ស្វែងរក

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ

04/26/2026 05:04 PM        112
បន្ទាប់ពីទទួលបានភាពជោគជ័យកាលពីឆ្នាំមុន ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នឹងរៀបចំពិធីបុណ្យផ្សាររាត្រីឥណ្ឌូនេស៊ី និងពិធីបុណ្យប៉ាសាម៉ាឡាំឥណ្ឌូនេស៊ីម្តងទៀត នៅតាមផ្លូវចតុមុខក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ និង២៦ ខែមេសា ឆ្នាំ២០២៦នេះ ដោយរំពឹងថា នឹងមានភ្ញៀវទេសចរកាន់តែច្រើនចូលរួមក្នុងវប្បធម៌នូសាន់តារ៉ា និងភាពចម្រុះនៃម្ហូបអាហារ។ពិធីបុណ្យផ្សាររាត្រីឥណ្ឌូនេស៊ី គឺជាកម្មវិធីផ្សព្វផ្សាយសេដ្ឋកិច្ច និងវប្បធម៌រួមបញ្ចូលគ្នាដ៏សំខាន់មួយរបស់ស្ថានទូត។ ពិធីបុណ្យដែលរៀបចំឡើងនៅតាមផ្លូវចតុមុខនេះ នៅតែជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ដ៏លេចធ្លោបំផុតមួយនៅក្នុងរាជធានីភ្នំពេញ នឹងក្លាយជាទីកន្លែងសម្រាប់មនុស្សមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីរីករាយជាមួយរាត្រីចុងសប្តាហ៍ដ៏សម្បូរបែប និងពោរពេញដោយវប្បធម៌ជាមួយគ្នា។ភ្ញៀវទេសចរ នឹងមានឱកាសភ្លក់រសជាតិម្ហូបឥណ្ឌូនេស៊ីពិតៗ ស្វែងយល់ពីសម្លៀកបំពាក់បាទីក រួមជាមួយនឹងការទិញទំនិញប្រើប្រាស់ឥណ្ឌូនេស៊ីជាច្រើនប្រភេទ ខណៈពេលដែលក្នុងពេលជាមួយគ្នានេះ ភ្ញៀវទេសចរក៏នឹងជ្រមុជខ្លួននៅក្នុងការសម្តែងតន្ត្រី និងរបាំប្រពៃណីដ៏រស់រវើកនៅក្នុងរាត្រីវប្បធម៌ផងដែរ។ក្នុងនាមជាផ្នែកមួយនៃពិធីបុណ្យ ផ្សាររាត្រី ឥណ្ឌូនេស៊ី (Phsaar Reatrei Indonesia) ឆ្នាំនេះ ភោជនីយដ្ឋានឥណ្ឌូនេស៊ី ចំនួន២កន្លែងនៅកម្ពុជា ក៏នឹងទទួលបានវិញ្ញាបនបត្រ Duta Rasa Nusantara ផងដែរ ដើម្បីបង្ហាញពីការកោតសរសើរ និងការលើកកម្ពស់ប្រវត្តិសាស្ត្រម្ហូបអាហារដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌូនេស៊ី តាមរយៈការបម្រើម្ហូបអាហារឥណ្ឌូនេស៊ីពិតប្រាកដ។ស្ថានទូតឥណ្ឌូនេស៊ីប្រចាំទីក្រុងភ្នំពេញ សង្ឃឹមថា ពិធីបុណ្យនេះ នឹងតំណាងឱ្យចំណងមិត្តភាពដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិកា ររវាងឥណ្ឌូនេស៊ី និងកម្ពុជា។ លើសពីនេះ ការរៀបចំព្រឹត្តិការណ៍នេះ មានបំណងបង្ហាញពីភាពធន់រួមគ្នារបស់ប្រជាជនមកពីប្រទេសទាំងពីរក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមសកលបច្ចុប្បន្ន។នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ ប្រទេសឥណ្ឌូនេស៊ីបានកត់ត្រាការកើនឡើង ៦,៦% ធៀបនឹងឆ្នាំមុននៃការនាំចេញទៅកាន់ប្រទេសកម្ពុជាដែលមានតម្លៃ ២៧៤.៩ លានដុល្លារអាម៉េរិក ដែលនាំមុខគេជាដៃគូពាណិជ្ជកម្មធំបំផុតទី៩ របស់កម្ពុជា។ ផលិតផលនាំចេញច្រើនជាងគេរបស់ឥណ្ឌូនេស៊ី មកកាន់ប្រទេសកម្ពុជាគឺធ្យូងថ្ម មី ម៉ូតូ និងថ្នាំពេទ្យជាដើម។លើវិស័យទេសចរណ៍ មានភ្ញៀវទេសចរឥណ្ឌូនេស៊ីជាង ៥ម៉ឺននាក់ បានមកទស្សនាប្រទេសកម្ពុជាកាលពីឆ្នាំមុន។ ផ្ទុយទៅវិញ ភ្ញៀវទេសចរកម្ពុជាជិត ១ម៉ឺន ១ពាន់នាក់ បានមកទស្សនាប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំដដែល៕អត្ថបទ៖ ឈិត បូរ៉ាវី

សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

04/26/2026 04:04 PM        65
លោក រស់ ចំណាន ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះអតីតសកម្មជនមកពីគណបក្សភ្លើងទៀនចំនួន ៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។ពិធីនោះដែរ មានវត្តមាន លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក សឿង ចក់ ក្រុមការងារពិសេស លោក ហែម ប្រសិដ្ឋ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ហ៊ុន មករា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមការងារពិសេសមូលដ្ឋានជាច្រើនរូបទៀតផងដែរ។លោក រស់ ចំណាន បានមានប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ។លោកបានបន្តទៀតថាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនទាំង ៧០នាក់ ក្នុងការចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវ៖- ឥទ្ធិពលនៃនយោបាយឈ្នះ-ឈ្នះ ជាទស្សនវិជ្ជានៃការបង្រួបបង្រួមដែលផ្ដល់នូវការទុកចិត្ត និងសុវត្ថិភាពសម្រាប់ខ្មែរគ្រប់រូប។- ជំនឿជាក់លើការអភិវឌ្ឍពិតប្រាកដ ជាការមើលឃើញជាក់ស្តែងនូវសមិទ្ធផលរីកដុះដាលពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។- ឆន្ទៈមនសិការស្នេហាជាតិ ជាបំណងប្រាថ្នាចង់ឃើញមាតុភូមិមានសុខសន្តិភាពយូរអង្វែង និងការរីកចម្រើនឥតឈប់ឈរ ឆ្ពោះទៅរកអនាគតដ៏រុងរឿង។"ការមករួមរស់ក្រោមដំបូលតែមួយនៃគណបក្សប្រជាជនកម្ពុជា គឺជាការជ្រើសរើសយកការបង្រួបបង្រួមជាតិ ជាជាងការបែកបាក់ និងការរើសយកការស្ថាបនា ជាជាងការបំផ្លិចបំផ្លាញ។"សកម្មភាពនេះ គឺជាសារដាស់តឿនដល់បងប្អូនខ្មែរគ្រប់ទិសទីថា “ឈប់ជឿការញុះញង់ ដើម្បីរួមគ្នាកសាងមាតុភូមិកម្ពុជា”។ យើងរួមគ្នាខ្ពស់មុខមាត់តែមួយ ក្នុងនាមជាខ្មែរតែមួយ ដើម្បីបន្តថែរក្សាសន្តិភាពឱ្យបានគង់វង្ស និងកសាងសង្គមជាតិឱ្យកាន់តែរឹងមាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា។សន្តិភាពនាំមកនូវការអភិវឌ្ឍ! ការជឿជាក់នាំមកនូវភាពជោគជ័យ។គួរបញ្ជាក់ផងដែរថាប្រជាពលរដ្ឋទាំង ៧០នាក់នេះ ជាអតីតសកម្មជនមកពីគណបក្សភ្លើងទៀន - ស្ថិតនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ចំនួន ៥៨នាក់- ស្ថិតនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ចំនួន ១២នាក់ ។ព្រមទាំងមានការចូលរួមពីអាជ្ញាធរ លោកស្រី តាត់ គីមសុខ ក្រុមបឹក្សាឃុំ លោក សៀក ចយ អនុភូមិ ផងដែរ។ពិធីនេះផងដែល ប្រជាពលរដ្ឋបានថ្លែងអំណរគុណ និង សូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ជន្មាយុយឺនយូរ គោរពជូន សម្តេចតេជោ ហ៊ុន សែន សម្តេចធីបតី ហ៊ុន ម៉ាណែត និងឯកឧត្តម គួច ចំរើន។ក្នុងឱកាសនោះដែរ ដោយសង្កេតឃើញនូវការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ក្រុមការងារកន្លងមក លោក រស់ ចំណាន បានឧបត្ថម្ភនូវម៉ូតូចំនួន ១គ្រឿង វិទ្យុទាក់ទងចំនួន ៤គ្រឿង ព្រមទាំងថវិកាមួយចំនួន ជូនដល់ក្រុមការងារ ដើម្បីសម្រួលដល់ការទំនាក់ទំនង និងជាមធ្យោបាយធ្វើដំណើរ ក្នុងគោលបំណងជំរុញការអនុវត្តផែនការងារឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យបន្ថែមទៀត។ជាចុងបញ្ចប់ លោក រស់ ចំណាន ថាការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការបង្ហាញពីស្មារតីរួបរួម និងការគាំទ្រទៅលើទិសដៅរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេស ហើយការចូលរួមនេះ ជាកម្លាំងបន្ថែមសម្រាប់ការកសាងជាតិ និងការអភិវឌ្ឍន៍សង្គម កម្ពុជាយើង៕

ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»

04/26/2026 04:04 PM        110
ក្រោមគំនិតផ្តួចផ្តើម និងទឹកចិត្តដ៏ប្រពៃរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តែងតែខ្វល់ខ្វាយយកចិត្តទុកដាក់ដល់សុខទុក្ខរបស់មន្រ្តីរាជការទាំងអស់ដែលបម្រើការងារនៅក្រោមចំណុះក្រសួងមុខងារសាធារណៈ ឯកឧត្តម បានផ្តួចផ្តើមឱ្យមានក្រុមការងារទទួលបន្ទុកអនុវត្តគម្រោងគិតគូរលើសុខុមាលភាពមន្រ្តីនៃក្រសួងមុខងារសាធារណៈ ដែលហៅកាត់ថា (MCS H+)។ កន្លងមក ក្រុមការងារ MCS H+ បានចុះសាកសួរសុខទុក្ខ និងនាំយកនូវកាដូរអនុស្សាវរីយ៍ ក៏ដូចជាថវិកាចូលរួមគាំទ្រទៅដល់សុខុមាលភាព និងការរំលែកទុក្ខផ្សេងៗជូនទៅដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការប្រមាណជាង១០០ករណី រួចមកហើយ។ព្រឹកនេះ ជាភ័ព្វសំណាងរបស់មន្រ្តីរាជការក្រសួងមុខងារសាធារណៈ គឺ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់ឱកាសឱ្យមានការពិនិត្យសុខភាពប្រចាំឆ្នាំជូនទៅដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ៗរូបដែលកំពុងបំពេញការងារនៅក្រោមចំណុះក្រសួងមុខងារសាធារណៈ។មានប្រសាសន៍សំណេះសំណាលក្នុងកម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងការអរគុណដល់មន្រ្តីនៃក្រសួងមុខងារសាធារណៈគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយអស់ពីកម្លាំងកាយចិត្តទោះក្នុងកាលៈទេសៈសុខភាពយ៉ាងណាក៏ដោយ ក៏នៅតែខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យទទួលបានសមិទ្ធផលយ៉ាងច្រើន និងថ្មីៗជូនដល់ក្រសួង។ “ក្នុងវេលានេះជាការគិតគូររួមចំណែក និងការតបស្នងដល់ការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈទាំងអស់ គឺខ្ញុំមានតែការផ្តល់ជូននូវការយកចិត្តទុកដាក់លើការថែទាំ ពិនិត្យតាមដានសុខភាព និងការព្យាបាលជូនដល់មន្រ្តីទាំងអស់។” សូមជម្រាបដែរថា កម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំនេះមានការចូលរួមគាំទ្រ ដំណើរប្រតិបត្តិការដោយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា(DA-UYFC) ដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ នៅសាលាភូមិន្ទរដ្ឋបាល។

ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន

04/26/2026 04:04 PM        20
(ខេត្តត្បូងឃ្មុំ) នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជន គណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះសួរសុខទុក្ខ និងនាំ យកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិ នារីកម្ពុជា ជូនដល់ ឯកឧត្តម កង ណែម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អតីត រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល នៅគេហដ្ឋាន ស្ថិតនៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ កាយឫទ្ធិនារីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនដល់ឯកឧត្តម កង ណែម ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចកាលសម្ដេចតេជោ សម្ដេចកិត្តព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែគិតគូរ យកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ចំពោះ ប្រទេសជាតិមាតុភូមិ។ឯកឧត្តម កង ណម បានមានប្រសាសន៍ថា៖ «ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ សូមសម្ដែងកតញ្ញូតាធម៌ និងសេចក្តីសោមនស្សចិត្តយ៉ាងក្រៃលែង គោរពជូនចំពោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដ៏ខ្ពង់ខ្ពស់ ចុះមកសួរសុខទុក្ខ និងនាំយក អំណោយដ៏ថ្លៃថ្លា មកផ្តល់ឱ្យខ្ញុំបាទ និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។ ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមាន កិត្តិយសនិងក្តីរំភើបរីករាយឥតឧបមា ចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្តប្រតិបត្តិតាម ប្រពៃណីដ៏ល្អផូរផង់ ពីសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាព ផ្ដល់ភាពកក់ក្តៅ និង ក្តីសង្ឃឹមដល់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ ស្របតាមគោលការណ៍របស់គណបក្ស ប្រជាជនកម្ពុជា»។ឯកឧត្តមក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿជឿជាក់យ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី តាមរយៈការចរចារដោយសន្តិវិធី និងការអភិវឌ្ឍសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ ព្រមទាំងបានគោរពជូនពរ សម្ដេច តេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត និងសម្តេច ថ្នាក់ដឹកនាំ គណបក្សគ្រប់លំដាប់ថា្នក់ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរកត្រើយ វឌ្ឍនភាពជានិរន្តរ៍។ក.ការងារគណបក្ស ឯកឧត្តម បានក្លាយជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ក្នុងមហាន្និបាតលើកទី២ នាថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៨៩។ខ.សិក្សាវគ្គអប់រំនយោបាយ រួមមាន៖ ១)ឆ្នាំ១៩៧៨ វគ្គអប់រំទ្រឹស្ដីគ្រប់គ្រង ចាត់តាំង និងសេដ្ឋកិច្ច ចំនួន ៤វគ្គ រយៈពេល២ខែ នៅទីក្រុងហូជីមិញ ២)ឆ្នាំ១៩៨០រៀនវគ្គអប់រំទ្រឹស្តី ទស្សនវិជ្ជា គ្រប់គ្រង ចាត់តាំង យុវជន កុមារ និងសេដ្ឋកិច្ច រយៈពេល៦ខែ នៅសាលាយុវជនជាន់ខ្ពស់ វីលហែមពិច ប្រទេសអាល្លឺម៉ង់ ៣)ឆ្នាំ១៩៨២ វគ្គអប់រំទ្រឹស្ដី ទស្សនៈវិជ្ជា គ្រប់គ្រង ចាត់តាំង ដឹកនាំ និងសេដ្ឋកិច្ច រយៈពេល៦ខែ នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយម វៀតណាម។គ. ប្រវត្តិការងា រួមមាន៖ ១)ឆ្នាំ១៩៧៩ ចូលរួមរណសិរ្សរួបរួមជាតិកម្ពុជា ២)ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ១៩៨៥ ជាអនុប្រធានយុវជនសង្គ្រោះជាតិកម្ពុជា ៣)ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៩ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ៤)ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ១៩៩០ អនុប្រធានគណៈចាត់តាំងថ្នាក់កណ្តាល ៥)ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩២ អនុប្រធានទូរលេខ សម្ងាត់ក្រសួងមហាផ្ទៃ ៦)ថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៣ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៧)ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៤ ទី ប្រឹក្សាក្រសួងមហាផ្ទៃ ៨)ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ទីប្រឹក្សាក្រសួងមហាផ្ទៃ ៩)ថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩៩៨ ទីប្រឹក្សា សម្តេច ហ៊ុន សែន ១០)ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៤ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ១១)ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៩ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការ កិច្ច ១២)ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ជាទីប្រឹក្សារាជរដ្ឋាភិបាល។ជាងនេះទៅទៀត ឯកឧត្តម បានចែករំលែកបទពិសោធ និងផ្តល់អនុសាសន៍មួយចំនួន ដល់យុវជនគណបក្សដូចខាងក្រោម៖១. យុវជនត្រូវរួមសាមគ្គីគ្នាជាធ្លុងតែមួយ គ្រប់កាលៈទេសៈក្រោមការដឹកនាំរបស់គណបក្ស។២. យុវជនត្រូវចេះស្រលាញ់ រាប់អានគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីជាកម្លាំងរឹងមាំការពារប្រទេសជាតិ។ ៣. យុវជនត្រូវរួមចំណែកកាតព្វកិច្ចការពារជាតិ ការពារសន្តិភាព សន្តិសុខសង្គម។៤. យុវជនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន (ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ)។៥. វប្បធម៌នៃការសួរសុខទុក្ខ ជាប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង សំណូមពរឱ្យបន្តបំផុស សកម្មភាពនេះ បានទូលំទូលាយដល់ភូមិ ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងរាជធានីខេត្ត។ឯកឧត្តមប្រធានប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ ការខិតខំប្រឹងប្រែង របស់ឯក ឧត្តម ដែលបានចូលរួមចំណែកបម្រើគណបក្សនិងប្រជាជននាពេលកន្លងមក ព្រមទាំងបានប្រគល់នូវអំណោយដ៏ថ្លៃថ្ល របស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះឯកឧត្តម កង ណែម និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី តាមជួយបីបាច់ថែរក្សា ឯកឧត្ដម ព្រមទាំងក្រុមគ្រួសារ មានសុខភាព ល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈ ដទៃឡើយ៕

ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”

04/26/2026 04:04 PM        110
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្តួចផ្តើមគម្រោងស្តីពីការគិតគូរពីសុខមាលភាពមន្ត្រីនៃក្រសួងមុខងារសាធារណៈ (MCS.H+) ដែលតែងតែយកចិត្តទុកដាក់ ត្រៀមខ្លួនជាស្រេច និងបានចូលរួមគាំទ្រថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប នៅគ្រប់ពេលវេលា ហើយកន្លងមកអនុវត្តបានចំនួន ១១២ ករណី​ រួមមាន ការចុះសួរសុខទុក្ខមន្ត្រីដែលសម្រាកលំហែមាតុភាព/បិតុភាព កំពុងព្យាបាលជំងឺ ឬជួបគ្រោះថ្នាក់ មរណភាព ព្រមទាំងការផ្តល់ការគាំទ្រផ្សេងៗក្នុងស្ថានភាពលំបាក។ឯកឧត្តមថ្លែងថា នាថ្ងៃនេះ ក្រសួងមុខងារសាធារណៈ បានគិតគូរមួយកម្រិតទៀត ក្នុងការចូលរួមរែកបន្ទុកមួយផ្នែកលើតម្រូវការផ្នែកសុខភាពមូលដ្ឋាន ដោយផ្តោតលើការពិនិត្យតាមដានសុខភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមុខងារសាធារណៈ ក្រោមកិច្ចសហការរវាង MCS.H+ និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (DA UYFC)។ ចេញពីមូលដ្ឋានជាលើកដំបូងនេះ ក្រសួងនឹងបន្តគិតគូរជាបន្តបន្ទាប់ ក្នុងការរៀបចំជារៀងរាល់ឆ្នាំទៅមុខទៀត ដើម្បីលើកកម្ពស់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្ត្រីឱ្យកាន់តែប្រសើរ។ឯកឧត្តម បន្តថា ដំណើរការអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ កំពុងបន្តទៅមុខយ៉ាងស្វាហាប់ ជាជំហានៗដ៏រឹងមាំ ដោយមានសមិទ្ធផលជាក់ស្តែងកើតចេញពីការខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ ដំណើរការដ៏វែងឆ្ងាយឆ្ពោះទៅមុខក្នុងការបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន ពឹងផ្អែកយ៉ាងសំខាន់លើសុខភាព និងសុខុមាលភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីម្នាក់ៗ ដែលជាប្រតិបត្តិករផ្ទាល់ និងកម្លាំងស្នូលដ៏សំខាន់របស់រាជរដ្ឋាភិបាល។ ឯកឧត្តមថ្លែងថា៖ ខ្ញុំនៅតែចងចាំជានិច្ច នៅពេលដំបូងដែលខ្ញុំបានចូលបំពេញការងារនៅក្រសួងមុខងារសាធារណៈ ដែលពិតជាបានយល់ច្បាស់ និងសូមវាយតម្លៃខ្ពស់ចំពោះវិជ្ជាជីវៈ ភាពទទួលខុសត្រូវ និងការបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប ដែលបានបង្ហាញយ៉ាងច្បាស់ថា អ្វីដែលសំខាន់បំផុតគឺការសម្រេចលទ្ធផលជាក់ស្តែងក្នុងការអនុវត្តបេសកកម្មរបស់ខ្លួន។ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យ DA UYFC ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារនៃក្រសួងមុខងារសាធារណៈ ដើម្បីផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃ ចំនួន ៩កញ្ចប់សេវា ព្រមទាំងបានចែករំលែកអំពីការសង្គ្រោះជីវិតបឋមនៅក្នុងថ្ងៃនេះ។

ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

04/26/2026 03:04 PM        68
នៅក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី១៧ ខែមេសា ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់ជិត១២,៩ លានបារ៉ែលក្នុងមួយថ្ងៃ ដែលឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក។ស្ថិតិពីទីភ្នាក់ងារនេះបង្ហាញពីនិន្នាការកើនឡើងនៃការនាំចេញប្រេងឆៅ និងផលិតផលសរុបថ្មីៗរបស់ប្រទេសនេះ។ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៧ ខែមេសា ការនាំចេញប្រេងឆៅមានប្រហែល៤,៨ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈការនាំចេញផលិតផលប្រេងមានចំនួនជិត៨,១ លានបារ៉ែលក្នុងមួយថ្ងៃ ដែលទាំងពីរនេះបានបង្កើតកំណត់ត្រាថ្មី។លោក Matt Smith អ្នកវិភាគមកពីវិទ្យាស្ថាន Kepler បានប៉ាន់ប្រមាណថា ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ានៅតែបន្ត ទីផ្សារពិភពលោកត្រូវបានបង្ខំឱ្យស្វែងរកអ្នកផ្គត់ផ្គង់ជំនួសសម្រាប់ប្រេងឆៅ និងផលិតផលប្រេង ដែលបានជំរុញឱ្យមានការនាំចេញប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកកើនឡើង។ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគមួយចំនួនក៏បានព្រមានផងដែរថា ទោះបីជាការកើនឡើងនៃការនាំចេញប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកបាននាំមកនូវប្រាក់ចំណេញយ៉ាងច្រើនសម្រាប់សហគ្រាសថាមពលក៏ដោយ ក៏ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈទំនងជាធ្វើឱ្យអតិផរណាក្នុងស្រុកកាន់តែខ្លាំងឡើងផងដែរ៕

អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង

04/26/2026 03:04 PM        81
កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បាននិយាយកាលពីថ្ងៃសៅរ៍ថា អ៊ីរ៉ង់បានរៀបចំ និងកែលម្អផែនការប្រតិបត្តិការ និងការពារ ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលអាចកើតមាន រួមទាំងការប្រយុទ្ធនៅលើដី ហើយនឹងបន្តយុទ្ធសាស្ត្រយោធារបស់ខ្លួន ជាពិសេសការគ្រប់គ្រងច្រកសមុទ្រ Hormuz។នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន IRGC បាននិយាយថា កងកម្លាំងការពារជាតិរបស់អ៊ីរ៉ង់ត្រូវបានត្រៀមខ្លួនរួចរាល់ហើយនៅគ្រប់ទិសទី និងប្រព័ន្ធចារកម្មសម្ងាត់។កងឆ្មាំបដិវត្តន៍អ៊ីស្លាមនេះក៏បាននិយាយផងដែរថា មូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ាបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលសង្គ្រាមបច្ចុប្បន្ន ដោយបន្ថែមថា ជម្រើសតែមួយគត់សម្រាប់សហរដ្ឋអាមេរិកគឺដកខ្លួនចេញដោយគ្មានលក្ខខណ្ឌពីតំបន់នេះ។IRGC ក៏បានសង្កត់ធ្ងន់ផងដែរថា ការរក្សាការគ្រប់គ្រងលើច្រកសមុទ្រ Hormuz និងការរារាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន នៅតែជាអាទិភាពយុទ្ធសាស្ត្រ។នៅថ្ងៃដដែលនោះ បញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ ជាទីស្នាក់ការកណ្តាល Khatam al-Anbiya បានព្រមានថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹងផ្តល់ការឆ្លើយតបយ៉ាងខ្លាំងក្លា ប្រសិនបើកងកម្លាំងអាមេរិកបន្តបិទផ្លូវទឹក ចាប់នាវា និងសកម្មភាពចោរសមុទ្រនៅក្នុងតំបន់៕

មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី

04/26/2026 02:04 PM        67
យោងតាមអាជ្ញាធរតំបន់បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៤ នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកលើផ្លូវហាយវេនៅភាគនិរតីនៃប្រទេសកូឡុំប៊ី ។ លោក Octavio Guzmán អភិបាលតំបន់ Cauca បាននិយាយថា គ្រឿងផ្ទុះនេះត្រូវបានបំផ្ទុះកាលពីថ្ងៃសៅរ៍នៅលើផ្លូវហាយវេ Pan-American ក្នុងតំបន់ El Tunel នៃទីក្រុង Cajibio។លោក Guzman បាននិយាយនៅក្នុងសារមួយលើបណ្ដាញសង្គម X ថា គិតត្រឹមពេលនេះ ពួកលោកបានរាយការណ៍ថាមនុស្ស ១៤ នាក់បានស្លាប់ និង៣៨ នាក់រងរបួស រួមទាំងអនីតិជន៥ នាក់។ លោក Guzman បានថ្កោលទោសអ្វីដែលលោកហៅថា ការវាយប្រហារដោយមិនរើសមុខ ប្រឆាំងនឹងប្រជាជនស៊ីវិល។លោក Guzman បាននិយាយថា រូបលោកគ្មានពាក្យអ្វីរៀបរាប់ឲ្យស្មើនឹងទំហំនៃការឈឺចាប់ដែលពួកលោកកំពុងមាននៅពេលនេះទេ ដោយទាមទារឱ្យមានការឆ្លើយតប "ដ៏ម៉ឺងម៉ាត់ និងយូរអង្វែង" ពីរដ្ឋាភិបាលប្រឆាំងនឹង "ការកើនឡើងនៃអំពើភេរវកម្ម"។លោកឧត្តមសេនីយ៍ Hugo López មេបញ្ជាការកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូឡុំប៊ី បានប្រាប់សន្និសីទសារព័ត៌មានមួយថា វាគឺជា «ទង្វើភេរវកម្ម» ហើយបានស្តីបន្ទោសបណ្តាញរបស់បុរសម្នាក់ដែលគេស្គាល់ថា Ivan Mordisco ជាឥស្សរជនម្នាក់ក្នុងចំណោមឥស្សរជនដែលប្រទេសកូឡុំប៊ីកំពុងតាមរកមុខ និងក្រុម Jaime Martínez៕

អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា

04/26/2026 02:04 PM        167
អតីតសកម្មជនគណបក្សប្រឆាំង និងគណបក្សនានាប្រជាច្រើននាក់បន្ថែមទៀតក្នុងនៅឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយអស់ជំនឿចំពោះមេបក្សរបស់ខ្លួនបានយល់និង មើលឃើញពីវីរភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែង រកសន្តិភាពនិង ការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចំរើនជឿនលឿន ឥតឈប់ឈរ ដូចពេលសព្វថ្ងៃនេះ។ការប្រកាសទទួលស្គាល់អតីតសកម្មជនរបស់គណបក្សប្រឆាំងទាំងនោះ គឺបានធ្វើឡើងនៅថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះក្រោមអធិបតីភាពឯកឧត្តម ហ៊ុល សំអុន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្រាំកក់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងខាងត្បូង។គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី៤ហើយ ដែលអតីតសកម្មជនគណបក្សភ្លើងទៀន សកម្មជនគណបក្សប្រឆាំង និងសកម្មជនគណបក្សនានា ចំនួន៧៥នាក់ បានស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាសម្រាប់ស្រុកត្រាំកក់នេះ។ក្រោយប្រកាសទទួលស្គាល់ជាផ្លូវការ ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រ ជាជនកម្ពុជានោះ បងប្អូនសមាជិក សមាជិកាថ្មី ទាំងនោះបានលើកឡើងថា ការដែលពួកគាត់ស្ម័្រគចិត្ត ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺ ក្រោយពីពួកគាត់បានមើលឃើញ ពីវីរៈភាពនិង ការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចំរើនជឿនលឿន ហើយការស័្មក្រចិត្ត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះដែរ គឺពួកគាត់មានគោលបំណង ដើម្បីរួមចំណែកកសាងជាតិ មាតុភូមិ ដោយប្តេជ្ញាទៅបោះឆ្នោត គាំទ្រសម្តចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តទៀត។ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុល សំអុន បានលើកឡើងពីទុក្ខវេទនាបំផុត របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបបប៉ុល ពត ដោយក្នុងសម័យនោះ ប្រជាពលរដ្ឋ គ្មានអីហូបចុកគ្រាប់គ្រាន់ និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត ។ ឯកឧត្តមក៏បានលើកឡើង ពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាពនិងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប៉ុល ពតនេះ និងបានស្តារប្រទេសជាតិ ចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចំរើនដូចបច្ចុប្បន្ន ។ឯកឧត្តម ហ៊ុល សំអុន បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាអ្នកស្វែងរកសន្តិភាពនិងការអភិវឌ្ឍជូនជាតិ ។ដូច្នេះក្មួយៗ និងបងប្អូនទាំងអស់ត្រូវរួមគ្នាការពារ សន្តិភាព ឲ្យបានគង់វង់ ដោយត្រូវនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នូវអាណត្តិក្រោយៗទៀត ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចំរើនរុងរឿងបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់គណបក្ស៕អត្ថបទ បាន ចក់

អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត

04/26/2026 02:04 PM        179
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចាត់ឱ្យសមត្ថកិច្ចចម្រុះ បន្តដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវជាតិលេខ ៥៧-៥៩ ដើម្បីត្រួតពិនិត្យគ្រប់គ្រងទប់ស្កាត់លើជនបរទេសខុសច្បាប់ ចូលមកក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដើម្បីលួចប្រព្រឹត្តបទល្មើសខុសច្បាប់នានា ជាពិសេសទប់ស្កាត់ការលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scam) ក្នុងគោលបំណងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសទាំងនេះអោយអស់ពីប្រទេសកម្ពុជា។ការបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា (Online Scam) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស និងទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ជនបរទេសដែលលួចចូលមករស់នៅក្នុងខេត្តដោយខុសច្បាប់ និងបង្ការបទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់។ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាល ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់លើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយបានឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មានអំពីខ្សែបណ្ដាញមេខ្លោង ទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់ជាច្រើនករណី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM