កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

ក្រសួងការពារជាតិ ដណ្តើមបានជើងឯកការប្រកួតកីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥

2026/03/20 07:09:48 pm        124
កីឡាករ-កីឡាការិនីវាយកូនបាល់ក្រសួងការពារជាតិដណ្តើមបានជើងឯក នៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅទីលានវាយកូនបាល់ពហុកីឡដ្ឋានជាតិអូឡាំពិក។មន្ត្រីបច្ចេកទេសសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបង្ហាញលទ្ធផលថា ក្រសួងការពារជាតិ ដែលដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសមាគម-ក្លឹបចូលរួមទាំង៩ គឺទទួលបានមេដាយមាស ២គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។លោក ជា ពៅ នាយករៀបចំការប្រកួតបានឱ្យដឹងថា ការប្រកួតនេះមានកីឡាករ-កីឡាការិនីចូលរួមសរុប ៦២នាក់ (កីឡាការិនី ១២នាក់) និងប្រតិភូចំនួន ១៨ នាក់មក ៩ សមាគម-ក្លឹប។ ការប្រកួតឆ្នាំនេះមាន ៥វិញ្ញាសា ដូចជាវិញ្ញាសាវាយឯកត្តជនបុរស វាយឯកត្តជននារី វាយគូបុរស វាយយុវជនអាយុក្រោម១៨ឆ្នាំ និងវិញ្ញាសាវាយចម្រុះ ដោយប្រើប្រាស់កញ្ចប់ថវិកាគាំទ្រពន្លឿនផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ជាលិទ្ធផលជ័យលាភី ក្រសួងការពារជាតិ ទទួលបានមេដាយមាស ២គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង, ក្រសួងមហាផ្ទៃទទួលបានមេដាយមាស២គ្រឿង មេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធ ១គ្រឿង, ខេត្តបាត់ដំបង ទទួលបានមេដាយប្រាក់១គ្រឿង ខេត្តព្រះវិហារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយសំរឹទ្ធ ១គ្រឿងដូចគ្នា៕ 

ក្រុមនារីកូរ៉េខាងជើងយកឈ្នះឆាយនីសតៃប៉ិទទួលបានកៅអីបាល់ទាត់នារីពិភពលោកឆ្នាំក្រោយ

2026/03/20 06:15:30 pm        114
ក្រុមបាល់ទាត់នារីកូរ៉េខាងជើង បានយកឈ្នះក្រុមនារីឆាយនីសតៃប៉ិ ៤-០ ក្នុងការប្រកួត Play-Off ដើម្បីទទួលបានកៅអីនៅព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកឆ្នាំក្រោយ។ខ្សែប្រយុទ្ធ Hong Song-Ok គឺជាតួឯកក្នុងការប្រកួតនេះដោយរកបានបីគ្រាប់ម្នាក់ឯង ធ្វើឱ្យក្រុមនារីជើងឯកអាស៊ីបីសម័យឆាយនីសតៃប៉ិតដៃ      មានឱកាសនៅឡើយ តែត្រូវឆ្លងកាត់ការប្រកួត Play-Off អន្តរទ្វីប។ ក្នុងថ្ងៃជាមួយគ្នានោះដែរ ហ្វីលីពីនបានយកឈ្នះអ៊ូសប៊ែគីស្ថាន ២-០ ដោយគ្រាប់បាល់របស់ Angela Beard និង Jaclyn Sawicki មានន័យថាហ្វីលីពីនកក់កៅអីនៅ World Cup ឆ្នាំក្រោយដែលរៀបចំនៅប្រទេសប្រេស៊ីល និងជាការបង្ហាញខ្លួនពីរព្រឹត្តិការណ៍ជាប់គ្នាផងដែរ៕ អត្ថបទ៖នាង សុភាវុធ

វិសាខា ចាត់ទុកដៃគូគ្រប់កម្រិតសុទ្ធតែសំខាន់ក្នុងការអភិវឌ្ឍក្លិប និងបាល់ទាត់ជាតិ

2026/03/20 05:50:15 pm        155
វិស័យឯកជន គឺជាកម្លាំងចលករដ៏សំខាន់ ដែលមិនអាចខ្វះបាន ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​ការ​អភិវឌ្ឍ និងភាពរីកចម្រើនក្លិប ក៏ដូចជាវិស័យបាល់ទាត់ជាតិទាំងមូលនៅកម្ពុជា។ ការណ៍នេះ ថ្នាក់​ដឹកនាំក្លិបវិសាខា បានចាត់ទុកដៃគូសហការគ្រប់កម្រិត មិនថាតូច ឬធំ សុទ្ធ​តែ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍន៍ក្លិបឲ្យកាន់តែរីកចម្រើនជានិរន្ដ។នេះបើតាមការលើកឡើងរបស់អគ្គនាយិកាក្លិបកញ្ញា អ៊ូ បញ្ញាសុកិត្យា បន្ទាប់​ពីក្លិប​បាន​បន្ដ​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់គ្នា ជាមួយដៃគូឧបត្ថម្មថ្មីពីហាងបារាយណ៍កាហ្វេ នៅកីឡដ្ឋាន​វិសាខា ​កាលពីថ្មីៗ ដោយមានការចូលរួមជាសក្ខីភាពពីថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជាច្រើនផងដែរ។កញ្ញាបន្ដថា ក្នុងនាមក្លិបអាជីពមួយ ដើម្បីទ្រទ្រង់ក្លិប មិនអាចខ្វះ​ដៃ​គូ​សហការ​ពី​វិស័យ​ឯក​ជន​ឡើយ ​ហើយការឧបត្ថម្ភទៀតសោត មិនថាដៃគូឧបត្ថម្ភធំ ឬកម្រិតណាទេ សុទ្ធតែជា​ចំណែក​សំខាន់​ក្នុង​ការអភិវឌ្ឍ តួយ៉ាងហាងបារាយណ៍កាហ្វេ ដែលមានម្ចាស់អាជីវកម្មជាកូនខ្មែរ តែមានទឹកចិត្ត និងឆន្ទៈចង់ចូលរួមអភិវឌ្ឍវិស័យកកីឡា តាមរយៈការឧបត្ថម្ភជាសម្ភារ និងភេសជ្ជៈជំនួយសុខភាពជាដើម។ ទាំងអស់នេះ សុទ្ធតែជាតម្រូវការរបស់ក្លិប ក្នុងការពង្រឹងការអភិវឌ្ឍ ទាំងគុណភាពបច្ចេកទេស និងសុខភាពកីឡាករ-កីឡាការិនីផងដែរ។ជាមួយគ្នា កញ្ញា ជា មករា តំណាងដៃគូសហការថ្មីរបស់បេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ក៏បានបង្ហាញនូវមោទនភាព ចំពោះឱកាសរួមចំណែកគាំទ្រក្លិប ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិ ក្នុងនាមក្លិបស្ដង់ដារ ហើយកញ្ញាក៏ត្រៀមខ្លួនរួចរាល់ ក្នុងការគាំទ្រដល់គម្រោងបង្កើតសាលាបាល់ទាត់វិសាខា នៅស្រុកកំចាយមា ខេត្តព្រៃវែង ក្នុងការផ្សព្វផ្សាយឲ្យកុមារ និងយុវជនក្នុងស្រុក ត្រៀមចូលរួមហ្វឹកហាត់ ដើម្បីអាចឈានទៅសម្រេចក្ដីស្រម៉ៃ ក្លាយជាកីឡាករអាជីព នាថ្ងៃអនាគតទៀតផង៕ អត្ថបទ លី ឈុនឡា 

មន្រ្តីជំនាញគុនល្បុក្កតោត្រូវបន្តដុសខាត់បច្ចេកទេសឱ្យជាប់ជាប្រចាំនៅដើម្បីពង្រឹងពង្រីកសក្តានុពលទៅក្រៅប្រទេស

2026/03/19 11:36:33 pm        162
ក្រោយការប្រកួតបញ្ជប់ដោយជោគជ័យ អស់រយៈពេល២ថ្ងៃ ការប្រកួតកីឡាល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានលើកឡើងថា មន្រ្តីជំនាញគុនល្បុក្កតោត្រូវបន្តដុសខាត់បច្ចេកទេសឱ្យបានជាប់ជាប្រចាំនៅតាមសាលាគុនទាំងអស់ នៅតាមបណ្តារាជធានីខេត្តនានា ដើម្បីពង្រឹងពង្រីកសក្តានុពលទៅក្រៅប្រទេស។នេះជាការលើកឡើងរបស់ឯកឧត្តម ក្នុងឱកាសបិទបញ្ចប់ការប្រកួតដោយជោគជ័យ កាលពីថ្មីៗនេះ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោយដំណើរការរយៈពេល២ថ្ងៃ ពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា បច្ចុប្បន្នប្រភេទកីឡាគុនល្បុក្កតោបានបញ្ជូល នៅក្នុងកម្មវិធីសិក្សារួចហើយរបស់ក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវតែបន្តដុសខាត់ជំនាញបច្ចេកទេសឱ្យបានជាប់ជាប្រចាំនៅតាមសាលាគុនទាំងអស់ ដោយការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីនេះត្រូវធ្វើឡើងឱ្យមានបទបញ្ជាបច្ចេកទេសរួមគ្នាតែមួយប្រកបដោយការទទួលខុសត្រូវខ្ពស់ ទើបប្រភេទកីឡាព្រលឹងវប្បធម៌ខ្មែរមួយនេះអាចបន្តពង្រឹងពង្រីកសក្តានុពលទៅក្រៅប្រទេសបាន។ ជាមួយនេះ ឯកឧត្តម បានជំរុញឱ្យសាលាគុនទាំងអស់នៅតាមរាជធានីខេត្តបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងកៀរគរការចូលរួមហ្វឹកហាត់របស់សិស្សគុននៃប្រភេទកីឡាអត្តសញ្ញាញជាតិខ្មែរមួយនេះឱ្យបានកាន់តែច្រើនបន្ថែមទៀត។លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធ បានឲ្យដឹងថា ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធ និងទទួលបានថវិកាគាំទ្រពន្លឿនផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ជាលទ្ធផលបច្ចេទេស ចំណាត់ថ្នាក់មេដាយជ័យលាភី ក្នុងចំណោម២៧សាលាគុន ដែលមានវិញ្ញាសាសរុបចំនួន១៣ រួមមាន៖ សាលាគុន មជ្ឈមណ្ឌលក្រសួងការពារជាតិ ឈរចំណាត់ថ្នាក់លេខ១ មេដាយសរុប៨គ្រឿង (មាស៦ ប្រាក់១ សំរឹទ្ធ១) សាលាគុនខេមរារាជបូរណ៍ លេខ២ មេដាយសរុប ៥គ្រឿង (មាស២ ប្រាក់៣) សាលាគុនអមរៈឫទ្ធិ លេខ៣ មេដាយ៣គ្រឿង (មាស១ ប្រាក់១ សំរឹទ្ធ១) ក្រៅពីនេះមានសាលាគុនមួយចំនួនទៀតក៏ដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធ ខណៈ៦សាលាគុនផ្សេងទៀតមិនទទួលបានមេដាយសោះ៕

Spurs ឈ្នះលើកដំបូងក្រោមការដឹកនាំរបស់ Tudor តែធ្លាក់ត្រឹមវគ្គ ១៦ ក្រុម UCL

2026/03/19 08:42:49 pm        118
Tottenham Hotspur ទីបំផុតរកបានជ័យជំនះដំបូងក្រោមការដឹកនាំរបស់លោក Igor Tudor នៅពេលយកឈ្នះ Atletico Madrid ៣-២ តែមិនអាចឡើងជុំបន្តឡើយ ដោយចាញ់សរុបទាំងពីរជើង ៧-៥។ Spurs ត្រូវមានការងារធ្ងន់នៅជើងទីពីរនេះបន្ទាប់ពីបរាជ័យនៅទឹកដីអេស្ប៉ាញ ៥-២ តែពួកគេមានឱកាសច្រើន តែខ្ជះខ្ជាយ មុនពេលដែល Kolo Muani រកបានគ្រាប់នាំមុខនៅនាទីទី ៣០ ផ្តល់ក្តីសង្ឃឹមខ្លះៗ។ ឈានចូលវគ្គទីពីរបានត្រឹមពីរនាទី Julian Alvarez ក៏រកបានគ្រាប់តាមស្មើឱ្យ Atletico Madrid នៅនាទីទី ៤៧ មុនពេលដែល Xavi Simon រកបានគ្រាប់នាំមុខសាជាថ្មីឱ្យ Spurs នៅនាទីទី ៥២។ យ៉ាងណាក្តីក្រុមរបស់លោក Igor Tudor មិនអាចកាត់បន្ថយការនាំមុខច្រើនជាងនេះឡើយនៅពេល David Hancko តែតបញ្ចូលទីតាមស្មើ ២-២ ទោះបី Xavi Simon ស៊ុតបាល់ ១១ ម៉ែត្រយកឈ្នះនៅចុងម៉ោង ៣-២ សម្រាប់ Spurs តែយឺតពេលទៅហើយ។ អស់ភារកិច្ចនៅ Champions League នេះហើយ ដូច្នេះ Spurs ត្រូវផ្តោតតែមួយមុខគត់គឺធ្វើយ៉ាងណាគេចឱ្យពីតំបន់កាត់ចោលនៅ Premier League ខណៈដែលពួកគេនឹងត្រូវជួប Nottingham Forest ថ្ងៃអាទិត្យនេះ។ សម្រាប់ Atletico Madrid នឹងបន្តដំណើរឡើងវគ្គ ៨ ក្រុមចុងក្រោយដោយនឹងត្រូវជួបជាមួយក្រុមរួមលីគ Barcelona៕ អត្ថបទ៖នាង សុភាវុធ

Liverpool បំបាក់ Galatasaray ជើងទីពីរ ៤-០ ឡើងវគ្គ ៨ ក្រុមចុងក្រោយ Champions League

2026/03/19 08:00:58 pm        128
ក្រុមហង្សក្រហម Liverpool បានក្លាយជាក្រុមអង់គ្លេសទីពីរប៉ុណ្ណោះឡើងវគ្គ ៨ ក្រុមចុងក្រោយ Champions League ជាមួយកាំភ្លើងធំ Arsenal បន្ទាប់ពីជ័យជំនះលើ Galatasaray ៤-០ ជើងទីពីរ និងសរុបទាំងពីរជើង ៤-១។បរាជ័យ ១-០ នៅទឹកដីទួកគីសប្តាហ៍មុន ក្រុមរបស់លោក Arne Slot មិនបង្អង់ពេលយូរឡើយ ខណៈខ្សែបម្រើហុងគ្រី Dominik Szoboszlai រកបានគ្រាប់នាំមុខនៅនាទីទី ២៥។ ក្រុមភ្ញៀវទួកគីមិនមានអ្វីតបតឡើយ ខណៈវគ្គទីពីរពួកគេផុតកាន់តែជ្រៅនៅពេលខ្សែប្រយុទ្ធបារាំង Hugo Ekitike បន្ថែមគ្រាប់នាំមុខ ២-០។ Ryan Gravenberch និង Mohamed Salah រកបានម្នាក់មួយគ្រាប់ទៀតឱ្យ Liverpool យកឈ្នះ Galatasaray យ៉ាងកក់ក្តៅ ៤-០ និងសរុបទាំងពីរជើង ៤-១។ វគ្គ ១៦ ក្រុមចុងក្រោយ Liverpool នឹងត្រូវជួបជាមួយ Paris Saint Germain ដែលជាក្រុមការពារតំណែងជើងឯក និងធ្លាប់ទម្លាក់ពួកគេរដូវកាលមុន៕ អត្ថបទ៖នាង សុភាវុធ

Bayern Munich មិនទម្លាក់ដៃបន្តយកឈ្នះ Atalanta ៤-១ សរុបទាំងពីរជើង ១០-២ ឡើងវគ្គ ៨ ក្រុម

2026/03/19 07:38:02 pm        111
ក្រុមជើងឯក ៦ សម័យ Bayern Munich ថ្វីបើឈ្នះជើងទីមួយនៅទឹកដីអ៊ីតាលី ៦-១ ការវិលត្រលប់មកទឹកដីរបស់ខ្លួននេះ ពួកគេមិនទម្លាក់ដៃឡើយ ដោយបន្តយកឈ្នះ ៤-១ ទៀតសរុបទាំងពីរជើង ១០-២ បន្តដំណើរឡើងវគ្គ ៨ ក្រុមចុងក្រោយ Champions League។ខ្សែប្រយុទ្ធអង់គ្លេស Harry Kane រកបានពីរគ្រាប់ម្នាក់ឯងដែលធ្វើឱ្យអតីតខ្សែប្រយុទ្ធ Spurs រូបនេះឈានដល់ដល់ស្ថិតិ ៥០ គ្រាប់ហើយក្នុងការស៊ុតបញ្ចូលទីនៅ Champions League។ ការឈានដល់ ៥០ គ្រាប់នេះ Harry Kane ចំណាយពេលប្រកួតចំនួន ៦៦ ប្រកួតដែលចំនួននេះស្មើនឹង Lionel Messi និងតិចប្រកួតជាង Cristiano Ronaldo ២៥ ប្រកួត។ Erling Haaland ជាអ្នករកបាន ៥០ គ្រាប់លឿនបំផុតក្នុងប្រវត្តិសាស្រ្ត UCL ដោយចំណាយត្រឹម ៤៩ ប្រកួត។ ពីរគ្រាប់របស់ Kane សម្រេចបានដោយបាល់ពិន័យ ១១ ម៉ែត្រនាទីទី ២៥ និងគ្រាប់បញ្ចូលទីនាទីទី ៥៤។ កីឡាករយុវជន Lennart Karl និង Luis Diaz រកបានម្នាក់មួយគ្រាប់ ខណៈ Atalanta រកបានមួយគ្រាប់បង្ហើយមុនចប់ដោយ Samardzic។ សរុបទាំងពីរជើងជ័យជំនះធំធេង ១០-២ Bayern Munich នឹងត្រូវធ្វើការងារធ្ងន់ជាងនេះនៅវគ្គ ៨ ក្រុមចុងក្រោយដោយពួកគេនឹងត្រូវជួបជាមួយក្រុមជើងឯក ១៥ សម័យ Real Madrid៕ អត្ថបទ៖នាង សុភាវុធ

Barcelona ឈ្នះ Newcastle ចាស់ដៃ ៧-២ សរុបទាំងពីរជើង ៨-៣ ឡើងវគ្គ ៨ ក្រុម

2026/03/19 07:10:52 pm        135
ក្រុមសារិកាព្រៃ Newcastle United បានក្លាយជាក្រុមអង់គ្លេសទីបួនធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ Champions League បន្ទាប់ពី​ Chelsea, Manchester City និង Tottenham Hotspur ក្រោយបរាជ័យនៅទឹកដី Barcelona ៧-២ និងសរុបទាំងពីរជើង ៨-៣។ជំនួបជើងទីមួយនៅអង់គ្លេសក្រុមទាំងពីរស្មើគ្នា ១-១ ខណៈជើងទីពីរនេះ Raphinha បើកការនាំមុខឱ្យម្ចាស់ផ្ទះតាំងពីនាទីទី ៦ តែ Anthony Elanga ឆ្លើយតបវិញភ្លាមៗនាទីទី ១៥។ Marc Bernal ក្រោយមកក៏រកបានគ្រាប់នាំមុខវិញឱ្យ Barcelona មុនពេលដែល Anthony Elanga ដដែលតាមស្មើនៅនាទីទី ២៨។ក្រុមទាំងពីរគួរតែបញ្ចប់វគ្គទីមួយស្មើគ្នាទៅហើយ តែ VAR រកឃើញកំហុសរបស់ Kieran Trippier ធ្វើឱ្យ Lamine Yamal ជាអ្នកស៊ុតសម្រេចគ្រាប់បាល់ពិន័យ ១១ ម៉ែត្រនាំមុខ ៣-២ នាទីទី ៤៥+៧។ ឈានចូលវគ្គទីពីរ អ្វីៗជារបស់ Barcelona នៅពេល Fermin Lopez បន្ថែមគ្រាប់នាំមុខ ៤-២ មុនពេល Robert Lewandowski រកបានពីរគ្រាប់ម្នាក់ឯង និងបង្ហើយដោយ Raphinha គ្រាប់ទីពីររបស់គេក្នុងការប្រកួត។ ចប់ការប្រកួត Barcelona យកឈ្នះ Newcastle ៧-២ បន្តដំណើរឡើងវគ្គ ៨ ក្រុមចុងក្រោយជួបក្រុមរួមលីគ Atletico Madrid៕ អត្ថបទ៖នាង សុភាវុធ

កូរ៉េខាងជើងចាប់ផ្តើមមហោស្រពកីឡាជាតិនិទាឃរដូវ

2026/03/19 06:53:05 pm        141
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមមហោស្រពកីឡាជាតិនិទាឃរដូវឆ្នាំនេះនៅក្នុងទីក្រុងព្យុងយ៉ាង។វីដេអូដែលផ្តល់ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានបង្ហាញពីរដ្ឋមន្ត្រីក្រសួងវប្បធម៌រាងកាយ និងកីឡាកូរ៉េខាងជើង Kim Il Guk ថ្លែងសុន្ទរកថានៅក្នុងពិធីបើកកាលពីថ្ងៃអង្គារដោយមានអ្នកចូលរួមទស្សនាការប្រកួតបាល់បោះ។KCNA បាននិយាយថា ក្នុងអំឡុងពិធីបុណ្យនេះ អ្នកលេងអាជីព និងស្ម័គ្រចិត្តនឹងចូលរួមប្រកួតប្រហែល ៥៤០ វិញ្ញាសានៃ 30 ប្រភេទកីឡាដូចជាបាល់ទាត់ បាល់បោះ បាល់ទះ លើកទម្ងន់ កាយសម្ព័ន្ធ និងតេក្វាន់ដូជាដើម។មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើឱ្យកីឡាក្លាយជាការផ្តោតសំខាន់នៃផែនការរបស់ខ្លួន ក្នុងការលើកកម្ពស់ជីវភាពរស់នៅ។ ចាប់តាំងពីលោកឡើងកាន់អំណាចក្នុងឆ្នាំ ២០១១ ការចំណាយលើកីឡានៅក្នុងថវិកាជាតិប្រចាំឆ្នាំបានកើនឡើងលឿនជាងវិស័យដទៃទៀត នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៕ អត្ថបទ៖នាង សុភាវុធ

ISI ទម្លាក់ក្រុមជើងឯកភ្នំពេញក្រោន ឡើងវគ្គ ១/២ ពានសម្ដេចតេជោ ហ៊ុន សែន លើកដំបូង

2026/03/19 06:28:10 pm        150
ក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល បន្ទាប់ពីទម្លាក់ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ ២-០ ក្នុងជំនួបជើងទី២ នៅកីឡដ្ឋានភ្នំពេញក្រោន កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ដើម្បីបើកទំព័រប្រវត្តិសាស្ដ្រឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើកដំបូង នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ)។ក្រោយប្រកួតស្មើគ្នា ២-២ នៅកីឡដ្ឋាន អាយអេសអាយ ផាក កាលពីជើងទី១ គេឃើញក្រុមភ្នំពេញក្រោន បានព្យាយាមលេងដាក់សម្ពាធខ្លាំងលើក្រុមភ្ញៀវ តាំងពីវិនាទីដំបូង តែមិនអាចទម្លាយរបាំងការពារក្រុមលោក ទុំ សារ៉ាយ បានឡើយ ផ្ទុយទៅវិញ ត្រូវបានកីឡាករ ហាវ ខុសនេត្រ រកបានគ្រាប់នាំមុខ ១គ្រាប់មុនឲ្យ ISI ដង្កោសែនជ័យ នៅនាទី៣២ ដែលនាំឲ្យក្រុមសិង្ហក្រហម កាន់តែព្យាយាមវាយសម្រុក តែបន្ដរារាំងបានយ៉ាងល្អពីខ្សែការពារ និងអ្នកចាំទីក្រុមភ្ញៀវ ។ មិនតែប៉ុណ្ណោះ នៅចុងម៉ោង កីឡាករ Lancine Diakete  ក៏បានបន្ថែមគ្រាប់ទី២ នៅនាទី៩០+២ ដែលជួយឲ្យក្រុម ISI ដង្កោសែនជ័យ ឈ្នះលើក្រុមភ្នំពេញក្រោន ២-០ តែម្ដង។សរុបលទ្ធផលទាំង ២ជើង ISI ដង្កោសែនជ័យ បានយកឈ្នះក្រុមខ្លាំងភ្នំពេញក្រោន ដែលជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ដោយលទ្ធផល ៤-២ ដែលនាំឲ្យក្រុមដំរីជ័យ មានមូលដ្ឋាននៅតំបន់វេងស្រេង បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមវិសាខា ចំនួន ២ជើង នាចុងខែមេសាខាងមុខ ដើម្បីកាត់សេចក្ដីក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM