កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

ខ្សែការពារប្រេស៊ីល Eder Militao របួសសរសៃពួរត្រូវវះកាត់ ហើយនឹងអវត្តមានពី World Cup

2026/04/29 07:55:01 pm        168
ខ្សែការពារ Real Madrid និងប្រេស៊ីល Eder Militao នឹងមិនមានវត្តមានវត្តមាននៅ World Cup ឆ្នាំនេះឡើយ ដោយសារបញ្ហារបួសសរសៃពួរ។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះ ត្រូវទទួលការវះកាត់របួសសរសៃ​ពួរជើងខាង​ឆ្វេង​របស់​ខ្លួន​នៅ​ប្រទេស​ហ្វាំង​ឡង់​ក្នុងសប្តាហ៍នេះ។ Militao បានទទួលរងរបួសនេះអំឡុងការប្រកួតរបស់ Real Madrid យកឈ្នះ Alvares ២-១ សប្តាហ៍មុន។ ក្រោយ​ការ​វះកាត់នេះ Eder Militao នឹងត្រូវសម្រាកយ៉ាងហោចណាស់ ៥ ខែ មានន័យ​ថា​នឹង​អវត្ត​មាន​ពីក្រុមជម្រើសជាតិប្រេស៊ីលនៅ World Cup 2026 ឆ្នាំនេះដែល​រៀប​ចំ​នៅ​សហរដ្ឋ​អាមេរិក​ ម៉ិកស៊ិក និងកាណាដា។ អតីតកីឡាកររបស់ក្លឹប FC Porto រូបនេះបានរងរបួសជាច្រើនជាមួយ Real Madrid ចាប់​តាំង​ពី​ការ​មក​ដល់នៅរដូវក្តៅឆ្នាំ ២០១៩ ហើយស្ថានភាពកាន់តែអាក្រក់ទៅៗក្នុងរយៈពេល ៣ ឆ្នាំ​ចុង​ក្រោយ​នេះ​។   របួសញាំញីរបស់ Militao គេឃើញរូបគេអវត្តមានសរុបចំនួន ១៥២ ប្រកួង និងបានចូលលេងតែ ១៩៤ ប្រកួតប៉ុណ្ណោះក្នុងរយៈពេល ៧ ឆ្នាំនេះ។ ប្រេស៊ីលស្ថិតក្នុងពូល C នៅ World Cup ដែលនឹងត្រូវប្រឈមជាមួយម៉ារ៉ុក ហៃទី និង​ស្កុត​ឡេន​៕ អត្ថបទ៖នាង សុភាវុធ

Manchester City ប្រឈមកាលវិភាគមមារញឹកបំផុតចុងរដូវកាលរយៈពេល ២០ ថ្ងៃ ៦ ប្រកួត

2026/04/29 07:01:43 pm        144
Manchester City គឺជាក្រុមប្រជែងជើងឯក Premier League គ្រោះថ្នាក់បំផុតសម្រាប់ក្រុមកំពុងនាំមុខកាំភ្លើងធំ Arsenal តែពួកគេកំពុងប្រឈមនឹងកាលវិភាគដ៏មមារញឹកបំផុតដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការប្រជែងជើងឯក។រាប់ពីថ្ងៃទី ៤ ខែឧសភា ដល់ថ្ងៃទី ២៤ ខែឧសភា Manchester City មានការប្រកួតដែលនៅសលរបស់ខ្លួន ៦ ប្រកួតរដូវកាលនេះ បូករួមទាំងវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Chelsea ផងដែរ។មិនតែប៉ុណ្ណោះក្នុងចំណោម ២០ ថ្ងៃនោះមាន ១១ ថ្ងៃ City មានការប្រកួតចំនួន ៤។ ថ្ងៃទី ៤ ខែឧសភាក្រុមរបស់លោក Pep Guardiola ធ្វើដំណើរទៅទឹកដី Everton ជាការប្រកួតដែលមិនប៉ះពាល់ពេកទេទៅនឹងកាលវិភាគមមារញឹក។ តែការប្រកួតថ្ងៃទី ៩ ខែឧសភា City ត្រូវទទួល Brentford បួនថ្ងៃបន្ទាប់ទទួល Crystal Palace ថ្ងៃទី ១៣ បីថ្ងៃក្រោយជួប Chelsea វគ្គផ្តាច់ព្រ័ត្រ FA Cup ថ្ងៃទី ១៦ និងធ្វើដំណើរទៅទឹកដី Bournemouth បីថ្ងៃបន្ទាប់ថ្ងៃទី ១៩ ខណៈប្រកួតចុងក្រោយបិទរដូវកាល Premier League ថ្ងៃទី ២៤ ទទួល Aston Villa។កាលវិភាគដែលរុញមកមមារញឹកនៅពេលនេះក៏ដោយសារ City ជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup កាលពីថ្ងៃទី ២២ ខែមីនារុញជំនួបទល់នឹង Crystal Palace មកចុងរដូវកាលស្របពេលប្រកួតរបស់ Bournemouth ទល់នឹង City ក៏ត្រូវរុញដោយសារ City ត្រូវជួប Chelsea វគ្គផ្តាច់ព្រ័ត្រ FA Cup។ មានតែបីក្រុមនេះទេរួមមាន Manchester City, Crystal Palace និង Bournemouth ដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរកាលវិភាគ។ Manchester City កំពុងឈរលេខពីរនៅ Premier League តាមពីក្រោយ Arsenal បីពិន្ទុតែក្រុមរបស់លោក Pep ប្រកួតតិចជាងមួយប្រកួតមានន័យថា City សល់ ៥ ប្រកួត ខណៈ Arsenal សល់ ៤ ប្រកួតក្នុងលីគ៕ អត្ថបទ៖នាង សុភាវុធ

សហព័ន្ធបំផុសឱ្យមហាជនចូលរួមប្រកួតកីឡាហែលទឹកវ័យចាស់ នាដើមខែឧសភា

2026/04/29 06:29:02 pm        109
សហព័ន្ធខ្មែរកីឡាហែលទឹក បានអំពាវនាវ និងបំផុស​ស្មារតី​ដល់​មហាជន​ចូល​រួម​ប្រកួត​កីឡា​ហែល​ទឹក​វ័យចាស់ ប្រចាំឆ្នាំ ២០២៦ ដែលគ្រោងនឹងរៀបចំឡើងនៅព្រឹកថ្ងៃទី ០២ ខែឧសភា នៅ​អាង​ហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក។លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថា ការប្រកួត​កីឡាហែល​ទឹក​វ័យចាស់នេះនឹងអនុញ្ញាតឱ្យកីឡាករ កីឡាការិនី ដែលមានអាយុចាប់ពី​២៥​ឆ្នាំ​ឡើង ​ដោយគោលបំណងនៃការរៀបចំនេះមិនមែនសម្រាប់តែកីឡាករ កីឡាការនីទេ ប៉ុន្តែ​សម្រាប់​មហាជនទូទៅ ដែលចេះហែលទឹកក៏អាចចូលរួមបានដែរ។ ការប្រកួតកីឡាហែលទឹកវ័យចាស់ ឆ្នាំ២០២៦ នឹងរៀបចំឡើង នាថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ដែលការចុះឈ្មោះក្នុង ១កម្រិតអាយុ អាចប្រកួតបានចំនួន ៤វិញ្ញាសា ។ ចំពោះវិញ្ញាសាដាក់ឱ្យប្រកួតត្រូវបានចែកចេញជា៨កម្រិតអាយុ ដោយចាប់ពី២៥ឆ្នាំឡើង រហូតដល់៦០ឆ្នាំឡើង សម្រាប់ការប្រកួត មានវីញ្ញាសារួមមាន ៥០ម៉ែត្រ ១០០ម៉ែត្រ បុរស-នារី ដូចជាហែលរបៀបសេរី ហែលរបៀបមេអំបៅ ហែលរបៀបផ្ងារ និងហែលរបៀបកង្កែប។គោលបំណងនៃការរៀបចំនេះត្រូវបានលោក ហែម គីរី លើកឡើងថា តាមរយៈការរៀបចំនេះ ជាការផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកស្រឡាញ់វិស័យកីឡាហែលទឹក ក្នុងបំណងចង់ឱ្យកីឡាករ កីឡាការិនីចូលរួមហែលទឹក ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពរវាងជនជាតិកម្ពុជា និងមិត្តភ័ក្តជាជនបរទេស ដែលមកបំពេញការងារនៅកម្ពុជា។ អ្នកចូលរួមចង់ឱ្យសហព័ន្ធរៀបចំព្រឹត្តិការណ៍បែបនេះឱ្យបានកាន់តែច្រើន ដោយអាចផ្តល់ភាពសប្បាករាយជូនដល់ពួកគាត់ ហើយក៏ជាកម្មវិធីប្រកួតប្រចាំឆ្នាំ ដើម្បីទទួលបានសុខភាពល្អ និងមិត្តភាពសាមគ្គីភាព។ ជាមួយគ្នានេះ សហព័ន្ធចង់បំផុសនូវអ្វីដែលជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេសរស់នៅកម្ពុជា ស្របតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឱ្យប្រជាពលរដ្ឋចូលរួមលេងកីឡា ដើម្បីបញ្ចៀសនូវហានិភ័យចំពោះសុខភាព ដែលពលរដ្ឋកម្ពុជាកំពុងជួបប្រទះនូវជំងឺផ្សេងៗ ជាពិសេសគឺជំងឺមហារីក៕

រត់ពាក់ម៉ារ៉ាតុងភ្នំពេញឆ្នាំនេះ រៀបចំកាន់តែអធិកអធម ខណៈ NOCC អំពាវនាវឲ្យប្រជាពលរដ្ឋចុះឈ្មោះឲ្យបានរួសរាន់

2026/04/29 06:13:25 pm        150
ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមិថុនាខាងមុខ ស្របពេលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានអំពាវនាវឲ្យប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានច្រើនកុះករ ដ្បិតការរៀបចំឆ្នាំនេះ នឹងកាន់តែអធិកអធម ជាមួយកម្មវិធីអមពិសេសៗជាច្រើន ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មកាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ដោយសារឆ្នាំនេះ គឺជាឆ្នាំពិសេស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។ ដូច្នេះគណៈកម្មការបានត្រៀមរៀបចំកម្មវិធីសំខាន់ៗ ព្រមទាំងចម្រៀងថ្វាយព្រះពរ និងសកម្មភាពពិសេសៗជាច្រើន ដើម្បីអបអរសាទរ និងថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ពោលគឺការរៀបចំធំជាង និងអធិកអធមជាងឆ្នាំសព្វដង ដែលឯកឧត្តមសង្ឃឹមនឹងទាក់ទាញ់ការចូលរួមកាន់តែច្រើនក្រៅពីគោលបំណងដ៏សំខាន់ប្រចាំឆ្នាំនេះ តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះដែរ ក៏នឹងរក្សានូវគោលបំណងធំៗមួយចំនួនទៀត ដូចជាការធ្វើកម្មវិធីសប្បុរសធម៌ទៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឆ្នាំនេះ គណៈកម្មការត្រៀមទឹកប្រាក់ប្រមាណ ៥ពាន់ដុល្លារសម្រាប់ជួយដល់មន្ទីរពេទ្យកុមារនេះ ព្រមទាំងគោលដៅផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះរាជធានីភ្នំពេញ ទៅក្រៅប្រទេស ក៏ដូចជាជំរុញការលេងកីឡា ដើម្បីសុខភាព និងផ្ដល់ឱកាស ក៏ដូចជាបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ តាមរយៈការរត់ចម្ងាយ ពិសេសវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រតែម្ដង។ឯកឧត្តមបញ្ជាក់ថា មកទល់ពេលនេះ មានអ្នកចុះឈ្មោះជាង ៣ពាន់នាក់ហើយ ក្នុងនោះមានជនបរទេសជិត ១ពាន់នាក់ ប៉ុន្ដែឆ្នាំនេះ គណៈកម្មការបានប្ដេជ្ញាជំរុញឲ្យមានការចូលរួមចន្លោះពី ៥ពាន់ ទៅ ៦ពាន់នាក់ ដើម្បីអបអរសារទរឆ្នាំពិសេស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ តាមរយៈនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានលឿន ដើម្បីគណៈកម្មការងាយស្រួលរៀបចំសម្ភារៈជូន ក៏ដូចជាដើម្បីចូលរួមផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះរាជធានីភ្នំពេញ តាមរយៈព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំនេះផងដែរ។ចំណែកលោក សែម ផល្លា នាយកបច្ចេកទេសម៉ារ៉ាតុងនៅកម្ពុជា មានប្រសាសន៍ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ឆ្នាំនេះ មានការផ្លាស់ប្ដូរតម្រាយផ្លូវមួយចំនួន ពិសេសតម្រាយផ្លូវរត់ ២១គីឡូម៉ែត្រ ដោយរក្សាការចេញដំណើរនៅសួនច្បារវត្តបទុមវតី ទៅដល់ស្ពានជ្រោយចង្វារ ត្រូវបត់ស្ដាំរត់តាមមាត់ទន្លេ ផ្ទុយពីឆ្នាំមុនៗ ដែលត្រូវរត់ឆ្លងកាត់ស្ពានជ្រោយចង្វារ និងសណ្ឋាគារសុខា ទើបត្រឡប់មកវិញ តែដោយសារមានការកក់ស្ទះចរាចរណ៍ ទើបគណៈកម្មការរៀបចំ សហការជាមួយគណៈកម្មការម៉ារ៉ាតុងពិភពលោក រៀបចំវាស់វែងតម្រាយផ្លូវរត់ឡើងវិញ។បន្ទាប់ពីរត់តាមមាត់ទន្លេ កាត់មុខព្រះបរមរាជវាំង រហូតដល់រង្វង់មូលសម្ដេចសង្ឃរាជ ជួន ណាត  ទើបបត់ឆ្វេង ដល់គល់ស្ពានទី១ ឬស្ពាននាគ ហើយបត់ឆ្វេង តាមណ្ដោយផ្លូវមាត់ស្ទឹង រហូតដល់ស្ពានទីឥន្ធនូ ត្រូវរត់ឆ្លងចូលកោះពេជ្រ ហើយបន្ដរត់ឆ្លងស្ពានទៅកោះនរា រហូតដល់ចុងកោះ ទើបត្រឡប់មកវិញ និងបញ្ចប់នៅសួនច្បារវត្តបទុមវតីតែម្ដង។ក្រៅពីវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ ក៏នឹងមានវិញ្ញសារត់ចម្ងាយ ១០គីឡូម៉ែត្រ ដែលទទួលស្គាល់ដោយគណៈកម្មការម៉ារ៉ាតុងពិភពលោក និងសហព័ន្ធអត្តពលកម្មអន្ដរជាតិ ព្រមទាំងវិញ្ញាសារត់កម្សាន្ដ Fun Run ចម្ងាយ ៥គីឡូម៉ែត្រ និង ២.៥គីឡូម៉ែត្រផងដែរ៕ អត្ថបទ លី ឈុនឡា

គ្រាប់បាល់ហូរដូចទឹកភ្លៀងស៊ុតគ្នា ៩ គ្រាប់ចុងក្រោយ PSG ឈ្នះ Bayern Munich ៥-៤ ជើងទីមួយ

2026/04/29 05:59:56 pm        173
ជំនួបក្រុមខ្លាំងទាំងពីរ Paris Saint Germain ទទួល Bayern Munich នៅទីក្រុងប៉ារីសបានក្លាយជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលមានគ្រាប់បាល់ច្រើនបំផុតក្នុងរយៈពេល ៦៦។គ្រាប់បាល់ហូរដូចទឹកភ្លៀងស៊ុតបញ្ចូលទី ៩ គ្រាប់ចុងក្រោយ PSG យកឈ្នះ ៥-៤ លើ Bayern Munich ជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមានគ្រាប់បាល់ច្រើនបំផុតរាប់តាំងពីរដូវកាល ១៩៥៩-៦០ នៅពេល Eintracht Frankfurt យកឈ្នះ Rangers ៦-៣ នៅក្របខណ្ឌ European Cup ដែលបច្ចុប្បន្នជា UEFA Champions League។ក្នុងវគ្គទីមួយមានគ្រាប់បាល់កើតឡើងសរុប ៥ គ្រាប់ក្នុងនោះ Harry Kane ស៊ុតបាល់ពិន័យ ១១ ម៉ែត្រមុនគេនាំមុខឱ្យ Bayern Munich នៅនាទីទី ១៧ មុនពេលដែល PSG វាយបកពីរគ្រាប់វិញដោយ Khvicha Kvaratskhelia និង Joao Neves តែតបញ្ចូលទីពីបាល់ជ្រុង។ Michael Olise ស៊ុតតាមស្មើឱ្យ Bayern Munich វិញនាទីទី ៤០ តែចុងវគ្គទីមួយ Ousmane Dembele ស៊ុតបាល់ពិន័យ ១១ ម៉ែត្រនាំមុខជាថ្មីឱ្យ PSG បន្ទាប់ពីកំហុសបាល់ប៉ះដៃរបស់ Alphonso Davies។ បន្ទាប់ពី ៤៥ នាទីដំបូងទស្សនាការប្រកួតដែលមិនជិនណាយ ៤៥ នាទីវគ្គទីពីរក៏ជាការប្រកួតអស្ចារ្យថែមទៀតនៅពេលក្រុមទាំងពីរបន្តស៊ុតបញ្ចូលទីគ្នា ៤ គ្រាប់បន្ថែមទៀត។ ក្រុមម្ចាស់ផ្ទះចាប់ផ្តើមបានល្អជាងវគ្គទីមួយនៅពេល Kvaratskhelia រកបានគ្រាប់ទីពីររបស់ខ្លួន មុនពេលដែល Ousmane Dembele ក៏រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី ៥៦ និង ៥៩ មានន័យថា PSG នាំមុខ ៥-២។ បើសិនជាការ ៥-២ នេះរក្សាដល់ចប់ការប្រកួត Bayern Munich នឹងត្រូវធ្វើការធ្ងន់នៅជើងទីពីរ តែក្រុមជើងឯក អាល្លឺម៉ង់ថ្មីៗមួយនេះបានសម្រាលការងាររបស់ខ្លួនវិញនៅពេលខ្សែការពារ Upamecano តែតបញ្ចូលទីតាមពីក្រោយ ៥-៣ មុនពេលដែល Luis Diaz ស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយនៃការប្រកួត។ ចប់ការប្រកួត PSG យកឈ្នះ Bayern Munich ៥-៤ កាន់គ្រាប់ចំណេញត្រឹមមួយគ្រាប់មុនត្រលប់ទៅជើងទីពីរ ទឹកដីអាល្លឺម៉ង់វិញសប្តាហ៍ក្រោយ៕ អត្ថបទ៖នាង សុភាវុធ

បី​រដូវកាល​ជាប់​គ្នា បឹងកេតជួបព្រះខ័នរាជ ​​ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន​រង្វាន់​សម្ដេចតេជោ, ២លើកព្រះខ័នរាជឡើងវគ្គផ្ដាច់ព្រ័ត្រ ចុះលើកនេះ?​

2026/04/29 05:39:51 pm        189
ក្លឹបបាល់ទាត់បឹងកេត និងព្រះខ័នរាជស្វាយរៀង ពិតជាមិនព្រាត់គ្នាមែន។ បី​រដូវកាល​ជាប់​គ្នា​ដែល​ក្លឹប​ទាំង​ពីរត្រូវជួបគ្នា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ការប្រកួតបាល់ទាត់​ពានរង្វាន់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន។ នេះជាឆ្នាំទី៣ ដែល​ក្រុមទាំងពីរជួបគ្នា ចាប់តាំងពីរដូវកាល ២០២៣-២០២៤មក។រដូវកាល​២០២៣-២០២៤ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង ឈ្នះបឹងកេត ៤​ទល់​នឹង៣ ក្នុងនោះជើងទី១ ឈ្នះ៣ទល់នឹង១ និងជើងទី២ចាញ់ ១ទល់នឹង២។ ហើយ​ព្រះខ័ន​រាជ​ស្វាយ​រៀងឡើងវគ្គផ្ដាច់ព្រ័ត្រ និងឈ្នះភ្នំពេញក្រោន១ទល់នឹង០ ដណ្ដើមបាន​ពាន​រង្វាន់​សម្តេច​តេជោ​ជា​លើកទី៥ក្នុងប្រវត្តិសាស្ត្រ។រដូវកាល២០២៤-២០២៥ វគ្គដូចគ្នានេះដែរ ក្រុមទាំងពីរកាន់តែតានតឹង តែយ៉ាង​ណា​ព្រះខ័ន​រាជ​ស្វាយ​រៀង​នៅតែធ្វើបានល្អ និងបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយឈ្នះ២ទល់នឹង១ (ជើងទី​១​ព្រះ​ខ័​នរាជ ឈ្នះ១ទល់០ និងជើងទី២ ស្មើគ្នា ១ទល់១)។ចុះរដូវកាល ២០២៥-២០៦ នេះ វិញបឹងកេត អាចសងសឹកវិញបានទេ? រឺព្រះខ័ន​រាជ​ស្វាយ​រៀង​នៅ​តែ​ធ្វើបានល្អបន្ថែមទៀត?កុំភ្លេច ចូលរួមទស្សនាឱ្យបានច្រើនកុះករ ល្ងាចនេះ ម៉ោង ៦និង០០នាទីនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។BTV News ផ្សាយផ្ទាល់!!!!

Xavi Simons នឹងអវត្តមានដល់ចប់រដូវកាលរួមទាំង World Cup ដោយសាររបួស

2026/04/28 09:32:31 pm        205
ខ្សែបម្រើប្រយុទ្ធហូឡង់ Xavi Simons នឹងមិនមានវត្តមាននៅលើទីលានឡើយសម្រាប់ Tottenham Hotspur សម្រាប់ការប្រកួតដែលនៅសល់រដូវកាលនេះ បូករួមទាំងអវត្តមានពី World Cup ឆ្នាំនេះផងដែរក្រោយរងរបួសដាច់សរសៃពួរ ACL។កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ត្រូវបានសែងចេញនៅវគ្គទីពីរអំឡុងជ័យជំនះរបស់ Spurs នៅទឹកដី Wolves ចុងសប្តាហ៍កន្លងទៅ នៅពេលប៉ះទង្គិចជាមួយខ្សែការពារ Hugo Bueno។ Simons បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនសម្តែងអារម្មណ៍សោកស្តាយ ដែលមិនអាចជួយក្លិបរបស់ខ្លួនបានស្របពេលដែលកំពុងតស៊ូគេចចេញពីការកាត់ចេញនៅ Premier League និងជាពិសេសគឺអវត្តមានពីក្រុមជម្រើសជាតិហូឡង់នៅ World Cup ឆ្នាំនេះ។ Simons បានចូលរួមជាមួយ Spurs កាលពីរដូវក្តៅឆ្នាំមុនផ្ទេរពី RB Leipzig ក្នុងតម្លៃ ៥២ លានផោន បង្ហាញខ្លួនក្នុងលីគបាន ២៨ លើករកបានពីរគ្រាប់ និងបញ្ជូនប្រាំ។ បន្ទាប់ពីឈ្នះ Wolves កាលពីចុងសប្តាហ៍ Spurs នៅតែស្ថិតនៅតំបន់គ្រោះថ្នាក់នៅឡើយខណៈបួនប្រកួតដែលនៅសល់ត្រូវជួបជាមួយ Aston Villa Leeds United Chelsea និង Everton។ World Cup 2026 នៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដាឆ្នាំនេះ ហូឡង់ស្ថិតក្នុងពូល F នឹងត្រូវជួបជាមួយ ជប៉ុននៅថ្ងៃទី ១៤ ខែមិថុនា៕ អត្ថបទ៖នាង សុភាវុធ

ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ជាការវាស់ស្ទង់កម្រិត​បច្ចេកទេស និងទេពកោសល្យអត្តពលិក

2026/04/28 09:24:45 pm        195
កណ្តាល៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦គឺជាការវាស់ស្ទង់កម្រិតបច្ចេកទេស និងទេពកោសល្យរបស់កីឡាករ កីឡាការិនី ក្នុងការចូលរួមប្រកួតតំណាងឲ្យខេត្ត។នេះជាការបញ្ជាក់ពី ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល ក្នុងពិធីបិទការប្រកួតមធ្យម​សិក្សាប្រចាំឆ្នាំ កាលពីម្សិលមិញ នាទីលានទាត់ខេត្តកណ្តាល ។ អភិបាលរង​ខេត្តកណ្តាល បានបញ្ជាក់បន្ថែមថា ខេត្តកណ្តាលបានរៀបចំការប្រកួតនានាជាច្រើន ដើម្បី ឲ្យ កុមារ យុវជន និងមហាជន ចូលរួមប្រកួតប្រជែង រួមចំណែកអភិវឌ្ឍន៍វិស័យកីឡាខេត្ត និងប្រទេសជាតិទាំងមូល។ហើយនេះជាសកម្មភាពយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអប់រំកាយ និងកីឡា ដែលមានខ្លឹមសារថា “ យុវជនម្នាក់ មានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត “ ព្រមទាំងបានចូលរួមចំណែកក្នុងការអនុវត្ត”ស្តង់ដាសាលារៀនគំរូ” ផងដែរ។ តាមរយៈនៃការប្រកួតនេះ ក្នុងមានខេត្តកណ្តាល ឯកឧត្តម មើលឃើញថា ក្មួយៗកីឡាករ កីឡាការិនីទាំងអស់បានយកស្មារតីសាមគ្គីភាព មិត្តភាព និងគោរពទៅតាមបទបញ្ជាបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រកួតទាំងសាមគ្គីភាពក្នុងក្រុម និងរវាងក្រុមមួយទៅ ក្រុមមួយទៀត ធ្វើឱ្យការប្រកួតនេះទទួលបានលទ្ធផលល្អ និងមានភាពស្រស់ស្អាតនៃការប្រកួតនិមួយៗ។ឯកឧត្តម ប៊ុន ផេង បានបន្ថែមថា គ្រប់គ្រឹះស្ថានមធ្យមសិក្សារដ្ឋ និងឯកជនក្នុងខេត្ត បានយកចិត្តទុកដាក់ក្នុងការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានសិក្សាដើម្បីឲ្យសិស្សានុសិស្សទទួលបាននូវការវិវត្តន៍ផ្នែករូបរាងកាយ បញ្ញាស្មារតី ក៏ដូចជាការអនុវត្តក្នុងម៉ោងសិក្សាតាមការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ២ ម៉ោងក្នុង មួយសប្តាហ៍ឲ្យបានខ្ជាប់ខ្ជួន និងទទួលខុសត្រូវ។បើតាមរបាយការរបស់ លោក ចេង សំអុល ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ ដំណើរការរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ ២៧ ខែ មេសា គណៈកម្មាធិការបច្ចេទេស ដាក់៤ប្រភេទកីឡារួមមាន បាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម៕

FIFA គ្រោងកែប្រែច្បាប់ផ្អាកការប្រកួតដោយសារពិន័យកាតលឿងនៅ World Cup ឆ្នាំនេះ

2026/04/28 09:10:14 pm        214
សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងពិចារណាកែប្រែច្បាប់ពាក់ព័ន្ធនឹងការពិន័យផ្អាកកីឡាករ ដោយសារកាតលឿងសរុប សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំនេះ ខណៈដែលទម្រង់ការប្រកួតថ្មីមានការពង្រីកចំនួនក្រុមចូលរួម។តាមព័ត៌មានដែលបានចេញផ្សាយថ្មីៗនេះបានឲ្យដឹងថា FIFA មានគម្រោងបន្ថែមដំណាក់កាលលុបកាតលឿង មួយទៀត ដោយលុបកាតទាំងអស់ក្រោយបញ្ចប់វគ្គជម្រុះតាមពូល ក៏ដូចជាក្រោយវគ្គ ៨ ក្រុមចុងក្រោយ។ក្រោមច្បាប់បច្ចុប្បន្ន ក្រុមមួយត្រូវលេងប្រមាណ ៥ ប្រកួត ដើម្បីឈានដល់វគ្គ ៨ ក្រុមចុងក្រោយ ហើយកីឡាករណាដែលទទួលបានកាតលឿង ២ ដងក្នុងអំឡុងពេលនោះ នឹងត្រូវផ្អាកការប្រកួតមួយ។ ទោះយ៉ាងណា World Cup ឆ្នាំនេះដែលមានការកែប្រែទម្រង់ថ្មីមាន ៤៨ ក្រុមចូលរួមនោះ ការប្រកួតបានកើនឡើងដោយមានវគ្គ ៣២ ក្រុមចុងក្រោយមួយទៀត។FIFA មានការព្រួយបារម្ភថា ប្រសិនបើគ្មានការកែប្រែច្បាប់ កីឡាករច្រើននឹងត្រូវប្រឈមមុខនឹងហានិភ័យផ្អាកហើយអាចខកខានការប្រកួតសំខាន់ៗ ដូចជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ការដាក់បន្ថែមដំណាក់កាលលុបកាតពីរដងនេះ ត្រូវបានគេចាត់ទុកថា មានភាពយុត្តិធម៌ជាង និងអាចកាត់បន្ថយការបាត់បង់កីឡាករសំខាន់ៗក្នុងវគ្គសំខាន់ៗ។បើតាមសំណើថ្មី កម្រិតកាតលឿង ២ ដងសម្រាប់ការផ្អាកនៅតែរក្សាទុកដដែល ប៉ុន្តែការកំណត់ពេលលុបកាតនឹងធ្វើឲ្យមានតែពីរដំណាក់កាលសំខាន់ៗប៉ុណ្ណោះ ដែលកីឡាករអាចប្រឈមនឹងការផ្អាក។ នោះមានន័យថា កីឡាករត្រូវទទួលកាតលឿងក្នុង ២ ប្រកួតក្នុងចំណោម ៣ ប្រកួតវគ្គពូល ឬក្នុងវគ្គ ៣២ ក្រុមចុងក្រោយ, ១៦ ក្រុមចុងក្រោយ និងវគ្គ ៨ ក្រុមចុងក្រោយ មុនឈានដល់ការផ្អាក៕ អត្ថបទ៖នាង សុភាវុធ

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងឯកក្លឹបកម្រិតទី៣អាស៊ី (AFC Challenge League) លេងនៅប្រទេសគូវ៉ែត

2026/04/28 08:51:06 pm        171
យោងកម្មវិធីប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ផ្ញើជូនសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា (FFC) បានបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបអាស៊ីកម្រិតទី៣ (AFC Challenge League) វគ្គផ្ដាច់ព្រ័ត្រត្រូវលេងនៅប្រទេសគូវ៉ែត ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ប្រភពបានបញ្ជាក់បន្ថែមថាការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្លឹបប្រទេសគូវ៉ែត Al Kuwait SC ជា​មួយ​ក្លឹបជើងឯកកម្ពុជា ព្រះខ័នរាជស្វាយរៀង ធ្វើនៅក្នុងពហុកីឡដ្ឋាន Jaber Al-Mubarak Al-Hamad ​វេលាម៉ោង៧និង១៥នាទីយប់នៅប្រទេសគូវ៉ែត ត្រូវនឹងម៉ោង ១១និង​១៥នាទី​យប់​ម៉ោង​នៅ​ព្រះរាជាណាចក្រកម្ពុជា។ ព្រះខ័នរាជស្វាយរៀងឡើងដល់វគ្គផ្ដាច់ព្រ័ត្រពីរលើកជាប់គ្នា ក្រោយឈ្នះក្លឹបបាល់ទាត់ប្រទេស​ហ្វីលីពីន Manila Diggers ៤ទល់នឹង១ទាំងពីរជើង។ ចំណែក Al Kuwait SC ឈ្នះក្លឹប Muras United របស់កៀហ្ស៊ីស៊ីស្ថាន ២ទល់នឹង១។សូមបញ្ជាក់ថា ពហុកីឡដ្ឋាន Jaber Al-Mubarak Al-Hamad អាចផ្ទុកអ្នកទស្សនាបាន​១៥០០០​នាក់ ហើយត្រូវបានសាងសង់នៅឆ្នាំ២០១៩-២០២៤ និង​ត្រូវ​បើក​ឱ្យ​ប្រើ​ប្រាស់ផ្លូវការថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM