ស្វែងរក

[UPDATE]លោកTrumpសន្មតថាអ្នកបាញ់ប្រហារនៅពិធីអាហារពេលល្ងាចធ្វើតែម្នាក់ឯង ហើយច្រានចោលការជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់

04/26/2026 01:04 PM        89
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានភ្នាក់ងារសេវាសម្ងាត់ជម្លៀសចេញពីពិធីអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំឆ្នាំរបស់សេតវិមានកាលពីយប់ថ្ងៃសៅរ៍ ២៥មេសា បន្ទាប់ពីឧបទ្ទវហេតុសន្តិសុខ ពាក់ព័ន្ធនឹងសំឡេងខ្លាំងៗដែលមិនស្គាល់អត្តសញ្ញាណ ។ លោក Trump បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយបន្ទាប់ពីឧបទ្ទវហេតុសន្តិសុខថាបុរសម្នាក់ប្រដាប់ដោយអាវុធច្រើនមុខ រួមទាំងកាំបិត និងពាក់អាវការពារគ្រាប់កាំភ្លើង បានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅពិធីជួបជុំទទួលទានអាហារពេលល្ងាច ដោយធ្វើឱ្យមន្ត្រីអនុវត្តច្បាប់ម្នាក់រងរបួស។ ជនសង្ស័យត្រូវបានគេរាយការណ៍ថាមានអាយុ៣០ឆ្នាំ ឈ្មោះ Cole Tomas Allen មកពីរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ លោក Trump បាននិយាយថាលោកសន្មតថាខ្មាន់កំាភ្លើងនៅពិធីអាហារពេលល្ងាចនោះគឺធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ហើយហេតុការណ៍នេះមិនមានជាប់ពាក់ព័ន្ធជាមួយសង្គ្រាមនៅអ៊ីរ៉ង់ទេ។ លោកស្រី Jeanine Pirro រដ្ឋអាជ្ញាអាមេរិកសម្រាប់ស្រុក Columbia បាននិយាយថាជនជាប់ចោទកំពុងត្រូវបានចោទប្រកាន់ពីបទចោទប្រកាន់ពីរករណី ហើយនឹងត្រូវនាំខ្លួនឡើងតុលាការនៅថ្ងៃចន្ទ។ជនសង្ស័យត្រូវបានឃុំខ្លួន និងសម្រាកនៅមន្ទីរពេទ្យ។ លោក Trump បានបន្ថែមថាពិធីទទួលទាហានអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាននឹងត្រូវកំណត់ពេលឡើងវិញក្នុងរយៈពេល៣០ ថ្ងៃ៕

អ៊ីស្រាអែលសម្លាប់មនុស្សបួននាក់នៅលីបង់ ខណៈខ្លួនបង្កើនការបំពានលើបទឈប់បាញ់

04/26/2026 01:04 PM        89
ទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់បួននាក់នៅក្នុងស្រុក Nabatieh ភាគខាងត្បូងប្រទេសលីបង់ ខណៈលោក Netanyahu បញ្ជាឱ្យកងទ័ពវាយប្រហារយ៉ាងខ្លាំងក្លាលើក្រុម ហេសបូឡា (Hezbollah) នៅក្នុងប្រទេសលីបង់ ក្នុងការផ្គើនទៅនឹងបទឈប់បាញ់ដែលនៅតែកំពុងបន្តរយៈពេលបីសប្តាហ៍ជាមួយក្រុមនេះ ។ ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ មជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់របស់ក្រសួងសុខាភិបាលលីបង់បាននិយាយថា ការវាយឆ្មក់ពីរលើករបស់អ៊ីស្រាអែលលើរថយន្តដឹកទំនិញ និងទោចក្រយានយន្តមួយគ្រឿងនៅក្នុងទីក្រុង Yohmor al-Shaqif បានសម្លាប់មនុស្សបួននាក់។លោកស្រី Heidi Pett របស់សារព័ត៌មាន Al Jazeera ដែលរាយការណ៍ពីទីក្រុង Tyre បាននិយាយថា ការវាយប្រហារទាំងនោះត្រូវបានធ្វើឡើងនៅភាគខាងជើងនៃទន្លេ Litani ដែលអ៊ីស្រាអែលបានប្រកាសជាឯកតោភាគីថាកំពុងធ្វើប្រតិបត្តិការ។ទន្ទឹមនឹងនេះ នៅក្នុងទីក្រុង Bint Jbeil ដែលក៏ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ផងដែរនោះ ទាហានអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថាបានបំផ្ទុះអគារមួយចំនួនកាលពីព្រឹកថ្ងៃសៅរ៍។អ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera បានរាយការណ៍ដាច់ដោយឡែកពីការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង Khiam រួមទាំងនៅលើអគារលំនៅឋានផងដែរ។ក្រសួងសុខាភិបាលលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី២ខែមីនា ២០ឥ២៦ នេះ មកបានសម្លាប់មនុស្ស២.៤៩៦ នាក់ និង៧.៩១៩នាក់រងរបួស៕

សមណនិស្សិត និងនិស្សិតជាង៦០០អង្គ/នាក់ ប្រឡងចូលរៀនថ្នាក់អនុបណ្ឌិត ឆ្លើយតបតម្រូវការធនធានមនុស្សនៅកម្ពុជា

04/26/2026 01:04 PM        56
ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំការប្រលងជ្រើសរើសសមណនិស្សិត និងនិស្សិត ប្រមាណជាង ៦០០អង្គ/នាក់ ឱ្យចូលសិក្សានៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស ដែលកម្ពុជាមានតម្រូវការចាំបាច់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ។ការបើកការប្រឡងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមសហអធិបតី លោកជំទាវ ទូច សារុំរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា ឯកឧត្តមបណ្ឌិត ឡៅ ឈីអ៊ាវ អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម បណ្ឌិត ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងមានការនិមន្តចូលរួម ពីសម្តេចព្រះត្រ័យរតនាវង្សាចារ្យ ទូច សាទរ ព្រះសុមេធវង្សបណ្ឌិតសុខ ប៊ុន ធឿន ប្រធានផ្នែកពុទ្ធិកឧត្តមសិក្សានិងក្រោយឧត្តមសិក្សា ព្រះថេរានត្ថេរគ្រប់ព្រះអង្គ គណៈគ្រប់គ្រង និងសាស្រ្តចារ្យ ។ក្នុងឱកាសនោះ ឯកឧត្តម ងួន ស្តេចភក្តី បានបង្ហាញពីឆន្ទៈមោះមុតក្នុងស្មារតីរួបរួមសាមគ្គី លើកកម្ពស់វិស័យពុទ្ធិកឧត្តមសិក្សា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការបន្តកសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ឱ្យកាន់តែរឹងមាំ ដើម្បីក្លាយជាសសរស្តម្ភ ដ៏មានឧត្តមប្រយោជន៍សម្រាប់សង្គមជាតិ ទាំងក្នុងផ្នែកអាណាចក្រនិងពុទ្ធចក្រក្នុងពេលអនាគត ។ ឯកឧត្តម បានបន្តថា ចំពោះពិធីប្រឡងនាព្រឹកនេះ មានសមណនិស្សិត និស្សិតដែលត្រូវប្រឡង ជ្រើសរើសឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៦១៥ អង្គ/នាក់ លើឯកទេសចំនួន៧ ទិន្នន័យនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការរួមចំណែក ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្សជាចម្បង។ពុទ្ធិកសាកលវិទ្យាល័យ បានបណ្តុះបណ្តាលធនធានបញ្ញាវន្ត ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។ គន្លឹះទី១ មនុស្ស រាជរដ្ឋាភិបាលបានកំណត់បញ្ចកោណទី១ គឺការអភិវឌ្ឍមូលធនមនុស្ស បន្តផ្តោតលើដេកិច្ចការអាទិភាពចំនួន៥ គឺទី១. ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, ទី២. ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ទី៣. ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន, ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និងទី៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន ។ក្នុងនោះ ឯកឧត្តមបណ្ឌិត ឡៅ ឈីអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការលើកកម្ពស់វិស័យអប់រំ ដោយតាមរយៈការប្រឡងនេះ គឺជាការពង្រឹងគុណភាព និងវាស់ស្ទង់សមត្ថភាពពិតប្រាកដរបស់បញ្ញវន្ត ព្រមទាំងសង្ឃឹមថា និស្សិតគ្រប់រូបនឹងយកចិត្តទុកដាក់ប្រឡងដោយជោគជ័យ ។ជាមួយគ្នានេះ លោកជំទាវ ទូច សារុំ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក៏បានគាំទ្រយ៉ាងពេញទំហឹង ក្នុងបេសកម្មកសាងធនធានមនុស្ស របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការតម្រង់ទិស ឲ្យយុវជនមានចំណេះដឹងប្រកបដោយគុណធម៌ និងសីលធម៌ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងកសាងសង្គមជាតិឲ្យរីកចម្រើន ។ សូមជម្រាបជូនថា ពិធីប្រឡងជ្រើសរើសសមណនិស្សិត និស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៦-២០២៧ លើឯកទេសចំនួន ៧ រួមមាន ៖ រដ្ឋបាលសាធារណៈ ជំនាន់ទី២២ នីតិឯកជន ជំនាន់ទី៦ គ្រប់គ្រងទូទៅ ជំនាន់ទី៩ វិទ្យាសាស្រ្តអប់រំ ជំនាន់ទី១១ បង្រៀនភាសាអង់គ្លេស ជំនាន់ទី១១ អក្សរសាស្ត្រខ្មែរ ជំនាន់ទី៦ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ជំនាន់ទី២ ដោយមានបេក្ខសមណនិស្សិត-និស្សិតចូលរួមប្រឡងប្រមាណ ៦១៥ អង្គ/នាក់ ៕ បាន សុខរិទ្ធិ

មនុស្សជាង៣.០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ខណៈជប៉ុនកំពុងព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃ

04/26/2026 01:04 PM        74
ក្រុមពន្លត់អគ្គិភ័យជាង១.០០០នាក់នៅភាគខាងជើងប្រទេសជប៉ុនបានព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃចំនួនពីរសម្រាប់ថ្ងៃទីបួនជាប់ៗគ្នាកាលពីថ្ងៃសៅរ៍ ខណៈភ្លើងឆេះព្រៃបានរាលដាលកាន់តែជិតតំបន់លំនៅឋានប្រជាពលរដ្ឋ និងបានបង្ខំឱ្យប្រជាជនជាង ៣.០០០នាក់ជម្លៀសចេញ។តំបន់ដែលរងផលប៉ះពាល់សរុបមានទំហំធំបំផុតទីបីនេះ ត្រូវបានកត់ត្រានៅក្នុងប្រទេសជប៉ុន ជាកន្លែងដែលភ្លើងឆេះព្រៃកាន់តែខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ចំហេះដំបូងបានឆាបឆេះឡើងកាលពីថ្ងៃពុធសប្ដាហ៍ ២២មេសា ២០២៦នេះ នៅតំបន់ភ្នំមួយ ហើយបន្ទាប់មកភ្លើងឆេះទីពីរនៅក្បែរនោះបានគំរាមកំហែងដល់លំនៅឋាននៅទីក្រុង Otsuchi ក្នុងខេត្ត Iwate។មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ស្ថានភាពដីលើភ្នំ អាកាសធាតុស្ងួត និងខ្យល់កំពុងរារាំងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់អណ្ដាតភ្លើង។គិតត្រឹមថ្ងៃសៅរ៍២៥មេសា ភ្លើងឆេះព្រៃបានឆេះបំផ្លាញលើផ្ទៃដីប្រហែល៧៣០ ហិកតា ដែលជំរុញឱ្យមានបទបញ្ជាជម្លៀសមនុស្សចេញគ្របដណ្តប់លើគ្រួសារចំនួន១.៥៤១ និងមនុស្សចំនួន៣.២៣៣ នាក់ ប្រហែលមួយភាគបីនៃចំនួនប្រជាជនក្នុងទីក្រុង Otsuchi៕

ស្នងការរាជធានីចេញបទបញ្ជាឲ្យនគរបាលអនុវត្តច្បាប់ដោយមិនលើកលែង លើអាជីវកម្មម៉ាស្សា ដែលមានចេតនាធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិភ្ញៀវអន្តរជាតិ

04/26/2026 12:04 PM        152
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានដាក់បទបញ្ជាទៅកាន់នគរបាលជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យរាល់ទីតាំងអាជីវកម្មម៉ាស្សាទាំងអស់ ករណីរកឃើញទីតាំងនោះមានចេតនាប្រព្រឹត្តិអំពើណាមួយដែលនាំឲ្យមានការបាត់បង់ទ្រព្យសម្បត្តិភ្ញៀវជាតិ ឬអន្តរជាតិ ត្រូវមានវិធានការច្បាប់ជាធរមាន ដោយមិនមានការលើកលែង នោះឡើយ ។បទបញ្ជាម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯកស្នងការ ធ្វើឡើង ស្របពេលដែលមានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយជនបរទេស ជាជនជាតិជប៉ុន០២នាក់ បានបាត់លុយចំនួន២ពាន់ដុល្លារ ក្នុងហាងម៉ាស្សាមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នៅវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ គ្រាដែលពួកគេទាំង០២ បានចូលទៅម៉ាស្សានៅទីនោះ ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បញ្ជាឲ្យនគរបាលជំនាញ អធិការខណ្ឌទាំង១៤ ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះធ្វើបច្ចុប្បន្នភាពពិនិត្យ និងស្រង់ស្ថិតិលើអាជីវកម្មម៉ាស្សាជូនភ្ញៀវអន្តរជាតិទាំងអស់ ដើម្បីកំណត់ពីអត្តសញ្ញាណអ្នកទទួលខុសត្រូវ នៃអាជីវកម្មទាំងមូលឲ្យបានច្បាស់លាស់ ដើម្បីឲ្យម្ចាស់អាជីវកម្មត្រូវចូលរួម ក្នុងការថែរក្សាសន្តិសុខ សុខវត្ថិភាព និងទ្រព្យជូនភ្ញៀវអន្តរជាតិ ដែលចូលមកលេងប្រទេសកម្ពុជា ។ លោកឧត្តមសេនីយ៍ សង្កត់ធ្ងន់ថា ករណីសមត្ថកិច្ចបានរកឃើញថា អ្នកគ្រប់គ្រងទីតាំងនោះបានអនុញ្ញាតឲ្យបុគ្គលិកខ្លួន ប្រព្រឹត្តិអំពើទុច្ចរិតណាមួយ ដែលនាំបង្កឲ្យមានអំពើអសន្តិសុខ ឬខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិភ្ញៀវដោយចេតនានោះ នោះអ្នកគ្រប់គ្រងទីតាំង និងអ្នកដែលបានប្រព្រឹត្តិ គឺនឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងជាដាច់ខាត ៕ លីហេង

សម្តេចតេជោ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃខេត្តត្បូងឃ្មុំ ជំរុញឱ្យការអនុវត្តការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព

04/26/2026 12:04 PM        101
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ នៅក្នុងខេត្តត្បូងឃ្មុំ ចំនួន៨៨៩នាក់។នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តត្បូងឃ្មុំសារជាថ្មីនៅថ្ងៃនេះ។ សម្តេចតេជោ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៅខេត្តត្បូងឃ្មុំទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងសម្រេចបាននូវសមិទ្ធផលនានា។ ទន្ទឹមនឹងការកោតសរសើរ សម្តេចតេជោ ក៏បានណែនាំ និងក្រើនរំលឹកដល់ក្រុមប្រឹក្សា និងមន្ត្រីនៅមូលដ្ឋានយកចិត្តទុកដាក់បន្ថែមទៀត ត្រូវខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់​សង្គមឲ្យបានល្អ ខិតខំលុបបំបាត់សកម្មភាពអាណាធិបតេយ្យ ក្មេងទំនើង ល្បែងស៊ីសង គ្រឿងញៀនជាពិសេសបង្ក្រាបអោយខានតែបាននូវការឆបោកតាមប្រព័ន្ធអនឡាញ។សម្តេចបន្តថា ខេត្តនីមួយៗ ស្រុកនិមួយៗ ឃុំនិមួយៗ ភូមិនិមួយៗ ត្រូវធ្វើការងារនេះអោយ​ជាប់ជាប្រចាំ ខណៈក្នុងសម័យឌីជីថលនេះគឺការលេចឡើងការឆបោក​អនឡាញ ដែលយើង​ត្រូវ​យកចិត្តទុកដាក់ បង្ក្រាបករណីបទល្មើសនេះកុំអោយងើបឡើងវិញអោយសោះ ត្រូវបោសសំអាត និងលុបបំបាត់អោយអស់ពីកម្ពុជា។សម្តេចក៏បានណែនាំឱ្យខិតខំយកចិត្តទុកដាក់ពិនិត្យមើលតាមមូលដ្ឋានបញ្ហាឡើងថ្លៃនៃតម្លៃប្រេងឥន្ទនៈ ដែលអាចនាំអោយមានអតិផរណា ខណៈដែលថ្នាក់ក្រោមជាតិក៏មានការចូលរួមចំណែកនៃការ​គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចដែរ ហើយក៏ត្រូវចូលរួមចំណែកសន្សំសំចៃឲ្យបានកម្រិតខ្ពស់លើការ​ចំណាយ​ដែលមិនចាំបាច់នានា។ សម្ដេចតេជោក៏បានមានប្រសាសន៍អោយមូលដ្ឋានគាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ ដើម្បីបង្កើនថវិកាជាតិ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធជាដើម ដែលនាំអោយបាត់បង់ថវិកាជាតិ។សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស បង្កើនភាពបៃតងនៅកម្ពុជា។ សម្ដេចតេជោក៏ឱ្យណែនាំអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋនៅក្របខណ្ឌទូទាំងប្រទេសឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសប្រើយន្តការដោះស្រាយ​ជម្លោះក្រៅ​ប្រព័ន្ធតុលាការ ដែលជាដំណោះស្រាយឈ្នះឈ្នះ ដោយមិនត្រូវលំអៀង​លើ​ផលប្រយោជន៍ណាមួយ។ សម្តេចតេជោក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់គ្រប់គ្រង និងជួយមើលថែចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋាន តាមរយៈការជួយយកអាសារគាត់ និងការចុះជួបសំណេះសំណាលពួកគាត់រយៈកម្មវិធីផ្សេងៗជាដើម។ សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់ខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ខិតខំកាត់បន្ថយឬលុបបំបាត់ការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋមកលើមន្ត្រី ដែលចំណុចនេះ សម្តេចសំដៅទៅលើមន្ត្រីមួយចំនួនដែលអសកម្ម និងនាំអោយប្រជាពលរដ្ឋថ្នាំងថ្នាក់ចិត្ត។ សម្តេចតេជោក៍ណែនាំអោយមន្ត្រីទាំងអស់ បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋអោយល្អ គឺពង្រឹងសេវាសាធារណៈ ជម្រុញល្បឿនអោយលឿនផ្តល់ជូនប្រជាពលរដ្ឋ។ចំពោះ សមាជិកក្រុមប្រឹក្សាមកពីតាមបណ្តាឃុំនិងស្រុក ក្នុងខេត្តត្បូងឃ្មុំ បានបង្ហាញក្តីរីករាយដែលបានជួបសំណេះសំណាលជាមួយសម្តេចតេជោប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងទទួលបានការណែនាំក្រើនរំលឹកលើការជម្រុញការអនុវត្តការងារនៅតាមមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព ។ ពួកគេប្តេជ្ញាយកអនុសាសន៍នេះទៅអនុវត្ត និងបំពេញកិច្ចការងារបម្រើសេវាសាធារណៈជូនពលរដ្ឋអោយបានល្អ។សូមបញ្ជាក់ថា គោលដៅនៃការចុះជួបសំណេះសំណាលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ការចុះជួបសំណេះសំណាលរបស់សម្ដេចតេជោនៅពេលនេះ ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭក និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាផងដែរ៕

មនុស្ស ១០នាក់ស្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំងរុស្ស៊ីលើទីក្រុង Dnipro និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន

04/26/2026 12:04 PM        75
កងកម្លាំងរុស្ស៊ីបានវាយប្រហារទីក្រុង Dnipro ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍២៥មេសា ក្នុងរលកនៃការវាយប្រហារដោយប្រើយានដ្រូន និងមីស៊ីល ដែលក៏បានវាយប្រហារតំបន់ផ្សេងទៀតផងដែរ ដោយបានសម្លាប់មនុស្ស ១០ នាក់ និង រាប់សិបនាក់របួស។ទីក្រុង Dnipro ត្រូវបានរងការវាយប្រហារដាច់ដោយឡែកពីគ្នាយ៉ាងហោចណាស់បីលើកទាំងយប់ទាំងថ្ងៃ។អភិបាលតំបន់ Oleksandr Hanzha បាននិយាយថា មនុស្សប្រាំបីនាក់បានស្លាប់ និង ៤៩ នាក់រងរបួសនៅក្នុងទីក្រុងនេះ ដែលជាគោលដៅដដែលៗក្នុងសង្គ្រាមជាងបួនឆ្នាំមកនេះជាមួយរុស្ស៊ី។លោក Hanzha បាននិយាយថា នៅក្នុងការវាយប្រហារដំបូងពេញមួយយប់ អគារអឹផាតមិនមួយបានដួលរលំបន្ទាប់ពីត្រូវបានវាយប្រហារ។ សាកសពចំនួនបួននាក់ត្រូវបានរកឃើញ ។ ទីតាំងនេះត្រូវបានវាយប្រហារម្តងទៀតក្នុងអំឡុងពេលថ្ងៃ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការ។ ការវាយប្រហារលើកទីពីរបានសម្លាប់មនុស្សម្នាក់ និងប្រាំពីរនាក់រងរបួស។មនុស្សប្រាំបីនាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារជាបន្តបន្ទាប់កាលពីល្ងាចថ្ងៃសៅរ៍។ លោក Hanzha បាននិយាយថា ពួកគេទាំងអស់កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។លោក Hanzha បានសរសេរនៅលើ Telegram ថា អស់រយៈពេលជាង ២០ ម៉ោងដ៏គួរឱ្យភ័យខ្លាច រុស្ស៊ីបានវាយប្រហារទីក្រុង Dnipro ក្នុងរលកវាយប្រហារជាច្រើន។ ពួកគេបានវាយប្រហារដោយមីស៊ីល និងយានដ្រូន។ ពួកគេបានវាយប្រហារដោយចេតនា។ ពួកគេបានវាយប្រហារតំបន់លំនៅឋាន។កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហារដោយយានដ្រូន ចំនួន ៦១៩ គ្រឿង និងមីស៊ីលចំនួន ៤៧ គ្រាប់ពេញមួយយប់ ដោយបន្ថែមថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន ចំនួន ៥៨០ គ្រឿង និងមីស៊ីលចំនួន ៣០ គ្រាប់៕

ប្រធានាធិបតីអ៊ីរ៉ង់ អំពាវនាវឱ្យប្រជាជនសន្សំសំចៃថាមពល

04/26/2026 11:04 AM        67
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអំពាវនាវដល់ប្រជាជនអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ២៥ មេសា ឱ្យសន្សំសំចៃអគ្គិសនី ដោយព្រមានថា ខណៈមិនមានការខ្វះខាតនាពេលបច្ចុប្បន្ន សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មានគោលបំណងសាបព្រោះ "ការមិនពេញចិត្ត" ក្នុងចំណោមប្រជាជនអ៊ីរ៉ង់។ លោកប្រធានាធិបតីបានថ្លែងនៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា ពួកលោកបានស្នើសុំឱ្យប្រជាជនជាទីស្រឡាញ់របស់ពួកលោក ដែលឥឡូវនេះត្រៀមខ្លួនរួចរាល់ និងមានវត្តមាននៅលើទឹកដីនេះ នូវសំណើសាមញ្ញមួយ។ ហើយនោះគឺកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងថាមពលរបស់ពួកគេ។ លោកបានបន្ថែមថា ពួកលោកមិនត្រូវការឱ្យប្រជាជនលះបង់សម្រាប់ពេលបច្ចុប្បន្នទេ ប៉ុន្តែពួកលោកត្រូវគ្រប់គ្រងការប្រើប្រាស់។ ជំនួសឱ្យការប្រើអំពូលភ្លើងចំនួន១០ មកប្រើត្រឹមអំពូលភ្លើងពីរវិញនៅក្នុងផ្ទះ តើអាចទៅរួចឬអត់?។ទោះបីជាមានយុទ្ធនាការទម្លាក់គ្រាប់បែករវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ក៏ដោយ ក៏ពុំមានរបាយការណ៍អំពីការដាច់ចរន្តអគ្គិសនីនៅទីក្រុងតេអេរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះទេ។លោក Pezeshkian បានចោទប្រកាន់សត្រូវរបស់អ៊ីរ៉ង់ថាបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ និងបិទផ្លូវទឹកដើម្បីឱ្យការពេញចិត្តបច្ចុប្បន្នប្រែទៅជាការមិនពេញចិត្តវិញ៕

សម្ដេចធិបតីឱ្យសិក្សាផ្នែកច្បាប់ដាក់ទោសក្មេងទំនើង ទៅអនុវត្តទោសបម្រើការងារនៅសមរភូមិមុខ

04/26/2026 11:04 AM        110
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌, អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន សិក្សាផ្លូវច្បាប់ ដើម្បីយកក្មេងទំនើងអុកឡុកក្នុងសង្គម ទៅបម្រើឲ្យសកម្មនៅសមរភូមិមុខ ដូចជាការសំណង់ ធ្វើផ្លូវ ឬធ្វើលេនដ្ឋានជាដើម។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ សម្ដេចធិបតី បានលើកឡើងថា បច្ចុប្បន្នសកម្មភាពក្មេងទំនើងមានការកើនឡើងច្រើន ដូច្នេះ សម្ដេចធិបតី បន្តដាក់បទបញ្ជាដល់បណ្ដាគណៈបញ្ជាឯកភាពរាជធានី ខេត្ត ត្រូវបន្តអនុវត្តវិធានការតឹងរឹងលើការបង្ក្រាបក្មេងទំនើង និងសិក្សាផ្នែកច្បាប់លើការចង់កាតព្វកិច្ចចំពោះឪពុកម្ដាយ និងអ្នកអាណាព្យាបាលត្រូវទទួលខុសត្រូវលើរឿងនេះ ខណៈក្មេងទំនើងមួយចំនួនជាកូនមន្រ្ដី ឬអ្នកធំ។សម្ដេចធិបតី បានបញ្ជាក់ថា «ចំពោះក្មេងទំនើង ដែលតដៃជាមួយសមត្ថកិច្ច ធ្វើឲ្យសមត្ថកិច្ចមានរបួសស្នាម ត្រូវដាក់ទោសទណ្ឌឲ្យតឹងមែនទែន ព្រោះសមត្ថកិច្ចចុះអនុវត្ដការងារ មិនត្រូវខ្លាចក្មេងទំនើងទេ ប៉ុន្ដែក្មេងទំនើងត្រូវ គ្រាន់តែឃើញអាវសមត្ថកិច្ច គឺត្រូវខ្លាច និងគោរព»។បន្ថែមពីនោះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា មន្រ្ដីអនុវត្ដច្បាប់ត្រូវមានច្បាប់ការពារ ហើយមានសិទ្ធិអំណាចក្នុងការអនុវត្ដ ដើម្បីឲ្យអ្នកល្មើសច្បាប់ខ្លាច ហើយអ្នកល្មើសច្បាប់តដៃធ្វើឲ្យសមត្ថកិច្ចមានរបួសស្នាម ត្រូវដាក់វិធានការឲ្យតឹងជាទីបំផុត ដោយគ្មានការយោគយល់នោះឡើយ។បើតាមការឱ្យដឹងពីសម្ដេចធិបតី កាលពីពេលថ្មីៗនេះ អធិការរងស្រុកស្ទឹងត្រង់ម្នាក់ បានរងរបួសធ្ងន់ធ្ងរដេកដួលក្នុងថ្លុកឈាម ដោយសារតែក្មេងទំនើង ចាក់ដោយដែកឆាបចំផ្ទៃមុខពីរកន្លែង ពេលចុះបង្ក្រាបករណីក្មេងទំនើងវាយតប់គ្នា នៅកម្មវិធីប្រដាល់គុនខ្មែរ នៅក្នុងមូលដ្ឋាន នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ នាយនគរបាលដែលរងរបួស ពេលបំពេញប្រតិបត្តិការនេះ ឈ្មោះ ម៉ាប់ សុផាត មានឋានន្ដរស័ក្ដិថ្នាក់ វរសេនីយ៍ទោ ជាអធិការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។ តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត (មានឈាមកកក្នុងខួរក្បាល) សន្លប់មិនទាន់ដឹងខ្លួននៅឡើយ និងកំពុងបន្តបញ្ចូនទៅព្យាបាលប្រទេសវៀតណាម៕

សម្ដេចធិបតី៖ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺជ្រើសរើសអ្នកស្ម័គ្រចិត្តតាមតម្រូវការកងទ័ពជាក់ស្ដែង

04/26/2026 11:04 AM        409
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ គណៈរដ្ឋមន្ដ្រីបានអនុម័ត ច្បាប់ស្ដីពីកាតព្វកិច្ចយោធារួចហើយ ខណៈ៖ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺជ្រើសរើសអ្នកស្ម័គ្រចិត្តតាមតម្រូវការកងទ័ពជាក់ស្ដែង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ សម្ដេចធិបតី បានថ្លែងថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធា គឺបានកំណត់ការជ្រើរើសពលរដ្ឋកម្ពុជាទាំងពីរភេទអាយុ ១៨-២៥ឆ្នាំឡើងទៅដើម្បីបំពេញកាតព្វកិច្ចនេះ ក្នុងនោះយុវតីគឺជ្រើសរើសតាមការស្ម័គ្រចិត្ត។ ខណៈកាតព្វកិច្ចយោធានៅតាមបណ្ដាប្រទេសខ្លះ មិនធ្វើព្រមគ្នាក្នុងពេលតែមួយនោះទេ ពោល គឺយកតាមតម្រូវការកងទ័ព តាមរយៈការចាប់ឆ្នោត។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាតព្វកិច្ចយោធា នៅប្រទេសកម្ពុជា គឺអនុវត្តតាមតម្រូវការកងទ័ព មិនធ្វើព្រមគ្នាក្នុងពេលតែមួយនោះទេ ពោលនឹងប្រើប្រាស់វិធីចាប់ឆ្នោត ឬជ្រើសរើសតាមការស្ម័គ្រចិត្ត។ សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាល កំពុងសិក្សារូបមន្ដពីរ ក្នុងការអនុវត្តកាតព្វកិច្ចយោធា តាមរយៈការស្ម័គ្រចិត្ត និងចាប់បង្ខំ ក្នុងករណីអ្នកស្ម័គ្រចិត្តមិនគ្រប់ចំនួន។សម្ដេចធិបតីបានថ្លែងថា កាតព្វកិច្ចយោធា មិនអាចហួសសម័យនោះទេ ទោះបណ្ដាប្រទេសមួយចំនួនឈប់អនុវត្ត ប៉ុន្ដែក្រោយមកបានត្រឡប់មកអនុវត្តវិញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាតព្វកិច្ចយោធា មិនមែនធ្វើដើម្បីពង្រឹងតែវិស័យការពារជាតិនោះទេ។ កាតព្វកិច្ចយោធា ជាការអប់រំសីលធម៌ វិន័យ ការធ្វើការជាក្រុម មិនមែនក្រុមកាប់គ្នាតាមដងផ្លូវនោះទេ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា នៅបណ្ដាប្រទេសមួយចំនួន បានផ្ដល់អាទិភាពខ្ពស់ដល់អ្នកដែលបានអនុវត្តកាតព្វកិច្ចយោធា នៅពេលចេញទៅធ្វើការ ខណៈប្រទេសកម្ពុជា នឹងមានយុវជនដែលបានហាត់ពត់លត់ដំវិន័យ ដែលនេះជាផលនៃការអនុវត្តកាតព្វកិច្ចយោធា។សម្ដេចធិបតីបានថ្លែងថា អ្នកដែលបានអនុវត្តកាតព្វកិច្ចយោធារួច នឹងក្លាយជាទ័ពបម្រុង រហូតដល់អាយុ៤៥ឆ្នាំ ប៉ុន្ដែក្នុងអំឡុងពេលជាទ័ពបម្រុងនេះ ពួកគេអាចទៅបំពេញការងារនៅវិស័យឯកជន ឬការងាររបស់ខ្លួនជាធម្មតា។ ចំណុចនេះរាជរដ្ឋាភិបាលក៏កំពុងសិក្សាពិនិត្យដើម្បីមិនឱ្យប៉ះពាល់ដល់ការងាររបស់ពលរដ្ឋនៅពេលមកអនុវត្តកាតព្វកិច្ចយោធានេះផងដែរ។ សម្ដេចធិបតី បានថ្លែងថា ទ័ពបម្រុងក្រោយអនុវត្តកាតព្វកិច្ចយោធា គឺដូចទាហានអាជីព ខុសគ្នាត្រង់ប្រាក់បៀវត្ស៍ និងប្រាក់ឧបត្ថម្ភ។ ទ័ពបម្រុងទទួលបានប្រាក់ឧបត្ថម្ភ ទ័ពអាជីពមានប្រាក់ខែ តែការផ្ដល់ជូនរបស់រដ្ឋពីរបបផ្សេងៗ គឺមានដូចគ្នា។ សាលាជំនាញរបស់កងទ័ព បច្ចុប្បន្នគឺមានច្រើន ដែលអាចផ្ដល់អាទិភាពដល់អ្នកអនុវត្តកាតព្វកិច្ចយោធា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM