Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

បញ្ចប់មន្ទិលរឿងផ្លាស់ទៅ Bayern Munich, Kyle Walker បន្តកិច្ចសន្យាជាមួយ Man City ពីរឆ្នាំទៀត

2023/09/15 08:58:26 pm        243
ខ្សែការពារអង់គ្លេស Kyle Walker បានជម្រះ​មន្ទិល​ក្នុងការ​មិន​ប្រាកដ​ប្រជា​ជាមួយ​ក្រុម​មេឃ​ខៀវ ​Manchester City បន្ទាប់ពីសំរេចចុះហត្ថលេខារយៈពេល ២ ឆ្នាំបន្តនៅកីឡដ្ឋាន Etihad ដល់​ឆ្នាំ ២០២៦។ កិច្ចសន្យាចាស់របស់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះនឹងអស់សុពលភាពនៅឆ្នាំ ២០២៤ ដំណាច់​រដូវកាល​នេះ ស្របពេលមានទំនាក់ទំនងផ្ទេរទៅកាន់ក្លិបអាល្លឺម៉ង់ Bayern Munich នៅ​ពេល​ទីផ្សារ​ទិញ​ដូរកីឡាករបើកចំហរកន្លងមក។Kyle Walker បានឈ្នះពានសរុបជាមួយ Manchester City ១៣ ក្នុងរយៈពេល ៦ ឆ្នាំ​កន្លង​មក​។ខ្សែការពារស្លាបស្តាំរូបនេះបានផ្លាស់មកាន់ City កាលពីខែសីហាឆ្នាំ ២០១៧ ផ្ទេរពី Tottenham Hotspur ក្នុងតម្លៃ ៤៥ លានផោន។រដូវកាលមុន​ Kyle Walker បង្ហាញខ្លួនសរុប ៣៩ ប្រកួតគ្រប់ក្របខណ្ឌឱ្យ Manchester City ដែល​ឈ្នះពានបីក្នុងមួយរដូវកាល តែមិនបានចូលលេង ១១ នាក់ដំបូងឡើយពេល City ឈ្នះ Inter Milan នៅវគ្គផ្តាច់ព្រ័ត្រ។រំលឹកថារដូវកាលមុន Walker ស្ទើរតែបាត់បង់តំណែងរបស់ខ្លួនទៅហើយ ដោយ​ធ្លាប់​ត្រូវ​បាន​គេ​ដឹង​ថា​មិនសប្បាយចិត្តនឹងពាក្យសំដីរបស់អ្នកចាត់ការ Pep Guardiola ដែលលើកឡើងថា Walker មិនអាចបត់បែនខ្លួនតាមយុទ្ធសាស្រ្តនៃប្រព័ន្ធការពារថ្មីដែលត្រូវលោក Pep យក​មក​ប្រើ​ប្រាស់​ចាប់​ពីពាក់កណ្តាលរដូវកាលមុន។ យ៉ាងណាក្តី អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបានលើកឡើងកាលពីខែកក្កដាកន្លងមកថា នឹង​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាងដើម្បីរក្សា Walker ឱ្យនៅបន្តជាមួយ Manchester City ស្របពេល Bayern Munich កាន់តែកៀកក្នុងការនាំយកខ្សែការពារវ័យ ៣៣ ឆ្នាំរូបនេះ។ រដូវកាលនេះ Kyle Walker បានចូលលេង ១១ នាក់ដំបូងទាំង ៤ ប្រកួតរបស់ City នៅ Premier League និង មួយប្រកួតទៀតនៅ UEFA Super Cup៕ អត្ថបទ៖នាង សុភាវុធ

Jadon Sancho ត្រូវហ្វឹកហាត់ដាច់ដោយឡែករហូតដល់បញ្ហាជាមួយ Erik ten Hag ត្រូវបានដោះស្រាយ

2023/09/15 08:32:46 pm        296
ខ្សែបម្រើស្លាប​ Manchester United, Jadon Sancho នឹងត្រូវហ្វឹកហាត់ដាច់ដោយឡែកពីក្រុម រហូត​ដល់បញ្ហាជាមួយអ្នកចាត់ការ Erik ten Hag ត្រូវបានដោះស្រាយរួចរាល់។អតីតអ្នកចាត់ការ Ajax រូបនេះ មិនបានដាក់ឈ្មោះ Sancho ក្នុងបញ្ជីពេលចាញ់កាំភ្លើងធំ Arsenal ឡើយ ដោយលើក​ឡើងថា​កីឡាករ​អង់គ្លេស​រូប​នេះប​ង្ហាញ​ទំរង់​ក្រោម​ស្តង់ដា​អំឡុង​ពេល​ហ្វឹកហាត់។យ៉ាងណាក្តី កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានបកស្រាយនៅលើបណ្តាញសង្គមថា ខ្លួន​គឺ​ជា​ពពែ​ដែល​ចាំ​តែ​ទទួលកំហុសយូរមកហើយ ដែលធ្វើឱ្យមា​នកា​រ​ផ្ទុះឡើ​ង​នៅ​ការ​ជជែក​គ្នានៅ​លើ​បណ្តាញ​សង្គម​ជុំវិញទំនាក់ទំនងរបស់អ្នកចាត់ការ និងកីឡាកររូបនេះ។ Sancho ដែលផ្លាស់ពី Dortmund កាលពីឆ្នាំ ២០២១ ក្នុងតម្លៃ ៧៣ លានផោននោះ ធ្លាប់​សម្រាក ៣ ខែរដូវកាលមុនដើម្បីទទួលការព្យាបាលបញ្ហាផ្លូវចិត្តផងដែរ ដែល​ធ្វើ​ឱ្យ​ការ​ផ្លាស់​មក​កាន់ Old Trafford នេះ Sancho មិនបានចូលលេងជាប់លាប់ឡើយ ពោលគឺរយៈពេល ៣ ឆ្នាំ​កន្លងមកនេះបង្ហាញខ្លួនបានត្រឹម ៥៨ ប្រកួតនៅ Premier League រកបាន ៩ គ្រាប់ និង ៦ បាល់​បញ្ជូន។ Sancho ជាកីឡាករបម្រុងដែលផ្លាស់ប្តូរចូល ៣ ប្រកួតរដូវកាលនេះ ដែល Manchester United ​ឈ្នះ ២ ចាញ់ ២ នៅ Premier League៕ អត្ថបទ៖នាង សុភាវុធ

កីឡាករក្រុមយុវជន Real Madrid ៤ នាក់ត្រូវឃាត់ខ្លួនពីបទចែករំលែក​វីដេអូអាសអាភាស

2023/09/15 06:44:19 pm        337
កីឡាករ ៤ នាក់របស់ក្រុមយុវជន Real Madrid ត្រូវបានឃាត់ខ្លួន​ជុំវិញរឿង​ចែករំលែក​វីដេអូ​អាស​អាភាស ដែលរួមមានទាំងអនិតិជនម្នាក់ផងដែរ នេះ​បើតាម​ការ​លើក​ឡើង​របស់​មន្ត្រី​មាន​សមត្ថកិច្ច។កីឡាករទាំង ៤ នាក់នោះត្រូវបានចោទសួរ ទទួលការអប់រំ និងដោះលែង​ទៅ​វិញ​បន្ទាប់​ពី​វីដេអូ​នោះត្រូ​វ​បានដកហូត។ ការសំរេចឃាត់ខ្លួននេះ បន្ទាប់ពីមានការត្អូញត្អែរដោយម្តាយរបស់ក្មេងស្រីវ័យ ១៦ ឆ្នាំ​ម្នាក់​ដែល​មាន​មុខ​នៅក្នុងវីដេអូនោះនេះបើតាមការបញ្ជាក់បន្ថែមរបស់នគរបាល។កីឡាករទាំងបួននាក់នោះ ត្រូវបាននគរបាលឃាត់ខ្លួននៅទីលានហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍។ចំណែក Real Madrid បានឱ្យដឹងដែរថា ក្លិបនឹងធ្វើការតាមដានរឿងនេះ ហើយ​នឹង​ចាត់​វិធានការ​វិន័យ​ផង​ដែរ។ក្នុងចំណោម ៤ នាក់នោះមាន ៣ នាក់ស្ថិតនៅក្នុងក្រុម Real Madrid C និង​ម្នាក់​ទៀត​ស្ថិត​នៅ​ក្រុម​ Real Madrid B ដែលគេស្គាល់ថា Castilla។សូមបញ្ជាក់ថា វីដេអូអាសអាភាសដែលមានវត្តមានក្មេងស្រីវ័យ ១៦ ឆ្នាំដែល​លើក​ឡើង​នាង​មិន​បាន​យល់​ព្រម​នោះ ត្រូវបានគេចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គម WhatsApp៕ អត្ថបទ៖នាង សុភាវុធ

មួយជង្គង់របស់ Benzema ជួយ Al-Ittihad ឈ្នះនៅទឹកដី Al-Okhdood ឈរកំពូលតារាងបណ្តោះអាសន្ន

2023/09/15 06:27:30 pm        301
ក្រុមបាល់ទាត់ Al-Ittihad បានត្រលប់ឡើង​មកឈរកំពូល​តារាង​នៃ​ក្រប​ខណ្ឌ​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​បណ្តោះអាសន្ន ក្រោយយកឈ្នះនៅទឹកដី Al-Okhdood ១-០ យប់ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ថ្វីបើមានឱកាសច្រើនសម្រាប់ក្រុមចាយលុយច្រើន Al-Ittihad តែពួកគេត្រូវរង់ចាំដល់នាទីទី ៧២ ទើប​រឿងសប្បាយចិត្តកើតឡើងសម្រាប់អ្នកគាំទ្រ។ គ្រាប់បាល់បញ្ចូលទីសម្រេចដោយខ្សែប្រយុទ្ធបារាំង អតីតខ្សែប្រយុទ្ធ Real Madrid, Karim Benzema ប្រើប្រាស់ជង្គង់អុកបញ្ចូលទីយ៉ាងល្អ។ នេះជាគ្រាប់បាល់ទី ៣ របស់ Karim Benzema នៅ Saudi Pro League សម្រាប់ Al-Ittihad តាំងពីផ្លាស់ពី Real Madrid រដូវក្តៅកន្លងមក។ បីពិន្ទុនេះធ្វើឱ្យ Al-Ittihad ឡើងមកឈរកំពូលតារាងវិញបណ្តោះអាសន្នមាន ១៥ ពិន្ទុ​ពី​ការ​ប្រកួត​ ៦ លើក ខណៈបរាជ័យមួយលើកនោះគឺចាញ់ក្រុមខ្លាំង Al-Hilal ដែលមិន​ទាន់​ប្រកួត​នៅ​ឡើយ​ស​ប្តាហ៍ទី ៦ នេះ៕ អត្ថបទ៖នាង សុភាវុធ

មន្ដ្រីសហព័ន្ធ៖ ខាន់ ចេសា ប្រកួតលើសង្វៀន ONE ​មិនប៉ះពាល់ដល់ការប្រកួតកីឡាអាស៊ីនោះទេ

2023/09/15 06:11:44 pm        998
វីរកីឡាការិនីជឺជីតស៊ូឆ្នើមកម្ពុជា ខាន់ ចេសា នឹងបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE Championship ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាការិនីអាមេរិក Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅសិង្ហបុរី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ មុនបន្ដដំណើរមកកម្ពុជា ដើម្បីចេញទៅប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅ​ទីក្រុង​ Hangzhou ប្រទេសចិន នាដើមខែក្រោយ ។ជុំវិញជំនួបរវាងម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ចេសា និង​ជើងខ្លាំង​ជឺជីត​ស៊ូ​លំដាប់​ពិភពលោក​ដូចគ្នា នាចុងខែនេះ ត្រូវបានលោកមន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បញ្ជាក់​ថា មិនប៉ះពាល់ដល់ដំណើរឆ្ពោះទៅការពារមេដាយមាសកីឡាអាស៊ី របស់​កីឡាការិនី​កូនកាត់ ៣សាសន៍ ខាន់ ចេសា ឡើយ ។មន្ដ្រីសហព័ន្ធដដែលបន្ដថា ក្រោយការសម្រេចចិត្តផ្ទាល់ខ្លួន ដោយមានការឯកភាពគ្នា រវាង​កីឡាការិនី​ជម្រើសជាតិកម្ពុជា និងដៃគូប្រកួត ក៏ដូចជាអ្នករៀបចំកម្មវិធី  ខាន់ ចេសា នឹងចូលរួម​ប្រកួត​លើ​សង្វៀន ONE Championship ធម្មតា ក្រោយលក្ខខណ្ឌប្រកួតវិញ្ញាសាទម្ងន់ស្រាល នៃ​ប្រភេទកីឡាជឺជីតស៊ូ មិនមែនជាការប្រកួតគុនចម្រុះ ឬ MMA នោះទេ ។ម្យ៉ាងដោយសារកីឡាការិនីទាំងពីរ សុទ្ធតែជាកីឡាការិនីកម្រិតខ្ពស់ ហេតុ​នេះ​ការ​ប្រកួត​លើ​សង្វៀន ​ONE នាចុងខែនេះ ក៏ជាឱកាសពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែម ពិសេស​សម្រាប់​កីឡាការិនី​កម្ពុជា ខាន់ ចេសា ដើម្បីត្រៀមលក្ខណៈកាន់តែប្រសើរ សម្រាប់ការប្រកួតកីឡាអាស៊ី លើក​ទី១៩ ក្នុងនាមបេក្ខភាពការពារមេដាយមាស នាពេលឆាប់ៗខាងមុខផងដែរ ។បន្ទាប់ពីចប់ការប្រកួតនេះ ចេសា នឹងត្រូវធ្វើដំណើរមកកម្ពុជា ហើយ​ត្រូវ​បន្ដ​ដំណើរ​ទៅ​ប្រទេស​ចិន​ នៅថ្ងៃទី០២ ខែតុលា ដើម្បីចូលរួមការប្រកួតកីឡាអាស៊ី នៅទីក្រុង​ Hangzhou ​ដែល​ម្ចាស់​មេដាយ​មាស ឆ្នាំ២០១៨ របស់កម្ពុជារូបនេះ នឹងត្រូវធ្វើការប្រកួតនៅថ្ងៃទី០៦ ខែតុលា ។ ដូច្នេះ​ផ្អែក​លើ​ពេលវេលានេះ លោកមន្ដ្រីសហព័ន្ធដដែល អះអាងថា មិនមានផលប៉ះពាល់អ្វីដល់ ចេសា រវាង​ការនៅលើសង្វៀន ONE Championship និងការប្រកួតកីឡាអាស៊ីនោះទេ ។គួរដឹងថា ខាន់ ចេសា គឺអត្តពលិកកីឡាជឺជីតស៊ូម្នាក់ ក្នុងចំណោម ២នាក់ ដែល​សហព័ន្ធ​ត្រៀម​បញ្ជូន​ទៅ​ចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ ។ អ្វីដែលពិសេស បេសកកម្មលើកនេះដែរ ចេសា ត្រូវ​ការពារមេដាយមាសរបស់ខ្លួន បន្ទាប់ពីកញ្ញាដណ្ដើមបានមេដាយមាសជូនជាតិលើកដំបូង ក្នុង​កីឡាអាស៊ី លើកទី១៨ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី មុនបន្ដ​ដណ្ដើម​បាន​មេដាយ​មាស​ស៊ីហ្គេម​ ២សម័យ កាលពីឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ៕ អត្ថបទ លី ឈុនឡា 

ម្ចាស់ផ្ទះបារាំងបន្តឈ្នះ ២ ប្រកួតជាប់គ្នានៅការប្រកួតបាល់ឱបជើងឯកពិភពលោក

2023/09/15 05:55:46 pm        167
ក្រុមម្ចាស់ផ្ទះបារាំង បានបន្តជ័យជំនះ ២ ប្រកួតផ្ទួនៗរបស់ខ្លួននៅក្នុងពូល ក្រោយ​យក​ឈ្នះ​ក្រុម​អ៊ុយ​រូហ្កាយ ២៧-១២។ បារាំងដែលធ្វើការផ្លាស់ប្តូរជម្រើសដំបូងរបស់ខ្លួនដល់ទៅ ១២ នាក់​ពីការ​ប្រកួត​ដំបូង​ដែល​យក​ឈ្នះ​នូវែស៊ីឡង់នោះ បាននាំមុខមុនដោយបាល់ពិន័យរបស់ Melvyn Jaminet មុនពេល​ដែល​អ៊ុយរូហ្កាយ​តាម​ពីក្រោយវិញដោយ Try របស់ Nicolas Freitas តែ Antoine Hastoy ជា​អ្នក​ជួយ​បារាំង​នាំមុខសាជាថ្មី។អ៊ុយរូហ្កាយក៏ធ្វើបានល្អតាមរយៈការដាក់សម្ពាធលើក្រុមបារាំង តែ​ក្រុម​ម្ចាស់​ផ្ទះ​អាច​គ្រប់​គ្រង​ស្ថាន​ការ​បានខណៈដែល Peato Mauvaka និង Louis Bielle-Biarrey ជាអ្នក​សម្រេច​ជ័យ​ជំនះ​ឱ្យ​បារាំង​។ជ័យជំនះពីរប្រកួតផ្ទួនៗនេះធ្វើឱ្យបារាំង កាន់តែកៀកក្នុងការឈានឆ្ពោះទៅវគ្គ ៨ ក្រុមចុងក្រោយ ខណៈពួកគេនឹងត្រូវជួបជាមួយ ណាមីប៊ីប្រកួទបន្ទាប់ ឯអ៊ុយរូហ្កាយត្រូវជួបអ៊ីតាលី៕ អត្ថបទ៖នាង សុភាវុធ

លីគកំពូលកម្ពុជា ត្រឡប់មកវិញចុងសប្ដាហ៍នេះ ក្រោយសម្រាក FIFA Day ២សប្ដាហ៍

2023/09/15 05:21:32 pm        165
ការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា Cambodian Premier League 2023/24​ នឹង​បន្ដ​ការ​ប្រកួត​សន្សំពិន្ទុ សប្ដាហ៍ទី៥ នាចុងសប្ដាហ៍នេះ បន្ទាប់ពីសម្រាកការប្រកួត ២សប្ដាហ៍ កំឡុង​ថ្ងៃ ​FIFA កាលពីថ្មីៗកន្លងទៅ ។សម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី៥ រួមមាននៅថ្ងៃទី១៦ ខែកញ្ញា ក្រុមមិនទាន់ស្គាល់ចាញ់ ឬស្មើ ព្រះខ័ន​រាជស្វាយរៀង ត្រូវបើកទ្វារផ្ទះទទួលក្រុមអង្គររថាយហ្គឺរ និង​កំពុង​ឡើង​ជើង​ព្រៃវែង​អេហ្វស៊ី ជួបក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ ។ចំណែកនៅថ្ងៃទី១៧ ខែកញ្ញា គឺមាន ៣គូ រួមមានក្រុម ISI ដង្កោសែនជ័យ ត្រូវជួប​ក្រុម​ភ្ញៀវ​ណាហ្គា​វើលដ៍ ខណៈក្រុមបឹងកេត ត្រូវជួបគិរីវង់សុខសែនជ័យ នៅពហុកីឡដ្ឋានជាតិ និង​ក្រុម​វិសាខា ត្រូវជួបក្រុមភ្នំពេញក្រោន នៅកីឡដ្ឋានព្រីនស៍ ។គួរដឹងថា គិតត្រឹមសប្ដាហ៍ទី៤ មានតែក្រុមព្រះខ័នរាជស្វាយរៀងប៉ុណ្ណោះ ដែល​មិន​ទាន់​ស្គាល់​ចាញ់ ឬស្មើ ពោលគឺពួកគេ កំពុងឈរកំពូលតារាង និងមាន ១២ពិន្ទុពេញ ក្រោយឈ្នះ ៤ប្រកួត​ផ្ទួន​ៗ គ្រាដែលវិសាខា និងភ្នំពេញក្រោន មាន ៩ពិន្ទុស្មើគ្នា ឈរលេខ២ និងលេខ៣ តាម​ពី​ក្រោយ​ដោយ​ព្រៃវែងអេហ្វស៊ី និងបឹងកេត ដែលរកបាន ៧ពិន្ទុស្មើគ្នា ៕ អត្ថបទ លី ឈុនឡា 

ក្រុម F1 Alfa Romeo សម្រេចប្រើប្រាស់កីឡាករ Valtteri Bottas និង Zhou Guanyu មួយឆ្នាំទៀត

2023/09/15 05:03:59 pm        157
កីឡាករប្រណាំង F1 ហ្វាំងឡង់ Valtteri Bottas និងកីឡាករចិន Zhou Guanyu នឹង​បន្ត​ស្នាក់​នៅ​ជាមួយ​ក្រុមប្រណាំង F1 Alfa Romeo មួយរដូវកាលទៀត។Valtteri Bottas ដែលផ្លាស់ពី Mercedes កាលពីឆ្នាំ ២០២២ នោះ ស្ថិតក្នុងគំរោងរបស់ Alfa Romeo រដូវកាលក្រោយស្រាប់ តែកីឡាករចិន Zhou Guanyu ដំបូង​ស្ថិត​ក្នុង​ការ​ពិចារណា​របស់​ក្រុម​។យ៉ាងណាក្តី ស្របពេលក្រុម F1 ទាំងអស់​កំពុង​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ប្រកួត​នៅ​ទឹក​ដី​សិង្ហបុរី​សប្តាហ៍​នេះ ​Alfa Romeo បានបញ្ជាក់ថា កីឡាករទាំងពីររបស់ខ្លួននឹងបន្តបើកបរឱ្យ Alfa Romeo ៣ រដូវកាលជាប់គ្នា។Alfa Romeo នឹងត្រូវបញ្ចប់ឈ្មោះរបស់ខ្លួនត្រឹមដំណាច់រដូវកាលនេះ ហើយ​នឹង​ត្រូវ​ប្រើប្រាស់​ឈ្មោះ​ថ្មី​នៅរដូវកាលក្រោយ តែក្រុមមិនទាន់បង្ហាញនៅឡើយ។ សូមបញ្ជាក់ថា Alfa Romeo កំពុងឈរលេខ ៩ ក្នុងចំណោម ១០ ក្រុមនៅ F1 រដូវកាលនេះ ខណៈ​កីឡាករ Valtteri Bottas ឈរលេខ ១៥ មាន ៦ ពិន្ទុ និង Zhou Guanyu ឈរលេខ ១៦ មាន ៤ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ

Sepp Kuss បង្កើនការនាំមុខនៅ Vuelta a Espana ទោះ Evenepoel ជាអ្នកឈ្នះដំណាក់កាលទី ១៨

2023/09/15 04:26:28 pm        200
កីឡាករប្រណាំងកង់អាមេរិក​ Sepp Kuss បានបន្ត​ដំណើរ​ត្រលប់​មក​ពន្លាត​វេលា​នាំ​មុខ​របស់​ខ្លួន​នៅ Vuelta a Espana ដែលកៀកនឹងបញ្ចប់ទៅហើយ បើទោះបីជាដំណាក់កាលទី ១៨ ជ័យ​ជំនះ​បានទៅកីឡាករប្រណាំងកង់ប៊ែលហ្ស៊ិក Remco Evenepoel ក៏ដោយ។ដំណាក់កាលទី ១៨ ដែលមានចំងាយផ្លូវ ១៧៩ គីឡូម៉ែត្រ Sepp Kuss ដែលជិះឱ្យក្រុម Jumbo-Vism​a បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ១០ ឯណោះ តែនៅលើគូ​ប្រជែង​របស់​គេ​ទាំង​ពីរ​នាក់​ដែលជាមិត្តរួមមាន Jonas Vingegaard និង Primoz Roglic ដែលសុទ្ធតែ​បញ្ចប់​ដំណាក់​កាលទី ១៨ នៅក្រៅចំណាត់ថ្នាក់ Top10។Sepp Kussជាមួយគ្នានោះដែរ កីឡាកររបស់ក្រុម Soudal-Quick-Step, Rembo Evenepoel ជា​អ្នក​ឈ្នះដំ​ណាក់​កាល​ទី ១៨ នេះក្រោយមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ៤៧ នាទី ៣៧ វិនាទី តាម​ពី​ក្រោយដោយកីឡាករអ៊ីតាលី Damiano Caruso យឺតជាង ៤ នាទី ៤៤ វិនាទី និងលេខ ៣ Andreas Kron សញ្ជាតិដាណឺម៉ាក។ នៅក្នុងតារាងរួមវិញបីនាក់ខាងលើសុទ្ធតែជិះឱ្យក្រុម Jumbo-Visma ទាំងអស់ ក្នុងនោះ Sepp Kuss បង្កើនការនាំមុខដល់ ១៧ វិនាទីពីអ្នកលេខ ២ Jonas Vingegaard និងលេខ ៣ Primoz Roglic យឺតជាង ១ នាទី ៨ វិនាទី។សម្រាប់ដំណាក់កាលទី ១៩ ថ្ងៃសុក្រនេះមានចំងាយផ្លូវ ១៧៨ គីឡូម៉ែត្រ។ សូមបញ្ជាក់ថាព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour នៅអេស្ប៉ាញ Vuelta a Espana នឹងបិទបញ្ចប់ទាំងស្រុងនៅថ្ងៃអាទិត្យដែលជាដំណាក់កាលទី ២១ បញ្ចប់នៅទីក្រុង Madrid៕ អត្ថបទ៖នាង សុភាវុធEvenepoel

Marco Varretti ចាកចេញពី PSG ទៅក្លិបកាតា Al-Arabi តម្លៃផ្ទេរជិត ៤០ លានផោន

2023/09/14 08:45:37 pm        227
ខ្សែបម្រើអ៊ីតាលី Marco Varretti បានសំរេចក្នុងការផ្លាស់ទៅកាន់ក្លិបកាតា Al-Arabi ហើយ​ក្នុង​តម្លៃ​ផ្ទេរ ៣៨.៧ លានផោន រឺ ៤៥ លានអឺរ៉ូ។ Varretti ក្លាយជាកីឡាករអឺរ៉ុបទីពីរដែលផ្លាស់ទៅទឹកដីកាតាក្នុងរយៈពេល ១ សប្តាហ៍ចុង​ក្រោយ​នេះ​ បន្ទាប់ពីខ្សែបម្រើប្រេស៊ីល Philippe Coutinho ទើបផ្លាស់ទៅ Al-Duhail កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​កិច្ច​សន្យាខ្ចីជើងពេញមួយរដូវកាលពី Aston Villa។Marco Varretti ធ្លាប់ឈ្នះជើងឯកក្របខណ្ឌបារាំង Ligue1 ៩ លើកជាមួយ PSG តាំង​ពី​ផ្លាស់​មក​កាន់​ទឹកដីបារាំងតាំងពីឆ្នាំ ២០១២ ហើយក៏​ជា​សមាជិក​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ដែល​លើក​ពាន​ Euro 2020 ផងដែរ។Marco Varretti ក៏បានក្លាយជាកីឡាករអឺរ៉ុបម្នាក់ទៀតដែលផ្លាស់ទៅកាន់ទឹកដីមជ្ឈឹមបូព៌ាផងដែរ បន្ទាប់​ពីកីឡាករដែលមានឈ្មោះល្បីជាច្រើនផ្លាស់ទៅក្របខណ្ឌ Saudi Pro League។កីឡាករវ័យ ៣០ ឆ្នាំរូបនេះនឹងបានរួមអាជីពជាមួយអតីតកីឡាករ PSG ម្នាក់គឺ Rafinha ដែល​បង​ប្អូន​ភ្លោះ​នឹងខ្សែបម្រើ Liverpool, Thiago Alcantara ផងដែរ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខជនភៀសខ្លួនរបស់UN មានសុទិដ្ឋិនិយមចំពោះភាពជាដៃគូអាមេរិក បន្ទាប់ពីរបាយការណ៍ភាពខ្វែងគំនិតគ្នាជាមួយលោក Trump
07/29/2026 01:07 PM
លោកស្រី Keiko Fujimori ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេសប៉េរូ
07/29/2026 12:07 PM
ក្រុងគីវ ព្រមានអ៊ីរ៉ង់ប្រឆាំងការបង្កើនភាពតានតឹងក្រោយការវាយប្រហារនៅសមុទ្រកាសព្យែន
07/29/2026 12:07 PM
ប្រេងឡើងថ្លៃ ខណៈភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់កើនឡើង បន្ទាប់ពីការវាយប្រហារដោយមីស៊ីលនៅអ៊ីរ៉ាក់
07/29/2026 12:07 PM
បារាំងចេញការព្រមានពីកម្ដៅក្នុងតំបន់រងគ្រោះដោយភ្លើងឆេះព្រៃ ខណៈមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសនៅអេស្ប៉ាញ
07/29/2026 12:07 PM
អារ៉ាប៊ីសាអ៊ូឌីត បញ្ជាក់ពីការវាយប្រហារលើកងជីវពលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់
07/29/2026 12:07 PM
ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ អាចមានផលប៉ះពាល់ខ្លាំងលើផ្នែកការទូត
07/29/2026 12:07 PM
សម្ដេចធិបតី ឯកភាពជាគោលការណ៍៨ចំណុច ដើម្បីពន្លឿនដោះស្រាយបញ្ហាកកស្ទះការចេញបណ្ណដីធ្លី
07/29/2026 12:07 PM
សម្ដេចធិបតី៖ ពីអាណត្តិមុនមកដល់អាណត្តិថ្មីនេះ រដ្ឋចុះបញ្ជីក្បាលដីជូនពលរដ្ឋបានជាង ១០ លានក្បាលដី
07/29/2026 12:07 PM
សម្ដេចធិបតី៖ កម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាមូលដ្ឋាននៃជីវិត មិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ
07/29/2026 11:07 AM