Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ការប្រកួត​ស៊ី​ហ្គេម​នឹង​លក់​សំបុត្រ​ចូលរួម​ទស្សនា​តាម​ប្រភេទ​កីឡា ខណៈ​ពិធី​បើក​បិទ​នឹង​លក់​មួយ​ចំនួន​ដែរ​

2023/02/24 04:35:54 pm        232
ស៊ីហ្គេម៖ មន្ត្រី​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​លើក​ឡើង​ថា​ មក​ដល់​ពេល​នេះ​ពិធី​បើកបិទ​ក៏ ដូចជា​ការប្រកួត​ប្រភេទ​កីឡា​នីមួយៗ​មិនទាន់​កំណត់​នៅឡើយ​ថា​ តើ​លក់​សំបុត្រ​ចូលរួម​ទស្សនា​ក្នុង​កម្រិត​ណា តែ​អាច​នឹង​លក់​តាម​ប្រភេទ​កីឡា​។ ​​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា ក្រោម​វត្តមាន​ឯកឧត្តម ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេមប្រាប់​ឱ្យដឹងថា សំបុត្រក្នុង​ពិធី​បើកបិទ​នឹង​ជជែក​គ្នា​បន្ថែមទៀត ហើយ​ទុកឱ្យ​ថ្នាក់ដឹកនាំ​ជា​សម្រេចចិត្ត តែ​យ៉ាងណា​នឹងមាន​លក់​ខ្លះ ខណៈពេល​នេះ​មាន​ប្រទេស​ជាច្រើន និង​ភ្នាក់ងារ​ទេសចរ​នានា​សុទ្ធតែ​សួរ​ពី​បញ្ហា​នេះ​។​ ​ឯកឧត្តម​អគ្គលេខាធិការ​បាន​បន្ត​ទៀតថា ចំពោះ​ការប្រកួត​កីឡានឹងត្រូវ​លក់​សំបុត្រ​តាម​ប្រភេទ​កីឡា​ដែលមាន​ប្រជាប្រិយ ដូចជា​បាល់ទាត់​(​បុរស​) បាល់ទះ គុន​ខ្មែរ និង​កីឡា​ដែល​ទទួលបាន​ការគាំទ្រ​មួយចំនួនទៀត ប៉ុន្តែ​អាច​លក់​តែ​ការប្រកួត​របស់​ក្រុម​កីឡាករ​ម្ចាស់ផ្ទះ​ប្រកួត​ជាមួយ​ប្រទេស​ផ្សេងៗ​តែប៉ុណ្ណោះ​។​ ​សូម​ជម្រាបជូន​ថា គណៈកម្មាធិការ​រៀបចំ​ការប្រកួត​ខាង​បច្ចេកទេស​ បាន​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមកីឡា​ថ្នាល និង​ក្រុមកីឡា​ជម្រើសជាតិ​ឈានទៅ​សម្រិតសម្រាំង​ ជ្រើសរើស​កីឡាករ​ជម្រើសជាតិ​សរុប ៩៣៨​នាក់ (​កីឡាការិនី ៣៤៦​នាក់​) និង​គ្រូបង្វឹក ១៧៦​នាក់ដែលមាន​គុណ​ផល​ខ្ពស់ និង​សីលធម៌​ល្អ ព្រមទាំង​អនុរក្ស​ចំនួន​ ៥២​នាក់ឱ្យ​ប្រកួត​ស៊ី​ហ្គេម ២០២៣ ខណៈ​ប៉ា​រ៉ា​ហ្គេមមាន​កីឡាករ-កីឡាការិនី ១៦៥​នាក់​ប្រកួត​លើ​ ១៣​ប្រភេទ​កីឡា ក្នុង​ជាង ​១០០​វិញ្ញាសា​​។ ស៊ី​ហ្គេម ២០២៣ ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​២៩ ខែមេសាដល់​ថ្ងៃទី​១៧ ខែឧសភា ខណៈ​ពិធី​បើក​ផ្លូវការ​ថ្ងៃទី៥ ខែឧសភា ឯ​អាស៊ាន​ប៉ា​រ៉ា​ហ្គេមដំណើរការ​ប្រកួតពីថ្ងៃ​ទី៣ ដល់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៣ ពោល​គិត​ត្រឹម​ថ្ងៃទី​២៣ ខែកុម្ភៈនេះអាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅសល់​ ១០០​ថ្ងៃ​គត់​៕​អត្ថបទ​៖ គង់ ហួន 

ក្រុមបាល់ទាត់​នារី​ព័រទុយហ្កាល់ និង​ហៃ​ទី​កក់​កៅអី World Cup លើកដំបូង​ ក្រោយឈ្នះគូប្រកួតរៀងៗខ្លួន

2023/02/23 10:06:40 pm        71
​បាល់ទាត់៖ ​ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​ព័រទុយហ្កាល់បាន​កក់​កៅអី​ នៅ​ព្រឹត្តិការណ៍​បាល់ទាត់​នារី​ជើងឯក​ពិភព​លោក FIFA Women’s World Cup ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ក្រោយ​យកឈ្នះ​ក្រុម​បាល់ទាត់​នារី​កា​មេ​រូ​ន ២-១ ក្នុង​វគ្គ Play-Off នៅ​លើ​ទឹកដី​នូ​វេ​ស៊ី​ឡង់​។ ​​ក្រោយ​វត្តមាន​របស់​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​កា​មេ​រូ​ន Samuel Eto’O ទៅ​ទស្សនា​ការប្រកួត​ផង​ដែរ​នោះ ព័រទុយហ្កាល់​បាន​បើក​ការ​នាំ​មុខ​មុន​នៅ​នាទី​ទី២២ ដោយ​កីឡា​ការិនី Kika Nazareth ស៊ុត​បាល់ Freekick បុក​របាទី និង​បន្ថែម​បញ្ចូល​ទី​បាន​សំរេច​ដោយ Diana Gomez​។​ ​ហៀបនឹង​ចប់​ការ​ប្រកួត​ទៅហើយ កា​មេ​រូ​ន​មានឱកាស​តាម​ស្មើ​វិញ​បានសម្រេច​ដោយ​កីឡាការិនី Ajara Nchout ផ្តល់​ក្តី​សង្ឃឹម​ឱ្យ​កា​មេ​រូ​ន និង​អូសបន្លាយ​ដល់​វគ្គ​បន្ថែម​ម៉ោង ១៥​នាទី​ពីរ​ដង​។ នៅ​ក្នុង​ម៉ោង​បន្ថែម​បាល់​ប៉ះ​ដៃ​របស់​ខ្សែ​ការពារ​កា​មេ​រូ​ន​កីឡា​ការិនី Etelle Johnson ឆែក​ឃើញ​ដោយ VAR ធ្វើ​ឱ្យ​អាជ្ញា​កណ្តាល​ផ្តល់​បាល់​ពិន័យ ១១​ម៉ែត្រ​ទៅ​ខាង​ព័រទុយហ្កាល់​។ ​Carole Costa គឺជា​អ្នក​សម្រេច​គ្រាប់​បាល់​ជ័យ​ជំនះ​ឱ្យ​ព័រទុយហ្កាល់​ឡើង​លេង​បាល់ទាត់​នារី​ជើងឯក​ពិភពលោក ២០២៣ ដោយ​ព័រទុយហ្កាល់​នឹង​ស្ថិតក្នុង​ពូ​ល E ជាមួយ​ហូ​ឡង់ វៀតណាម និង​ក្រុម​ការពារ​តំណែង​ជើងឯក​អាមេរិក​។ ​​ចំណែក​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ហៃ​ទីក៏បាន​បង្កើត​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ផងដែរ ​ក្រោយ​យកឈ្នះ​ក្រុម​នារី​ស៊ី​លី​នៅ​វគ្គ Play-Off ដោយ​លទ្ធផល ២-១ ដូចគ្នា​។ ​ហៃ​ទី​ដែល​មាន​ចំណាត់ថ្នាក់​ពិភព​លោក​លេខ ៥៥ នឹង​ស្ថិត​ក្នុង​ពូ​ល D នៅ World Cup ជាមួយ​អង់គ្លេស ដា​ណឺ​ម៉ាក និង​ចិន​។ World Cup នារី ២០២៣ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា​ដល់​ថ្ងៃទី​២០ ខែ​សីហា​រៀបចំ​នៅ​អូស្ត្រាលី និង​នូ​វេ​ស៊ី​ឡង់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Xavi ថា Barcelona នឹង​ជួប​ក្រុម Manchester United ល្អ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​

2023/02/23 09:32:31 pm        92
​បាល់ទាត់៖ ​Barcelona នឹងត្រូវ​ប្រឈម​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ដែល​ល្អ​បំផុត​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះនៅ​ជើង​ទី២ វគ្គ Play-Off Europa League រាត្រី​នេះ នេះ​ជាការ​លើកឡើង​របស់​អ្នកចាត់ការ Barcelona លោក Xavi Hernandez ក្នុង​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​។ ​​បន្ទាប់ពី​ការប្រកួត​ស្វិតស្វាញ​នៅ​ជើង​ទី១ ដែល​ក្រុម​ទាំងពីរ​ស្មើគ្នា ២-២ លោក Xavi Hernandez ដឹង​ច្បាស់​ថា ក្រុម​របស់លោក​ត្រូវ​រៀបចំ​ឱ្យ​ល្អ​បំផុត លេង​ល្អ​បំផុត​បើ​ចង់​ឆ្លងទៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​។​ ​​ការប្រកួត​ជើង​ទី១ ត្រូវបាន​គេ​មើលឃើញថា Manchester United ធ្វើបាន​ល្អ​ជាង ស្របពេល​ដែល​ជើង​ទី២ នេះ​ទៀត Barcelona និង​អវត្តមាន​កីឡាករ​សំខាន់​ពីរ Pedri និង Ousmane Dembele ដែលមាន​របួស និង Gavi ជាប់​ពិន័យ​។ ​​Barcelona មុន​ការប្រកួត​យប់​នេះពួកគេ​មិនទាន់​ចាញ់​នៅឡើយ​ក្នុង​ឆ្នាំ២០២៣ នេះ​ដោយ​កំពុង​នាំមុខ​ដាច់ ៨ពិន្ទុ​ពី​ក្រុម​លេខ២ Real Madrid នៅ La liga​។ ​​ចំណែក Manchester United គិត​មកដល់​ទៅ​ពេលនេះ​មិនទាន់​ចាញ់​នៅ ឡើយ ៨ប្រកួត​ចុងក្រោយ​គ្រប់​ក្របខណ្ឌ និង​កំពុង​ឈរ​លេខ៣ នៅ Premier League មាន ៤៩ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Arsenal ៥ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ronaldo ចូលរួម​ប្រារព្ធ​ពិធី​បុណ្យជាតិ​ថ្ងៃកំណើត​អារ៉ាប៊ីសាអ៊ូឌីត​

2023/02/23 06:53:32 pm        78
​បាល់ទាត់៖ ខ្សែប្រយុទ្ធ Cristiano Ronaldo របស់​ក្លឹប Al Nassr បាន​ចូលរួម​ជាមួយ​ពិធីបុណ្យ​ក្នុងស្រុក​ជាមួយ​ក្លឹប​ថ្មី​របស់ខ្លួន ខណៈដែល​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ប្រមូល​ផ្តុំគ្នា ​ដើម្បី​ប្រារព្ធ​បុណ្យជាតិ​ថ្ងៃកំណើត​នៃ​រដ្ឋ​អារ៉ាប៊ីសាអ៊ូឌីត​។ ​ដោយ​ស្លៀកពាក់​បែប​ប្រពៃណី ម្ចាស់​ជ័យលាភី Ballon d'Or ៥សម័យ និង​មិត្ត​រួម​ក្រុម Al Nassr រួម​ជាមួយនឹង​គ្រូបង្វឹក Rudi Garcia សុទ្ធ​តែមាន​វត្តមាន​ក្នុង​វីដេអូ​ដែល​ចែកចាយ ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​លី​គ​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League។​ ​ទិវា​មួយត្រូវបាន​ប្រារព្ធ​ឡើង ​ដើម្បី​រំលឹក​ដល់​ការបង្កើត​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត​ដំបូងបង្អស់ និង​រាជវង្ស Saud នៅ​ឆ្នាំ១៧២៧ ត្រូវបាន​ប្រកាស​ជា​ថ្ងៃបុណ្យ​ជាតិ​កាលពី​ឆ្នាំមុន​ដោយ​ស្តេច Salman bin Abdulaziz ដែល​បានចេញ​ព្រះរាជក្រឹត្យ​។​ ​ចាប់ពី​ថ្ងៃទី២២ ខែកុម្ភៈ​តទៅ ព្រឹត្តិការណ៍​វប្បធម៌ និង​សិល្បៈ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ទូទាំង​ព្រះរាជាណាចក្រ រួមទាំង​នៅ​កីឡដ្ឋាន Mrsool Park របស់ Al Nassr ផងដែរ​។​ Ronaldo បាន​ផ្លាស់​ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ខែមករា បន្ទាប់ពី​កិច្ចសន្យា​របស់ខ្លួន​ត្រូវបាន​បញ្ចប់​ដោយ Manchester United ហើយ​ចាប់តាំងពី​ពេល​នោះមកកីឡាករ​វ័យ ៣៨ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​បាន ៥គ្រាប់​ក្នុង ៤ប្រកួត ខណៈដែល Al Nassr ឈរ​នៅលើ​កំពូល​តារាង​លី​គ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Mahrez ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់​តែ Man City បាន​ត្រឹម​ស្មើ​នៅ​ទឹកដី Leipzig

2023/02/23 06:25:13 pm        73
​បាល់ទាត់៖ ​បន្ទាប់ពី​ក្រុម​អង់គ្លេស ៣ សុទ្ធតែ​ចាញ់​នៅ​ជើង​ទី១ វគ្គ ១៦ក្រម​ចុងក្រោយ UEFA Champions League ក្រុមអង់គ្លេស Manchester City ក៏​មិនអាច​រកបាន​ជ័យជំនះ​ពី​ជើង​ទី១ របស់ខ្លួន​ដែរ​ក្រោយ​ស្មើ​នៅ​ទឹកដី​អាល្លឺម៉ង់​របស់ RB Leipzig ១-១​។ ​​ក្រុម​របស់លោក Pep Guardiola ជា​ក្រុម​មានប្រៀប​សឹងតែ​លេង​ពាក់កណ្តាល​តារាង​ទៅហើយ ហើយក៏​រកបាន​គ្រាប់​នាំមុខ​នៅ​នាទី​ទី២៧ ដោយ Riyad Mahrez​។ ​​តែ​នៅ​វគ្គ​ទី២ ក៏បាន​កែប្រែ និង​មាន​សាច់​បាល់​លេង​មកវិញ និង​រកបាន​គ្រាប់​តាម​ស្មើ​បានសំរេច​នៅ​នាទី​ទី៧០ ដែល​ការ​តែ​ត​បញ្ចូល​ទី​របស់ Josko Gvardiol​។ ​​Manchester City កំពុង​ប៉ុន​ប៉ង​ដណ្តើមពាន UCL លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ តែ​ត្រូវ​រង់ចាំ​ការប្រកួត​នៅ​ជើ​ងទី២ ត្រលប់មក​ទឹកដី Etihad វិញ​នៅ​ថ្ងៃទី១៤ ខែមីនា​ខាងមុខ​។ ​​ងាក​ទៅ​ការប្រកួត​មួយគូ​ទៀត Inter Milan រកបាន​ជ័យជំនះ​ក្នុង​ទឹកដី​របស់ខ្លួន ១-០ ទៅលើ​ក្រុម​ភ្ញៀវ​ព័រទុយហ្កាល់ FC Porto​។​ ​​គ្រាប់​ជ័យជំនះ​របស់ Inter Milan សម្រេចបាន​ដោយ​កីឡាករ​បម្រុង Romelu Lukaku នៅ​នាទី​ទី៨៦ ទៅហើយ ខណៈ Porto សល់​គ្នា​តែ ១០នាក់ត្រឹម​នាទី​ទី៧៨ នៅពេល Otavio ទទួលបាន​កាត​លឿង​ទី២​។ ​ជើង​ទី២ នឹង​ត្រលប់​ទៅ​ទឹកដី Porto វិញ​នៅ​ថ្ងៃទី១៤ ខែមីនា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រោយ​បរាជ័យ​ដំបូង​នៃ​ជំនួប​មិត្តភាព ក្រុម​បាល់ទះ​កម្ពុជា​សិក្សា​រក​ចំណុច​ខ្វះខាត​ទើប​អាច​មាន​ជ័យជំនះ​លើ​ក្រុម U19 បារាំង​វិញ

2023/02/23 06:01:11 pm        199
​បាល់ទះ៖ ​ក្រុមបាល់ទះជម្រើសជាតិ​កម្ពុជាបាន​កែប្រែ​បរាជ័យ​ដំបូង​នៃ​ជំនួប​មិត្តភាព និង​បាន​យកឈ្នះ​ការប្រកួត​ទី​២ ទៅលើ​ក្រុម​បាល់ទះ​ជម្រើសជាតិ​បារាំង​អាយុ​ក្រោម ១៩​ឆ្នាំ​ដោយ​លទ្ធផល ៣-១ ល្ងាច​ថ្ងៃទី​២២ កុម្ភៈ​ម្សិលមិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រកួត​នេះ​បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ហើយក៏​មានការ​អញ្ជើញ​ចូលរួម​ទស្សនា​ពី​មន្ដ្រី​ទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា​ផងដែរ។​ ​ជំនួប​មិត្តភាព​អន្ដរជាតិ​ជាមួយ​ក្រុមយុវជន​បារាំង ដែលជា​ប្រទេស​មហាអំណាច​បាល់ទះ​មួយលើ​ពិភពលោក​នេះ បាន​ផ្ទុះ​ការចាប់អារម្មណ៍​ជាខ្លាំង​ពី​អ្នកគាំទ្រដែលមាន​ទស្សនា​ផ្ទាល់​ប្រមាណ ៥​ពាន់​នាក់​។ ​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​ឲ្យដឹងថា បរាជ័យ ៣សិត​ផ្ទួន​កាលពី​ថ្ងៃទី១៩ ក្រោម​ស្នាដៃ​ក្រុម U19 បារាំង ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​បាន​សិក្សាស្វែងយល់​ពី​ចំណុចខ្សោយ​របស់ខ្លួន និង​ចំនុចខ្លាំង​របស់​បារាំង​ទើប​ឈានដល់​ការទទួលបាន​ជ័យជំនះ​បែបនេះ​។ ​ចំណែក​គ្រូបង្វឹក​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​លោក Li Jun ក៏បាន​បញ្ជាក់ថា ការប្រកួត​មិត្តភាព​ទី២ នេះ​ក្រុម​របស់លោក​មាន​ភាពជឿ​ជាក់ និង​ស្មារតី​ល្អ​ជាង​ការប្រកួត​ទី១ និង​មានការ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​មួយចំនួន​។ ​សូមបញ្ជាក់ថា វត្តមាន​របស់​ក្រុមយុវជននៃ​ប្រទេស​មហាអំណាច​វិស័យ​បាល់ទះ​ពិភពលោក​នេះ ត្រូវបាន​ចាត់ទុក​ជា​សញ្ញាណ​ដ៏​ល្អ សម្រាប់​វិស័យ​បាល់ទះ​កម្ពុជា ដើម្បី​បង្ហាញ​ពី​សក្ដានុពល​របស់ខ្លួន​លើ​ឆាក​អន្ដរជាតិ បន្ទាប់ពី​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជាបាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ ​ឈ្នះ​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​លើកដំបូង និង​ជាការ​កំដៅ​សាច់ដុំ​មួយ​ត្រៀមលក្ខណៈ​ដណ្តើមយក​មេ​ដាយ​ជូន​ជាតិ ​នៅពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី៣២ នៅ​ខែឧសភា​ខាងមុខនេះ​៕​អត្ថបទ​៖ នាង​សុភា​វុ​ធ

ក្រុម​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន​ការលើកទឹកចិត្ត ដើម្បី​ត្រៀម​ប្រជែង​មេដាយ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣

2023/02/23 05:23:55 pm        95
​ស៊ីហ្គេម៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បានរៀបចំ​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោកាលពី​ល្ងាច​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ ដែល​បង្ហាញ​ការយកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ដល់​ក្រុម​ជម្រើសជាតិ ដើម្បី​ត្រៀម​ប្រជែង​មេដាយក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនា​ខែឧសភា និង​ខែមិថុនា ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​ ​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បានបង្ហាញ​ការវាយតម្លៃ​ខ្ពស់​ ចំពោះ​កិច្ចសហការ​របស់​ក្រសួង​អប់រំ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិដែល​កំពុង​យកចិត្តទុកដាក់​ ដល់​ការបោះ​ជំរំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ដើម្បី​ត្រៀម​ឆ្ពោះទៅ​ប្រកួតប្រជែង​មេដាយស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​ក្នុងនាម​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​អគ្គនាយក​បាន​កោតសរសើ​រ​ចំពោះ​ការលះបង់​ពុះពារ​ការលំបាក យក​អស់​ស្មារតី​ខិតខំ​ហ្វឹកហាត់ក្នុងការ​បង្កើន​គុណ​ផល​របស់​កីឡាករ កីឡាការិនី គ្រូបង្វឹក អនុរក្ស ដើម្បី​ត្រៀម​ប្រកួត​ដណ្តើម​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។ ជាមួយគ្នានេះ ឯកឧត្តម​អគ្គនាយក​កីឡា​ក៏​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ គណៈកម្មាធិការ​ជាតិ CAMSOC ដែលមាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជា​ប្រធាន និង​ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC តែង​តែ​ឧបត្ថម្ភ​គាំទ្រ និង​ផ្តល់​ការលើកទឹកចិត្ត​គ្រប់បែបយ៉ាង ​ដល់​ការហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ ដើម្បី​ឆ្ពោះទៅ​សម្រេច​ភាពជោគជ័យក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ ក្រោយ​កម្ពុជា​រង់ចាំ ​៦៤​ឆ្នាំ​។​ ​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​បញ្ជាក់ថា ការរៀបចំ​ប្រមូលផ្តុំ​ក្រុមកីឡា​ជម្រើសជាតិត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ ដោយ​ឆ្នាំ​២០២១-២០២៣​ នេះ ក្រសួង​បាន​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមកីឡា​ថ្នាល និង​ក្រុមកីឡា​ជម្រើសជាតិ​ឈានទៅ​សម្រិតសម្រាំង​ ជ្រើសរើស​កីឡាករ​ជម្រើសជាតិ​សរុប ៩៣៨​នាក់ (​កីឡាការិនី ៣៤៦​នាក់​) និង​គ្រូបង្វឹក ១៧៦​នាក់ដែលមាន​គុណ​ផល​ខ្ពស់ និង​សីលធម៌​ល្អ ព្រមទាំង​អនុរក្ស​ចំនួន ​៥២​នាក់​។​ ​លោក​បញ្ជាក់ថា ក្រុម​ជម្រើសជាតិ​ត្រូវបាន​រៀបចំ​ឱ្យមាន​ការហាត់​ហ្វឹកហ្វឺនក្នុងប្រទេស ​ដូចជានៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោមាន ​៩​ប្រភេទ​កីឡា ១៦២​វិញ្ញាសា កីឡាករ កីឡា​កា​វិ​នី​សរុប ១៦១នាក់ គ្រូបង្វឹក ៣១​នាក់ និង​អនុរក្ស ០៨ នាក់​, នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិកមាន ​១៧​ប្រភេទ​កីឡា មាន ២៣០​វិញ្ញាសា កីឡាករ កីឡាការិនី​សរុប ៣០៩​នាក់ គ្រូបង្វឹក ៦២​នាក់ និង​អនុរក្ស ១៧​នាក់ និង​នៅតាម​សហព័ន្ធ​កីឡា​ជាតិមាន ​១៤​ប្រភេទ​កីឡា មាន​១៨៦​វិញ្ញាសា កីឡាករ កីឡាការិនី​សរុប ២៨៣​នាក់ គ្រូបង្វឹក ៦២​នាក់ និង​អនុរក្ស ១៤​នាក់​​។​ ​ចំពោះ​ការហាត់​ហ្វឹកហ្វឺន​ក្រៅប្រទេសមាន​កីឡាករ កីឡាការិនី​សរុប ២២៦​នាក់ត្រូវបាន​បញ្ជូន​ឱ្យធ្វើ​ការហាត់​ហ្វឹកហ្វឺន​នៅក្រៅ​ប្រទេស ដូចជា​៖ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិនមាន ​១២​ប្រភេទ​កីឡា មាន ​៧៨​វិញ្ញាសា កីឡាករ កីឡា​កា​វិ​នី​សរុប ១៤១​នាក់ និង​គ្រូបង្វឹក​ចំនួន ១៣​នាក់ ហាត់​ហ្វឹកហ្វឺន​រយៈពេល ០៤​ខែ​។ នៅ​សហរដ្ឋអាមេរិកមាន ​៦​ប្រភេទ​កីឡា​ជី​ជី​តស៊ូ តេ​ក្វាន់​ដូ WT បាល់បោះ ហែល​ទឹក​វាយ កូន​បាល់ និង​វាយ​កូនឃ្លី​លើ​តុមាន ​១៣​វិញ្ញាសា កីឡាករ កីឡាការិនី​សរុប ២៦​នាក់ និង​គ្រូបង្វឹក ០៤​នាក់ហាត់​ហ្វឹកហ្វឺន​រយៈពេល​៤​ខែ​។ នៅ​ប្រទេស​បារាំងមាន ២​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ WT និង​ទ្រី​យ៉ា​ត្លុងមាន ​៣​វិញ្ញាសា កីឡាករ​សរុប ៣​នាក់ហាត់​ហ្វឹក​ហ្វឺន​រយៈពេល ៤​ខែ​, និង​នៅ​បណ្តា​ប្រទេស​អាស៊ីរួមមានប្រទេស​វៀតណាម ថៃ មី​យ៉ាន់​ម៉ា ​អ៊ូ​បេគី​ស្ថាន ​កាណាដា និងកូរ៉េខាងត្បូង​ជាដើម ដោយមាន ​៦៤​វិញ្ញាសា កីឡាករ​ កីឡា​កា​វិ​នី​សរុប ៨៧​នាក់ ​និង​គ្រូបង្វឹក ​១៤​នាក់ហាត់​ហ្វឹកហ្វឺន​រយៈពេល​ ៤​ខែ​។​ ​ដោយឡែក​ការហាត់​ហ្វឹកហ្វឺន​ក្រុមកីឡា​ជម្រើស​ជនពិការ​ជាតិ សម្រាប់​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ក្នុងការ​ជ្រើសរើស​កីឡាករ កីឡាការិនី​ជនពិការ និង​ប្រមូលផ្តុំ​ហាត់​ហ្វឹកហ្វឺន​រយៈពេល​ ៥​ខែចាប់ពី​ខែមករារហូតដល់​ខែឧសភា មាន​ចំនួន ១៣​ប្រភេទ​កីឡា មាន ​១០១​វិញ្ញាសា កីឡាករ​ កីឡាការិនី​សរុប ១៦៥​នាក់ គ្រូបង្វឹក ៣១​នាក់ និង​អនុរក្ស ១៦​នាក់ និង​ត្រូវ​បានរៀបចំ​ឱ្យ​ហាត់​ហ្វឹកហ្វឺន​នៅ​មជ្ឈមណ្ឌល​ជាតិ​​ជនពិការ​តេ​ជោ​សែន​៕

អត្ត​ព​លិ​កមាន​ពិការភាព​កីឡាហែលទឹក​សម្រុក​ហ្វឹកហាត់ ​និង​ប្ដេជ្ញា​ដណ្ដើមយក​មេដាយ​មាស

2023/02/23 04:41:16 pm        84
ហែលទឹក៖ ក្រុម​អត្ត​ព​លិ​កមាន​ពិការភាពក្នុង​ប្រភេទ​កីឡាហែលទឹក បច្ចុប្បន្នកំពុង​សម្រុក​ហ្វឹកហាត់​ជាខ្លាំង ដើម្បី​ដណ្ដើមយក​មេដាយមាសក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ខាងមុខ​។ ជាក់ស្ដែង​ការហ្វឹកហាត់​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ចន្ទដល់​ព្រឹក​ថ្ងៃ​សៅរ៍ ដោយ​មួយថ្ងៃៗ​ពួកគេ​ត្រូវ​ហាត់​ហែល​មិន​ក្រោម ៦០០០​ម៉ែត្រ​ក្នុង​មួយថ្ងៃ​នោះទេ​។ ​យុវជន​ពីររូបដែលជា​អត្ត​ព​លិ​ក​ធ្លាប់​ទទួលបាន​មេដាយមាស មេដាយប្រាក់ និង​សំរឹទ្ធ​ក្នុងការ​ចេញទៅ​ប្រកួត​ក្រៅប្រទេសបានបង្ហាញ​នូវ​ជំនឿ​ចិត្ត ​និង​ការប្ដេជ្ញា​ខ្ពស់​ក្នុង​ការដណ្ដើម​មេដាយ​ជូន​ជាតិ​។ ​ពាក់ព័ន្ធ​នឹង​កីឡាហែលទឹក​ជន​មាន​ពិការភាព​នេះ កញ្ញា ហែម​ថុ​ន វិ​ទិ​នី ជា​គ្រូបង្វឹក​បានកត់សម្គាល់​ និង​ជឿជាក់​លើ​សមត្ថភាព​រប​ស់​អត្ត​ព​លិ​ក​កម្ពុជា​ផងដែរ​។ កញ្ញា​បញ្ជាក់ថា បច្ចុប្បន្ន​អត្ត​ព​លិ​ក​ទាំងអស់​ខំប្រឹង​ហ្វឹកហាត់​ជាខ្លាំង និង​មាន​ពេលវេលា​ច្រើន​ក្នុងការ​ហ្វឹកហាត់ បើ​ធៀប​នឹង​ការ​ចេញទៅ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំមុន​។ កញ្ញា​បន្តថា ការហ្វឹកហាត់​ឆ្នាំមុន​របស់​អត្ត​ព​លិ​ក​កម្ពុជា​គឺមាន​ពេល​ខ្លី​ប៉ុណ្ណោះ តែ​នៅ​អាច​ដណ្ដើមបាន​មេដាយ​។ ​កីឡាហែលទឹក​ជនពិកា​រជា​ប្រភេទ​កីឡា​ដែលមាន​សក្ដានុពល​មួយ​សម្រាប់​កម្ពុជា​។ កន្លងមក​កីឡាហែលទឹក​ជនពិការតែង​ទទួលបាន​មេដាយ​ត្រឡប់មកវិញ​ជូន​ជាតិ​។ នេះ​ជាការ​បញ្ជាក់​របស់​ឯក​ឧ​ត្ត​ម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។ ឯកឧត្តម​ដាក់​ក្ដីសង្ឃឹម​ខ្ពស់ និង​ទស្ស​ទាយ​ថា អត្ត​ព​លិ​កមាន​ពិការភាព​កម្ពុជាក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នេះ នឹង​អាច​ដណ្ដើមបាន​មេដាយ​យ៉ាងហោចណាស់​ក៏ ៥៦​គ្រឿង​ដែរ​៕​អត្ថបទ​៖ គឹម​ហុក

ក្រុម​កីឡាករ​ទ្រី​យ៉ា​ថ្លុ​ង​ជម្រើសជាតិ​កម្ពុជា​កំពុង​ហ្វឹកហាត់​យ៉ាងខ្លាំង ​ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​

2023/02/23 04:12:26 pm        67
​ទ្រី​យ៉ា​ថ្លុ​ង៖ គ្រូបង្វឹក​កីឡាករ​ទ្រី​យ៉ា​ថ្លុ​ង​ជម្រើសជាតិ​កម្ពុជាបញ្ជាក់ថា ​កម្ពុ​ជាមាន​កីឡាករ-កីឡាការិនី​ទ្រី​យ៉ា​ថ្លុ​ង ​១៦រូប​កំពុងធ្វើការ​ហ្វឹកហាត់​យ៉ាងខ្លាំង ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ខាងមុខនេះ​។ តាម​សន្ទុះ​នៃ​ការហ្វឹកហាត់ និង​ការតាំង​ចិត្ត​ខិតខំ​របស់​កីឡាករ កម្ពុជា​រំពឹងថា​នឹង​អាច​ទទួលបាន​មេដាយមាស​យ៉ាង​ហោច ១គ្រឿង​ដែរ ខណៈដែល​ក្រុម​កីឡាករ​ថា ​នឹង​បង្កើន​ការហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង​ឡើងៗ​។​លោកស្រី សូ រ៉ា​ន់​ដេ​ត ​គ្រូបង្វឹក​ក្រុម​កីឡាករ​ទ្រី​យ៉ា​ថ្លុ​ង​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​ហ្វឹកហាត់​សិស្ស​នៅ​ខេត្ត​កែបបាន​ប្រាប់​ឲ្យ​ដឹងថា កម្ពុ​ជាមាន​កីឡាករ​សរុប​ ១៦រូប​ដែល​កំពុងធ្វើការ​ហ្វឹកហាត់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ហើយ​កីឡា​ទ្រី​យ៉ា​ថ្លុ​ង​ដែល​ខេត្ត​កែប​ធ្វើជា​ម្ចាស់ផ្ទះ​នេះមាន​វិញ្ញាសា​សរុប​ ៧​វិញ្ញាសា​។ ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជាសុទ្ធសឹងតែ​ជា​កីឡាករ និង​កីឡាការិនី​មានបទពិសោធន៍ និង​មាន​ប្រវត្តិ​ការប្រកួត​ល្អ​ទាំង​នៅក្នុង និង​ក្រៅប្រទេស​នោះ​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ការប្រកួត​ស៊ី​ហ្គេម​ខាងមុខនេះ ពួកគេបាននឹង​កំពុង​បង្កើន​ការហ្វឹកហាត់​យ៉ាងខ្លាំង ក្នុង​បំណង​ដណ្តើមយក​មេដាយ​ជូន​ជាតិ​ឲ្យ​បាន។​​តាម​ការបញ្ជាក់​របស់​កីឡាករ ខេត្ត​កែប​ពិតជា​អំណោយផល​ល្អ​ក្នុង​ការជួយ​បង្កើន​សមត្ថភាព និង​ថាមពល​ដល់កីឡាករ កែប​មាន​ឆ្នេរ មាន​ភ្នំ មាន​ផ្លូវ​ល្អ​សម្រាប់​ការហ្វឹកហាត់​ងាយស្រួល​បរិយាកាស​ល្អ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ក្រុម​កីឡាករ​ស្នើសុំ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ជាពិសេស​ពេល​ឃើញ​ក្រុម​កីឡាករ​ហ្វឹកហាត់​ជិះ​កង់ សូមជួយ​ចៀស និង​មើល​សត្វ​ចិញ្ចឹម​ផ្សេងៗ​ពិសេស​ឆ្កែកុំ​ឲ្យ​រត់​កាត់​ផ្លូវ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​កីឡាករ​៕

តុលាការ​ច្រាល​ចោល​សំណើសុំ​នៅក្រៅ​ឃុំ​របស់ Dani Alves ស្របពេល​ការស៊ើបអង្កេត​នៅតែ​បន្ត​

2023/02/22 10:01:37 pm        127
​បាល់ទាត់៖ តុលាការ​អេ​ស្ប៉ា​ញ​បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គារ ​ទី២១ ខែកុម្ភៈ​ថា ចៅក្រម​អេ​ស្ប៉ា​ញ​បាន​ច្រានចោល​សំណើ​របស់​កីឡាករ​បាល់ទាត់​ប្រេ​ស៊ី​ល Dani Alves ក្នុងការ​នៅក្រៅ​ឃុំ ហើយ​បាន​បញ្ជា​ឱ្យ​គាត់​បន្ត​នៅក្នុង​ពន្ធនាគារ​បណ្តោះអាសន្ន ខណៈដែល​ការស៊ើបអង្កេត​លើ​ការចោទប្រកាន់​ពីបទ​រំលោភបំពាន​ផ្លូវភេទ​នៅក្នុង​ក្លឹប​រាត្រី Barcelona នៅតែ​បន្ត​។ ​​បុរស​វ័យ ៣៩ឆ្នាំ​រូបនេះ​បាន​បដិសេធថា​មិនបាន​ប្រព្រឹត្ត​ខុស​នោះទេ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​នៅ​ថ្ងៃទី​២០ ខែមករា ក្រោយពី​ប៉ូលិស​ក្នុង​តំបន់​បាន​ចាប់ខ្លួន​ទៅ​សាកសួរ​។​ ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​កាលពី​ដើមខែ​នេះ ហើយ​សំណុំ​រឿងនេះ​នៅតែ​បើកចំហ​ជុំវិញ​បទល្មើស​រំលោភ​ផ្លូវភេទ​។ Alves លេង​ឱ្យ Barcelona ពី​ឆ្នាំ​២០០៨​-២០១៦ ហើយ​បាន​ត្រលប់​ទៅ​ក្រុម La Liga មួយរយៈ​ពេល​ខ្លី​សម្រាប់​រដូវ​កាល ២០២១-២០២២។ Dani Alves បាន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​តាំងពី​ឆ្នាំ២០០៦ ដោយបាន​បង្ហាញខ្លួន ១២៦ដង និង​ស៊ុត​បញ្ចូល​ទី​បាន ៨​គ្រាប់​។ ​ក្លឹប​បាល់ទាត់​ម៉ិ​ក​ស៊ិ​ក Pumas UNAM បានបញ្ចប់​កិច្ចសន្យា​របស់ Dani Alves ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីលីបង់ ចាត់ទុកការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលថា ជាការរំលោភយ៉ាងជាក់ស្តែងលើអធិបតេយ្យភាព
08/01/2026 10:08 AM
អ៊ីរ៉ង់ ព្រមានថាការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិក ប្រឈមនឹងការរំខានដល់ថាមពលសកល
08/01/2026 10:08 AM
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
08/01/2026 10:08 AM
មន្ត្រីក្រុមហាម៉ាស៖ អ៊ីស្រាអែលត្រូវតែអនុម័តកិច្ចព្រមព្រៀងរបស់លោក Trump មុនពេលដែលក្រុមហាម៉ាសអនុវត្ត
08/01/2026 10:08 AM
ជនភៀសខ្លួនមកពីម៉ារ៉ុក ត្អូញត្អែរពីភាពអត់ឃ្លាននិងអំពើហិង្សានៅដែនដីអេស្ប៉ាញ បន្ទាប់ពីប្រញាប់ប្រញាល់ឆ្លងព្រំដែន
08/01/2026 10:08 AM
អេស្ប៉ាញ៖ ជនអន្តោប្រវេសន៍កំពុងវិលត្រឡប់ចេញពីដែនដី Ceuta បន្ទាប់ពីមនុស្សជិត៦០នាក់បានស្លាប់
08/01/2026 10:08 AM
សមត្ថកិច្ចកម្ពុជាបានរកឃើញនារីជនជាតិសិង្ហបុរីនៅភ្នំពេញ ដោយមិនមានការចាប់បង្ខាំង ឬចាប់ជំរិតនោះទេ
08/01/2026 09:08 AM
[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM