោជាច្រើនបានបង្ហាញមោទនភាពចំពោះសមិទ្ធផលរបស់ក្រុមជម្រើសជាតិ ដោយចាត់ទុកការឈានដល់វគ្គចាញ់-ធ្លាក់នៃ World Cup គឺជាសញ្ញាបង្ហាញថាបាល់ទាត់កុងហ្គោកំពុងវិលត្រឡប់មករកភាពរីកចម្រើនវិញ៕ អត្ថបទ៖នាង សុភាវុធ

គូព្រេងមិនព្រាត់! បញ្ជាការដ្ឋានអង្គរក្ស ជួបវិសាខា ក្នុងវគ្គផ្ដាច់ព្រ័ត្រតេជោលីគ ជាលើកទី៣

2026/07/02 08:58:54 pm        173
ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងទាក់ទាញអ្នកគាំទ្រភ្លុកទឹកភ្លុកដី ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ បានរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រហើយ ដោយក្រុមការពារតំណែងជើងឯកបញ្ជាការដ្ឋានអង្គរក្ស ត្រូវជួបក្រុមវិសាខា ជាលើកទី៣ ក្នុងវគ្គកាត់សេចក្ដីនេះ បន្ទាប់ពីក្រុមខ្លាំងទាំងពីរ បានយកឈ្នះគូប្រកួតដាច់ ៣-០សិតរៀងៗខ្លួន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១ ខែកក្កដាកន្លងទៅ។សម្រាប់ជំនួបដ៏កក្រើកវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដែលមានអ្នកទស្សនាផ្ទាល់រាប់ពាន់នាក់នេះ វិសាខា បានយកឈ្នះយ៉ាងងាយលើក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ដោយលទ្ធផល ២៥-១៩, ២៥-១៥ និង ២៥-១៤ពិន្ទុ។ រីឯក្រុមបញ្ជាការដ្ឋានអង្គរក្ស ២សិតដំបូង ពួកគេបានយកឈ្នះទាំងតានតឹង ក្នុងលទ្ធផល ២៥-២៣ ដូចគ្នា តែឈានសិតទី៣ ក្រុមជើងឯក ២សម័យនេះ បានវាយផ្ដាច់យ៉ាងងាយក្នុងពិន្ទុ ២៥-១២ ដើម្បីធានាកៅអីវគ្គផ្ដាច់ព្រ័ត្រតែម្ដង។ជាមួយលទ្ធផលនេះដែរ ប្រៀបបានគូព្រេងមិនព្រាត់ ដែលតម្រូវឲ្យក្រុមបញ្ជាការដ្ឋានអង្គរក្ស ត្រូវជួបក្រុមបាល់ទះវិសាខា ជាលើកទី៣ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍តេជោលីគ ដើម្បីការពារតំណែងជើងឯករបស់ខ្លួន បន្ទាប់ពីជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ ២លើកកន្លងមក វិសាខា មិនធ្លាប់ឈ្នះបញ្ជាការដ្ឋានអង្គរក្សឡើយ។ ដូច្នេះចាំមើលរដូវកាលនេះ តើបញ្ជាការដ្ឋានអង្គរក្ស នឹងអាចរក្សាភាពខ្លាំង ដើម្បីគ្រងជើងឯក ៣ឆ្នាំជាប់ៗគ្នាបានដែលឬក៏យ៉ាងណា?ជុំវិញការជួបគ្នាជាថ្មី ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះដែរ រឹតតែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងតាមដានជំនួបរវាងក្រុមខ្លាំង ប៉ះខ្លាំងនេះ ដ្បិតការជួបគ្នា ២លើកចុងក្រោយ ក្នុងព្រឹត្តិការណ៍តេជោលីគ រដូវកាលឆ្នាំ២០២៦ ក្រុមទាំងពីរ បានបញ្ចប់ដោយលទ្ធផលឈ្នះចាញ់គ្នាម្ដងម្នាក់ ពោលគឺជួបគ្នាជុំទី១ បញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះ ៣-២សិត តែឈានដល់ជុំទី២ វិសាខា បានយកឈ្នះដាច់ ៣-០សិតវិញ ក្រោយការនាំចូលកីឡាករល្អៗ ទាំងខ្មែរ និងបរទេសមកជួយ។សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្ររវាងបញ្ជាការដ្ឋានអង្គរក្ស និងវិសាខា នឹងធ្វើឡើងនាល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។ ប៉ុន្ដែមុនឈានដល់ជំនួបដណ្ដើមជើងឯកតេជោលីគ រដូវកាលទី៣ នេះ ក៏នឹងមានជំនួបដណ្ដើមលេខ៣ រវាងក្រុមស្នងការនគរបាលខេត្តស្វាយរៀង និងក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ដែលនឹងត្រូវប្រកួតនៅរសៀលថ្ងៃជាមួយគ្នាផងដែរ៕ អត្ថបទ លី ឈុនឡា

ព័រទុយហ្គាល់ជួបក្រូអាស៊ីនៅវគ្គ ៣២ ក្រុមចុងក្រោយ ខណៈ Ronaldo និង Modric មានតែម្នាក់ឡើងវគ្គបន្ត

2026/07/02 08:31:13 pm        322
ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវជួបក្រុមជម្រើសជាតិក្រូអាស៊ី នៅវគ្គ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ព្រឹកស្អែកនេះនៅទីក្រុង Toronto ប្រទេសកាណាដា ដោយមានគោលដៅស្ដារទំនុកចិត្ត និងបំបិទមាត់អ្នករិះគន់ ក្រោយការបង្ហាញទម្រង់លេងមិនសូវទាក់ទាញនៅវគ្គចែកពូល។ការប្រកួតនេះក៏ត្រូវបានគេចាត់ទុកថា អាចជាការជួបគ្នាចុងក្រោយនៅ World Cup រវាងតារាឆ្នើមពីររូប គឺខ្សែប្រយុទ្ធ Cristiano Ronaldo វ័យ ៤១ឆ្នាំ និងខ្សែបម្រើ Luka Modrić វ័យ ៤០ឆ្នាំ ដែលសុទ្ធតែជាវីរបុរសរបស់ប្រទេសរៀងៗខ្លួន និងកំពុងស្វែងរកឱកាសចុងក្រោយដើម្បីសម្រេចក្តីស្រមៃឈ្នះពានបាល់ទាត់ពិភពលោក។ក្រោមការដឹកនាំរបស់លោក Roberto Martínez ព័រទុយហ្គាល់ត្រូវបានរំពឹងថានឹងបង្ហាញទម្រង់លេងល្អជាងមុន បន្ទាប់ពីទទួលរងការរិះគន់ ទោះបីក្រុមមានកីឡាករឆ្នើមជាច្រើនក្នុងសមាសភាព ដូចជា Vitinha, João Neves និង Nuno Mendes ដែលជោគជ័យខ្លាំងនៅ Paris Saint-Germain ក៏ដោយ។នៅវគ្គចែកពូល ព័រទុយហ្គាល់បានចាប់ផ្តើមដោយស្មើកុងហ្គោមុនពេលយកឈ្នះអ៊ូសបេគីស្ថាន។ប៉ុន្តែការស្មើជាមួយកូឡុំប៊ីនៅប្រកួតចុងក្រោយនៃវគ្គចែកពូល បានធ្វើឱ្យព័រទុយហ្គាល់បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល ហើយបានបង្កើនសម្ពាធលើ Ronaldo និងក្រុមទាំងមូល។ អ្នកវិភាគជាច្រើនបានរិះគន់ថា ប្រធានក្រុមរូបនេះមិនសូវមានឥទ្ធិពលក្នុងការប្រកួត ជាពិសេសការជួយការពារនៅពេលក្រុមបាត់បង់បាល់។ជាមួយនឹងការប្រកួតចាញ់-ធ្លាក់ ព័រទុយហ្គាល់ និងក្រូអាស៊ី សុទ្ធតែត្រូវការជ័យជម្នះដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ទន្ទឹមនឹងនេះ ការប្រកួតក៏ជាការប្រឈមដ៏សំខាន់សម្រាប់ Ronaldo និង Modric ដែលអាចកំពុងឈានទៅកាន់ការបង្ហាញខ្លួនចុងក្រោយរបស់ពួកគេនៅលើឆាក FIFA World Cup។ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
07/25/2026 11:07 AM
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
07/25/2026 10:07 AM
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
07/25/2026 10:07 AM
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
07/25/2026 10:07 AM
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
07/25/2026 10:07 AM
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
07/25/2026 10:07 AM
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
07/25/2026 10:07 AM
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
07/25/2026 09:07 AM
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
07/25/2026 09:07 AM
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
07/25/2026 09:07 AM