Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ជើងឯក​តុង​ហ្គី​ល​ម៉ូ​ដូ​ថ្នាក់ជាតិ​បញ្ចប់​ដោយ​ជោគជ័យ ខណៈ​ក្លិប​បាក់​ទូក​ឈ្នះ​មេដាយ​ច្រើនជាងគេ​

2023/02/21 07:36:18 pm        74
​តុង​ហ្គី​ល​ម៉ូ​ដូ​៖ ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០២២ បានបញ្ចប់​ជោគជ័យ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ៤​ថ្ងៃ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយ​ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​បាក់​ទូក​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ។​ ​ពិធី​បិទ​ការប្រកួត​នេះ​បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម​បណ្ឌិត ជ័យ ចាប ប្រធាន​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា និង​ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​លោក ប៊ើ​ណាត​ដឹ​ណូ ជីវី​ឡា​គេ​ន​តេ ប្រធាន​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​ផង​ដែរ។​ លោក ប៉ែន សម្បត្តិ អគ្គលេខាធិការ​បាន​បញ្ជាក់​ថា ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២២ ដែល​លើក​មក​រៀបចំ​ក្នុង​ឆ្នាំ​២០២៣ នេះ​គឺមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៣៥​នាក់​មកពី ១៧​ក្លិប ៤រាជធានី​ខេត្ត ដែល​ធ្វើការ​ប្រកួត​នៅ​ទីលាន​ FFWPU-Cambodia។ ​​ជា​លទ្ធផល​បច្ចេកទេស​ការប្រកួត​រយៈពេល ៤​ថ្ងៃគឺ​ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​បាក់​ទូក​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ​សរុប ៨​គ្រឿង (​មាស ៥ ប្រាក់ ១ និង​សំរឹទ្ធ ២) ខណៈ​ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​នាគរាជ​ចតុមុខ ​ឈរ​លេខ​២ ឈ្នះ​មេដាយ​សរុប ១១​គ្រឿង (​មាស ៤ ប្រាក់ ៤ និង​សំរឹទ្ធ ៣) និង​ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូវិទ្យាល័យ​ព្រះរាជ​សម្ភារ ឈរ​លេខ​៣ ឈ្នះ​មេដាយ​សរុប ៤​គ្រឿង (​មាស ៣ និង​ប្រាក់ ១)។​ ​ឯកឧត្តម​បណ្ឌិត ជ័យ ចាប បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ ហើយ​ឯកឧត្តម​បាន​ជំរុញ​ឲ្យ​កីឡាករ​-​កីឡា​ការិនី​ទាំងអស់ ទាំង​អ្នក​ទទួល​បាន​ជយលាភី និង​ពុំ​ទទួល​បាន​ជយលាភី​ត្រូវ​បន្ដ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កីឡា​នេះ ហើយ​ឈាន​ទៅ​ប្រកួតប្រជែង និង​ដណ្ដើម​មេដាយ​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា ស្របតាម​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន៕​អត្ថបទ៖ លី ឈុន​ឡា

គុន​ខ្មែរ​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​កម្រិត​បឋម​លើកដំបូង​

2023/02/21 06:41:02 pm        94
​គុន​ខ្មែរ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រមប្រដាល់​គុន​ខ្មែរកម្រិត​បឋមឆ្នាំ​២០២៣ លើកដំបូង ដើម្បី​កសាង​ធនធាន​មន្ដ្រី​បច្ចេកទេស ហើយ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ក្បាច់គុន​បុរាណ​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន។ ​​ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបាន​បញ្ជាក់ថា នេះ​ជា​លើកដំបូង​ហើយដែល​សហព័ន្ធ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​ប​ឋ​ម​នេះ​ឡើង ដោយ​កៀរគរ​អតីត​កីឡា​ករចាស់ៗ និង​មន្ដ្រី​បច្ចេកទេស​វ័យក្មេងចូលរួម​វគ្គ​ដ៏​មាន​សារៈសំខាន់​នេះ សម្រាប់​បន្ដវេន​ពី​មន្ដ្រី​បច្ចេកទេស​ចាស់ៗ។​ ​ប្រធាន​សហព័ន្ធ​ដដែលបាន​លើកឡើងថា មន្ដ្រី​បច្ចេកទេស ទាំង​អាជ្ញាកណ្ដាល និង​ចៅក្រមមាន​តួនាទី​សំខាន់​ណាស់ក្នុង​វិស័យ​កីឡា​នីមួយៗ ពិសេស​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ស្របពេល​វិស័យ​កីឡា​មួយ​នេះរីកចម្រើន មានកម្ម​វិធី​ប្រកួត​ច្រើន ក៏​ទាមទារ​ឲ្យ​មាន​មន្ដ្រី​បច្ចេកទេស​ច្រើន ដើម្បី​ចូលរួម​បម្រើ​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ។​ ​តាមរយៈ​នេះ ឯកឧត្តម​សង្ឃឹមថា រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែកុម្ភៈ​នេះ សិក្ខាកាម​ចូលរួម​ទាំងអស់ នឹង​ខិតខំ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​ក្បួនច្បាប់ និង​បទបញ្ជា​ការប្រកួត​នានា​របស់​ប្រដាល់​គុន​ខ្មែរ ដើម្បី​ក្លាយជា​ធនធាន​បន្ដវេន​ប្រកបដោយ​គុណ​ផល​ខ្ពស់ ហើយ​អាច​ឈានទៅ​ចូលរួម​កាត់សេចក្ដី​លើ​ឆាក​អន្ដរជាតិ​នា​ថ្ងៃ​អនាគត​ទៀតផង៕​អត្ថបទ៖ លី ឈុន​ឡា

CAMSOC ​ទទួលបាន​ដៃគូ ២​បន្ថែម​ដើម្បី​គាំទ្រ​ការរៀបចំ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​២០២៣

2023/02/21 06:09:10 pm        624
​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ (CAMSOC-CAMAPGOC) ​បានទទួល​ដៃគូ​ឧបត្ថម្ភ​គាំទ្រ​ពី​វិស័យ​ឯកជន​ចំនួន ២ទៀតហើយដែល​បាន​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​ច​ល​នូ​ប​ត្ថ​ម្ភ​ផ្ដាច់មុខ​លើ​ផលិត​របស់ខ្លួនក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ កាលពី​ចុង​សប្ដាហ៍​កន្លងទៅគឺ​ក្រុមហ៊ុន​វឌ្ឍនៈ​ប្រ៊ូ​វើ​រី និង​ក្រុមហ៊ុន​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​និង​ CAMAPGOC ​បាន​បញ្ជាក់ថា ការឧបត្ថម្ភ​នេះពិតជា​មានគុណ​តម្លៃ​សម្រាប់​កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ ដើម្បី​ឆ្លើយតប​តម្រូវការ​អ្នកលេង​កីឡា​កម្រិត​ខ្ពស់។ បន្ថែម​លើ​ភាពជា​ដៃគូ​នេះដែរ ក្រុមហ៊ុន​វឌ្ឍនៈក៏បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ច្រើន​ដល់​អ​ត្ដព​លិ​ក​កម្ពុជា ដោយ​នឹងមាន​ការរៀបចំ​កម្មវិធី​ជប់លាង​ជូន​អ្នក​ដណ្ដើមបាន​មេដាយ​ជូន​ជាតិ​ទៀតផង។​ ​​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បន្ថែមថា ការស្វែងរក​ដៃគូ​ឯកជនគឺជា​គោលការណ៍​រៀបចំ​ព្រឹត្តិការណ៍​កីឡា ដោយ​ទាមទារ​ការចូលរួម​គ្រ​ប់​ផ្នែក​ទាំងអស់ ទាំង​ប្រជាពលរដ្ឋ វិស័យ​ជន​ជន​ជាដើម ដើម្បី​រួបរួមគ្នា​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​កីឡា​ទាំងមូល​កាន់តែ​ល្អប្រសើរ ជាក់ស្ដែង​មកទល់ពេលនេះគឺមាន​ក្រុមហ៊ុន​ចំនួន ៦ ហើយដែល​បាន​ចុះហត្ថលេខា​ចូលរួម​ឧបត្ថម្ភ​គាំទ្រ ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ ហើយ​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀតកំពុង​សិក្សា​លក្ខខណ្ឌ​ច្បាប់ ដើម្បី​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដូចគ្នា៕​អត្ថបទ លី ឈុន​ឡា

ប្រធាន​ក្លិប Liverpool ច្រានចោល​ពី​ការប្រកាស​លក់​ក្លិប

2023/02/21 05:55:27 pm        82
​បាល់ទាត់៖ ​ប្រធាន​ក្លិប Liverpool សញ្ជាតិ​អាមេរិក​លោក John Henry បាន​និយាយថា មិនមាន​គំរោង​ណាមួយ​ក្នុង​ការលក់​ក្លិប​នៅ Premier League មួយ​នេះ​ទេ​។​ ​​ការលើកឡើង​នេះ​គឺ​ផ្ទុយ​ពីអ្វី​ដែល​លោក​បាន​និយាយ​កាលពី​ខែវិច្ឆិកា ​ឆ្នាំ២០២២ កន្លង​ទៅដោយ​ក្រុមហ៊ុន Fenway Sports Group (FSG) ដែល​បាន​ទិញយក​ភាគហ៊ុន​ធំ​របស់​ហង្ស​ក្រហម Liverpool មក​គ្រប់គ្រង​កាលពី​ឆ្នាំ២០១០ ក្នុងតម្លៃ ៣០០លាន​ផោនបាន​និយាយ​កាលពី​បី​ខែ​មុន​ថា ក្លិប​នឹង​ពិចារណា​រក​ដៃគូ​វិនិយោគ​ថ្មី​ប្រសិន Liverpool ស្ថិតក្នុង​ការចាប់អារម្មណ៍​ខ្លាំង​។ ​​យ៉ាងណាក្តី​ក្រោយពី​ការលើកឡើង​បែបនេះ​កាលពី​ខែវិច្ឆិកា​នោះ នាយក​គ្រប់គ្រង​លោក Tom Werner បាន​និយាយថា​ ក្លិប​មិនទាន់​មានការ​ប្រ​ញាប់​ប្រ​ញា​ល់​ក្នុង​ការផ្លាស់​ក្បាលម៉ាស៊ីន​ថ្មី​ឡើយ​។ ​​Liverpool កំពុង​ឈរ​លេខ៨ នៅ Premier League ក្រោយ ២២ប្រកួត​មាន ៣៥ពិន្ទុ​ដេញ​ពីក្រោយ​តំបន់ Top4 ចំនួន ៧ពិន្ទុ​។ ​​សូមបញ្ជាក់ថា​ ក្លិប Premier League មួយចំនួន​កំពុងស្ថិត​ក្នុងការ​ចរចា​ផ្លាស់ប្តូរ​អ្នកវិនិយោគ​ថ្មី ​ដូចជា​បិសាច​ក្រហម Manchester United ដែល​បានប្រកាស​លក់ និង​មាន​អ្នកដេញថ្លៃ​ពីរ​រួមមាន​ប្រធាន​ក្រុម INEOS មហាសេដ្ឋី​អង់គ្លេស Sir Jim Ratcliffe និង​កូនប្រុស​អតីត​នាយករដ្ឋមន្ត្រី​កាតា Sheikh Jassim Bin Hamad Al Thani៕​អត្ថបទ​៖​នាង សុភា​វុ​ធ

U22 ​កម្ពុជា​នឹង​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជាប់​ចាប់ពី​ចុងខែ​នេះ​រហូតដល់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2023/02/21 05:22:00 pm        632
​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម ២២​ឆ្នាំ​កម្ពុជានឹងធ្វើ​ការប្រមូលផ្ដុំ និង​បោះជំរំ​ហ្វឹកហាត់ទាំង​ក្នុង និង​ក្រៅ​ស្រុក​ជាប់ចាប់ពី​ចុងខែ​កុម្ភៈ​នេះរហូតដល់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជានា​ខែឧសភា​ខាងមុខ ។​​នេះ​បើតាម​ការលើកឡើង​រប​ស់លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របពេល​សហព័ន្ធ​បានប្រកាស​បេក្ខភាព​កីឡាករ ៣០​នាក់នៃ​ក្រុម​ជម្រើសជាតិ​ U22 ​កម្ពុជាដែល​ត្រូវ​ប្រមូលផ្ដុំ និង​បោះជំរំ​ហ្វឹកហាត់​លើក​ទី​១ នៅ​កោះ​សាមុយ ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​២៧ ខែកុម្ភៈដល់​ថ្ងៃទី​១៥ ខែមីនា​ខាងមុខ។​ ​សម្រាប់​កីឡាករ ៣០​នាក់ដែល​ត្រូវបាន​ជ្រើសរើស ​ត្រៀម​ការប្រកួត​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​នៅ​កម្ពុជា រួមមាន​កីឡាករ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ៦​នាក់ (​កីឡាករ វីរៈ ដា​រ៉ា​, មិន រតនៈ​, វី លាភ​ផេង​, នី សុខ​រី និង អ៊ា​ន ពិសី​)។ កីឡាករ​ក្លិប​បឹងកេត ៥​នាក់​ (​​កីឡាករ ក​យ សា​លីម​, សឿត ណា​វ៉ា​, តាំង ប៊ុនឆៃ​, វ៉ាំ​ង ដា​វីន និង សៀង ច​ន្ធា​)។ កីឡាករ​ក្លិប​វិសាខា ៦​នាក់ (​​កីឡាករ សារ ទី​, ​វឿន វ៉ា​, ​ស៊ិន សុ​វណ្ណា​មករា​, ​ស រតនា​, ​ចាន់ សា​រ៉ា​ពេជ្រ និង ឡេង ណូ​រ៉ា​)។​ ​កីឡាករ​ក្លិប​ណាហ្គា​វើ​ល​ដ៏ ៤​នាក់ (​​កីឡាករ រ៉េត លី​ហេង​, លីម អា​រុណ រ៉េ​យ​មិន​, ជា សុខ​ម៉េង និង ផាត សុខា​)។ កីឡាករ​ក្លិប​ភ្នំពេញ​ក្រោ​ន ៣​នាក់​ (​​កីឡាករ ឈុំ សុខ​ហៃ​, កើត ពេជ្រ និង លឹម ពិសុទ្ធ​)។ កីឡាករ​ក្លិប​កងយោធពល​ខេមរភូមិន្ទ ២​នាក់ (​​កីឡាករ ញាន សុ​ស៊ី​ដាន និង ទេព ហ្វី​លី​ព​)។ កីឡាករ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ម្នាក់ (​សុខ​ផល ឌី​ម៉​ង​)។ កីឡាករ​ក្លិប​សូល​ទី​ឡូ​អង្គរ​ម្នាក់ ​(​អ៊ី​ម វ៉ា​ឃីម​)។ កីឡាករ​ក្លិប​អគ្គិសនី​កម្ពុជា​ម្នាក់​ (​ហាវ សុខ​នេ​ត​) និង​កីឡាករ​ក្លិប​ព្រៃវែង​ម្នាក់​ (​គី រី​ណា​)។​​តាម​ការបញ្ជាក់​របស់​លោក កែវ សារ៉េត ក្រោយ​បង្ហាញ​បញ្ជី​ឈ្មោះ​រួចរាល់ ពួកគេ​នឹងត្រូវ​ចេញទៅ​ប្រមូលផ្ដុំ​ហ្វឹកហាត់​នៅ​ថៃ​មួយរយៈ មុន​ចេញទៅ​ប្រកួត​មិត្តភាព​អន្ដរជាតិ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​សិង្ហ​បុរី និង​ម៉ាឡេស៊ីនា​ខែមីនា​ខាងមុខ។ ក្រោយ​បញ្ចប់​ការប្រកួត​មិត្តភាព​នៅ​សិង្ហ​បុរី ក្រុម​គោព្រៃ​ជំទង់​កម្ពុជាគ្រោង​នឹង​ទៅ​ហ្វឹកហាត់​ថៃ​ម្ដងទៀត រហូតដល់​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង។​ ​គួរ​ដឹងថា សម្រាប់​វិញ្ញាសា​បាល់ទាត់​បុរសក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា ក្នុងនាម​ម្ចាស់ផ្ទះកម្ពុជា​បានសម្រេច​កំណត់​វិញ្ញាសា​ប្រកួត​អាយុ​ក្រោម ២២​ឆ្នាំ​ទាំងអស់ មិនត្រូវ​ឲ្យ​មាន​កូតា​កីឡាករ​លើស​អាយុ​ដូច​ស៊ី​ហ្គេម​មុនៗ​នោះទេ។ ការកំណត់​ត្រា​នេះត្រូវបាន​អ្នកគាំទ្រ​ចាត់ទុកជា​យុទ្ធសាស្ដ្រ​មួយ ក្រោម​ការដឹកនាំ​របស់​លោក​ Keisuke Honda ​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​ U22 ​កម្ពុជា ដើម្បី​បង្កើន​លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ដៃគូ ឆ្ពោះទៅ​ស្វែងរក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ៕​អត្ថបទ៖ លី ឈុន​ឡា

ប្រធាន​សហព័ន្ធ​កាយ​វប្បកម្ម​ប្ដេជ្ញា​បន្ដ​ខំប្រឹង​អភិវឌ្ឍន៍ ដើម្បី​មុខមាត់​កម្ពុជា​លើ​ឆាក​អន្ដរជាតិ

2023/02/21 04:56:53 pm        102
​កាយ​វប្បកម្ម​៖ លោក តឹក ប៊ុន​វី ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​កម្ពុជាបាន​ប្ដេជ្ញា​នៅតែ​បន្ដ​ខំប្រឹង​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​រីកចម្រើន ដើម្បី​មាន​សមត្ថភាព​គ្រប់គ្រាន់ចូលរួម​ប្រកួតប្រជែង​លើ​ឆាក​អន្ដរជាតិ ក៏ដូចជា​ការត្រៀម​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោកនា​ចុងឆ្នាំ​២០២៣ នេះ។​ ​ការលើកឡើង​នេះធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​កីឡាករ ២​រូបរួមមាន​កីឡាករ ផាន់ ណា​រិ​ទ្ធ និង​កីឡាករ ស៊ា​ង ម៉េង​សាង ដែល​បានទទួល​ស្គាល់​កំហុស បន្ទាប់ពី​រកឃើញ​សារធាតុ​ហាមឃាត់កំឡុង​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ហើយ​សហព័ន្ធបាន​ពិន័យ​អ្នក​ទាំងពីរតាម​កិច្ចសន្យា ដោយ​បញ្ឈប់​ការប្រកួត​ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ ព្រមទាំង​ពិន័យ​ប្រាក់​ម្នាក់ ២,៥០០​ដុល្លារ និង​បាន​ដកហូត​មេដាយ​កីឡា​ជាតិ​ពួកគេ​ទៀតផង។​ ​ប្រធាន​សហព័ន្ធ​ដដែលបាន​សម្ដែង​ការសោកស្ដាយ ចំពោះ​ករណី​កីឡាករ​ជម្រើសជាតិ​ទាំង ២​រូបដែល​ទទួលស្គាល់​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​ដោយ​ចេតនា បណ្ដាល​ឲ្យ​កីឡា​កាយ​វប្បកម្មត្រូវបាន​ដក​សិទ្ធ​ពី​ការប្រកួត​ស៊ី​ហ្គេម។ យ៉ាងណាក្ដី​ក៏​លោក​ប្ដេជ្ញា និង​ជំរុញ​ឲ្យ​កីឡាករ​ផ្សេងៗពួតដៃគ្នា បន្ដ​ការខិតខំ​ប្រឹងប្រែងត្រៀម​ចូលរួម​ប្រកួត​អន្ដរជាតិ​នានា ដើម្បី​លើកមុខ​មាត់​កីឡា​កាយ​វប្បកម្ម​កម្ពុជាលើ​ឆាក​អន្ដរជាតិ​ជាថ្មី​ផងដែរ។​ ​​គួរ​ដឹងថា ការប្រើប្រាស់​សារធាតុ​ហាមឃាត់ក្នុង​វិស័យ​កីឡាត្រូវបាន​ហាមឃាត់​ដាច់ខាត ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាបាន​ជំរុញ​ឲ្យ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​នេះ។ ដើម្បី​ចៀសវាង​នូវ​បញ្ហា​ណាមួយ​កើតឡើង​ក្នុង​ស៊ី​ហ្គេម ម្ចាស់ផ្ទះ​កម្ពុជាក៏បាន​សម្រេច​ដក​កីឡា​កាយ​វប្បកម្ម​ពី​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង។ យ៉ាងណាមិញក្នុងនាម​សហព័ន្ធ លោក តឹក ប៊ុន​វី បានទទួល​ស្គាល់​នូវ​ការដក​សិទ្ធ​នេះ ប៉ុន្ដែ​លោក​បាន​សំណូមពរ​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់ កុំ​បោះ​បង់ការ​ខំប្រឹងត្រូវ​បន្ដ​ការហ្វឹកហាត់ ដោយ​គោរព​ច្បាប់​សហព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​មានឱកាស​ចូលរួម​ប្រកួត​អន្ដរជាតិ​ផ្សេងៗនាពេលខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

អត្តពលកម្ម​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិកម្រិត​១

2023/02/21 04:46:22 pm        77
​អត្តពលកម្ម៖ សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្មបាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មន្ដ្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រមអន្ដរជាតិកម្រិត ១ ឆ្នាំ​២០២៣ ដើម្បី​បង្កើន​ធនធាន​មន្ដ្រី​បច្ចេកទេស និង​ឆ្លើយតប​តម្រូវការ​ជាក់ស្ដែងនៃ​ការប្រកួត​ប្រចាំឆ្នាំ ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ​នានា។​ ​លោក បូរ ពុធ​រាត្រី អគ្គលេខាធិការ​សហព័ន្ធបាន​គូសបញ្ជាក់ថា វគ្គ​នេះមាន​រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៤ ខែកុម្ភៈដោយមាន​សិក្ខាកាម​ចូលរួម​សរុប ៥០​នាក់។ លោក​ថា វគ្គ​នេះពិតជា​ចាំបាច់​ត្រូវ​រៀបចំដើម្បី​ធានា​ការរៀបចំ​ប្រកបដោយ​និរន្ដ​ភាព ដ្បិត​កីឡាអត្តពលកម្មមាន​វិញ្ញាសា​ជាច្រើន​ត្រូវ​ប្រកួត។​​សូមបញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​មន្ដ្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម​កីឡាអត្តពលកម្ម​អន្ដរជាតិកម្រិត១ ឆ្នាំ២០២៣ នេះរៀបចំឡើង​ក្រោម​គម្រោង​ថវិកា​របស់​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​គ្រូឧទ្ទេស​ប្រចាំ​វគ្គ​នេះគឺ​លោក​ Cuddikota Valson ​ប្រធាន​បច្ចេក​ប្រចាំ​កីឡាអត្តពលកម្ម​ប្រចាំ​តំបន់​អាស៊ី និង​ជា​សមាជិក​មន្ត្រី​បច្ចេកទេស​កីឡាអត្តពលកម្ម​ពិភពលោក​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Robert Milkins ឈ្នះ Shaun Murphy លើក​ពាន​ស្នូកឃ័រ Welsh Open

2023/02/20 10:11:38 pm        61
​ស្នូកឃ័រ​៖ ​កីឡាករ​ស្នូកឃ័រ​អង់គ្លេស Robert Milkins បាន​គ្រង​ជើងឯក​ពានរង្វាន់ Welsh Open ក្រោយ​យកឈ្នះ Shaun Murphy នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៩-៧ហ្វ្រេ​មដើម្បី​លើក​ពាន​ស្នូកឃ័រ Ranking លើក​ទី២ ក្នុង​អាជីព​។ ​​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​មានការ​តានតឹង​បន្ទាប់ពី Shaun Murphy តាម​ស្មើ ៥-៥ហ្វ្រេ​ម មុនពេល​ដែល Robert Milkins យកឈ្នះ ៤ហ្វ្រេ​ម​ជាប់​គ្នា​ដើម្បី​គ្រង​ជើងឯក​លើក​ទី២ ក្នុង​អាជីព បន្ទាប់ពី​ឈ្នះ​ពាន​ដំបូង​ឆ្នាំមុន​កម្មវិធី Gibraltar Open​។ ​ជើងឯក Welsh Open នេះ Robert Milkins ទទួលបាន​ប្រាក់រង្វាន់ ៨០,០០០ផោន​។ លើសពីនេះ Milkins បានទទួល​​ប្រាក់រង្វាន់​ដាច់ដោយឡែក​ ច្រើនជាង​ប្រាក់​ជើង​ឯក​ទៅទៀតគឺ​ប្រាក់​រង្វាន់​របស់ BetVictor ចំនួន ១៥០,០០​០​ផោនបន្ទាប់ពី​ឈរ​លេខ ១ ក្នុងការ​ប្រកួត ៨ប្រកួត​ជាប់​គ្នា​។ ​​នេះ​ជាការ​ទទួល​ប្រាក់រង្វាន់​បាន​ច្រើន​បំផុត​ក្នុង​អាជីព​របស់ Robert Milkins បន្ទាប់ពី​ធ្លាប់​ទទួល​បាន​ប្រាក់​រង្វាន់ ១៣៩,០០០ផោន ក្រោយ​ឈ្នះ​ពាន Gibraltar Open ឆ្នាំមុន​ឡើង​មក​ឈរ​លំដាប់ Top 16 ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​នៅ​ពេល​នោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សាកសព​របស់ Christian Atsu ត្រូវបាន​រកឃើញ​ក្រោម​គំនរ​អគារ​ដែល​ដួលរលំ​ដោយសារ​រញ្ជួយ​ដី​នៅ​ទួ​ក​គី​

2023/02/20 09:47:44 pm        145
​បាល់ទាត់៖ ​អតីត​កីឡាករ​បាល់ទាត់​ដែល​ធ្លាប់​ប្រកប​អាជីព​នៅ​ក្របខណ្ឌ English Premier League, Christian Atsu ត្រូវបាន​គេ​រកឃើញ​សាកសព​ក្រោម​អគារ​ដែល​ដួលរលំ​ដោយសារ​រញ្ជួយ​ដី​នៅ​ទួ​ក​គី​។ ​​កីឡាករ​ជំរើសជាតិ​ហ្កា​ណា​វ័យ ៣១ឆ្នាំ​រូបនេះ​ស្ថិតក្នុង​គេហដ្ឋាន​របស់ខ្លួន​ អំឡុងពេល​នៃ​គ្រោះ​រញ្ជួយ​ដីកា​លពី ២​សប្តាហ៍​មុន ហើយក៏​ត្រូវ​សង្កត់​ដោយ​គំនរ​ផ្ទះ​ដែល​ដួល​រលំ​នោះ​។ ​តាំងពី​ហេតុការណ៍​រញ្ជួយ​ដី​កម្រិត ៧.៨​រិច​ឆ្ទ័​រ​មិន​ធ្លាប់​មាននៅ​ទីក្រុង Antakya ខេត្ត Hatay ប្រទេស​ទួ​ក​គី Christian Atsu ក៏បាន​បាត់​ខ្លួន និង​ត្រូវបាន​គេ​សង្ស័យថា​បាត់​បង់ជីវិត​បាត់ទៅហើយ​។ ​នេះ​ជា​ដំណឹង​ដ៏​អកុសល និង​សោកសង្រេង​មួយ​សម្រាប់​គ្រួសារ​បាល់ទាត់​ទាំងមូល ខណៈ​ការប្រកួត​នៅ English Premier League កាលពី​ថ្ងៃ​សៅរ៍​រវាង Newcastle និង Liverpool ក៏មាន​ការ​គោរព​វិញ្ញាណក្ខន្ធ​របស់ Atsu និង​អ្នក​បាត់​បង់ជីវិត​ផ្សេងទៀត​ប្រមាណ​ជាង ៤ម៉ឺន​នាក់​។ ​​Atsu បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី៩០+៧ នៅ​ក្របខណ្ឌ​លី​គ​កំពូល​ទួ​ក​គី​ឱ្យ​ក្រុម​បាល់ទាត់ Hatayspor ឈ្នះ​លើ Kasimpasa ១-០ តែ​បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក​ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា​បាត់​ខ្លួន ​បន្ទាប់ពី​ហេតុការណ៍​រញ្ជួយ​ដី​កំរិត ៧.៨​រិច​ឆ្ទ័​រដែល​បាន​លេប​ត្របាក់​អគារ​ស្នាក់​មួយចំនួនធំ​នៅ​ព្រំដែន​ទួ​ក​គី និង​ប្រទេស​ស៊ី​រី​។​ ​រំលឹកថា Christian Atsu បច្ចុប្បន្ន​វ័យ ៣១ឆ្នាំ​ធ្លាប់​ចំណាយពេល​លេង​នៅ Premier League ជាមួយ Newcastle និង Everton ហើយក៏​ធ្លាប់​ផ្លាស់​ទៅ Chelsea ក្នុង​កិច្ចសន្យាខ្ចី មុន​ផ្លាស់​ទៅកាន់ Hatayspor កាលពី​ខែកញ្ញា​ឆ្នាំមុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

លី​គ​អាល្លឺម៉ង់​កំពុង​តានតឹង​ក្រោយ ៣ក្រុម​កំពូល​តារាង​មាន​ពិន្ទុ​ស្មើគ្នា

2023/02/20 09:15:04 pm        92
​​បាល់ទាត់៖ ​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​លី​គ​កំពូល​អាល្លឺម៉ង់ Bundesliga កាន់តែ​តានតឹង​ បន្ទាប់ពី​ក្រុម​កំពូល​តារាង​ទាំង៣ មាន​ពិន្ទុ​ស្មើគ្នា​ក្រោយ​លេង​បាន ២១ប្រកួត​ដូចគ្នា​។ ​​ការប្រកួត​ថ្ងៃអាទិត្យ​ម្សិលមិញ​ក្រុម​កំពុង​ឡើង​ជើង Borussia Dortmund បាន​យកឈ្នះ Hertha Berlin ៤-១​។ ​​Karim Adeyemi បញ្ជូន​មួយគ្រា​ប់ ​ស៊ុត​បាន​មួយ​គ្រាប់ បូករួម​ទាំង ៣​គ្រាប់​ទៀត​ដោយ Donyell Malen, Marco Reus និង Julian Brandt ធ្វើឱ្យ Dortmund ឈ្នះ ៦ប្រកួត​ជាប់​គ្នា​នៅក្នុង​លី​គ​ឡើង​មកឈរ​លេខ២ ក្នុង​តារាង​មាន ៤៣ពិន្ទុ​។ ​​ក្រុម​កំពូល​តារាង​នៅតែ Bayern Munich ទោះបី​ក្រុម​ការពារ​ជើងឯក​មួយ​នេះ​ចាញ់​នៅ​ទឹកដី Monchengladbach ៣-២ ក៏ដោយ​កាលពី​ថ្ងៃ​សៅរ៍​។ ​​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​នោះ Dayot Upamecano លេង​បាន​ត្រឹម ៨នាទី​ក៏​ទទួលបាន​កាត​ក្រហម​ធ្វើឱ្យ Bayern Munich ត្រូវ​លេង​មាន​គ្នា​ត្រឹម ១០នាក់​។ ​​ចំណែក​ក្រុម​លេខ៣ ដែលមាន ៤៣ពិន្ទុ​ដែរនោះ​គឺ Union Berlin បាន​ខកខាន​ ៣​ពិន្ទុ​ក្រោយ​ស្មើ​ក្រុម​បាត​តារាង Schalke ០-០ ថ្ងៃអាទិត្យ​ម្សិលមិញ​។ ​​នេះ​ជា​ប្រកួត​ដំបូង​ដែល Union Berlin បាត់បង់​បី​ពិន្ទុ​នៅក្នុង​ឆ្នាំ២០២៣ នេះ បន្ទាប់ពី​ឈ្នះ ៦ប្រកួត​រួចមកហើយ​នៅ​គ្រប់​ក្របខណ្ឌ​ក្នុង​ឆ្នាំ២០២៣ នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់អ៊ីស្រាអែល បណ្តាលឱ្យមានការបំផ្លាញយ៉ាងខ្លាំងនៅទូទាំងតំបន់ហ្កាហ្សា
08/01/2026 12:08 PM
ក្រុមការងារចុះមូលដ្ឋានខណ្ឌ៧មករា បាននាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈគង់ចាំវស្សានៅវត្តទាំង០៣ នៃមូលដ្ឋានខណ្ឌ៧មករា
08/01/2026 11:08 AM
លោកTrump៖ សហរដ្ឋអាមេរិក ពុំបានព្រមព្រៀងឱ្យអ៊ុយក្រែនផលិតមីស៊ីលប៉ាទ្រីយ៉ូតទេ
08/01/2026 11:08 AM
ប្រជាជនហៃទីចុះឈ្មោះបោះឆ្នោតប្រធានាធិបតីលើកដំបូងរបស់ប្រទេសក្នុងពេល១ទសវត្សរ៍កន្លងទៅនេះ
08/01/2026 11:08 AM
មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅទីក្រុងគីវ ដោយអំពាវនាវឱ្យរដ្ឋមន្ត្រីការពារជាតិត្រឡប់ទៅដឹកនាំវិញ
08/01/2026 11:08 AM
នាយករដ្ឋមន្ត្រីលីបង់ ចាត់ទុកការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលថា ជាការរំលោភយ៉ាងជាក់ស្តែងលើអធិបតេយ្យភាព
08/01/2026 10:08 AM
អ៊ីរ៉ង់ ព្រមានថាការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិក ប្រឈមនឹងការរំខានដល់ថាមពលសកល
08/01/2026 10:08 AM
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
08/01/2026 10:08 AM
មន្ត្រីក្រុមហាម៉ាស៖ អ៊ីស្រាអែលត្រូវតែអនុម័តកិច្ចព្រមព្រៀងរបស់លោក Trump មុនពេលដែលក្រុមហាម៉ាសអនុវត្ត
08/01/2026 10:08 AM
ជនភៀសខ្លួនមកពីម៉ារ៉ុក ត្អូញត្អែរពីភាពអត់ឃ្លាននិងអំពើហិង្សានៅដែនដីអេស្ប៉ាញ បន្ទាប់ពីប្រញាប់ប្រញាល់ឆ្លងព្រំដែន
08/01/2026 10:08 AM