Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

ក្រុមឡើងថ្មីនៅអាល្លឺម៉ង់ Heidenheim បង្កើតប្រវត្តិសាស្រ្តឈ្នះការប្រកួតនៅ Bundesliga លើកដំបូង

2023/09/18 09:45:48 pm        307
ក្រុមបាល់ទាត់ឡើងថ្មីមកកាន់ក្របខណ្ឌកំពូលអាល្លឺម៉ង់ Heidenheim បានបង្កើតប្រវត្តិសាស្រ្ត​របស់ខ្លួន រកបានជ័យជំនះដំបូងនៅក្របខណ្ឌកំពូល Bundesliga ខណៈលោក Frank Schmidt ក្លាយជាអ្នកចាត់ការដឹកនាំក្រុមយូរបំផុត ក្នុងប្រវត្តិសាស្រ្តបាល់ទាត់អាល្លឺម៉ង់។លោក Frank Schmidt បានមកដឹកនាំ Heidenheim នៅឆ្នាំ ២០០៧ នៅពេលដែល​ក្រុម​ស្ថិត​នៅ​ក្រប​ខណ្ឌទី ៥ ពោលគឺលោកបានដឹកនាំក្រុមឡើង ៤ ក្របខណ្ឌមកកាន់ក្របខណ្ឌកំពូល និង​ទី​បំផុត​រកបានជ័យជំនះដំបូងនៅ Bundesliga តាមរយៈជ័យជំនះ ៤-២ លើ Werder Bremen។ក្រុមម្ចាស់ផ្ទះ Heidenheim នាំមុខមុន ២ គ្រាប់ តែ Werder Bremen ក៏តាមស្មើវិញ ២ គ្រាប់ មុន​ពេលដែលម្ចាស់ផ្ទះរកបាន ២ គ្រាប់ចុងក្រោយវិញ។លោក Frank Schmidt នៅពេលដឹកនាំក្រុម Heidenheim ក្នុងឆ្នាំទី ១៦ ហើយ និង​បាន​បំបែក​កំណត់​ត្រា​លោក Volker Finke ដែលធ្លាប់ដឹកនាំក្រុម Freiburg យូរបំផុតពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ១៩៩១ ដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០០៧។លោក Schmidt មានដំណើតនៅទីក្រុង Heidenheim នេះ និងធ្លាប់​ជាកីឡាករ​ប្រធាន​ក្រុម​នៅ​ក្លិប​ Heidenheimer SB មុនពេលដែលលោកបានចូលនិវត្តន៍ពីអាជីពកីឡាករនៅឆ្នាំ ២០០៧។សរុបមកលោក Frank Schmidt បានដឹកនាំក្រុម Heidenheim ៥៩១ ប្រកួតហើយ តាំង​ពី​កាន់​តំណែង​នៅ​ឆ្នាំ ២០០៧ នាំក្រុមឡើងពីក្របខណ្ឌទី ៥ មកទី ៤ នៅឆ្នាំ ២០០៨ ឡើងមកទី ៣ នៅឆ្នាំ ២០០៩ ឡើងមកទី ២ នៅឆ្នាំ ២០១៤ និងឡើងមកកាន់ក្របខណ្ឌកំពូលនៅឆ្នាំ ២០២៣ នេះ៕ អត្ថបទ៖នាង សុភាវុធ

Ronnie O’Sullivan លើកពានស្នូកឃ័រ Shanghai Masters ៤ ឆ្នាំជាប់គ្នាក្រោយឈ្នះ Luca Brecel

2023/09/18 09:14:05 pm        207
កំពូលកីឡាករស្នូកឃ៍រអង់គ្លេស Ronnie O’Sullivan នៅតែជាជើងឯកការប្រកួតពានរង្វាន់ Shanghai Masters ៤ ឆ្នាំជាប់គ្នា បន្ទាប់ពីជ័យជំនះលើកីឡាករប៊ែលហ្ស៊ិក Luca Brecel នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ១១-៩ ហ្វ្រេម។O’Sullivan ត្រូវបាន​ Brecel នាំមុខ ៤-៣ ហ្វ្រេមត្រឹមពាក់កណ្តាលផ្លូវ មុន​ពេល​ដែល​ចាប់​ផ្តើម​ដំណាក់​កាលទី២ យកឈ្នះ ៣ ហ្វ្រេមផ្ទួនដើម្បីយកឈ្នះជើងឯកពិភពលោក Luca Brecel។គិតមកដល់ពេលនេះ ជើងឯកពិភពលោក ៧ សម័យ Ronnie O’Sullivan ឈ្នះការប្រកួតសរុប ១៨ ប្រកួតជាប់គ្នាហើយនៅទីក្រុងសៀងហៃប្រទេសចិននេះ។នេះជាការប្រកួតស្នូកឃ័រនៅលើទឹកដីចិនលើកដំបូងផងដែរ តាំងពីឆ្នាំ ២០១៩ បន្ទាប់​ពី​អាក់ខាន​ដោយ​សារ​វិបត្តិកូវីដ-១៩។ជាជ័យជំនះពាន Shanghai Masters ៤ ឆ្នាំជាប់គ្នាតែជាជើងឯកលើកទី ៥ បន្ទាប់​ពី​ឈ្នះ​លើក​ដំបូង​នៅ​ឆ្នាំ២០០៩ ក្រោយមកឈ្នះជាប់គ្នាពីឆ្នាំ ២០១៧, ២០១៨, ២០១៩ និង ២០២៣ នេះ​។​ក្រោយការប្រកួតចប់ O’Sullivan បានឱ្យដឹងថា ពានរង្វាន់ Shanghai Masters លោក​នឹង​មក​យក​ទៅ​តាមខ្លួនឡើយ ដោយនឹងប្រគល់​ជូន​មិត្តភក្តិ​ម្នាក់​ដែល​បង្កើត​ក្លិប​ស្នូកឃ័រ​នៅ​ទីក្រុងសៀងហៃ​នេះ៕ អត្ថបទ៖នាង សុភាវុធ

កីឡាការិនីវ័យ ១៩ ឆ្នាំអាមេរិក Ashlyn Krueger គ្រងជើងឯក Japan Open ពាន Tour លើកដំបូងក្នុងអាជីព

2023/09/18 08:56:34 pm        202
កីឡាការិនីវាយកូនបាល់អាមេរិកវ័យទើបតែ ១៩ ឆ្នាំ Ashlyn Krueger បានក្លាយជាជើងឯក នៃ កម្មវិធី Japan Open ដែលជាពានរង្វាន់ក្នុងក្របខណ្ឌ Tour លើក​ដំបូង​ក្នុង​អាជីព​ក្រោយ​យក​ឈ្នះ​កីឡាការិនីចិន Zhu Lin នៅវគ្គផ្តាច់ព្រ័ត្រ។ Ashlyn Krueger លេងមិនចាញ់សូម្បីតែមួយសិតនៅក្នុងការប្រកួតពេញមួយកម្មវិធី Japan Open នេះ បូករួមទាំងជ័យជំនះនៅវគ្គផ្តាច់ព្រ័ត្រ ២ សិតផ្ទួនៗ ៦-៣ និង ៧-៦(៨-៦) លើ​កីឡាការិនី​លំដាប់លេខ ៣៥ ចិន Zhu Lin ដោយចំណាយពេល ១ ម៉ោង ៣៦ នាទី។ មុនឈានមកដល់ទឹកដីជប៉ុននេះ Ashlyn Krueger ដែលមានចំណាត់ថ្នាក់ពិភពលោកលេខ ១២៣ មានសមិទ្ធផលល្អបំផុតត្រឹមវគ្គ ៨ ក្រុមចុង​ក្រោយ​នៅ​កម្ម​វិធីមួយ​នៅ​ទឹក​ដី​ហូឡង់​ប៉ុណ្ណោះ។ ថ្ងៃចន្ទនេះ Ashlyn Krueger នឹងរំកិលចំណាត់ពិភពលោករបស់នាងមកឈរលំដាប់ Top100 លើកដំបូងក្នុងអាជីព៕ អត្ថបទ៖នាង សុភាវុធ

កម្ពុជាសម្ពោធតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ានមុនគេ មុនបន្ដទៅឥណ្ឌូនេស៊ី

2023/09/18 08:43:01 pm        886
ក្រសួងអប់រំ យុវជន និងកីឡា កាលពីចុងសប្ដាហ៍កន្លងទៅ បានរៀបចំពិធីសម្ពោធតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន និងទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព “Fit ASEAN” ដែលជាការសម្ពោធដំបូងគេ ក្នុងចំណោមបណ្ដាប្រទេសសមាជិក មុនបន្ដរៀបចំនៅប្រទេសឥណ្ឌូនេស៊ី ក្រោមជំនួយគាំទ្រសម្ភាររបស់រដ្ឋាភិបាលចិន និងអាស៊ាន ។ពិធីសម្ពោធនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជិត ១ពាន់នាក់ ដែលបានចូលរួមអបអរសាទរសមិទ្ធផលថ្មី នៅសួនច្បារព្រះនាងប្រាជ្ញាបារមី នាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។យោងតាមរបាយការណ៍គណៈកម្មការរៀបចំ ពិធីសម្ពោធនេះ ធ្វើឡើងក្រោយកាលពីឆ្នាំ២០២២ កំឡុងកម្ពុជាធ្វើប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំសហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលមាន ១៥ក្រសួង-ស្ថាប័នចូលរួម ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានចង្អុលបង្ហាញឲ្យថ្នាក់ដឹកនាំក្រសួង និងអង្គភាពជំនាញ ធ្វើការសិក្សាស្រាវជ្រាវរៀបចំប្រធានបទនូវទស្សនទានដែលមានការចាំបាច់ និងមានសារៈសំខាន់ សម្រាប់ប្រទេសអាស៊ាន គឺការបង្កើតតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនអាស៊ាន ។បន្ទាប់មកទស្សនទាននេះ ត្រូវបានគាំទ្រពីថ្នាក់ដឹកនាំកីឡាពីបណ្ដាប្រទេសអាស៊ាន និងដាក់ស្នើសុំទទួលការគាំទ្រពីកិច្ចប្រជុំកំពូលអាស៊ាន ហើយគម្រោងនេះ ជាលើកដំបូង ក្រោមជំនួយគាំទ្រក្រោមជំនួយគាំទ្របំពាក់សម្ភារពីរដ្ឋាភិបាលចិន ត្រូវបានបណ្ដាប្រទេសសមាជិកអាស៊ាន កំណត់យកកម្ពុជាមុនគេ បន្ទាប់មកប្រទេសឥណ្ឌូនេស៊ី។ ដោយបានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ផ្តល់ទីតាំងសួនច្បារព្រះនាងប្រាជ្ញាបារមី ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីចុងវិច្ឆិកា ឆ្នាំ២០២២ បានអនុវត្តតាមផែនការចប់សព្វគ្រប់ និងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ។ឯកឧត្តម វ៉ាត់ ចំរើន  បានចាត់ទុក នេះគឺជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាឆ្នាំ២០២២ និងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់ ។ ការរៀបចំតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាននេះ ជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដើម្បីលើកកម្ពស់សុខុមាលភាព សុខដុមនីយកម្មរបស់ប្រជាជនអាស៊ាន ពង្រឹងសាមគ្គីភាព និងអភិវឌ្ឍន៍វិស័យកីឡាក្នុងតំបន់ ។ចំពោះទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព គឺជាសកម្មភាពមួយ ដែលគ្រប់ប្រទេសជាសមាជិកអាស៊ាន រៀបចំឡើង ដើម្បីបំផុសឲ្យប្រជាជននៅក្នុងប្រទេសនីមួយៗ បានយល់ដឹងអំពីសារប្រយោជន៍ នៃការហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព និងជំរុញឲ្យប្រជាជនគ្រប់រូបអនុវត្តការហាត់ប្រាណដើម្បីសុខភាព និងសុខុមាលភាពរបស់ខ្លួន។ អាស្រ័យហេតុនេះ ឯកឧត្តម វ៉ាត់ ចំរើន បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមលេងកីឡា និងហាត់ប្រាណឲ្យបានគ្រប់ៗគ្នា ពិសេសគឺរីករាយជាមួយសមិទ្ធផលថ្មី នៃតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ដើម្បីទទួលបាននូវសុខភាពល្អ កាត់បន្ថយការប្រើប្រាស់សេវាសុខាភិបាលនានា ៕ អត្ថបទ លី ឈុនឡា

កីឡាកាយសម្ព័ន្ធ បើកទំព័រប្រវត្តិសាស្ដ្រឈ្នះមេដាយមាសជើងឯកអាស៊ីលើកដំបូង

2023/09/18 07:53:39 pm        487
កីឡាកាយសម្ព័ន្ធកម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រថ្មី ដោយដណ្ដើមបានមេដាយមាសលើកដំបូង ក្នុងការប្រកួតកីឡាជើងឯកអាស៊ី ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បន្ទាប់ពីក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយ ២គ្រឿង រួមមានមេដាយមាស ១ និងសំរឹទ្ធ ១គ្រឿង ពីការប្រកួតកីឡាកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣ នៅប្រទេសម៉ុងហ្គោលី កាលពីថ្ងៃទី១៧ ខែកញ្ញាម្សិលមិញ ។អគ្គលេខាធិការសហព័ន្ធ និងជាប្រធានប្រតិភូដដែល បានបញ្ជាក់ពីទីក្រុង Ulaanbaatar ថា ព្រឹត្តិការណ៍ប្រចាំទ្វីបនេះ មានអត្តពលិក ១៤ប្រទេសចូលរួម ដែលធ្វើការប្រកួតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ។ ជាលទ្ធផលក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយ ២គ្រឿង ក្នុងនោះមេដាយមាស ដណ្ដើមបានលើវិញ្ញាសា Senors Trio (សម្ដែងក្រុមនារី) ដោយកីឡាការិនី ស៊ីវ ចន្ថា, ណេម សុខហេង និង ឌឹម អ៊នធីតា និងមេដាយសំរឹទ្ធ ១ ដណ្ដើមបានលើវិញ្ញាសាឯកត្ដជននារី ដោយកីឡាការិនី សួស ស្រីពៅ ។នេះជាលើកដំបូងហើយ ដែលអត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយមាសកម្រិតអាស៊ី ហើយជាមោទនភាពមួយ សម្រាប់សហព័ន្ធ និងប្រទេសជាតិ ដើម្បីបង្ហាញពីសក្ដានុពលកីឡាជាតិ លើឆាកអន្ដរជាតិ ពិសេសកីឡាកាយសម្ព័ន្ធ ។ ក្នុងនាមប្រធានប្រតិភូ ឯកឧត្តម ណយ ផាណា បានថ្លែងអំណរគុណឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានសហព័ន្ធ ដែលតែងគិតគូរ និងយកចិត្តទុកដាក់ជានិច្ច សូម្បីពេលប្រកួត ក៏ឯកឧត្តមទេសរដ្ឋមន្ដ្រី បានសួរសុខទុក្ខ និងលើកទឹកចិត្តជាប្រចាំដែរ ។បន្ថែមលើនេះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រូ និងកីឡាករ-កីឡាការិនី ទោះបីឆ្នាំនេះ មិនស្ថិតក្នុងការប្រមូលផ្ដុំ តែគ្រប់ភាគីពាក់ព័ន្ធ បានប្ដេជ្ញាចិត្ដខ្ពស់ ក្នុងការបន្ដសកម្មភាព ស្របតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតនានា ជាក់ស្ដែងក្នុងការប្រកួតជើងឯកអាស៊ីឆ្នាំនេះ រហូតទទួលបានសមិទ្ធផលដ៏ល្អប្រសើរ ។គួរដឹងថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកចំនួន ១១នាក់ ទៅចូលរួមប្រកួតជើងឯកអាស៊ីខាងលើ ដែលមានអត្តពលិកចូលរួមសរុប ១៤ប្រទេស ។ កន្លងមកក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ក៏ធ្លាប់ចូលរួម និងដណ្ដើមបានមេដាយដែរ តែទទួលបានត្រឹមមេដាយប្រាក់ និងសំរឹទ្ធប៉ុណ្ណោះ ។ តាមការគ្រោងទុកក្រុមប្រតិភូកីឡាកាយសម្ព័ន្ធកម្ពុជា នឹងត្រឡប់មកមាតុភូមិវិញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ ៕ អត្ថបទ លី ឈុនឡា

ភ្ញាក់ផ្អើល! កោះហ្វីជីឈ្នះអូស្រ្តាលីក្នុងពូលការប្រកួតបាល់ឱបជើងឯកពិភពលោក​នៅបារាំង

2023/09/18 07:44:11 pm        191
ក្រុមបាល់ឱបជម្រើសជាតិហ្វីជីបានធ្វើឱ្យមានរឿងភ្ញាក់ផ្អើល នៅព្រឹត្តិការណ៍​បាល់ឱប​ជើង​ឯក​ពិភព​លោក​លើទឹកដីបារាំង បន្ទាប់ពីយកឈ្នះក្រុមជើងឯក ២ សម័យអូស្រ្តាលីនៅក្នុងពូល C ២២-១៥។ ហ្វីជីនាំមុខ ១២-៨ ក្នុងវគ្គទី ១ តាមរយៈបាល់ពិន័យ ៤ លើក ខណៈ​អូស្រ្តាលី​មាន​បាល់​ពិន័យ​មួយ​លើក ​និងរកបានមួយ Try។ ឈានចូលវគ្គទី ២ បើកមកហ្វីជីក៏រកបាន Try បង្កើនការនាំមុខឱហ្វីជី ខណៈ​អូស្រ្តាលី​ក៏​ព្យាយាម​តាម​ពី​ក្រោយ​វិញដែរតែយឺតពេលទៅហើយខណៈការប្រកួតបញ្ចប់ដោយលទ្ធផល ២២-១៥។ នេះជាជ័យជំនះទី ៣ សម្រាប់ហ្វីជីលើអូស្រ្តាលី តែជាជ័យជំនះដំបូងនៅ World Cup ដើម្បី​ឡើង​ឈរ​លេខ ២ នៅក្នុងពូល C នេះ។ ងាកមកការប្រកួតផ្សេងទៀត ក្រុមជើងឯកឆ្នាំ ២០០៣ អង់គ្លេសបានយកឈ្នះជប៉ុនដាច់ ៣៤-១២​។ Lewis Ludlam រកបាន Try តែមួយគត់ដែលកើតឡើងក្នុងវគ្គទី ១ ខណៈ​ជប៉ុន​តាម​ពី​ក្រោយ​ប្រកៀត​ប្រកិត​នៅដើមវគ្គទី ២ ដោយបាល់ពិន័យ Rikiya Matsuda តែអង់គ្លេសក៏រកបាន Try ៣ លើក​ផ្ទួនៗ ដើម្បីបញ្ចប់ការប្រកួតជាមួយនឹងជ័យជំនះ ៣៤-១២។ សូមបញ្ជាក់ថា នេះជាជ័យជំនះ ២ ប្រកួតផ្ទួនៗសម្រាប់អង់គ្លេស បន្ទាប់​ពី​ប្រកួត​ដំបូង​យក​​ឈ្នះ​អាហ្សង់ទីន ២៧-១០៕ អត្ថបទ៖នាង សុភាវុធ

Carlos Sainz ឈ្នះការប្រណាំង F1 នៅសិង្ហបុរី បញ្ចប់ដំណើរជោគជ័យរបស់ Red Bull

2023/09/18 06:57:48 pm        197
កីឡាករប្រណាំងរថយន្តអេស្ប៉ាញ Carlos Sainz បានប្រជែងឈ្នះព្រឹត្តការណ៍ F1 នៅទឹកដី​សិង្ហបុរី ដើម្បីបញ្ចប់ដំណើរជោគជ័យរបស់ Max Verstappen និង Red Bull រដូវកាលនេះ។កីឡាកររបស់ក្រុម Ferrari រូបនេះ ជាអ្នកឈ្នះក្នុងការប្រណាំងយកទីចេញដំណើរកាលពីថ្ងៃសៅរ៍ និង​បានរក្សាការនាំមុខរបស់ខ្លួនតាំងពីពេលចេញដំណើររហូតដល់ទីព្រ័ត្រ។ ជាសប្តាហ៍ដ៏អាក្រក់មួយសម្រាប់ Red Bull ដោយកីឡាករទាំងពីរនាក់មិនអាចឆ្លងផុត​វគ្គជម្រុះ​ជុំទី២ កាលពីថ្ងៃ សៅរ៍ ហើយ Max Verstappen ចាប់ពីលេខ ១១ ពុះពារដល់លេខ ៥ នៅទី​បញ្ចប់។ អ្នកមកដល់ទីចំណាត់ថ្នាក់លេខ ២ គឺ Lando Norris របស់ក្រុម McLaren តាមពីក្រោយ​ដោយ​ជើង​ឯក ៧ សម័យ Lewis Hamilton ខណៈមិត្តរួមក្រុម Mercedes, George Russell បាត់បង់​តំណែង​លេខ ៣ នៅជុំចុងក្រោយ និងកៀកទីព្រ័ត្រផងដែរក្រោយភ្លាត់ស្នៀតប៉ះរបង។ សូមបញ្ជាក់ថា នេះជាជ័យជំនះទី ២ ប៉ុណ្ណោះសម្រាប់ Carlos Sainz តាំងពីឈ្នះនៅ​អង់គ្លេស​ឆ្នាំ​មុន ហើយក៏ជាលើកដំបូងដែរក្នុងរដូវកាលនេះដែល Red Bull មិនឈ្នះ ពោលគឺរដូវកាលនេះ ២០២៣ នេះ Red Bull តែងតែឈ្នះជាពិសេសគឺ Max Verstappen ដែល​កំពុង​នាំមុខ​គេ​ក្នុង​តារាង​ជើងឯក។ ឆ្លងកាត់ការប្រកួតសប្តាហ៍នេះ Max Verstappen បន្តនាំមុខគេដដែលមានសរុប ៣៧៤ ពិន្ទុ តាម​ពីក្រោយដោយមិត្តរួមក្រុម Red Bull, Sergio Perez មាន ២២៣ ពិន្ទុ Lewis Hamilton លេខ ៣ មាន ១៨០ ពិន្ទុ Fernando Alonso លេខ ៤ មាន ១៧០ ពិន្ទុ និងលេខ ៥ Carlos Sainz មាន ១៤២ ពិន្ទុ។ បន្ទាប់ពីសិង្ហបុរី Formula One ពិភពលោកនឹងបន្តដំណើរទៅទឹកដីជប៉ុនចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ

ថ្នាក់ដឹកនាំគុនដាវ ប្ដេជ្ញាជំរុញការអភិវឌ្ឍឆ្ពោះទៅរកមេដាយកីឡាយុវជនអាស៊ី ក្រោយជោគជ័យនៅស៊ីហ្គេម

2023/09/18 06:35:57 pm        321
ឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា បានប្ដេជ្ញាជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​មួយនេះ ឲ្យកាន់តែរីកចម្រើន និងឆ្ពោះទៅរកសមិទ្ធផលកាន់តែប្រសើរ នៅក្នុងព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ក្រោយទទួលបានជោគជ័យ​ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ២០២៣ ។ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធបានរៀបចំការប្រកួតកីឡាគុនដាវជ្រើសជើងឯកថ្នាក់ជាតិ ឆ្នាំ​២០២៣ ប្រកបដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់​ថ្ងៃទី១៧ ខែកញ្ញា នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ប្រធានសហព័ន្ធដដែល បានរំលេចថា បន្ទាប់ពីជោគជ័យស៊ីហ្គេម ដែលកីឡាគុនដាវ ដណ្ដើម​បាន​មេដាយសំរឹទ្ធ ៣គ្រឿងលើកដំបូង បានធ្វើឲ្យកីឡានេះ មានប្រជាប្រិយ និងការចូលរួម​កាន់តែ​ច្រើន ​។ តាមរយៈនេះ បានធ្វើឲ្យសហព័ន្ធកាន់តែមានទឹកចិត្តខិតខំអភិវឌ្ឍន៍ ហើយឯកឧត្តម​សង្ឃឹម​ថា ផ្អែកផែនការ និងកំណែទម្រង់រៀងរាល់ឆ្នាំ នឹងជំរុញឲ្យកីឡាគុនដាវកម្ពុជា មាន​លទ្ធភាព​ឆ្ពោះទៅរកមេដាយមាស ឬប្រាក់ នៅក្នុងការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុខ ។សូមបញ្ជាក់ថា ការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៩១នាក់ មកពី ១២ក្លិប ស្មើនឹង ៥រាជធានី-ខេត្ត ដែល​ធ្វើ​ការ​ប្រកួតលើ ៦វិញ្ញាសា ។ ជាលទ្ធផលវិញ្ញាសាបុរសដាវកាប់ឯកត្តជន លេខ១ បានទៅកីឡាករ ជន ចំរ៉ុង មកពីវិទ្យាល័យ ជា ស៊ីម សាមគ្គី ។ វិញ្ញាសានារីដាវធំឯកត្ដជន លេខ១ បានទៅ​កីឡាការិនី យី លីហ្សា ។ វិញ្ញាសាបុរសដាវតូចឯកត្ដជន លេខ១ បានទៅកីឡាករ ខឿន ទីម៉ា មកពីក្រសួងមហាផ្ទៃ ។រីឯវិញ្ញាសានារីដាវកាប់ឯកត្ដជន លេខ១ បានទៅកីឡាការិនី សន និច មកពីក្លិបកងយោធពល​ខេមរភូមិន្ទ ។ វិញ្ញាសាបុរសដាវធំឯកត្តជន លេខ១ បានទៅកីឡាករ សាវឿន សុក័នុ មកពីក្លិប​ក្រសួង​មហាផ្ទៃ ។ វិញ្ញាសានារីដាវតូចឯកត្ដជន លេខ១ បានទៅកីឡាការិនី ឆាយ លីនលី ។ វិញ្ញាសា​បុរសដាវធំក្រុម លេខ១ បានទៅក្រុមក្រសួងមហាផ្ទៃ និងវិញ្ញាសានារីដាវធំក្រុម លេខ១ បាន​ទៅ​ក្រុមកងយោធពលខេមរភូមិន្ទ ៕ អត្ថបទ លី ឈុនឡា

ទីបំផុត Sepp Kuss ក្លាយជាកីឡាករអាមេរិកដំបូងគ្រងជើងឯកប្រណាំងកង់ Vuelta a Espana

2023/09/18 06:18:28 pm        202
ទីបំផុត Sepp Kuss ដែលរក្សាការនាំមុខច្រើនដំណាក់កាលមកហើយនោះ បានក្លាយជាកីឡាករ​អាមេរិកដំបូងដែលឈ្នះជើងឯកប្រណាំងកង់ Vuelta a Espana រឺ Tour of Spain និងជា​កីឡាករ​អាមេរិកដំបូងក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយដែលឈ្នះជើងឯក Grand Tour ផងដែរ។ កីឡាកររបស់ក្រុមប្រណាំង Jumbo-Visma រូបនេះបានរក្សាការនាំមុខ និងឈរលើគេ​ក្នុងតារាង​រួម​ជាមួយ ១៧ វិនាទី ពីជើងឯករងកីឡាករដាណឺម៉ាក និងជាមិត្តរួមក្រុម Jonas Vingegaard ខណៈ Primoz Roglic របស់ក្រុម Jumbo-Visma ដែរនោះ ទទួលបានចំណាត់ថ្នាក់លេខ ៣ តាមពីក្រោយ ១ នាទី ៨ វិនាទី។ ដំណាក់កាលចុងក្រោយដែលមានចំងាយផ្លូវ ១០១.៥ គីឡូម៉ែត្របញ្ចប់នៅទីក្រុង Madrid នេះ អ្នក​ឈ្នះបានទៅកីឡាករអូស្រ្តាលី Kaden Groves របស់ក្រុម Alpecin-Deceuninck តាមពី​ក្រោយដោយកីឡាករអ៊ីតាលី Filippo Ganna និងលេខ ៣ កីឡាករអាល្លឺម៉ង់ Nico Denz។សូមបញ្ជាក់ថា Sepp Kuss បានក្លាយជាកីឡាករអាមេរិកដំបូងដែលឈ្នះជើងឯក Grand Tour ក្នុង​រយៈពេល ១០ ឆ្នាំបន្ទាប់ពី Chris Horner គ្រងជើងឯកនៅ Vuelta a Espana នេះកាល​ពីឆ្នាំ ២០១៣៕ អត្ថបទ៖នាង សុភាវុធ

ព្រះខ័នរាជរក្សាភាពខ្លាំង ខណៈភ្នំពេញក្រោន និងបឹងកេត បន្ថែម ៣ពិន្ទុរៀងខ្លួន

2023/09/18 05:56:07 pm        2060
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរក្សាភាពខ្លាំងរបស់ខ្លួន ក្រោយបន្ដជ័យជម្នះលើកទី៥ ក្នុង​ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League 2023/24 ​លើ​ក្រុមភ្ញៀវ​អង្គរថាយហ្គឺរ គ្រាដែលក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន និងបឹងកេត បានបន្ថែម ៣ពិន្ទុ​រៀង​ៗខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ ។សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមអង្គរថាយហ្គឺរ ៥-២ នៅកីឡដ្ឋាន​ខេត្តស្វាយរៀង ។ ៥គ្រាប់ ដែលជួយឲ្យអតីតក្រុមជើងឯក ២សម័យ បន្ដកំណត់ត្រាឈ្នះ ធ្វើ​សម្រេច​​ដោយកីឡាករ ៥នាក់ផ្សេងគ្នា រួមមានកីឡាករ គឹម សុខយុទ្ធ នៅនាទីទី១០, កីឡាករ សារ៉េត គ្រីយ៉ា នៅនាទី៤១, កីឡាករ Ryo Fuji នៅនាទី៦២, កីឡាករ Barcus Haber ​នៅ​នាទី​៧១ និងកីឡាករឡាវ Bounkong Bounphachan នៅនាទី៩០+៥ គ្រាដែល ២គ្រាប់​របស់​ក្រុម​ភ្ញៀវ​អង្គរថាយហ្គឺរ រកបានដោយកីឡាករ Nugent William និង Blasco Llorens ។ចំណែកក្រុមភ្នំពេញក្រោនវិញ គឺបានយកឈ្នះក្រុមម្ចាស់ផ្ទះវិសាខា ១-០ ។ ជំនួប​ក្រោម​ដំណក់​ភ្លៀង​រលឹមពេញ ៩០នាទីនេះ ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាជាខ្លាំង តែមាន​គ្រាប់​បាល់​កើត​ឡើងតែ ១គ្រាប់ប៉ុណ្ណោះ ដែលធ្វើសម្រចដោយកីឡាករ Rodrigues Roldao Denilson តាំងពីនាទីទី១៨ ហើយក៏ជាគ្រាប់បាល់ជ័យឲ្យក្រុមភ្ញៀវភ្នំពេញក្រោន ទទួលបាន ៣ពិន្ទុ​ត្រឡប់ទៅផ្ទះវិញផងដែរ ។រីឯក្រុមនាគខៀវបឹងកេតវិញ បានយកឈ្នះក្រុមភ្ញៀវគិរីវង់សុខសែនជ័យ ២-០ នៅ​ពហុកីឡដ្ឋាន​ជាតិ​។ ២គ្រាប់របស់អតីតក្រុមជើងឯក ៤សម័យនេះ រកបានដោយកីឡាករ Yoshihama Ryohei​ នៅនាទី២៩ និងកីឡាករ វ៉ាន់ តៃឡាម៉ី នៅនាទី៤៨ ។ដោយឡែកការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី៥ ចំនួន ២គូទៀត គឺក្រុមណាហ្គាវើលដ៏ បាន​ត្រឹម​ស្មើ​ក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ១-១ និងក្រុមកងយោធពលខេមរភូមិន្ទ បាន​យក​ឈ្នះ​ក្រុម​ព្រៃវែង​អេហ្វស៊ី ៣-០ ។យោងតាមលទ្ធផលទាំង ៥ប្រកួតនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដឈរកំពូលតារាង ដោយ​រកបាន ១៥ពិន្ទុពេញ ក្នុងនាមក្រុមតែមួយគត់ ដែលមិនទាន់ស្គាល់ចាញ់ ឬស្មើ តាម​ពី​ក្រោយ​ដោយ​ក្រុមភ្នំពេញក្រោន ដែលរកបាន ១២ពិន្ទុ ខណៈបឹងកេត បានរំកិលមកឈរលេខ៣ មាន ១០ពិន្ទុ ។ រីឯក្រុមវិសាខា បានធ្លាក់មកឈរលេខ៤ ដោយរក្សា ៩ពិន្ទុក្នុងដៃ នាំមុខក្រុម​ព្រៃវែង និងកងយោធពលខេមរភូមិន្ទ ដែលមាន ៧ពិន្ទុស្មើគ្នា ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី៖ ពីអាណត្តិមុនមកដល់អាណត្តិថ្មីនេះ រដ្ឋចុះបញ្ជីក្បាលដីជូនពលរដ្ឋបានជាង ១០ លានក្បាលដី
07/29/2026 12:07 PM
សម្ដេចធិបតី៖ កម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាមូលដ្ឋាននៃជីវិត មិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ
07/29/2026 11:07 AM
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
07/29/2026 11:07 AM
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រជុំពិនិត្យសម្រេចលើរបៀបវារៈចំនួន៦ ដើម្បីបើកកិច្ចប្រជុំវិសាមញ្ញ
07/29/2026 11:07 AM
លទ្ធផលដំណើរទស្សនកិច្ច សម្តេចប្រធានរដ្ឋសភា នៅប្រទេសវៀតណាម នឹងនាំមកនូវផលប្រយោជន៍ជាច្រើនទៀតជូនប្រជាពលរដ្ឋទាំងសងខាង
07/29/2026 10:07 AM
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ធ្វើទស្សនកិច្ចក្រុមហ៊ុនViettel ដែលឈានមុខគេខាងបច្ចេកវិទ្យា និងទូរគមនាគមន៍ក្នុងប្រទេសវៀតណាម
07/29/2026 10:07 AM
អូម៉ង់ បង្ហាញអ៊ីរ៉ង់នូវផែនការគាំទ្រដោយរដ្ឋឈូងសមុទ្រសម្រាប់ការបង់ថ្លៃដោយស្ម័គ្រចិត្តនៅច្រកសមុទ្រ
07/29/2026 10:07 AM
[UPDATE] អ្នករស់រានមានជីវិតកើនឡើងដល់ ៤៨ នាក់ខណៈបន្តស្វែងរកអ្នកបាត់ខ្លួន ក្រោយនាវាវៀតណាមលិចនៅសមុទ្រចិនខាងត្បូង
07/29/2026 10:07 AM
[UPDATE] ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ និងទឹកជំនន់ដ៏គំហុកកើនឡើងដល់ជាង១០០នាក់នៅទូទាំងប្រទេសប៉ាគីស្ថាន
07/29/2026 10:07 AM
[UPDATE] ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅជប៉ុន កើនឡើងដល់ជាង១០នាក់ ខណៈក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួន
07/29/2026 10:07 AM