ក្រុមបាល់ទាត់ Geylang International FC មកដល់កម្ពុជាត្រៀមប្រកួតជាមួយព្រះខ័នរាជស្វាយរៀងស្អែក
Ronald Araujo ផ្លាស់ពី Barcelona មក Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង និងជម្រើសទិញផ្តាច់
សសយក អលស្ដារ ជួបក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ ល្ងាចនេះ ក្នុងកម្មវិធីបេះដូងសប្បុរស​ដើម្បីភូមិរង់ចាំ
កីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងពីជើងឯកអាស៊ី ឆ្នាំ២០២៦ នៅហ្វីលីពីន

ព័ត៌មានកីឡា

NOCC ​យក​ខេត្ត​កែប​រៀបចំ​កម្មវិធី​ជិះ​កង់​កម្សាន្ត​អបអរ​ទិវា​អូឡាំពិក និង​ផ្សព្វផ្សាយ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/06/20 06:06:30 pm        567
​អូឡាំពិក៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ​បានប្រកាស​នឹង​រៀបចំ​កម្មវិធី​ជិះ​កង់​កម្សាន្ដ​មួយនៅ​ខេត្ត​កែបនា​ថ្ងៃទី​២២-២៣ ខែមិថុនា​សប្ដាហ៍​នេះដើម្បី​ចូលរួម​អបអរសាទរ​ទិវា​អូឡាំពិក (Olympic Day) ​ផង និង​ផ្សព្វផ្សាយ​ពី​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង។​ ​យោងតាម​ការជូនដំណឹង​របស់​ NOCC ​បាន​ឲ្យ​ដឹងថា កម្មវិធី​នេះគ្រោង​ធ្វើឡើង ២​ថ្ងៃដោយនៅ​ថ្ងៃទី​២២ ខែមិថុនា ក្រុមការងារ​ NOCC ​នឹងធ្វើ​ការផ្សព្វផ្សាយ​ស្ដីពី​គុណ​តម្លៃ​កីឡា​អូឡាំពិក និង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដល់​សិស្សានុសិស្ស​ប្រមាណ​ជាង ១០០​នាក់នៃ​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង និង​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស។​ ​ចំណែក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២ NOCC ​នឹង​រៀបចំ​កម្មវិធី​ជិះ​កង់​កម្សាន្ដដើម្បី​អបអរសាទរ​ទិវា​ Olympic Day ​និង​បញ្ជ្រាប​ការផ្សព្វផ្សាយ​ពី​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​ជុំវិញ​ក្រុងកែបដោយ​ចេញដំណើរ និង​បញ្ចប់​នៅ​ឆ្នេរសមុទ្រ “​ស្រី​ស​”។ តាម​គម្រោង​កម្មវិធី​ជិះ​កង់ដែល​មិន​ផ្ដោតលើ​ការប្រកួតប្រជែង​នេះ នឹងមាន​អ្នកចូលរួម ៥០​នាក់ក្នុងនោះ​ក៏មាន​កីឡាករ​-​កីឡាការិនី​ទ្រី​យ៉ា​ត្លុង​ជម្រើសជាតិ​កម្ពុជា​ផងដែរ។​​សូមបញ្ជាក់ថា ខេត្ត​កែបគឺជា​ខេត្ត​មួយដែល​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​ CAMSOC ​កំណត់​សម្រាប់​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ លើ​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង។ ដូច្នេះ​ការរៀបចំ​កម្ម​វិធិ​ជិះ​កង់​កម្សាន្ដ​នេះក៏​ដើម្បី​រួមចំណែក​ការផ្សព្វផ្សាយ​ ពី​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា នា​ទឹកដី​ខេត្ត​ជាប់មាត់សមុទ្រ​នេះដែរ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាករប្រដាល់​រុស្ស៊ី Beterbiev ឈ្នះ​កីឡាករ​អាមេរិក Joe Smith ដណ្ដើម​ខ្សែក្រវាត់​បី​ស្ថាប័ន​ទៀតមក​គ្រប់គ្រង

2022/06/20 05:34:26 pm        563
​ប្រដាល់៖ ​ជើងឯក​ប្រដាល់​ពិភពលោក​ទម្ងន់​ស្រាល​សញ្ជាតិ​រុស្ស៊ី Artur Beterbiev បាន​យកឈ្នះ​កីឡាករ​អាមេរិក Joe Smith ត្រឹម​ទឹក​ទី២ ប៉ុណ្ណោះដណ្តើមបាន​ខ្សែក្រវាត់ WBO, WBC និង IBF មក​គ្រប់គ្រង​។ ​​កីឡាករ​រុស្ស៊ី​កាត់​កាណាដា​រូបនេះបាន​វាយ​ឱ្យ​គូប្រកួត​របស់ខ្លួន ​ត្រូវបាន​អាជ្ញាកណ្តាល​រាប់ ៣ដង​មុន​ពេលដែល​ទឹក​ទី២ នៅ​ដល់ ៤០វិនាទី​ទៀត​ចប់ក៏ត្រូវ​បាន​អាជ្ញាកណ្តាល​បញ្ឈប់​។​ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​កីឡាករ​វ័យ ៣៧ឆ្នាំ Artur Beterbiev ឈ្នះ​សរុប​ក្នុង​អាជីព ១៨លើក​មិនដែល​ស្មើ មិនដែល​ចាញ់ ហើយ​ជ័យជំនះ​ទាំង ១៨ប្រកួត​នេះ​សុទ្ធតែ​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់ និង​បោះបង់​។ ​​គោលដៅ​បន្ត​របស់ Artur Beterbiev នៅពេលនេះ​គឺ​ផ្តោតលើ​ការប្រកួត​ទល់នឹង​កីឡាករ​រុស្ស៊ី Dmitry Bivol ដើម្បី​ដណ្តើម​ខ្សែក្រវាត់ WBA មួយទៀត ក៏ដូចជា​ប្រកួត​ជាមួយ​កីឡាករ​អង់គ្លេស Anthony Yarde៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​លើក​ទី​១០ បញ្ចប់​ដោយ​ជោគជ័យ និង​ទទួល​បានការ​សាទរ​ពី​អ្នករត់​

2022/06/20 05:17:43 pm        749
​ម៉ា​រ៉ា​តុង៖ ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិលើក​ទី​១០ ដែលជា​ការចាប់ផ្ដើម​រៀបចំ​ឡើងវិញនៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ក្រោយ​ខកខាន​រៀបចំ ២​ឆ្នាំដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ គឺ​បាន​ដំណើរការ​ដោយ​ជោគជ័យ និង​ទទួល​បានការ​សាទរ​ជាខ្លាំង​ពី​សំណាក់​អ្នកចូលរួម​ប្រមាណ ៥​ពាន់​នាក់។​ ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​នេះបានធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC), ឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការ​ក្រសួងព្រះបរមរាជវាំង និង​មានការ​ចូលរួម​ពី​ឯកឧត្តម នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ។​ ​ឯកឧ​ត្ត​ម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​អគ្គលេខាធិការ​ NOCC ​បាន​បញ្ជាក់ថា ការ​ត្រឡប់មកវិញនៃ​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​នេះ បានចាប់ផ្ដើម​ជាមួយ​សញ្ញាណ​ដ៏​ល្អដែល​សបញ្ជាក់​ឲ្យ​ឃើញ​ពី​សុខសន្ដិភាព និង​សុវត្ថិភាព បន្ទាប់ពី​មានការ​គ្រប់គ្រង​ស្ថានភាព​កូ​វីដ​-១៩ បាន​យ៉ាង​ល្អប្រសើរជាក់ស្ដែង​អ្នកចូលរួម ដ្បិត​មាន​អ្នក​ចុះឈ្មោះ​តែ ៣,៦២១​នាក់​ក្ដី តែ​អ្នករត់​ជាក់ស្ដែងគឺមាន​ចំនួន​ប្រមាណ ៥​ពាន់​នាក់​ឯណោះ។​ ​ទន្ទឹម​ជាមួយគ្នាកីឡាករ​-​កីឡាការិនី​ជាតិ និង​អន្ដរជាតិដែល​បាន​ចូលរួម​រត់​កម្សាន្ដ​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​សម្ដែង​នូវ​សេចក្ដីត្រេកអរដែល​បាន​ចូលរួម ពិសេស​ការរៀបចំ​ឡើង​វិញ បន្ទាប់ពី​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​នេះខកខាន​រៀបចំ ២​ឆ្នាំដោយសារ​បញ្ហា​កូ​វីដ​-១៩។បន្ថែម​លើស​នេះ ពួកគេ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេងទៀត បាន​ចូលរួម​ព្រឹត្តិការណ៍​កីឡា​នេះ​ឲ្យ​កាន់តែច្រើន​កុះករ​បន្ថែមទៀត ដើម្បី​ទទួលបាន​សុខភាព​ល្អ​ផង និង​ចូលរួម​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ផងដែរ។​ ​សូមបញ្ជាក់ថា ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិលើក​ទី​១០ ដែល​រៀប​ចាប់ផ្ដើម​រត់ និង​បញ្ចប់​នៅមុខ​ព្រះបរមរាជវាំងគឺមាន ៣​វិញ្ញាសារួមមាន​រត់​ចម្ងាយ ២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង​រត់​កម្សាន្ដ​ចម្ងាយ ៣​គីឡូម៉ែត្រ។ ចំពោះ​លទ្ធផល​វិញ្ញាសា​រត់​ចម្ងាយ ២១​គីឡូម៉ែត្រ​ផ្នែក​បុរសលេខ​១ កីឡាករ​កម្ពុជា វ៉ាន់ ភា​រ៉ា​, លេខ​២ កីឡាករ​កម្ពុជា ម៉ា វី​រ៉ូ និង​លេខ​៣ កីឡាករ​ជប៉ុន​ Ota Yugo ​ខណៈ​ផ្នែក​នារីលេខ​១ កីឡាការិនី​ជប៉ុន​ Ota Natsuko, ​លេខ​២ កីឡាការិនី​ហុងកុង​ Lee Yin Ling ​និង​លេខ​៣ កីឡាការិនី​ជប៉ុន​ Fukunari Mizuki​។​ ​រីឯ​រត់​ចម្ងាយ ១០​គីឡូម៉ែត្រផ្នែក​បុរសលេខ​១ បាន​ទៅ​កីឡាករ​ Ayal Andarge ​មកពី​ Ethiopian, ​លេខ​២ កីឡាករ​កម្ពុជា កាំ​ង ធឿន និង​លេខ​៣ កីឡាករ​កម្ពុជា អ៊ុក រ៉ូ​ហ៊ី​ត។ ចំណែក​ផ្នែក​នារីលេខ​១ បាន​ទៅ​កីឡាការិនី​កម្ពុជា ធុន សុ​ម៉ា​វ​ត្ដី​, លេខ​២ កីឡាការិនី​កម្ពុជា អ៊ុត ច័ន្ទ​សុ​ភ័​ក្ដ្រា និង​លេខ​៣ កី​ឡ​ការិនី​កម្ពុជា អេង មួយ​ជី​ង៕​អត្ថបទ៖ លី ឈុន​ឡា

ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ចាប់ផ្ដើម​ការប្រកួត​វគ្គ​ជម្រុះ​ថ្នាក់ជាតិ​ស្អែក​នេះ

2022/06/20 04:53:57 pm        729
​បាល់ទាត់៖ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ ឆ្នាំ​២០២២ នឹង​ចាប់ផ្ដើម​ការប្រកួត​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ឬ​ដំណាក់កាល​ទី​២ នា​ថ្ងៃទី​២១ ខែមិថុនា​ស្អែក​នេះហើយដោយមាន​បេក្ខភាព​ប្រកួតប្រជែង ១៤​ក្រុមដើម្បី​ចម្រាញ់​រក​ក្រុម​ខ្លាំងៗ​ឡើងទៅ​ប្រកួត​ដំណាក់កាល​ទី​៣ ឬ​ការប្រកួត​ថ្នាក់ជាតិនាពេលខាងមុខ។​ ​សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​ជម្រុះ​ថ្នាក់ជាតិ​ស្អែក​នេះ រួមមាន​ក្រុម​កំពត​អេ​ហ្វ​ស៊ីបើកទ្វារ​ផ្ទះ​ទទួល​ព្រៃវែង​អេ​ហ្វ​ស៊ី ខណៈ​ក្រុម​ឬ​ទ្ធី​សែនជួប​ក្រុម​កោះកុង​អេ​ហ្វ​ស៊ីនៅ​ទីលាន​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និង​ខេត្តឧត្ដរមានជ័យ​​ជួប​ក្រុម​ ISI ​ដង្កោ​សែន​ជ័យនៅ​ទីលាន​វិទ្យាល័យតេ​ជោ​សែន សំរោង នា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល​ដូចគ្នា។​ ​ចំណែក​នៅ​ថ្ងៃ​បន្ទាប់ពោលគឺ​នៅ​ថ្ងៃទី​២២ ខែមិថុនាក៏មាន​ការប្រកួត ៣​គូ​ដែររួមមាន​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ីជួប​ក្រុម​អាស៊ី​អឺរ៉ុប នៅ​ទីលាន​វិទ្យាល័យ​បឹងត្របែក។ ក្លិប​សៀមរាប​អេ​ហ្វ​ស៊ីជួប​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ខេត្តសៀមរាប​ជាមួយគ្នា គឺ​ក្រុម​ណិ​ច​ស្ដិ​បនៅ​កីឡដ្ឋាន​ខេត្តសៀមរាប និង​ក្រុម​សូល​ទី​ឡូ​អង្គរជួប​ខេត្តបន្ទាយមានជ័យនៅ​កីឡដ្ឋានហនុមាន នា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល​ដូចគ្នា។​​គួរ​ដឹងថា ការប្រកួត​ដំណាក់កាល​ទី​២ ដែលមាន​បេក្ខភាព​ប្រកួតប្រជែង ១៤​ក្រុមនឹង​ធ្វើការ​ជម្រុះ​យក​ក្រុម​ខ្លាំងៗ ៨​ក្រុម ឡើងទៅ​ប្រកួត​ដំណាក់កាល​ទី​៣ ជាមួយ​ក្រុម​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ឬ​វគ្គ ១៦​ក្រុម​ចុងក្រោយ ដើម្បី​ឈានទៅ​ប្រកួតប្រជែង​ដណ្ដើម​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ​២០២២ ដែល​គ្រោង​នឹងធ្វើ​ការប្រកួត​ពីថ្ងៃ​ទី​២០ ខែកក្កដារហូតដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

ជឺ​ជី​តស៊ូ​កម្ពុជា​បញ្ចប់​ការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​ពិភពលោក​នៅ​ថៃ​ដោយ​ឈ្នះ​មេដាយ​សំរឹទ្ធ ១

2022/06/20 04:32:48 pm        590
​ជឺ​ជី​តស៊ូ​៖ កីឡាករ​-​កីឡាការិនី​ជឺ​ជី​តស៊ូ​កម្ពុជា ៣​រូបដែល​ត្រូវបាន​សហព័ន្ធ​បញ្ជូនទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ Ju-Jitsu Grand Prix Thailand Open 2022 ​នៅ​ប្រទេស​ថៃ ដើម្បី​ដណ្ដើម​ចំណាត់ថ្នាក់​ពិភពលោក ​(World Ranking) បានបញ្ចប់​បេសកកម្ម​របស់ខ្លួនដោយ​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ ១​គ្រឿង​ប៉ុណ្ណោះ។​ ​តាម​ការបញ្ជាក់​របស់​មន្ដ្រី​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជាបាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​នេះមាន​រយៈពេល ៤​ថ្ងៃចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៣០៤​នាក់មកពី ១៨​ប្រទេស ក្នុងនោះ​ក៏មាន​វត្តមាន​កីឡាករ​-​កីឡាការិនី​កម្ពុជា ៣​រូប​ដែរគឺ​កីឡាករ សៅ សុភា​រ៉ា​, ថន អេ​ន​ដ្រូ និង​កីឡាការិនី ម៉ាប់ សុខ​ហួយ។​ ​ជា​លទ្ធផល​ការប្រកួតសម្រាប់​កីឡាករ សៅ សុភា​រ៉ា ដែល​ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ​មាន​ហ្គី (GI) ​ទម្ងន់​ក្រោម ៦០​គីឡូក្រាមមាន​កីឡាករ​ចំនួន ៦​រូប​ចូលរួម។ ក្នុង​វគ្គ​សន្សំ​ពិន្ទុ កីឡាករ​កម្ពុជា​រូបនេះបាន​ឈរ​លេខ​២ ក្នុង​ពូ​ល មុន​ឡើងទៅ​ប៉ះ​កីឡាករ​ថៃនៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​បាន​ចាញ់​ម្ចាស់ផ្ទះ​ថៃក្នុង​លទ្ធផល ២-០​ពិន្ទុនាំ​ឲ្យ សុភា​រ៉ា ទទួលបាន​មេដាយ​សំរឹទ្ធ​ស្ទួន។​ ​ចំណែក​កីឡាករ ថន អេ​ន​ដ្រូ ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ​មាន​ហ្គី (GI) ​ទម្ងន់​ក្រោម ៦២​គីឡូក្រាមមាន​កីឡាករ​ចូលរួម ១៥​នាក់មកពី ១២​ប្រទេស។ សម្រាប់​វគ្គ​សន្សំ​ពិន្ទុ អេ​ន​ដ្រូ ឈរ​លេខ​០៥ ក្នុង​ពូ​ល ហើយ​បាន​ឡើង​ប៉ះ​កីឡាករ​សិង្ហ​បុរីនៅ​វគ្គ ១៦​នាក់​ចុងក្រោយ តែ​រូបគេ​មិនអាច​ឡើង​វគ្គ​បន្ដ​បានឡើយក្រោយ​ចាញ់​កីឡាករ​សិង្ហ​បុរីដោយ​លទ្ធផល ៦-០​ពិន្ទុ។​​រីឯ​កីឡាការិនី ម៉ាប់ សុខ​ហួយ ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេមដែល​ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ​មាន​ហ្គី (GI) ​ទម្ងន់​ក្រោម ៥២គីឡូក្រាម មាន​កីឡាការិនី​ចូលរួម ១១​នាក់​មកពី ៨​ប្រទេស​។ ក្នុង​វគ្គ​សន្សំ​ពិន្ទុ សុខ​ហួយ បាន​ឈរ​លេខ​៤ ក្នុង​ពូ​ល ហើយ​បាន​ឡើង​ជួប​កីឡាការិនី​ហ្វីលីពីនក្នុង​វគ្គ ៨​នាក់​ចុងក្រោយដោយ​ប្រកួត​ស្មើ​ពិន្ទុ​គ្នា ០-០ តែ​សោកស្ដាយកីឡាការិនី​កម្ពុជា​រូបនេះបាន​របូត​ឱកាស​ឡើង​វគ្គ​បន្ដ ព្រោះ​ចាញ់​ប្រៀប​ Advantage ​របស់​កីឡាការិនី​ហ្វីលីពីន។​ ​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នេះរៀបចំឡើង​ក្នុង​គោលបំណង​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់ ពិសេស​កីឡាករ​-​កីឡាការិនីដែល​ពុំទាន់​មាន​ចំណាត់ថ្នាក់​ពិភពលោកបាន​ចូលរួម​ប្រកួតប្រជែង ខណៈ​ក្រោយ​ចប់​ការប្រកួតគណៈ​កម្មការ​រៀបចំ​នឹងធ្វើ​ការវិនិច្ឆ័យ​ទៅតាម​សមត្ថភាព និង​គុណ​ផល​របស់​កីឡាករ​-​កីឡាការិនី​ម្នាក់ៗ៕​អត្ថបទ៖ លី ឈុន​ឡា

World Cup 2026 លើ​ទឹកដី​អាមេរិក កាណាដា ម៉ិ​ក​ស៊ិ​កមាន ៤៨ក្រុម​ចូលរួម ១៦ទីលាន ១១ទីក្រុង​

2022/06/17 10:14:37 pm        206
​បាល់ទាត់៖ ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ២០២៦ FIFA World Cup 2026 នឹងត្រូវ​រៀបចំឡើង​ដោយមាន ៤៨ក្រុមលើកដំបូងនៅ​ប្រទេស​ម្ចាស់ផ្ទះ​ចំនួន ៣ កីឡដ្ឋាន​សរុប ១៦ ក្នុង​ទីក្រុង​ចំនួន ១១ លើ​ទឹកដី​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​។ ​​FIFA បានប្រកាស​ពី​កីឡដ្ឋាន​ផ្លូវ​ការដែល​នឹងត្រូវ​ប្រើប្រាស់​សំរាប់ World Cup 2026 ដែលមាន​ទីតាំងនៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ៣ទីក្រុង កាណាដា ២ទីក្រុង និង​សហរដ្ឋអាមេរិក ១១ទីក្រុង​។ ​​ទីក្រុង Atlanta, Houston, Miami, Philadelphia, Seattle, Kansas City, Missouri សុទ្ធតែជា​ទីក្រុង​ដែល​ត្រូវបាន​ប្រកាស​ចុងក្រោយ រួមជាមួយ​ទីក្រុង​មួយចំនួនទៀត​ដែល​ត្រូវបាន​ជ្រើសរើស​រួចរាល់​។ ​​កីឡដ្ឋាន SoFi របស់​ក្លិប​បេ​ស្ប​ល Los Angeles Rams ដែល​វិនិយោគ​ដោយ​មហាសេដ្ឋី​មាន​លុយរាប់​ពាន់​លាន​ដុល្លារ​អាមេរិកក៏​ស្ថិតក្នុង​បញ្ជី​នេះដែរ ពោលគឺ​គ្រប់​កីឡដ្ឋាន​ទាំង ១១ របស់​អាមេរិក​សុទ្ធតែជា​ទឹកដី​របស់​ក្លិប​បេ​ស្ប​ល​អាមេរិក​ទាំងអស់​។​​​ចំណែក​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក កីឡដ្ឋាន​ប្រវត្តិសាស្ត្រ Azteca ត្រូវបាន​ជ្រើសរើស​ផងដែរ​។ ​​យ៉ាងណាក្តីជុំវិញ​កីឡដ្ឋាន​ដែល​នឹងត្រូវ​ប្រើប្រាស់​សំរាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​មិនទាន់​សំរេច​នៅឡើយ ខណៈដែល​ប្រធាន FIFA លោក Gianni Infantino ត្រូវធ្វើ​ការជជែក​ពិភាក្សា​បន្ថែមទៀត​។ ​​សូមបញ្ជាក់ថា World Cup 2026 នឹង​ជា​ព្រឹត្តិការណ៍​ដំបូង​ដែលមាន​ដល់​ទៅ ៤៨ក្រុម​ចូលរួម​ដែលជា​គោល​គំនិត​របស់ FIFA ក្នុងការ​ពង្រីក​វិសាលភាព​របស់ខ្លួន ក៏ដូចជា​ផ្តល់ឱកាស​ដល់​ប្រទេស​ផ្សេងៗ​ដែល​មិន​ធ្លាប់​មានមុខ​នៅ World Cup បាន​ចូលរួម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អេ​ស៊ី​ប​បណ្តេញ​គ្រូបង្វឹក​ជំរើសជាតិ​ចេញ​ក្រោយ​ដឹកនាំ​ទើបតែ​បាន ៣ប្រកួត

2022/06/17 09:49:10 pm        277
​បាល់ទាត់៖ ​សមាគម​បាល់ទាត់​អេ​ស៊ី​ប​បានសំរេច​បណ្តេញ​គ្រូបង្វឹក​ក្រុម​ជំរើសជាតិ​លោក Ehab Galal ចេញពី​តំណែង​ហើយក្រោយ​ដឹកនាំ​ទើបបាន ៣ប្រកួត​។ ​​បុរស​វ័យ ៥៤ឆ្នាំ​រូបនេះ​បានមក​ជំនួស​តំណែង​លោក Carlos Quieroz កាលពី​ខែមេសាបន្ទាប់ពី​អេ​ស៊ី​ប​គ្មាន​កៅអី World Cup ឆ្នាំនេះ​។ ​សមាគម​បាល់ទាត់​អេ​ស៊ី​ប​បញ្ជាក់ថា នឹង​ជ្រើសរើស​គ្រូបង្វឹក​ថ្មី​ដែលជា​ជនបរទេស​។ ​​លោក Ehab Galal ធ្លាប់មាន​អាជីព​​ជោគជ័យ​ជាមួយ​ក្លិប​បាល់ទាត់​ក្នុងស្រុក​មួយចំនួន​ មុននឹង​ទទួលបាន​តំណែង​នេះ​។ ​​ប្រកួត​ដំបូង​ក្នុង​តំណែង​លោក Galal អេ​ស៊ី​ប​ឈ្នះ​ហ្គី​ណេ ១-០ តែ​ក៏​បរាជ័យ ២-០ ក្រោម​ថ្វីដៃ​អេ​ចូ​ពី​នៅ​វគ្គ​ជំ​រុះ​បាល់ទាត់​ទ្វីបអាហ្វ្រិក ២០២៣ និង​លេង​មិត្តភាព​ចាញ់​កូរ៉េ ៤-១​។ ​​បាល់ទាត់​អេ​ស៊ី​ប​មួយរយៈ​ចុងក្រោយ​នេះ​មិន​ជោគជ័យ​ឡើយ ពោលគឺ​តាំងពី​នៅក្នុង​តំណែង​លោក Carlos Quieroz ម្ល៉េះដោយ​អេ​ស៊ី​ប​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Africa Cup of Nations នៅ​កា​មេ​រូ​ន ​តែ​ចាញ់​សេ​ណេ​ហ្កា​ល់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយក៏​ចាញ់​សេ​ណេ​ហ្កា​ល់​ម្តង​នៅ​វគ្គ Play-Off ចុងក្រោយ​ដើម្បី​កៅអី World Cup៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Arsenal ឈានដល់​កិច្ចព្រមព្រៀង​ទិញ​ខ្សែបម្រើ Porto, Fabio Vieira តម្លៃ ៤០​លាន​អឺរ៉ូ

2022/06/17 09:33:51 pm        123
​បាល់ទាត់៖ ក្លិប​បាល់ទាត់​កាំភ្លើង​ធំ Arsenal បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ ក្នុង​ការនាំយក​ខ្សែបម្រើ​ក្លិប​ព័រទុយហ្កាល់ FC Porto, Pablo Vieira ក្នុងតម្លៃ ៤០លាន​អឺរ៉ូ​។ ​​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះមិន​ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ធំ​ជំរើសជាតិ​ព័រទុយហ្កាល់​នៅឡើយ តែ​រូបគេ​ត្រូវបាន​បោះឆ្នោត​ជា​កីឡាករ​ឆ្នើម​បំផុត​ នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អឺរ៉ុប​អាយុ​ក្រោម ២១ឆ្នាំ​កាលពី​ឆ្នាំមុន​។ ​​Pablo Vieira នឹង​ក្លាយជា​កីឡា​ករទី៣ ដែល​ផ្លាស់​មកកាន់​កីឡដ្ឋាន Emirate បន្ទាប់ពី​អ្នកចាំទី​អាមេរិក Matt Turner និង​ខ្សែប្រយុទ្ធ​វ័យក្មេង​ប្រេ​ស៊ី​ល Marquinhos​។ ​​រដូវ​កាល​មុន Pablo Vieira មាន​ស្ថិតិ​បញ្ជូន​បាល់ ១៤លើក​ឱ្យ Porto នៅ​ក្របខណ្ឌ​កំពូល​ព័រទុយហ្កាល់ ពោលគឺ​ច្រើនជាង​កីឡាករ​ណាៗ​ទាំងអស់​។ ​​Pablo Vieira បង្ហាញខ្លួន​ឱ្យ​ក្រុមយុវជន​អាយុ​ក្រោម ២១ឆ្នាំ​ព័រទុយហ្កាល់​សរុប ២១លើក ហើយ​រំពឹងថា​នឹង​អាច​កោះ​ហៅចូល​ក្រុម​ធំ​ឆាប់ៗ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Antony ខិតជិត​ដល់​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់ Manchester United

2022/06/17 06:55:16 pm        634
​បាល់ទាត់៖ ​ភ្នាក់ងារ​របស់​កីឡាករ​បាល់ទាត់​ប្រេ​ស៊ី​ល Antony ត្រូវបាន​គេ​ដឹងថា បាន​ហោះហើរ​មកកាន់​ទឹកដី​អង់គ្លេស​កាលពីដើម​សប្តាហ៍​ដើម្បី​ចរចា​លើ​ការផ្ទេរ​មកកាន់ Manchester United​។ ​​ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះត្រូវបាន​គេ​ដឹងថា ​មាន​ទំនាក់ទំនង​ផ្ទេរ​មកកាន់ Manchester United ដើម្បី​រួមរស់​ជាមួយ​អតីត​អ្នកចាត់ការ​របស់ខ្លួន​វិញ​គឺ​លោក Erik ten Hag ដែល​មកកាន់​តំណែង​នៅ Old Trafford​។ ​​អាចនិយាយបាន Antony ជា​គោលដៅ​បន្ទាប់​ផងដែរ​សំរាប់ Manchester United បន្ទាប់​ពីក្លិប​មួយ​នេះ​បរាជ័យ​ក្នុងការនាំយក​ខ្សែប្រយុទ្ធ Benfica, Darwin Nunez ដែល​ត្រូវបាន​គេ​ដឹង​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ Liverpool​។​ ​​សូមបញ្ជាក់ថា Antony បាន​ក្លាយជា​សមាជិក​សំខាន់​របស់ Ajax ក្នុង​រយៈពេល ១៨ខែ​កន្លងមក​បន្ទាប់ពី​ផ្លាស់​ពី​ក្លិប​ប្រេ​ស៊ី​ល Sao Paulo ហើយ​ក្លិប​ប្រេ​ស៊ី​ល​មួយ​នេះ​ក៏​នឹង​ទទួលបាន​លាភសក្ការ​ផងដែរ ​ប្រសិន​ការផ្ទេរ​បានសំរេចដែលជា​ផ្នែក​មួយ​នៃ​កិច្ចសន្យា​កន្លងមក​។ ​​តម្លៃ​នៃ​ការផ្ទេរ​របស់​កីឡាករ​ប្រេ​ស៊ី​ល Antony ពី Ajax ត្រូវបាន​គេ​ដឹងថា​ក្នុង​រង្វង់​ពី ៥០ ទៅ ៦០លាន​អឺរ៉ូ​។ ​Manchester United បច្ចុប្បន្ន​ក៏​កំពុង​ចរចា​ទិញ​ខ្សែប្រយុទ្ធ Barcelona, Frankie de Jong ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

វគ្គ​ជម្រុះ​ថ្នាក់ជាតិ​នៃ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ចាប់ផ្ដើម​ប្រកួត​នា​ដើម​សប្ដាហ៍​ក្រោយ​

2022/06/17 06:31:31 pm        447
​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ ឆ្នាំ​២០២២ នឹង​ចាប់ផ្ដើម​ការប្រកួត​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ឬ​ដំណាក់កាល​ទី​២ នា​ថ្ងៃទី​២១ ខែមិថុនា​ដើម​សប្ដាហ៍​ក្រោយ​នេះហើយ បន្ទាប់ពី​រកឃើញ​ក្រុម​ជយលាភី​ថ្នាក់​ខេត្តកាលពី​ថ្មីៗ។​ ​តាម​ការបញ្ជាក់​របស់​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួតសម្រាប់​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ឬ​ការប្រកួត​ដំណាក់កាល​ទី​២ នៃ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំនេះគឺមាន​បេក្ខភាព ១៤​ក្រុម​ចូលរួមក្នុងនោះ​មាន ៤​ក្រុមជា​ក្រុម​ជយលាភី​មកពី​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ខេត្តគឺមាន​ក្រុម​ជើងឯក​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី​, ក្រុម​លេខ​២ ខេត្តឧត្ដរមានជ័យ, ក្រុម​លេខ​៣ ឬ​ទ្ធី​សែន និង​ក្រុម​លេខ​៤ ខេត្តកំពត។​ ១០​ក្រុម​ទៀតគឺជា​ក្រុម​បេក្ខភាព​លី​គ​ទី​២ ឬ​ Cambodian League 2 ​រួមមាន​ក្រុម​អគ្គិសនី​កម្ពុជា​, ​នគរបាលជាតិ​, ​ព្រៃវែង​អេ​ហ្វ​ស៊ី​, ​កោះកុង​អេ​ហ្វ​ស៊ី​, ​អាយ អេស អាយ ដង្កោ​សែន​ជ័យ​, ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​, ​សៀមរាប​អេ​ហ្វ​ស៊ី​, ​បន្ទាយមានជ័យ​អេ​ហ្វ​ស៊ី​, ​សូល​ទី​ឡូ​អង្គរ និង​ក្រុម​ណិ​ច​ស្តិ​ប​អេ​ហ្វ​ស៊ី។​​សម្រាប់​ការប្រកួត​ដំណាក់កាល​ទី​២ នឹង​ជម្រុះ​យក​ក្រុម​ខ្លាំងៗ ៨​ក្រុមឡើងទៅ​ប្រកួត​ដំណាក់កាល​ទី​៣ ជាមួយ​ក្រុម​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ដើម្បី​ឈានទៅ​ប្រកួតប្រជែង​ដណ្ដើម​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់ជាតិឆ្នាំ​២០២២។​ ​ការប្រកួត​ដំណាក់កាល​ទី​២ គ្រោង​នឹង​បញ្ចប់​នា​ថ្ងៃទី​០៧ ខែកក្កដា​ខាងមុខមុន​បន្ដ​ការប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយនៃ​ដំណាក់កាល​ទី​៣ ដែល​គ្រោង​ធ្វើការ​ប្រកួត​ពីថ្ងៃ​ទី​២០ ខែកក្កដារហូតដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម​ស៊ើបអង្កេត UN៖ យោធាមីយ៉ាន់ម៉ាបានបង្កើនការវាយប្រហារតាមអាកាស និងការរំលោភបំពាន មុនការ​បោះឆ្នោត
08/11/2026 07:08 PM
នាវាដឹកទំនិញមួយគ្រឿង រងការវាយប្រហារនៅច្រកសមុទ្រ Bab el-Mandeb
08/11/2026 06:08 PM
អឺរ៉ុប និងចក្រភពអង់គ្លេសប្រឈម​នឹងហានិភ័យសេដ្ឋកិច្ចកាន់តែ​ខ្ពស់​ ក្នុង​អំឡុង​ពេល​មាន​រលកកម្ដៅ​
08/11/2026 06:08 PM
លោក TRUMP រំពឹងថា សេដ្ឋកិច្ចអ៊ីរ៉ង់ នឹងដួលរលំ ក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក
08/11/2026 06:08 PM
យេម៉ែនដាក់គោល​ដៅ​លើ​ទីតាំងនានា​ ​ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់​ក្រុមហ៊ូទី
08/11/2026 06:08 PM
ឡាតវីដាក់គោលដៅលើក្រុមរត់ពន្ធមនុស្សខុសច្បាប់ ស្របពេលភាពតានតឹងអន្តោប្រវេសន៍ជាមួយបេឡារុស
08/11/2026 06:08 PM
ចំនួនអ្នកស្លាប់ដោយសារជំងឺអេបូឡា កើនឡើងជាង ២.០០០នាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ
08/11/2026 06:08 PM
សារព័ត៌មាន៖ លោក Trump ធ្វើដំណើរតាមជើងហោះហើរសម្ងាត់របស់ទួរគី ក្រោយការគំរាមកំហែងពីអ៊ីរ៉ង់
08/11/2026 06:08 PM
តុលាការស៊ីរីកាត់ទោសប្រហារជីវិតមេដឹកនាំធ្លាក់ពីអំណាច លោក Bashar al-Assad ដោយកំបាំងមុខ
08/11/2026 06:08 PM
រូបភាពផ្កាយរណបថ្មី បង្ហាញពីទំហំការបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលនៅប្រាសាទ Beaufort របស់ប្រទេសលីបង់
08/11/2026 06:08 PM