ស្វែងរក

កម្ពុជាស្វាគមន៍ប្រទេសឥណ្ឌូនេស៊ីចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីររូបមក ចូលរួមជាមួយក្រុម AOT ប្រចាំកម្ពុជា ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់បទឈប់បាញ់

04/26/2026 10:04 AM        115
កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៧:២៥នាទីរសៀល នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយទាហាន នៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឥណ្ឌូនេស៊ី ដែលបានចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីរ (២) រូប (វរសេនីយ៍ទោ DEVI IBROHIM និងវរសេនីយ៍ត្រី RANGGA HADI SAPUTRA ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីនក្នុងនាមជាប្រធានអាស៊ាន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងបញ្ជាក់ថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត

04/26/2026 10:04 AM        93
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់ជីវភាពរបស់បងប្អូនកម្មករនិយោជិត ទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកលដែលពោរពេញដោយភាពមិនប្រាកដប្រជា និងរងសម្ពាធវិបត្តិដែលបង្កការរាំងស្ទះដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសជាច្រើនក៏ដោយ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ សម្ដេចធិបតី បានបង្ហាញក្ដីសេចក្តីសោមនស្ស ដោយបានជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរ សរុបចំនួន ៥,៤០០នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» និង អបអរសាទរការប្រគល់ពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ លើកទី២» ដែលជាអនុសាសន៍រួមគ្នារបស់ សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្ដេចផ្ទាល់នៅអំឡុងពេលចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត ក្នុងឆ្នាំ២០២៣។សម្ដេចធិបតី បានថ្លែងថា ការប្រារព្ធ «ទិវាពលកម្មអន្តរជាតិ ១ ឧសភា» រៀងរាល់ឆ្នាំ គឺជាការបន្តនូវប្រពៃណីដ៏ថ្លៃថ្លានៃ «បុណ្យការងាររបស់ជាតិ» ដើម្បីរំឭកដល់ការតស៊ូក្នុងបុព្វហេតុលើកកម្ពស់ សិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិត។ ក្នុងន័យនេះ, ការប្រារព្ធទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» កំពុងឆ្លុះបញ្ចាំងអំពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយសុខុមាលភាពរបស់កម្មករនិយោជិត ដែលកំពុងបំពេញការងារក្នុងប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍវិស័យការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅកម្ពុជា ស្របតាមស្ដង់ដាជាតិ និងអន្តរជាតិ។សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហព័ន្ធសហជីព, សហជីពមូលដ្ឋាន និងសមាគមបុគ្គលិកសិក្សាខ្មែរ ព្រមទាំងបងប្អូន សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានធ្វើដំណើរពីរាជធានីខេត្ត ដើម្បីមកចូលរួមញ៉ាំងឱ្យពិធីទាំងមូលមានភាពអធិកអធម។ ទន្ទឹមនេះសម្ដេចក៏វាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំឱ្យមានពិធីសំណេះសំណាលនេះឡើង ព្រមទាំងសូមចូលរួមអបអរសាទរ ជាមួយសហគ្រាសជ័យលាភីពានរង្វាន់ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ទាំង៥៥ ដែលការណ៍នេះឆ្លុះបញ្ចាំងពីការប្រឹងប្រែងរួមគ្នារបស់ម្ចាស់ ថ្នាក់ដឹកនាំ និងបុគ្គលិក សហគ្រាសសាមី ក្នុងការកសាងវប្បធម៌ និងការរៀបចំប្រព័ន្ធការងារ ស្របតាមលក្ខខណ្ឌវិនិច្ឆ័យ នៃការផ្ដល់ពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តែងនូវការកោតសរសើរ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងស្ថាប័ន, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធ, សហភាពសហព័ន្ធយុវជនកម្ពុជា, និង អ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការបំពេញតួនាទី ភារកិច្ច ក្នុងអភិក្រម «ជវភាព នៃប្រព័ន្ធតួអង្គតែមួយ» ក្នុងការសហការគ្រប់គ្រង និងការសហការចាត់ចែងកម្មវិធី ក៏ដូចជាការសហការការពារសុវត្ថិភាព និងការសហការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ ដែលបានញ៉ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទូទាំងប្រទេស ប្រព្រឹត្តទៅដោយភាពរីករាយសុខសុវត្ថិភាព, សោភ័ណភាព, សេចក្តីថ្លៃថ្នូរ និង របៀបរៀបរយសម្ដេចធិបតី នាយករដ្ឋមន្រ្ដីក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ២ដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប កើនឡើងដល់ ២១០ដុល្លារអាម៉េរិក ក្នុងមួយខែ។ ក្រៅពីការដំឡើងប្រាក់ឈ្នួល រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីសម្រួល ដល់តម្លៃលក់រាយប្រេងឥន្ធនៈក្នុងអំឡុងពេលវិបត្តិសកល។ លើសពីនេះ តាមរយៈការពិភាក្សានិងឯកភាពជាមួយ ភាគីនិយោជក យើងបានសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅដែលមានស្រាប់ រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលត្រឡប់ មករកប្រក្រតីភាពវិញ។ ជាលទ្ធផល ដោយបូកបញ្ចូលទាំងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗនិងប្រាក់សោហ៊ុយ ធ្វើដំណើរបណ្តោះអាសន្ននេះ កម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ចំណូលជាក់ស្តែងទាបបំផុតចន្លោះពី ២២៩,៥ ដល់ ២៤០,៥ដុល្លារអាម៉េរិក ក្នុងមួយខែ។សម្ដេចបានបញ្ជាក់ថារាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ នៅកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត តាមរយៈការពង្រឹងនិងពង្រីកយន្តការតាមដានត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាពនិងសុខភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ និងវិសាលភាពគ្របដណ្តប់នៃ របបសន្តិសុខសង្គមជាបន្តបន្ទាប់។ ជាក់ស្តែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើនសមាជិកឡើងដល់ប្រមាណ ៣,៦ លាននាក់ ក្នុងនោះសមាជិកតាមរបបភាគទានដោយស្ម័គ្រចិត្តមានចំនួនក្នុងរង្វង់ ៩២ម៉ឺននាក់។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ស្ត្រីមានផ្ទៃពោះចំនួនប្រមាណ ៧៦,២ម៉ឺននាក់ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួនប្រមាណ ៨៣ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់ពីកម្មវិធីគាំពារសង្គមដ៏មានសារៈសំខាន់នេះ៕

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី

04/25/2026 05:04 PM        49
កងទ័ពម៉ាលី បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធបានធ្វើការវាយប្រហារក្នុងរដ្ឋធានី Bamako របស់ម៉ាលី និងនៅទីតាំងជាច្រើន នៅផ្នែកខាងក្នុងនៃប្រទេស នាព្រឹកថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ ដោយនេះគឺជាការវាយប្រហារដែលហាក់ដូចជាមានការសម្របសម្រួលគ្នាពាក់ព័ន្ធនឹងក្រុមជាច្រើន។សាក្សីម្នាក់របស់សារព័ត៌មាន Reuters បាននិយាយថា សំឡេងផ្ទុះដ៏ខ្លាំងចំនួន ២ និងការបាញ់ប្រហារជាបន្តបន្ទាប់ ត្រូវបានឮភ្លាមៗ នៅមុនម៉ោង ៦ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹង ៦ ម៉ោងសកល) នៅជិតមូលដ្ឋានយោធាដ៏សំខាន់របស់ប្រទេសម៉ាលី គឺ Kati នៅខាងក្រៅរដ្ឋធានី Bamako ហើយទាហានត្រូវបានដាក់ពង្រាយ ដើម្បីបិទផ្លូវនៅក្នុងតំបន់នេះ។មានភាពចលាចលស្រដៀងគ្នានេះកើតឡើងក្នុងពេលដំណាលគ្នា នៅទីក្រុង Sevare ភាគកណ្តាល និងទីក្រុង Kidal និងទីក្រុង Gao នៅភាគខាងជើងនៃប្រទេសម៉ាលី។ សាក្សីម្នាក់នៅទីក្រុង Sevare បានប្រាប់ថា «មានការបាញ់ប្រហារគ្រប់ទីកន្លែង»។ម៉ាលីកំពុងប្រយុទ្ធប្រឆាំងនឹងការបះបោរក្រុមអាហ្វ្រិកខាងលិច ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋឥស្លាម ISIS។ ហើយប្រទេសនេះក៏កំពុងតស៊ូផងដែរជាមួយនឹងការបះបោរដ៏យូរអង្វែងដឹកនាំដោយជនជាតិ Tuareg នៅភាគខាងជើង។កងទ័ពម៉ាលីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុម «ភេរវករ» ដែលមិនស្គាល់អត្តសញ្ញាណបានវាយប្រហារទីតាំងជាច្រើន នៅក្នុងរដ្ឋធានី និងកន្លែងផ្សេងទៀត នៅក្នុងប្រទេស តែមិនបានបញ្ជាក់ទីតាំងឡើយ។ កងទ័ពបានបន្ថែមថា ការប្រយុទ្ធគ្នាកំពុងបន្តមាន ហើយបានប្រាប់ឲ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់។អ្នកនាំពាក្យរដ្ឋាភិបាល និងអ្នកនាំពាក្យកងទ័ពម៉ាលី មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់

04/25/2026 05:04 PM        697
អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំង១ កន្លែង មានចំនួន ២អគារ ស្ថិតនៅចំណុចជិតសាលារៀនព្រហ្មនិមិត្ត ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផលបានរកឃើញជនបរទេសចម្រុះជាតិសាសន៍។តាមព័ត៌មានបឋម សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់ និងរកឃើញឧបករណ៍សម្ភារៈ ដែលប្រព្រឹត្តបទល្មើសមួយចំនួន បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី ៕

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក

04/25/2026 05:04 PM        79
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានជួបជាមួយប្រមុខកងទ័ពប៉ាគីស្ថាន គឺលោកសេនាប្រមុខ Asim Munir នៅទីក្រុងអ៊ីស្លាម៉ាបាដ នាថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ ស្របពេលមានកិច្ចប្រឹងប្រែង ដើម្បីស្តារឡើងវិញនូវការចរចាសន្តិភាពដែលជាប់គាំង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៣សប្តាហ៍របស់គូជម្លោះទាំង២។យោងតាមវីដេអូខ្លីមួយដែលបានបង្ហោះដោយស្ថានទូតអ៊ីរ៉ង់ នៅលើវេទិកាបណ្ដាញសង្គម X បានបង្ហាញថា កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi ទីប្រឹក្សាសន្តិសុខជាតិ និងជាប្រធានផ្នែកស៊ើបការណ៍សម្ងាត់អន្តរសេវាកម្ម លោកឧត្តមសេនីយ៍ឯក Asim Malik អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei និងឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោក Reza Amiri Moghadam។បើទោះបីជាស្ថានទូតមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមក៏ដោយ ក៏ប្រភពពីប៉ាគីស្ថានបានប្រាប់សារព័ត៌មាន Anadolu ថា ភាគីទាំង២ បានពិភាក្សាអំពីបញ្ហាទាក់ទងនឹងលទ្ធភាពដែលអាចមានកិច្ចចរចាជុំទី២ រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។លោក Araghchi បានទៅដល់ប៉ាគីស្ថានកាលពីយប់ថ្ងៃសុក្រ សម្រាប់អ្វីដែលមន្ត្រីប៉ាគីស្ថាន លើឡើងថា អាចបើកផ្លូវឲ្យមានការចរចាជុំទី២។ ជុំទី១ ត្រូវបានធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពី ២សប្តាហ៍មុន ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងអ្វីឡើយ។ កិច្ចពិភាក្សាទាំងនោះបានកើតឡើងបន្ទាប់ពីប៉ាគីស្ថានបានសម្របសម្រួលឲ្យមានបទឈប់បាញ់រយៈពេល ២សប្តាហ៍ នៅថ្ងៃទី៨ ខែមេសា ដែលក្រោយមកត្រូវបានពន្យារដោយប្រធានាធិបតីអាមេរិកលោក Donald Trump៕

អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល

04/25/2026 05:04 PM        83
តុលាការបានរាយការណ៍ឲ្យដឹងថា ប្រទេសអ៊ីរ៉ង់នៅថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រហារជីវិតបុរសម្នាក់ពីបទអនុវត្ត «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល ក្នុងអំឡុងពេលមានការតវ៉ាទ្រង់ទ្រាយធំ កាលពីខែមករា។នេះគឺជាការប្រហារជីវិតចុងក្រោយបំផុត ក្នុងចំណោមការប្រហារជីវិតជាបន្តបន្ទាប់ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ គេហទំព័រ Mizan Online របស់តុលាការ បានឲ្យដឹងថា លោក Erfan Kiani ត្រូវបានព្យួរក បន្ទាប់ពីការកាត់ទោសរបស់លោក ត្រូវបានអះអាងមិនផ្លាស់ប្ដូរដោយតុលាការកំពូលរបស់ប្រទេស។គេហទំព័រនេះបានពិពណ៌នាអំពីលោក Kiani ថា ជា «អ្នកប្រតិបត្តិការដ៏សំខាន់» ម្នាក់ នៅក្នុង «បេសកកម្មដែលប្រគល់ឲ្យដោយទីភ្នាក់ Mossad» ក្នុងអំឡុងពេលមានភាពចលាចល នៅភាគកណ្តាលខេត្ត Isfahan របស់អ៊ីរ៉ង់។តុលាការបានចោទប្រកាន់រូបគេពីបទ «បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន សកម្មដុតបំផ្លាញ កាន់កាប់ និងប្រើប្រាស់គ្រាប់បែកភ្លើង កាន់អាវុធចុងស្រុច បិទផ្លូវយានយន្ត វាយប្រហារមន្ត្រី ហើយបានបង្កជាការភ័យខ្លាច និងការភ័យស្លន់ស្លោ ក្នុងចំណោមប្រជាពលរដ្ឋ»។ការប្រហារជីវិតរបស់គេ បានកើតឡើងបន្ទាប់ពីមានការកាត់ទោសដោយព្យួរកនេះ កាលថ្ងៃទី២៣ ខែមេសា ចំពោះបុរសម្នាក់ទៀតនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលត្រូវបានផ្ដន្ទាទោសពីបទចូលជាសមាជិកនៃក្រុមប្រឆាំងដែលត្រូវបានហាមឃាត់៕

សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ

04/25/2026 05:04 PM        131
កំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្រើនរំលឹកដល់មន្ត្រីទាំងអស់នៅមូលដ្ឋានយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ដោយបន្តអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព លុបបំបាត់សកម្មភាពអាណាធិបតេយ្យ និងបទល្មើសផ្សេងៗ ពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) ។ ប្រសាសន៍ក្រើនរំលឹករបស់សម្តេចតេជោធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំសង្កាត់ និងមន្ត្រីមន្ទីរអង្គភាពជុំវិញខេត្តកំពង់ចាម ចំនួន១១៩៣នាក់ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ។សម្តេចតេជោ មានប្រសាសន៍ថា ត្រូវខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ខិតខំលុបបំបាត់សកម្មភាពអាណាធិបតេយ្យ ក្មេងទំនើង ល្បែងស៊ីសង គ្រឿងញៀនជាពិសេសបង្ក្រាបអោយខានតែបាននូវការឆបោកតាមប្រព័ន្ធអនឡាញ។ សម្តេចបន្តថា ខេត្តនីមួយៗ ស្រុកនិមួយៗ ឃុំនីមួយៗ ភូមិនិមួយៗ ត្រូវធ្វើការងារនេះអោយជាប់ជាប្រចាំ ។ ទោះដោយតម្លៃណាក៏ដោយ ត្រូវបង្ក្រាបករណីបទល្មើសអនឡាញកុំអោយងើបឡើងវិញអោយសោះ ត្រូវបោសសំអាត និងលុបបំបាត់អោយអស់ពីកម្ពុជាព្រោះវាគ្រោះថ្នាក់ដល់ជាតិ និងខូចកិត្តិយសជាតិ។ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានក្រើនរំលឹកដល់មន្ត្រីខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ ខិតខំកាត់បន្ថយឬលុបបំបាត់ការថ្នាំងថ្នាក់របស់ប្រជាជន។សម្តេចតេជោបានណែនាំដល់ មេឃុំ ជំទប់​ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលនៅជិតជាមួយប្រជាជនត្រូវធ្វើការងារអោយបានល្អ គ្រប់ផ្នែកក៏ដូចគ្នាគឺពង្រឹងសេវាសាធារណៈ ជម្រុញល្បឿនអោយលឿនផ្តល់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោក្រើនរលឹកថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជនទេ ត្រូវចាត់ទុកថាខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន​។ ការផ្តល់សេវាសាធារណៈនៅតែជាបញ្ហាសំខាន់ សូមបន្តខិតខំធ្វើ និងបម្រើដល់ប្រជាពលរដ្ឋអោយបានល្អ ម្យ៉ាងវិញទៀតចៀសវាងប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ ដែលធ្វើឱ្យមានបញ្ហាក្នុងមូលដ្ឋាន៕ ដោយ ៖ ពៅ រក្សា  

សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន

04/25/2026 04:04 PM        129
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំដល់មន្ត្រីថ្នាក់ដឹកនាំខេត្តកំពង់ចាម យកចិត្តទុកដាក់គ្រប់គ្រង និងមើលថែទាំដល់អតីតយុទ្ធជន និងនិវត្តជនដែលមាននៅក្នុងមូលដ្ឋាន។ ប្រសាសន៍ណែនាំរបស់សម្តេចតេជោធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំសង្កាត់ និងមន្ត្រីមន្ទីរអង្គភាពជុំវិញខេត្តកំពង់ចាម ចំនួន១១៩៣នាក់ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ។សម្តេចតេជោ មានប្រសាសន៍រលឹកថា ឆ្នាំកន្លងទៅយើងបានច្របាច់បញ្ចូលគ្នា ដោយសារយើងមានសមាគមអតីតយុទ្ធជន ប៉ុន្តែយើងមិនមានសមាគមអតីតនិវត្តជននោះទេ ទើបបានជាយើងធ្វើមហាសន្និបាតមួយរៀបចំបញ្ចូលរវាងយុទ្ធជន និងនិវត្តជន។ សម្តេចតេជោបញ្ជាក់ថា «សូមកុំភ្លេចថាអតីតយុទ្ធជន និងនិវត្តជនត្រូវជួយពួកគាត់ ត្រូវមើលថែពួកគាត់ និងផ្តល់កិត្តិយសដល់ពួកគាត់។ ថ្ងៃបុណ្យថ្ងៃទាន ដូចជា៧មករាជាដើម អញ្ជើញពួកគាត់មកចូលរួមក្នុងឋានៈជាចាស់ទុំ ហើយជួនកាល១ឆ្នាំអាចចំណាយពេលធ្វើកម្មវិធីជួបពួកគាត់ម្តង ឬអញ្ជើញពួកគាត់មកសំណេះសំណាល ដែលពួកគាត់នោះហើយជាអ្នកដឹកដៃពួកយើងជំនាន់ក្រោយនេះ.....»។ សម្តេចតេជោបន្តថា «ពិតមែនតែពួកគាត់មិនឡើងថ្នាក់ធំដូចយើង ប៉ុន្តែកុំភ្លេចសិស្សសាលាខ្លះបង្អាប់គ្រូខ្លួនឯង មើលងាយគ្រូ តែមិនដឹងថាតម្លៃនៃគ្រូបង្រៀនថ្នាក់បឋមទើបអាចអោយយើងអាចទទួលបានបរិញ្ញាបត្រ។ ដូចគ្នានេះដែរមានមន្ត្រីជាន់មុនទោះសមត្ថភាព កម្រិតវប្បធម៌ទាប ប៉ុន្តែពួកគាត់នោះហើយដែលជារបាំងការពារក្នុងដំណាក់កាលសង្គ្រាម មានអាសន្នអន់ក្រ ទឹកជំនន់រាំងស្ងួតជាដើម ទើបបានយើងធ្វើសុខដុមនីយកម្ម​នៃស្ថានភាពចម្រុះ រវាងក្មេង ចាស់ ហើយជីវភាពពួកគាត់ខ្លះ មិនខ្សត់ខ្សោយពេកទេ តែយើងអាចយកយោបល់ពីពួកគាត់ ឬរៀបចំការជួបជុំណាមួយជាមួយពួកគាត់....»។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិតឱ្យពង្រីកវិសាលភាព នៃសមាគមអតីតយុទ្ធជនកម្ពុជា ដោយបញ្ចូលនិវត្តជនជាមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ចូលជាសមាជិកនៃសមាគម ដោយប្រែក្លាយទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ការរៀបចំបញ្ចូលគ្នា ឱ្យមាននូវក្របខណ្ឌនៃអតីតយុទ្ធជន និងនិវត្តជន នៅក្រោមដំបូលតែមួយនេះ ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ និងការចូលរួមជាបន្តទៀត របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីធ្វើដំណើររួមគ្នា​៕ អត្ថបទ៖ ពៅ រក្សា

មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា

04/25/2026 04:04 PM        66
នគរបាលបានឲ្យដឹងថា ការប្រយុទ្ធគ្នាដោយកាំភ្លើង រវាងក្រុមជនជាតិភាគតិចដែលមានអរិភាពជាមួយគ្នា នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ប្រទេសឥណ្ឌា បានបណ្ដាលឲ្យបុរស ៣នាក់បាត់បង់ជីវិត ដោយនេះគឺជាភាពចលាចលចុងក្រោយបំផុត នៅក្នុងតំបន់ដាច់ស្រយាល។រដ្ឋ Manipur បានជួបប្រទះនឹងការប៉ះទង្គិចគ្នាជាប្រចាំអស់រយៈពេលជិត ៣ឆ្នាំមកហើយ រវាងជនជាតិភាគតិច Meitei ដែលភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ និងសហគមន៍ Kuki ដែលភាគច្រើនជាគ្រិស្តបរិស័ទ ជាជម្លោះដែលបានឆក់យកជីវិតមនុស្សជាង ២៥០នាក់។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលល្ងាចថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នគរបាលរដ្ឋ Manipur បានឲ្យដឹងថា៖ «នៅក្នុងហេតុការបាញ់ប្រហារតគ្នាទៅវិញទៅមកដ៏ខ្លាំងមួយ មនុស្ស ៣នាក់បានរងរបួស ដោយសារគ្រាប់កាំភ្លើង ហើយបានបាត់បង់ជីវិត»។ការប៉ះទង្គិចគ្នាបានកើតឡើងនៅភូមិ Mullam ក្នុងតំបន់ Ukhrul ហើយនគរបាលមិនបានបញ្ជាក់ថា តើបុរសទាំងនោះមកពីសហគមន៍ណានោះទេ។នគរបាលបានបន្ថែមថា៖ «វិធានការសន្តិសុខត្រូវបានពង្រឹងនៅក្នុងតំបន់នេះ ដើម្បីទប់ស្កាត់ការកើនឡើងនូវអំពើហិង្សាបន្ថែមទៀត។ ប្រតិបត្តិការរឹតបន្តឹងនៅតែដំណើរការដដែល»៕

របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក

04/25/2026 04:04 PM        78
របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិម្នាក់ បាននិយាយថា សមត្ថភាពមីស៊ីលភាគច្រើនរបស់អ៊ីរ៉ង់ មិនត្រូវបានប្រើប្រាស់នោះឡើយ នៅក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិក។លោកឧត្តមសេនីយ៍ Reza Talaei-Nik បាននិយាយថា «ផ្នែកសំខាន់នៃសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ នៅតែមិនទាន់ប្រើប្រាស់នោះទេ»។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការមួយនេះ។ដោយលើកឡើងថា កងកម្លាំងអ៊ីរ៉ង់ បន្តរក្សាបាននូវឧត្តមភាពពេញមួយជម្លោះនេះ លោក Talaei-Nik បានបញ្ជាក់ថា៖ «កងកម្លាំងរបស់យើងបន្តរក្សាបាននូវឧត្តមភាពផ្លូវអាកាសទាំងស្រុង លើទឹកដីកាន់កាប់ដោយក្រុមគាំទ្រលទ្ធិហ្សាអឺន (អ៊ីស្រាអែល) ហើយផ្នែកខ្លះប៉ុណ្ណោះនៃសមត្ថភាពមីស៊ីលរបស់យើង ត្រូវបានប្រើប្រាស់ក្នុងអំឡុងសង្គ្រាម ៤០ថ្ងៃ»។ទាក់ទងនឹងការប្រឈមមុខដាក់គ្នាខាងកងទ័ពជើងទឹក ឧត្តមសេនីយ៍រូបនេះបានអះអាងថា នាវាចម្បាំងដែលមានអរិភាព បានដកថយរាប់រយគីឡូម៉ែត្រពីសមុទ្រអូម៉ង់ម្តងហើយម្តងទៀត អំឡុងពេលមានការឆ្លើយតបទៅនឹងសកម្មភាពយ៉ាងដាច់ណាត់ដោយកងកម្លាំងអ៊ីរ៉ង់។ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ត្រូវបានរំខានយ៉ាងខ្លាំង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមលើអ៊ីរ៉ង់ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដែលធ្វើឲ្យទីផ្សារថាមពលសកលរង្គោះរង្គើ និងធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំង អំពីការខូចខាតសេដ្ឋកិច្ចយូរអង្វែង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM