កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

ទីក្រុង Vancouver ប្រទេសកាណាដាត្រៀមខ្លួនរួចរាល់ ​ក្នុងការ​ទទួល​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភព​លោក

2026/06/05 07:05:42 pm        185
ទីក្រុង Vancouver ប្រទេសកាណាដាកំពុងបង្កើនសកម្មភាពត្រៀមទទួលការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 ដោយបានដាក់បង្ហាញស្នាដៃតុបតែងដ៏ទាក់ទាញជាច្រើន ដើម្បីបង្កើតបរិយាកាសអបអរសាទរមុនការប្រកួតដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។ក្នុងចំណោមគម្រោងសំខាន់ៗ អគារ Science World ត្រូវបានបម្លែងទៅជា “The Beautiful Dome” ដែលជាការចម្លងគ្រាប់បាល់ប្រកួតផ្លូវការរបស់ព្រឹត្តិការណ៍ Adidas Trionda ក្នុងទម្រង់ 360 ដឺក្រេដ៏ធំសម្បើម។ការដំឡើងនេះប្រើបន្ទះពិសេសចំនួន ១៣១ ផ្ទាំង បំពាក់ជុំវិញរចនាសម្ព័ន្ធអង្កត់ផ្ចិត ៤០ ម៉ែត្រ។ ឈ្មោះ “Trionda” មានន័យថា “រលកបី” ជាភាសាអេស្ប៉ាញ ដែលតំណាងឱ្យការសហការរវាងប្រទេសម្ចាស់ផ្ទះរួមទាំងបី គឺ សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ដោយបង្ហាញពីសាមគ្គីភាពឆ្លងកាត់ព្រំដែនសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកដែលមានទំហំធំបំផុតមិនធ្លាប់មាន។មិនត្រឹមតែប៉ុណ្ណោះ នៅលើ Grouse Mountain ក៏បានលាតសន្ធឹងទង់ជាតិកាណាដាដ៏ធំមួយនៅលើផ្លូវជិះស្គី “The Cut” ដែលត្រូវបានអះអាងថា ជាទង់ជាតិដ៏ធំបំផុតមួយដែលមិនធ្លាប់មាននៅតំបន់នេះ។ទង់ជាតិនេះមានប្រវែង ១៦០ ម៉ែត្រ និងទទឹង ៨០ ម៉ែត្រ មានទម្ងន់ប្រមាណ ១,៥៨៧ គីឡូក្រាមដែលគេជឿជាក់ថា វានឹងក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរសំខាន់មួយក្នុងអំឡុងពេលការប្រកួត។តាមការព្យាករណ៍ មានភ្ញៀវទេសចរជាង ៣០០,០០០ នាក់ នឹងធ្វើដំណើរមកកាន់ទីក្រុង Vancouver ក្នុងអំឡុងពេលព្រឹត្តិការណ៍ដំណើរការដែលនឹងជួយជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់យ៉ាងខ្លាំង។ការតុបតែង និងសកម្មភាពផ្សព្វផ្សាយទាំងនេះ បង្ហាញពីការត្រៀមខ្លួនយ៉ាងពេញលេញរបស់ Vancouver ក្នុងនាមជាទីក្រុងម្ចាស់ផ្ទះមួយ សម្រាប់ស្វាគមន៍អ្នកគាំទ្របាល់ទាត់មកពីជុំវិញពិភពលោក៕ អត្ថបទ៖នាង សុភាវុធ

ពិតជានិស្ស័យ!!! ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមខ្លាំងម៉ាឡេស៊ី និង​សិង្ហបុរីជាថ្មី​ក្នុងពានក្លឹបអាស៊ាន

2026/06/05 06:56:02 pm        317
(ឥណ្ឌូណេស៊ី)៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដឹងគូប្រកួតរបស់ខ្លួនហើយ ពេល​ដែល​ការចាប់ឆ្នោត ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្លឹបអាស៊ីអាគ្នេយ៍រដូវកាល២០២៦-២០២៧ បានត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនា នៅនៅប្រទេសឥណ្ឌូណេស៊ី។ពិតជានិស្ស័យ លទ្ធផលការចាប់ឆ្នោតបង្ហាញថា ព្រះខ័នរាជស្វាយរៀង ត្រូវជួប​ប្រកួត​ជាមួយ​គូ​ប្រកួត​ចាស់ក្លឹបម៉ាឡេស៊ី Johor Darul Tazim និងក្លឹបមកពីសិង្ហបុរី Lion City Sailors គ្រាដែល​ក្រុមទាំង​បីក៏ស្ថិតក្នុងពូលB ជាមួយគ្នាដែររដូវកាលមុន។ ក្រៅពីនេះ ព្រះខ័នរាជក៏នឹង​អាចជួបគូ​ប្រកួត​រួមពូលរដូលមុនដែរ ប្រសិនបើ Shan Untied ឈ្នះក្លឹប Ezra FC របស់ឡាវក្នុងវគ្គ Play-off។ចំណែកក្លឹបបាល់ទាត់ Port FC Cong An Hanoi និងក្លឹបបាល់ទាត់ឥណ្ឌូណេស៊ី Persib Bandung ជាក្លឹបដែលព្រះខ័នរាជស្វាយរៀង មិនធ្លាប់ជួបក្នុងពានរង្វាន់នេះ។រដូវកាលមុនព្រះខ័នរាជស្វាយរៀង ស្មើជាមួយ Johor Darul Tazim ២ទល់នឹង២ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ មុនយកឈ្នះ Lion City Sailors ២ទល់នឹង០ នៅសិង្ហបុរី។សម្រាប់ព្រះខ័នរាជស្វាយរៀង វាជាលើកទី៣ដែលក្លឹបបង្ហាញខ្លួនក្នុងជើង​ឯកក្លឹបតំប់​អាស៊ី​អាគ្នេយ៍នេះ ក្នុងនាមជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា។ការ Shopee Cup រដូវកាលថ្មី ២០២៦-២០២៧ នឹងដំណើរការប្រកួត ពីខែសីហាឆ្នាំ២០២៦ និងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៧៕

ឃីកបុកស៊ីង និងដៃគូ រំពឹងការនាំគ្រូជំនាញ ផ្គុំជាមួយធនធានមានស្រាប់ នឹងជំរុញគោលដៅរួម ប្រកបដោយភាពរឹងមាំ និងយូរអង្វែង

2026/06/05 06:43:00 pm        194
ការនាំចូលគ្រូជំនាញកម្រិតអន្តរជាតិមកបណ្តុះបណ្តាលបន្ថែម បានក្លាយជាយុទ្ធសាស្ត្រគន្លឹះមួយដ៏សំខាន់របស់សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីពង្រឹងសមត្ថភាពកីឡាករឲ្យកាន់តែរីកចម្រើន ពិសេសការជំរុញគោលដៅរួម ទាំងប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង ឲ្យកាន់តែល្បីល្បាញ និងរឹងមាំយូរអង្វែងថែមទៀត។នេះបើតាមការលើកឡើងស្រដៀងគ្នារបស់ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយបណ្ដាក្លិបប្រដាល់ឃីកបុកស៊ីងកម្ពុជា ដែលត្រូវចូលរួមហ្វឹកហាត់ជាមួយគ្រូបង្វឹកបរទេស នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមហ៊ុន បានឧបត្ថម្ភថវិកា ៥០០លានរៀល ដើម្បីនាំយកគ្រូបង្វឹកកម្រិតខ្ពស់មកជួយពង្រឹងបន្ថែម ជាមួយធនធានគ្រូមានស្រាប់តាមបណ្ដាក្លិបទាំងអស់នៅកម្ពុជា។ក្នុងនាមកូនខ្មែរ អ្នកឧកញ៉ា លាង ម៉េង ថា នេះគឺជាគោលដៅរបស់លោកតាំងពីក្មេង ក្រោយអាជីវកម្មដំណើរការរលូន លោកនឹងយកប្រាក់ចំណេញមកជួយអភិវឌ្ឍសង្គម ពិសេសកីឡាប្រដាល់។ អ្នកឧកញ៉ាថា គុនខ្មែរគឺជាកីឡាអត្តសញ្ញាណជាតិ ហើយឃីកបុកស៊ីង ជាប្រភេទកីឡាពេញនិយមមួយលើពិភពលោក ។ ដូច្នេះការនាំគ្រូបង្វឹកកម្រិតខ្ពស់មកផ្គុំជាមួយធនធានមានស្រាប់ គឺដើម្បីច្របាច់បញ្ចូលគ្នានូវបច្ចេកទេសថ្មីៗ ដើម្បីជំរុញសមត្ថភាពកីឡាករកម្ពុជាឲ្យកាន់តែខ្លាំង ឆ្ពោះទៅប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ និងរុញគុនខ្មែរ ក៏ដូចជាឃីកបុកស៊ីងកម្ពុជាឲ្យកាន់តែល្បីល្បាញបន្ថែមទៀត។ទន្ទឹមជាមួយគ្នា ឯកឧត្តម ហេង សុខឃន បានសម្ដែងក្ដីរីករាយ ដែលមានវិស័យឯកជន បានចូលរួមជាបង្គោលក្នុងការគាំទ្រការអភិវឌ្ឍកីឡាឃីកបុកស៊ីងកម្ពុជាឲ្យកាន់តែរីកចម្រើន ។ តួយ៉ាងការចំណាយធនធានដ៏ច្រើន ដើម្បីនាំគ្រូបរទេស ដែលមានបទពិសោធន៍ មកជួយបណ្ដុះបណ្ដាលរយៈពេល ៧ខែខាងមុខ គឺជាពេលវេលាមួយដ៏ស័ក្ដិសមសម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី លើកទី២ នាខែធ្នូ ឆ្នាំ២០២៦ ខាងមុខ។គួរដឹងថា គ្រូបង្វឹកអន្ដរជាតិ ២រូប ដែលត្រូវបានសហព័ន្ធនាំមកជួយបណ្ដុះបណ្ដាលនូវបច្ចេកទេសថ្មីៗ ដល់បណ្ដាក្លិបសមាជិកសហព័ន្ធទាំងអស់ គឺមានលោក ជិន យាហុង និងលោក យាង ហ័រ ដែលជាជនជាតិចិន ហើយក៏ជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិឃីកបុកស៊ីងកម្ពុជា ដែលធ្លាប់រួមចំណែកយ៉ាងសំខាន់ ជួយឃីកបុកស៊ីងកម្ពុជា ទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ និងស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ គ្រូបង្វឹកទាំងពីរ គ្រោងចំណាយពេល ៣ខែ គ្រាដែល ៣ខែទៀត សហព័ន្ធគ្រោងនឹងនាំគ្រូបង្វឹកមកពីអឺរ៉ុបវិញម្ដង។ឯកឧត្តម ហេង សុខឃន បានរំឮកថា កាលពីគ្រូបង្វឹកចិនទាំងពីរ ដឹកនាំ លោកបានជួយឲ្យក្រុមកីឡាឃីកបុកស៊ីងកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿងពីស៊ីហ្គេម លើកទី៣១ នៅវៀតណាម រួមមានមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ១ ហើយកាន់តែជោគជ័យក្នុងស៊ីហ្គេម លើកទី៣២ ក្នុងនាមម្ចាស់ផ្ទះ ឃីកបុកស៊ីងកម្ពុជា ឈ្នះមេដាយសរុប ១៣គ្រឿង (មាស ៦ ប្រាក់ ១ និងសំរឹទ្ធ ៦)៕ អត្ថបទ លី ឈុនឡា

អ្នកគាំទ្របាល់ទាត់ស្កុតឡែនដើរជាង ៤,៨០០ គីឡូម៉ែត្រ ដើម្បីគាំទ្រក្រុមជម្រើសជាតិ និងលើកកម្ពស់សុខភាពផ្លូវចិត្តបុរស

2026/06/05 06:33:29 pm        177
បុរសវ័យ ២២ ឆ្នាំម្នាក់មកពីទីក្រុង Paisley ប្រទេស Scotland, Craig Ferguson កំពុងខិតជិតដល់គោលដៅចុងក្រោយនៃដំណើរដើរដ៏លំបាកឆ្លងកាត់សហរដ្ឋអាមេរិកពីឆ្នេរសមុទ្រមួយទៅឆ្នេរសមុទ្រមួយទៀត។ស្លៀកពាក់ឈុតប្រពៃណីស្កុតឡែន និងមានពុកចង្ការវែងស្រដៀងតួអង្គ Forrest Gump លោក Ferguson បានដើរចម្ងាយជាង ៣,០០០ ម៉ាយល៍ (ប្រមាណ ៤,៨០០ គីឡូម៉ែត្រ) ពី Los Angeles ទៅកាន់ Boston ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្តរបស់បុរស និងគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡែនក្នុងការប្រកួតបាល់ទាត់ពិភពលោក ២០២៦។នៅថ្ងៃទី ១០០ នៃយុទ្ធនាការ «Tartan Trek» របស់លោក Ferguson កាលពីថ្ងៃទី ៣ ខែមិថុនា នៅទីក្រុង New York លោកបានបញ្ជាក់ថា បានរៃអង្គាសថវិកាបានជាង ៣០០,០០០ ផោនស្ទើលីង (ប្រមាណ ៣៨០,០០០ ដុល្លារ) រួចហើយ។លោក Ferguson បាននិយាយថា៖ «ជាក់ស្តែង យើងកំពុងប្រឈមមុខនឹងវិបត្តិសុខភាពផ្លូវចិត្តរបស់បុរស។ វាមិនមែនជាបញ្ហារបស់ស្កុតឡែនតែមួយទេ ប៉ុន្តែជាបញ្ហាទូទាំងពិភពលោក។ យើងកំពុងឃើញបុរសជាច្រើនសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងក្នុងអត្រាគួរឱ្យព្រួយបារម្ភ»។លោកបានចាប់ផ្តើមដំណើរនេះនៅថ្ងៃទី ២ ខែកុម្ភៈ ពីទីក្រុង Los Angeles ហើយបានដើរចន្លោះពី ៣០ ទៅ ៤០ ម៉ាយល៍ក្នុងមួយថ្ងៃ ដោយត្រូវប្រឈមនឹងបញ្ហាពងបែកជើង និងភាពនឿយហត់ខ្លាំង។គោលដៅចុងក្រោយរបស់លោកគឺទីក្រុង Boston ជាទីដែលលោកគ្រោងនឹងទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិស្កុតឡែន និង ហៃទីនៅថ្ងៃទី ១៣ ខែមិថុនា។ នេះនឹងក្លាយជាការប្រកួត World Cup លើកដំបូងរបស់ស្កុតឡែនក្នុងរយៈពេល ២៨ ឆ្នាំចុងក្រោយ។លោក Ferguson បាននិយាយថា៖ «ខ្ញុំគ្រាន់តែជាអ្នកគាំទ្របាល់ទាត់ម្នាក់ដែលស្រឡាញ់ក្រុមរបស់ខ្លួនខ្លាំង ហើយមានឆន្ទៈធ្វើអ្វីដែលពិសេសដើម្បីបានទៅមើលការប្រកួត។ ខ្ញុំក៏ចង់បង្ហាញពីរូបភាពដ៏ល្អបំផុតរបស់អ្នកគាំទ្រស្កុតឡែនផងដែរ»។សម្រាប់ការប្រកួតដែលកំពុងទន្ទឹងរង់ចាំនេះ អ្នកគាំទ្រដ៏ស្មោះស្ម័គ្ររូបនេះបានទស្សន៍ទាយថា ស្កុតឡែននឹងយកឈ្នះហៃទីក្នុងលទ្ធផល ២-០៕ អត្ថបទ៖នាង សុភាវុធ

បាល់ទាត់នារីពានរង្វាន់ខេត្តស្វាយរៀង សប្ដាហ៍ទី២ ព្រះខ័នរាជប្រកួតជាមួយស្រុកស្វាយទាប

2026/06/05 06:20:37 pm        239
(ស្វាយរៀង)៖ ការប្រកួតកីឡាបាល់ទាត់នារីពានរង្វាន់ខេត្តស្វាយរៀង ២០២៦ ឈានចូលដល់សប្ដាហ៍ទី២ហើយ ដោយទាំងបីប្រកួតនឹងលេងនៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីលានបាល់ទាត់វិទ្យាល័យហ៊ុន សែនស្វាយរំពារ ស្រុកស្វាយទាប។ក្រុមបាល់ទាត់នារី សសយកស្រុករមាសហែក ត្រូវប្រកួតជាមួយ 2 BROTHERS នៅម៉ោង៨និង០០នាទីព្រឹក។ វិទ្យាល័យព្រះពន្លា ប្រកួតជាមួយ សសយក ស្រុកំពង់រោទិ៍ ម៉ោង ០១និង៣០នាទីរសៀល និងក្រុមបាល់ទាត់ សសយក ស្រុកស្វាយទាប ប្រកួតជាមួយព្រះខ័នរាជស្វាយរៀង ម៉ោង ៣និង៣០នាទីរសៀល។ សូមរំលឹកថា នៅសប្ដាហ៍ទី១ ព្រះខ័នរាជស្វាយរៀង ឈ្នះកំពង់រោទិ៍ ៤ទល់នឹង១ រមាសហែក ឈ្នះស្រុកស្វាយទាប ៣ទល់នឹង១ និងវិទ្យាល័យព្រះពន្លា ចាញ់ CRS Sports ១ទល់នឹង៣។ក្រោយលេងបាន១ប្រកួតម្នាក់ ព្រះខ័នរាជស្វាយរៀង សសយកស្រុករមាសហែក និង CRS Sports មាន៣ពិន្ទុដូចគ្នា។សូមជម្រាបជូនថា ការប្រកួតបាល់ទាត់នារីពានរង្វាន់ខេត្តស្វាយរៀង ២០២៦ មាន៧ក្រុមចូលរួមប្រកួតប្រជែង ដោយធ្វើការប្រកួត៧សប្ដាហ៍សន្សំពិន្ទុ ហើយក្រុមដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ និងលេខ៤ត្រូវជួបគ្នា អ្នកឈ្នះឡើងទៅជួបក្រុមលេខ២ ហើយអ្នកឈ្នះក្នុងការប្រកួតនេះនឹងឡើងទៅជួបក្រុមលេខ១ដើម្បីសម្រេចជើងឯក៕

Man City ពិចារណាចាត់វិធានការផ្លូវច្បាប់ ក្រោយបេក្ខជនប្រជែងតំណែងប្រធាន Real Madrid អះអាង នាំយក Haaland មកអេស្ប៉ាញ

2026/06/05 06:04:31 pm        482
ក្លិបបាល់ទាត់អង់គ្លេស Manchester City កំពុងពិចារណាចាត់វិធានការផ្លូវច្បាប់ បន្ទាប់ពីលោក Enrique Riquelme បេក្ខជនប្រជែងតំណែងប្រធានក្លិប Real Madrid បានប្រកាសជាសាធារណៈថា លោកនឹង នាំយកខ្សែប្រយុទ្ធន័រវេស Erling Haaland មកកាន់ទឹកដី Santiago Bernabéu ប្រសិនបើលោកជាប់ឆ្នោត។លោក Riquelme ដែលជាសហគ្រិនផ្នែកថាមពលកកើតឡើងវិញ និងជាគូប្រជែងរបស់ប្រធានក្លិបបច្ចុប្បន្ន Florentino Perez បានធ្វើការសន្យានេះក្នុងកម្មវិធីទូរទស្សន៍មួយនៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃពុធ។ ក្នុងកម្មវិធីនោះ លោកបានលើកអាវ Real Madrid ដែលមានឈ្មោះ Haaland នៅខាងក្រោយ និងអះអាងថា កីឡាកររូបនេះមានលក្ខខណ្ឌអនុញ្ញាតឱ្យចាកចេញពីក្លិប ហើយមានបំណងផ្លាស់មកកាន់ Real Madrid។លោក Riquelme បានបន្ថែមថា ការនាំយក Haaland មកកាន់ Real Madrid នឹងក្លាយជាអាទិភាពចម្បងរបស់លោក ប្រសិនបើឈ្នះការបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខ។ទោះជាយ៉ាងណា ការអះអាងនេះត្រូវបានបដិសេធភ្លាមៗដោយលោក Alfie Haaland ដែលជាឪពុក និងភ្នាក់ងារ Rafaela Pimenta ដែលបានចេញសេចក្តីថ្លែងការណ៍រួមមួយ បញ្ជាក់ថា ព័ត៌មាននោះ «មិនមែនជាការពិតឡើយ»។ក្រៅពី Haaland លោក Riquelme ក៏បានបង្ហាញបំណងចង់នាំយកខ្សែបម្រើអេស្ប៉ាញ Rodri ពី Manchester City មកកាន់ Real Madrid ផងដែរ។ លោកអះអាងថា បានពិភាក្សាជាមួយភ្នាក់ងាររបស់ Rodri រួចហើយ ហើយនឹង «ធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន» ដើម្បីនាំយកម្ចាស់ពានរង្វាន់ Ballon d'Or រូបនេះមកកាន់ក្លិប។ការលើកឡើងទាំងនេះកើតឡើងស្របពេល Real Madrid កំពុងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានក្លិប ដែលជាលើកដំបូងក្នុងរយៈពេលជិត ២០ ឆ្នាំដែល Florentino Perez មិនមែនគូប្រជែង។ មូលហេតុមួយគឺដោយសារក្លិបបានឆ្លងកាត់រយៈពេលពីររដូវកាលដោយគ្មានពានរង្វាន់ធំ។ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ដោយមានសមាជិកក្លិបប្រមាណ ១០ ម៉ឺននាក់មានសិទ្ធិបោះឆ្នោត។គួរបញ្ជាក់ថា Haaland ធ្លាប់មានឱកាសចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០២២ នៅពេលចាកចេញពី Dortmund ប៉ុន្តែរូបគេបានសម្រេចចិត្តផ្លាស់ទៅ Manchester City ដែលជាក្លិបធ្លាប់មានឪពុករបស់គេលេងឱ្យ។ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ៣៨ គ្រាប់ក្នុងគ្រប់ការប្រកួតកាលពីរដូវកាលមុន និងបានឈ្នះពានស្បែកជើងមាសជាលើកទី ៣ ក្នុងរយៈពេល ៤ រដូវកាល។ ទោះបីជាគេធ្លាប់បង្ហាញបំណងចង់លេងឱ្យ Real Madrid នៅថ្ងៃណាមួយក៏ដោយ ក៏មិនមានសញ្ញាណាមួយបង្ហាញថា គេមិនសប្បាយចិត្តនៅ Manchester City នោះទេ។ ជាក់ស្តែង Haaland ទើបតែបានចុះកិច្ចសន្យាថ្មីរយៈពេល ៩ ឆ្នាំកន្លះជាមួយក្លិបកាលពីខែមករា ឆ្នាំ ២០២៥៕អត្ថបទ៖នាង សុភាវុធ

អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បន្តជាដៃគូគ្នា រហូតដល់ឆ្នាំ២០៣៣ គាំទ្របាល់ទាត់កុមារ និង យុវជន

2026/06/05 05:38:55 pm        201
អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បន្តជាដៃគូសហការគ្នារហូតដល់ឆ្នាំ២០៣៣ គាំទ្របាល់ទាត់កុមារ និង យុវជន(AIA–ISF Youth League) ក្នុងនៃចូលរួមអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា។លោក ស្រី ជួប វិច្ជិកា ប្រធានអង្គការផ្កាយសមុទ្រ មានសេចក្តីរីករាយណាស់ដែល អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនអេ អាយ អេ ខេមបូឌា បានបន្តចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដោយ ប្តេជ្ញាបន្តភាពជាដៃគូរយៈពេលយូរអង្វែងបន្ថែមទៀត ។ កិច្ចព្រមព្រៀងសម្រាប់រយៈពេលដល់ឆ្នាំ២០៣៣នេះ បានស្តែងឲ្យឃើញពីការវិនិយោគរយៈពេលវែងដ៏សំខាន់បំផុតមួយក្នុង ប្រវត្តិសាស្ត្របាល់ទាត់កុមារ និងយុវជននៅកម្ពុជា ។ក្នុងនាមអង្គការផ្កាយសមុទ្រសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខ ភាព អេ អាយ អេ ខេមបូឌា ចំពោះការជឿទុកចិត្ត ទឹកចិត្តសប្បុរស និងចក្ខុវិស័យវែងឆ្ងាយ ដែលជាគ្រឹះកសាង និង ​កិច្ចសហការដ៏រឹងមាំមួយនេះ ។ ចាប់តាំងពីពេលចាប់ផ្តើមការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើងមក មានភាពជោគជ័យ និងបានជម្រុញឲ្យអង្គការផ្កាយសមុទ្រនាំយកឱកាសលេងបាល់ទាត់ ទៅដល់កុមារ និងយុវជនរាប់ពាន់នាក់ទូទាំងប្រទេស ។លោកស្រី បន្តថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជននេះ​ បានផ្តល់សារៈសំខាន់ដល់ កុមារ និងយុវជនកម្ពុជាច្រើនលើសពីការលេងបាល់ទាត់ ហើយវាបានផ្តល់ឲ្យប្អូនៗកីឡាករកីឡាការនីនូវ ផលវិជ្ជមានក្នុងជីវិត មានអារម្មណ៍ថាខ្លួនឯងជាផ្នែកមួយនៃសហគមន៍ មានទំនុកចិត្តលើខ្លួនឯង និងឱកាសក្នុងអភិវឌ្ឍន៍ខ្លួនក្លាយជាពលរដ្ឋសហគមន៍ ដែលមានសុខភាពល្អ និងមានទម្លាប់រស់នៅ។គោលដៅរបស់ពួកយើងនាឆ្នាំ២០៣៣គឺនាំយកព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន ទៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងប្រទេសកម្ពុជា ។សូមបញ្ជាក់ថា អង្គការផ្កាយសមុទ្រ នឹងរៀបចំការប្រកួតផ្តាច់ព្រ័ត្រ AIA–ISF Youth League Grand Championship ប្រឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានក្រុមមកពីរាជធានីភ្នំពេញ កំពង់ធំ និង បាត់ដំបងចូលរួមការប្រកួតប្រជែងដណ្តើមពានរង្វាន់ នៅថ្ងៃចុងសប្តាហ៍នេះ៕

អបអរសាទរ ក្រុមបាល់បោះអង្គុយជនពិការកម្ពុជាទាំងបុរស និងនារី ឈ្នះមេដាយ​មាសការ​ប្រកួត​កម្រិត​អាស៊ី

2026/06/05 05:25:11 pm        185
(ម៉ាឡេស៊ី)៖ នៅតែខ្លាំង នៅតែការពារតំណែងជើងឯកមេដាយមាស ២ឆ្នាំជាប់គ្នា អបអរសាទរ ក្រុម​បាល់បោះអង្គុយជនពិការកម្ពុជាបុរស និងនារី ឈ្នះមេដាយមាសការប្រកួតកម្រិតអាស៊ី ក្នុង​ព្រឹត្តិកា​រណ៍ប្រកួតកីឡាបាល់បោះជនពិការជើងឯកអាស៊ី លើកទី២ (2nd Asian Para Throwball Championship) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។ក្នុងនាមជាអ្នកការពារតំណែងជើងឯក ក្រុមបាល់ទះអង្គុយជនពិការកម្ពុជាទាំង២ក្រុម ជា​លទ្ធផ​ល​ក្រុ​មបុរសបានយកឈ្នះស្រីលង្ការ វគ្គផ្តាច់ព្រ័ត្រ ៣ទល់នឹង០ ក្នុងពិន្ទុ ២១-១១ , ២១-១៤ និង២១-៥ បុរស រីឯក្រុមនារីឈ្នះក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងលទ្ធផល ៣ទល់នឹង០ ក្នុងពិន្ទុ ២១ទល់នឹង១០ ២១ទល់នឹង១៧ និង២១ទល់នឹង១៣។ វាជាលើកទីពីរហើយដែលស្ថាបន័បាល់បោះអង្គុយជនពិការអាស៊ីរៀបចំការប្រកួតនេះ បន្ទាប់ពីលើកទី១កម្ពុជាធ្វើបានជោគជ័យគួរកត់សម្គាល់នៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២៥។ជាមួយគ្នានេះ ឯកឧត្តម យី វាសនា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលអនុញ្ញាត និងផ្តល់ការគាំទ្រដល់ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាបានចូលរួមប្រកួតក្នុងខ្នាតអាស៊ី នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៦។ ក្នុងនាមប្រតិភូដឹកនាំកីឡាប៉ារ៉ាឡាំពិកកម្ពុជា ឯកឧត្តមបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ប្រតិភូ គ្រូបង្វឹក អត្តពលិកពិការកម្ពុជា ក្នុងការថែរក្សាកិត្តិសជាតិ មោទនភាពជាតិលើឆាកអន្តរជាតិជាមួយនឹងការដណ្តើមមេដាយមាសយកមកជូនជាតិផងដែរ។គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់បោះអង្គុយជនពិការ ជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៦ (2nd Asian Para Throwball Championship 2026) នៅប្រទេសម៉ាឡេស៊ីមាន៧ប្រទេសចូលរួម ដំណើរការប្រកួតពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា គ្រាដែលប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជាមានចំនួនសរុប ៣២នាក់ ដឹកនាំដោយឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា៕

គ្រួសារ Glazer ពិចារណាលក់ភាគហ៊ុននៅ Manchester United ក្រោយកាន់កាប់ក្លិបជាង ២០ ឆ្នាំ

2026/06/05 05:15:00 pm        142
សមាជិកមួយចំនួននៃគ្រួសារ Glazer កំពុងពិភាក្សាផ្ទៃក្នុងអំពីលទ្ធភាពលក់ភាគហ៊ុនរបស់ខ្លួននៅក្លិបបិសាចក្រហម Manchester United បន្ទាប់ពីកាន់កាប់ក្លិបដ៏ល្បីល្បាញមួយនេះអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។យោងតាមសេចក្តីរាយការណ៍របស់ Bloomberg សមាជិកមួយចំនួនក្នុងគ្រួសារមហាសេដ្ឋីអាមេរិកនេះ កំពុងសិក្សាពីជម្រើសក្នុងការលក់ភាគហ៊ុនមួយផ្នែក ឬទាំងស្រុងរបស់ពួកគេនៅក្លិប Premier League។ ការពិភាក្សាដំបូងផ្តោតលើការលក់ភាគហ៊ុនរបស់សមាជិកខ្លះៗ មុនពេលព្យាយាមបញ្ចុះបញ្ចូលសមាជិកផ្សេងទៀតឱ្យចូលរួមផងដែរ។ព័ត៌មាននេះបានជំរុញឱ្យតម្លៃភាគហ៊ុនរបស់ Manchester United ដែលចុះបញ្ជីនៅផ្សារហ៊ុនទីក្រុងញូវយ៉ក កើនឡើងប្រមាណ ៧%។របាយការណ៍នេះកើតឡើងជាងពីរឆ្នាំបន្ទាប់ពីគ្រួសារ Glazer បានលក់ភាគហ៊ុនប្រមាណ ២៩% នៃក្លិបទៅឱ្យមហាសេដ្ឋីអង់គ្លេស Jim Ratcliffe ប្រធានក្រុមហ៊ុន INEOS Group ដែលបានទទួលសិទ្ធិគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ក្លិប។ទោះបីជាបានលក់ភាគហ៊ុនមួយផ្នែកក៏ដោយគ្រួសារ Glazer នៅតែជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Manchester United។ ពួកគេបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ជុំវិញបញ្ហាបំណុលរបស់ក្លិប ការចំណាយច្រើនលើការផ្ទេរកីឡាករ និងការពន្យារពេលវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ចាប់តាំងពីចូលកាន់តំណែងគ្រប់គ្រងផ្នែកបាល់ទាត់មក Ratcliffe បានចាត់វិធានការជាច្រើនដើម្បីស្ដារភាពរុងរឿងរបស់ក្លិបឡើងវិញ រួមមានការកាត់បន្ថយបុគ្គលិក និងការដំឡើងតម្លៃសំបុត្រចូលទស្សនាការប្រកួត។នៅលើទីលានប្រកួត Manchester United ក៏បានបង្ហាញទម្រង់លេងល្អប្រសើរឡើងផងដែរ។ ក្រោមការដឹកនាំរបស់ Michael Carrick ក្រុមបានបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ ៣ និងទទួលបានកៅអីចូលរួមប្រកួត UEFA Champions League ជាលើកដំបូងក្នុងរយៈពេលពីររដូវកាលចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ

គណៈកម្មការប្រតិបត្តិ Soccer League បង្ហើបមហិច្ឆតាធំមួយ សម្រាប់ត្រៀមខួបលើកទី១០

2026/06/05 04:54:30 pm        200
ព្រឹត្តិការណ៍បាល់ទាត់ Soccer Leaguer លើកទី៩ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នារសៀលថ្ងៃទី៦ ខែមិថុនាស្អែកនេះ នៅកីឡដ្ឋានវិសាខា ។ ដំណាលគ្នា ថ្នាក់ដឹកនាំគណៈកម្មការប្រតិបត្តិព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជានេះ ក៏បានបង្ហើបនូវមហិច្ឆតាដ៏ធំមួយ ក្នុងដំណើរឆ្ពោះទៅខួបលើកទី១០ នាឆ្នាំបន្ទាប់ផងដែរ។ថ្លែងប្រាប់ក្រុមការងារ BTV កាលពីថ្មីៗ ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត មានប្រសាសន៍ថា Soccer League ផ្ដោតលើបាល់ទាត់ ដូច្នេះអ្វីៗត្រូវបានគិតគូរលើកិច្ចការកីឡាមួយនេះ ដើម្បីរួមចំណែកលើកស្ទួយបាល់ទាត់ជាតិ ហើយខួបលើកទី១០ នាពេលខាងមុខ ប្រសិនបើស្ថានភាពសកល និងស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ គណៈកម្មការប្រតិបត្តិ មានគម្រោងនាំយក Legend របស់ក្រុមល្បីណាមួយមកធ្វើការប្រកួតមិត្តភាពនៅថ្ងៃបើក ។ នេះជាក្ដីរំពឹង តែឯកឧត្តមពុំបានបង្ហើបថា Legends នោះ គឺជាបេក្ខភាពក្នុង ឬក្រៅស្រុកនោះទេ។ក្រឡេកមកចាប់អារម្មណ៍ព្រឹត្តិការណ៍ Soccer League លើកទី៩ ដែលគ្រោងនឹងប្រព្រឹត្តទៅ ពីថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គឺមានបេក្ខភាពចូលរួមសរុបរហូតដល់ ៦៤ក្រុម ក្នុងនោះមានក្រុមបុរស ៥៦ក្រុម និងបែងចែកជា ១៦ពូល និងក្រុមនារី ៨ក្រុម បែងចែកជា ២ពូល ដើម្បីធ្វើការប្រកួតជម្រុះស្វែងរកក្រុមខ្លាំងឡើងវគ្គបន្ដបន្ទាប់ រហូតរកឃើញក្រុមជ័យលាភីតែម្ដង៕ អត្ថបទ លី ឈុនឡា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM