កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

កម្មវិធីរត់កម្សាន្ដ អបអរបុណ្យទន្លេ ថ្ងៃសុក្រនេះ មានអ្នកចូលរួមលើសការរំពឹង ខណៈ​គណៈកម្មការ​នឹង​ចែកអាវ ២ថ្ងៃមុនថ្ងៃរត់

2026/03/24 06:05:37 pm        148
នៅសល់ ៣ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ចាប់ពីថ្ងៃទី២៧ ដ​ល់​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ ដោយក្រសួងទេសចរណ៍ រួមជាមួយ​រដ្ឋបាល​ខេត្ត ​បានត្រៀមរៀបចំកម្មវិធីកម្សាន្ដជាច្រើន ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែល​នឹង​ប្រព្រឹត្ត​ទៅក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នេះ។ជាមួយគ្នា អ្វីដែលគួរឲ្យកត់សម្គាល់ គឺកម្មវិធីរត់កម្សាន្ដមហាជនចម្ងាយ ៥គីឡូម៉ែត្រ ដើម្បី​អបអរ​សាទរ​ព្រឹត្តិការណ៍បុណ្យទន្លេ ដែលនឹងត្រូវរៀបចំនាព្រឹកព្រលឹមថ្ងៃទី២៧ ខែមីនា បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ រហូតមានការចុះឈ្មោះលើសការរំពឹងទុក ខណៈ​គណៈកម្មការ​នឹងរៀបចំចែកអាវយឺត តាមការកំណត់រយៈពេល ២ថ្ងៃមុនកម្មវិធីមកដល់ នា​ថ្ងៃ​ទី​២៥-២៦ ខែមីនានេះ។ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធាន​អនុ​គណៈកម្មការ​រៀបចំ​សកម្ម​ភាពកីឡា អបអរព្រឹត្តិការណ៍បុណ្យទន្លេ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមីនានេះ គណៈ​កម្មការរៀបចំ បានទទួលអ្នកចុះឈ្មោះសរុប ២,២៣៣នាក់ ។ នេះគឺជាតួ​រ​លេខ​លើស​ពី​ការ​រំពឹង​ ដ្បិតក្នុងកិច្ចប្រជុំ កាលពីថ្មីៗ ផ្អែកលើសន្ទុះនៃការចុះឈ្មោះ ឯកឧត្តម​សង្ឃឹម​មាន​អ្នក​ចូល​រួម​ចន្លោះ​ពី ១,៥០០នាក់ ទៅ ២,០០០នាក់ប៉ុណ្ណោះ។ក្នុងនាមអនុគណៈកម្មការរៀបចំ ឯកឧត្តមបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះការ​គាំទ្រ ​និងចូលរួមយ៉ាងផុសផុលរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ដើម្បីត្រៀមចូលរួមរត់លេងកម្សាន្ដ ក្នុង​ន័យ​ដើម្បីអបអរសាទរខួបលើកទី១០ នៃព្រឹត្តិការណ៍បុណ្យទន្លេ ផង និងជាចលនា​លើក​កម្ពស់​សុខ​ភាពប្រជាពលរដ្ឋ តាមរយៈសកម្មភាពកីឡា ផ្សារភ្ជាប់ជាមួយវិស័យទេសចរណ៍ ផង។ឯកឧត្តមបន្ដទៀតថា ក្នុងចំណោមអ្នកចុះឈ្មោះជាង ២ពាន់ ដូចបាន​កំណត់​ក្នុង​ការ​ជូន​ដំណឹង​នា​ពេល​ថ្មីៗ សម្រាប់អ្នកចុះឈ្មោះ ១,៥០០នាក់ដំបូង ក្រសួង​នឹង​មាន​រៀបចំ​អាវ​យឺត​ដ៏​ស្រស់​ស្អាត​សម្រាប់​ចែកជូនម្នាក់ ១ ហើយរដ្ឋបាលខេត្តក្រចេះ នឹងផ្ដល់ក្រមា ម្នាក់ ១ បន្ទាប់ពីរត់បញ្ចប់​ទី ​ដែលគ្រោងនឹងមានការអញ្ជើញចូលរួមបំពាក់ក្រមាផ្ទាល់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួង​ទេស​ចរណ៍ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។ ចំពោះអាវយឺត ក្រុមការ​ងារ​អនុ​គណៈកម្មការ​រៀបចំសកម្មភាពកីឡា នឹងរៀបចំចែកជូន រៀងរាល់ម៉ោងធ្វើការ នាថ្ងៃទី២៥-២៦ ខែមីនានេះ នៅមុខសាលាខេត្តក្រចេះ។បន្ថែមលើនេះ ឯកឧត្តម វ៉ាហេង ដាវុធ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទោះ​បី​បាន​ចុះ​ឈ្មោះក្ដី​ ឬមិនបានចុះឈ្មោះក្ដី ហើយទទួលបានអាវយឺតក្ដី ឬពុំទទួលបានក្ដី អាចចូល​រួម​រ​ត់​លេង​កម្សាន្ដ​ឲ្យ​បានច្រើនកុះករ នាព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ ដ្បិតគណៈកម្មការ​រៀបចំ​បាន​ត្រៀម​នូវ​ភេសជ្ជៈ ទឹក និងអាហារសម្រន់ជាផលិតផលក្នុងខេត្តជាច្រើន ដូចជាក្រូចថ្លុងកោះទ្រង់ ក្រឡាន ជាដើម សម្រាប់ផ្ដល់ជូនអ្នកចូលរួមរត់ដោយឥតគិតថ្លៃ ។ តាមរយៈនេះ ឯកឧត្តមសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមដោយសប្បាយរីករាយទាំងអស់គ្នា។គួរដឹងថា បុណ្យបុណ្យទន្លេ លើកទី១០ ដែលរាជរដ្ឋាភិបាល បានសម្រេចរៀបចំនៅខេត្តក្រចេះ រយៈពេល ៣ថ្ងៃ នាចុងសប្ដាហ៍នេះ ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការពីម្ចាស់ផ្ទះ បានត្រៀមកម្មវិធីសំខាន់ៗជាច្រើន ក្នុងនោះក៏មានសកម្មភាពកីឡាជាច្រើន រួមមានរត់កម្សាន្ដ ៥គីឡូម៉ែត្រ, កីឡាហោះហើរ, កីឡាវាយសី, អុក និងកីឡាប្រជាប្រិយ ដូចជាលេងរែក លោតម៉ឹក និងបោះអង្គញ់ជាដើម ដើម្បីផ្ដល់នូវទស្សនីយភាព និងបរិយាកាសសប្បាយរីករាយជូនដល់ភ្ញៀវជាតិ និងអន្ដរជាតិ ដែលនឹងចូលរួមលេងកម្សាន្ដនាឱកាសនោះ៕ អត្ថបទ លី ឈុនឡា 

កម្ពុជានឹងជំរុញអាស៊ាន ធ្វើរឿង ៣ចំណុច ពិសេសការអភិវឌ្ឍកីឡាដើម្បីសន្ដិភាព

2026/03/24 04:41:35 pm        152
កម្ពុជាបានត្រៀមសំណើរចំនួន៣ ដាក់ក្នុងកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន នាចុងឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ នៅខេត្តសៀមរាប ដើម្បីលើកកម្ពស់សកម្មភាពកីឡាក្នុងតំបន់ ទាំងកីឡាទំនើប និងកីឡាប្រពៃណី ពិសេសផ្ដោតលើការអភិវឌ្ឍកីឡាដើម្បីសន្ដិភាព។នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមីនា ក្រោយដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការមេអាស៊ានកីឡា ឆ្នាំ២០២៦-២០៣០ រយៈពេល ២ថ្ងៃ នាថ្ងៃទី៣១ ខែមីនា និងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ។ឯកឧត្តមបានគូសបញ្ជាក់ថា សិក្ខាសាលាថ្នាក់តំបន់នាសប្ដាហ៍ក្រោយនេះ គឺជាលក្ខខណ្ឌតម្រូវរបស់អាស៊ាន ក្នុងនាមម្ចាស់ផ្ទះត្រូវរៀបចំកិច្ចប្រជុំឧត្តមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន ដើម្បីឆ្លើយតបនឹងគោលការណ៍ទាំង ៧ចំណុចរបស់អាស៊ាន ក្នុងការជំរុញឲ្យអប់រំកាយ និងកីឡាក្នុងតំបន់ មានការឯកភាព និងស៊ីចង្វាក់គ្នាក្នុងការអភិវឌ្ឍសុខុមាលភាពប្រជាជន និងការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់ក្នុងតំបន់។ទន្ទឹមជាមួយគ្នា ឯកឧត្តម វ៉ាត់ ចំរើន បានរំលេចឲ្យដឹងថា កម្ពុជាបានត្រៀមសំណើរចំនួន ៣ ដើម្បីជំរុញវិស័យកីឡាក្នុងតំបន់ រួមមាន៖ ១-ការជំរុញអាស៊ានផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍកីឡា ដើម្បីសន្ដិភាព, ២-ការជំរុញការផ្លាស់ប្ដូរ និងជួយគ្នាលើការអភិវឌ្ឍធនធានមនុស្សផ្នែកកីឡាជំនាញ និង ៣-ការជំរុញឲ្យមានការអនុវត្ដ និងចេញជាសកម្មភាព ក្រោយមានគោលការណ៍ តែគ្មានការអនុវត្ត លើការជួយអភិវឌ្ឍន៍ ស្រាវជ្រាវ និងរួមគ្នាដើម្បីជីកកកាយ និងស្ដារឡើងវិញនូវកីឡាប្រពៃណី អត្តសញ្ញាណជាតិរបស់ប្រទេសនីមួយៗក្នុងតំបន់ជាដើម។ជាមួយដំណើឆ្ពោះទៅធ្វើម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន ដែលគ្រោងនឹងរៀបចំនៅខេត្តសៀមរាប នាខែតុលា ឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ នេះដែរ ឯកឧត្តម វ៉ាត់ ចំរើន សង្ឃឹមថា កិច្ចប្រជុំកំពូលកីឡាក្នុងតំបន់នេះដែរ នឹងផ្ដល់នូវអត្ថប្រយោជន៍ និងផលចំណេញជាច្រើនដល់កីឡាកម្ពុជា៕ អត្ថបទ លី ឈុនឡា 

Nico O’Reilly តែតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងឱ្យ Manchester City ឈ្នះ Arsenal គ្រងជើងឯក EFL Cup

2026/03/23 09:57:21 pm        273
ក្រុមបាល់ទាត់ Manchester City បានបញ្ចប់ក្តីស្រមៃ Arsenal ចង់ឈ្នះជើងឯក ៤ ក្នុងមួយរដូវកាលក្រោយ Nico O’Reilly តែតបញ្ចូលទីពីរគ្រាប់ម្នាក់នៅវគ្គផ្តាច់ព្រ័ត្រ EFL Cup។ជាថ្ងៃដ៏អាក្រក់មួយសម្រាប់អ្នកចាត់ការ Arsenal លោក Mikel Arteta ដែលសម្រេចដាក់អ្នកចាំទីដៃទីពីរ Kepa Arrizabalaga ជំនួសជម្រើសដំបូង David Raya។អតីតអ្នកចាំទី Chelsea រូបនេះគឺជាអ្នកបង្កឱ្យរបូតគ្រាប់បាល់ដំបូងនៅពេលបាល់លើកចូលរបស់ Rayan Cherki ចាប់មិនជាប់ ដល់ខ្សែការពារ Nico O’Reilly តែតបញ្ចូលទីនាំមុខនៅនាទីទី ៦០។ បួននាទីបន្ទាប់ កីឡាករវ័យ ២១ ឆ្នាំអង់គ្លេសដដែលក៏រកបានគ្រាប់ទីពីររបស់ខ្លួនដែលជាការតែតបញ្ចូលទីផងដែរពីការប៉ះបញ្ជូនដោយ Matheus Nunes។ ចប់ការប្រកួត Manchester City ឈ្នះ Arsenal ២-០ ខណៈលោក Pep Guardiola បាន​ក្លាយ​ជាអ្នកចាត់ការដំបូងបំផុតដែលដឹកនាំក្រុមឈ្នះជើងឯក EFL Cup ៥ លើក ខណៈ​ដែល​មិត្តរួម​ជាតិ​អេស្ប៉ាញ Mikel Arteta និង Arsenal នៅតែបន្តរង់ចាំឈ្នះពានដំបូង​សម្រាប់​ក្លិបរាប់តាំងពីឈ្នះជើងឯក FA Cup នៅឆ្នាំ ២០២០៕ អត្ថបទ៖នាង សុភាវុធ

កីឡាករអ៊ីតាលី Marco Bezzecchi ឈ្នះការប្រណាំង MotoGP ពីព្រឹត្តិការណ៍ដំបូងរដូវកាលថ្មីនេះ

2026/03/23 07:54:14 pm        120
កីឡាករប្រណាំងម៉ូតូអ៊ីតាលី Marco Bezzecchi បានចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួនល្អឥតខ្ចោះតាមរយៈជ័យជំនះ ពីរទីលានជាប់គ្នា បន្ទាប់ពីឈ្នះការប្រណាំងនៅប្រេស៊ីលថ្ងៃអាទិត្យម្សិលមិញ។កីឡាកររបស់ក្រុម Aprilia រូបនេះបានយកឈ្នះការប្រណាំងទីលានដំបូងរដូវកាលថ្មីនេះកាលពីដើមខែ និងបានបន្តយកឈ្នះទៀតនៅការប្រកួតនៅប្រេស៊ីលនេះ ខណៈមិត្តរួមក្រុម Jorge Martin បានលេខពីរ។ មិត្តរួមជាតិអ៊ីតាលីរបស់ក្រុម Ducati, Fabio de Giannantonio ដែលឈ្នះការប្រណាំងយកទីចេញដំណើរនោះ បានបញ្ចប់នៅតំណែងចុងក្រោយនៃវេទិកាកិត្តិយសនៅចំពោះមុខអ្នកការពារតំណែងជើងឯក Marc Marquez ដែលបានលេខបួន។ការប្រកួតនៅទីលាន Autodromo Internacional Ayrton Senna នៅរដ្ឋ Goiania ប្រទេសប្រេស៊ីលនេះ គឺជាការវិលត្រលប់មកវិញរបស់ MotoGP មកកាន់ដែនដីប្រេស៊ីលក្នុងរយៈពេលជិត ២០ ឆ្នាំ។ យ៉ាងណាក្តីការប្រណាំងត្រូវកាត់បន្ថយពី ៣១ ជុំមកត្រឹម ២៣ ជុំដោយសារបញ្ហាកំដៅដែលបង្កបញ្ហាដល់សំបកកង់ និងហានិភ័យដល់កីឡាករ។ តាមរយៈជ័យជំនះពីរទីលានជាប់គ្នានេះ Marco Bezzecchi នាំមុខគេដាច់ក្នុងតារាងពិន្ទុមាន ៥៦ ពិន្ទុពេញ។ ទីលានទីបីរបស់ MotoGP រដូវកាលនេះនឹងបន្តទៅទីក្រុង Austin រដ្ឋតិចសាសសហរដ្ឋអាមេរិកចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ

កីឡាសិស្សមធ្យមសិក្សា ជើងឯករាជធានីភ្នំពេញជាការ អភិវឌ្ឍកីឡានៅរាជធានីភ្នំពេញ ត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ២០៣១

2026/03/23 07:13:55 pm        138
ក្រោយ បិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជើងឯករាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២៥-២០២៦មន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ បានចម្រាញ់ រកបានធនធាន វ័យក្មេងៗឆ្នើមៗ ចូលរួមក្នុងការកសាងធនធានមនុស្ស និងអភិវឌ្ឍ វិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់ យុវជន យុវនារី ឱ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទលថ្នាលនិង ដើម្បីសម្រិតសំរាំង កីឡាករ កីឡាការិនី ត្រៀមចូលរួម ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៣១ នាពេលខាងមុខ។ ថ្លែងក្នុងពិធីបិទការប្រគួត លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងនាមប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សូមកោតសរសើរ ដល់ប្រតិភូដឹកនាំក្រុមកីឡា ដែលបានខិតខំរៀបចំ និងបង្កើតក្រុម ហើយចូលរួមប្រកួតជើងឯកនាឆ្នាំនេះ ដែលជាកាយវិការ និងការយកចិត្តទុកដាក់ ពិថ្នាក់ដឹកនាំអង្គភាព ចូលរួមក្នុងការកសាងធនធានមនុស្ស និងអភិវឌ្ឍ វិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់ យុវជន យុវនារី ឱ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទ ដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយនូវអំពើឧបាយមុខ ដែលបង្ករឡើងនៅក្នុងសង្គម។ អនុប្រធានរូបនេះ បានបន្តថា ការប្រកួតននេះ មានគោលបំណង ចំនួន៣សំខាន់ៗ៖ទី១ ការប្រកួតដើម្បីផ្លាស់ប្តូរ នូវកម្រិតបច្ចេកទេស រវាងក្រុមមួយ ទៅក្រុមមួយទៀត ដើម្បីរកចំណុចល្អ និង ចំណុចខ្វះខាត បំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ទី២ ការបម្រើឲ្យសុខភាពរាងកាយ កាយសម្បទានមាំមួន បញ្ញាឆ្លាតវៃ ឈ្នះនូវជំងឺដង្កាត់ផ្សេងៗ។ទី៣ ការរិតចំណងមិត្តភាព សាមគ្គីភាព ចេះយោគយល់អធ្យាស្រ័យគ្នា ទៅវិញទៅមក ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំកាយនិងកីឡា ឲ្យកាន់តែមានភាពភាពរីក ចម្រើន ស្របតាមគោលនយោបាយ កំណែទម្រង់ របស់រាជរដ្ឋាភិបាល អាណត្តិទី៧។សូមបញ្ជាក់ផងដែលថា មន្ទីរអប់រំ យុវជន និងកីឡា រាជធានី បានចំណាយពេល ៨ ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់២២ ខែមីនា ឆ្នាំ២០២៦ ដោយគណៈកម្មាធិការបច្ចរកទេសបានដាក់៦ប្រភេទកីឡា ក្នុងនោះ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុបចំនួន១៨៨០នាក់៕ 

វិសាខា ឈរលេខ៧ ផ្លូវការក្នុងលីគ ខណៈកងយោធពលខេមរភូមិន្ទ រកបាន ១ពិន្ទុ ក្រោយភ្លាត់ចុងម៉ោង

2026/03/23 06:39:21 pm        217
ក្រោយរបូតកៅអី Top-6 និងអស់ឱកាសប្រជែងជើងឯក ក្រុមវិសាខា បានធានា​កៅ​អី​ចំណាត់​ថ្នាក់​លេខ​៧ ក្នុងចំណោមបេក្ខភាពខាងក្រោមទាំង ៥ នៃលីគកំពូលកម្ពុជា ជាផ្លូវការ បន្ទាប់​ពី​មាន​គម្លាត​រហូតដល់ ១៨ពិន្ទុពីក្រុមកងយោធពលខេមរភូមិន្ទ ដែលភ្លាត់ចុងម៉ោង រកបានត្រឹម ១ពិន្ទុ ទល់​នឹងក្រុមភ្ញៀវ ISI ដង្កោសែនជ័យ។វិសាខា បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ៣-១ ក្នុងការប្រកួតសប្ដាហ៍ទី២៦ នៃ​ដំណាក់​កាល​ទី២ ដែលរកបានដោយកីឡាករវ័យក្មេង ឡេង ណូរ៉ា ២គ្រាប់ និង ស៊ិន សុផាណាត់ ១គ្រាប់​។ ជ័យជម្នះនេះ បានធ្វើឲ្យពួកគេ កើនដល់ ៣៨ពិន្ទុ ដែលគ្រប់គ្រាន់ ដើម្បីឈរលេខរៀងទី៧ រហូតដល់ចប់រដូវកាល ខណៈគិរីវង់ បន្ដឈរលេខ៦ និងរក្សា ២០ពិន្ទុក្នុងដៃ។ចំណែកការប្រកួតនៅកីឡដ្ឋាន អាយអេសអាយ ផាក វិញ កីឡាករ Ekejiuba Valentine បានរកគ្រាប់នាំមុខឲ្យក្រុមកងយោធពលខេមរភូមិន្ទ ១គ្រាប់មុន នៅនាទី៥៩ តែឱកាសទទួលបាន ៣ពិន្ទុដំបូង ក្រោយខកខានជ័យជម្នះជាយូរនេះ ត្រូវបានបញ្ចប់ បន្ទាប់ពីកីឡាករ Bruno រកបានគ្រាប់តាមស្មើ នៅនាទី៩០+៤ ឲ្យក្រុម ISI ដង្កោសែនជ័យ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត។ការចែកគ្នា ១ពិន្ទុម្នាក់នេះដែរ នាំឲ្យកងយោធពលខេមរភូមិន្ទ បន្ដឈរលេខ៩ មាន ១៨ពិន្ទុ គ្រាដែល ISI ដង្កោសែនជ័យ បន្ដឈរបាតតារាង មាន ១៣ពិន្ទុ ស្មើក្រុមឡាយហ្វខេត្តព្រះសីហនុ ដែលមាន ១៣ពិន្ទុដូចគ្នា តែចំណេញ ១ប្រកួតក្នុងដៃ៕ អត្ថបទ លី ឈុនឡា 

ព្រះខ័នរាជកាន់តែខិតជិតគ្រងជើងឯកលីគ ក្រោយភ្នំពេញក្រោន ចាញ់ណាហ្គាវើលដ៏ ១-០

2026/03/23 06:19:31 pm        225
ទោះបីរកបានត្រឹម ១ពិន្ទុពីម្ចាស់ផ្ទះបឹងកេត ក្នុងជំនួបជើងទី២ នៃដំណាក់កាលទី២ តែព្រះខ័នរាជស្វាយរៀង កាន់តែខិតជិតទៅគ្រងជើងឯកលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥/២៦ ជាថ្មី បន្ទាប់ពីគូប្រជែងដ៏ធំ ភ្នំពេញក្រោន រងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ១-០ កាលពីរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។សម្រាប់ការប្រកួតនៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រវាងព្រះខ័នរាជស្វាយរៀង និងបឹងកេត បានបញ្ចប់ដោយលទ្ធផល 0-០ ក្រោយការព្យាយាមវាយសម្រុកគ្នាពេញ ៩០នាទី តែពុំមានក្រុមណាអាចរកគ្រាប់បាល់បានឡើយ។ក្រឡេកទៅជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ កីឡាករ Weyderson របស់ណាហ្គាវើលដ៏ បានបញ្ចប់ឱកាសចែកគ្នា ១ពិន្ទុម្នាក់ ជាមួយភ្នំពេញក្រោន បន្ទាប់ពីរូបគេ រកបាន ១គ្រាប់នៅនាទី៩០ ជួយឲ្យក្រុមលោក ឃឹម បូរី ទទួលបានជ័យជម្នះ ១-០ លើក្រុមសិង្ហក្រហម។ជាមួយលទ្ធផលនេះដែរ បានធ្វើឲ្យកម្លាតពិន្ទុរវាងក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ជាមួយភ្នំពេញក្រោន កាន់តែដាច់ឆ្ងាយរហូតដ ១២ពិន្ទុ ពោលគឺព្រះខ័នរាជស្វាយរៀង រកបាន ៥៩ពិន្ទុ គ្រាដែលភ្នំពេញក្រោន រក្សា ៤៧ពិន្ទុក្នុងដៃ ។ ការណ៍នេះ បានធ្វើឲ្យក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង មានក្ដីសង្ឃឹមខ្ពស់ក្នុងដំណើរឆ្ពោះទៅលើកពានជាថ្មី ទោះបីក្រុមនីមួយៗ នៅសល់ ៦ប្រកួតក្នុងដៃទៀតក្ដី។ចំណែកក្រុមណាហ្គាវើលដ៏វិញ បានឡើងទៅឈរលេខ៣ និងមាន ៤២ពិន្ទុ គ្រាដែលអង្គរថាយហ្គឺរ បានរំកិលឡើងមកឈរលេខ៤ និងមាន ៤១ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ៣-១ គ្រាដែលបឹងកេត បានធ្លាក់មកឈរលេខ៥ មាន ៤០ពិន្ទុ លើក្រុម អឹមអូអាយ កំពង់ដេវ៉ា ដែលបន្ដឈរលេខ៦ មាន ៣៣ពិន្ទុក្នុងដៃ។ក្នុងចំណោមបេក្ខភាព Top-6 នេះដែរ ក្រៅពីបេក្ខភាពប្រជែងជើងឯក ពេលនេះ ណាហ្គាវើលដ៏ ក៏ដូចជាអង្គរថាយហ្គឺរ និងបឹងកេត ក៏កំពុងមានលទ្ធភាពខ្ពស់ ក្នុងការប្រជែងជើងឯករង ផងដែរ ពិសេសណាហ្គាវើលដ៏ របស់លោក ឃឹម បូរី តែម្ដង៕ អត្ថបទ លី ឈុនឡា 

ក្រុមប្រណាំងកង់អាហ្វ្រិកខាងត្បូងឈ្នះការប្រណាំងកង់ភ្នំ Cape Epic Race

2026/03/23 06:04:04 pm        121
ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Cape Epic Race លើកទី ២២ បានបិទបញ្ចប់នៅថ្ងៃអាទិត្យកន្លងទៅនេះ ខណៈក្រុមប្រណាំងកង់ម្ចាស់ផ្ទះអាហ្វ្រិកខាងត្បូងក្លាយជាជើងឯក។ប្រកួតប្រជែងគ្នាអស់ ៧ ដំណាក់កាល ដំណាក់កាលចុងក្រោយដែលមានចម្ងាយផ្លូវ ៥៨ គីឡូម៉ែត្រ ក្នុងនោះចម្ងាយ ២១៥០ ត្រូវជិះឡើងភ្នំ ការប្រកួតផ្នែកបុរសបានបញ្ចប់ទៅដោយប្រផិតប្រផើយរវាងអ្នកឈ្នះជើងឯក និងអ្នកលេខពីរ។ កីឡាករអ៊ីតាលី Luca Braidot និង Simone Avondetto ជាអ្នកនាំមុខ ១៣ វិនាទីមុនដំណាក់កាលចុងក្រោយពីក្រុមអាហ្វ្រិកខាងត្បូងដែលមានកីឡាករ Matt Beers និង Tristan Nortje។ Beers និង Notje មានការប្រកួតដ៏អស្ចារ្យខ្លួនទោះមិនបានឈ្នះដំណាក់កាលចុងក្រោយ តែបានបញ្ចប់ទីនៅពីមុខ Braidot និង Avondetto ក៏បានក្លាយជាក្រុមប្រណាំងកង់អាហ្វ្រិកខាងត្បូងដំបូងដែលឈ្នះជើងឯក Cape Epic Race នេះ។ ចំណែកការប្រកួតផ្នែកនារីវិញ កីឡាការិនី Candice Lill របស់អាហ្វ្រិកខាងត្បូង និងដៃគូកីឡាការិនីស្វ៊ីស Alessandra Keller បានយកឈ្នះដំណាក់កាលចុងក្រោយ និងជាជើងឯកផងដែរ៕ អត្ថបទ៖នាង សុភាវុធ 

សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦

2026/03/20 09:48:27 pm        147
សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជាបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគាមួយកន្លែង រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ វាយតម្លៃ និងពិភាក្សាលើសមិទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់អនុវត្តបន្តជាមួយនឹងគោលដៅពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាបាល់បោះរទេះជនពិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។អ្នកម្នាង ស៊ីសុវត្តិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជាបានគូសបញ្ជាក់ថា សន្និបាតរបស់សហព័ន្ធ ត្រូវបានប្រារព្វឡើងជាវេទិការដ៏សំខាន់សម្រាប់ត្រួតពិនិត្យ វាយតម្លៃ និងពិភាក្សាលើសមិទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់អនុវត្តបន្តនាពេលខាងមុខ។ គោលដៅនៃសន្និបាតបូកសរុបលទ្ធផលការងារនេះ ដើម្បីធានាឱ្យបាននូវប្រសិទ្ធ និងគុណភាពការងារ ជាពិសេសពង្រឹងពង្រីកវិស័យកីឡាជនពិការ ក្នុងការជួយឱ្យជនមានពិការភាពមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ការសិក្សាល្អ និងជីវភាពរស់នៅប្រកបដោយសុខដុមរមនា។អ្នកម្នាងប្រធានសហព័ន្ធបានសង្កត់ធ្ងន់ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតនានាជាការបង្កលក្ខណៈឱ្យជនមានពិការភាពបានជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គមជាតិ ក៏ដូចជាផ្តល់ឱកាសដល់អ្នកលេងកីឡាបានស្គាល់តំបន់ផ្សេងៗ ក៏ដូចជារមណីយដ្ឋានទេសចរណ៍នានា ដើម្បីបណ្តុះគំនិតឱ្យចេះស្រឡាញ់ ចេះថែរក្សាសម្បត្តិវប្បធម៌ជាតិ និងបណ្តុះគំនិតស្នេហាជាតិជាដើម។ សូមជម្រាបថា ក្នុងឆ្នាំ២០២៥កន្លងមកនេះ សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានសម្រេចនូវសមិទ្ធផលជាច្រើន និងទទួលបានការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូរពាកព័ន្ធ និងវិស័យឯក ជាពិសេសពេលថ្មីៗកន្លងមក ក្រុមនារីបាល់បោះជិះរទះកម្ពុជា ទទួលបានសិទ្ធចូលរួមព្រឹត្តិការណ៍ប្រកួត Asia Para Games លើកទី៥ នៅទីក្រុង Nagoya ប្រទេសជប៉ុននាពេលខាងមុខផងដែរ៕

អ្នកជំនាញថា អ្នកគាំទ្របាល់ទាត់នឹងត្រូវចំណាយច្រើនសម្រាប់ World Cup ស្របពេលស្ថានភាពពិភពលោកបច្ចុប្បន្ន

2026/03/20 09:25:01 pm        125
អ្នកជំនាញបានព្រមានថា អ្នកគាំទ្របាល់ទាត់ដែលធ្វើដំណើរទៅ World Cup នៅរដូវក្តៅនេះរំពឹងថានឹងត្រូវចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់សម្រាប់ជើងហោះហើរ ហើយនឹងប្រឈមមុខនឹងការពន្យារពេល ការលុបចោល និងការរំខានដែលអាចកើតមាន ដោយសារវិបត្តិអ៊ីរ៉ង់បច្ចុប្បន្ន។អ្នកឯកទេសអាកាសចរណ៍ និងទេសចរណ៍ Anita Mendiratta ដែលពីមុនធ្លាប់ជាអ្នកប្រឹក្សារដល់ប្រទេសអាហ្រ្វិកខាងត្បូងក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតឆ្នាំ ២០១០ នោះបាននិយាយថាការចំណាយអាចកើនឡើង ៣០% សម្រាប់អ្នកគាំទ្រដែលបានត្រៀមលក្ខណៈទុកមុន។ថ្លែងទៅកាន់ Reuters នៅទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍ Mendiratta បាននិយាយថា ទោះបីជាការប្រកួត World Cup នៅសល់បីខែទៀតក៏ដោយ វាជៀសមិនរួចទេ នឹងមានផលប៉ះពាល់ដល់ការប្រកួត ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក។សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​អ៊ីរ៉ង់​ពី​លើ​អាកាស​អស់​រយៈ​ពេល​ជិត​បី​សប្តាហ៍​បន្ទាប់​ពី​ការ​ចរចា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​មិន​មាន​ប្រសិទ្ធភាព។ អ៊ីរ៉ង់បានឆ្លើយតបដោយការវាយលុកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងឈូងសមុទ្រ និងអ៊ីស្រាអែល រួមទាំងឃ្លាំងស្តុកថាមពល ខណៈនាវាដឹកប្រេងត្រូវបានរឹតត្បិតពីការប្រើប្រាស់ច្រកសមុទ្រ Hormuz ។តម្លៃ​ប្រេង​យន្តហោះ​បាន​កើន​ឡើង ជំរុញ​ឱ្យ​ថ្លៃ​ប្រតិបត្តិការ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ឡើង​ថ្លៃ ដោយ​តម្លៃ​នៅ​អឺរ៉ុប​កើនឡើង​ទ្វេ​ដង ហើយ​តម្លៃ​នៅ​អាស៊ី​ឡើង​ជិត ៨០% ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM