ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង
កីឡាករម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ ត្រៀមផ្ដល់ការភ្ញាក់ផ្អើលជាថ្មី ក្នុងព្រឹត្តិការណ៍អន្ដរជាតិ នៅម៉ាឡេស៊ី
កម្ពុជា បន្ដជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងប្រកួតទី២ នៃពានបាល់ទាត់អាស៊ាន រាត្រីនេះ
កម្ពុជា និងវៀតណាម ត្រូវបានចារក្នុងប្រវត្តិសាស្ដ្រពាន SEA V.Cup 2026

ព័ត៌មានកីឡា

កម្ពុជាសម្រេចកាត់បន្ថយកីឡា ៨ប្រភេទ ដើម្បីធានាចូលរួមផង និងសុវត្ថិភាពខ្ពស់ផង ក្នុងស៊ីហ្គេម នៅថៃ

2025/11/27 06:49:59 pm        120
គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រសួងអប់រំ យុវជន និងកីឡា បាន​ចេញ​សេចក្តី​ជូន​ដំណឹង ស្តីពីបច្ចុប្បន្នភាពនៃការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅ​ប្រទេសថៃ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូខាងមុខ បន្ទាប់ពីកម្ពុជា សម្រេច​កាត់បន្ថយកីឡា ៨ប្រភេទ ដើម្បីធានាការចូលរួមផង និងសុវត្ថិភាព​ខ្ពស់​ដល់​ប្រតិភូ​កីឡា​របស់​ខ្លួន​ផង។យោងតាមសេចក្ដីជូនដំណឹងរួមនេះ បានបញ្ជាក់ថា ដោយសារ​ការ​គិតគូរ​ខ្ពស់​ពី​សុវត្ថិភា​ព​កីឡាករ​-​កីឡាការិនី ជាអាទិភាពចម្បងបំផុត និងធានា​បាន​ការ​ចូលរួម​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ ថ្នាក់ដឹកនាំគណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ពិសេស​ទទួល​បាន​អនុសសាន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល បានសម្រេចជាចុងក្រោយ កាត់​បន្ថយហានិភ័យជាអតិប្បរមា ដោយរៀបចំកាត់បន្ថយចំនួនប្រភេទកីឡា ដែលប្រកួត​នៅ​ខេត្ត​សុងខ្លា ​តំបន់ទឹកជំនន់ចេញ និងកីឡាមួយចំនួនទៀត។ បច្ចុប្បន្នប្រតិភូកីឡាកម្ពុជាសរុបមានចំនួនតែ ១៥០នាក់ ក្នុង ១៣ប្រភេទកីឡាតែប៉ុណ្ណោះ។ប្រភព​ដដែលសង្កត់ធ្ងន់ថា នេះជាស្មារតីបុរេសកម្ម និងការសម្រេចចិត្តដ៏លំបាករបស់ថ្នាក់ដឹកនាំ ដើម្បី​ធានាឲ្យមានការចូលរួមផង និងធានាសុវត្ថិភាពខ្ពង់ដល់ប្រតិភូកីឡាកម្ពុជាផង ហើយ​សង្ឃឹម​ថា បងប្អូនជនរួមជាតិយោគយល់ អធ្យាស្រ័យខ្ពង់ចំពោះការសម្រេចចិត្តដ៏លំបាកនេះ។ចំពោះ​ប្រភេទកីឡា ត្រូវបានដកចេញ រួមមាន៖ បាល់ទាត់(បុរស និង នារី), យូដូ, ការ៉ាតេ, បញ្ចសីលា, ប៉េតង់, ចំបាប់, វូស៊ូ និង សីដក់ ហើយកីឡា ដែលកម្ពុជារក្សាបញ្ជូនទៅចូលរួម គឺមាន ១៣​ប្រភេទកីឡា រួមមានកីឡាហែលទឹក, អត្តពលកម្ម, គុនដាវ, បាល់ទះ, កាយសម្ព័ន, ជឺជីតស៊ូ, កីឡាអេឡិចត្រូនិក, ឃីកបុកស៊ី, តេក្វាន់ដូ WT, ជិះសេះ, ម៉ូតូទឹក, ទ្រីយ៉ាត្លុង និង​ទាត់​បាល់​លើតុ​៕ អត្ថបទ លី ឈុនឡា

Rally ពិភពលោកឈានដល់ប្រទេសចុងក្រោយអារ៉ាប៊ីសាអ៊ូឌីត ខណៈអ្នកប្រជែងជើង​ឯក​ខុសគ្នា​តែបីពិន្ទុ

2025/11/27 06:30:10 pm        132
ព្រឹត្តិការណ៍ប្រណាំងរថយន្ត Rally ពិភពលោករដូវកាលនេះ នឹងឈាន​ដល់​ប្រទេស​ចុង​ក្រោយ​សប្តាហ៍​នេះ​នៅទឹកដីអារ៉ាប៊ីសាអ៊ូឌីត ខណៈអ្នកប្រជែងជើងឯកពីររូប Elfyn Evans និង Sebastien Ogier មានគម្លាតពីគ្នាត្រឹមបីពិន្ទុ។កីឡាករវែល Elfyn Evans បានឈរលើគេក្នុងតារាងជើងឯកពិភពលោកអស់រយៈពេលស្ទើពេញមួយរដូវកាលមកហើយ ទើបតែត្រូវកីឡាករបារាំង Sebastien Ogier ឆក់យកការនាំមុខវិញក្រោយឈ្នះបីក្នុងចំណោមបួនប្រទេសចុងក្រោយ ខណៈដែល Elfyn Evans តែងតែបញ្ចប់នៅលេខពីរពីក្រោយ Ogier។កីឡាករវ័យ ៣៦ ឆ្នាំវែល Elfyn Evans តែងតែជាជើងឯករងបួនរដូវកាលមកហើយក្នុងចំណោមប្រាំរដូវកាលចុងក្រោយនៃតារាងជើងឯកពិភពលោក តែមិនទាន់ស្គាល់ពាក្យថាជើងឯកនៅឡើយ ស្របពេលដែលកីឡាករបារាំង Sebastien Ogier កំពុងស្ថិតក្នុងដំណើរដណ្តើមយកជើងឯកពិភពលោកលើកទី ៩ និងជាលើកដំបូងតាំងពីឆ្នាំ ២០២១។មិនមែនមានតែកីឡាករពីររូបខាងលើកត្រូវប្រជែងគ្នានោះទេនៅប្រទេសចុងក្រោយនេះ កីឡាករហ្វាំងឡង់ Kalle Rovanpera ក៏មានឱកាសស្តួចស្តើងដែរដើម្បីគ្រងជើងឯក តែលុះត្រាតែ Evans និង Ogier សុទ្ធតែមិនអាចបញ្ចប់ការប្រកួតបាន។ សូមបញ្ជាក់ថា Rally នៅទឹកដីអារ៉ាប៊ីសាអ៊ូឌីតទើបតែមានវត្តមានប៉ុណ្ណោះក្នុងកាលវិភាគ WRC៕ អត្ថបទ៖នាង សុភាវុធ

កម្ពុជាឈ្នះមេដាយ ២គ្រឿង នៃការប្រកួតកីឡាសិស្សអាស៊ាន នៅប្រ៊ុយណេ

2025/11/27 05:57:35 pm        136
កម្ពុជាបានទទួលមេដាយ ២គ្រឿង រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ១ ដោយ​ក្រុម​កីឡា​បញ្ច​ស៊ីឡាត់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សអាស៊ីអាគ្នេយ៍ លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេស​ប្រ៊ុយណេ ​ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២០ ហើយគ្រោងបញ្ចប់នាថ្ងៃទី២៩ ខែវិច្ឆិកាចុង​សប្ដាហ៍​នេះ​។អត្តពលិកដែលរកបានមេដាយជូនជាតិ កាលពីល្ងាចពុធកន្លងទៅ រួមមានកីឡាករ រ៉ៃយ៉ុង នួនមុន្នីរាជ ទទួលបានមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសាបុរសទម្ងន់ក្រោម ៥១គីឡូក្រាម ក្រោយ​ចាញ់​ម្ចាស់ក្បាច់គុនឥណ្ឌូនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ គ្រាដែលមេដាយសំរឹទ្ធ រក​បាន​ដោយ​កីឡាករ ភុក ដានីញ៉ែល បន្ទាប់ពីចាញ់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោមថ្វី​ដៃ​កីឡាករ​ឥណ្ឌូនេ​ស៊ី​ដូចគ្នា។សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាសិស្សក្របខណ្ឌតំបន់អាស៊ាននេះ មានប្រតិភូកីឡាប្រមាណ ១,០៥៥នាក់ មកពី ១០ប្រទេសចូលរួម ខណៈកម្ពុជាក៏បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី​សិស្សចំនួន ២៨នាក់ ចូលរួមការប្រកួតនេះផងដែរ៕ អត្ថបទ លី ឈុនឡា

សម្ដេចពញាចក្រី ហេង សំរិន អញ្ជើញបើកការប្រកួតជើងឯកវឌ្ឍនៈលេជេនស៍ ឆ្នាំ២០២៥ ផ្លូវការ ដែលប្រមូលផ្ដុំដោយកីឡាករល្បីៗពិភពលោក

2025/11/19 06:56:20 pm        264
ការប្រកួត​កីឡាវាយកូនគោលជើងឯកវឌ្ឍនៈលេជេនស៍ (Vattanac Legends Championship) ឆ្នាំ២០២៥ បានប្រារព្ធពិធីបើកការប្រកួតផ្លូវការហើយ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​នេះ ដោយទទួល​បាន​ការ​ផ្ដល់​កិត្តិយស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ហេង សំរិន ប្រធានកិត្តិយស នៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​។នៅលើទីលានស្ដង់ដារអន្ដរជាតិ Vattanac Golf Resort ​ដែល​ប្រជុំ​ដោយ​កីឡាករ​ល្បីៗលើ​ពិភព​លោក​នេះ ​ក៏មានវត្តមានឥស្សរជន និងថ្នាក់ដឹកនាំកំពូលៗ សម្តេចក្រឡាហោម ស ខេង សមាជិក​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា, ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, អ្នកឧកញ៉ា សំ អាង សហស្ថាបនិក​ក្រុម​ហ៊ុន ​វឌ្ឍនៈ គ្រុប ព្រមទាំងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូកីឡាករ The Legends Tour ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនផងដែរ។ឆ្លៀតឱកាសនោះដែរ អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកវឌ្ឍនៈគ្រុប បាន​សម្ដែង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ចំពោះការផ្ដល់កិត្តិយសអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំ និងកីឡាករល្បីៗ​មក​ពី​ជុំវិញ​ពិភព​លោក សម្រាប់ការចូលរួមប្រកួតពានរង្វាន់ Vattanac Legends Championship​ របស់​ ​The Legends Tour ដែលរៀបចំជាលើកដំបូងនៅទីលានវាយកូនគោល វឌ្ឍនៈ ហ្គោល រីហ្សត​ នៃប្រទេសកម្ពុជា។ទន្ទឹមជា​មួយការនាំយកព្រឹត្តិការណ៍ពិភពលោកមកកម្ពុជានេះដែរ អ្នកឧកញ៉ា បានសម្ដែង​ការ​ដឹង​គុណ ​ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលជា​ឥស្សរជន​ដ៏​កំពូលរបស់ជាតិ បានយកជីវិតជាដើមទុន និងបានលះបង់​ពេល​វេលា​ស្ទើរ​ពេញ​មួយ​ជីវិត​ដើម្បី​បុព្វហេតុ “សន្តិភាព និងការអភិវឌ្ឍ” របស់កម្ពុជា ហើយត្រូវបា​ន​បន្ដ​ដឹកនាំ​ប្រកប​ដោយ​ភាព​ស្វាហាប់ ទន់ភ្លន់ ម៉ឺងម៉ាត់ និងប្រាកដនិយមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ដ្រីនៃកម្ពុជា។ តាមរយៈសន្តិភាព និងការអភិវឌ្ឍនេះហើយ ទើបព្រឹតិ្តការណ៍​ប្រកួត​កីឡា​វាយ​កូនគោលកម្រិតពិភពលោកដ៏ល្បីល្បាញរបស់ The Legends Tour អាចត្រូវ​បាន​រៀបចំ​ឡើង និងប្រព្រឹត្តទៅយ៉ាងរលូន។អ្នកឧកញ៉ាសង្កត់ធ្ងន់ថា នេះជាការបោះជំហានជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កម្ពុជា លើឆាក​អន្តរជាតិ ដោយបង្ហាញទៅកាន់ពិភពលោកឱ្យឃើញកាន់តែច្បាស់នូវភាពរីកចំរើនជឿនលឿន និង​ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជាក្រោមម្លប់នៃសន្តិភាពនាសម័យតេជោ-ធិបតី ដែល​កម្ពុជា​មាន​សមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលរៀបចំកម្មវិធីប្រកួតកីឡាកម្រិតអន្តរជាតិ ហើយអាច​ធ្វើបដិសណ្ឋារកិច្ច​ស្វាគមន៍​ភ្ញៀវទេ​សចរ​មក​ពី​គ្រប់​ទិស​ទី​បាន​ប្រក​ប​ដោយ​ជំនាញ​វិជ្ជា​ជីវៈ​ និងភាពកក់ក្តៅបំផុត។ទន្ទឹមជាមួយគ្នា អតីតកីឡាករដ៏ល្បីរបស់នូវែលសេឡង់ លោក Michael Campbell​ ដែល​ជា​កីឡាករ​ដំបូង​ឈ្នះពាន Major Championship 2005 មុនបន្ដឈ្នះពាន US Open Championship ​បន្ទាប់ពីផ្ដួលតារាវាយកូនគោលពិភពលោក Tiger Woods បានសម្ដែង​ក្ដី​រីក​រាយ និងភ្ញាក់ផ្អើល ចំពោះការរៀបចំ និងទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជា ពិសេសលោក​ពិត​ជា​សប្បាយ​រីករាយ និងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចទៅកាន់ប្រាសាទអង្គរវត្ត ដែលលោក​បាន​ស្គាល់​តាំង​ពីក្មេងផងដែរ។អ្នកឧកញ៉ា ឈុន លាង បានបង្ហាញសុទិដ្ឋិនិយម ចំពោះកា​រ​ប្រមូលផ្ដុំ​ដោ​យ​កីឡាករ​ល្បីៗ​លំដាប់​ពិភព​លោក​នេះ នឹងទទួលបាននូវអារម្មណ៍ និងបទពិសោធន៍ថ្មីប្លែក ជាមួយនឹងបរិយាកាស​ប្រកួត​ដ៏​មនោរម្យបំផុត នៅលើទីលានស្តង់ដារអន្តរជាតិក្រាលដោយវាលស្មៅពណ៌បៃតងដ៏ស្រស់ស្អាត ដែល​រចនាឡើងដោយម្ចាស់ជើងឯក Major ៦សម័យកាល Sir Nick Faldo ​លាយ​ឡំ​ដោយ​ដើម​ឈើ​ធំៗ និង​រុក្ខជាតិប្លែកៗដ៏ស្រស់បំព្រង និងលំអរទៅដោ​យ​រូបច​ម្លាក់​បេតិកភណ្ឌ​វប្បធ​ម៌​ខ្មែរ​ជា​ច្រើន ​រួមទាំងប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ចម្លាក់ព្រហ្ម និងលានជល់ដំរី ជាដើម ដែល​សុទ្ធ​សឹង​ជា​សំណង់សិល្បៈហត្ថកម្មដ៏វិចិត្ររបស់កម្ពុជា ធ្វើឱ្យព្រឹតិ្តការណ៍​ប្រកួត​នេះ​កាន់​តែ​មាន​លក្ខណៈ​ពិសេសទាក់ទាញ និងបង្កប់នូវអត្ថន័យកាន់តែជ្រាលជ្រៅ ដែលអាចប្រសិទ្ធនាមបានថា ជា “ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាពអន្តរជាតិ ដើម្បីលើកកម្ពស់​សន្តិភាព និង​ការ​អភិវឌ្ឍ​, លើកស្ទួយវិស័យទេសចរណ៍, បណ្តុះស្មារតីកីឡា, រឹតចំណងសាមគ្គីភាព និងជំរុញ​កិច្ច​សហ​ប្រតិបត្តិការជាសកល សំដៅលើកកម្ពស់សុខដុមភាព និងវិបុលភាពទាំងក្នុងតំបន់ និង​សកលលោក” ។សម្រាប់ថ្ងៃដំបូង នៃពិធីបើកការប្រកួតពានរង្វាន់ Vattanac Legends Championship ​ឆ្នាំ២០២៥ ​នេះ ក៏មានការប្រកួត Pro-Am Tournament  រវាងឥស្សរជនជាន់ខ្ពស់ និង​ថ្នាក់​ដឹក​នាំ​កម្ពុជា​ជាច្រើន ប្រកួតជាមួយកីឡាករអាជីពអន្ដរជាតិផងដែរ។គួរដងឹថា ក្រោយពិធីបើក និងការប្រកួតលក្ខណៈទទួលស្វាគមន៍បណ្ដាប្រតិភូ និងកីឡាករ​អន្ដរជាតិ ​ពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា កីឡាករវាយកូនគោលអាជីពល្បីៗប្រមាណ ៦០នាក់ ដែល​សុទ្ធសឹងជាជើងឯកពានរង្វាន់អន្តរជាតិធំៗ រួមទាំងប្រធានក្រុម Ryder Cup ម្ចាស់​ជើង​ឯក ​Major និងឥស្សរជនអន្តរជាតិល្បីៗជាច្រើន នឹងធ្វើការប្រកួតដណ្ដើមពានរង្វាន់ Vattanac Legends Championship ឆ្នាំ២០២៥​ ចាប់ពីថ្ងៃ​ទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ ដើម្បី​ឈានទៅរកម្ចាស់ជ័យលាភី អមប្រាក់រង្វាន់សរុបចំនួន ៥៥ម៉ឺនដុល្លារ៕ អត្ថបទ៖ លី ឈុនឡា

ពិធីរត់ប្រណាំងឆ្លងកាត់ឧបសគ្គ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ នារដូវកាលបៃតង នៅក្រុងកោះរ៉ុង

2025/10/30 05:44:29 pm        244
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ កម្មវិធីបើក និងការរត់ប្រណាំងឆ្លងកាត់ឧបសគ្គ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍នារដូវកាលបៃតង បានប្រព្រឹត្តឡើងនៅក្រុងកោះរ៉ុង ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីលោក អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជីវករវិស័យទេសចរណ៍កោះរ៉ុង ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករចូលរួមក្នុងការរត់ប្រណាំង។ជាមួយគ្នានេះដែរក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍នារដូវកាលបៃតងនេះ បានប្រព្រឹត្តិទៅយ៉ាងរលូន រួមជាមួយនឹងទិដ្ឋភាពដ៏រីករាយ ទាំងភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមលេង និងអ្នកដែលបានទៅកម្សាន្តនៅទីនោះផងដែរ។

នាវិកកងទ័ពជើងទឹកកម្ពុជា និងអូស្រ្តាលី លេងកីឡារួមគ្នា ដើម្បីបង្កើនមិត្តភាពស្និទស្នាលជាមួយគ្នាបន្ថែម ទៀត

2025/10/11 09:24:42 pm        356
នៅមូលដ្ឋានសមុទ្ររាម នាវិកកងទ័ពជើងទឹកកម្ពុជា និងនាវិកនៃនាវា HMAS Ballarat-FFH155 (Anzac Class FFH) កងទ័ពជើងទឹកអូស្ត្រាលីនាព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធីប្រកួតកីឡាបាល់ទះ កីឡាទាញព្រ័ត ជាលក្ខណៈមិត្តភាព ដើម្បីបង្កើនភាពស្និទ្ធស្នាលគ្នាបន្ថែមទៀត ហើយជាមួយគ្នានោះកងនាវិកនៃប្រទេសទាំងពីរក៏បានធ្វើសិក្ខាសាលាដោយគ្មានការត្រៀមទុកទាក់ទងនឹងដែនសមុទ្រ CUES ផងដែរ។សូមបញ្ជាក់ថា នាវាកងទ័ពជើងទឹកអូស្ត្រាលី HMAS Ballarat -FFH155 (Anzac Class FFH) បានធ្វើដំណើរមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ បង្កើនទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ (កម្ពុជា-អូស្ត្រាលី) ឱ្យកាន់តែល្អប្រសើរទ្វេឡើងថែមទៀត៕

កម្ពុជាទទួលបានការអញ្ជើញជាពិសេស ចូលរួមកិច្ចប្រជុំនាយបេសកកម្មត្រៀមកីឡាអាស៊ី លើកទី២០ នៅជប៉ុន

2025/09/25 10:29:43 pm        288
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវបានអញ្ជើញជាពិសេសពីគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ី របស់ម្ចាស់ផ្ទះជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំនាយបេសកកម្មសម្រាប់ត្រៀមចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅទីក្រុង Aichi និងទីក្រុង Nagoya ប្រទេសជប៉ុន ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។ឯកឧត្ដម ញ៉ាន សុខវិសាល ប្រតិភូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនាយបេសកកម្មនេះ កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោម ៥ប្រទេសផ្សេងទៀត ដែលទទួលបានការអញ្ជើញជាពិសេសពីម្ចាស់ផ្ទះជប៉ុន ក្នុងការឡើងលើវេទិកាចំពោះមុខប្រតិភូនាយបេសកកម្មបណ្ដាប្រទេសជាច្រើនទៀត ដោយសារកម្ពុជា គឺជាប្រទេសមួយ ដែលត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាកម្រិតទ្វីប នាពេលខាងមុខ គឺការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ខាងមុខ។ចំពោះដំណើរការកិច្ចប្រជុំ បានប្រព្រឹត្តទៅដូចសព្វដង នៃការប្រកួតកីឡាអាស៊ីលើកមុនៗ គឺជាការជួបជុំនាយបេសកកម្មមកពី ៤៥ប្រទេសក្នុងទ្វីបអាស៊ី ដែលជាសមាជិក ដើម្បីស្ដាប់នូវរបាយការណ៍វឌ្ឍនភាពការងារត្រៀមរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាសអាស៊ី លើកទី២០ ឆ្នាំ២០២៦ របស់ម្ចាស់ផ្ទះជប៉ុន ក៏ដូចជាការត្រួតពិនិត្យទីលានប្រកួតតាមប្រភេទកីឡានីមួយៗ កន្លែងស្នាក់នៅ-ហូបចុករបស់អត្តពលិក និងទីតាំងត្រៀមប្រារព្ធពិធីបើក-បិទការប្រកួតជាដើម។ដូច្នេះតាមរយៈកិច្ចប្រជុំដ៏សំខាន់នេះ ក្រៅពីទទួលបាននូវព័ត៌មានសម្រាប់ការត្រៀមខ្លួនចូលរួមប្រកួត ក៏ជាកិត្តិយសមួយសម្រាប់កម្ពុជា ក្នុងការអញ្ជើញឡើងលើឆាក ដើម្បីបង្ហាញ ក៏ដូចជាផ្សព្វផ្សាយពីការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ នៅរាជធានីភ្នំពេញផងដែរ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

មុនជួប Nam Dinh គ្រូព្រះខ័នរាជថា នឹងល្អមើល ដោយសារក្រុមទាំងពីរ មានកីឡាករល្អៗដូចគ្នា

2025/09/25 10:23:07 pm        364
ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងបន្ដជួបក្រុមម្ចាស់ផ្ទះ Nam Dinh របស់វៀតណាម នាវេលាម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅកីឡដ្ឋាន Thien Truong ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦។ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Mattew Mcconkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយក្រុមខ្លាំងរបស់វៀតណាម ដោយលោករំពឹងនឹងក្លាយជាការប្រកួតដ៏ល្អមើល ដ្បិតក្រុមទាំងពីរ សុទ្ធតែមានកីឡាករល្អៗដូចគ្នា។លោកបន្ដថា រវាងការលេងពានអន្ដរជាតិ និងពានក្នុងស្រុក គឺមានភាពខុសគ្នាសម្រាប់ក្រុម Nam Dinh ដែលមានការផ្លាស់ប្ដូរកីឡាករមួយចំនួន ហើយកីឡាករវៀតណាមទៀតសោត ក៏មានកម្រិតល្អ មើលទៅខ្លាំង និងមានចលនាលឿន ជាក់ស្ដែងប៉ុន្មានប្រកួតចុងក្រោយ ពួកគេពិតជាធ្វើបានល្អ ដោយកាយសម្បទាកីឡាករដ៏ល្អរបស់ពួកគេ ហើយអ្វីដែលត្រូវប្រុងប្រយ័ត្នក្នុងការប្រកួត គឺបាល់ Set-Piece ។យ៉ាងណាមិញផ្អែកលើបទពិសោធន៍លេងពានរង្វាន់អន្ដរជាតិកន្លងមក ទោះបីកូនក្រុមខ្លះ មានកាយសម្បទាមិនសូវល្អ តែលោកជឿជាក់លើការខំប្រឹង និងការព្យាយាមគ្រប់យ៉ាង សម្រាប់ការប្រកួតដ៏សំខាន់ទល់នឹងក្រុម Nam Dinh  នៅរាត្រីថ្ងៃព្រហស្បត្ដិ៍នេះ ។ បន្ថែមលើនេះ លោកក៏បានកោតសរសើរកូនក្រុមរបស់ខ្លួន ដែលបានខំប្រឹង និងធ្វើបានល្អនាប៉ុន្មានប្រកួតចុងក្រោយ ពិសេសកីឡាករចំនួន Kwame និង Patrick តែម្ដង។ទន្ទឹមជាមួយគ្នាកីឡាករ មិន រតនៈ បានលើកឡើងថា ក្រុមបានត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតជាមួយក្រុម Nam Dinh ។ រតនៈ ទទួលស្គាល់ក្រុមរបស់វៀតណាមនីមួយៗ សុទ្ធតែមានគុណភាពល្អ តែគោលដៅរបស់ព្រះខ័នរាជស្វាយរៀង គឺយកឈ្នះពួកគេ ដើម្បីទទួលបាន ៣ពិន្ទុត្រឡប់ទៅផ្ទះវិញ ។ ដូច្នេះរូបគេជឿជាក់លើក្រុមទាំងមូល នឹងអាចធ្វើបានល្អក្នុងការប្រកួតដ៏សំខាន់នេះ តាមការរៀបចំរបស់គ្រូបង្វឹក ដោយមិនផ្ដោតអ្វីផ្សេងនោះទេ។ដោយឡែកទៅចាប់អារម្មណ៍សម្ដីគ្រូបង្វឹកក្រុមម្ចាស់ផ្ទះ Nam Dinh លោក Vu Hong Viet វិញ បានគូសបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង គឺជាក្រុមដ៏ល្អមួយ ដែលមានកីឡាករបរទេសមានគុណភាពជាច្រើន ពិសេសខ្សែប្រយុទ្ធ។ ដូច្នេះច្បាស់ណាស់វាមិនមែនជាការប្រកួតងាយស្រួលឡើយ។ យ៉ាងណាមិញក្រុមបានត្រៀមខ្លួនជាស្រេច ដើម្បីសម្រេចគោលដៅដណ្ដើមយក ៣ពិន្ទុពីការប្រកួតបើកឆាកជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់លើទឹកដីរបស់ខ្លួននេះ។គួរដឹងថា នេះគឺជាការប្រកួតទី២ ក្នុងពូលB នៃយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់ពីប្រកួតទី១ បានយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា ៣-០ កាលពីចុងខែសីហាកន្លងទៅ។ បន្ទាប់ពីជួបក្រុម Nam Dinh របស់វៀតណាម នាថ្ងៃទី២៥ ខែកញ្ញា ក្រុមជើងឯកលីគកំពូលកម្ពុជា នឹងត្រូវទទួលធ្វើម្ចាស់ផ្ទះ ២ប្រកួតជាប់គ្នា ដោយត្រូវជួបក្រុមជើងឯកលីគកំពូលម៉ាឡេស៊ី Johor Darul Ta’zim FC នាថ្ងៃទី៤ ខែធ្នូ និងជួបក្រុមថៃ Bangkok United នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មុនជំនួបបញ្ចប់ពូលB ជាមួយក្រុមម្ចាស់ផ្ទះ Lion City Sailors FC របស់សិង្ហបុរី នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

កម្ពុជាបានត្រឹមជើងឯករង នៃការប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៥

2025/09/25 10:16:34 pm        261
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា មិនអាចការពារតំណែងជើងឯក ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៥ បានឡើយ ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ២ ឬជើងឯករង លើវិញ្ញាសា Mobile Legends Bang Bang កាលពីថ្មីៗកន្លងទៅ។សម្រាប់យុទ្ធនាការនេះ កម្ពុជាបានឈរលេខ២ ក្នុងវគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ពីយកឈ្នះក្រុមវៀតណាម ១-០, ចាញ់ម្ចាស់ផ្ទះចិន ០-១, ឈ្នះឡាវ ១-០ និងឈ្នះហ្វីលីពីន ១-០ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវជួបក្រុមកីឡាអេឡិចត្រូនិកមីយ៉ាន់ម៉ា។ជាលទ្ធផលការប្រកួតវគ្គចាញ់ធ្លាក់នេះ កម្ពុជា បានយកឈ្នះមីយ៉ាន់ម៉ា ២-០ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជួបម្ចាស់ផ្ទះចិន សាជាថ្មី ប៉ុន្ដែសោកស្ដាយការប្រកួតកាត់សេចក្ដីនេះ កម្ពុជា នៅតែមិនអាចយកឈ្នះក្រុមចិន ដោយរងបរាជ័យក្នុងលទ្ធផល ២-០ ដែលនាំឲ្យក្រុមកីឡាអេឡិចត្រូនិកកម្ពុជា បានត្រឹមមេដាយប្រាក់ ខណៈចិន បានមេដាយមាស ។គួរដឹងថា នេះគឺជាលើកទី២ ហើយ ដែលកម្ពុជាត្រូវបានអញ្ជើញចូលរួមការប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន បន្ទាប់ពីចូលរួមប្រកួតលើកទី១ កាលពីឆ្នាំ២០២៤ កម្ពុជា បានឈ្នះជើងឯក លើវិញ្ញាសា Mobile Legends Bang Bang។ រីឯការប្រកួតវិញ្ញាសា Valorant វិញ ក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលប៉ុណ្ណោះ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

កម្ពុជា យកឈ្នះម៉ាកាវ ១១-២ ក្នុងវគ្គជម្រុះជើងឯក Futsal អាស៊ី ឆ្នាំ២០២៦ មុនត្រឡប់មកផ្ទះវិញ

2025/09/25 10:09:36 pm        101
ក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិក្នុងសាលម៉ាកាវ ដោយលទ្ធផល ១១-២ ក្នុងជំនួបបញ្ចប់កិច្ច នៃវគ្គជម្រុះជើងឯកបាល់ទាត់ក្នុងសាលទ្វីបអាស៊ី AFC Futsal Asian Cup 2026 ពូលC នៅប្រទេសតាជីគីស្ថាន កាលពីរាត្រីថ្ងៃទី២៤ ខែកញ្ញា។នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមជម្រើសជាតិ Futsal កម្ពុជា បន្ទាប់ពីឆ្លងកាត់ ៣ប្រកួត ដោយប្រកួតដំបូង បានចាញ់ក្រុមខ្លាំងជប៉ុន ៥-០ កាលពីថ្ងៃទី២០-កញ្ញា និងប្រកួតបន្ទាប់ចាញ់ក្រុមម្ចាស់ផ្ទះតាជីគីស្ថាន ៧-១ កាលពីដើមសប្ដាហ៍កន្លងទៅ។ជាមួយលទ្ធផលនេះ បានធ្វើឲ្យក្រុមជម្រើសជាតិក្នុងសាលកម្ពុជា អត់ឱកាសឡើងវគ្គបន្ដ ដោយបានត្រឹមឈរលេខ៣ ក្នុងពូល ជាមួយការរកបាន ៣ពិន្ទុពីការយកឈ្នះក្រុមបាតតារាងម៉ាកាវ ។ រីឯជប៉ុន បានឈរកំពូលតារាង ទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រ ជាមួយក្រុមតាជីគីស្ថាន ដែលទទួលបានតំណែងក្រុមលេខ២ ល្អជាងគេ ក្នុងចំណោម ៧ក្រុម ដែលត្រូវធ្វើដំណើរទៅប្រជែងពាន AFC Futsal Asian Cup 2026  នៅទីក្រុងហ្សាកាតា ទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ ព្រមានអ៊ីស្រាអែលអំពីផលវិបាកធ្ងន់ធ្ងរប្រសិនបើបន្តការប្រយុទ្ធ
07/27/2026 12:07 PM
រ៉ូម៉ានី បាញ់ទម្លាក់យានដ្រូនរុស្ស៊ីលើកទីបី ខណៈប្រធានាធិបតីហៅការបំពាននេះថាមិនអាចអត់ឱនបាន
07/27/2026 12:07 PM
រុស្ស៊ីអះអាងពីការគ្រប់គ្រងភូមិថ្មីមួយខណៈអ៊ុយក្រែនរាយការណ៍ថាបានវាយប្រហាររោងចក្រថាមពលរុស្ស៊ី
07/27/2026 12:07 PM
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
07/27/2026 12:07 PM
មេដឹកនាំកំពូលអ៊ីរ៉ង់៖ បូរណភាពទឹកដីរបស់លីបង់គឺជាលក្ខខណ្ឌសំខាន់ដើម្បីបញ្ចប់សង្គ្រាម
07/27/2026 11:07 AM
អ៊ីរ៉ង់ទទូចលើការបង់ថ្លៃសេវាក្នុងកិច្ចពិភាក្សាដឹកនាំដោយប្រទេសអូម៉ង់ស្តីពីច្រកសមុទ្រ Hormuz
07/27/2026 11:07 AM
ការដឹកជញ្ជូនតាមសមុទ្រក្រហមថយចុះក្រោយការវាយប្រហាររបស់ក្រុមហ៊ូទីលើប្រទេសអារ៉ាប៊ីសាអ៊ូឌីត
07/27/2026 11:07 AM
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង
07/27/2026 11:07 AM
ប្រធានាធិបតី៖ ស៊ីរី កំពុងស្វែងរកកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសអ៊ីស្រាអែល
07/27/2026 11:07 AM
ព្យុះទីហ្វុង ណូល (Noul) បានវាយប្រហារប្រទេសចិនភាគខាងត្បូងឆក់យកជីវិតមនុស្ស ១០ នាក់
07/27/2026 11:07 AM