កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

ការប្រកួតកីឡាតេក្វាន់ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នឹង​ចាប់​ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ

2026/02/18 05:37:23 pm        120
លេខាធិការដ្ឋានខេមរសហព័ន្ធតេក្វាន់ដូ ប្រកាសរៀបចំការប្រកួតកីឡាតេក្វាន់ដូWT ជ្រើស​រើស​ជើង​ឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២៦ ​នៅសាលតេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្រោម​ការ​ប្រើ​ប្រាស់​ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។បើ​តាម​គណៈកម្មាធិការជំនាញ នៃខេមរៈសហព័ន្ធតេក្វាន់ដូWT បានបញ្ជាក់ថា ការប្រកួត​ជើង​ឯក​ឆ្នាំ​នេះ​មាន​វិញ្ញាសា សរុបចំនួន ២៥ វិញ្ញាសារួមមាន វិញ្ញាសាមេគុនកុមារា-កុមារី មាន ៦ (១២-១៤ ឆ្នាំ) រីឯវិញ្ញាសាប្រយុទ្ធកុមារា និងកុមារី មាន៣ប្រភេទទម្ងន់ដូចៗគ្នា។ សម្រាប់​វិញ្ញាសាយុវជន-យុវតីមាន ៨ ចាប់ពីអាយុ (១៥-១៧ ឆ្នាំ) ចំពោះ វិញ្ញាសាប្រយុទ្ធ មាន​៣​ប្រភេទ​ទម្ងន់ ព្រមទាំងមេគុនយុវជន-យុវតី (Taeguek Yuk Jang ដល់ Taebeak Poomsae​)​។​ដោយឡែកវិញ្ញាសាឈុតធំមាន ៩ ចាប់ពី(១៨-៣០ ឆ្នាំ) មានវិញ្ញាសាប្រយុទ្ធបុរស នារី មាន​៣​ប្រភេទ​ទម្ងន់​ផងដែរ រួមទាំងមានវិញ្ញាសាមេគុនបុរស -នារី (Taeguek Yuk Jang ដល់ Sipjin Poomsae)។រីឯវិញ្ញាសាមេគុន Freestyle មាន ២ វិញ្ញាសា (១៥-៣០ឆ្នាំ )។សូមបញ្ជាក់ថា ការប្រកួត​ជ្រើស​រើស​ជើង​ឯកជាតិខាងលើកីឡាករ កីឡាការិនីចូលរួមប្រកួតក្នុង វិញ្ញាសាប្រយុទ្ធក្នុង ១ នាក់ ចុះ​ឈ្មោះ​ប្រកួត​បាន ១វិញ្ញាសា ។រីឯវិញ្ញាសាមេគុនក្នុង១នាក់ ចុះឈ្មោះប្រកួតបាន ២វិញ្ញាសា (TKD ​uniform តាមអាយុ) ការស្នាក់នៅ ការហូបចុក ការធ្វើដំណើរទៅមក និង​ការ​ចំណាយ​ផ្សេង​ៗ ជាបន្ទុករបស់សាមីខ្លួន ក្នុងបណ្តាក្លិបចូលរួម៕

មន្ទីរអប់រំរាជធានី វាយតម្លៃខ្ពស់ការខិតខំអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនី​ចូលរួម​កីឡា​សិស្ស​បឋម​សិក្សា​ជើងឯករាជធានី

2026/02/17 09:09:54 pm        115
ការប្រកួតកីឡាសិស្សបឋមសិក្សា ជើងឯករាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២៥-២០២៦ បាន​បិទ​បញ្ចប់​ដោយជោគជ័យ កាលពីចុងសប្តហ៍ទៅ នៅទីលានវិទ្យាល័យ ឥន្ទ្រទេវី បន្ទាប់ពីដំណើរ​ការ​ប្រកួត​​រយៈ​ពេល៧ថ្ងៃ លើ៥ប្រភេទកីឡាទាំងកុមារ កុមារី ខណៈថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និង​កីឡា​រាជ​ធានីភ្នំពេញបានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនី​វ័យក្មេ​ង​ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ។លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានលើកឡើងថា ក្នុង​នាម​មន្ទីរ​សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូដឹកនាំក្រុមកីឡា ដែលបានខិតខំបង្កើតក្រុម ដើម្បី​ចូលរួមប្រកួតជើងឯក ដែលជាកាយវិការ និងការចូលរួមដោយស្មោះក្នុងការកសាង និង​អភិវឌ្ឍ​វិស័យ​កីឡានៅរាជធានីភ្នំពេញ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល «មនុស្សម្នាក់​ត្រូវ​ចេះ​លេងកីឡាមួយប្រភេទប្រចាំជីវិត»។ គោលបំណងនៃការប្រកួតនេះ គឺដើម្បីជំរុញ​ដល់​កុមារា ​កុមារីឱ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទដែលពួកគេចូលចិត្ត និងចូល​រួម​កាត់​បន្ថយ​នូវ​អំពើអបាយមុខក្នុងសង្គម។ លោក អ៊ុក ចន្ថា បានបន្ថែមថា នាពេលនេះជាកាយវិកាមួយ ក្នុងការខិតខំទៅតាមសមត្ថភាព ដែល​ខ្លួន​បានហ្វឹកហាត់ ហើយបាន​យក​ចិត្ត​ទុក​ដាក់​គោរ​ព​បទ​បញ្ជា​បច្ចេក​ទេស​នៃ​ប្រភេទ​កីឡា​នីមួយ​ៗ​ ក្នុងការដណ្តើមយកជ័យលាភី ដើម្បីសម្រេចផែនការរបស់ខ្លួន ដែលបានកំណត់មក។ លោក អ៊ុក ចន្ថា បានកោតសរសើរដល់ក្រុមជ័យលាភី និងលើក​ទឹកចិត្ត​ដល់​ក្រុម​មិន​ទទួល​បាន​ជ័យ​លាភី​ទាំង​អស់ត្រូវយកចិត្តទុកដាក់បន្តបង្កើនសមត្ថភាព ដោយបន្តហ្វឹកហាត់ ដើម្បីត្រៀម​ចូល​​រួម​ប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ នាពេលខាងមុខ។បើតាម​របាយ​ការណ៍លោក សេង ស្រេង ប្រធានការិយាល័យកីឡា បានឲ្យដឹងថា ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា ជើងឯករាជធានីភ្នំពេញបានដំណើរការប្រកួតរយៈពេល៧ថ្ងៃ ពីថ្ងៃទី០៨-១៤ ខែ​កុម្ភៈ ឆ្នាំ២០២៦ លើប្រភេទកីឡាចំនួន៥ ទាំងផ្នែកកុមារា និងកុមារី ដែល​មាន​ដូច​ជា​ប្រភេទ​កីឡា​បាល់​ទាត់ ១៤ក្រុម កីឡាបាល់ទះ១៨ក្រុម កីឡាបាល់បោះ ១៣ក្រុម អត្តពលកម្ម ១៥ក្រុម និង​ប្រភេទកីឡាវាយកូនឃ្លីលើតុ ៤ក្រុម សរុបប្រតិភូដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី ១០៣២​នាក់ (កុមារី ២៤២នាក់)។ គណៈកម្មការបច្ចេកទេសបានសម្រិតសម្រាំង​បាន​ម្ចាស់​ជ័យ​លាភី​​លើ​ប្រភេទកីឡាទាំង៥ និង​ទទួល​បាន​ពានរង្វាន់ មេដាយអមដោយថវិកាជ័យលាភីផងដែរ៕

ភ្នំពេញក្រោនបន្ថែមកីឡាករបរទេស ៣រូប ត្រៀមជួបព្រះខ័នរាជស្វាយរៀង ក្នុងពានកម្រិតទី៣ ទ្វីបអាស៊ី

2026/02/17 08:33:58 pm        224
ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានបន្ថែមកីឡាករបរទេស ៣រូប ខណៈ​ម្នាក់​ជា​អតីត​សមាជិក​ចាស់​របស់​ខ្លួន ដើម្បីត្រៀមជួបក្រុមព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៃ​ពាន​រង្វាន់​ក្លិប​បាល់​ទាត់​កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាដើមខែមីនា ឆ្នាំ​២០២៦ខាងមុខ។ក្នុង​ចំណោមសមាជិកថ្មីទាំង ៣រូប ដែលភ្នំពេញក្រោន ទើបប្រកាសកាលពីចុងសប្ដាហ៍កន្លងទៅ រួម​មាន​ខ្សែប្រយុទ្ធអ៊ុយក្រែន Valeriy Hryshyn ដែលកីឡាករវ័យ ៣១ឆ្នាំរូបនេះ ធ្លាប់​លេង​ឲ្យ​ក្រុម​សិង្ហ​ក្រហម​ម្ដងរួចមកហើយ កាលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ មុនចាកចេញ​ទៅ​លេង​ឲ្យក្លិ​ប​ ២ទៀត នៅបង់ក្លាដែស និងឥណ្ឌូនេស៊ី។ចំណែក ២រូបទៀត សុទ្ធតែមានប្រវត្តិមិនធម្មតា រួមមានខ្សែការពារសញ្ជាតិអ៊ីតាលី Pape Serigne ​និង​ខ្សែបម្រើសញ្ជាតិកាណាដា Diego Gutierrez ។ បច្ចុប្បន្ន Pape Serigne មានវ័យ ២៦ឆ្នាំ​ ដែលធ្លាប់លេងច្រើនតាមបណ្ដាក្លិបនៅអឺរ៉ុប ដូចជាអ៊ីតាលី ក្រូអាត លីទុយអានី និង​ឆេក​ជា​ដើម ​ខណៈមុនផ្ទេរមកភ្នំពេញក្រោន រូបគេ បានលេងឲ្យក្លិប Dordoi Bishkek ​នៃ​លីគ​កំពូល​កៀហ្ស៊ី​​ស៊ីស្ថាន​។រីឯកីឡាករ Diego Gutierrez វិញ ធ្លាប់មានបទពិសោធន៍លេងនៅលីគធំៗជាច្រើន ក្រោយវិវឌ្ឍន៍​ខ្លួន​ចេញ​ពី​ក្រុម​យុវជនក្លិប Palestino នៃលីគកំពូលឈីលី រូបគេបានលេងឲ្យក្រុមធំ ចន្លោះ​ឆ្នាំ​២០១៥ ​ដល់​ឆ្នាំ​២០១៩ ហើយបន្ដផ្លាស់ទៅលេងឲ្យក្លិប Valour FC នៃលីគកំពូលកាណាដា, ក្លិប AC Barnechea នៃលីគទី២ ឈីលី មុនផ្ទេរមកលេងឲ្យក្លិប Valour FC វិញ នៅឆ្នាំ២០២២ ខណៈ​ចុង​ក្រោយ​កីឡាករ​វ័យ ២៨ឆ្នាំរូបនេះ បានលេងឲ្យក្លិប Cavalry FC នៃលីគកំពូល​កាណាដា ​នៅ​ឆ្នាំ២០២៤ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៦។ការនាំចូលកីឡាករ​បរទេសថ្មីនេះ បានធ្វើឲ្យភ្នំពេញក្រោន មានកីឡាករបរទេស ១១រូប មិនបូក​បញ្ចូល​កីឡាករ​សញ្ជាតិខ្មែរ-កូឡុំប៊ី Andres Nieto ។ សម្រាប់កូតាកីឡាករបរទេស ៨រូបទៀត រួមមាន Park Yi-young, Rick Ketting, Raul Feher, Makerlo Tellez, Maksym Pryadun, Moses Dyer, Seo-In Kim និង Breno Caetano។ការពង្រឹង​ក្រុម​ជាមួយកីឡាករបរទេសដែលមានគុណភាពជាច្រើននេះ ច្បាស់ណាស់​ភ្នំពេញ​ក្រោន ​កំពុងមានមហិច្ឆតាខ្ពស់ ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFC Challenge League 2025/26 ពិសេសការត្រៀមជួបក្រុមរួមជាតិ ព្រះខ័នរាជស្វាយរៀង នៅក្នុងវគ្គ ៨ក្រុម​ចុង​ក្រោយ​ចំនួន​ ២ជើង នាថ្ងៃទី៥ និងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដែលធ្វើ​ឲ្យ​អ្នក​គាំទ្រ​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍ និងទន្ទឹងរង់ចាំការប្រកួតដ៏អស្ចារ្យនេះផងដែរ៕ អត្ថបទ លី ឈុនឡា 

យុវជនព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពានរង្វាន់ Svay Rieng Cup U15 រដូវកាលទី២

2026/02/17 06:42:15 pm        167
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់យុវជនអាយុក្រោម ១៥ឆ្នាំប្រចាំខេត្តស្វាយរៀង Svay Rieng Cup U15 រដូវកាលទី២ ឆ្នាំ២០២៥ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានបញ្ចប់ដោយជោគជ័យ ដោយក្រុមយុវជន U15 ព្រះខ័នរាជស្វាយរៀង បាន​គ្រង​ជើង​ឯក បន្ទាប់ពីយកឈ្នះក្រុមយុវជនគោព្រៃភូមិស្វាយធំ ដោយការទាត់បាល់ប៉េណាល់ទី កាត់សេចក្ដី។ជំនួបដ៏ស្វិតស្វាញ នៅកីឡដ្ឋានខេត្តស្វាយរៀង នេះ ត្រឹមរយៈពេល ៧នាទី កីឡាករ អាត ផល​វិសាល​ បានស៊ុតគ្រាប់នាំមុខឲ្យក្រុមយុវជនគោព្រៃភូមិស្វាយធំ ១គ្រាប់មុន រហូតដល់នាទី២២ ទើប​កីឡាករ ងួន វណ្ណរ៉ាឆីត វាយបកគ្រាប់តាមស្មើឲ្យក្រុមយុវជនព្រះខ័នរាជស្វាយរៀង ហើយ​លទ្ធផល​នេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ៨០នាទី និងឈានដល់​ការ​ទាត់​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី ដោយក្រុមយុវជន U15 ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម​យុវជ​ន​គោព្រៃ​ភូមិ​ស្វាយធំ ៥-៤ ដើម្បីក្លាយជាម្ចាស់ពានតែម្ដង។ក្រៅពីការឈ្នះពាន ក្រុមយុវជន U15 ព្រះខ័នរាជស្វាយរៀង ក៏ទទួលបាន​ពាន​រង្វាន់​ឯកត្ត​ជន​ចំនួន ​៣ ផ្សេងទៀតផងដែរ រួមមានពានរង្វាន់គ្រូបង្វឹកល្អជាងគេ បានទៅលោក ភោគ សីហា, ពាន​រង្វាន់អ្នកចាំទីល្អជាងគេ បានទៅកីឡាករ ធឿន ណាក់មុនី និងពានរង្វាន់​កីឡាករ​ស៊ុត​បញ្ជូល​ទី​ច្រើន​ជាង​គេបានទៅកីឡាករ ជៀវ ដេវីត។ ចំណែកក្រុមយុវជនគោព្រៃភូមិស្វាយធំ បាន​ទទួល​ចំណាត់​ថ្នាក់​លេខ២ តែថ្នាក់ដឹកនាំក្រុមថា នេះគឺជាជោគជ័យលើសពីការរំពឹងទុក។ដោយឡែក​ចំណាត់ថ្នាក់លេខ៣ បានទៅក្រុមយុវជនសាលាបឋមសិក្សាជ្រៃធំ បន្ទាប់ពីយក​ឈ្នះ​ក្រុ​​មយុវជនសាមគ្គី ដោយលទ្ធផល ២-០។ មិនតែប៉ុណ្ណោះ សាលាបឋមសិក្សាជ្រៃធំ ក៏បាន​ឈ្នះ​ពាន​រង្វាន់ Fair-Play ប្រចាំពានរង្វាន់ Svay Rieng Cup U15 រដូវកាលទី២ នេះផងដែរ៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជ វ៉ាភ្នំពេញក្រោន ៥ពិន្ទុ តែបើកផ្លូវឲ្យបឹងកេតឡើង Top-6 ក្រោយយកឈ្នះ កំពង់ដេវ៉ា ចុងម៉ោង

2026/02/16 10:52:39 pm        378
ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម  អឹមអូអាយ កំពង់ដេវ៉ា ដោយលទ្ធផល ២-១ នៅចុងម៉ោង ដើម្បីបង្កើតគម្លាតនាំមុខ ៥ពិន្ទុ លើក្រុមភ្នំពេញក្រោន ដែលឈរលេខ២ បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះអង្គរថាយហ្គឺរ  ក្នុងសប្ដាហ៍ទី២១ នៃលីគកំពូលកម្ពុជា ហើយបើកផ្លូវឲ្យក្រុមបឹងកេត ធានាកៅអី ៦ក្រុមកំពូលតារាង(Top-6) ជាផ្លូវការ ទោះបីចាញ់ម្ចាស់ផ្ទះណាហ្គាវើលដ៏ ២-០ កាលពីចុងសប្ដាហ៍កន្លងទៅក្ដី។សម្រាប់ជំនួបដ៏តានតឹងនៅកីឡដ្ឋានវិសាខា កីឡាករ Shields Connor Jon បានរកគ្រាប់នាំមុខឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី១៨ មុនកីឡាករ សាន បូរ៉ា វាយបកគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះ អឹមអូអាយ កំពង់ដេវ៉ា នៅនាទី២៥ ហើយលទ្ធផលនេះ បានរក្សាដល់ចុងម៉ោង ក្រោយមានការវាយសម្រុកគ្នាទៅមក ទើបមានគ្រាប់បាល់កើតឡើងជាថ្មី ពីការស៊ុតរបស់ខ្សែការពារ Odawara Takashi នៅនាទី៨៧ ជួយឲ្យព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះតែម្ដង។ចំណែកក្រុមភ្នំពេញក្រោន ដែលធ្លាប់ឈ្នះក្នុងដី ៣-០ កាលពីជើងទី១ បានចាញ់អង្គរថាយហ្គឺរ ដោយលទ្ធផល ៤-៣ គួរភ្ញាក់ផ្អើល នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតូ។ ជំនួបដ៏តានតឹងនេះ ត្រឹមរយៈពេល ១១នាទី ភ្នំពេញក្រោន បាននាំមុខក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន ដោយកីឡាករ Dyer Moses និង Maksym Priadun តែស្ទើរមិនគួរឲ្យជឿ ដែលអង្គរថាហ្គឺរ បានវាយបក ៤គ្រាប់វិញជាបន្ដបន្ទាប់ ដោយកីឡាករ Kurita ២គ្រាប់ នៅនាទី២៦ និងនាទី៤៩, កីឡាករ Jasuoka Takuto នៅនាទី៣៣ និង Mijland នៅនាទី៤៥+៧ ។ បន្ទាប់ពីមកភ្នំពេញក្រោន ដែលព្យាយាមវាយសម្រុកយ៉ាងខ្លាំង រកបានត្រឹម ១គ្រាប់តាមពីក្រោយទៀតប៉ុណ្ណោះ ដោយ Maksym នៅនាទី៦៨ ហើយលទ្ធផលក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយអង្គរថាយហ្គឺរ បានយកឈ្នះភ្នំពេញក្រោន ៤-៣។ជាមួយលទ្ធផលផ្ទុយគ្នារវាងបេក្ខភាពប្រជែងជើងឯកលំដាប់កំពូលតារាងទាំងពីរ នាំព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាងមាន ៤៨ពិន្ទុ គ្រាដែលភ្នំពេញក្រោន បន្ដឈរលេខ២ មាន ៤៣ពិន្ទុ ហើយក្រុមទាំងពីរ នៅសល់ ១ប្រកួតទៀត សម្រាប់ជុំទី២ ដោយប្រកួតចុងក្រោយរបស់ភ្នំពេញក្រោន នឹងត្រូវធ្វើការងារធ្ងន់ ទល់នឹងក្រុមវិសាខា ដែលត្រូវការជ័យជម្នះ ដើម្បីរក្សាតំណែង Top-6 ខណៈព្រះខ័នរាជស្វាយរៀង ត្រូវជួបគិរីវង់សុខសែនជ័យ មុនបន្ដការប្រកួតនៅដំណាក់កាលទី២ ចំនួន ២ជុំទៀត។ដោយឡែកក្រុមបឹងកេត បានចាញ់ម្ចាស់ផ្ទះណាហ្គាវើលដ៏ ២-០ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ២គ្រាប់ ដែលជួយឲ្យក្រុមលោក ឃឹម បូរី ធានាកៅអី Top-6 នេះ ធ្វើសម្រេចដោយកីឡាករ Lucas Venuto នៅនាទីទី១០ និង Weyderson នៅនាទី៧៤ ។ ការបរាជ័យនេះ នាំឲ្យបឹងកេត ត្រូវចាំអ៊ុតលទ្ធផលប្រកួតគូប្រជែង Top-6 របស់ក្រុម អឹមអូអាយ កំពង់ដេវ៉ា ទល់នឹងព្រះខ័នរាជស្វាយរៀង ដ្បិតខ្លួនបានអស់ការប្រកួតក្នុងជុំទី២ គ្រាដែល អឹមអូអាយ កំពង់ដេវ៉ា សល់ ២ប្រកួត តែក្ដីបារម្ភ បានរសាយទៅវិញ បន្ទាប់ពី អឹមអូអាយ កំពង់ដេវ៉ា បានរងបរាជ័យ កាលពីថ្ងៃអាទិត្យ។ដូច្នេះសម្រាប់កៅអី Top-6 មកទល់ពេលនេះ បានរកឃើញបេក្ខភាព ៥ក្រុមផ្លូវការ ក្រៅពីព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលឈរលេខ១ និងលេខ២ គឺមានអង្គរថាយហ្គឺរ ឈរលេខ៣ មាន ៣៣ពិន្ទុ, ណាហ្គាវើលដ៏ ឈរលេខ៤ មាន ៣២ពិន្ទុ ស្មើគ្នានឹងក្រុមបឹងកេត ដែលឈរលេខ៥ ខណៈវិសាខា ឈរលេខ៦ មាន ២៩ពិន្ទុ នាំមុខ ២ពិន្ទុ លើក្រុម អឹមអូអាយ កំពង់ដេវ៉ា ក្រុមទាំងពីរ ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយ ដើម្បីកាត់សេចក្ដីបេក្ខភាព Top-6 ចុងក្រោយ ដោយ អឹមអូអាយ កំពង់ដេវ៉ា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ នាចុងសប្ដាហ៍នេះ៕ អត្ថបទ លី ឈុនឡា

ក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ ជើងឯកថ្នាក់ជាតិ​កីឡា​លើក​ទម្ងន់​ឆ្នាំ​២០២៥

2026/02/13 10:52:53 pm        460
ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ ពីថ្ងៃទី១០-១២ ខែកុម្ភៈ ឆ្នាំ២០២៦ ការប្រកួតកីឡាលើកទម្ងន់ ជ្រើស​រើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ ខណៈ​ក្រសួង​ការ​ពារ​ជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោម​សមាគម​ក្លឹប​ចូល​រួម​ទាំង​៩។ ក្រោយ​បញ្ចប់​ការ​ប្រកួត​កាល​ពីម្សិលមិញ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ជា​លទ្ធផលបច្ចេកទេស ក្រសួងការពារជាតិ ឈរនៅលេខ១ ដណ្តើមបានមេដាយសរុប៧គ្រឿង (មាស៤ ប្រាក់២ និងសំរឹទ្ធ១) ក្រសួងមហាផ្ទៃ លេខ២ មេដាយសរុប ៤គ្រឿង (មាស១ ប្រាក់២ និង​សំរឹទ្ធ១) ខណៈខេត្តកណ្តាល លេខ៣ និងខេត្តបាត់ដំបង លេខ៤ ទទួលបានមេដាយមាស១ និង​ប្រាក់​១គ្រឿងដូចគ្នា។ថ្លែងក្នុងឱកាសបិទការរប្រកួតសរើសជើងឯកថ្នាក់ជាតិ លោក ឈុំ វាសនា អនុប្រធាន និងជាអគ្គ​លេខា​ធិការ​សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាតំណាងឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជាបានលើកឡើងថា សហព័ន្ធពិតជាមានសេចក្តីរីករាយ ដោយបានរៀបចំ​ការ​ប្រកួត​ជើង​ឯក កីឡាលើកទម្ងន់នេះ ដែលជាការបង្ហាញឱ្យឃើញ​ពី​ការ​ទទួល​ស្គាល់​ចំពោះ​សមត្ថភាព​ និងបទពិសោធន៍។ សហព័ន្ធបានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភជាថវិកាផ្ទាល់ក្នុងផែនការប្រចាំឆ្នាំ២០២៥ ការ​ជួយ​ជ្រោមជ្រែងផ្នែកបច្ចេកទេសហ្វឹកហាត់ ប្រកួត ស្មារតី ផ្នែកច្បាប់ បញ្ញត្តិ និង​បទ​ដ្ឋាន​បច្ចេក​ទេស​ពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង​សហព័ន្ធ​កីឡា​លើក​ទម្ងន់ពិភពលោក និងអាស៊ី និងការគាំទ្រផ្នែក​ថវិកា​សម្ភារ​មួយ​ចំនួន​ពី​ក្រុម​ហ៊ុន​ដៃ​គូ​ឧបត្ថម្ភ​គាំទ្រ។បន្ថែមពីលើនេះ តំណាងប្រធានសហព័ន្ធរូបនេះសង្កត់ធ្ងន់ថា ដើម្បីឱ្យដំណើរ​ការ​ប្រព្រឹត្ត​ទៅ​ល្អ​ប្រសើរ ​និងសម្រេចបានតាមផែនការអភិវឌ្ឍរបស់សហព័ន្ធកីឡាលើកទម្ងន់ឆ្នាំ២០២៦-២០២៩ នៃ​ផែនការអភិវឌ្ឍអនុវិស័យអប់រំនិងកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធ​ស្នើ​សុំ​ប្រតិភូ​តំណាង​ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ជួយបណ្តុះបណ្តាល និង​គាំទ្រ​ដល់​មន្ត្រី បុគ្គលិក សិស្សានុសិស្ស ដែលស្រឡាញ់ចូលចិត្តចូលរួមបានច្រើន និងហ្វឹកហាត់​ជា​ប្រចាំ​ ហើយបើអាចចូលរួមធ្វើសំយោគ (Assessment Test) រយៈពេល៣ខែ ម្តង​របស់​សហព័ន្ធ ​ដើម្បីបង្កើនបច្ចេកទេស និងវាស់ស្ទង់សមត្ថភាព ព្រមទាំងបន្តគាំទ្រចូលរួមលើកកម្ពស់ ចែក​រំលែក និងជ្រើសរើសអ្នកជំនាញមកបណ្តុះបណ្តាលការងារបច្ចេកទេស និងគ្រូបង្វឹក អត្ត​ពលិក ដើម្បីចូលរួមបានច្រើនបន្ថែមទៀត៕

ព្រះខ័នរាជស្វាយរៀង បន្ដឈ្នះបាត់ដំបង ១២-១ ឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ-ថ្នាក់ជាតិ

2026/02/12 11:10:39 pm        200
ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមបាត់ដំបងយូណាយធីត យ៉ាងចាស់ដៃ ក្នុងជំនួបកាត់សេចក្ដីវគ្គ ១៦ក្រុមចុងក្រោយ ដោយលទ្ធផល ១២-១ ដើម្បីឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦។ជំនួបជើងទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃពុធកន្លងទៅ ក៏មិនខុសកាលពីប្រកួតនៅទឹកដីបាត់ដំបងដែរ ដោយព្រះខ័នរាជស្វាយរៀង បានផ្ដោតកីឡាករមិនសូវមាននាទីលេងក្នុងលីគ ក៏ដូចជាកីឡាករយុវជនជាច្រើន ហើយប្រើកីឡាករបរទេសម្នាក់ប៉ុណ្ណោះ គឺ Tiago Alves ។ក្រោយចាប់ផ្ដើមបាន ៣នាទី ខ្សែប្រយុទ្ធចំណូលថ្មី Tiago Alves ក៏រកបាន ១គ្រាប់ មុនមិត្តរួមក្រុមរកបាន ១១គ្រាប់ជាបន្ដបន្ទាប់ ពិសេសកីឡាករ ណរ៉ុង កក្កដា ដែលរកបាន ៥គ្រាប់ម្នាក់ឯង, កីឡាករ សុវណ្ណ ដូណា រកបាន ៤គ្រាប់ម្នាក់ឯង គ្រាដែល ២គ្រាប់ទៀត ធ្វើបានដោយកីឡាករ សឿត បារាំង និង ប្រាក់ មុន្នីឧត្តម។ តែយ៉ាងណាក្រុមឡើងមកពីថ្នាក់ខេត្តបាត់ដំបងយូណាយធីត ក៏រកបាន ១គ្រាប់ផងដែរ ដោយកីឡាករ តាំង ពិសី។សរុបលទ្ធផលទាំង ២ជើង ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះបាត់ដំបងយូណាយធីត ១៧-៣ ដែលនាំឲ្យក្រុមជើងឯករងឆ្នាំចាស់ ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ដោយត្រូវជួបក្រុមគិរីវង់សុខសែនជ័យ ក្នុងជើងទី១ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា

ពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន

2026/02/12 10:54:21 pm        192
ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ T.Y Media Academy រដូវកាលទី៤ ឆ្នាំ២០២៦ បានត្រឡប់មកវិញហើយ ដោយកំពុងដំណើរការប្រកួតជម្រុះ ដើម្បីស្វែងរកក្រុមខ្លាំងៗឡើងទៅវគ្គ Knock-Out ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ នៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media Esports Center។យោងតាមតំណាងក្រុមហ៊ុន T.Y Media ដែលជាអ្នកផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះ បានឲ្យដឹងថា រដូវកាលថ្មីនេះ មានក្រុមចូលរួមប្រកួតរហូតដល់ ៤៧៧នាក់ ពោលគឺមានការកើនឡើងជិត ១៣០ក្រុម បើធៀបកាលពីរដូវកាលមុន ។ នេះគឺជាសញ្ញាណមួយដ៏ល្អ សម្រាប់ភាពរីកចម្រើននៃវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ហើយក៏ជាឱកាសសម្រាប់ការចម្រាញ់ធនធានកីឡាករជំនាន់ថ្មី សម្រាប់បន្ដវេនក្នុងវិស័យកីឡាទំនើបមួយនេះផងដែរ។ប្រភពដដែលបន្ដថា ពីមួយលើកទៅមួយលើក ពាននេះ មិនត្រឹមមានកំណើនក្រុមចូលរួមច្រើនគួរឲ្យកត់សម្គាល់នោះទេ សូម្បីក្រុម និងកីឡាករចូលរួម ក៏សុទ្ធតែមានសមត្ថភាព និងបច្ចេកទេសល្អមិនធម្មតាដែរ ដែលស្របទៅនឹងគោលបំណងចង់បានរបស់គណៈកម្មការរៀបចំ ក្នុងការផ្ដល់ឱកាសដល់ក្រុមកីឡាអេឡិចត្រូនិកកម្រិតស្ម័គ្រចិត្ត និងយុវជនបានចូលរួមបង្ហាញសមត្ថភាព និងទេពកោសល្យ ហើយក៏សង្ឃឹមថា ក្រុមធំៗ នឹងសម្លឹងឃើញកីឡាករមានសមត្ថភាពជ្រើសរើសពួកគេចូលរួមក្រុមលេងក្របខណ្ឌលីគកំពូល MPL ផងដែរ។គួរដឹងថា ពានរង្វាន់ T.Y Media Academy រដូវកាលទី៤ គ្រោងនឹងធ្វើការប្រកួតជម្រុះពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកុម្ភៈខាងមុខ ដើម្បីចម្រាញ់ក្រុមខ្លាំងៗឡើងទៅវគ្គ Knock-Out រហូតដល់វគ្គ Grand-Final ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ កាលពីរដូវកាលមុន ព្រឹត្តិការណ៍ថ្នាក់ជាតិ ដែលទទួលបានកិច្ចសហការ និងមានការគាំទ្រពេញទំហឹងពីសហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជានេះ គ្រងជើងឯកដោយ Team TND បន្ទាប់ពីយកឈ្នះក្រុម WING E-Sport នៅវគ្គផ្ដាច់ព្រ័ត្រ ។ ដូច្នេះចាំមើលតើរដូវកាលថ្មីនេះ ក្រុមនឹងក្លាយជាម្ចាស់ពាន ក្នុងចំណោមបេក្ខភាពទាំង ៤៧៧ក្រុម? អត្ថបទ លី ឈុនឡា

ភ្នំពេញក្រោន ចាត់ទុកការហាត់នៅជប៉ុន ជាឱកាសរៀនសូត្រដ៏ល្អសម្រាប់អាជីពបាល់ទាត់

2026/02/11 07:03:49 pm        204
សមាជិកក្រុមបាល់ទាត់នារីភ្នំពេញក្រោន ៦រូប ដែលមានគ្រូបង្វឹក ២រូប និងកីឡាការិនី ២រូប បាន​នឹង​ចូលរួមហ្វឹកហាត់ជាមួយក្លិប Asahi Intecc Loveledge Nagoya នារដ្ឋធានីណាហ្គាយ៉ា ប្រទេស​ជប៉ុន ខណៈអ្នកគ្រូ ម៉ៅ សាវីន បានចាត់ទុកនេះ គឺជាឱកាសដ៏ល្អក្នុងការរៀនសូត្រ និង​ពង្រឹង​អាជីព​បាល់ទាត់របស់ខ្លួន។អ្នកគ្រូ ម៉ៅ សាវីន បានឲ្យដឹងថា ការហ្វឹកហាត់នេះ មានរយៈពេល ១សប្ដាហ៍ ក្រោម​កិច្ច​សហការ​រវាង​ក្លិប​ភ្នំពេញក្រោន និងក្លិប Asahi Intecc Loveledge Nagoya ។ អ្នកគ្រូ និងកូនក្រុម​សង្ឃឹម​​ថា ការហ្វឹកហាត់នេះ នឹងទទួលបានបទពិសោធន៍ថ្មីៗ ដ្បិតវិស័យបាល់ទាត់នារីនៅជប៉ុន មាន​ការ​អភិវឌ្ឍ និងរីកចម្រើន ។ ដូច្នេះក្រៅពីការហ្វឹកហាត់ ក៏ជា​ពេល​វេលា​ដ៏​ល្អ​សម្រាប់​រៀន​សូត្រ​ពី​របៀប​របបរបស់ក្លិបនៅជប៉ុន ដើម្បីអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត។គ្រូបង្វឹក​ទើបដឹកនាំក្រុមគ្រងជើងឯកលីគនារីកម្ពុជា ២រដូវកាលជាប់គ្នារូបនេះបន្ដថា នេះជាឆ្នាំ២ ហើយ ដែលខ្លួនបានចូលរួមសកម្មភាពជាមួយក្លិប Asahi Intecc Loveledge Nagoya បន្ទាប់​ពី​ការ​ចូលរួមលើកដំបូង ក្នុងសិក្ខាសាលា ស្ដីពីការរៀបចំផែនការនៃការគ្រប់ក្រងក្លិប ដែល​មាន​ទាំង​យុវជន ​និងក្រុមធំ សម្រាប់ចូលរួមការប្រកួតរៀងរាល់ឆ្នាំ ហើយក៏កំពុងធ្វើបានល្អផងដែរ។ ទាំង​អស់​នេះ សុទ្ធតែជាបទពិសោធន៍ ដែលគ្រូបង្វឹក និងកីឡាការិនីកម្ពុជា ត្រូវរៀនសូត្រផងដែរ។ទន្ទឹម​ជាមួយគ្នាដែរ ក្នុងនាមគ្រូបង្វឹក កញ្ញា ម៉ៅ សាវីន ក៏បានថ្លែង​អំណរគុណ​ថ្នាក់​ដឹក​នាំ​ក្លិប​ភ្នំពេញ​ក្រោន ដែលតែងផ្ដល់ឱកាសដល់ក្រុមការងារ ក៏ដូចជាកីឡាការិនី ដើម្បីទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗក្នុងអាជីពបាល់ទាត់របស់ខ្លួន ហើយក៏បានអរគុណក្រុមហ៊ុន Gimo Recycle ដែ​ល​បាន​សហការ និងគាំទ្រជួយអភិវឌ្ឍន៍វិស័យបាល់ទាត់នារីនៅកម្ពុជាផងដែរ៕ អត្ថបទ លី ឈុន​ឡា

ពានរង្វាន់ Svay Rieng Cup U15 លើកទី២ ឈានដល់វគ្គផ្ដាច់ព្រ័ត្រ នាចុងសប្ដាហ៍នេះ

2026/02/11 06:51:12 pm        245
ក្រោយដំណើរការប្រកួតជាង ៤ខែ ពានរង្វាន់យុវជនអាយុក្រោម ១៥ឆ្នាំប្រចាំខេត្តស្វាយរៀង (Svay Rieng Cup U15) លើកទី២ ឆ្នាំ២០២៥ នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ រវាងក្រុមយុវជន U15 ព្រះខ័នរាជស្វាយរៀង និង​ក្រុម​គោព្រៃ​ភូមិ​ស្វាយ​ធំ។មុនឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ ក្រុមយុវជនទាំងពីរ សុទ្ធតែធ្វើបានល្អរៀងៗខ្លួន ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈប្រកួត​ចុង​ក្រោយ​ក្រុមយុ​វជន​ U15 ​ព្រះខ័ន​រាជ​ស្វាយ​រៀង​ បានយកឈ្នះក្រុមសាលាបឋមសិក្សាជ្រៃធំ ៦-០ ខណៈក្រុមយុវជន​គោព្រៃ​ភូមិ​ស្វាយ​ធំ បានយកឈ្នះក្រុមយុវជនសាមគ្គី ២-១។ក្រុមទាំងពីរ នឹងត្រូវជួបគ្នានៅកីឡដ្ឋានខេត្តស្វាយរៀង ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ​BTV ។ ប៉ុន្ដែមុនឈានដល់គូដណ្ដើមជើងឯកនេះ ក៏នឹងមានការប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​៣ រវាងក្រុមយុវជនសាមគ្គី និងក្រុមសាលាបឋមសិក្សាជ្រៃធំ នៅរសៀល​ថ្ងៃ​ជា​មួយ​គ្នា​ផង​ដែរ។គួរដឹងថា ពានរង្វាន់យុវជនអាយុក្រោម ១៥ឆ្នាំប្រចាំខេត្តស្វាយរៀង លើកទី២ នេះ បានចាប់​ផ្ដើម​ការ​ប្រកួតតាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ដោយមានបេក្ខភាព ១៥ក្រុមចូលរួម។ ព្រឹត្តិ​ការណ៍​នេះ ​ផ្ដួចផ្ដើមរៀបចំដោយឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត​ស្វាយរៀង និងជាប្រធានក្លិបព្រះខ័នរាជស្វាយរៀង ដើម្បីបំផុសសកម្មភាពបាល់ទាត់ និង​ផ្ដល់​ឱកាស​ដល់យុវជនតាមបណ្ដាក្រុង-ស្រុកបានចូលរួមប្រកួតប្រជែង ក៏ដូចជាបង្ហាញសមត្ថភាព ដើម្បី​លើក​កម្ពស់សុខភាពផង និងរួមចំណែកអភិវឌ្ឍវិស័យបាល់ទាត់ជាតិផង។ចំពោះ​ប្រាក់រង្វាន់លើកទឹកចិត្តក្រុមទទួលបានជ័យាលភីឆ្នាំនេះ សម្រាប់ក្រុមជើងឯក នឹង​ទទួល​បាន​ពានមេដាយមាស អមប្រាក់រង្វាន់ ៨លានរៀល, លេខ២ ទទួលបានមេដាយប្រាក់ អម​ប្រាក់​រង្វាន់​ ៤លានរៀល, លេខ៣ ទទួលបានមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ២លានរៀល និងលេខ៤ ទទួលបានប្រាក់រង្វាន់ ១លានរៀលផងដែរ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM