កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

គ្រូកម្ពុជាមោទនភាពលើកូនក្រុមតែបារម្ភភារកិច្ចបន្ទាប់ ខណៈគ្រូហុងកុងបានត្រឹមសោកស្ដាយ

2026/06/10 05:46:48 pm        376
លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញមោទនភាពចំពោះកូនក្រុម ដែលព្យាយាមអស់ពីកម្លាំងកាយចិត្ត រហូតបានយកឈ្នះក្រុមជម្រើសកោះហុងកុង ដោយលទ្ធផល ២-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីរាត្រីថ្ងៃទី៩ ខែមិថុនាកន្លងទៅ គ្រាដែលលោក Roberto Losada គ្រូបង្វឹកក្រុមហុងកុង បានត្រឹមសោកស្ដាយ ចំពោះលទ្ធផលដ៏ខកចិត្ត ដ្បិតកូនក្រុមខ្លួនធ្វើបានល្អក៏ដោយ។នេះគឺជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មី សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានយកឈ្នះក្រុមហុងកុង លើកដំបូង ក្រោយរង់ចាំអស់រយៈពេល ៦៩ឆ្នាំ ។ សម្រាប់គ្រាប់បាល់ ២គ្រាប់ ដែលជួយឲ្យក្រុមគោព្រៃកម្ពុជា បញ្ចប់កំណត់ត្រាមិនស្គាល់ឈ្នះនេះ រកបានដោយកីឡាករ Yudai Ogawa នៅនាទី៤១+១ និង សៀង ចន្ធា នៅនាទី៥០ ។ រីឯហុងកុង ក៏ព្យាយាមវាយសម្រុកផងដែរ តែមិនអាចទម្លាយរបាំងការពារក្រុមម្ចាស់ផ្ទះកម្ពុជាបានឡើយ។ក្រោយចប់ការប្រកួតលោក Koji Gyotoku បានសម្ដែងក្ដីរីករាយ និងកោតសរសើរកូនក្រុម ដែលខំប្រឹង និងធ្វើបានយ៉ាងល្អ ។ តែទន្ទឹមនឹងការឈ្នះ ២ប្រកួតជាប់គ្នា ក្នុងជំនួបមិត្តភាពអន្ដរជាតិនេះ លោកក៏មានការបារម្ភខ្លះពីភារកិច្ចបន្ទាប់ ដែលត្រូវត្រៀមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ រឿងកោះហៅកីឡាករ កំឡុងពេលក្លិបរៀបចំកីឡាករត្រៀម Pre-Season ដោយបារម្ភកោះហៅកីឡាករមិនបានសមតាមបំណងចង់បាន។ចំណែកលោក Roberto Losada វិញ បានលើកឡើងថា លោកពិតជាមិនសប្បាយចិត្ត ជាមួយនឹងលទ្ធផល តែក៏មានចំណុចគួរសិក្សា និងរៀនសូត្រពីការប្រកួតនេះ បន្ទាប់ពីកីឡាករក្មេងៗរបស់ខ្លួន ធ្វើបានល្អ ទោះបីលទ្ធផលមិនតបនឹងការចង់បានក៏ដោយ។សូមបញ្ជាក់ថា ជ័យជម្នះរបស់ក្រុមជម្រើសជាតិកម្ពុជា លើក្រុមហុងកុង បានធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយជាខ្លាំង ដ្បិតនេះគឺជាជ័យជម្នះប្រវត្តិសាស្ដ្រ ក្រោយធ្លាប់ជួបគ្នា ១១លើកកន្លងមក កម្ពុជាមិនធ្លាប់ឈ្នះហុងកុងសោះ បានត្រឹមស្មើ ៣លើក ទើបតែជំនួបលើកទី២ នេះ កម្ពុជាធ្វើបានយ៉ាងល្អ ចំពោះមុខអ្នកទស្សនាផ្ទាល់ជាង ២ម៉ឺននាក់ ដោយរកបាន ២គ្រាប់ និងរក្សា Clean Sheet ថែមទៀត៕ អត្ថបទ លី ឈុនឡា

កុមារជិត ១៣០នាក់ ចូលរួមប្រកួតតេក្វាន់ដូ WT ពានអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប ឆ្នាំ២០២៦

2026/06/08 10:42:54 pm        157
កុមារា-កុមារីប្រមាណ ១៣០នាក់ មកពី ១៥សមាគម/ក្លិប បានចូលរួមការប្រកួតកីឡាតេក្វាន់ដូ WT ពានរង្វាន់អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប ឆ្នាំ២០២៦ កាលពីចុងសប្ដាហ៍កន្លងទៅ នៅខេត្តសៀមរាប។លោក យីវ វណ្ណឌី គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ពានរង្វាន់អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាបនេះ ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ដោយផ្ដោតលើកុមារ ៣កម្រិតអាយុ រួមមានកម្រិតកុមារអាយុក្រោម ៩ឆ្នាំ, អាយុក្រោម ១១ឆ្នាំ និងអាយុក្រោម ១៤ឆ្នាំ ខណៈឆ្នាំនេះ ទាំងវិញ្ញាសាប្រយុទ្ធ និងមេគុនមានសរុបចំនួន ៣៧វិញ្ញាសា។លោកបន្ដថា គោលបំណងសំខាន់នៃការប្រកួត ដែលគាំទ្រដោយខេមរសហព័ន្ធតេក្វាន់ដូនេះ គឺដើម្បីផ្ដល់ឱកាសឲ្យកុមារ និងយុវជនបានចូលរួមលេងកីឡា ក៏ដូចជាប្រកួតបង្ហាញសមត្ថភាព និងទេពកោលស្យ ស្របតាមផែនការយុទ្ធសាស្ដ្រក្នុងការពង្រឹងថ្នាលឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០៣១ នៅកម្ពុជា។សម្រាប់កីឡាករ-កីឡាការិនី ដែលទទួលបានជ័យលាភីក្នុងការប្រកួតពានរង្វាន់នេះ នឹងមានឱកាសចូលរួមការបោះជំរុំហ្វឹកហាត់ប្រចាំឆ្នាំ និងការធ្វើតេស្ដ ដើម្បីក្លាយជាជម្រើសថ្នាលប្រចាំឆ្នាំ និងចូលរួមការប្រកួតនានា ទាំងក្របខណ្ឌជាតិ និងអន្ដរជាតិ។ ដូច្នេះពានរង្វាន់នេះ ពិតជាផ្នែកមួយដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូ WT នៅកម្ពុជា។ជាមួយការប្រកួតពានរង្វាន់ប្រចាំឆ្នាំ លើទឹកដីអង្គរនេះដែរ ក៏មានការចូលរួម និងបំពាក់មេដាយលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីជ័យលាភី ពីលោក KIM Sungtae អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាបផងដែរ៕ អត្ថបទ លី ឈុនឡា

Eriksen ដួលសន្លប់លើទីលានម្ដងទៀត ខណៈដាណឺម៉ាកលុបចោលការ​ប្រកួតមិត្តភាព​ជាមួយអ៊ុយក្រែន

2026/06/08 10:26:02 pm        207
កីឡាករបស់ក្រុមជម្រើសជាតិដាណឺម៉ាក Christian Eriksen បានដួលសន្លប់នៅលើទីលានអំឡុងការប្រកួតមិត្តភាពទល់នឹងអ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងបាល់ទាត់ទូទាំងពិភពលោក។ក្រោយហេតុការណ៍នេះ សហព័ន្ធបាល់ទាត់ដាណឺម៉ាកបានបញ្ជាក់តាមបណ្តាញសង្គម X ថា Eriksen នៅមានស្មារតីដឹងខ្លួន និងស្ថិតក្នុងស្ថានភាពល្អតែកំពុងតាមដាន។ ជាមួយគ្នានេះ ការប្រកួតមិត្តភាពរវាងដាណឺម៉ាក និងអ៊ុយក្រែន ក៏ត្រូវបានលុបចោលភ្លាមៗផងដែរ។ហេតុការណ៍នេះគឺជាលើកទី២ហើយដែលខ្សែបម្រើវ័យ ៣៤ ឆ្នាំរូបនេះ បានដួលសន្លប់នៅលើទីលានពេលកំពុងបំពេញភារកិច្ចឱ្យក្រុមជម្រើសជាតិដាណឺម៉ាក។អ្នកគាំទ្របាល់ទាត់ជាច្រើននៅតែចងចាំព្រឹត្តិការណ៍ដ៏រន្ធត់ក្នុងព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុបឆ្នាំ ២០២០ ដែលលើកមកលេងឆ្នាំ ២០២១ នៅពេល Eriksen បានដួលសន្លប់អំឡុងការប្រកួតបើកឆាកក្នុងពូលរបស់ដាណឺម៉ាកជាមួយហ្វាំងឡង់ ក្នុងទីក្រុង Copenhagen។ ពេលនោះ ក្រុមគ្រូពេទ្យបានធ្វើការសង្គ្រោះបន្ទាន់ ដែលជួយសង្គ្រោះជីវិតរបស់គាត់បានទាន់ពេលវេលា។បន្ទាប់ពីឆ្លងកាត់វិបត្តិសុខភាពនោះ Eriksen ត្រូវបានដាក់ឧបករណ៍ជំនួយចង្វាក់បេះដូងប្រភេទ Implantable Cardioverter-Defibrillator (ICD) ហើយក្រោយមកគាត់អាចវិលត្រឡប់មកប្រកបអាជីពបាល់ទាត់វិញបានទាំងនៅកម្រិតក្លិប និងក្រុមជម្រើសជាតិ។រហូតមកដល់ពេលនេះ មូលហេតុពិតប្រាកដនៃការដួលសន្លប់លើកចុងក្រោយនេះមិនទាន់ត្រូវបានបង្ហាញជាផ្លូវការនៅឡើយទេ។ការដួលសន្លប់របស់ Eriksen បានដាស់តឿនសារជាថ្មីដល់ពិភពបាល់ទាត់នូវសារៈសំខាន់នៃសុវត្ថិភាព និងការត្រួតពិនិត្យសុខភាពជាប្រចាំរបស់កីឡាករ ក្នុងអំឡុងការប្រកួតកម្រិតខ្ពស់៕អត្ថបទ៖នាង សុភាវុធ

កម្ពុជា ត្រូវអ៊ុតលទ្ធផលជំនួបបញ្ចប់B មុនជួបអូស្ដ្រាលី ដើម្បីកំណត់កៅអីវគ្គ ១/២ ពាន U19 អាស៊ាន

2026/06/08 10:12:12 pm        381
ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានសាងនូវក្ដីសង្ឃឹមអ៊ុតកៅអីវគ្គបន្ដ ក្នុងយុទ្ធនាការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boy's Championship) ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូនេស៊ី ក្រោយយកឈ្នះក្រុមជម្រើសជាតិ U19 ហ្វីលីពីន ៣-០ កាលពីចុងសប្ដាហ៍កន្លងទៅ។ជ័យជម្នះនេះ បានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា ឈរលេខ២ ក្នុងពូលC បណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុ ស្មើក្រុមកំពូលតារាង U19 អូស្ដ្រាលី ហើយក្រុមយុវជន U19 កម្ពុជា ក៏កំពុងឈរលេខ២ ក្នុងតារាងក្រុមចំណាត់ថ្នាក់លេខ២ ល្អជាងគេ ក្នុងចំណោមពូលទាំង ៣ ផងដែរ ដោយចាញ់ប្រៀបក្រុមវៀតណាម ដែលអស់ការប្រកួត ឈរលេខ១ មាន ៣ពិន្ទុស្មើគ្នា គ្រាដែលម៉ាឡេស៊ី ឈរលេខ៣ តែត្រូវរង់ចាំការប្រកួតកាត់សេចក្ដីបញ្ចប់ពូលB នៅរាត្រីថ្ងៃចន្ទនេះ។ផ្អែកលើលទ្ធផលបច្ចុប្បន្ន ក្រុមជម្រើសជាតិ U19 កម្ពុជា ត្រូវចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលB មុនឈានដល់ជំនួបបញ្ចប់ពូលC របស់ខ្លួន ទល់នឹងក្រុមខ្លាំង U19 អូស្ដ្រាលី នាថ្ងៃទី៩ ខែមិថុនាស្អែក ដើម្បីកំណត់ជោគវាសនាក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដ្បិតក្រុមឈរកំពូលតារាងទាំង ៣ និងក្រុមលេខ២ ល្អជាងគេ ១ក្រុម នឹងទទួលបានកៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រនេះ។បច្ចុប្បន្នការប្រកួតពូលA បានបញ្ចប់ជាស្ថាពរ ដោយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានឈរកំពូលតារាង រកបាន ៩ពិន្ទុពេញ គ្រាដែលវៀតណាម ឈរលេខ២ មាន ៦ពិន្ទុ តែដោយមិនគិតលទ្ធផលជួបក្រុមបាតតារាង ពួកគេមាន ៣ពិន្ទុ និងផលគ្រាប់បាល់ប៉ុណ្ណោះ យកទៅប្រជែងកៅអីក្រុមលេខ២ ល្អជាងគេ។ ចំណែកពូលB ក្រុមយុវជន U19 សៀម និងម៉ាឡេស៊ី ដែលរកបាន ៦ពិន្ទុស្មើគ្នា ហើយជំនួបបញ្ចប់ពូលនារាត្រីថ្ងៃទី៨ ខែមិថុនានេះ ដើម្បីប្រជែងកៅអីកំពូលតារាង។ក្រឡេកមកចាប់អារម្មណ៍ក្រុមគោព្រៃជំទង់កម្ពុជា ដែលមាន ៣ពិន្ទុក្នុងដៃ ដោយមិនគិតពីលទ្ធផលពូលA ឬពូលB គឺត្រូវការឈ្នះក្រុមជម្រើសជាតិ U19 អូស្ដ្រាលី ដាច់ខាត ដើម្បីធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែករណីភ្លាត់ស្មើ ក៏មិនអស់សង្ឃឹមដែរ តែត្រូវចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលB រវាងក្រុមឈរលេខ១ និងលេខ២ ថ្ងៃនេះ បើមានក្រុមណាមួយឈ្នះ ឱកាសមាសឡើងវគ្គបន្ដ នឹងបានមកកម្ពុជា ទោះបីកម្ពុជា ស្មើអូស្ដ្រាលីក៏ដោយ។ ប៉ុន្ដែបើកម្ពុជា បរាជ័យទល់នឹងអូស្ដ្រាលីវិញនោះ គឺឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រណៃពានរង្វាន់យុវជនប្រចាំតំបន់នេះ នឹងត្រូវបាត់បង់តែម្ដង។សូមបញ្ជាក់ថា ពានរង្វាន់យុវជន U19 ប្រចាំតំបន់អាស៊ាន ឆ្នាំនេះ មាន ១១ក្រុមចូលរួម និងបែងចែកជា ៣ពូល ក្នុងនោះពូលA និងពូលB មាន ៤ក្រុម ខណៈពូលC មាន ៣ក្រុម ។ ក្រោយបញ្ចប់ការប្រកួតវគ្គចែកពូល ក្រុមឈរលេខ១ នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ១ក្រុមនឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំពោះការកំណត់ក្រុមលេខ២ ល្អជាងគេ សម្រាប់បេក្ខភាពក្រុមលេខ២ ពូលA និងពូលB នឹងត្រូវមិនគិតបញ្ចូលទ្ធផលជួបក្រុមបាតតារាង នៃពូលនីមួយៗឡើយ ដោយសារពូលC មានតែ ៣ក្រុម៕ អត្ថបទ លី ឈុនឡា

Kimi Antonelli ឈ្នះការប្រណាំង F1 Monaco Grand Prix ជាជ័យជម្នះ ៥ ទីលានជាប់គ្នា

2026/06/08 09:39:49 pm        449
កីឡាករវ័យក្មេងអ៊ីតាលី Kimi Antonelli បានបង្ហាញភាពស្ងប់ស្ងាត់ និងភាពចាស់ទុំទាំងស្ថិតក្នុងវ័យក្មេង ដោយដណ្តើមជ័យជម្នះក្នុងការប្រណាំង Formula One Monaco Grand Prix កាលពីថ្ងៃអាទិត្យ បើទោះបីជាការប្រណាំងពោរពេញដោយភាពច្របូកច្របល់ និងឧបសគ្គជាច្រើនក៏ដោយ។Antonelli វ័យ 19 ឆ្នាំ ដែលកំពុងនាំមុខក្នុងតារាងជើងឯកពិភពលោក Formula One បានចាប់ផ្តើមការប្រណាំងពីតំណែងមុខគេជាមួយរថយន្ត Mercedes និងអាចបង្កើតគម្លាតនាំមុខលើសពី ២០ វិនាទីពីគូប្រជែងរបស់ខ្លួន។យ៉ាងណាក៏ដោយ គម្លាតដ៏ធំនោះត្រូវបានលុបបំបាត់ បន្ទាប់ពីរថយន្តរថយន្តសុវត្ថិភាព Safety Car ចូលមកលើទីលាន ហើយក្រោយមកការប្រណាំងត្រូវបានផ្អាកដោយទង់ក្រហម (Red Flag) ដោយសារផ្ទាំងផ្លូវនៅកាច់ជ្រុងចុងក្រោយរងការខូចខាត ក្រោយពេលកីឡាករ Ferrari, Charles Leclerc បុករបាំងសុវត្ថិភាព។ការប្រណាំងត្រូវបានពន្យារពេលប្រមាណ ៤០ នាទីមុនពេលចាប់ផ្តើមឡើងវិញខណៈ Antonelli នៅតែរក្សាភាពនឹងនរ និងអាចបើកបរបានយ៉ាងល្អឥតខ្ចោះក្នុង ៨ ជុំចុងក្រោយ ដើម្បីក្លាយជាកីឡាករវ័យក្មេងបំផុតដែលឈ្នះការប្រណាំង Monaco Grand Prix។ចំណាត់ថ្នាក់លេខ២ បានទៅជើងឯក ៧ សម័យ Lewis Hamilton ដែលបញ្ចប់ការប្រណាំងនៅតំណែង លេខ ២នេះពីរទីលានជាប់គ្នាផងដែរ ខណៈកីឡាករ Isack Hadjar របស់ Red Bull ដណ្តើមបានចំណាត់ថ្នាក់លេខ៣។ជាមួយនឹងជ័យជម្នះនៅម៉ូណាកូ Antonelli បានឈ្នះការប្រណាំង Formula One ចំនួន ៥ លើកជាប់គ្នា ក្នុងរដូវកាលនេះ។ តាមស្ថិតិប្រវត្តិសាស្ត្រ កីឡាករគ្រប់រូបដែលធ្លាប់ឈ្នះ ៥ ប្រណាំងជាប់គ្នាក្នុងរដូវកាល Formula One សុទ្ធតែបានក្លាយជាម្ចាស់ជើងឯកពិភពលោកនៅចុងរដូវកាល ស្របពេលដែលរូបគេកំពុងនាំមុខគេក្នុងតារាងពិន្ទុជើងឯកពិភពលោកដាច់អ្នកលេខពីរ Lewis Hamilton ដល់ទៅ ៦៦ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ 

ព្រឹត្តិការណ៍បាល់ទាត់ Freestyle លំដាប់ពិភពលោកនៅកម្ពុជា បញ្ចប់ដោយជោគជ័យ និង​ការ​សាទរ​យ៉ា​ងខ្លាំង

2026/06/08 05:13:09 pm        173
ព្រឹត្តិការណ៍បាល់ទាត់ Freestyle លំដាប់ពិភពលោក WFFA Pulse Phnom Penh 2026 ​ដែលជាការប្រកួតជើងឯកអាស៊ីប៉ាស៊ីហ្វិក លើកដំបូង នៅកម្ពុជា បានប្រព្រឹត្តទៅយ៉ាងរលូន និង​ជោគ​ជ័យ ជាមួយការសាទរយ៉ាងខ្លាំងពីបណ្ដាប្រទេសចូលរួម ពិសេសម្ចាស់ជើងឯក ទាំង​វិញ្ញាសា​បុរស និងនារីតែម្ដង។ជាមួយការប្រកួតរយៈពេល ២ថ្ងៃ នៅទីលាន The King’s School – Vattanacville​ រាជ​ធានីភ្នំពេញ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុនវឌ្ឍនៈ គឺមានអត្តពលិកខ្លាំងៗមកពីជាង ១០ប្រទេសក្នុងតំបន់អាស៊ីប៉ាហ្វិកចូលរួម ក្នុងនោះក៏មានកីឡាករ-កីឡាការិនីកម្ពុជាចូលរួមប្រកួតផងដែរ ទោះបីកម្ពុជា ទើបមានប្រភេទកីឡានេះក្ដី។ យ៉ាងណាក្នុងនាមម្ចាស់ផ្ទះ កម្ពុជាមានកីឡាករម្នាក់ គឺកញ្ញា យ៉ែម នារតី បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។សម្រាប់លទ្ធផលជារួម ក្រោយការប្រកួតដ៏ស្វិតស្វាញ សម្រាប់វិញ្ញាសាផ្នែកបុរស គឺកីឡាករ Jay មកពីអូស្ដ្រាលី បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះកីឡាករជប៉ុន Aki ក្នុងវគ្គផ្ដាច់ព្រ័ត្រ គ្រាដែលជើងឯកផ្នែកនារី បានទៅកីឡាការិនីជប៉ុន Moe-K ដែលបានយកឈ្នះកីឡាការិនីកម្ពុជា យ៉ែម នារតី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយបន្ដយកឈ្នះកីឡាការិនីឥណ្ឌា Estela នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។ក្រោយបញ្ចប់ការប្រកួតលោក Gabriel Massif ហៅ Gaby (ហ្គាប៊ី) អ្នកគ្រប់គ្រងព្រឹត្តិការណ៍សកល និងជាប្រធានផ្នែកនវានុវត្តន៍ នៃសហព័ន្ធកីឡាបាល់ទាត់ Freestyle ពិភពលោក បានលើកសរសើរពីភាពអស្ចារ្យ ទាំងការរៀបចំ និងការគាំទ្រ ជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ប្រជាជនកម្ពុជា។ ទាំងអស់នេះ បានធ្វើឲ្យលោកមានការភ្ញាក់ផ្អើល ហើយលោកថា នឹងត្រឡប់មកកម្ពុជាជាថ្មី ព្រមទាំងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីឲ្យបន្ដខិតខំហ្វឹកហាត់ទៀតផង។ទន្ទឹមជាមួយគ្នាកីឡាករ Jay របស់អូស្ដ្រាលី និងកីឡាការិនី Moe-K របស់ជប៉ុន បានសម្ដែងអារម្មណ៍រីករាយដូចគ្នា បន្ទាប់ពីបានមកប្រកួតនៅកម្ពុជា និងទទួលបានជើងឯក ដើម្បីទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រលំដាប់ពិភពលោក ។ មិនតែប៉ុណ្ណោះ ពួកគេក៏បានសម្ដែងការភ្ញាក់ផ្អើល ចំពោះសំណង់ដ៏ស៊ីវិល័យក្នុងទីក្រុងដ៏ទំនើប នៃព្រះរាជាណាចក្រកម្ពុជានេះផងដែរ។គួរដឹងថា ព្រឹត្តិការណ៍លំដាប់ពិភពលោក ដែលប្រជុំដោយកំពូលអត្តពលករហ្វ្រីស្តាយល៍បាល់ទាត់ ដើម្បីដណ្តើមមេដាយមាស ឡើងទៅកាន់ឆាកអន្តរជាតិនេះ គឹជាការប្រកួតផ្លូវការដ៏ធំមួយរបស់ស្ថាប័ន WFFA Pulse Series ក្នុងចំណោមការប្រកួតប្រចាំ ៥តំបន់ធំៗ រួមមាន អាស៊ី អាហ្វ្រិក អាម៉េរិកខាងជើង អាម៉េរិកខាងត្បូង និង អ៉ឺរ៉ុប ហើយកីឡាករជាប់លេខ១ លេខ២ និងលេខ៣ នឹងទទួលបានកៅអីទៅប្រជុំផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍បាល់ទាត់ Freestyle ពិភពលោក ឆ្នាំ២០២៦ នាពេលខាងមុខ៕ អត្ថបទ លី ឈុនឡា

ពាន Soccer League មិនត្រឹមជាការផ្ដល់ឱកាស តែជា​វេទិកា​បង្ហាញ​នូវ​ស្មារតី​សាមគ្គី​ភាព​ជាតិ​ដ៏​រឹ​ងមាំ

2026/06/08 05:04:46 pm        166
ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League មិនត្រឹមជាព្រឹត្តិការណ៍ផ្ដល់ឱកាសដល់យុវជន តាម​រយៈវិស័យកីឡានោះទេ តែក៏វេទិកា​បង្ហាញ​នូវ​ស្មារតី​សាមគ្គី​ភាព​ជាតិ​ដ៏​រឹង​មាំ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ផងដែរ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ថ្លែងក្នុ​ងពិ​ធី​បើក​ព្រឹត្តិ​ការណ៍​បាល់​ទាត់​ពាន​រង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ កាលពីចុងសប្ដាហ៍កន្លងទៅ នៅកីឡដ្ឋានវិសាខា។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងសមាជិកសមាជិកការ ស.ស.យ.ក និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីផ្ដល់ឱកាសឲ្យយុវជនកម្ពុជា បានជួបជុំលេងកីឡា រឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការល្អ ហើយឯកឧត្តម ក៏បានអរគុណដល់បណ្ដាសមាគម/ក្លិបបាល់ទាត់ទាំងអស់ ដែលបានខិតខំរៀបចំក្រុម និងកីឡាករ-កីឡាការិនី បានចូលរួមយ៉ាងច្រើនកុះករហូតដល់ ៦៤ក្រុម។ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា Soccer Leaguer រៀបចំឡើងក្នុងគោលបំណងបង្កើតនូវឱកាសបន្ថែមទៀត សម្រាប់យុវជនកម្ពុជា ដែលមកពីអង្គភាព ស្ថាប័ន មុខងារ និងវិជ្ជាជីវផ្សេងគ្នា និងមិនមែនជាកីឡាករអាជីព ក្នុងការជួបជុំគ្នា ស្គាល់ និងស្វែងយល់ពីគ្នា ក៏ដូចជាការរឹតចំណងសាមគ្គីភាព មិត្តភាព និងភាតរភាព តាមរយៈវិស័យកីឡា ហើយក៏ដើម្បីជំរុញទឹកចិត្តយុវជន ដែលមិនមែនជាកីឡាករអាជីព ឲ្យលេងកីឡា ដើម្បីសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងអាចបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន នៅក្នុងវិស័យកីឡាបាល់ទាត់ ព្រមទាំងរួមចំណែកអប់រំស្មារតីយុវជនឲ្យប្រើប្រាស់ពេលវេលាទំនេរពីការសិក្សា និងការងាររបស់ខ្លួនមកលេងកីឡា ជាជាងយកពេលវេលាប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ទៀតថា ព្រឹត្តិការណ៍បាល់ទាត់ Soccer Leaguer ឆ្នាំនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «សាមគ្គីភាពជាតិរឹងមាំ» ដែលជាការផ្សារភ្ជាប់ទៅនឹងការកសាងស្មារតីជាតិ និងប្រជាជន តាមរយៈការរួបរួមសាមគ្គីជាធ្លុងមួយ គិតពីប្រយោជន៍ជាតិជាធំ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការធានាភាពធន់ និងភាពរឹងមាំនៃជាតិមួយ ហើយដរាបណាស្មារតីជាតិនៅតែមួយ សាមគ្គីភាពជាតិ កាន់តែរឹងមាំ មិនមានសត្រូវណាអាចបំបែបបំបាក់ប្រទេសជាតិបានឡើយ។ ជាមួយពិធីបើកព្រឹត្តិការណ៍បាល់ទាត់ដ៏ធំប្រចាំឆ្នាំ ដែលផ្ដួចផ្ដើម និងរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជានេះដែរ គឺបានប្រព្រឹត្តទៅដោយភាពរីករាយ និងបន្សល់ទុកនូវការចងចាំដ៏មានអត្ថន័យ តាមរយៈបទចម្រៀង និងការសម្តែងដ៏អស្ចារ្យ ពីសំណាក់ក្រុមរបាំពីសាលាវិចិត្រសិល្បៈ តារាចម្រៀង ក្រុមអ្នកសម្តែង ព្រមទាំងដំណើរការកម្មវិធីយ៉ាងរស់រវើកពីអ្នកកាន់កម្មវិធី ហើយតាមរយៈសំឡេង ទឹកចិត្ត និងស្មារតីគាំទ្រដ៏អស្ចារ្យនេះ នឹងនៅជាមួយវីរកងកម្លាំងជួរមុខ និងប្រជាជនភៀសសឹក គ្រប់ពេលវេលា ។ នេះបើតាមការបន្ថែមរបស់ឯកឧត្តម ហ៊ុន ម៉ានី។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Soccer League ឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានបេក្ខភាពចូលរួមសរុប ៦៤ក្រុម ក្នុងនោះមានក្រុមបុរស ៥៦ក្រុម និងបែងចែកជា ១៦ពូល និងក្រុមនារី ៨ក្រុម បែងចែកជា ២ពូល ដើម្បីធ្វើការប្រកួតជម្រុះស្វែងរកក្រុមខ្លាំងឡើងវគ្គបន្ដបន្ទាប់ រហូតរកឃើញក្រុមជ័យលាភីតែម្ដង ។ សម្រាប់ការប្រកួតនឹងត្រូវប្រើប្រាស់ទីលានចំនួន រួមមានកីឡដ្ឋានវិសាខា, ទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងទីលានសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ(AUPP)៕ អត្ថបទ លី ឈុនឡា

ក្រោយឈ្នះសិង្ហបុរី ក្រុមបាល់ទាត់នារីកម្ពុជាត្រូវប្រកួតជាមួយឥណ្ឌូណេស៊ី មិត្តភាពអន្តរជាតិ

2026/06/08 04:44:09 pm        175
(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ ត្រូវលេងមិត្តភាពអន្តរជាតិទីពីររបស់ខ្លួន ក្រោយឈ្នះក្រុមសិង្ហបុរី ៥ទល់នឹង០ ថ្ងៃទី៦ ខែមិថុនា កន្លងទៅនេះ។ជម្រើសជាតិនារីកម្ពុជា ត្រូវជួបម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី នៅថ្ងៃអង្គារ៍នេះ ដោយមានទំនុកចិត្តខ្ពស់ ត្បិតបីប្រកួតកន្លងមកកម្ពុជា ស្មើពីរប្រកួត និងចាញ់មួយប្រកួតក៏ដោយ។ មុនជួបកម្ពុជា ក្រុមបាល់ទាត់នារីឥណ្ឌូណេស៊ី ចាញ់សិង្ហបុរី ០ទល់នឹ២។សូមបញ្ជាក់ថា៥គ្រាប់ដែលកម្ពុជា ឈ្នះសិង្ហបុរី កើតឡើងដោយកីឡាការិនី ហុក សៅឌី ពីរគ្រាប់តែឯងនៅនាទីទី១៣ និងនាទីទី១៥ កីឡាការិនី ទី សំណាង នាទីទី៣៣ កីឡាការិនី យ៉ន យឿន នាទីទី៧៨ និងគ្រាប់ចុងក្រោយដោយកីឡាការិនី វិបុល សេរីស៊ីថានាទីទី៨៤។ ទាក់ទងនឹងកីឡាការិនីជម្រើសជាតិនារី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានបង្ហាញការសោកស្ដាយដែល កីឡាការិនី ទន់ គីមហុង មានរបួសដាច់សរសៃជង្គង់(ACL) ក្រោយការប្រកួតជាមួយក្រុមជម្រើសជាតិនារីសិង្ហបុរី ។សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំពុងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ ពីស្ថានភាពរបួសនេះ ហើយក៏បានជូនពរកីឡាការិនី ទទួលបានជោគជ័យពីការវះកាត់ និងឆាប់ជាសះស្បើយឡើងវិញ នឹងមកចូលរួមជាមួយក្រុមជម្រើសជាតិយើងជាថ្មីទៀតនៅថ្ងៃខាងមុខ៕

ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម១៩ឆ្នាំកម្ពុជា ត្រូវការឈ្នះអូស្ត្រាលីដើម្បីឡើងវគ្គបន្ទាប់

2026/06/08 04:36:00 pm        198
(ឥណ្ឌូណេស៊ី)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ បើក​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​យុវជន​អាស៊ានអាយុក្រោម១៩ឆ្នាំ ២០២៦ ពូល C យកឈ្នះហ្វីលីពីន ៣ទល់នឹង០ ថ្ងៃ​ទី៦ ខែមិថុនា ដើម្បីប្រជែងជាមួយអូស្ត្រាលី ឡើងវគ្គបន្ត។យុវជនកម្ពុជា ត្រូវប្រកួតសម្រេចក្រុមលេខ១ក្នុងពូលជាមួយអូស្ត្រាលីថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២​៦​នេះ។ ក្រុមទាំងពីរមួយណាឈ្នះនឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ សូមរំលឹកថាបីគ្រាប់របស់កម្ពុជាដែលយកឈ្នះហ្វីលីពីនកើតឡើងដោយកីឡាករ ម៉ូហាម៉ាត់ សឡេស នាទីទី៤ និងនាទី១៤ គ្រាដែលគ្រាប់ទៀតបីធ្វើបានសម្រេចដោយកីឡាករ ស៊ីថា ម៉ាធើ នាទីទី៣៩។ការប្រកួតបាល់ទាត់ពាមរង្វាន់យុវជនអាស៊ានអាយុក្រោម១៩ឆ្នាំ ២០២៦ នឹងបញ្ចប់នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦៕

រដ្ឋមន្ត្រីក្រសួងអប់រំ ចាត់ទុកសកម្មភាពកីឡាឧត្តមសិក្សា-មធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ជា​ការ​រួម​ចំណែក​ឆ្ពោះ​ទៅ​ធ្វើម្ចាស់ផ្ទះការប្រកួតធំៗពីរ

2026/06/08 04:29:26 pm        219
ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ​២០២៦ បាន​ប្រកាស​បើក​ជា​ផ្លូវ​ការ​គ្រា​ដែលរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាវាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹក​នាំ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា និងមធ្យមសិក្សាបច្ចេកទេសទាំងរដ្ឋ និងឯកជន ដែលបាន​ខិត​ខំជំ​រុញ​សកម្ម​ភាព​កីឡា​ក្រៅ​ម៉ោង​សិក្សា និងផ្តល់អាហារូបករណ៍ដល់កីឡាករ-កីឡាការិនី។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា សកម្មភាព​ទាំង​នេះ​គឺ​ជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិ​ការណ៍​ធំ​ៗ​ចំនួន​ពីរ គឺការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ និង​ការ​ប្រកួត​កីឡា​យុវជនអាស៊ី ឆ្នាំ២០៣១។ កំណែទម្រង់ដែលជាអាទិភាពដ៏សំខាន់ និងជាមុំមិនអាចខ្វះបាន ក្នុង​ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា។ កីឡាមិនត្រឹមតែនាំមកនូវសុខភាព និងសាមគ្គី​ភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែវាក៏ជាកម្លាំងរុញច្រានក្នុងការកសាងធនធានមនុស្សប្រកបដោយសក្តានុពល ទាំងបញ្ញាស្មារតី និងកាយសម្បទារឹងមាំ។ ការកែទម្រង់ស៊ីជម្រៅលើវិស័យកីឡា ផ្អែកលើស្មារតីនេះ វិស័យអប់រំកាយ និងកីឡា បានបោះជំហានទៅមុខមួយកម្រិតទៀត ដោយបានបន្តកំណែទម្រង់ ៤ ចំណុចចាស់ និងបន្ថែម ២ ចំណុចថ្មី បង្កើតបានជា អាទិភាពគន្លឹះកំណែទម្រង់ស៊ីជម្រៅទាំង ៦ ចំណុចផងដែរ។ ឯកឧត្តមបានអំពាវនាវយ៉ាងទទូចដល់ភាគីពាកព័ន្ធ គឺពង្រឹងក្លិបកីឡា ជំរុញឱ្យនិស្សិតម្នាក់ លេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត។ រៀបចំការប្រកួតឱ្យទៀងទាត់ បង្កើតវេទិកាវាស់ស្ទង់សមត្ថភាព និងពង្រឹងសាមគ្គីភាពក្នុងគ្រឹះស្ថានសិក្សា។ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កែលម្អទីលាន និងសម្ភារកីឡា តាមលទ្ធភាពជាក់ស្តែង និងគោលនយោបាយលើកទឹកចិត្ត ផ្តល់អាហារូបករណ៍ដល់និស្សិតដែលមានទេពកោសល្យកីឡាឆ្នើម។ យោងតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៦ របស់នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា សហការជាមួយសហព័ន្ធកីឡាជាតិទាំង១២ រៀបចំការប្រកួត ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លើ១២ប្រភេទកីឡារួមមាន កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ និងគុនដាវ ស្មើនឹង១០០វិញ្ញាសា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប១៨៧៦នាក់ ស្រី៤៧៨នាក់ អញ្ជើញមកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចំនួន៤៣ ដោយក្នុងនោះមានគ្រឹះស្ថានសិក្សាសាធារណៈចំនួន១៩ និងគ្រឹះស្ថានសិក្សាឯកជនចំនួន២៤៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM