Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង

ព័ត៌មានកីឡា

ព្រះខ័នរាជ បន្ដគ្រងជើងឯកលីគកំពូលកម្ពុជា មុនបិទរដូវកាលជាថ្មី ខណៈលោក Pep ថាពិតជាស័ក្ដិសម

2025/05/01 04:22:02 pm        278
ទីបំផុតក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ជាផ្លូវការហើយ ក្រោយយកឈ្នះណាហ្គាវើលដ៏ ដោយលទ្ធផល ២-១ នៅរាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ។ជំនួបសប្ដាហ៍ទី៣១ ដែលលើកកាលបរិច្ឆេទការប្រកួតមកពីថ្ងៃទី១០ ខែឧសភា នៅកីឡដ្ឋានខេត្តស្វាយរៀងនេះ វគ្គទី១ ក្រុមម្ចាស់ផ្ទះ បានរកគ្រាប់បាល់នាំមុខ ១គ្រាប់មុន ដោយកីឡាករ Cristian Dos Santos នៅនាទី១៦ មុនណាហ្គាវើលដ៏ ក៏វាយបកតាមស្មើវិញ នៅដើមវគ្គទី២ ដែលស៊ុតបញ្ចប់ទីរបស់កីឡាករ Hugo Kametaniនៅនាទី៥០ ។ បន្ទាប់មកក្រុមទាំងពីរ ក៏បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង រហូតដល់ចុងម៉ោង ទើបកីឡាករ Takashi Odawara រកបានគ្រាប់ទី២ នៅនាទី៩០+៧ ដែលជាគ្រាប់បាល់ជ័យជម្នះ និងជាគ្រាប់ជួយឲ្យព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ជាផ្លូវការផងដែរ ។ក្រោយចប់ការប្រកួតលោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានថ្លែងដោយមោទនភាព ចំពោះការលះបង់ និងខំប្រឹងរបស់ក្រុមទាំងមូល ហើយថា ពិតជាស័ក្ដិសមដែលក្រុមបានក្លាយជាជើងឯក ។ បន្ទាប់ពីអបអរសាទរការឈ្នះពាននេះ លោកនឹងត្រៀមផែនការសម្រាប់ពាន ២ ទៀត គឺវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន។ គួរដឹងថា ក្រោយទទួលបាន ៣ពិន្ទុបន្ថែមពីក្រុមភ្ញៀវណាហ្គាវើលដ៏ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង កើនពិន្ទុដល់ ៧៣ពិន្ទុ និងសល់ ២ប្រកួតក្នុងដៃ ហើយនាំមុខក្រុមភ្នំពេញក្រោន ដែលឈរលេខ២ និងសល់ ៣ប្រកួតក្នុងដៃ ចំនួន ១០ពិន្ទុ ។ ផ្អែកលើលទ្ធផលនេះ នាំឲ្យក្រុមការពារតំណែងជើងឯក ដោយស្វ័យប្រវត្តិ ដូចកាលពីរដូវកាលមុន ដោយសល់ ២ប្រកួតមុនបញ្ចប់រដូវកាលដូចគ្នា៕

Novak Djokovic ដកខ្លួនចេញពីព្រឹត្តិការណ៍វាយកូនបាល់ Rome Masters នៅអ៊ីតាលី

2025/04/30 10:20:24 pm        210
ជើងឯក ៦ លើកនៅកម្មវិធី Rome Masters កីឡាករស៊ែប Novak Djokovic បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតឆ្នាំនេះហើយ ក្នុងគោលបំណងត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ Grand Slam, French Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៥ ខែឧសភា។         Djokovic ដែលកំពុងស្វែងរកជើងឯកទី ១០០ នៅក្របខណ្ឌ ATP Tour នឹងអវត្តមានពីការប្រកួត Italian Open រឺ Rome Masters នេះជាលើកដំបូងតាំងពីបង្ហាញខ្លួនលើកទីមួយនៅឆ្នាំ ២០០៧។          អតីតកីឡាករលេខមួយពិភពលោករូបនេះ ទើបរងបរាជ័យគួរឱ្យភ្ញាក់ផ្អើលធ្លាក់ត្រឹមជុំទីពីរ Madrid Open ក្រោយចាញ់កីឡាករអ៊ីតាលី Matteo Arnaldi។          កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ ក៏បានលើកឡើងក្រោយចាញ់ការប្រកួតនោះដែរថា Madrid Open ឆ្នាំនេះប្រហែលជាការចូលរួមចុងក្រោយរបស់ខ្លួន។          ម្ចាស់ជ័យលាភី Grand Slam ២៤ លើករូបនេះ មិនទាន់ឈ្នះជើងឯកណាមួយឡើយតាំងពីឈ្នះជើងឯក ATP Finals នៅចុងឆ្នាំ ២០២៣ ជាឆ្នាំដែលរូបគេឈ្នះជើងឯក Grand Slam បីក្នុងចំណោម Grand Slam បួនប្រចាំឆ្នាំ។          បច្ចុប្បន្នឈរលេខ ៥ ពិភពលោក Novak Djokovic កំពុងកាន់កំណត់ត្រាឈ្នះច្រើនប្រកួតបំផុតនៅក្របខណ្ឌ ATP Masters 1000 ដោយឈ្នះសរុប ៤១៤ ប្រកួត ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៧៩ លើក វគ្គផ្តាច់ព្រ័ត្រ ៦០ លើក ឈ្នះជើងឯក ៤០ លើក៕អត្ថបទ៖នាង សុភាវុធ

ព្រះខ័នរាជស្វាយរៀង នឹងគ្រងជើងឯកលីគកំពូលកម្ពុជាល្ងាចនេះ បើបន្ដឈ្នះណាហ្គាវើលដ៏

2025/04/30 10:10:11 pm        193
ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវការត្រឹម ៣ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតនៅសល់ ពិសេសប្រសិនបើពួកគេ បន្ដយកឈ្នះក្រុមណាហ្គាវើលដ៏ នៅល្ងាចថ្ងៃទី៣០ ខែមេសានេះ ព្រះខ័នរាជស្វាយរៀង នឹងក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២០២៥ ជាផ្លូវការតែម្ដង។ សម្រាប់ជំនួបរវាងក្រុមទាំងពីរល្ងាចនេះ នឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង ដែលជាការប្រកួតសប្ដាហ៍ទី៣១ នៃលីគកំពូលកម្ពុជា បន្ទាប់ពីណាហ្គាវើលដ៏ បានសម្រេចលើកការប្រកួតនេះ តាមសំណើររបស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលជាន់គ្នានឹងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 ដើម្បីសម្រួលដល់ក្លិបតំណាងកម្ពុជា បានត្រៀមលក្ខណៈប្រកួតប្រជែងជាមួយក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។ ជុំវិញជំនួបលើកទី៤ ដែលជាការជួបគ្នាលើកចុងក្រោយក្នុងលីគរដូវកាលនេះដែរ ពិតជាសំខាន់សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង ដ្បិតប្រសិនបើទទួលបានជ័យជម្នះ ពួកគេនឹងក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ជាផ្លូវការ តែប្រសិនបើស្មើ ឬចាញ់វិញ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ នឹងត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតនៅសល់ ព្រោះបច្ចុប្បន្នពួកគេ កំពុងមានប្រៀបលើក្រុមឈរលេខ២ ភ្នំពញក្រោន ៧ពិន្ទុនៅឡើយ ស្របពេលក្រុមនីមួយៗ នៅសល់ ៣ប្រកួតស្មើគ្នាក្នុងដៃ។ ក្រឡេកទៅមើលប្រវត្តិជួបគ្នាក្នុងលីគរដូវកាលនេះវិញ ណាហ្គាវើលដ៏ មិនធ្លាប់ឈ្នះ ឬស្មើឡើយ សូម្បីឱកាសស៊ុតបញ្ចូលទីក្រុមរបស់លោក Pep Munoz ក៏គ្មានដែរ ដោយជួបគ្នា ៣លើក ព្រះខ័នរាជស្វាយរៀង ឈ្នះទាំងអស់ ក្នុងនោះជើងទី១ និងជើងទី២ នៃដំណាក់កាលទី១ ពួកគេបានយកឈ្នះក្នុងលទ្ធផល ២-០ ដូចគ្នា គ្រាដែលជំនួបជើងទី១ ក្នុងដំណាក់កាលទី២ ឬវគ្គ Top-6 ព្រះខ័នរាជស្វាយរៀង បានយកឈ្នះរហូតដល់ ៤-០ ។ ដូច្នេះចាំមើលល្ងាចនេះ តើព្រះខ័នរាជស្វាយរៀង អាចរក្សាកំណត់ត្រាឈ្នះ ដើម្បីគ្រងជើងឯកលីគកំពូលកម្ពុជា ជាលើកទី៤ បានដែលឬទេ?អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

Hansi Flick៖ ឈ្នះជើងឯក Copa del Rey ធ្វើឱ្យ Barcelona មានកម្លាំងចិត្តមុនជួប Inter Milan យប់នេះ

2025/04/30 10:00:12 pm        156
Barcelona បានយកឈ្នះគូប្រជែងក្នុងស្រុក Real Madrid កាលពីចុងសប្តាហ៍កន្លងទៅដើម្បីគ្រងជើងឯក Copa del Rey ដែលនេះគឺជាកត្តាជំរុញកម្លាំងចិត្តបន្ថែមមុនការប្រកួតរាត្រីនេះទល់នឹង Inter Milan ជើងឯកទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League នេះជាការលើកឡើងរបស់អ្នកចាត់ការ Barcelona លោក Hansi Flick។          ក្រុមរបស់លោក Hansi Flick បានបំពេញជោគជ័យបេសកម្មមួយនៃការចង់ឈ្នះពានបីក្នុងមួយរដូវកាលតាមរយៈជើងឯក Copa del Rey កាលពីថ្ងៃសៅរ៍ ហើយកិច្ចការបន្ទាប់គឺ Champions League ខណៈដែលនៅ La Liga, Barcelona ក៏កំពុងនាំមុខគេផងដែរ។          អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះបានបន្តថា កិច្ចការបន្ទាប់គឺផ្តោតអារម្មណ៍សម្រាប់ការប្រកួតរាត្រីនេះ ហើយច្បាស់ណាថាក្រុមរបស់លោកកំពុងមានជំនឿចិត្ត តែក៏មិនអាចភ្លេចខ្លួនដែរ។ កីឡាកររបស់ Inter Milan មួយចំនួនមានវ័យដែលអាចនិយាយបានថាមានមុខចុងក្រោយនៅការប្រកួតនេះ ដូច្នេះពួកគេនឹងលេងអស់ ១០០% ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ។          លោក Hansi Flick បានបញ្ជាក់ថា អ្នកចាំទីប៉ូឡូញ Wojcieck Szczesny នឹងនៅតែជាជម្រើសដំបូងដដែលសម្រាប់រាត្រីនេះ ទោះបីជាអ្នកចាំទីដៃទីមួយ Marc-Andre ter Stegen ជាពីរបួសក៏ដោយ។          ចំណែកឯ Inter Milan ការប៉ុនប៉ងចង់ឈ្នះពានបីក្នុងមួយរដូវកាលបានបញ្ចប់កាលពីចុងសប្តាហ៍កន្លងទៅក្រោយចាញ់ AC Milan វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia បូករួមទាំងចាញ់ពីរប្រកួតជាប់គ្នា ធ្វើឱ្យ Napoli ឡើងនាំមុខបីពិន្ទុវិញនៅ Serie A ថែមទៀត។          រម្លឹកថា Barcelona និង Inter Milan មានប្រវត្តិជួបគ្នា ១១ លើក Barcelona ឈ្នះ ៦ Inter Milan ឈ្នះ ២ និងស្មើគ្នា ៣។ ជួបគ្នាចុងក្រោយបំផុតវគ្គវិលជុំក្នុងពូល UCL រដូវកាល ២០២២-២៣ ជើងទីមួយ Inter Milan ឈ្នះ ១-០ នៅទឹកដីអ៊ីតាលី ខណៈជើងទីពីរទឹកដីអេស្ប៉ាញស្មើគ្នា ៣-៣៕អត្ថបទ៖នាង សុភាវុធ

Al-Ahli ឈ្នះ Al-Hilal ៣-១ ឡើងវគ្គផ្តាច់ព្រ័ត្រ AFC Champions League

2025/04/30 09:51:56 pm        156
ក្រុមបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីតពីរជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League Elite ដោយ Al-Ahli បានយកឈ្នះក្រុមជើងឯកបួនសម័យ Al-Hilal ឡើងវគ្គផ្តាច់ព្រ័ត្រ។          គ្រាប់បាល់បញ្ចូលទីដំបូងកើតឡើងនៅនាទីទី ៩ ដោយអតីតខ្សែប្រយុទ្ធ Liverpool, Roberto Firmino ហើយខ្សែប្រយុទ្ធអង់គ្លេស Ivan Toney បន្ថែមការនាំមុខ ២-០ នៅនាទីទី ២៧ ឱ្យ Al-Ahli មុនពេលដែល Salem Al Dawsari តបបានមួយគ្រាប់វិញឱ្យ Al-Hilal។         Kalidou Koulibaly ក្រោយមកក៏ទទួលបានកាតលឿងទីពីរបណ្តេញចេញពីការប្រកួតនៅពេលសល់ ៣០ នាទីទៀតចប់ការប្រកួត ធ្វើឱ្យ Al-Hilal សល់គ្នាត្រឹម ១០ នាក់។          Al-Ahli ក៏មានឱកាសស៊ុតបាល់ពិន័យ ១១ ម៉ែត្រនៅចុងម៉ោងតែ Franck Kessie ថ្វើមិនបានសម្រេច សង្គ្រោះបានដោយអ្នកចាំទី Al-Hilal មុនពេលដែល Feras Al Brikan ស៊ុតធានាជ័យជំនះឱ្យ Al-Ahli យកឈ្នះ Al-Hilal ៣-១។          Al-Ahli មិនដែលឈ្នះជើងឯកក្លិបកំពូលអាស៊ីនេះឡើយ តែធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រពីរលើកចាញ់ទាំងពីរនៅឆ្នាំ ១៩៨៦ និង ២០១២ ខណៈឆ្នាំ ២០២៥ នេះពួកគេត្រូវរង់ចាំជួប Al-Nassr រឺ Kawasaki Frontale ដែលជួបគ្នាយប់នេះ។ ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ត្រូវបានរៀបចំឡើងក្នុងទឹកដីអារ៉ាប៊ីសាអ៊ូឌីតតែមួយជាលើកដំបូងក្រោយការកែប្រែរូបមន្តប្រកួតឆ្នាំនេះ។          មកដល់វគ្គនេះ ក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតដល់ទៅបីឡើងមកដល់វគ្គបួនក្រុមចុងក្រោយ ខណៈក្រុមជប៉ុននៅសល់មួយ៕អត្ថបទ៖នាង សុភាវុធ

Arsenal ចាញ់ PSG ១-០ ជើងទីមួយក្នុងទឹកដីរបស់ខ្លួន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League

2025/04/30 05:48:23 pm        141
បន្ទាប់ពីទម្លាក់ក្រុមការពារជើងឯក Real Madrid សរុបទាំងពីរជើង ៥-១ ដែលធ្វើឱ្យ Arsenal មានទឹកចិត្តនោះ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងក្រុមបារាំង Paris Saint Germain ពួកគេទទួលបានរសជាតិថ្មី។          Ousmane Dembele ជាអ្នកស៊ុតគ្រាប់ជ័យជំនះឱ្យ PSG តាំងពីនាទីទី ៤ និងគ្មានគ្រាប់បាល់ណាកើតឡើងទៀតឡើយរហូតដល់ចប់ការប្រកួត។          ដូចការលើកឡើងរបស់ប្រធានក្រុម Arseanl, Declan Rice មុនការប្រកួតថា បើពួកយើងមិនអាចគ្រប់គ្រងបាល់បានច្រើន ពួកយើងនឹងស្លាប់។          មិនខុសពីការលើកឡើង ក្រុមរបស់លោក Luis Enrique បានធ្វើឱ្យ ១១ នាក់របស់ Arsenal បាត់បង់ម្ចាស់ការនៅ ៣០ នាទីដំបូងតាមរយៈការគ្រប់គ្រងបាល់បានល្អឥតខ្ចោះរបស់ក្រុមជើងឯកបារាំង និងបន្តគ្រប់គ្រង់បានច្រើនជាង Arsenal ពេញ ៩០ នាទី។         ក្រុមរបស់លោក Mikel Arteta ក៏អាចប្រមូលអារម្មណ៍បានវិញដែរ តែដំណាក់ចុងក្រោយគឺអ្នកចាំទីកំពូលរបស់អ៊ីតាលី Gianluigi Donnaruma ដែលសង្គ្រោះបាល់សំខាន់ៗ ៥ លើក។          ត្រឹមមួយគ្រាប់ Arsenal មិនទាន់អស់សង្ឃឹមឡើយតែលោក Mikel Arteta ថាក្រុមរបស់លោកត្រូវការធ្វើអ្វីដែលពិសេសជាងពេលនេះនៅទីក្រុងប៉ារីសជើងទីពីរប្រសិនចង់ឡើងវគ្គផ្តាច់ព្រ័ត្រ៕អត្ថបទ៖នាង សុភាវុធ

សហព័ន្ធគុនខ្មែរ និងស្ថាប័នលំដាប់ Top-3 ចិន សហការគ្នាលើសពីយុទ្ធសាស្ដ្រព្រឹត្តិការណ៍កីឡាប្រយុទ្ធ

2025/04/29 09:24:14 pm        197
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័នអ៊ីម៉ីលេជិន(E-Mei Legend) ដែលជាស្ថាប័នរៀបចំការប្រកួតកីឡាយុទ្ធគុនដ៏ធំបំផុតកម្រិត Top3 របស់ចិន បានចុះអនុស្សារណៈយោគយល់គ្នាលើសពីដៃគូរៀបចំព្រឹត្តិការណ៍កីឡាប្រយុទ្ធ ជាមួយការបើកភ្លើងខៀវ ដើម្បីបង្កើតក្លិបប្រដាល់គុនខ្មែរលើកដំបូង នៅទីក្រុងឆឹងទូ ប្រទេសចិនទៀតផង។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធ ក៏ដូចជាឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរផ្ទាល់ ក្រោយដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់ស្ថាប័ន E-Mei Legend នាទីក្រុងផឹងចូវ (PengZhou) ចំណុះក្រុងឆឹងទូ (ChengDu) ខេត្តស៊ីឈួន (SiChuan) សាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ ឆ្លៀតឱកាសនោះ ឯកឧត្តម ខូវ ឆាយ បានធ្វើទស្សនកិច្ច និងចូលរួមពិភាក្សា អំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នយុទ្ធគុនចិន និងគុនខ្មែរ សហការរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរ ទាំងនៅកម្ពុជា និងចិន ផ្លាស់ប្តូរកីឡាករ គ្រូបង្វឹក ផ្លាស់ប្តូរបច្ចេកទេសបទពិសោធន៍ ការអភិវឌ្ឍន៍ជំនាញវិទ្យាសាស្ត្រកីឡា ព្រមទាំងជំរុញការផ្សារភ្ជាប់កីឡា សិល្បៈវប្បធម៌ និងទេសចរណ៍ទៅវិញទៅមក ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរប្រទេសទាំងពីរ។ ជាលទ្ធផលនៃដំណើរទស្សនកិច្ច រួមជាមួយការពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ ឯកឧត្តម ខូវ ឆាយ ក៏បានចុះអនុស្សរណៈយោគយល់គ្នា ររវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័ន E-Mei Legend ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រព្រឹត្តិការណ៍កីឡាយុទ្ធគុន និងការផ្លាស់ប្តូរវប្បធម៌ វិនិយោគនិងទេសចរណ៍ ក្រោមអធិបតីភាពលោកអភិបាលក្រុងផឹងចូវ ចំណុះក្រុងឆឹងទូ នៃខេត្តស៊ីឈួន សាធារណៈរដ្ឋប្រជាមានិតចិន។ លើសពីនេះ ស្ថាប័ន E-Mei Legend ក៏បានស្នើសុំបង្កើតក្លឹបប្រដាល់គុនខ្មែរទី១ នៅទីក្រុងឆឹងទូ និងត្រៀមប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការ នៅខែសីហា ឆ្នាំ២០២៥ខាងមុខនេះផងដែរ ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ហើយនេះក៏ជាជោគជ័យ និងសមិទ្ធផលថ្មីសម្រាប់សហព័ន្ធ ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយនូវមរតកក្បាច់គុនបន្សល់ទុកដោយបុព្វបុរសខ្មែរផងដែរ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕

ក្រុម U20 នារីកម្ពុជា ស្ថិតក្នុងពូលE នៃវគ្គជម្រុះជើងឯកអាស៊ី ឆ្នាំ២០២៦

2025/04/29 09:18:25 pm        353
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានធ្វើការចាប់ឆ្នោតបែងចែកពូល សម្រាប់ការប្រកួតបាល់ទាត់នារីជម្រុះជើងឯកអាស៊ីអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៦(AFC U20 Women’s Asian Cup Thailand 2026 Qualifiers) រួចហើយ ដោយក្រុមជម្រើសជាតិ U20 នារីកម្ពុជា ស្ថិតក្នុងពូលE ជាមួយក្រុមម្ចាស់ផ្ទះចិន លីបង់ និងស៊ីរី ។ សម្រាប់ដំណើរការប្រកួតជម្រុះពូលE ដែលចិនធ្វើម្ចាស់ផ្ទះ ដើម្បីស្វែងរកបេក្ខភាពកក់សំបុត្រយន្ដហោះទៅប្រកួតជុំផ្ដាច់ព្រ័ត្រនៅថៃ នាឆ្នាំ២០២៦ នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខាងមុខ ដោយវគ្គជម្រុះពានរង្វាន់បាល់ទាត់នារីអាយុក្រោម ២០ឆ្នាំទ្វីបអាស៊ីនេះ មានក្រុមចូលរួមសរុប ៣៣ក្រុម និងបែងចែកជា ៨ពូល។ នេះគឺជាបេសកកម្មថ្មីមួយទៀត សម្រាប់ក្រុមបាល់ទាត់នារីកម្ពុជា ក្នុងឆ្នាំ២០២៥ ក្រោយបញ្ចប់ភារកិច្ចធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះជើងឯកបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦ (AFC Women’s Asian Cup Australia 2026 Qualifiers) ដែលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះពូលG ជាមួយក្រុមភ្ញៀវហ្វីលីពីន ហុងកុង និងអារ៉ាប់ប៊ីសាអូឌីត ចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕

Mikel Arteta៖ មកដល់វគ្គនេះ Arsenal មានរឿងល្អៗច្រើន តែត្រូវការរឿងល្អបន្ថែមទៀតពេលជួប PSG យប់នេះ

2025/04/29 08:55:55 pm        294
ដំណើររបស់ Arsenal មកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះ គឺជារឿងល្អណាស់ទៅហើយ តែក្រុម និងអ្នកគាំទ្រត្រូវការរឿងល្អថែមទៀត។ នេះជាការលើកឡើងរបស់អ្នកចាត់ការ Mikel Arteta មុនទទួល Paris Saint Germain ជើងទីមួយរាត្រីនេះ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ បានបន្តថា ជំនួបទល់នឹង PSG យប់នេះ នឹងជាការប្រកួតដ៏អស្ចារ្យមួយទៀតសម្រាប់ Arsenal នៅកីឡដ្ឋាន Emirate និងស្នើសុំឱ្យអ្នកគាំទ្រទាំងអស់ផ្តោតលើការលេងបាល់រួមគ្នាជាមួយកីឡាករ ដើម្បីជាកម្លាំងចិត្តបន្ថែម។          ឡើងមកដល់វគ្គនេះ Arsenal បានយកឈ្នះក្រុមការពារជើងឯក Real Madrid ៥-១ សរុបទាំងពីរជើងនៅវគ្គ ៨ ក្រុមចុងក្រោយ ហើយនៅពេលនេះពួកគេត្រូវជួបក្រុមជើងឯកបារាំង PSG ដែលពួកគេធ្លាប់ឈ្នះនៅជុំដំបូង ២-០ នៅ Emirate កាលពីខែតុលា។         Arsenal មិនដែលឈ្នះជើងឯក Champions League ឡើយ ហើយឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចុងក្រោយបំផុតនៅឆ្នាំ ២០០៩ ក្រោយចាញ់បិសាចក្រហម Manchester United សរុបទាំងពីរជើង ៤-១។          ក្រោមការដឹកនាំរបស់ Arsene Wenger, Arsenal ធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រម្តងនៅឆ្នាំ ២០០៦ តែចាញ់ Barcelona។          Arsenal ក៏កំពុងមានបញ្ហារបួសផងដែរ រួមមាន Bukayo Saka, Kai Havertz, Martin Odegaard និង Ben White។          ងាកមក PSG វិញ ទម្រង់លេងបច្ចុប្បន្នរបស់ពួកគេខុសគ្នាឆ្ងាយបើប្រៀងធៀបនឹងពេលចាញ់ Arsenal នៅខែតុលា ខណៈអ្នកចាត់ការសញ្ជាតិអេស្ប៉ាញដូចគ្នាលោក Luis Enrique ថាក្រុមទាំងពីរស្ថិតក្នុងកម្រិតដូចគ្នា ហើយនឹងជាការប្រកួតល្អមើលមួយរាត្រីនេះ៕អត្ថបទ៖នាង សុភាវុធ

Ronnie O’Sullivan ឈ្នះកីឡាករចិន Pang Junxu ឡើងវគ្គ ៨ នាក់ចុងក្រោយស្នូកឃ័រពិភពលោក

2025/04/29 08:02:12 pm        284
ជើងឯកពិភពលោក ៧ សម័យ Ronnie O’Sullivan បានបន្តដំណើរឡើងវគ្គ ៨ នាក់ចុងក្រោយការប្រកួតស្នូកឃ័រជើងឯកពិភពលោកហើយ ក្រោយយកឈ្នះកីឡាករចិន Pang Junxu ១២-៤ ហ្វ្រេមនៅវគ្គ ១៦ នាក់ចុងក្រោយ។          កីឡាករវ័យ ៤៩ ឆ្នាំអង់គ្លេសរូបនេះ បានអវត្តមានពីការប្រកួតជាច្រើនកម្មវិធីរួចមកហើយ មិនបង្ហាញខ្លួននៅការប្រកួតជើងឯកពិភពលោកនេះ ហើយជ័យជំនះលើកីឡាករចិនដោយឈ្នះដាច់ ១២-៤ ហ្វ្រេមនេះ Ronnie O’Sullivan ថាខ្លួនមិនស្ថិតក្នុងទម្រង់លេងល្អឡើយ។          ហ្វ្រេមចុងក្រោយ Ronnie O’Sullivan ចំណាយពេលត្រឹម ១៧ នាទីប៉ុណ្ណោះដើម្បីយកឈ្នះ។          កីឡាករដែលជាចំណាប់អារម្មណ៍របស់អ្នកគាំទ្ររូបនេះ បានយកឈ្នះជុំដំបូងលើ Ali Carter ១០-៤ ហ្វ្រេម មុនមកជួប Pang Junxu នេះ។         វគ្គ ៨ នាក់ចុងក្រោយ O’Sullivan នឹងត្រូវជួបជាមួយកីឡាករចិនមួយរូបទៀត Si Jiahui ដែលបានយកឈ្នះកីឡាករអង់គ្លេស Ben Woollaston ១៣-០ ហ្វ្រេម។          ងាកមកលទ្ធផលផ្សេងទៀត កីឡាករស្កុតឡេន John Higgins យកឈ្នះកីឡាករចិន Xiao Guidong តានតឹង ១៣-១២ ហ្វ្រេម ឡើងជួបកីឡាករវែល Mark Williams ដែលទម្លាក់កីឡាករអ៊ីរ៉ង់ Hossein Vafaei។          អតីតជើងឯកកីឡាករប៊ែលហ្ស៊ិក Luca Brecel យកឈ្នះកីឡាករចិន Ding Junhui ១៣-៤ ហ្វ្រេមឡើងជួប Judd Trump ដែលយកឈ្នះ Shaun Murphy ១៣-១០ ហ្វ្រេម៕អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM