វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

ព័ត៌មានកីឡា

Joao Gomes ចូលរួមជាមួយ Aston Villa ផ្ទេរពី Wolves តម្លៃ ៣៨លានផោន

2026/07/21 11:02:22 pm        172
ក្លិបបាល់ទាត់ Aston Villa បានប្រកាសជាផ្លូវការពីការចុះហត្ថលេខាយកខ្សែបម្រើ Joao Gomes ពីក្លិប Wolverhampton Wanderers ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃសរុប ៣៨លានផោន។បើតាមការចុះផ្សាយដោយសារព័ត៌មានអង់គ្លេស BBC ថា Villa នឹងបង់ថ្លៃផ្ទេរដំបូង ៣៤លានផោន ខណៈ ៤លានផោន បន្ថែមទៀតអាស្រ័យលើលក្ខខណ្ឌ និងសមិទ្ធផលនាពេលអនាគត។មុននេះតែប៉ុន្មានថ្ងៃ Aston Villa ក៏បានបំបែកកំណត់ត្រាផ្ទេរកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លិប ដោយចំណាយជាង ៥០លានផោន ដើម្បីនាំយកខ្សែបម្រើ Johan Manzambi ពី Freiburg ខណៈពួកគេបានយកឈ្នះ Newcastle ក្នុងការប្រជែងចុះហត្ថលេខាលើកីឡាករសញ្ជាតិស្វ៊ីសរូបនេះ។ការមកដល់របស់ Gomes កើតឡើងបន្ទាប់ពី Aston Villa ជួបបញ្ហានៅតំបន់បម្រើ ដោយ Amadou Onana ត្រូវអវត្តមានរហូតដល់ឆ្នាំក្រោយ ក្រោយរងរបួសជង្គង់ធ្ងន់ធ្ងរពេលបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកនៅ World Cup។លើសពីនេះ Villa ក៏បានលក់ចេញខ្សែបម្រើ Youri Tielemans ទៅកាន់ Manchester United ក្នុងតម្លៃ ៣៥លានផោន ខណៈ Morgan Rogers ក៏ត្រៀមចាកចេញផងដែរ បន្ទាប់ពីក្លិបបានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរមានតម្លៃ ១១៧លានផោន ជាមួយ Chelsea។Joao Gomes បានបង្ហាញខ្លួន ៤១ប្រកួត ឱ្យ Wolves កាលពីរដូវកាលមុន និងទទួលបានពាន កីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លិប បើទោះបីជា Wolves បញ្ចប់រដូវកាលនៅបាតតារាង Premier League ក៏ដោយ។ចាប់តាំងពីផ្ទេរមកពីក្លិប Flamengo នៅឆ្នាំ២០២៣ Gomes បានបង្ហាញខ្លួនសរុប ១៣០ប្រកួត ឱ្យ Wolves និងស៊ុតបញ្ចូលទីបាន ៧គ្រាប់៕ អត្ថបទ៖នាង សុភាវុធ 

អតីតប្រធានក្រុម និងអតីតអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស Kevin Keegan ទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ

2026/07/21 09:58:40 pm        91
អតីតប្រធានក្រុម និងអតីតអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Kevin Keegan បានទទួលមរណភាពហើយក្នុងវ័យ ៧៥ ឆ្នាំ។ ដំណឹងដ៏ក្រៀមក្រំនេះត្រូវបានប្រកាសដោយក្លិប Newcastle United កាលពីថ្ងៃចន្ទ។កាលពីខែមករា កន្លងទៅ ក្រុមគ្រួសាររបស់ Keegan និងក្លិប Newcastle United បានបញ្ជាក់ថា លោកកំពុងទទួលការព្យាបាលជំងឺមហារីក ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតអំពីស្ថានភាពជំងឺឡើយ។ រហូតដល់ខែមិថុនា លោកបានបង្ហើបថា លោកកំពុងប្រឈមនឹងជំងឺមហារីកដំណាក់កាលទី៤។នៅក្នុងសេចក្តីថ្លែងការណ៍ Newcastle បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដោយលើកឡើងថា៖ «យើងមានទុក្ខយ៉ាងក្រៀមក្រំចំពោះការទទួលមរណភាពរបស់ Kevin Keegan ដែលជាបុគ្គលដ៏លេចធ្លោ មានឥទ្ធិពល និងជាទីស្រឡាញ់បំផុតម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប»។Keegan គឺជាតារាបាល់ទាត់ដ៏មានភាពលេចធ្លោម្នាក់របស់អង់គ្លេស។ ក្នុងអាជីពជាកីឡាករ លោកបានឈ្នះពានរង្វាន់ជាច្រើនជាមួយ Liverpool មុនពេលផ្លាស់ទៅលេងឱ្យ Hamburg នៅប្រទេសអាល្លឺម៉ង់ និងបន្តបង្ហាញទម្រង់លេងដ៏អស្ចារ្យ។ សមិទ្ធផលរបស់លោកបានធ្វើឱ្យលោកឈ្នះពានរង្វាន់ Ballon d'Or ពីរឆ្នាំជាប់គ្នា នៅឆ្នាំ១៩៧៨ និង១៩៧៩។សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស លោកបានបង្ហាញខ្លួនចំនួន ៦៣ ប្រកួត និងស៊ុតបញ្ចូលទីបាន ២១ គ្រាប់ ក្នុងអំឡុងឆ្នាំ១៩៧២ ដល់១៩៨២។បន្ទាប់ពីបញ្ចប់អាជីពជាកីឡាករ Keegan បានចូលប្រឡូកក្នុងការងារជាគ្រូបង្វឹក និងអ្នកចាត់ការ ដោយបានដឹកនាំ Newcastle United ឱ្យក្លាយជាក្រុមប្រជែងពានរង្វាន់ Premier League ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ មុនពេលបន្តកាន់តំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស។មរណភាពរបស់ Kevin Keegan ត្រូវបានចាត់ទុកថា ជាការបាត់បង់ដ៏ធំមួយសម្រាប់វិស័យបាល់ទាត់អង់គ្លេស ខណៈលោកនឹងត្រូវបានចងចាំជានិច្ចក្នុងនាមជាវីរបុរស៕ អត្ថបទ៖នាង សុភាវុធ 

Messi បង្ហាញអារម្មណ៍លើបណ្តាញសង្គមក្រោយអាហ្សង់ទីនចាញ់អេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ

2026/07/21 09:39:42 pm        160
កំពូលខ្សែប្រយុទ្ធ Lionel Messi បានបង្ហោះសារតាមបណ្ដាញសង្គម Instagram បង្ហាញ​ពី​អារម្មណ៍​សោក​ស្តាយ បន្ទាប់ពីក្រុមជម្រើសជាតិអាហ្សង់ទីន បរាជ័យក្រោមថ្វី​ជើង​អេស្ប៉ាញ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​បាល់ទាត់ពិភពលោក។នៅក្នុងសាររបស់ខ្លួន Messi បានសរសើរការខិតខំប្រឹងប្រែងរបស់មិត្តរួមក្រុម និងចាត់ទុក​ការ​ឈាន​ដល់​វគ្គផ្តាច់ព្រ័ត្រ World Cup ពីរលើកជាប់ៗគ្នា ជាសមិទ្ធផលដ៏អស្ចារ្យ។Messi បានសរសេរថា៖ «ការឈឺចាប់គឺធំធេងណាស់ ហើយវា​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ឱ្យ​របួស​ផ្លូវ​ចិត្ត​នេះ​ជា​សះស្បើយ។ ប៉ុន្តែខ្ញុំនឹងរក្សាទុករាល់អនុស្សាវរីយ៍ល្អៗ។ ថ្ងៃនេះប្រហែល​ជា​ពិបាក​ក្នុង​ការ​យល់​ឃើញពីអ្វីដែលយើងសម្រេចបាន ប៉ុន្តែក្រុមនេះបានឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ពីរលើកជាប់ៗគ្នា»។ប្រធានក្រុមវ័យ ៣៩ឆ្នាំ រូបនេះ ក៏បានផ្ញើសារអបអរសាទរដល់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែល​បាន​ក្លាយ​ជា​ជើងឯកពិភពលោកផងដែរ។ជាមួយនឹងកា​រ​បង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២៦ Messi បានក្លាយជាកីឡាករទី២ ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្របាល់ទាត់បុរស បន្ទាប់ពីអតីតប្រធានក្រុមប្រេស៊ីល Cafu ដែលបាន​ចូល​លេង​វគ្គ​ផ្តាច់​ព្រ័ត្រ ​FIFA World Cup ចំនួន ៣លើក គឺនៅឆ្នាំ២០១៤ ឆ្នាំ២០២២ និងឆ្នាំ២០២៦។ទោះ​បីជាខកខានការពារតំណែងជើងឯកក៏ដោយ Messi នៅតែជា​កីឡាករ​ដែល​ទទួល​បាន​ជោគ​ជ័យ​បំផុត​ក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិអាហ្សង់ទីន ដោយបានដឹកនាំក្រុមឈ្នះពាន FIFA World Cup ឆ្នាំ២០២២, Copa America ឆ្នាំ២០២១ និង២០២៤។ លើសពីនេះ រូបគេ​ក៏​ជាម្ចា​ស់​ពាន​ Ballon d'Or ចំនួន ៨សម័យ និងត្រូវបានចាត់​ទុក​ថា​ជាកី​ឡាករ​បាល់​ទាត់​ដ៏​អស្ចារ្យ​បំផុ​ត​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ៕ អត្ថបទ៖នាង សុភាវុធ

អ្នកគាំទ្រអាហ្សង់ទីនទទួលស្វាគមន៍ក្រុមជម្រើសជាតិវិលត្រឡប់មកផ្ទះវិញ ខណៈ Messi អវត្តមាន

2026/07/21 09:17:44 pm        142
អ្នកគាំទ្រជាច្រើនបានប្រមូលផ្តុំគ្នានៅរដ្ឋធានី Buenos Aires ដើម្បីទទួលស្វាគមន៍ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលបានវិលត្រឡប់មកមាតុភូមិវិញ បន្ទាប់ពីបញ្ចប់យុទ្ធនាការបាល់ទាត់ពិភពលោក បើទោះបីជាប្រធានក្រុម Messi មិនបានធ្វើដំណើរត្រឡប់ជាមួយក្រុមក៏ដោយ។សមាគមបាល់ទាត់អាហ្សង់ទីន (AFA) បានបញ្ជាក់ថា កីឡាករ និងសមាជិកក្រុមការងារមួយចំនួនបានវិលត្រឡប់មកប្រទេសអាហ្សង់ទីននៅថ្ងៃចន្ទ ខណៈសារព័ត៌មានក្នុងស្រុករាយការណ៍ថា Messi និងខ្សែបម្រើ Rodrigo De Paul បន្តស្នាក់នៅសហរដ្ឋអាមេរិក ដោយធ្វើដំណើរទៅកាន់រដ្ឋ Florida ដើម្បីត្រៀមចូលរួមជាមួយក្លិប Inter Miami។តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីន បរិយាកាសរបស់ក្រុមមិនស្ថិតក្នុងស្ថានភាពអបអរសាទរឡើយ ក្រោយបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ។ ទោះជាយ៉ាងណា ប្រធានាធិបតីអាហ្សង់ទីន Javier Milei បានប្រកាសថា រដ្ឋាភិបាលនឹងកំណត់ថ្ងៃឈប់សម្រាកជាតិ នៅពេលណាដែលក្រុមជម្រើសជាតិសម្រេចរៀបចំពិធីអបអរសាទរការវិលត្រឡប់របស់ពួកគេ។ទោះបីជាមិនមានការប្រារព្ធពិធីធំដុំក៏ដោយ អ្នកគាំទ្រជាច្រើននៅតែឈរតាមបណ្តោយផ្លូវពីអាកាសយានដ្ឋានអន្តរជាតិទៅកាន់ទីស្នាក់ការកណ្តាលរបស់សមាគមបាល់ទាត់អាហ្សង់ទីន ដើម្បីបង្ហាញការគាំទ្រ និងអរគុណដល់កីឡាករ ដែលបានប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព។អាហ្សង់ទីនបានចាញ់ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងលទ្ធផល ១-០ បន្ទាប់ពីការប្រកួតបន្ថែមម៉ោង នៅវគ្គផ្តាច់ព្រ័ត្រ។ គ្រាប់បាល់ជ័យជម្នះរបស់ Ferran Torres បានធ្វើឱ្យអេស្ប៉ាញក្លាយជាជើងឯក និងបញ្ចប់ក្តីសង្ឃឹមរបស់អាហ្សង់ទីនក្នុងការការពារតំណែងជើងឯក World Cup៕ អត្ថបទ៖នាង សុភាវុធ

អ្នកគាំទ្រជិតពីរលាននាក់អបអរសាទរក្រុមជម្រើសជាតិអេស្ប៉ាញ ក្រោយឈ្នះជើងឯកពិភពលោកលើកទីពីរ

2026/07/21 07:58:43 pm        98
អ្នកគាំទ្រជិតពីរលាននាក់ ដែលភាគច្រើនស្លៀកពាក់អាវក្រុមជម្រើសជាតិ និងគ្រវីទង់ជាតិពណ៌ក្រហម-មាស បានប្រមូលផ្តុំគ្នានៅទីក្រុង Madrid ដើម្បីស្វាគមន៍ និងអបអរសាទរក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីយកឈ្នះអាហ្សង់ទីន ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក FIFA World Cup នៅសហរដ្ឋអាមេរិក។ក្បួនដង្ហែអបអរសាទរបានធ្វើឡើងនៅថ្ងៃចន្ទ ដោយកីឡាករបានជិះរថយន្តក្រុងបើកដំបូល ដែលមានសរសេរពាក្យ «Kings of the World» និងបង្ហាញផ្កាយធំពីរ ជានិមិត្តរូបនៃការឈ្នះជើងឯក World Cup លើកទីពីររបស់អេស្ប៉ាញ។ក្នុងអំឡុងពេលដង្ហែក្បួន កីឡាករបានរាំ ច្រៀង និងស្រែកបទអបអរសាទរ ខណៈពួកគេគ្រវីដៃស្វាគមន៍អ្នកគាំទ្រឥតឈប់ឈរ។ កីឡាករភាគច្រើនពាក់អាវយឺតដែលមានសរសេរថា «We are champions»។ខ្សែប្រយុទ្ធ Borja Iglesias បានបង្កើតបរិយាកាសកាន់តែសប្បាយរីករាយ ដោយដើរតួនាទីជា DJ លើរថយន្តក្រុង និងបើកភ្លេងកម្សាន្ត ខណៈរថយន្តត្រូវបានតុបតែងដោយបដាដែលមានសរសេរថា «Stars shine together»។មុនពេលចាប់ផ្តើមក្បួនដង្ហែ ក្រុមជម្រើសជាតិអេស្ប៉ាញបានចូលជួបសម្ដែងការគួរសមជាមួយព្រះមហាក្សត្រ Felipe VI និងនាយករដ្ឋមន្ត្រី Pedro Sánchez ដែលអ្នកទាំងពីរក៏បានធ្វើដំណើរទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រដោយផ្ទាល់ផងដែរ។ក្នុងឱកាសនោះ ក៏មានការបង្ហាញក្តីសង្ឃឹមថា អេស្ប៉ាញអាចដណ្តើមបានជើងឯក World Cup ផ្នែកបុរសលើកទីបីនៅការប្រកួតឆ្នាំ២០៣០ ដែលប្រទេសអេស្ប៉ាញ នឹងធ្វើជាសហម្ចាស់ផ្ទះរួមជាមួយព័រទុយហ្គាល់ និងម៉ារ៉ុក៕ អត្ថបទ៖នាង សុភាវុធ

រាជវង្សអេស្ប៉ាញទទួលស្វាគមន៍ក្រុមជម្រើសជាតិ ក្រោយលើកពានជើងឯកពិភពលោក

2026/07/21 07:48:26 pm        252
រាជវង្សអេស្ប៉ាញបានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ កាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុមបានឈ្នះជើងឯកបាល់ទាត់ពិភពលោកនៅសហរដ្ឋអាមេរិក។ព្រះមហាក្សត្រ Felipe VI, ព្រះមហាក្សត្រី Letizia និងព្រះនាង Leonor និង Sofia បានទទួលស្វាគមន៍កីឡាករ ក្រុមគ្រូបង្វឹក និងមន្ត្រីក្រុម នៅព្រះបរមរាជវាំង Zarzuela Palace ក្នុងទីក្រុង Madrid។ក្នុងឱកាសនោះ ព្រះមហាក្សត្រ Felipe VI បានថ្លែងសុន្ទរកថាខ្លីមួយ ដោយសរសើរចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ក្រុមជម្រើសជាតិ និងថ្លែងអំណរគុណចំពោះការនាំយកពានរង្វាន់ World Cup ត្រឡប់មកកាន់ប្រទេសអេស្ប៉ាញ។ក្រុមជម្រើសជាតិអេស្ប៉ាញ បានគ្រងជើងឯកក្រោយយកឈ្នះក្រុមអាហ្សង់ទីនក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។បន្ទាប់ពីជំនួបជាមួយរាជវង្ស ក្រុមជើងឯកពិភពលោកគ្រោងជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez មុនពេលចូលរួមពិធីដង្ហែអបអរសាទរជាមួយអ្នកគាំទ្រនៅ Cibeles Plaza ដែលជាទីតាំងប្រារព្ធពិធីជ័យជម្នះដ៏ល្បីល្បាញរបស់ប្រទេសអេស្ប៉ាញ។ជ័យជម្នះនេះបានបង្កើតបរិយាកាសអបអរសាទរយ៉ាងកក្រើកនៅទូទាំងប្រទេស ខណៈក្រុមជម្រើសជាតិអេស្ប៉ាញត្រូវបានសាទរថាបានសរសេរទំព័រប្រវត្តិសាស្ត្រថ្មី និងនាំមកនូវមោទនភាពជូនប្រជាជនអេស្ប៉ាញទាំងមូល៕ អត្ថបទ៖នាង សុភាវុធ

កម្ពុជា ធ្វើដំណើរដល់ឥណ្ឌូនេស៊ី ទាំងកណ្ដាលរាត្រី ដើម្បីប្រជែងពាន SEA V.Cup ជើងទី២

2026/07/21 06:35:28 pm        371
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានធ្វើដំណើរដល់រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយ​សុវត្ថិភាព​ហើយ កាលពីវេលាម៉ោង ១៖១៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែ​កក្កដា​នេះ ​ដើម្បីបន្ដបេសកកម្មការប្រកួតពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍(SEA V.Cup) ឆ្នាំ២០២៦ ជើង​ទី​២ ក្រោយទទួលបានជោគជ័យជាប្រវត្តិសាស្ដ្រ ក្លាយជាជើងឯកលើកដំបូង ក្នុង​ការ​ប្រកួត​ជើង​ទី​១ នៅប្រទេសហ្វីលីពីន។សម្រាប់​ការប្រកួតជើងទី២ នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដាខាងមុខ ខណៈ​រូប​មន្ដ​ប្រកួត ក៏មិនខុសកាលពីជើងទី១ ដែរ ដោយក្នុងចំណោមបេក្ខភាព ៦ក្រុម ត្រូវបែងចែកជា ២​ពូល ក្នុងនោះកម្ពុជា ស្ថិតនៅពូលA ជាមួយឥណ្ដូនេស៊ី និងហ្វីលីពីន ដដែល គ្រា​ដែល​ពូល​B ​គឺមា​នក្រុមជម្រើសជាតិវៀតណាម មីយ៉ាន់ម៉ា និងថៃ ដើម្បីធ្វើការ​ប្រកួត​ប្រជែង​ស្វែង​រក​ក្រុម​លេខ​១ ​និង​លេខ២ ក្នុងពូលឡើងវគ្គបន្ដបន្ទាប់ រហូតរកឃើញក្រុមជើងឯក។ចំពោះកម្មវិធីប្រកួតក្នុងពូលរបស់ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួត​បើក​ឆាក​ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី មុនគេ នាវេលាម៉ោង ៧យប់ថ្ងៃទី២២ ខែកក្កដា មុនជំនួបបញ្ចប់​ពូល​A ​ទល់​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន នាថ្ងៃទី២៣ ខែកក្កដា នាវេលាម់ោង ៧យប់ដូចគ្នា។ រីឯ​ការ​ប្រកួត​ពូល​B ​វិញ​ ក៏នឹងមានការប្រកួតរៀងរាល់ថ្ងៃជាមួយគ្នាដែរ តែត្រូវចាប់ផ្ដើមមុននាវេលាម៉ោង ៣៖៣០​នាទី​រសៀល។​សូមរំឮកថា កាលពីជើងទី១ ក្រុមបាល់ទះកម្ពុជា បានគ្រងជើងឯកពានរង្វាន់ SEA V.Cup ​ឆ្នាំ​២០២៦​ នៅប្រទេសហ្វីលីពីន ដែលធ្វើឲ្យអ្នកស្នេហាវិស័យកីឡាបាល់ទះក្នុងតំបន់ ផ្ទុះ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង រហូតមានប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិ និងអ្នកគាំទ្រក្នុងតំបន់មួយចំនួន ចាត់​ទុក​កម្ពុជាជាស្ដេច​បាល់​ទះ​ថ្មី​ប្រចាំតំបន់អាស៊ានទៀតផង ក្រោយកម្ពុជា បានយកឈ្នះក្រុមខ្លាំងៗ ទាំង​ថៃ និងឥណ្ឌូនេស៊ី ដើម្បីបើកទំព័រប្រវត្តិសាស្ដ្រថ្មីដណ្ដើមពានជូនជាតិមាតុភូមិ។ក្រោយ​ចំណាយពេល ២រដូវកាល ដើម្បីសាងភាពភ្ញាក់ផ្អើលនេះ កម្ពុជានៅសល់កំណត់​ត្រា​ដ៏អស្ចារ្យ​មួយ​ទៀត ដែលកំពុងរង់ចាំ គឺដំណើរឆ្ពោះទៅប្រជែងជើងឯក ក្នុងការប្រកួត SEA V.Cup ជើងទី២ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងសប្ដាហ៍នេះ ដើម្បីក្លាយជាជើងឯក ទាំងជើងទី១ និង​ជើង​ទី​២ ដ្បិតកំណត់ត្រានេះ ឥណ្ឌូនេស៊ី និងថៃ ធ្លាប់ធ្វើបានរួចមកហើយ កាលពីឆ្នាំ២០២៣ និង​ឆ្នាំ​២០២៤​។ ដូច្នេះសង្ឃឹមថា ប្រជាពលរដ្ឋ និងអ្នកគាំទ្រកម្ពុជា នឹងបន្ដផ្ដល់ការគាំទ្រ និងលើក​ទឹក​ចិត្ត​ពី​ចម្ងាយដល់ប្រតិភូកីឡាបាល់ទះកម្ពុជា ដើម្បីអាចឈាន​ទៅ​សម្រេច​គោល​ដៅ​ដ៏​អស្ចារ្យ​នេះ​បន្ថែម​ទៀត៕ អត្ថបទ លី ឈុនឡា

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាលថ្មី ចាប់​ផ្ដើម​នៅថ្ងៃនេះ

2026/07/21 06:09:03 pm        148
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ នឹងចាប់ផ្ដើមយុទ្ធនាការប្រកួតរដូវកាលថ្មី នៅថ្ងៃទី២១ ខែកក្កដានេះ ដោយផ្ដើមពីការប្រកួតពានរង្វាន់ថ្នាក់ខេត្ត និងមានបេក្ខភាពចំនួន ១៩ក្រុមចូលរួម។សម្រាប់បេក្ខភាពចូលរួមប្រជែងពានថ្នាក់ខេត្ត ក្នុងខួបលើកទី២០ នៃពានសម្ដេចតេជោ ហ៊ុន សែន នេះ ត្រូវបានបែងចែកជា ៥ពូល ក្នុងនោះពូលA មាន ៣ក្រុម ខណៈ ៤ពូលផ្សេងទៀត មាន ៤ក្រុមស្មើគ្នា ដើម្បីស្វែងរកក្រុមលេខ១ ក្នុងពូលនីមួយៗ និងក្រុមលេខ២ ល្អជាំងគេចំនួន ៣ក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ។ចំពោះកម្មវិធីប្រកួតបើករដូវកាលថ្មី នៅថ្ងៃទី២១ ខែកក្កដានេះ គឺមាន ៣គូ ក្នុងនោះក្រុមសមាគមបាល់ទាត់ភូមិស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រូវ ត្រូវជួបក្រុមអាចារ្យលាក់ខេត្តកំពង់ធំ បើកឆាកពូលA មុនគេ គ្រាដែលពូលB ក្រុមបាត់ដំបងយូណៃធីត ត្រូវជួបខេត្តសៀមរាប និងក្រុមភ្នំពេញហ្គាឡាក់ស៊ី ត្រូវជួបក្រុមភ្នំដាមហានគរខេត្តតាកែវ បើកឆាកពូលC ។ចំណែកនៅថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី២២ ខែកក្កដា នឹងមានការប្រកួត ២គូ នាវេលាម៉ោង ៣៖៣០នាទីរសៀលដូចៗគ្នា ក្នុងនោះពូលB ក្រុមបាល់ទាត់ខេត្តឧត្ដរមានជ័យ ត្រូវជួបខេត្តបន្ទាយមានជ័យ និងក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ត្រូវជួបសមាគមកីឡាបាល់ខេត្តកណ្ដាល។សូមរំឮកថា ការប្រកួតពានថ្នាក់ខេត្ត នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន កាលពីរដូវកាលមុន គឺក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំំពង់ចាម បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ដោយលទ្ធផល ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ។ ដូច្នេះចាំមើលរដូវកាលនេះ តើក្រុមតំណាងរាជធានី ឬខេត្តណា នឹងក្លាយជាម្ចាស់ពាន។ ជាមួយការប្រកួតប្រចាំឆ្នាំនេះ ក៏នឹងមានផ្សាយផ្ទាល់ពីក្រុមការងារទូរទស្សន៍ BTV-News ផងដែរ៕ អត្ថបទ លី ឈុនឡា

អង្គរថាយហ្គឺរ សម្រុកនាំចូលកីឡាករបរទេស តែកីឡាករខ្មែរ ទើបនាំចូលបានម្នាក់ សម្រាប់ត្រៀមរដូវកាលថ្មី

2026/07/21 05:53:47 pm        208
បន្ទាប់ពីស្ងប់ស្ងាត់ ក្រោយបញ្ចប់រដូវកាលចាស់ មួយរយៈពេលធំ ពេលនេះ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានបង្ហាញកីឡាករចំណូលថ្មីជាបន្ដបន្ទាប់ ពិសេសវត្តមានកីឡាករបរទេស ដែលត្រឹមរយៈពេល ៥ថ្ងៃ ក្លិបបានប្រកាសនាំចូល ៥រូប តែទើបនាំចូលកីឡាករខ្មែរបានម្នាក់ប៉ុណ្ណោះ សម្រាប់ត្រៀមរដូវកាលថ្មី គឺកីឡាករ យ៉ង់ ភូមិន្ទ ដែលផ្ទេរមកពីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ចំពោះវត្តមានកីឡាករបរទេស ៥រូប ដែលក្លិបមានមូលដ្ឋាននៅខេត្តសៀមរាប បានបង្ហាញចន្លោះថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដានេះ គឺមានអតីតជម្រើសជាតិយុវជន U17 ដល់ U20 អាល្លឺម៉ង់ ខ្សែបម្រើ Stephan Mensah ដែលធ្លាប់លេងឲ្យក្លិប SpVgg Unterhaching នៃលីគទី៣ អាល្លឺម៉ង់, ខ្សែប្រយុទ្ធអូស្ដ្រាលី Manyluak Aguek ដែលមានបទពិសោធន៍លេងនៅលីគទី២ ក្នុងស្រុក និងចុងក្រោយលេងឲ្យក្លិប Tarxien នៃកំពូលម៉ាល់តា។ខ្សែប្រយុទ្ធវ័យក្មេងជប៉ុន Yuta Saso ដែលទើបវ័យ ២១ឆ្នាំ ដែលផ្ទ្ទេរមកពីក្លិបកម្រិតលីគមហាវិទ្យាល័យជប៉ុន និងអ្នកចាំទីវ័យ ២៤ឆ្នាំជប៉ុន Shunsuke Ozawa ដែលមានបទពិសោធន៍លេងឲ្យក្លិបលីគមហាវិទ្យាល័យជប៉ុនដូចគ្នា មុនផ្ទេរទៅលេងឲ្យក្លិប NK Jalzabet នៅលីគក្រូអាត និងក្លិប Kom Podgorica នៃលីគទី២ ប្រទេសម៉ុងតេណេហ្គ្រោ កាលពីឆ្នាំ២០២៥-២០២៦ កន្លងទៅ និងកីឡាករបរទេសម្នាក់ទៀត គឺខ្សែបម្រើការពារសញ្ជាតិស៊ែប៊ី Irfan Zulfić ដែលមានពិសោធន៍ជោគជាំលេងឲ្យក្លិបក្នុងស្រុក ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៦។បច្ចុប្បន្នក្រុមចំណាត់ថ្នាក់លេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នេះ មានកីឡាករបរទេស ៦រូបហើយ បន្ទាប់ពីពួកគេ បានបន្ដកុងត្រាកីឡាករបរទេសតែម្នាក់គត់ ក្នុងចំណោមសមាជិករដូវកាលចាស់ គឺប្រធានក្រុមជនជាតិជប៉ុន Takuto Yasuoka ។ ដូច្នេះអង្គរថាយហ្គឺរ នៅសល់កូតាកីឡាករបរទេសម្នាក់ទៀត ដែលអាចនាំចូលសម្រាប់ពង្រឹងក្រុមត្រៀមការប្រកួតប្រជែងលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលគ្រោងនឹងចាប់ផ្ដើមនាខែកញ្ញាខាងមុខ ដ្បិតលីគរដូវកាលថ្មី ត្រូវបានក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ អនុញ្ញាតឲ្យចុះឈ្មោះកីឡាករបរទេសរហូតដល់ ៧នាក់ឯណោះ។ក្រឡេកទៅចាប់អារម្មណ៍កីឡាករខ្មែរវិញ បន្ទាប់ពីការចែកផ្លូវជាមួួយកីឡាករចាស់ៗមួយចំនួន និងបន្ដកុងត្រាជាមួួយកីឡាករវ័យក្មេងៗជាច្រើន អង្គរថាយហ្គឺរ ទើបនាំចូលកីឡាករខ្សែការពារវ័យ ២២ឆ្នាំ យ៉ង់ ភូមិន្ទ ម្នាក់ប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា

កម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី

2026/07/20 06:29:16 pm        356
កម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ នៅប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៧ ខាងមុខ។នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅសប្ដាហ៍នេះ។ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំកំពូលក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នេះ មានគណៈកម្មការពាក់ព័ន្ធជាច្រើនចូលរួម ដូចជាគណៈកម្មការស្ដ្រីកីឡា គណៈកម្មការវិជ្ជសាស្ដ្រ គណៈកម្មការដូពីង គណៈកម្មការបទបញ្ញាត្តិកីឡា និងគណៈកម្មការដោះស្រាយវីវាទជាដើម។ជាមួយគ្នាប្រតិភូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានចូលរួមកិច្ចប្រជុំជាមួយម្ចាស់ផ្ទះ ដើម្បីត្រួតពិនិត្យនូវរាល់បញ្ហា ដែលត្រូវដោះស្រាយ និងត្រូវរៀបចំ សម្រាប់ត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៧។ជាលទ្ធផលកិច្ចប្រជុំ ម្ចាស់ផ្ទះម៉ាឡេស៊ី បានសម្រេចជាឯកច្ឆន្ទនឹងរៀបចំការប្រកួតកីឡាចំនួន ៤៣ប្រភេទក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ ហើយក្នុងចំណោម ៤៣ប្រភេទនោះ កម្ពុជាមានប្រភេទកីឡាប្រមាណ ៣១ប្រភេទ ដែលកម្ពុជានឹងត្រូវធ្វើការជាមួយសហព័ន្ធជាតិរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈចូលរួម។ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងទៀតថា ក្រៅពីសម្រេចលើប្រភេទកីឡា ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក៏បានជំរុញឲ្យមានការផ្ដោតការយកចិត្តទុកដាក់ និងពង្រឹងនូវការគោរពសមភាពយេនឌ័រ ដោយត្រូវមានការការពារឲ្យបានតឹងរឹង ចំពោះការបៀតបៀនផ្លូវភេទ ឬការការពារចំពោះកីឡាការិនី ក៏ដូចជាគ្រូបង្វឹកជាស្ដ្រី ដែលចូលរួមការប្រកួត ត្រូវមានការការពារ ហើយត្រូវមានការដាក់ទណ្ឌកម្មទៅតាមចលនាអូឡាំពិកអន្ដរជាតិ។ដោយឡែកពាក់ព័ន្ធនឹងបញ្ហាការទិញសិទ្ធផ្សាយបន្ដផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍ នៃបណ្ដាប្រទេសជាសមាជិក គឺម្ចាស់ផ្ទះម៉ាឡេស៊ី បានដាក់កំហិតឲ្យមានការបង់លុយចូលរួមចំនួន ២ម៉ឺនដុល្លារ ក្នុងមួយស្ថានីយទូរទស្សន៍។ ដូច្នេះសម្រាប់ស្ថានីយទូរទស្សន៍ណា ដែលមានបំណងចង់ផ្សាយបន្ដផ្ទាល់ពីម្ចាស់ផ្ទះម៉ាឡេស៊ី ត្រូវបង់ថវិកា ២ម៉ឺនដុល្លារ។ នេះគឺជាចំណុចដែលបានឯកភាពគ្នាទាំងស្រុងផងដែរ។ក្រោយបញ្ចប់កិច្ចប្រជុំនេះ គណៈប្រតិភូអូឡាំពិកកម្ពុជា នឹងពាំនាំយកលទ្ធផលនេះ មកផ្សព្វផ្សាយនៅកម្ពុជា ដើម្បីពង្រឹង និងការត្រៀមលក្ខណៈទាំងបច្ចេកទេស និងថវិកា សម្រាប់ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ នាឆ្នាំក្រោយ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM