ស្វែងរក

ស្នងការរាជធានីចេញបទបញ្ជាឲ្យនគរបាលអនុវត្តច្បាប់ដោយមិនលើកលែង លើអាជីវកម្មម៉ាស្សា ដែលមានចេតនាធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិភ្ញៀវអន្តរជាតិ

04/26/2026 12:04 PM        186
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានដាក់បទបញ្ជាទៅកាន់នគរបាលជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យរាល់ទីតាំងអាជីវកម្មម៉ាស្សាទាំងអស់ ករណីរកឃើញទីតាំងនោះមានចេតនាប្រព្រឹត្តិអំពើណាមួយដែលនាំឲ្យមានការបាត់បង់ទ្រព្យសម្បត្តិភ្ញៀវជាតិ ឬអន្តរជាតិ ត្រូវមានវិធានការច្បាប់ជាធរមាន ដោយមិនមានការលើកលែង នោះឡើយ ។បទបញ្ជាម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯកស្នងការ ធ្វើឡើង ស្របពេលដែលមានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយជនបរទេស ជាជនជាតិជប៉ុន០២នាក់ បានបាត់លុយចំនួន២ពាន់ដុល្លារ ក្នុងហាងម៉ាស្សាមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នៅវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ គ្រាដែលពួកគេទាំង០២ បានចូលទៅម៉ាស្សានៅទីនោះ ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បញ្ជាឲ្យនគរបាលជំនាញ អធិការខណ្ឌទាំង១៤ ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះធ្វើបច្ចុប្បន្នភាពពិនិត្យ និងស្រង់ស្ថិតិលើអាជីវកម្មម៉ាស្សាជូនភ្ញៀវអន្តរជាតិទាំងអស់ ដើម្បីកំណត់ពីអត្តសញ្ញាណអ្នកទទួលខុសត្រូវ នៃអាជីវកម្មទាំងមូលឲ្យបានច្បាស់លាស់ ដើម្បីឲ្យម្ចាស់អាជីវកម្មត្រូវចូលរួម ក្នុងការថែរក្សាសន្តិសុខ សុខវត្ថិភាព និងទ្រព្យជូនភ្ញៀវអន្តរជាតិ ដែលចូលមកលេងប្រទេសកម្ពុជា ។ លោកឧត្តមសេនីយ៍ សង្កត់ធ្ងន់ថា ករណីសមត្ថកិច្ចបានរកឃើញថា អ្នកគ្រប់គ្រងទីតាំងនោះបានអនុញ្ញាតឲ្យបុគ្គលិកខ្លួន ប្រព្រឹត្តិអំពើទុច្ចរិតណាមួយ ដែលនាំបង្កឲ្យមានអំពើអសន្តិសុខ ឬខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិភ្ញៀវដោយចេតនានោះ នោះអ្នកគ្រប់គ្រងទីតាំង និងអ្នកដែលបានប្រព្រឹត្តិ គឺនឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងជាដាច់ខាត ៕ លីហេង

សម្តេចតេជោ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃខេត្តត្បូងឃ្មុំ ជំរុញឱ្យការអនុវត្តការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព

04/26/2026 12:04 PM        170
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ នៅក្នុងខេត្តត្បូងឃ្មុំ ចំនួន៨៨៩នាក់។នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តត្បូងឃ្មុំសារជាថ្មីនៅថ្ងៃនេះ។ សម្តេចតេជោ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៅខេត្តត្បូងឃ្មុំទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងសម្រេចបាននូវសមិទ្ធផលនានា។ ទន្ទឹមនឹងការកោតសរសើរ សម្តេចតេជោ ក៏បានណែនាំ និងក្រើនរំលឹកដល់ក្រុមប្រឹក្សា និងមន្ត្រីនៅមូលដ្ឋានយកចិត្តទុកដាក់បន្ថែមទៀត ត្រូវខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់​សង្គមឲ្យបានល្អ ខិតខំលុបបំបាត់សកម្មភាពអាណាធិបតេយ្យ ក្មេងទំនើង ល្បែងស៊ីសង គ្រឿងញៀនជាពិសេសបង្ក្រាបអោយខានតែបាននូវការឆបោកតាមប្រព័ន្ធអនឡាញ។សម្តេចបន្តថា ខេត្តនីមួយៗ ស្រុកនិមួយៗ ឃុំនិមួយៗ ភូមិនិមួយៗ ត្រូវធ្វើការងារនេះអោយ​ជាប់ជាប្រចាំ ខណៈក្នុងសម័យឌីជីថលនេះគឺការលេចឡើងការឆបោក​អនឡាញ ដែលយើង​ត្រូវ​យកចិត្តទុកដាក់ បង្ក្រាបករណីបទល្មើសនេះកុំអោយងើបឡើងវិញអោយសោះ ត្រូវបោសសំអាត និងលុបបំបាត់អោយអស់ពីកម្ពុជា។សម្តេចក៏បានណែនាំឱ្យខិតខំយកចិត្តទុកដាក់ពិនិត្យមើលតាមមូលដ្ឋានបញ្ហាឡើងថ្លៃនៃតម្លៃប្រេងឥន្ទនៈ ដែលអាចនាំអោយមានអតិផរណា ខណៈដែលថ្នាក់ក្រោមជាតិក៏មានការចូលរួមចំណែកនៃការ​គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចដែរ ហើយក៏ត្រូវចូលរួមចំណែកសន្សំសំចៃឲ្យបានកម្រិតខ្ពស់លើការ​ចំណាយ​ដែលមិនចាំបាច់នានា។ សម្ដេចតេជោក៏បានមានប្រសាសន៍អោយមូលដ្ឋានគាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ ដើម្បីបង្កើនថវិកាជាតិ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធជាដើម ដែលនាំអោយបាត់បង់ថវិកាជាតិ។សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស បង្កើនភាពបៃតងនៅកម្ពុជា។ សម្ដេចតេជោក៏ឱ្យណែនាំអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋនៅក្របខណ្ឌទូទាំងប្រទេសឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសប្រើយន្តការដោះស្រាយ​ជម្លោះក្រៅ​ប្រព័ន្ធតុលាការ ដែលជាដំណោះស្រាយឈ្នះឈ្នះ ដោយមិនត្រូវលំអៀង​លើ​ផលប្រយោជន៍ណាមួយ។ សម្តេចតេជោក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់គ្រប់គ្រង និងជួយមើលថែចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋាន តាមរយៈការជួយយកអាសារគាត់ និងការចុះជួបសំណេះសំណាលពួកគាត់រយៈកម្មវិធីផ្សេងៗជាដើម។ សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់ខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ខិតខំកាត់បន្ថយឬលុបបំបាត់ការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋមកលើមន្ត្រី ដែលចំណុចនេះ សម្តេចសំដៅទៅលើមន្ត្រីមួយចំនួនដែលអសកម្ម និងនាំអោយប្រជាពលរដ្ឋថ្នាំងថ្នាក់ចិត្ត។ សម្តេចតេជោក៍ណែនាំអោយមន្ត្រីទាំងអស់ បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋអោយល្អ គឺពង្រឹងសេវាសាធារណៈ ជម្រុញល្បឿនអោយលឿនផ្តល់ជូនប្រជាពលរដ្ឋ។ចំពោះ សមាជិកក្រុមប្រឹក្សាមកពីតាមបណ្តាឃុំនិងស្រុក ក្នុងខេត្តត្បូងឃ្មុំ បានបង្ហាញក្តីរីករាយដែលបានជួបសំណេះសំណាលជាមួយសម្តេចតេជោប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងទទួលបានការណែនាំក្រើនរំលឹកលើការជម្រុញការអនុវត្តការងារនៅតាមមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព ។ ពួកគេប្តេជ្ញាយកអនុសាសន៍នេះទៅអនុវត្ត និងបំពេញកិច្ចការងារបម្រើសេវាសាធារណៈជូនពលរដ្ឋអោយបានល្អ។សូមបញ្ជាក់ថា គោលដៅនៃការចុះជួបសំណេះសំណាលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ការចុះជួបសំណេះសំណាលរបស់សម្ដេចតេជោនៅពេលនេះ ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭក និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាផងដែរ៕

មនុស្ស ១០នាក់ស្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំងរុស្ស៊ីលើទីក្រុង Dnipro និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន

04/26/2026 12:04 PM        113
កងកម្លាំងរុស្ស៊ីបានវាយប្រហារទីក្រុង Dnipro ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍២៥មេសា ក្នុងរលកនៃការវាយប្រហារដោយប្រើយានដ្រូន និងមីស៊ីល ដែលក៏បានវាយប្រហារតំបន់ផ្សេងទៀតផងដែរ ដោយបានសម្លាប់មនុស្ស ១០ នាក់ និង រាប់សិបនាក់របួស។ទីក្រុង Dnipro ត្រូវបានរងការវាយប្រហារដាច់ដោយឡែកពីគ្នាយ៉ាងហោចណាស់បីលើកទាំងយប់ទាំងថ្ងៃ។អភិបាលតំបន់ Oleksandr Hanzha បាននិយាយថា មនុស្សប្រាំបីនាក់បានស្លាប់ និង ៤៩ នាក់រងរបួសនៅក្នុងទីក្រុងនេះ ដែលជាគោលដៅដដែលៗក្នុងសង្គ្រាមជាងបួនឆ្នាំមកនេះជាមួយរុស្ស៊ី។លោក Hanzha បាននិយាយថា នៅក្នុងការវាយប្រហារដំបូងពេញមួយយប់ អគារអឹផាតមិនមួយបានដួលរលំបន្ទាប់ពីត្រូវបានវាយប្រហារ។ សាកសពចំនួនបួននាក់ត្រូវបានរកឃើញ ។ ទីតាំងនេះត្រូវបានវាយប្រហារម្តងទៀតក្នុងអំឡុងពេលថ្ងៃ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការ។ ការវាយប្រហារលើកទីពីរបានសម្លាប់មនុស្សម្នាក់ និងប្រាំពីរនាក់រងរបួស។មនុស្សប្រាំបីនាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារជាបន្តបន្ទាប់កាលពីល្ងាចថ្ងៃសៅរ៍។ លោក Hanzha បាននិយាយថា ពួកគេទាំងអស់កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។លោក Hanzha បានសរសេរនៅលើ Telegram ថា អស់រយៈពេលជាង ២០ ម៉ោងដ៏គួរឱ្យភ័យខ្លាច រុស្ស៊ីបានវាយប្រហារទីក្រុង Dnipro ក្នុងរលកវាយប្រហារជាច្រើន។ ពួកគេបានវាយប្រហារដោយមីស៊ីល និងយានដ្រូន។ ពួកគេបានវាយប្រហារដោយចេតនា។ ពួកគេបានវាយប្រហារតំបន់លំនៅឋាន។កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហារដោយយានដ្រូន ចំនួន ៦១៩ គ្រឿង និងមីស៊ីលចំនួន ៤៧ គ្រាប់ពេញមួយយប់ ដោយបន្ថែមថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន ចំនួន ៥៨០ គ្រឿង និងមីស៊ីលចំនួន ៣០ គ្រាប់៕

ប្រធានាធិបតីអ៊ីរ៉ង់ អំពាវនាវឱ្យប្រជាជនសន្សំសំចៃថាមពល

04/26/2026 11:04 AM        83
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអំពាវនាវដល់ប្រជាជនអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ២៥ មេសា ឱ្យសន្សំសំចៃអគ្គិសនី ដោយព្រមានថា ខណៈមិនមានការខ្វះខាតនាពេលបច្ចុប្បន្ន សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មានគោលបំណងសាបព្រោះ "ការមិនពេញចិត្ត" ក្នុងចំណោមប្រជាជនអ៊ីរ៉ង់។ លោកប្រធានាធិបតីបានថ្លែងនៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា ពួកលោកបានស្នើសុំឱ្យប្រជាជនជាទីស្រឡាញ់របស់ពួកលោក ដែលឥឡូវនេះត្រៀមខ្លួនរួចរាល់ និងមានវត្តមាននៅលើទឹកដីនេះ នូវសំណើសាមញ្ញមួយ។ ហើយនោះគឺកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងថាមពលរបស់ពួកគេ។ លោកបានបន្ថែមថា ពួកលោកមិនត្រូវការឱ្យប្រជាជនលះបង់សម្រាប់ពេលបច្ចុប្បន្នទេ ប៉ុន្តែពួកលោកត្រូវគ្រប់គ្រងការប្រើប្រាស់។ ជំនួសឱ្យការប្រើអំពូលភ្លើងចំនួន១០ មកប្រើត្រឹមអំពូលភ្លើងពីរវិញនៅក្នុងផ្ទះ តើអាចទៅរួចឬអត់?។ទោះបីជាមានយុទ្ធនាការទម្លាក់គ្រាប់បែករវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ក៏ដោយ ក៏ពុំមានរបាយការណ៍អំពីការដាច់ចរន្តអគ្គិសនីនៅទីក្រុងតេអេរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះទេ។លោក Pezeshkian បានចោទប្រកាន់សត្រូវរបស់អ៊ីរ៉ង់ថាបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ និងបិទផ្លូវទឹកដើម្បីឱ្យការពេញចិត្តបច្ចុប្បន្នប្រែទៅជាការមិនពេញចិត្តវិញ៕

សម្ដេចធិបតីឱ្យសិក្សាផ្នែកច្បាប់ដាក់ទោសក្មេងទំនើង ទៅអនុវត្តទោសបម្រើការងារនៅសមរភូមិមុខ

04/26/2026 11:04 AM        170
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌, អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន សិក្សាផ្លូវច្បាប់ ដើម្បីយកក្មេងទំនើងអុកឡុកក្នុងសង្គម ទៅបម្រើឲ្យសកម្មនៅសមរភូមិមុខ ដូចជាការសំណង់ ធ្វើផ្លូវ ឬធ្វើលេនដ្ឋានជាដើម។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ សម្ដេចធិបតី បានលើកឡើងថា បច្ចុប្បន្នសកម្មភាពក្មេងទំនើងមានការកើនឡើងច្រើន ដូច្នេះ សម្ដេចធិបតី បន្តដាក់បទបញ្ជាដល់បណ្ដាគណៈបញ្ជាឯកភាពរាជធានី ខេត្ត ត្រូវបន្តអនុវត្តវិធានការតឹងរឹងលើការបង្ក្រាបក្មេងទំនើង និងសិក្សាផ្នែកច្បាប់លើការចង់កាតព្វកិច្ចចំពោះឪពុកម្ដាយ និងអ្នកអាណាព្យាបាលត្រូវទទួលខុសត្រូវលើរឿងនេះ ខណៈក្មេងទំនើងមួយចំនួនជាកូនមន្រ្ដី ឬអ្នកធំ។សម្ដេចធិបតី បានបញ្ជាក់ថា «ចំពោះក្មេងទំនើង ដែលតដៃជាមួយសមត្ថកិច្ច ធ្វើឲ្យសមត្ថកិច្ចមានរបួសស្នាម ត្រូវដាក់ទោសទណ្ឌឲ្យតឹងមែនទែន ព្រោះសមត្ថកិច្ចចុះអនុវត្ដការងារ មិនត្រូវខ្លាចក្មេងទំនើងទេ ប៉ុន្ដែក្មេងទំនើងត្រូវ គ្រាន់តែឃើញអាវសមត្ថកិច្ច គឺត្រូវខ្លាច និងគោរព»។បន្ថែមពីនោះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា មន្រ្ដីអនុវត្ដច្បាប់ត្រូវមានច្បាប់ការពារ ហើយមានសិទ្ធិអំណាចក្នុងការអនុវត្ដ ដើម្បីឲ្យអ្នកល្មើសច្បាប់ខ្លាច ហើយអ្នកល្មើសច្បាប់តដៃធ្វើឲ្យសមត្ថកិច្ចមានរបួសស្នាម ត្រូវដាក់វិធានការឲ្យតឹងជាទីបំផុត ដោយគ្មានការយោគយល់នោះឡើយ។បើតាមការឱ្យដឹងពីសម្ដេចធិបតី កាលពីពេលថ្មីៗនេះ អធិការរងស្រុកស្ទឹងត្រង់ម្នាក់ បានរងរបួសធ្ងន់ធ្ងរដេកដួលក្នុងថ្លុកឈាម ដោយសារតែក្មេងទំនើង ចាក់ដោយដែកឆាបចំផ្ទៃមុខពីរកន្លែង ពេលចុះបង្ក្រាបករណីក្មេងទំនើងវាយតប់គ្នា នៅកម្មវិធីប្រដាល់គុនខ្មែរ នៅក្នុងមូលដ្ឋាន នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ នាយនគរបាលដែលរងរបួស ពេលបំពេញប្រតិបត្តិការនេះ ឈ្មោះ ម៉ាប់ សុផាត មានឋានន្ដរស័ក្ដិថ្នាក់ វរសេនីយ៍ទោ ជាអធិការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។ តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត (មានឈាមកកក្នុងខួរក្បាល) សន្លប់មិនទាន់ដឹងខ្លួននៅឡើយ និងកំពុងបន្តបញ្ចូនទៅព្យាបាលប្រទេសវៀតណាម៕

សម្ដេចធិបតី៖ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺជ្រើសរើសអ្នកស្ម័គ្រចិត្តតាមតម្រូវការកងទ័ពជាក់ស្ដែង

04/26/2026 11:04 AM        517
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ គណៈរដ្ឋមន្ដ្រីបានអនុម័ត ច្បាប់ស្ដីពីកាតព្វកិច្ចយោធារួចហើយ ខណៈ៖ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺជ្រើសរើសអ្នកស្ម័គ្រចិត្តតាមតម្រូវការកងទ័ពជាក់ស្ដែង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ សម្ដេចធិបតី បានថ្លែងថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធា គឺបានកំណត់ការជ្រើរើសពលរដ្ឋកម្ពុជាទាំងពីរភេទអាយុ ១៨-២៥ឆ្នាំឡើងទៅដើម្បីបំពេញកាតព្វកិច្ចនេះ ក្នុងនោះយុវតីគឺជ្រើសរើសតាមការស្ម័គ្រចិត្ត។ ខណៈកាតព្វកិច្ចយោធានៅតាមបណ្ដាប្រទេសខ្លះ មិនធ្វើព្រមគ្នាក្នុងពេលតែមួយនោះទេ ពោល គឺយកតាមតម្រូវការកងទ័ព តាមរយៈការចាប់ឆ្នោត។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាតព្វកិច្ចយោធា នៅប្រទេសកម្ពុជា គឺអនុវត្តតាមតម្រូវការកងទ័ព មិនធ្វើព្រមគ្នាក្នុងពេលតែមួយនោះទេ ពោលនឹងប្រើប្រាស់វិធីចាប់ឆ្នោត ឬជ្រើសរើសតាមការស្ម័គ្រចិត្ត។ សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាល កំពុងសិក្សារូបមន្ដពីរ ក្នុងការអនុវត្តកាតព្វកិច្ចយោធា តាមរយៈការស្ម័គ្រចិត្ត និងចាប់បង្ខំ ក្នុងករណីអ្នកស្ម័គ្រចិត្តមិនគ្រប់ចំនួន។សម្ដេចធិបតីបានថ្លែងថា កាតព្វកិច្ចយោធា មិនអាចហួសសម័យនោះទេ ទោះបណ្ដាប្រទេសមួយចំនួនឈប់អនុវត្ត ប៉ុន្ដែក្រោយមកបានត្រឡប់មកអនុវត្តវិញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាតព្វកិច្ចយោធា មិនមែនធ្វើដើម្បីពង្រឹងតែវិស័យការពារជាតិនោះទេ។ កាតព្វកិច្ចយោធា ជាការអប់រំសីលធម៌ វិន័យ ការធ្វើការជាក្រុម មិនមែនក្រុមកាប់គ្នាតាមដងផ្លូវនោះទេ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា នៅបណ្ដាប្រទេសមួយចំនួន បានផ្ដល់អាទិភាពខ្ពស់ដល់អ្នកដែលបានអនុវត្តកាតព្វកិច្ចយោធា នៅពេលចេញទៅធ្វើការ ខណៈប្រទេសកម្ពុជា នឹងមានយុវជនដែលបានហាត់ពត់លត់ដំវិន័យ ដែលនេះជាផលនៃការអនុវត្តកាតព្វកិច្ចយោធា។សម្ដេចធិបតីបានថ្លែងថា អ្នកដែលបានអនុវត្តកាតព្វកិច្ចយោធារួច នឹងក្លាយជាទ័ពបម្រុង រហូតដល់អាយុ៤៥ឆ្នាំ ប៉ុន្ដែក្នុងអំឡុងពេលជាទ័ពបម្រុងនេះ ពួកគេអាចទៅបំពេញការងារនៅវិស័យឯកជន ឬការងាររបស់ខ្លួនជាធម្មតា។ ចំណុចនេះរាជរដ្ឋាភិបាលក៏កំពុងសិក្សាពិនិត្យដើម្បីមិនឱ្យប៉ះពាល់ដល់ការងាររបស់ពលរដ្ឋនៅពេលមកអនុវត្តកាតព្វកិច្ចយោធានេះផងដែរ។ សម្ដេចធិបតី បានថ្លែងថា ទ័ពបម្រុងក្រោយអនុវត្តកាតព្វកិច្ចយោធា គឺដូចទាហានអាជីព ខុសគ្នាត្រង់ប្រាក់បៀវត្ស៍ និងប្រាក់ឧបត្ថម្ភ។ ទ័ពបម្រុងទទួលបានប្រាក់ឧបត្ថម្ភ ទ័ពអាជីពមានប្រាក់ខែ តែការផ្ដល់ជូនរបស់រដ្ឋពីរបបផ្សេងៗ គឺមានដូចគ្នា។ សាលាជំនាញរបស់កងទ័ព បច្ចុប្បន្នគឺមានច្រើន ដែលអាចផ្ដល់អាទិភាពដល់អ្នកអនុវត្តកាតព្វកិច្ចយោធា៕

លោក Trump លុបចោលដំណើរបេសកជនទៅកាន់ប៉ាគីស្ថាន ដោយនិយាយថាសង្គ្រាមអ៊ីរ៉ង់ នឹងមិនបន្តភ្លាមៗទេ

04/26/2026 11:04 AM        99
ប្រធានាធិបតីអាមេរិកលោក Donald Trump បានលុបចោលដំណើរទស្សនកិច្ចបេសកជនរបស់លោកទៅកាន់ប្រទេសប៉ាគីស្ថានសម្រាប់ការចរចាសន្តិភាពជាមួយអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ២៥ មេសា ដោយនិយាយថាគ្មានចំណុចណាមួយដែលត្រូវ «អង្គុយនិយាយអំពីរឿងឥតប្រយោជន៍អ្វីសោះ» នោះទេ ប៉ុន្តែលោកបានបន្ថែមថា សង្គ្រាមនឹងមិនបន្តភ្លាមៗនោះទេ។លោក Trump បាននិយាយថា លោកបានលុបចោលដំណើរទស្សនកិច្ចនេះ បន្ទាប់ពីមិនចាប់អារម្មណ៍នឹងជំហរចរចារបស់ទីក្រុងតេអេរ៉ង់ ដោយបន្ថែមថា សំណើដែលបានកែសម្រួលមួយបានកើតឡើងក្នុងរយៈពេលប៉ុន្មាននាទីបន្ទាប់ពីការសម្រេចចិត្តរបស់លោក។ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគេបានផ្តល់ឱ្យពួកលោកនូវឯកសារមួយដែលគួរតែប្រសើរជាងនេះ ហើយ គួរឱ្យចាប់អារម្មណ៍ ភ្លាមៗ នៅពេលដែលរូបលោកបានលុបវាចោល ក្នុងរយៈពេល១០ នាទី ។លោកថា ពួកលោកទទួលបានឯកសារថ្មីមួយដែលល្អជាងនេះ ដោយពុំបានពន្យល់លម្អិត ទេ។ សេតវិមានបាននិយាយថា កូនប្រសាររបស់លោក Trump គឺលោក Jared Kushner និងបេសកជនពិសេសលោក Steve Witkoff កំពុងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានសម្រាប់ការចរចាជាមួយអ៊ីរ៉ង់ ដែលមានគោលបំណង «ឆ្ពោះទៅរកកិច្ចព្រមព្រៀង» ប៉ុន្តែលោក Trump បានប្រាប់សារព័ត៌មាន Fox News ថា លោកបានលុបចោលដំណើរទស្សនកិច្ចនេះហើយ។លោកប្រធានាធិបតីបានថ្លែងថា លោកបានប្រាប់ក្រុមរបស់លោកថា ពួកលោកមានសន្លឹកបៀល្អគ្រប់យ៉ាង។ ពួកគេអាចទូរស័ព្ទមកពួកលោកនៅពេលណាដែលពួកគេចង់ ប៉ុន្តែអ្នកនឹងមិនធ្វើដំណើរតាមយន្តហោះរយៈពេល ១៨ ម៉ោងទៀតដើម្បីអង្គុយនិយាយរឿងឥតប្រយោជន៍នោះទេ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ

04/26/2026 11:04 AM        104
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ។ ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅនៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យទី២៦ ខែមេសា ឆ្នាំ២០២៦។ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំសរុបជិត៩០០នាក់។កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹក និងជំរុញដល់ អាជ្ញាធរពាក់ព័ន្ធ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងការដោះស្រាយបញ្ហាទាំងឡាយ ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា៕

[UPDATE] លោក Trump មានសុវត្ថិភាពក្រោយជម្លៀសចេញពីពិធីជប់លៀងអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ខណៈខ្មាន់កាំភ្លើងត្រូវបានឃុំខ្លួន

04/26/2026 11:04 AM        130
ក្រុមមន្ត្រីបាននិយាយថា លោកប្រធានាធិបតី Donald Trump និងស្រី្តទី១ Melania Trump ត្រូវបានភ្នាក់ងារសេវាសម្ងាត់ប្រញាប់ប្រញាល់ជម្លៀសចេញពីពិធីជប់លៀងសមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានកាលពីយប់ថ្ងៃសៅរ៍ ២៦ មេសា បន្ទាប់ពីបុរសម្នាក់ប្រដាប់ដោយកាំភ្លើងខ្លីបានព្យាយាមបំពានសន្តិសុខ។មន្ត្រី FBI ម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា បុរសម្នាក់ប្រដាប់ដោយកាំភ្លើងខ្លីបានបាញ់ទៅលើភ្នាក់ងារសេវាសម្ងាត់។ មន្ត្រីរូបនោះបាននិយាយថា ភ្នាក់ងារនោះត្រូវបានបាញ់ចំតំបន់ដែលគ្របដណ្ដប់ដោយសម្ភារៈការពារ ហើយពុំបានរងរបួសទេ។មន្ត្រីសហព័ន្ធទាំងអស់ រួមទាំងលោក Trump មានសុវត្ថិភាព។ ប្រហែលមួយម៉ោងបន្ទាប់ពីលោក Trump ត្រូវបានប្រញាប់ប្រញាល់អមដំណើរចាកចេញពីពិធីនោះ លោកបានបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា "ខ្មាន់កាំភ្លើងម្នាក់ត្រូវបានចាប់ខ្លួន"។លោក Trump បានបន្ថែមថា "ល្ងាចមួយនៅ D.C. សេវាសម្ងាត់ និងក្រុមមន្ត្រីអនុវត្តច្បាប់បានធ្វើការងារដ៏អស្ចារ្យ"។មិនយូរប៉ុន្មាន លោកបានបង្ហោះថា "ស្រី្តទី១ រួមទាំងអនុប្រធានាធិបតី និងសមាជិកគណៈរដ្ឋមន្ត្រីទាំងអស់ ស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះ"។ លោកបាននិយាយថា រូបលោកនឹងធ្វើសន្និសីទសារព័ត៌មាននៅសេតវិមាននៅយប់ថ្ងៃសៅរ៍ដដែលនោះ វេលានៅអាមេរិក៕

សម្ដេចធិបតី ឱ្យអនុវត្តសាកល្បងលើការបណ្ដុះបណ្ដាលសិស្សឱ្យជ្រើសរើសជំនាញ ចាប់ពីថ្នាក់ទី៩ពីឆ្នាំនេះ

04/26/2026 10:04 AM        151
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា សហការគ្នារៀបចំគន្លងអប់រំថ្មី ដោយអាចឱ្យសិស្សចាប់ពីថា្នក់ទី៩ ជ្រើសរើសជំនាញវិជ្ជាជីវៈនៅវិទ្យាល័យរបស់ខ្លួន តាមឧបនិស្ស័យ និងបំណិនផ្ទាល់ខ្លួនរបស់ពួកគេដើម្បីឆាប់ទទួលបានជំនាញ និងការងារធ្វើ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ សម្ដេចធិបតី បានថ្លែងថា ការបណ្ដុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, និងការហ្វឹកហ្វឺនកូនជាងដល់សិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិត គ្រប់កម្រិត សរុបប្រមាណ ២០,៧ ម៉ឺននាក់ក្នុងឆ្នាំ២០២៥, ព្រមទាំងបានផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបប្រមាណ ១៦,៥ ម៉ឺននាក់ក្នុងឆ្នាំ២០២៥ និង ប្រមាណ ៤ ម៉ឺននាក់ទៀត ក្នុងត្រីមាសទី១ ឆ្នាំ២០២៦។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំដាក់ឱ្យអនុវត្តកម្មវិធីគន្លងអប់រំថ្មី ដែលបានចាប់ផ្តើមអនុវត្តសាកល្បងចាប់ពីឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យចំនួន ៤៩ សំដៅផ្តល់ជម្រើសបន្ថែមដល់សិស្សវិទ្យាល័យ ដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស ឬ សួនឧស្សាហកម្ម, និង មានបំណងចូលទីផ្សារការងារលឿន អាចជ្រើសរើសគន្លងវិជ្ជាជីវៈនៅវិទ្យាល័យរបស់ខ្លួន តាមឧបនិស្ស័យ និង បំណិនផ្ទាល់ខ្លួន។ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំដល់ក្រសួងការងារ និងក្រសួងអប់រំ បន្តសហការគ្នារៀបចំគន្លងអប់រំថ្មីដោយអាចឱ្យសិស្សចាប់ពីថា្នក់ទី៩ ជ្រើសរើសជំនាញវិជ្ជាជីវៈនៅវិទ្យាល័យរបស់ខ្លួន តាមឧបនិស្ស័យ និងបំណិនផ្ទាល់ខ្លួនរបស់ពួកគេឆាប់ទទួលបានជំនាញ និងការងារធ្វើ។ សម្ដេចធិបតីបានថ្លែងថា ការបង្រៀន ដោយមិនអាចកំណត់ឆ្នាំនោះទេ ពោលអាស្រ័យលើប្រធានបទ មេរៀន ដូច្នេះយុវជនយ៉ាងហោចណាស់អាយុត្រឹម ១៨ឆ្នាំ ត្រូវតែមានបំណិន តែបើអ្នកដែលចង់បន្ដការសិក្សាតាមកម្មវិធីរបស់ក្រសួងអប់រំក៏បាន គឺអាចធ្វើទៅតាមអ្វីដែលបុគ្គលម្នាក់ៗស្រឡាញ់ពេញចិត្ត។ក្នុងឱកាសនោះសម្ដេចធិបតី បានថ្លែងថា វិនិយោគិនបរទេសអាចមកវិនិយោគនៅកម្ពុជាបានដោយសារតែហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយច្បាស់លាស់ និងទឹកដៃកូនខ្មែរផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM