កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

វិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ

2026/02/20 07:39:18 pm        275
ការប្រកួតកីឡាបាល់ទាត់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវ​កាល​២០២៥-២០២៦ ត្រូវបញ្ចប់ដំណាក់កាលទី១នៅចុងសប្ដាហ៍នេះហើយ ខណៈ​ដែល​ពេល​នេះ​អ្នក​គាំទ្រ​បាល់ទាត់ជាតិកំពុងតែតាមដានថាតើក្លឹបបាល់ទាត់វិសាខា បន្តស្ថិតនៅតំបន់៦​ក្រុម​លើ​គេ រឺអឹមអូអាយ កំពង់ដេវ៉ា ឡើងមកតំបន់នេះវិញ។ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន អង្គរថាយហ្គឺរ ណាហ្កាវើលដ៍ និងក្លឹបបាល់ទាត់បឹងកេត ធានាកៅអីក្នុងតំបន់៦ក្រុមលើគេរួចរាល់ហើយ នៅឡើយវិសាខា និងអឹមអូអាយកំពង់ដេវ៉ា ដែលត្រូវប្រជែងជាមួយគូប្រកួតផ្សេងគ្នា។ថ្ងៃសៅរ៍ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្លឹបបាល់ទាត់វិសាខា ត្រូវស្វែងរកពិន្ទុ ជាមួយភ្នំពេញក្រោនដែលត្រូវការពិន្ទុប្រជែងជើងឯកជាមួយព្រះខ័នរាជស្វាយរៀង ខណៈដែលអឹមអូអាយកំពង់ដេវ៉ា ត្រូវការបីពិន្ទុដាច់ខាតពេលជួបអាយអេសអាយ ដង្កោសែនជ័យថ្ងៃជាមួយគ្នា។ពេលនេះ វិសាខា ឈរនៅចំណាត់លេខ៦បណ្ដោះអាសន្ន (មាន២៩ពិន្ទុ)មិនទាន់សុវត្ថិភាពនៅឡើយព្រោះគម្លាតពីអឹមអូអាយដែលឈរនៅលេខ៧ តែ២ពិន្ទុប៉ុណ្ណោះ។ ដូច្នោះវិសាខាត្រូវការឈ្នះភ្នំពេញក្រោនដាច់ខាត ដើម្បីរក្សាកៅអីតំបន់៦ក្រុមលើគេ មិនខ្វល់ពីលទ្ធផលអឹមអូអាយ កំពង់ដេវ៉ាយ៉ាងណានោះទេ។ ផ្ទុយទៅវិញវិសាខា នឹងធ្លាក់ចេញពីតំបន់ប្រជែងជើងឯក បើភ្លាត់ចាញ់ រឺស្មើ ហើយ អឹមអូអាយ ឈ្នះអាយអេសអាយដង្កោសែនជ័យ។សម្រាប់ក្លឹបភ្នំពេញក្រោន ក៏ត្រូវការពិន្ទុចាំបាច់ដែរពីវិសាខា​ ដើម្បីប្រជែងជាមួយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ព្រោះពេលនេះកំពុងចាញ់ព្រះខ័នរាជ៥ពិន្ទុ ក្រោយចាញ់អង្គរថាយហ្គឺរកាលពីសប្ដាហ៍មុន។ ជើងទី១ ថ្ងៃទី៨ ខែវិច្ឆិកា វិសាខា និងភ្នំពេញក្រោន ស្មើគ្នា១ទល់១។ ពេលនោះភ្នំពេញក្រោននាំមុខមុនដោយកីឡាករ DYER MOSES JOHN នាទីទី៥៧​ ប៉ុន្តែ១៦នាទីបន្ទាប់ អ៊ុក សុវណ្ណ ជួយឱ្យវិសាខាតាមស្មើ។ អឹម អូអាយ កំពង់ដេវ៉ា ជួបជាមួយអាយអេសអាយ ដង្កោសែនជ័យ ក៏មិនស្រួលប៉ុន្មាននោះដែរ ព្រោះកាលពីជើងទីមួយ ក្រុមទាំងពីរបានត្រឹមស្មើគ្នា ០ទល់០ ហើយសប្ដាហ៍មុន អាយអេសអាយធ្វើបានល្អដោយយកឈ្នះកងយោធពលខេមរភូមិន្ទ ៣ទល់០ ខណៈដែលអឹមអូអាយចាញ់ព្រះខ័នរាជស្វាយរៀង ១ទល់នឹង២។ការប្រកួតផ្សេងទៀតនៅសប្ដាហ៍ចុងក្រោយនេះ ឡាយហ្វខេត្តព្រះសីហុន ទទួលណាហ្កាវើលដ៍។ ចំណែកថ្ងៃអាទិត្យគិរីវង់សុខសែនជ័យ​ ជួបព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ ប្រកួតជាមួយកងយោធពលខេមរភូមិន្ទ៕ 

ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ នឹងត្រឡប់មកវិញ នាដើមខែមីនា ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្ដិភាព»

2026/02/19 10:10:37 pm        242
ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៥គីឡូម៉ែត្រ រៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តតាកែវ នឹងត្រឡប់មកវិញជាថ្មី នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដែលនឹងប្រព្រឹត្តទៅ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្ដិភាព»។នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងជំនួបពិភាក្សាជាមួយអាជ្ញាធរខេត្ត និងក្រុមការងារពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យការងារ នៅប្រាសាទភ្នំជីសូរ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម ស៊ុត ខុន អភិបាលរងខេត្តតាកែវ ព្រមទាំងតំណាងមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធចូលរួមជាច្រើនផងដែរ។ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៥គីឡូម៉ែត្រ លើកទី២ ក៏មិនខុសពីឆ្នាំមុនដែរ គឺរៀបចំឡើង ក្នុងគោលបំណងអបអរសាទរទិវានារីអន្ដរជាតិ ៨មីនា ព្រមទាំងបង្ហាញពីឯកភាពជាតិ សាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការគាំទ្រពីមហាជនចូលចិត្តកីឡាជិះកង់ ផ្សារភ្ជាប់ជាមួយការជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍នានា នៅខេត្តតាកែវ ពិសេសតំបន់ទេសចរណ៍ភ្នំជីសូរ និងការកៀគរមូលនិធិឧបត្ថម្ភជាសម្ភារសិក្សាដល់សិស្សានុសិស្សនៅខេត្តតាកែវជាដើម។នេះជាលើកទី២ ហើយ ដែលព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ត្រូវបានរៀបចំឡើង ក្រោមគំនិតផ្ដួចផ្ដើម និងការយកចិត្តទុកដាក់របស់ឯកឧត្តម ហួត ហាត់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដែលបានគាំទ្ររៀបចំព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវនេះ ហើយក៏ជាការបំផុសប្រជាពលរដ្ឋឲ្យចូលរួមសកម្មភាពកីឡា ដើម្បីលើកកម្ពស់សុខភាពសាធារណៈផង ក៏ដូចជាលើកកម្ពស់ និងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ខេត្តផង ជាក់ស្ដែងខេត្តតាកែវ ដែលមានរមណីយដ្ឋានប្រវត្តិសាស្ដ្រ និងធម្មជាតិជាច្រើន។ឯកឧត្តម វ៉ាហេង ដាវុធ បានគូសរំឮកថា កាលពីឆ្នាំមុន ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវនេះ បានទទួលកីឡាករ-កីឡាការិនី និងអ្នកចូលរួមអមដំណើរសរុបប្រមាណ ៣៥០នាក់ ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីអាជ្ញាធរខេត្តតាកែវ។ ឆ្លើយតបនឹងភាពជោគជ័យលើសការរំពឹងនេះ ទើបថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានបន្ដរៀបចំព្រឹត្តិការណ៍នេះជាថ្មី នាដើមខែក្រោយ ដោយរំពឹង នឹងមានអ្នកចូលរួមកាន់តែច្រើនថែមទៀត។គួរដឹងថា ព្រឹត្តិការណ៍ជិះកង់លក្ខណៈកម្សាន្ដ ផ្សារភ្ជាប់ទេសចរណ៍នេះ នឹងត្រូវចេញដំណើរពីទីស្ដីការក្រសួងទេសចរណ៍ កាត់តាមវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ រហូតដល់ស្ពាន ៦០ម៉ែត្រ បត់តាមផ្លូវជាតិលេខ២ រហូតដល់ប្រសាទភ្នំជីសូត នៅចំណុចវត្តនាងខ្មៅ និងបន្ដដំណើររហូតដល់ទីរួមខេត្តតាកែវ នៅចំណុចបឹងតាកែវ ដែលជាទីកន្លែងប្រារព្ធពិធីបិទជាផ្លូវការតែម្ដង៕ អត្ថបទ លី ឈុនឡា 

Newcastle, Leverkusen, Bodo/Glimt សុទ្ធតែឈ្នះជើងទីមួយខណៈ Club Bruges និង Atletico Madrid ស្មើគ្នា

2026/02/19 09:46:14 pm        147
Newcastle United រកបានជ័យជំនះយ៉ាងធំធេង និងកក់ក្តៅមុនត្រលប់មកទឹកដីរបស់ខ្លួនវិញក្រោយយកឈ្នះនៅទឹកដី Qarabag ៦-១ ជើងទីមួយវគ្គ Play-Off រកកៅអីវគ្គ ១៦ ក្រុមចុងក្រោយ Champions League។ខ្សែប្រយុទ្ធស្លាប Anthony Gordon រកបានដល់ទៅបួនគ្រាប់ម្នាក់ឯងក្នុងការប្រកួតនេះ ពោលគឺគ្រាប់ដំបូងកើតឡើងតាំងពីនាទីទី ៣ មុនពេលដែលខ្សែការពារ Malick Thiaw រកបានគ្រាប់នាំមុខ ២-០ នៅនាទីទី ៨។នៅក្នុងវគ្គទីមួយដដែល Anthony Gordon រកបានបីគ្រាប់បន្ថែមទៀតដោយនៅនាទីទី ៣២ បាល់ពិន័យ ១១ ម៉ែត្រ នាទីទី ៣៣ និងនាទីទី ៤៥+១ ក៏ជាបាល់ពិន័យ ១១ ម៉ែត្រ។ ម្ចាស់ផ្ទះក៏តបបានមួយគ្រាប់ដែរនៅដើមវគ្គទីពីរដោយ Cafarquliyev តែ Jacob Murphy បន្ថែមគ្រាប់ចុងក្រោយ នៅនាទីទី ៧២ ឱ្យ Newcastle យកឈ្នះ ៦-១ កាន់ ៥ គ្រាប់ចំណេញមុនត្រលប់ទៅទឹកដីរបស់ខ្លួនសប្តាហ៍ក្រោយ។រីឯក្រុមកំពុងនាំមុខគេនៅអ៊ីតាលី Inter Milan បានរងបរាជ័យនៅទឹកដី Bodo/Glimt ៣-១ គួរឱ្យភ្ញាក់ផ្អើល។ មិនអាចមើកស្រាលបានទេ Bodo/Glimt របស់ន័រវេសមួយនេះបានយកឈ្នះ Manchester City និង​ Atletico Madrid ខែមុន រកបានគ្រាប់នាំមុខនៅនាទីទី ២០ ដោយ Sondre Brunstad Fet មុនពេល Inter Milan តាមស្មើវិញដោយ Francesco Pio Esposito ដប់នាទីក្រោយមក។ ក្រុមម្ចាស់ផ្ទះកាន់តែរឹងមាំនៅវគ្គទីពីរ ដោយរកបានពីរគ្រាប់យកឈ្នះការប្រកួតនេះ ៣-១ ដោយគ្រាប់បាល់របស់ Jens Petter Hauge និង Kasper Waarts Hogh។ ប្រកួតបន្តទៀតនេះ Atletico Madrid ធ្វើអ្វីម្ចាស់ផ្ទះ Club Bruges មិនបានទេ បានត្រឹមបញ្ចប់ដោយ ៣-៣។ Atletico Madrid រកបានពីរគ្រាប់នាំមុខមុនដោយ Julian Alvarez និង Ademola Lookman តែក្រុមម្ចាស់ផ្ទះក៏វាយបកយកតាមស្មើវិញនៅវគ្គទីពីរដោយកីឡាករនីហ្សេរីយ៉ា Raphael Onyedika និងកីឡាករកូនកាត់អាល្លឺម៉ង់ អ៊ីតាលី Nicolo Tresoldi។ Atletico Madrid ក៏នាំមុខជាថ្មីដោយបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារអេក្វាឌ័រ Joel Ordonez តែម្ចាស់ក៏តាមស្មើម្តងទៀតដោយខ្សែប្រយុទ្ធក្រិក Christos Tzolis។ គូចុងក្រោយនេះ Bayer Leverkusen យកឈ្នះនៅទឹកដីក្រិក Olympiaskos ២-០ ដោយគ្រាប់បាល់របស់ខ្សែប្រយុទ្ធឆេក Patrick Schick ពីរគ្រាប់ម្នាក់ឯងនៅនាទីទី ៦០ និង ៦៣។ សូមបញ្ជាក់ថា ការប្រកួតជើងទីពីរវគ្គ Play-Off នឹងធ្វើនៅសប្តាហ៍ក្រោយ៕ អត្ថបទ៖នាង សុភាវុធ 

កីឡដ្ឋានខេត្តស្វាយរៀង លេចរូបរាងកាន់តែច្បាស់ មានការចាប់អារម្មណ៍កាន់តែខ្លាំង

2026/02/19 06:41:19 pm        355
រយៈពេលជាងកន្លះឆ្នាំមកហើយ ដែលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើការជួសជុល និង​សាងសង់ថ្មីនូវកីឡដ្ឋានខេត្តស្វាយរៀង ដែលមានមូលដ្ឋាននៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បី​ឆ្លើយតបសន្ទុះនៃការគាំទ្រ និងបំពេញលក្ខខណ្ឌ​តាម​កម្រិត​ស្ដង់ដារ​របស់​សហព័ន្ធ​កីឡាបាល់​ទាត់​អាស៊ី(AFC)។គិតត្រឹមពេលនេះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានលេចរូបរាងកាន់តែច្បាស់ ដែលធ្វើឲ្យមហាជន ពិសេសអ្នកគាំទ្រក្លិបជើងឯកលីគកំពូលកម្ពុជា មានការចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះកីឡដ្ឋានដ៏ទំនើប ដែលកំពុងមមាញឹកក្នុងដំណើរការសាងសង់ សម្រាប់ត្រៀមទទួលស្វាគមន៍ការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនារដូវកាលថ្មីខាងមុខ។បន្ទាប់ពីធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលា ដើម្បីសាងសង់ឡើងវិញ នូវកីឡដ្ឋានខេត្តស្វាយរៀង កាលពីដើមខែកក្កដា ឆ្នាំ២០២៥ កីឡដ្ឋាននេះ គ្រោងប្រើពេល ១រដូវកាលពេញ សម្រាប់ឆ្នាំ២០២៥/២៦ ដើម្បីសាងសង់កីឡដ្ឋាន ដែលអាចផ្ទុយអ្នកទស្សនាបានរហូតដល់ក្បែរម៉ឺននាក់ ជាមួយកម្រិតអំពូលភ្លើង(LED) សម្រាប់បំភ្លឺការប្រកួតកាន់តែខ្ពស់ ស្របទៅតាមស្ដង់ដារ AFC ដែលអាចបម្រើឲ្យការប្រកួតអន្ដរជាតិបាន។តាមគម្រោងកីឡដ្ឋានខេត្តស្វាយរៀង នឹងត្រូវបញ្ចប់ការសាងសង់ និងដាក់ឲ្យប្រើប្រាស់ឡើងវិញ នាដើមរដូវកាលឆ្នាំ២០២៦/២៧ ខាងមុខ ជាមួយក្ដីរំពឹងនឹងទទួលបានការគាំទ្រកាន់តែខ្លាំង ពិសេសប្រជាពលរដ្ឋខេត្តស្វាយរៀង ដែលកំពុងទន្ទឹងរង់ចាំទស្សនាការប្រកួតផ្ទាល់ នៅកីឡដ្ឋានស្ដង់ដារ និងទំនើបមួយនេះ។គួរដឹងថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង បានប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ជាទឹកដីបម្រើឲ្យការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាពានរង្វាន់អន្ដរជាតិនានា រួមមានការប្រកួតជើងឯកក្លិបអាស៊ីអាគ្នេយ៍ និងជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី ជាដើម ។ បន្ទាប់ក្រោយកីឡដ្ឋានខេត្តស្វាយរៀង សាងសង់រួចរាល់ អ្នកគាំទ្រសង្ឃឹមថា ក្រៅពីបានទស្សនាការប្រកួតក្របខណ្ឌថ្នាក់ជាតិ ក៏រំពឹងនឹងបានទស្សនាការប្រកួតពានរង្វាន់អន្ដរជាតិនៅទីនោះផងដែរ៕ អត្ថបទ៖ លី ឈុនឡា 

Bukayo Saka បន្តកិច្ចសន្យាដល់ឆ្នាំ ២០៣១ ក្លាយជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុតនៅ Arsenal

2026/02/19 06:22:17 pm        142
ខ្សែប្រយុទ្ធស្លាបអង់គ្លេស Bukayo Saka បានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ៥ ឆ្នាំដែលនឹងរក្សារូបគេនៅ Arsenal ដល់ឆ្នាំ ២០៣១។បើតាមប្រភពព័ត៌មានឱ្យដឹងថា កិច្ចសន្យាថ្មីនេះក៏បានធ្វើឱ្យកីឡាករវ័យ ២៤ ឆ្នាំរូបនេះក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតរបស់ Arsenal ផងដែរគឺលើសពី ៣០ ម៉ឺនផោនក្នុងមួយសប្តាហ៍។ កន្លងទៅ Saka បានចុះហត្ថលេខាលើកិច្ចសន្យាដែលរក្សារូបគេដល់ឆ្នាំ ២០២៧ កាលពីឆ្នាំ ២០២៣ តែកិច្ចសន្យាថ្មីនេះ នឹងធ្វើឱ្យបាត់មន្ទិលសង្ស័យពីអនាគតរបស់កីឡាករអង់គ្លេសរូបនេះ។ Arsenal ត្រូវបានគេមើលឃើញថាកំពុងជោគជ័យក្នុងការរក្សាកីឡាករសំខាន់ៗនៅជាមួយក្លិបរយៈពេលវែង បន្ទាប់ពី William Saliba, Gabriel Megalhaes, Ethan Nwaneri និង Myles Lewis-Skelly សុទ្ធតែទើបបន្តកិច្ចសន្យាថ្មីទាំងអស់។ Bukayo Saka បានស៊ុតបញ្ចូលទី​ ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣​ ប្រកួតរដូវកាលនេះជាមួយ Arsenal។តាំងពីទទួលបានកៅអីនៅក្រុមធំ Arsenal នៅឆ្នាំ ២០១៨ ក្នុងវ័យ ១៧ ឆ្នាំ Bukayo Saka បង្ហាញខ្លួននៅ Premier League បានសរុប ២១៧ ប្រកួតហើយ ស៊ុតបញ្ចូលទីបាន ៥៧ គ្រាប់។ Arsenal កំពុងមានផ្លូវប្រជែងគ្រប់ពានទាំងអស់រដូវកាលនេះ រួមមានកំពុងឈរលើគេនៅ Premier League ដាច់ Manchester City ៥ ពិន្ទុក្រោយស្មើនៅទឹកដី Wolves យប់មិញ ឡើងវគ្គផ្តាច់ព្រ័ត្រ EFL Cup ត្រូវជួប Manchester City ឡើងវគ្គ ១៦ ក្រុមចុងក្រោយ Champions League និងឡើងជុំទី ៥ FA Cup៕ អត្ថបទ៖នាង សុភាវុធ

ACL៖ ភ្នំពេញក្រោន លក់សំបុត្រ ៣,៥០០សន្លឹក ២សប្ដាហ៍ មុនជួបព្រះខ័នរាជស្វាយរៀង ក្នុងជើងទី១

2026/02/19 05:59:03 pm        188
ខណៈសល់ ២សប្ដាហ៍ទៀត នឹងឈានដល់ការប្រកួតជើងទី១ រវាងភ្នំពេញក្រោន និង​ព្រះខ័ន​រាជ​ស្វាយ​រៀង ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ជើងឯកក្លិបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី ​AFC ​Challenge League ឆ្នាំ២០២៥/២៦ កាលពីថ្ងៃពុធកន្លងទៅ ភ្នំពេញក្រោន បាន​ប្រកាស​លក់​សំបុត្រ​អស់​ចំនួន ៣,៥០០សន្លឹកហើយ មុនការប្រកួតមកដល់ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។សម្រាប់​ជំនួបជើងទី១ ដែលភ្នំពេញក្រោន ត្រូវធ្វើម្ចាស់ផ្ទះនេះ សំបុត្រមាន ២ប្រភេទ ក្នុងនោះ សម្រាប់​សំបុត្រនៅតំបន់គ្មានដំបូលតម្លៃពេញ ១៤០០០រៀល តែក្លិបដាក់​លក់​បញ្ចុះ​តម្លៃ​សល់​ត្រឹម​តែ ​១២០០០រៀល និងសំបុត្រតំបន់ VIP ឬមានដំបូល តម្លៃពេញ ២០០០០រៀល ជា​ជំហាន​​ដំបូងក្លិបបញ្ចុះតម្លៃសល់ត្រឹមតែ ១៦០០០រៀល។ រយៈពេល ១ឆ្នាំ បើគិតពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី១៨ ខែកុម្ភៈ ភ្នំពេញក្រោន លក់សំបុត្របាន ៣,៥០០សន្លឹក ហើយក្លិប​ក៏​បាន​អំពាវ​នាវ​ដល់អ្នកគាំទ្ររួសរាន់ទិញជាមួយតម្លៃពិសេសនេះផងដែរ។គួរដឹងថា ក្លិបបាល់ទាត់តំណាងប្រទេសកម្ពុជាទាំងពីរ បានឡើងមកជួបគ្នាក្នុងវគ្គ ៨ក្រុម​ចុង​ក្រោយ ​នៃពានរង្វាន់ AFC Challenge League ឆ្នាំ២០២៥/២៦ បន្ទាប់ពីក្រុមទាំងពីរ បាន​បញ្ចប់​ការ​ប្រកួតនៅចំណាត់ថ្នាក់ផ្ទុយគ្នា ក្នុងវគ្គចែកពូលប្រចាំតំបន់ស៊ីខាងកើ ពោលគឺព្រះខ័ន​រាជ​ស្វាយ​រៀង ​ឈរលេខ១ ក្នុងពូលD ខណៈភ្នំពេញក្រោន ឈរលេខ២ នៃពូលE ហើយក្រុមទាំងពីរ នឹង​ត្រូវធ្វើការប្រកួត ២ជើង ដើម្បីស្វែងរកក្រុមឈ្នះ ១ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ជំនួប​ដ៏​កម្រិតរវាងក្រុមតំណាងប្រទេសនេះដែរ នឹងធ្វើឡើង ២ជើង ក្នុងនោះជើងទី១ ភ្នំពេញក្រោន ត្រូវធ្វើម្ចាស់ផ្ទះ តែដោយសារកីឡដ្ឋានពួកគេ មិនអាចបំពេញ​លក្ខ​ខណ្ឌ A​FC ​ក៏​សម្រេច​រៀប​ចំការប្រកួតនៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) នាថ្ងៃទី៥ ខែមីនា ខណៈជើងទី២ នឹង​ប្រកួត​នៅទឹកដីព្រះខ័នរាជស្វាយរៀងវិញម្ដង នាពហុកីឡដ្ឋានជាតិមរតកតេជោ។ ដូច្នេះ​គេ​រំពឹង​ថា ជំ​នួបរវាងក្រុមខ្លាំងទាំងពីរ ក្នុងពានរង្វាន់អន្ដរជាតិ នឹងទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ថែម​ទៀត​៕ អត្ថបទ៖ លី ឈុនឡា

ការប្រកួតបាល់ទាត់លីគអភិវឌ្ឍន៍កម្ពុជា នឹងរកឃើញជើងឯកនៅចុងសប្ដាហ៍នេះ

2026/02/19 05:45:01 pm        248
ការប្រកួតកីឡាបាល់ទាត់ដែលមានឈ្មោះថា លីគអភិវឌ្ឍន៍កម្ពុជា (Cambodian Development League) ២០២៥-២០២៦ នឹងរកឃើ​ញជើង​ឯកនៅថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ​២០២៦នេះហើយ រវាងក្លឹបវិសាខា និងអាយអេសអាយ ដង្កោសែនជ័យ។ព្រឹកថ្ងៃ​អាទិត្យនេះ ក្លឹបអាយអេសអាយ ដង្កោសែនជ័យ ប្រកួតជាមួយក្លឹបអឹមអូអាយកំពង់ដេវ៉ា នៅ​កីឡដ្ឋាន​អាយអេសអាយ ម៉ោង៨និង៣០នាទីព្រឹក។ ដំណាលគ្នានេះដែរ ក្លឹប​វិសាខា​ធ្វើ​ដំណើរ​មក​កាន់​ទឹក​ដីភ្នំពេញក្រោន។ក្រោយលេងបាន៩ប្រកួតម្នាក់ វិសាខា និងអាយអេសអាយ មាន២២ពិន្ទុដូចគ្នា។ ដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន​កម្មវិធីនេះ វិសាខាត្រូវការឈ្នះភ្នំពេញក្រោន ហើយអាយអេសអាយ ស្មើ រឺចាញ់។ ផ្ទុយ​ទៅ​វិ​ញ បើអាយអេសអាយដង្កោសែនជ័យ ឈ្នះហើយវិសាខាចាញ់ រឺស្មើភ្នំពេញក្រោន នោះ​អាយ​អេស​អាយ​ក្លាយជាម្ចាស់ជើងឯក។សូមរំលឹកថា ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបង្កើតការប្រកួត ខេមបូឌានលីគអភិវឌ្ឍន៍ ឆ្នាំ​២០២៥​/២៦នេះ មានរយៈពេល ៨ខែ ដោយដំណើរការចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដល់​ថ្ងៃ​ទី២២ ខែកុម្ភះ ឆ្នាំ២០២៦ដោយមានក្លឹបចំនួន៦ ចូលរួមការប្រកួតរដូវកាល ២០២៥​/២៦​មាន​៖ អាយ អេស អាយ ដង្កោសែនជ័យ, កណ្ដាល យូណាយធីត, ឡាយអ៊ិនឃីង, អឹម អូ អាយ កំពង់ដេវ៉ា, ភ្នំពេញក្រោន, និង វិសាខា។គណៈកម្មាធិការរៀបចំការប្រកួត ឱ្យដឹងថា គោលបំណងនៃការរៀបចំការប្រកួត ខេមបូឌាន​លីគ​អភិវឌ្ឍន៍​ មានបួនចំណុចធំៗ​គឺ​ផ្តល់​ឱកាស​ដល់​កីឡាករ​ដែល​មិន​សូវ​ទទួល​បាន​ឱកាស​លេង​នៅ​ក្នុង​កា​រប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ( CPL ) និងកីឡាករអាយុក្រោម២២ឆ្នាំ ឲ្យ​មានឱកាសបង្ហាញសមត្ថភាពនៅលើទីលាន។ ផ្តល់ឱកាសដល់កីឡាករ ខេមបូឌានលីគ យុវជន​អាយុក្រោម ១៨ ឆ្នាំ ទទួលបានឱកាសបង្ហាញសមត្ថភាព ក្នុងការប្រកួតប្រជែង​ជាមួយ​ក្រុម​ធំ ​ដើម្បីពង្រឹង និងអភិវឌ្ឍន៍បច្ចេកទេសបន្ថែម។ រៀបចំឡើង​ដោយ​ផ្តោត​សំខាន់​លើ​កីឡាករ​អាយុ​ក្រោម ​២២ឆ្នាំ ជំរុញបង្កើនឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីត្រៀម​លក្ខណៈ​សម្បត្តិ​សម្រាប់​ចូលរួមការប្រកួត Sea Games និង អភិវឌ្ឍន៍សមត្ថភាព​របស់​មន្រ្តី​ដឹក​នាំ​ការ​ប្រកួត ​ដោយផ្តល់ឱកាសច្រើនក្នុងការបំពេញភារកិច្ចនានា។ BTV News ផ្សាយផ្ទាល់៕

Vinicius Junior ស៊ុតគ្រាប់ជ័យជំនះឱ្យ Real Madrid ឈ្នះនៅផ្ទះ Benfica តានតឹង ១-០

2026/02/18 08:53:53 pm        124
ខ្សែប្រយុទ្ធប្រេស៊ីល Vinicius Junior ស៊ុតគ្រាប់បាល់ជ័យជំនះយ៉ាងអស្ចារ្យឱ្យ Real Madrid យកឈ្នះនៅទឹកដី Benfica ១-០ ជើងទីមួយវគ្គ Play-Off។ក្រុមទាំងពីរបានមកជួបគ្នានៅវគ្គ Play-Off នេះ បន្ទាប់ពី Benfica យកឈ្នះ Real Madrid ៤-២ នៅប្រកួតចុងក្រោយនៃដំណាក់កាលប្រកួតលីគ។ ក្រោយការចាប់ផ្តើម ក្រុមទាំងពីរក៏ត្រូវជួបគ្នាម្តងទៀត តែលើកនេះមិនមានគ្រាប់បាល់ច្រើនដូចមុនឡើយទោះបីឱកាសជាច្រើនកើតឡើងតែធ្វើមិនបានសម្រេច ជាពិសេសអ្នកចាំទី Anatoliy Trubin ដែលជាអ្នកជួយ Benfica ឡើងមកដល់វគ្គនេះ បានជួយសង្គ្រោះបាល់ជាច្រើន។គ្រាប់បាល់ជ័យជំនះតែ ១ គ្រាប់គត់កើតឡើងនៅនាទីទី ៥០ ដោយ Vinicius Junior នៅនាទីទី ៥០ តែការប្រកួតក៏ឡើងកំដៅ នៅពេលការអបអរសាទររបស់កីឡាករប្រេស៊ីលរូបនេះក៏មានជម្លោះជាមួយ Gianluca Prestianni ធ្វើឱ្យអាជ្ញាកណ្តាលផ្តល់កាតលឿង។ Vinicius មិនពេញចិត្ត ជាពិសេសក៏មានការរើសអើងជាតិសាសន៍ដែរនោះ ក៏ដើរចេញពីទីលាន និងតាមដោយមិត្តរួមក្រុមដែលធ្វើឱ្យការប្រកួតត្រូវពន្យា ១០ នាទី។ អ្នកចាត់ការ Benfica លោក Jose Mourinho ចុងម៉ោងក៏ទទួលបានកាតលឿងពីរដងបណ្តេញចេញពីការប្រកួតផងដែរ ដែលមានន័យថាអតីតអ្នកចាត់ការ Real Madrid រូបនេះមិនអាចដឹកនាំការប្រកួតទីពីរបានឡើយនៅថ្ងៃពុធសប្តាហ៍ក្រោយ៕ អត្ថបទ៖ នាង សុភាវុធ

ព្រះខ័នរាជ បើកលក់ ៤ពាន់សំបុត្រដំបូង នៃពាន AFC Challenge League ​ទល់ក្រុម​ភ្នំពេញក្រោន

2026/02/18 06:28:46 pm        167
បន្ទាប់ពីភ្នំពេញក្រោន បានប្រកាសលក់សំបុត្រទស្សនាការប្រកួតជើងទី១ ក្នុងវគ្គ ៨ក្រុម​ចុង​ក្រោយ ​នៃពានរង្វាន់ជើងឯកក្លិបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League​ ឆ្នាំ​២០២៥​/២៦ ជិត ១ខែកន្លងទៅ ពេលនេះ គូប្រជែងរបស់ខ្លួន គឺក្លិបព្រះខ័នរាជស្វាយរៀង ក៏​ដាក់​លក់​សំបុត្រ​ទស្សនាជំនួបជើងទី២ ផងដែរ ដោយជំហានដំបូង ក្រុមជើងឯករងឆ្នាំចាស់នេះ បាន​បើក​លក់​ចំនួន ៤ពាន់សំបុត្រ។យោងតាមការជូនដំណឹងរបស់ក្រុមជើងឯកលីគកំពូលកម្ពុជា សម្រាប់សំបុត្រទស្សនាការប្រកួតជើងទី២ រវាងព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺមានតម្លៃ ៨ពាន់រៀលប៉ុណ្ណោះ។ ចំពោះសំបុត្រ អ្នកគាំទ្រអាចរកទិញបាន តាមរយៈ Online នៅលើ App របស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលមានឈ្មោះថា PKR Svay Rieng។ដោយឡែកជំនួបជើងទី១ រវាងក្រុមតំណាងកម្ពុជាទាំងពីរ ដែលក្រុមសិង្ហក្រម ធ្វើម្ចាស់ផ្ទះ និងប្រើប្រាស់ពហុកីឡដ្ឋានជាតិ(អូឡាំពិក)ជាទឹកដី នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ភ្នំពេញក្រោន បានបែងចែកសំបុត្រជា ២ប្រភេទ សម្រាប់តំបន់គ្មានដំបូល តម្លៃពេញ ១៤,០០០រៀល តែទិញឥលូវក្លិបបញ្ចុះតម្លៃសល់ត្រឹម ១២,០០០រៀល និងសំបុត្រ VIP តំបន់មានដំបូង តម្លៃពេញ ២០,០០០រៀល តែទិញពេលនេះក្លិបបញ្ចុះតម្លៃសល់ ១៦,០០០រៀល។មុនជួបគ្នានៅវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ីនេះ ភ្នំពេញក្រោន បានឆ្លងកាត់ការប្រកួតជម្រុះបឋម ដោយយកឈ្នះក្រុម Kasuka របស់ប្រ៊ុយណេ ក្នុងលទ្ធផល ៦-០ ដើម្បីឡើងវគ្គចែកពូល ដែលបានបញ្ចប់នៅចំណាត់ថ្នាក់លេខ២ ក្នុងពូលE និងក្រុម Dewa United របស់ឥណ្ឌូនេស៊ី ឈរលេខ១។ រីឯព្រះខ័នរាជស្វាយរៀង ដែលមានកៅអីវគ្គចែកពូលក្នុងដី បានបញ្ចប់ការប្រកួត ដោយឈរកំពូលតារាង និងក្រុម Manila Digger របស់ហ្វីលីពីន ឈរលេខ២។ជាមួយលទ្ធផលការប្រកួតជម្រុះប្រចាំតំបន់អាស៊ីខាងកើតនេះ ក្រុមលេខ១ និងលេខ២ ក្នុងពូលទាំងពីរ ត្រូវប្រកួតខ្វែងពូល ដែលនាំឲ្យព្រះខ័នរាជស្វាយរៀង ត្រូវជួបភ្នំពេញក្រោន ដើម្បីប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ ។ ដូច្នេះសម្រាប់ក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅជួបក្រុមឈ្នះ រវាងក្រុម Dewa United និងក្រុម Manila Digger ដែលប្រៀបបានការប្រកួតផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ីខាងកើត ដើម្បីរកក្រុមខ្លាំង ១ក្រុម ឡើងទៅជួបក្រុមឈ្នះ ១ក្រុមទៀត មកពីតំបន់អាស៊ីខាងលិច ដើម្បីកាត់សេចក្ដីរកជើងឯកពានរង្វាន់ AFC Challenge League 2025/26។សូមរំឮកថា កាលពីរដូវកាលមុន កម្ពុជាមាន ១កៅអីប៉ុណ្ណោះ សម្រាប់ពានកម្រិតទី៣ ទ្វីបអាស៊ីនេះ គឺក្រុមព្រះខ័នរាជស្វាយរៀង ដែលបានចូលរួមក្នុងនាមជើងឯកលីគកំពូលកម្ពុជា ដែលបានយកឈ្នះក្រុមខ្លាំងៗជាច្រើន រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយបើកទ្វារផ្ទះទទួលក្រុម Arkadag FK របស់តួកមេនីស្ថាន តែសោកស្ដាយ ក្រុមតំណាងកម្ពុជានេះ បានត្រឹមជើងឯករង ក្រោយចាញ់ក្រុមភ្ញៀវទាំងប្រផិតប្រផើយ ១-២ បន្ទាប់ពីចំណាយពេល ១២០នាទី នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ អត្ថបទ លី ឈុនឡា 

រុស្ស៊ី និងបេឡារុសនឹងមានអត្តពលិក ១០នាក់ ចូលរួមការ​ប្រកួត​កីឡា​ជនពិការ​ប៉ារ៉ា​ឡាំពិក​រដូវ​រងា​

2026/02/18 05:53:20 pm        109
អត្តពលិកជនពិការមកពីប្រទេសរុស្ស៊ី និងបេឡារុសចំនួន ១០ នាក់នឹង​ចូល​រួម​ការ​ប្រកួត​កីឡា​ប៉ារ៉ា​ឡាំពិក​រដូវរងានៅទីក្រុង Milano Cortina ខែក្រោយ នេះបើតាមការ​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយរបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC)។ប្រទេសទាំងពីរកន្លងមកមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតណាមួយរបស់ប៉ារ៉ាឡាំពិកឡើយ បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅឆ្នាំ ២០២២ តែក្រោយ​មក​ក៏​ទទួល​បាន​សិទ្ធិ​ចូល​រួមវិញក្រោយការបោះឆ្នោតគាំទ្រកាលពីខែកញ្ញាឆ្នាំ ២០២៥ ដើម្បីព្យួរការពិន័យនេះ។ រុស្ស៊ី​នឹងមានអត្តពលិកពីររូបសម្រាប់ការប្រកួតវិញ្ញាសា Alpine Skiing ពីរនាក់នៅវិញ្ញាសា Para Cross-Country Skiing និងពីរនាក់ទៀតនៅវិញ្ញាសាជិះស្គីលើក្តាបន្ទះ ខណៈ​ដែល​បេឡា​រុស​មាន​បួន​នាក់​នៅវិញ្ញាសា Cross-Country។ ស្របពេលដែលអត្តពលិកទាំងអស់មានសិទ្ធិប្រកួតក្រោមទង់ជាតិរបស់ខ្លួន នៅព្រឹត្តិការណ៍​ប៉ារ៉ា​ឡាំពិក​រដូវ​រងាខែក្រោយនោះ រុស្ស៊ី និងបេឡារុសមិនអាចប្រកួតក្រោមទង់ជាតិរបស់ខ្លួនឡើយ ដោយ​ហេតុថាប្រទេសទាំងពីរ​នៅ​តែ​ស្ថិត​ក្រោម​ការ​ដាក់​បម្រាម​ពីគណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​នៅ​ឡើយ។ ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិករដូវរងា នឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៥ ខែមីនាខាងមុខនេះ​ដោយ​នឹង​មាន​ការ​ចូលរួមពីអត្តពលិកជនពិការ ៦៦៥ នាក់មកពី ៥៥ ប្រទេសជុំវិញពិភពលោក ប្រកួត​លើ​វិញ្ញាសាចំនួន ៧៩ នៃ ៦ ប្រភេទកីឡា៕ អត្ថបទ៖ នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM