កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

Mohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះ​ក្រោយ​ចំណាយពេល ៩ឆ្នាំ

2026/03/25 09:32:08 pm        97
ខ្សែប្រយុទ្ធ Liverpool, Mohamed Salah ទំបំផុតបានសម្រេចចិត្តប្រកាសចាកចេញពីក្លិបហើយនៅដំណាច់រដូវកាលនេះ ក្រោយចំណាយពេល ៩ ឆ្នាំ។កីឡាករវ័យ ៣៣ ឆ្នាំដែលមកកាន់ Anfield នៅឆ្នាំ ២០១៧ ផ្ទេរពីក្លិបអ៊ីតាលី AS Roma រូបនេះ បានប្រកាសការចាកចេញរបស់ខ្លួននៅក្នុងវីដេអូខ្លីមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន។Salah កាលពីឆ្នាំ ២០២៥ បានចុះហត្ថលេខាលើកិច្ចសន្យាបន្ត ២ ឆ្នាំ មានន័យថាការចាកចេញគឺមិនមានតម្លៃផ្ទេរឡើយ។នេះជារដូវកាលដ៏លំបាកបំផុតសម្រាប់ Salah តាំងពីមកកាន់ Liverpool នៅឆ្នាំ ២០១៧ ដោយរកគ្រាប់បាល់បានត្រឹម ១០ គ្រាប់ប៉ុណ្ណោះក្នុងចំណោម ៣៤ ប្រកួតគ្រប់ក្របខណ្ឌមកដល់ពេលនេះ ដែលជាស្ថិតិទាបបំផុតក្នុងរយៈពេល ៩ ឆ្នាំរបស់គេនៅ Liverpool។Salah បានឱ្យដឹងថា Liverpool ជាចំនុចដែលគេបានជួបរឿងជាច្រើនក្នុងជីវិតរបស់ខ្លួនដែលមិនអាចបំភ្លេចបាន ទាំងភាគជោគជ័យលើទីលាន ដំណើរជីវិត ឆ្លងកាត់ការលំបាកជាមួយក្លិបអំឡុងកូវីដ-១៩ និងភាពសោកសង្រែងនៃការបាត់បង់មិត្តរួមក្រុម Diogo Jota។ រយៈពេល ៩ ឆ្នាំនេះខ្សែប្រយុទ្ធកំពូលដែលប្រជាជនអេហ្ស៊ីបហៅថា King of Egypt រូបនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ Liverpool និងនាំភាពជោគជ័យមកកាន់ក្លិបជាច្រើន។ Liverpool បានឈ្នះជើងឯក Premier League ពីរដង Champions LeaguA, FIFA Club World Cup, UEFA Super Cup, FA Cup និង League Cup ក៏ដូចជា FA Community Shield ផងដែរ។គិតត្រឹមពេលនេះ Salah បង្ហាញខ្លួនបាន ៤៣៥ ប្រកួតសម្រាប់ក្រុមដែលមានមូលដ្ឋាននៅ Merseyside មួយនេះ ស៊ុតបញ្ចូលទីបាន ២៥៥ គ្រាប់ ឈរលេខបីក្នុងចំណោមកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតរបស់ Liverpool នៅពីក្រោម Ian Rush ដែលមាន ៣៤៦ គ្រាប់ និង Roger Hunt ដែលមាន ២៨៥ គ្រាប់។ សម្រាប់សមិទ្ធផលផ្ទាល់ខ្លួន Salah បានឈ្នះពានជ័យលាភីស្បែកជើងមាស ស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League បួនលើក និងធ្លាប់ជាកីឡាករឆ្នើមបំផុតរបស់ Premier League បីលើកផងដែរ។ក្រុមការពារតំណែងជើងឯក Liverpool បច្ចុប្បន្នកំពុងឈរលេខ ៥ នៅ Premier League ខណៈនៅសល់ ៧ ប្រកួតទៀតចប់រដូវកាល ហើយក៏នឹងត្រូវជួប Paris Saint Germain នៅវគ្គ ៨ ក្រុមចុងក្រោយ Champions League ផងដែរនៅខែមេសាខាងមុខ៕ អត្ថបទ៖នាង សុភាវុធ

បាល់ទាត់យុវជនក្រោម១៨ឆ្នាំ ខេត្តកណ្តាលចាប់ផ្តើម ខណៈកីឡាករត្រូវភ្ជាប់មកជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ

2026/03/25 08:33:50 pm        156
នាទីលានបាល់ទាត់ខេត្តកណ្តាលនៃពានរង្វាន់យុវជនអាយក្រោម១៨ឆ្នាំ ជ្រើស​រើស​ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៦ បានចាប់ផ្តើមហើយ ខណៈកីឡាករទាំងអស់ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ កំណត់នៅអាយុត្រឹមត្រូវស្របតាមគណៈកម្មការបានកំណត់ក្រែងមានការបន្លំអាយុ។នេះជាបញ្ជាក់ពី លោក គួង លី ប្រធានអនុគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជនក្រោម១៨ឆ្នាំ ក្នុងការចាប់ផ្តមដំណើរការប្រកួតប្រជែងជើងឯក ដោយមានចូលរួម៩ក្រុម ដោយចែកចេញជា៣ពូល ក្នុង១ពូលៗមាន៣ក្រុមស្មើគ្នា។ លោកបន្ថែមថា ដើម្បីជំរុញឱ្យការប្រកួតជម្រើសជើងឯកយុវជនក្រោម១៨ឆ្នាំដំណើរដោយរលូន តម្លាភាព និងស្របតាមគោលបំណងរបស់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល គណៈកម្មការបានកំណត់ឱ្យគ្រប់កីឡាករទាំងអស់ដែលចូលរួមត្រូវ ភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ជៀសវាងការបន្លំអាយុកីឡាករ។ចំពោះគោលបំណងចម្បងនៃការប្រកួតនេះ គឺស្របតាមផែនការប្រចាំឆ្នាំរបស់ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដើម្បីស្វែងរកធនធានយុវជនក្រោម១៨ឆ្នាំឆ្នើមៗប្រចាំឆ្នាំផង និងត្រៀមការប្រកួតថ្នាក់ខេត្តដ៏ធំមួយ ដែលគ្រោងនឹងធ្វើឡើងនាខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៦។ ជាមួយគ្នានេះដែរ គ្រូជំនួយក្រុមបាល់ទាត់ SCV FC លោក ហង សុនូ បានបង្ហាញថាក្រុមបានចូលរួមជាលើកទី២ហើយនៃពានរង្វាន់នេះ ហើយកីឡាកររបស់លោក សុទ្អតែមានមូលដ្ឋាន នៅខេត្តកណ្តាល និងមានអាយុត្រឹមត្រូវស្រមតាមគណៈកម្មាធិការរៀបចំការប្រកួត។សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជនក្រោម១៨ឆ្នាំ ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៦ មាន៩ក្រុមចូលរួម ដោយចែកចេញជា៣ពូល ក្នុង១ពូលៗមាន៣ក្រុមស្មើគ្នា។ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល គឺក្រុមចំណាត់ថ្នាក់លេខ១ក្នុងពូលទាំង៣ និងចំណាត់ថ្នាក់លេខ២ល្អជាងគេ១ក្រុមដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

កម្ពុជាចង់ឃើញកីឡាអាស៊ាន មានដៃគូអភិវឌ្ឍលើសពី ២ប្រទេស

2026/03/25 07:38:11 pm        173
កម្ពុជាបានបង្ហាញបំណងចង់ឲ្យវិស័យកីឡាក្នុងតំបន់អាស៊ាន មានដៃគូអភិវឌ្ឍន៍ឲ្យបានច្រើនលើសពី ២ប្រទេស ដើម្បីជំរុញការរីកចម្រើន និងសាមគ្គីភាពកាន់តែខ្លាំងក្លា។នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្រោយដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន នាខែតុលា ឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ ខាងមុខ នៅខេត្តសៀមរាប។ក្នុងនាមម្ចាស់កិច្ចប្រជុំកំពូលកីឡាអាស៊ានទាំងពីរ កម្ពុជាបានត្រៀមធ្វើកិច្ចការជាច្រើន ដើម្បីជំរុញសកម្មភាពកីឡាក្នុងតំបន់ ហើយកម្ពុជាក៏ចង់ឃើញអាស៊ាន មានដៃគូអភិវឌ្ឍកាន់តែច្រើន ក្រៅពីដៃគូបច្ចុប្បន្ន រួមមានជប៉ុន និងចិន តួយ៉ាងការជំរុញឲ្យមានការចាប់ដៃគូជាមួយសាធារណៈរដ្ឋកូរ៉េ ដែលជាប្រទេសមានបទពិសោធន៍ច្រើន ក្នុងការការទូតកីឡា ក៏ដូចជាការបណ្ដុះបណ្ដាល នៃការអភិវឌ្ឍ និងស្រាវជ្រាវយុទ្ធគុនបុរាណជាដើម។គួរដឹងថា មុនឈានដល់កិច្ចប្រជុំឧត្ដមមន្ដ្រីកីឡាអាស៊ាន និងរដ្ឋមន្ដ្រីកីឡាអាស៊ាន កម្ពុជានឹងត្រូវរៀបចំសិក្ខាសាលាកម្រិតតំបន់ចំនួន ២ ដើម្បីបំបេញលក្ខខណ្ឌ ក៏ដូចជាការបង្ហាញពីការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះរួចរាល់ រួមមានសិក្ខាសាលាស្តីពីសកម្មភាពកីឡាអាស៊ាន-ជប៉ុន លើសមភាពយេនឌ័រ នៅខេត្តសៀមរាប កាលពីខែមករា និងសិក្ខាសាលាស្ដីពីការរៀបចំផែនការមេអាស៊ានកីឡា ឆ្នាំ២០២៦-២០៣០ ដែលគ្រោងរៀបចំនាថ្ងៃទី៣១ ខែមីនា និងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ៕ អត្ថបទ លី ឈុនឡា

CPL រៀបចំពាន U14 ដើម្បីជំរុញក្លិបសមាជិកបំពេញលក្ខខណ្ឌ និង​ទទួល​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ប្រកួត AFC

2026/03/25 06:34:58 pm        344
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) នឹងរៀបចំការប្រកួត​បាល់ទាត់​ពាន​រង្វាន់​យុវជន​អាយុ​ក្រោម ​១៤ឆ្នាំ ឬ CPL Cares Cup U-14 ឆ្នាំ២០២៦ នាថ្ងៃទី២៨-២៩ ខែមីនាចុងសប្ដាហ៍នេះ នៅ​ទីលានហ្វឹកហាត់ភ្នំពេញក្រោន ដោយមានក្រុមយុវជន នៃក្លិបសមាជិកលីគកំពូលកម្ពុជាចំនួន ១០​ក្រុមចូលរួម។យោង​តាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ពានរង្វាន់យុវជននេះ រៀប​ចំ​ឡើង​ក្នុង​គោលបំណងជួយឲ្យបណ្តាក្លិបបាល់ទាត់ ដែលកំពុង​ចូល​រួម​ការ​ប្រកួត​ជម្រើស​ជើង​ឯក​លីគ​កំពូល​កម្ពុជា អាចបំពេញបាននូវលក្ខខណ្ឌតម្រូវតាមបទបញ្ជាអាជ្ញាបណ្ណក្លិបអន្តរជាតិ ជា​ពិសេស​តាម​ចំណុចវិនិច្ឆ័យផ្នែកកីឡា របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ដើម្បី​ទទួល​បាន​សិទ្ធិ​ពេញលេញក្នុងការចូលរួមការប្រកួតរៀបចំដោយស្ថាប័នប្រចាំទ្វីបនេះ។ចំពោះ​បេក្ខភាព ១០ក្រុម ដែលបានចុះឈ្មោះចូលរួមការប្រកួតកម្រិតយុវជនលើកដំបូងនេះ រួម​មាន​ក្រុម​យុវជនក្លិបភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត, កងយោធ​ពលខេមរ​ភូមិន្ទ​, អឹម អូ អាយ កំពង់ដេវ៉ា, អង្គរថាយហ្គឺរ, ឡាយហ្វ ខេត្តព្រះសីហនុ, អាយអេសអាយ ដង្កោ​សែន​ជ័យ និងណាហ្គាវើលដ៍ ដោយក្រុមនីមួយៗ អាចចុះឈ្មោះកីឡាករចាប់ពី ២១ ដល់ ៣៥​នាក់​ សម្រាប់កីឡាករមានឆ្នាំកំណើតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១២។គួរដឹង​ថា នេះគឺជាលើកទី១ ដែលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រៀបចំការប្រកួតនេះឡើង ហើយ​ការ​ប្រកួតរយៈពេល ២ថ្ងៃ នាចុងសប្ដាហ៍នេះ មិនតម្រូវឲ្យមានការលក់ ឬទិញសំបុត្រឡើយ ដោយ​អ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរី ខណៈ ១ថ្ងៃមាន ៨ប្រកួត។ តាមរយៈនេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ក៏បានអំពាវ​នាវ​ឲ្យ​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​ការ​ប្រកួត​នេះ​ឲ្យ​បាន​ច្រើន​កុះក​រផងដែរ៕ អត្ថបទ៖ លី ឈុនឡា 

Play-Off យកកៅអី World Cup តំបន់អឺរ៉ុបផ្នែក C និង D រួមបញ្ចូលក្រុមមិនដែលមានមុខ និងក្រុមខកខានយូរ

2026/03/24 10:20:55 pm        171
ការប្រកួត Play-Off នៅផ្នែក C និង D គេឃើញមានវត្តមានក្រុមដែលមិនធ្លាប់បង្ហាញខ្លួនសោះ និងក្រុមខកខានយូរ។ សម្រាប់ផ្នែក C ស្លូវ៉ាគីត្រូវទទួល​ កូសូវ៉ូដែលមិនធ្លាប់បង្ហាញខ្លួននៅ World Cup ឡើយ ខណៈដែលទួកគីដែលបង្ហាញខ្លួនចុងក្រោយតាំងពីឆ្នាំ ២០០២ នោះ នឹងត្រូវទទួលរ៉ូម៉ានីនៅទីក្រុង Istanbul នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី ៣១ ខែមីនានេះ។ក្រុមតែមួយគត់ពីផ្នែក C នឹងឡើងទៅ World Cup ដែលនឹងស្ថិតនៅក្នុងពូល D មានម្ចាស់ផ្ទះអាមេរិក ប៉ារ៉ាហ្កាយ និងអូស្រ្តាលីរង់ចាំស្រាប់។ ផ្នែក D វិញ សាធារណរដ្ឋឆេកដែលបង្ហាញខ្លួនចុងក្រោយតាំងពីឆ្នាំ ២០០៦ នឹងត្រូវជួបសាធារណរដ្ឋអៀកឡង់ដែលបង្ហាញខ្លួនចុងក្រោយតាំងពីឆ្នាំ ២០០២ ស្របពេលដែលដាណឺម៉ាក នឹងត្រូវជួបជាមួយក្រុមមិនដែលមានមុខសោះ ម៉ាសេដ្វាន់ខាងជើង។ ក្រុមឈ្នះពីផ្នែក D នេះនឹងចូលក្នុងពូល A ជាមួយម្ចាស់ផ្ទះម៉ិកស៊ិក អាហ្វ្រិកខាងត្បូង និងកូរ៉េ៕ អត្ថបទ៖នាង សុភាវុធ

អ៊ីតាលីត្រូវឆ្លងកាត់ ២ ប្រកួតដើម្បីមានកៅអី World Cup លើកដំបូងតាំងពីឆ្នាំ ២០១៤

2026/03/24 10:08:53 pm        215
ការប្រកួតវគ្គ Play-Off តំបន់អឺរ៉ុបដណ្តើមកៅអី World Cup 2026 នៅអាមេរិក ម៉ិកស៊ិក និងកាណាដាឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី ២៦ ខែមីនានេះហើយ។ក្រុមជើងឯកពិភពលោក ៤ សម័យអ៊ីតាលីត្រូវការឆ្លងកាត់ ២ ប្រកួតនៅវគ្គ Play-Off ដើម្បីដឹងថាពួកគេមានមុខនៅ World Cup រឺអត់។អ៊ីតាលីដែលខកខានកៅអី World Cup តាំងពីឆ្នាំ ២០១៤ នៅប្រេស៊ីលនឹងត្រូវជួបជាមួយអៀកឡង់ខាងជើងនៅផ្នែក A នៃវគ្គ Play-Off ខណៈវែល នឹងត្រូវជួបជាមួយបូស្នៀ។ ក្រុមដែលឈ្នះពីផ្នែក A នេះនឹងត្រូវចូលទៅក្នុងពូល B ជាមួយក្រុមម្ចាស់ផ្ទះកាណាដា កាតា និងស្វ៊ីស។ ងាកមកផ្នែក B អ៊ុយក្រែន និងស៊ុយអែត នឹងត្រូវជួបគ្នានៅទឹកដីកណ្តាលនាទីក្រុង Valencia ប្រទេសអេស្ប៉ាញ ខណៈប៉ូឡូញត្រូវទទួលអាល់បានៀនៅទីក្រុងវ៉ាសឺវី។ ក្រុមដែលឈ្នះពីផ្នែក B នេះនឹងត្រូវចូលក្នុងពូល F ដែលមានហូឡង់ ជប៉ុន និងទុយនីស៊ីរង់ចាំ៕ អត្ថបទ៖នាង សុភាវុធ

អតីតខ្សែបម្រើបារាំង និង West Ham, Dimitry Payet ប្រកាសចូលនិវត្តន៍​ពីអាជីពបាល់ទាត់​ក្នុងវ័យ ៣៨ឆ្នាំ

2026/03/24 08:44:36 pm        137
អតីតខ្សែបម្រើក្រុមជម្រើសជាតិបារាំង និងញញួរធំ West Ham, Dimitry Payet បាន​ប្រកាស​ចូល​និវត្តន៍ពីអាជីព បាល់ទាត់ហើយ នៅក្នុងវ័យ ៣៨ ឆ្នាំ។ Payet បាន​ចូលរួមជាមួយ West Ham នៅឆ្នាំ ២០១៥ ផ្ទេរពីក្លិបបារាំង Marseille ក្នុងតម្លៃផ្ទេរ ១០.៧ លានផោន មុនពេលផ្លាស់ត្រលប់ទៅក្លិបនៅ Ligue1 មួយនេះវិញនៅឆ្នាំ ២០១៧ ក្នុង​តម្លៃ ២៥ លានផោន។ បង្ហាញ​ខ្លួននៅ West Ham ៦០ ប្រកួតរកបាន ១៥ គ្រាប់ Payet គឺជា​កីឡាករ​ដែល​អ្នក​គាំទ្រ​ចូល​ចិត្ត​ជាងគេម្នាក់។ នៅបារាំង Payet បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិបាន ៣៨ លើកជួយក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ Euro 2016 តែចាញ់ព័រទុយហ្កាល់។ Payet បាន​ប្រកាសដំណឹងចូលនិវត្តន៍នេះអំឡុងពេលសម្រាកវគ្គទីមួយនៃការប្រកួតរវាង Marseille និង Lille កាលពីថ្ងៃអាទិត្យក្នុងកិច្ចសម្ភាសន៍មួយ។ ក្រៅពី Marseille និង West Ham, Dimitry Payet ធ្លាប់ប្រកបអាជីពនៅក្លិបផ្សេងទៀតដូចជា Nantes, St. Etienne, Lille និងក្លិបប្រេស៊ីល Vasco de Gama ដែលជាក្លិបចុងក្រោយនៃអាជីពរបស់គេ៕ អត្ថបទ៖នាង សុភាវុធ 

Zinedine Zidane ព្រមព្រៀងផ្ទាល់មាត់ទទួលតំណែងដឹកនាំក្រុមជម្រើសជាតិបារាំងក្រោយ World Cup

2026/03/24 08:03:09 pm        153
អតីតអ្នកចាត់ការ Real Madrid លោក Zinedine Zidane នឹងបន្តតំណែងពីលោក Didier Deschamps ក្នុងការដឹកនាំក្រុមជម្រើសជាតិបារាំង បន្ទាប់ពីលោក Zidane បានព្រមព្រៀងផ្ទាល់មាត់ជាមួយសហព័ន្ធបាល់ទាត់បារាំង FFF ដើម្បីទទួលតំណែងនេះក្រោយចប់ World Cup។ដំណឹងនេះត្រូវបានបង្ហើបដោយប្រធានសហព័ន្ធបាល់ទាត់បារាំងលោក Philippe Diallo ក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន Le Figaro។ ស្ថិតក្នុងវ័យ ៥៣ ឆ្នាំ Zidane ត្រូវរង់ចាំមិត្តរួមក្រុមដែលឈ្នះជើងឯក World Cup 1998 ជាមួយគ្នាចាកចេញ ក្រោយដឹកនាំក្រុមបារាំង ១៤ ឆ្នាំជាមួយនឹងភាគជោគជ័យ។Didier Deschamps បានទទួលតំណែងដឹកនាំក្រុមបារាំងនៅឆ្នាំ​ ២០១២ ជាមួយសមិទ្ធផលរយៈពេល ១៤ ឆ្នាំនេះរួមមានឈ្នះជើងឯក World Cup 2018 នៅទឹកដីរុស្ស៊ី ឈ្នះជើងឯក Nations League រដូវកាល ២០២០-២១ លេខបីនៅរដូវកាល ២០២៤-២៥ និងជើងឯករងបាល់ទាត់អឺរ៉ុបឆ្នាំ ២០១៦។ចំណែកលោក Zinedine Zidane ក៏មានប្រវត្តិជោគជ័យមិនធម្មតាដែរ តែជាមួយក្លិបអាជីព។ Zidane បានដឹកនាំ Real Madrid ពីរលើក លើកទីមួយឆ្នាំ ២០១៦ ដល់ ២០១៨ និងលើកទីពីរឆ្នាំ ២០១៩ ដល់ ២០២១។ សមិទ្ធផលវិញ ឈ្នះជើងឯក La Liga ពីរលើក UEFA Champions League បីលើក UEFA Super Cup ពីរលើក និង FIFA Club World Cup ពីរលើក៕ អត្ថបទ៖នាង សុភាវុធ

អនុប្រធានគណៈកម្មាធិការស៉្បេស្យាអូឡាំពិកកោតសរសើរដល់រាជធានីខេត្តក្នុងការចូលរួមលើកស្ទួយវិស័យកីឡាពិការភាព

2026/03/24 07:35:03 pm        151
ក្នុងសន្និបាតបូកសរុបលទ្ទផលការងារឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យា អូឡាំពិកកម្ពុជាបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជធានី ខេត្ត ចូលរួមចំណែក និងលើកស្ទួយជួយ លើវិស័យពិការភាព។ឯកឧត្តមបានបន្តថា យើងបានសហការ ជាមួយអង្គការ សមាគមនានា បានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗ ជនពិការខ្សោយសតិបញ្ញា បានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដូចជនមានពិការភាពដទៃៗទៀត និងជនមិនមានពិការភាពផងដែរ។ នេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនមានពិការភាព និងជាការរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា។ អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាអូឡាំពិកកម្ពុជា សូមអំពាវនាវ ដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត ក៏ដូចជាបណ្តា ខេត្តដែលពុំទាន់ បានចូលជាសមាជិកអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក ព្រមទាំងអង្គការ សមាគមនានា ដែលគ្រប់គ្រងផ្ទាល់ ជួយដល់ជនពិការ ខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់ បានហ្វឹកហាត់ និងការចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធី ជារៀងរាល់ឆ្នាំ ។ សូមជម្រាបជូនថា សន្និបាតបូកសរុបលទ្ទផលការងារឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ក៏មានអញ្ជើញចូលរួម ពីតំណាង ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិក និងអាណាព្យាបាល កីឡាករ កីឡាការិនីស្ប៉េស្យាល់អូឡាំពិចផងដែរ៕

កីឡាករ Kurita កំពុងដេញតាមពីក្រោយកីឡាករ Kwame ពីរគ្រាប់ក្នុងតារាងអ្នករកគ្រាប់បាល់

2026/03/24 06:47:18 pm        160
លីគកំពូលកម្ពុជា (Cambodian Premier League) សប្ដាហ៍នេះ នឹងសម្រាក ដោយសារកម្មវិធីបាល់ទាត់របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA Day)។ មកចាប់អារម្មណ៍កីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី២៦ នៅតែជាកីឡាករខ្សែប្រយុទ្ធសញ្ជាតិហ្កាណារបស់ព្រះខ័នរាជស្វាយរៀង Peprah Kwame ខណៈដែលកីឡាករសញ្ជាតិជប៉ុន របស់ក្លឹបអង្គរថាយហ្គឺរ Mark Adjei Kurita កំពុងដេញតាមគ្រាប់បាល់ ហើយគន្លាតគ្នាត្រឹមតែពីរគ្រាប់ប៉ុណ្ណោះ។ ៤សប្ដាហ៍ចុងក្រោយ Peprah Kwame ខកខានរកគ្រាប់បាល់ឱ្យក្លឹបក្នុងការប្រកួតលីគកំពូលកម្ពុជា ខណៈដែលមួយគ្រាប់ចុងក្រោយរបស់គេ និងជាគ្រាប់ទី២០ ធ្វើបាននៅពេលដែលក្លឹបព្រះខ័នរាជ ឈ្នះគិរីង់សុខសែនជ័យ ៥ទល់នឹង០ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ ចំណែកកីឡាករ Mark Adjei Kurita រកបានគ្រាប់ទី១៨របស់គេពេលដែលអង្គរថាយហ្គឺរ ឈ្នះអឹមអូអាយកំពង់ដេវ៉ា ៣ទល់នឹង១ថ្មីៗនេះ។ គ្រាប់បាល់នេះធ្វើឱ្យគេ មានគម្លាតគ្រាប់បាល់តែពីរគ្រាប់ប៉ុណ្ណោះពីកីឡាករខ្សែប្រយុទ្ធ Kwame។ កីឡាករផ្សេងទៀតដែលរកគ្រាប់បាល់ច្រើនដែរនោះរួមមាន Patrick Robson ១៣គ្រាប់ Dyer Moses Johnរបស់ភ្នំពេញក្រោន និងMinagawa Yusuke របស់ណាហ្កាវើលដ៍ ១២គ្រាប់ដូចគ្នា។ ឯកីឡាករ Park Jungbin របស់វិសាខា Kim Hyeon Su របស់ឡាយហ្វខេត្តព្រះសីហនុ និង Marksym Priadun របស់ភ្នំពេញក្រោន រកបាន១០គ្រាប់ដូចគ្នា។ លីគកំពូលកម្ពុជា នឹងត្រឡប់មកវិញនៅថ្ងៃទី៤ និងទី៥ ខែមេសាខាងមុខនេះ ក្នុងនោះភ្នំពេញក្រោន ត្រូវទទួលព្រះខ័នរាជស្វាយរៀង៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM