យុវជនកងយោធពលខេមរភូមិន្ទ បន្ដទទួលឱកាសមាសចូលរួមព្រឹត្តិការណ៍អន្ដរជាតិ នៅចិន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តជាប់ជា​ប្រធាន​សហព័ន្ធ​កីឡា​ក្នុង​ទឹក​កម្ពុជា​អាណត្តិ​ទី​៨ ឆ្នាំ២០២៥-២០២៩
យុទ្ធគុនចម្រុះកម្ពុជាឈ្នះមេដាយកម្រិតទ្វីប ៣គ្រឿង ខណៈ​មន្ដ្រី​សហព័ន្ធ​ទទូច​ឲ្យ​មាន​ការ​គាំទ្រ​បន្ថែម​
Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ

ព័ត៌មានកីឡា

កៃ វ៉ាន់​ស៊ី​ដែន ចាត់​ទុក សាលី អ៊ូ​មើ​ត គឺជា​ផ្នែក​មួយ​នៃ​ជោគជ័យ​របស់​ខ្លួន​លើ​ទឹកដី​អាមេរិក

2022/10/31 05:16:18 pm        241
​ម៉ូតូ​ទឹក​៖ កីឡាករ​ម៉ូតូ​ទឹក​ជម្រើស​ជាតិ​កម្ពុជា កៃ វ៉ាន់​ស៊ី​ដែន បាន​សម្ដែង​ការ​សប្បាយ​ចិត្តជា​ខ្លាំងដែល​ដណ្ដើម​បាន​មេដាយ​មាស​ ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក​ Jet Ski World Series Season 2022 ជុំ​ទី​២ នៅ​រដ្ឋ​ Arizona ​សហរដ្ឋអាមេរិក​កាលពី​ថ្មីៗ​។ ក្នុង​នោះ​រូបគេ​បាន​បង្ហើប​ពី​បុគ្គល​សំខាន់​ម្នាក់ ដែល​ស្ថិតនៅ​ពីក្រោយ​នៃ​ភាពជោគជ័យ​លើកដំបូង​ក្នុង​អាជីព​នេះគឺ​សិស្ស​ច្បង សាលី អ៊ូ​មើ​ត​។​ ការ​លើក​ឡើង​នេះ ស្រប​ពេល កៃ វ៉ាន់​ស៊ី​ដែន បាន​ធ្វើ​ដំណើរ​មកដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២២ ដោយមាន​ការ​អញ្ជើញ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ឯកឧត្តម ណុះ ស្លេះ ប្រធាន​សហព័ន្ធកីឡា​ម៉ូតូ​ទឹក​កម្ពុជា​ផងដែរ។​ ឈាម​ថ្មី​នៃ​វិស័យ​ម៉ូតូ​ទឹក​កម្ពុជា​ដដែលបាន​គូសបញ្ជាក់ថា ការដណ្ដើម​បាន​មេដាយមាស​កម្រិត​ពិភពលោក​នេះគឺជា​ជោគជ័យ​មួយ​ដ៏​ធំ តែ​ក្នុងនោះ​ក៏​ខ្លួន​មិន​ភ្លេច​វីរៈ​កីឡាករ សាលី អ៊ូ​មើ​ត ដែល​តែងតែ​ដឹកនាំ បង្ហាត់បង្រៀន និង​គាំទ្រ​គ្រប់បែបយ៉ាងបន្ថែម​លើ​ប្រធាន​ក្លិប​ Flamingo ​លោក​ Karl Heinrich Knauf ​ទើប​ជំរុញ​ឲ្យ​ខ្លួន​សម្រេច​សមិទ្ធផល​ល្អ​ដូច្នេះ។​​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម ណុះ ស្លេះ បាន​សម្ដែង​ការអបអរសាទរចំពោះ​កីឡាករ​វ័យក្មេង កៃ វ៉ាន់​ស៊ី​ដែន ដែល​បាន​សាង​កំណត់ត្រា​ថ្មី​សម្រាប់​ខ្លួនឯង និង​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល ចំពោះ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា។ ឯកឧត្តម​ថា កន្លងមក​ធ្លាប់​តែមាន សាលី អ៊ូ​មើ​ត ក៏ដូចជា ម៉ី​ន មូ​ស្ដា​ន តែង​បង្ក​ក្ដីបារម្ភ​ដល់​គូប្រជែង តែ​ពេល​កម្ពុជា មាន​យុវជន​ជំនាន់​ថ្មី​បន្ថែមទៀត ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ដោយ​ស្មើ​មុខមាត់​លើ​ឆាក​អន្ដរជាតិ ហើយក៏​ជាស​ញ្ញាណ​វិជ្ជមាន​សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​បន្ថែមទៀត​ផងដែ​រ។​ ​គួរ​ដឹងថា ព្រឹត្តិការណ៍​ Jet Ski World Series Season 2022 ជុំ​ទី​២ នៅ​អាមេរិកកាលពីដើម​ខែតុលា​កន្ល​ង​ទៅ កម្ពុជា​បាន​បញ្ជូន​កីឡាករ ៥​រូប​ចូលរួម រួមមាន​កីឡាករ សាលី អ៊ូ​មើ​ត ជា​ប្រធាន​ក្រុម​, កីឡាករ សាលី ហ្វី​លីន​, ​ម៉ី​ន មូ​ស្ដា​ន​, ​មីន អូស្មាន់ និង​កីឡាករ កៃ វ៉ាន់​ស៊ី​ដែន។ ជា​លទ្ធផល​កីឡាករ កៃ វ៉ាន់​ស៊ី​ដែន ដណ្ដើមបាន​មេដាយមាស​លើ​វិញ្ញាសា​ Novice ski stock ​ខណៈ​កីឡាករ​ផ្សេងៗស្ថិត​ក្នុងចំណោម​បេក្ខភាព​ Top-10 ​ក្នុងចំណោម​កីឡាករ​ខ្លាំងៗ​លើ​ពិភពលោក​ចូលរួម៕​អត្ថបទ៖ លី ឈុន​ឡា

ប្រដាល់សកល​បញ្ជូន​កីឡាករ ៦​រូប​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេម

2022/10/31 05:03:58 pm        83
​ប្រដាល់៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជាបាន​បញ្ជូន​កីឡាករ ៦​រូបទៅ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​ ASBC Asian Elite Men And Women Boxing Championship ​ឆ្នាំ​២០២២ នៅ​ប្រទេស​ហ្ស៊​កដា​នី ចាប់ពី​ថ្ងៃទី​៣០ ខែតុលារហូតដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២។​ ​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​ប្រដាល់សកល​កម្ពុជាបាន​ចាក​ចេញពី​មាតុភូមិកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រោម​ការដឹកនាំ​របស់​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ ក្នុងនោះ​មាន​កីឡាករ ៤​រូបចាក​ចេញពី​កម្ពុជាគឺមាន​កីឡាករ សៅ រង្សី​, នូវ សុខ​ទី​, ទូច ដេវីត និង វ៉ែន រដ្ឋា ខណៈ ២​រូប​ទៀតដែល​ហ្វឹកហាត់ និង​ធ្វើដំណើរ​ពី​ប្រទេស​អូ​បេ​គី​ស្ថានគឺមាន​កីឡាករ ណា​ស្រេ​ឌី​នូវ អាន់​វ៉ា និង​កីឡាករ រ៉ា​ចា​ពៅ អាប់​ឌុល​ឡា។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​បញ្ជាក់ថា បេសកកម្ម​នេះគឺជា​ការធ្វើ​តេស្ដ​ដ៏​សំខាន់ សម្រាប់​កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែលជា​ការវាស់ស្ទង់​សមត្ថភាព​របស់​កីឡាករ​ម្នាក់ៗថា ​ពួកគេ​ឈានដល់​កម្រិតណា បន្ទាប់ពី​ការហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ជនជាតិ​កា​ហ្សា​ក់​ស្ថានលោក​ Kassymkhanov Berikbol Amantayevich ​ដែល​ឧបត្ថម្ភ​គាំទ្រដោយ​គណៈកម្មាធិការ​ជាតិ​ CAMSOC។​​លោក​ថា កីឡាករ​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជាពុំ​សូវ​មានឱកាស​ប្រកួត​ច្រើន ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ ហេតុនេះទើប​សហព័ន្ធ​ជំរុញ និង​ផ្ដល់ឱកាស​ឲ្យ​ពួកគេ​បាន​ចូលរួម​ប្រកួត​លក្ខណៈ​អន្ដរជាតិ ដែលជា​យុទ្ធសាស្ដ្រ​មួយ​ដ៏​សំខាន់ក្នុងការ​ពង្រឹង​បច្ចេកទេស ក៏ដូចជា​វាស់​ស្ទង់​នូវ​កម្រិត​របស់​ពួក​ពួកគេ ថា​តើ​ពួកគេ​ឈានដល់​កម្រិតណា ដើម្បី​ឲ្យ​ពួកគេ​ត្រៀមលក្ខណៈ​បន្ថែម​ឆ្ពោះទៅ​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល បានបង្ហាញ​សុទិដ្ឋិនិយម​ថា ការប្រកួត​លើក​នេះ កីឡាករ​ប្រដាល់សកល​កម្ពុជានឹង​អាចធ្វើ​បានល្អ​ជាង​ការប្រកួត​ជើង​ឯក​អាស៊ី​លើក​មុនៗ ដោយ​លោក​ជឿជាក់ពួកគេ​នឹង​អាច​យកឈ្នះ​លើ​គូប្រកួត​របស់ខ្លួន ដែលមាន​កម្រិត​បច្ចេក​ទេស​ប្រហាក់ប្រហែលគ្នាដើម្បី​កែប្រែ​ប្រវត្តិសាស្ដ្រ​របស់ខ្លួន ដ្បិត​កន្លងមកកីឡាប្រដាល់​សកល​កម្ពុ​ជាពុំ​ធ្លាប់​ទទួលបាន​មេដាយ​កម្រិត​អាស៊ី​នោះទេ៕​អត្ថបទ៖ លី ឈុន​ឡា

ម៉ិ​ក​ស៊ិ​ក​ចុះ​កិច្ចព្រមព្រៀង​ថ្មី​រៀបចំ F1 ដល់​ឆ្នាំ​២០២៥

2022/10/28 10:20:22 pm        75
​ប្រណាំង​រថយន្ត៖ ​ទីក្រុង Mexico City ប្រទេស​ម៉ិ​ក​ស៊ិ​ក​នឹង​បន្ត​រៀបចំ​ព្រឹត្តិការណ៍ F1 ពិភពលោក​ដល់​ឆ្នាំ២០២៥ បន្ទាប់ពី​ភាគី​ទាំងពីរ​ម៉ិ​ក​ស៊ិ​ក និង F1 បាន​ចុះ​កិច្ចព្រមព្រៀង​។​ ​កាលវិភាគ​មិន​ខុសពី​ឆ្នាំ​នេះ​ឡើយ Mexican Grand Prix ក្នុង​កិច្ចព្រមព្រៀង​ថ្មី​ចាប់ពី​ឆ្នាំក្រោយ​ក៏​នឹង​បន្ត​រៀបចំ​នៅក្នុង​ខែ​តុលា​នេះដែរ​ពីថ្ងៃ​ទី២៧ ដល់ ២៩ ខែតុលា ​ឆ្នាំ២០២៣​។ ​​ម៉ិ​ក​ស៊ិ​កបាន​ត្រលប់មក​រៀបចំ F1 សាជាថ្មី​កាលពី​ឆ្នាំ២០១៥ បន្ទាប់ពី​ខកខាន​តាំងពី​ឆ្នាំ១៩៩២​។ ​ជា​ធម្មតា F1 នៅ​ម៉ិ​ក​ស៊ិ​ក​តែងតែ​ស្ថិតក្នុង​សប្តាហ៍ ​បន្ទាប់ពី​ការប្រកួត​នៅ​ទីក្រុង​តិច​សាស​សហរដ្ឋអាមេរិក​។ ​F1 ចុង​សប្តាហ៍​នេះ​នៅលើ​ទឹកដី​ម៉ិ​ក​ស៊ិ​កមិនមែនជា​ការប្រកួត​ដ៏​តានតឹង​អ្វី​ទៀត​ឡើយ បន្ទាប់​ពី​អ្នកបើកបរ​ជើងឯក​ពិភពលោក​បាន​រកឃើញ​ហើយ​គឺ Max Verstappen ខណៈ​ក្រុម​ស្ថាបនិក​ជើងឯក​ពិភពលោក​រក​ឃើញ​សប្តាហ៍​មុន​ នៅ​ទឹកដី​អាមេរិក​គឺ​ក្រុម​ប្រណាំង Red Bull៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Park Hang-seo ថា​នឹងមិន​ដឹកនាំ​នៅ​វៀតណាម ​រឺ​កូរ៉េ​ឡើយ​ក្រោយ​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​

2022/10/28 09:56:04 pm        112
​បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុម​ជំរើសជាតិ​វៀតណាម​ដែល​ជោគជ័យ​បំផុត​លោក Park Hang-seo បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ពី​គម្រោង​ចាក​ចេញពី​តំណែង​ នៅក្រោយ​ចប់​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ AFF Championship​។ ​​​ជាមួយនឹង​ការចាកចេញ​នេះ និយាយ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន CBS របស់​កូរ៉េ​លោក Park បាន​បង្ហើប​ថា​ លោក​នឹង​អាចដឹកនាំ​ក្រុម​ផ្សេងៗ តែ​មិនមែន​ក្លិប​នៅ​វៀតណាម រឺ​កូរ៉េ​ខាង​ឡើយ​។ ​លោក​បាន​បន្តថា នេះ​គ្រាន់តែ​ជា​គំរោង​នៃ​ការគិត​របស់លោក​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​គ្មាន​ផែនការ​ជាក់លាក់​ បន្ទាប់ពីចាក​ចេញពី​ក្រុម​វៀតណាម​នោះឡើយ ពោលគឺ​ផ្តោតអារម្មណ៍​ដឹកនាំ​ក្រុម​ជម្រើសជាតិ​វៀតណាម​ ឱ្យ​ជោគជ័យ​នៅ​ព្រឹត្តិការណ៍ AFF Championship សិន​។​​គ្រូបង្វឹក​សញ្ជាតិ​កូរ៉េ​រូបនេះ​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​វៀតណាម​លើក​ពាន AFF Championship ឆ្នាំ២០១៨, ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ AFC Asian Cup ២០១៩ និង​ដឹកនាំ​ក្រុម​វៀតណាម​ឡើងដល់​ជុំ​ទី៣ នៃ​វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក​តំបន់​អាស៊ី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​វៀតណាម​។ ​​លោក Park Hang-seo ដែលជា​គ្រូបង្វឹក​ដែលមាន​ប្រជាប្រិយភាព​មួយ​នៅ​វៀតណាម​នោះ ក៏បាន​ដឹកនាំ​វៀតណាម​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេម ២លើក​ផងដែរ​ក្នុងការ​ដឹកនាំ​ក្រុម​អាយុ​ក្រោម ២៣ឆ្នាំ​។ ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ AFF Championship ២០២២ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២០ ខែធ្នូ​បញ្ចប់​នៅ​ថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០២៣៕​អត្ថបទ​៖​នាង សុភា​វុ​ធ

របួស​កីឡាករ Arsenal ម្នាក់ និង​ស្លាប់​ម្នាក់​ក្នុង​ហេតុការណ៍​អុកឡុក​ដោយ​ជន​មាន​បញ្ហា​ផ្លូវចិត្ត​នៅ​ទីក្រុង Milan

2022/10/28 07:40:41 pm        130
​បាល់ទាត់៖ ​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​មួយចំនួន​ក្នុង​ហេតុការណ៍​អុកឡុក​ ដោយ​បុរស​ម្នា​ក់នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង Milan ប្រទេស​អ៊ីតាលី​។ ​របាយការណ៍​ព័ត៌មាន​ក្នុងស្រុក​ឱ្យដឹងថា បុរស​វ័យ ៣០​ឆ្នាំ​ជា​អ្នក​គិតលុយ​ក្នុង​ផ្សារ​ទំនើប​បាន​បាត់​បង់​ជីវិត​ នៅពេល​បុរស​ម្នាក់​ចាប់ផ្តើម​អុកឡុក​ក្នុង​ផ្សារ​ទំនើប Carrefour នៅ​ទីក្រុង Milan​។ ​​ក្នុង​ចំណោម​អ្នក​ដែលមាន​របួស​នោះ​ក៏មាន​កីឡាករ Pablo Mari ដែលជា​កីឡាករ​របស់ Arsenal ខ្ចី​ជើង​លេង​ឱ្យ​ក្លិប​អ៊ីតាលី Monza​។ ​កីឡាករ​វ័យ ២៩ឆ្នាំ​ខ្សែការពារ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​មិនមាន​របួស​អ្វី​ធ្ងន់ធ្ងរ​ឡើយ គ្រាន់​តែមាន​ស្នាម​កាំបិត​នៅ​ខ្នង​។ ​Pablo Mari និង​ភរិយា​រួមជាមួយ​នឹង​កូន​បាន​ស្ថិតក្នុង​ផ្សារ​ទំនើប​នោះ​ អំឡុងពេល​កើតហេតុ​។ ជនដៃដល់​វ័យ ៤៦​ឆ្នាំ​ត្រូវបាន​គេ​ឱ្យដឹងថា​ មាន​បញ្ហា​ផ្លូវចិត្ត​ត្រូវ​បាន​ប្រជាជន​នៅ​ទីនោះ​ចាប់​ឃាត់ខ្លួន និង​ប្រគល់​ជូន​សមត្ថកិច្ច​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អារ៉ាប៊ីសាអ៊ូឌីត​នឹង​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត Spanish Super Cup លើក​ទី​៣ នៅ​ខែមករា​ខាងមុខ​

2022/10/28 07:12:35 pm        91
​បាល់ទាត់៖ ​ការប្រកួត​ពានរង្វាន់ Spanish Super Cup នឹង​រៀបចំ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​សាជាថ្មី​នៅ​ខែមករា​ ឆ្នាំ២០២៣ ខាងមុខ នេះ​បើ​សេចក្តីប្រកាស​របស់​សហ​ព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​ ​​រដ្ឋធានី Riyadh ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នឹង​ទទួល​ស្វាគមន៍​ក្លិប​អេ​ស្ប៉ា​ញ​ចំនួន ៤ រួមមាន Real Madrid, Valencia, Real Betis និង Barcelona ក្នុងការ​ប្រកួត​ដណ្តើម​ជើងឯក​។ ​នេះ​ជា​លើក​ទី៣ ហើយ​ដែល​អារ៉ាប៊ីសាអ៊ូឌីត​ទទួល​រៀបចំ​ការប្រកួត​ពានរ​ង្វាន់ Spanish Super Cup នេះ​ក្រោមកិច្ចព្រមព្រៀង​ដែលមាន​រយៈពេល​ដល់​ឆ្នាំ២០២៩​។ ​Real Madrid គឺជា​ក្រុម​ការពារ​តំណែង​ជើងឯក​បន្ទាប់ពី​យកឈ្នះ Athletic Bilbao ២-០ កាលពីដើមឆ្នាំ២០២២ នេះ​។ ​Real Madrid នឹងត្រូវ​ជួប​ជាមួយ Valencia ខណៈ Real Betis ជួប Barcelona ដើម្បី​រក​ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី១៥ ខែមករា ​ឆ្នាំ២០២៣ ខាងមុខនេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឯកឧត្តម ថោង ខុន ជំរុញ​កីឡា​កាយសម្ព័ន្ធ​ចូលរួម​ប្រកួត​អន្ដរជាតិ ដើម្បី​សម្រេច​សន្ទស្សន៍​មេដាយ​មាស​ស៊ី​ហ្គេម​

2022/10/28 06:25:32 pm        85
​កាយសម្ព័ន្ធ៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ជំរុញ​កីឡាករ​-​កីឡាការិនី​កាយសម្ព័ន្ធចូលរួម​ប្រកួត​លក្ខណៈ​អន្ដរជាតិ​ឲ្យ​បាន​ច្រើន មុន​ឈានដល់​ការប្រកួតកីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដើម្បី​ឈានទៅ​សម្រេច​ស​ន្ទ​ស្សន៍​មេដាយមាស​យ៉ាងតិច ១​គ្រឿងក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ។​ ​នេះ​បើ​យោងតាម​ប្រសាសន៍​របស់​ឯកឧត្តម នៅ​ពិធី​បិទ​ការប្រកួត​កីឡា​កាយសម្ព័ន្ធ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន លើក​ទី​៦ ឆ្នាំ​២០២២ កាល​ល្ងាច​ថ្ងៃទី​២៧ ខែតុលា​នេះ បន្ទាប់ពី​ដំណើរការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជិត ១​សប្ដាហ៍​កន្លងទៅនៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​កីឡាករ​-​កីឡាការិនី​ចំនួន ៦៤​នាក់​មកពី ៥​ក្រសួង និង​ខេត្ត​ចូលរួម។​ ​ឆ្លៀតឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ដ្រី​បានផ្ដល់​អនុសាសន៍ ៥​ចំណុច ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​មួយ​នេះ ឆ្ពោះទៅរក​ភាព​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព ពិសេស​ដើម្បី​សម្រេច​ស​ន្ទ​ស្សន៍​មេដាយមាស​យ៉ាងតិច ១គ្រឿង​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​ដាក់ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក្នុងនោះ​ឯកឧត្តម​បាន​សង្កត់ធ្ងន់ ពាក់ព័ន្ធ​ការបញ្ជូន​កីឡាករ​-​កីឡាការិនី​ចូលរួម​ប្រកួត​អន្ដរជាតិ​តែម្ដង។​​ឯកឧត្តម​បណ្ឌិត ថោង ខុន បញ្ជាក់ថា កីឡាករ​-​កីឡាការិនីត្រូវ​ប​ញ្ចូ​ន​ចូលរួម​ប្រកួត​លក្ខណៈ​អន្ដរជាតិឲ្យ​បាន​ច្រើន ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេស និង​បទពិសោធន៍មុន​ស៊ី​ហ្គេម​ក​ដល់ ពិសេស​គឺ​ដកស្រង់​បទពិសោធន៍ដែល​កីឡា​កាយសម្ព័ន្ធ​កម្ពុជា សម្រេចបាន​ក្នុងការ​ប្រកួត​ស៊ី​ហ្គេមនៅ​វៀតណាម និង​ការប្រកួត​ជើងឯក​អាស៊ីនៅ​ថៃនាពេល​កន្លងមក ដើម្បី​ឆ្ពោះទៅ​សម្រេច​គោលដៅដែល​សហព័ន្ធ​បានដាក់​នា​ឆ្នាំ​២០២៣។​ ​ក្នុង​អនុសាសន៍​ដដែល ឯកឧត្តម​ក៏បាន​ជំរុញ​ឲ្យ​ពង្រឹងសមត្ថភាព​អាជ្ញាកណ្ដាល ចៅក្រម មន្ដ្រី​បច្ចេកទេសឲ្យ​កាន់តែ​ប្រសើរ ទាំង​បរិមាណ និង​គុណភាព តាមរយៈ​ការបញ្ជូន​ចូលរួម​ព្រឹត្តិការណ៍​ជាតិ និង​អន្ដរជាតិ​នានា ដើម្បី​បង្កើត​ន​សមត្ថភាព​ត្រៀម​រៀបចំ​ការប្រកួតកីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា ​ឲ្យ​ទទួលបាន​ជោគជ័យ​ផងដែរ។​​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការប្រកួត​អន្ដរជាតិ សហព័ន្ធ​ពុំមាន​បំណង​រៀបចំ​ការប្រកួត​ក្នុងស្រុក​នោះទេ តែ​សហព័ន្ធ​បាន​ប្ដេជ្ញា​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចូលរួម​ប្រកួត​អន្ដរជាតិ​នៅក្រៅ​ស្រុក​ឲ្យ​បាន​ច្រើន​បំផុត រាល់ពេល​មានការ​ប្រកួត​នានា ដើម្បី​ធានាបាន​នូវ​ការពង្រឹង​សមត្ថភាព បច្ចេកទេស និង​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ ដើម្បី​ឆ្ពោះទៅ​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​ដោយឡែក​ពាក់ព័ន្ធ​ការប្រកួត​ជើង​ឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន ឆ្នាំនេះគឺ​បានធ្វើ​ការប្រកួត​លើ ១៣​វិញ្ញាសាដែលជា​ផែនការ​មួយ​ឆ្ពោះទៅ​ស៊ី​ហ្គេម។ ជា​លទ្ធផល​ក្រុមកីឡា​កាយសម្ព័ន្ធមកពី​ក្លិប​ក្រសួងមហាផ្ទៃ ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ១០​គ្រឿង (​មាស ៥ ប្រាក់ ៣ និង​សំរឹទ្ធ ២), ខេត្ដ​ក្រចេះឈរ​លេខ​២ ដណ្ដើមបាន​មេដាយ​សរុប ១១​គ្រឿង (​មាស ៤ ប្រាក់ ៣ និង​សំរឹទ្ធ ៤) និង​ខេត្តកំពង់ឆ្នាំងឈរ​លេខ​៣ ដណ្ដើម​បា​ន​មេដាយ​សរុប ១២​គ្រឿង (​មាស ៣, ប្រាក់ ៧ និង​សំរឹទ្ធ ២)៕អត្ថបទ៖ លី ឈុន​ឡា

Ronaldo ស៊ុត​គ្រាប់​ទី​៧០១ ជាមួយ​ក្លិប​អាជីព ​ខណៈ Man Utd ឈ្នះ Sheriff Tiraspol នៅ Europa League

2022/10/28 06:03:46 pm        90
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បាន​ត្រលប់មក​ចាប់ផ្តើម ១១នាក់​ដំបូង​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ឡើងវិញ និង​រកបាន​គ្រាប់​ទី៧០១ ជាមួយ​ក្លិប​អាជីព​ក្នុង​ជ័យជំនះ ៣-០ លើ Sheriff Tiraspol នៅ​ក្របខណ្ឌ UEFA Europa League​។ ​​បន្ទាប់ពី​ត្រូវបាន​កាត់​ចេញពី​បញ្ជី​ឈ្មោះ​ពេល Manchester United ស្មើ​នៅ​ទឹកដី Chelsea សប្តាហ៍​មុន ជាមួយនឹង​មួយ​សប្តាហ៍​ដែល​ពេញ​ដោយ​បញ្ហា​នោះ Cristiano Ronaldo មានឱកាស​ជាច្រើន​តែ​មិនមាន​សំណាង​។ ​​Diogo Dalot និង Marcus Rashford រកបាន​ម្នា​ក់មួយ​ក្នុង​មុនពេល​ដែល​កីឡាករ​វ័យ ៣៧ឆ្នាំ Cristiano Ronaldo ស៊ុត​បញ្ចូល​ទី​បានសំរេច​នៅ​នាទី​ទី៨១ ដោយ​ការបញ្ជូន​ពី Bruno Fernandes​។ ​​លទ្ធផល​នេះ​ធ្វើឱ្យ Manchester United បន្ត​ឈរ​លេខ២ ក្នុង​ពូ​ល E តាម​ពីក្រោយ Real Sociedad ៣ពិន្ទុ មានន័យថា​ ក្រុម​ទាំងពីរ​នឹងត្រូវ​សម្រេច​ថា​ក្រុម​ណា​ឈរ​លេខ១ នៅ​ពេល​ជួបគ្នា​សប្តាហ៍​ក្រោយ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​។​​Manchester United ត្រូវការ​ឈ្នះ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​លើសពី ២គ្រាប់​ដើម្បី​ឈរ​លេខ១ ក្នុង​ពូ​ល បើ​មិន​ដូច្នោះ​ទេ​នឹង​បញ្ច​ប់ពូ​ល​ឈរ​លេខ២ ដែល​នឹងត្រូវ​លេង Play-Off ជាមួយ​ក្រុម​ដែល​ធ្លាក់​ពី UEFA Champions League​។ ​​ងាក​មក​ក្រុម​កាំភ្លើង​ធំ Arsenal វិញ​បាន​រង​បរាជ័យ​នៅ​ទឹកដី​ហូ​ឡង់ PSV Eindhoven ២-០ ដែល​ធ្វើឱ្យ Arsenal ខកខាន​ធានា​កៅអី​លេខ១ ក្នុង​ពូ​ល​។ ​​Arsenal កំពុង​នាំមុខគេ​ក្នុង​ពូ​ល A នេះ​នាំមុខ​ក្រុម​លេខ២ PSV ២ពិន្ទុ​មានន័យថា Arsenal ត្រូវការ​ឈ្នះ​ពេល​ទទួល​ក្រុម​ស្វីស FC Zurich សប្តាហ៍​ក្រោយ​នៅ Emirate Stadium៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រសួង​អប់រំ​ជំរុញ​ការ​អនុវត្តន៍​ម៉ោង​អប់រំ​កាយ និង​កីឡា​ឲ្យ​បាន ២​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​

2022/10/28 05:52:08 pm        69
​កីឡា៖ ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ជំរុញ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិមាន​មន្ទីរអប់រំ យុវជន និង​កីឡា គ្រប់​រាជធានី-ខេត្តទាំង ២៥ និង​ថ្នាក់ក្រុង ស្រុក ខណ្ឌ ត្រូវ​អនុវត្តន៍​ម៉ោង​អប់រំ​កាយ និង​កីឡា​ឲ្យ​បាន ២​ម៉ោងក្នុង​មួយ​សប្ដាហ៍ ដើម្បី​ជំរុញ​ឲ្យ​សកម្មភាព​អប់រំ​កាយ និង​កីឡានៅតាម​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​ឧ​ត្ត​ម​សិក្សា​កាន់តែ​មានការ​រីក​ចម្រើន និង​ប្រសិទ្ធភាព​ខ្ពស់។​ ​នេះ​បើតាម​ការបញ្ជាក់​របស​លោក ដួង មាស​ចំរើន អគ្គនាយករងនៃ​អគ្គនាយកដ្ឋាន​កីឡា ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលាស្ដីពី​ការរៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​កាយសម្បទា​អាស៊ាន​ពី​អាយុ ៧ ដល់ ២៤​ឆ្នាំនៅ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​ឧ​ត្ត​មសិ​ក្សាកាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២ បន្ទាប់ពី​ដំណើរការ​រយៈពេល ២​ថ្ងៃនៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រោម​កា​រៀបចំ​របស់​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា។​ ​ក្នុងនាម​ក្រសួង​អប់រំ លោក​បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ដល់​មន្ដ្រី​ទទួលបន្ទុក​អប់រំ​កាយ និង​កីឡា​ថ្នាក់ក្រោម​ជាតិឲ្យ​បាន​យល់​ពី​គុណ​តម្លៃ នៃ​មុខវិជ្ជា​អប់រំ​កាយ និង​កីឡា និង​ការរៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​កាយសម្បទា​អាស៊ាន ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ស្ដង់ដារ​របស់​អាស៊ានឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​គ្រប់​ជ្រុងជ្រោយនៅតាម​គ្រឹះស្ថានសិក្សា​ទាំងបី​កម្រិត។​​លោក​បាន​បញ្ជាក់ថា ក្រសួង​រៀបចំ​វគ្គ​សិក្ខាសាលា​នេះ​តែមួយ​លើក​គត់​ដល់​ថ្នាក់ក្រោម​ជាតិ ដោយ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត ត្រូវអនុវត្ត​បន្ដ​ពី​ក្រសួង​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​អនុវត្តតាម​ការណែនាំ​ដូចជា​៖១-​ត្រូវ​ជ្រើសរើស​គ្រូឧទ្ទេស​ថ្នាក់​រាជធានី ខេត្ត ដោយ​ជ្រើស​រើ​ចេញពី​សាលា​កម្រង​មួយ ដែល​នាយក នាយិកា មានការ​គ្រប់គ្រង​ល្អ ទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ​អប់រំ​កាយ និង​កីឡា ព្រមទាំង​គ្រូ​គ្រប់​កម្រិតដែលមាន​ឧបនិស្ស័យ​មក​បំប៉ន ដើម្បី​ក្លាយជា​គ្រូឧទ្ទេស​ថ្នាក់ក្រុង ស្រុក​របស់ខ្លួន។​២-​គ្រូ​ឧ​ទ្ទេស​មុខវិជ្ជា​អប់រំ​កាយ និង​កីឡា​ថ្នាក់ក្រុង ស្រុក ខណ្ឌ មាន​ភារកិច្ច​បង្រៀន​ប​ន្ដ​ទៅ​សាលា​កម្រង​ដែលមាន​នៅក្នុង​ក្រុង ស្រុក ខណ្ឌ​របស់ខ្លួន ដោយ​ឲ្យ​ពួកគាត់​ក្លាយជា​គ្រូឧទ្ទេស​ថ្នាក់​ក្រង បន្ទាប់មក​ពួកគាត់​យកចំណេះ​ដឹង​នេះ ទៅ​បង្រៀន​ដល់​លោកគ្រូ​-​អ្នកគ្រូនៅ​សាលា​កម្រង​របស់គាត់​ផ្ទាល់។​៣-​គ្រូឧទ្ទេស​ថ្នាក់​កម្រងមាន​ភារកិច្ច​កោះហៅ​សាលា​ឧបសម្ព័ន្ធ ​មក​បំប៉ន​ឲ្យ​ពួកគាត់​ក្លាយជា​គ្រូឧទ្ទេស​ថ្នាក់​សាលា​សម្ព័ន្ធ ​បន្ទាប់មក​ពួកគាត់​យកចំណេះ​ដឹង​នេះទៅ​បង្រៀន​ដល់​លោកគ្រូ អ្នកគ្រូ នៅ​សាលា​សម្ព័ន្ធ​របស់គាត់​ផ្ទាល់។​៤-​ខេត្ត​ដែលមាន​គ្រូឧទ្ទេស​ភូមិភាគ ដែល​ជ្រើសរើស​ដោយ​គ្រូឧទ្ទេស​ថ្នាក់ជាតិ សហការ​ជាមួយ​អង្គការ​បេះដូង​មាស ឲ្យ​ពួកគាត់​ជា​អ្នកសម្របសម្រួល ឬ​ជា​គ្រូឧទ្ទេស​សហការ​ជាមួយ​គ្រូឧទ្ទេស​ថ្នាក់ក្រុង ស្រុក អនុវត្តន៍​ការងារ​នេះ ។​៥-​ការពិនិត្យ​តាមដាន និង​វាយតម្លៃ ក្រសួង​សហការ​ជាមួយ​មន្ទីររាជធានី​-​ខេត្តចុះ​ពិនិត្យ​សកម្មភាព​បង្រៀន​របស់​គ្រូ និង​ការរៀន​របស់​សិស្ស​ជាប្រចាំ រៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​ជា​រៀងរាល់​ដើមឆ្នាំ​សិក្សា​ឲ្យ​បាន​រួចរាល់ បញ្ជូន​ទិន្នន័យ​នោះមក​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ក្រុង ស្រុក ខណ្ឌ ចំណែក​ក្រុង ស្រុក ខណ្ឌ ធ្វើការ​ពិនិត្យ​រួចរាល់​បញ្ជូន​ទិន្នន័យ​នោះមក​ការិយាល័យ​ជំនាញ​មន្ទីរ។​​ភារកិច្ច​ទាំងអស់នេះត្រូវអនុវត្តន៍​ជា​ប្រព័ន្ធ ហើយ​គ្រប់​មន្ទីរអប់រំ យុវជន និង​កីឡាគ្រប់​រាជធានី​-​ខេត្តត្រូវ​បន្ដការងារ​នេះ​ពី​ក្រសួង ដោយ​តម្រូវ​ឲ្យ​អនុវត្តន៍​ឲ្យ​ទទួលបាន​ជោគជ័យ ដោយ​លើក​យក​យុទ្ធសាស្ដ្រ​ទាំងអស់នេះទៅ​អនុវត្តន៍​នៅក្នុង​គ្រឹះស្ថាន​បឋមសិក្សា មធ្យមសិក្សា​ចំណេះ​ទូទៅ និង​ឧ​ត្ត​មសិក្សា។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក ដួង មាស​ចំរើន៕​អត្ថបទ៖ លី ឈុន​ឡា

កីឡា​វាយ​សី​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ ដើម្បី​បង្កើន​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេម​

2022/10/28 05:26:17 pm        106
​កីឡា​វាយ​សី​៖ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជាបានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល ចៅក្រមកម្រិត​អន្ដរជាតិឆ្នាំ​២០២២ ដើម្បី​ជំរុញ និង​បង្កើន​សមត្ថភាព​មន្ដ្រី​បច្ចេកទេស​កម្ពុជា ឆ្ពោះទៅរក​ការរៀបចំ​ការប្រកួត​អន្ដរជាតិ ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​នាពេល​ដ៏​ខ្លី​ខាងមុខ។​​ឯកឧត្តម ជាម សុភា អគ្គលេខា​ថិ​ការ​សហព័ន្ធបាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​២ ហើយដែល​សហព័ន្ធ​បានរៀបចំវគ្គ​បណ្ដុះបណ្ដាល​កម្រិត​អន្ដរជាតិ​នេះ​ឡើង ក្នុង​គោលបំណង​ជំរុញ​អាជ្ញាកណ្ដាល ចៅក្រម​កីឡា​វាយ​សី​កម្ពុជាបោះជំហាន​ទៅកាន់​អន្ដរជាតិ ពិសេស​ត្រៀម​ចូលរួម​កាត់សេចក្ដី អំឡុងពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមនា​ឆ្នាំ​២០២៣។​​​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​អ​ជ្ញា​កណ្ដាល ចៅក្រម កីឡា​វាយ​សីកម្រិត​អន្តរជាតិដែល​រៀបចំ​ដោយសហព័ន្ធ​កីឡា​វាយ​សី​កម្ពុជាមាន​រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដោយមាន​សិក្ខាកាម​ចូលរួម​សរុប ៤៨​នាក់ សិក្សា​ទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់ ដែល​បង្រៀន​ដោយ​គ្រូឧទ្ទេស​លោកស្រី​ YAU LIN NA ​មកពី​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកLula អាយុ៨០ឆ្នាំ របស់ប្រេស៊ីល ទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីលើកទី៧
08/03/2026 12:08 PM
ប្រជាជនអេស្ប៉ាញ ទៅប្រមូលផ្តុំគ្នានៅទីក្រុងម៉ាឌ្រីដ ជុំវិញបញ្ហាតំបន់ហ៊ុមព័ទ្ធអាហ្វ្រិកខាងជើង
08/03/2026 12:08 PM
ខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស ១៤ នាក់នៅខាងក្រៅប៉ុស្តិ៍នគរបាលមួយក្នុងប្រទេសប៉ាគីស្ថាន
08/03/2026 12:08 PM
យុវជនកងយោធពលខេមរភូមិន្ទ បន្ដទទួលឱកាសមាសចូលរួមព្រឹត្តិការណ៍អន្ដរជាតិ នៅចិន
08/03/2026 12:08 PM
ការវាយប្រហារដោយយានដ្រូនរបស់កងទ័ពស៊ូដង់នៅ Darfur បានសម្លាប់មនុស្សជាង៣០នាក់
08/03/2026 11:08 AM
អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យកម្ទេចសំណង់អនាធិបតេយ្យរំលោភចូលទន្លេសាប និងព្រមានមន្ត្រីពាក់ព័ន្ធ
08/03/2026 11:08 AM
នគរបាលអេស្ប៉ាញបំបែកការប្រមូលផ្ដុំជនអន្តោប្រវេសន៍មកពីម៉ារ៉ុកនៅទីក្រុងសេអ៊ូតា ខណៈពលរដ្ឋតវ៉ាប្រឆាំងការចូលទឹកដីពួកគេ
08/03/2026 11:08 AM
[UPDATE] រដ្ឋមួយចំនួនរបស់ឥណ្ឌា គ្របដណ្ដប់ដោយទឹកជំនន់ ខណៈអ្នកស្លាប់ឡើងដល់ជិត១០០នាក់
08/03/2026 11:08 AM
គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹងអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលាដល់ថ្ងៃទី៣០ ខែវិច្ឆិកា នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន
08/03/2026 11:08 AM
ប្រធានសហព័ន្ធស្រូវអង្ករ៖ ការនំាចេញកម្ពុជាក្នុងឆ្នាំ២០២៦នេះ នឹងអាចសម្រេចបាន ១ លានតោន
08/03/2026 11:08 AM