ស្វែងរក

សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម

04/25/2026 01:04 PM        162
កំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម សរុបចំនួន១,១៩៣នាក់ ដែលពិធីនេះបានប្រារព្ធធ្វើឡើងសាលាខេត្តកំពង់ចាម។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ អ្វីដែលជាគោលដៅនៃការចុះជួបសំណេះសំណាលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ការចុះជួបសំណេះសំណាលរបស់សម្ដេចតេជោនៅពេលនេះ ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭក និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។នាឱកាសនោះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តកំពង់ចាមនេះសាជាថ្មី។ សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៅខេត្តកំពង់ចាមទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។សម្ដេចតេជោក៏បានមានប្រសាសន៍គាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធជាដើម។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច។ សម្តេចក៏បានណែនាំឱ្យខិតខំ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាពិសេសខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ត្រូវចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់នានា។ សម្តេចតេជោក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋានតាមរយៈការជួយយកអាសារគាត់ និងការចុះជួបសំណេះសំណាលពួកគាត់រយៈកម្មវិធីផ្សេងៗជាដើម។ សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំភ្លេចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។ សម្ដេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា«មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ម្យ៉ាងវិញទៀតចៀសវាងប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ ដែលធ្វើឱ្យមានបញ្ហាក្នុងមូលដ្ឋាន។នាឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ចាម ទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់៕

យោធាអាមេរិក៖ ខ្លួនបានវាយប្រហារនាវា នៅភាគខាងកើតប៉ាស៊ីហ្វិក ដោយសម្លាប់មនុស្ស ២នាក់

04/25/2026 01:04 PM        63
យោធាអាមេរិក កាលពីថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា ខ្លួនបានវាយប្រហារនាវា ១គ្រឿង នៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដោយសម្លាប់មនុស្ស ២នាក់ ដែលនេះគឺជាការវាយប្រហារចុងក្រោយបំផុត ជាអ្វីដែលត្រូវបានថ្កោលទោសដោយក្រុមសិទ្ធិមនុស្សថា ជា «ការសម្លាប់ក្រៅប្រព័ន្ធតុលាការ» និងត្រូវបានពិពណ៌នាដោយទីក្រុងវ៉ាស៊ីនតោនថា ជាការផ្តោតលើ «ភេរវករគ្រឿងញៀន»។ទីបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក បានចោទប្រកាន់ថា នាវាដែលវាយប្រហារនៅថ្ងៃសុក្រនោះ ត្រូវបានដំណើរការដោយ «ក្រុមដែលត្រូវបានចាត់ទុកជាអង្គការភេរវករ» តែមិនបានបង្ហាញអត្តសញ្ញាណឡើយ។ ទីបញ្ជាការនេះបានបន្ថែមថា គ្មានកងកម្លាំងយោធាអាមេរិកណាម្នាក់រងរបួសនោះទេ ខណៈបានពិពណ៌នាអំពីអ្នកដែលត្រូវបានសម្លាប់ថា ជា «ភេរវករគ្រឿងញៀនជាបុរស» ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ទីបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក បានឲ្យដឹងនៅលើបណ្ដាញ X ថា៖ «ព័ត៌មានស៊ើបការណ៍សម្ងាត់ បានបញ្ជាក់ថា នាវាកំពុងធ្វើដំណើរតាមផ្លូវដែលគេថា ជាផ្លូវជួញដូរគ្រឿងញៀន នៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ហើយបានពាក់ព័ន្ធនឹងប្រតិបត្តិការជួញដូរគ្រឿងញៀន»។វីដេអូឃ្លីបរយៈពេល ១៦វិនាទីដែលបញ្ចេញដោយទីបញ្ជាការភាគខាងត្បូង បានបង្ហាញពីនាវា ១គ្រឿង កំពុងត្រូវបានវាយប្រហារនៅក្នុងដែនទឹកនោះ។ យោធាអាមេរិកបានធ្វើការវាយប្រហារបែបនេះជាច្រើនលើក នៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

ប្រជាជនប៉ាឡេស្ទីន ទម្លាក់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតលើកទី១ តាំងពីមានសង្គ្រាមហ្កាហ្សា

04/25/2026 12:04 PM        58
ប្រជាជនប៉ាឡេស្ទីន នៅតំបន់ West Bank និងភាគកណ្តាលនៃតំបន់ហ្កាហ្សា ប្រើប្រាស់សិទ្ធិរបស់ខ្លួន នៅថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ សម្រាប់ការបោះឆ្នោតក្រុង ដែលនេះជាដំណើរការបែបនេះលើកដំបូង ចាប់តាំងពីមានសង្គ្រាមហ្កាហ្សា ដោយព្រឹត្តិការណ៍នេះត្រូវបានសម្គាល់ដោយការមានក្រុមនយោបាយតិចតួច និងការខកចិត្តគ្រប់ទិសទី នៅដែនដីនេះ។បើយោងតាមគណៈកម្មការរៀបចំការបោះឆ្នោតកណ្តាលដែលមានមូលដ្ឋាននៅទីក្រុង Ramallah បានឲ្យដឹងថា មនុស្សជិត ១,៥លាននាក់ បានចុះឈ្មោះបោះឆ្នោតនៅក្នុងតំបន់ West Bank ដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ព្រមទាំង ៧០.០០០នាក់ នៅក្នុងតំបន់ Deir al-Balah នៃតំបន់ហ្កាហ្សា។បញ្ជីឈ្មោះបោះឆ្នោតភាគច្រើន ត្រូវបានផ្សារភ្ជាប់ជាមួយគណបក្សជាតិនិយមមិនពាក់ព័ន្ធសាសនា Fatah របស់មេដឹកនាំ លោក Mahmud Abbas ឬក្រុមអ្នកឈរឈ្មោះជាបេក្ខជនឯករាជ្យ។ មិនមានបញ្ជីឈ្មោះដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសនោះឡើយ ជាគូប្រជែងសំខាន់របស់កណបក្ស Fatah ដែលគ្រប់គ្រងស្ទើរតែពាក់កណ្តាលនៃតំបន់ហ្កាហ្សា។នៅក្នុងទីក្រុងភាគច្រើន បេក្ខជនដែលគាំទ្រដោយគណបក្ស Fatah នឹងប្រកួតប្រជែងជាមួយបញ្ជីឈ្មោះឯករាជ្យដែលដឹកនាំដោយបេក្ខជនមកពីក្រុមនានា ដូចជារណសិរ្សប្រជាជន ដើម្បីរំដោះប៉ាឡេស្ទីន (ម៉ាក្សនិយម-លេនីននិយម) ជាដើម។គណៈកម្មការរៀបចំការបោះឆ្នោត បានប្រាប់សារព័ត៌មាន AFP ថា ស្ថានីយបោះឆ្នោត នៅតំបន់ West Bank នឹងបើកពីម៉ោង ៧:០០ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹង ៤:០០ ម៉ោងសកល) ដល់ម៉ោង ៧:០០ល្ងាច ខណៈពេលដែលនៅទីក្រុង Deir al-Balah របស់តំបន់ហ្កាហ្សាស្ទ្រីប ការិយាល័យបោះឆ្នោតនឹងបិទនៅម៉ោង ៥:០០ល្ងាច ដើម្បីសម្រួលដល់ការរាប់ នៅពេលថ្ងៃ ដោយសារតែកង្វះខាតអគ្គិសនី នៅក្នុងតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម។គួរបញ្ជាក់ថា តំបន់ហ្កាហ្សា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស ចាប់តាំងពីឆ្នាំ២០០៧ មក នឹងឃើញដំណើរការបោះឆ្នោតជាលើកដំបូង ចាប់តាំងពីការបោះឆ្នោតនីតិបញ្ញត្តិឆ្នាំ២០០៦ ជាពេលដែលចលនាសកម្មប្រយុទ្ធមួយនេះបានទទួលជ័យជម្នះ៕

កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

04/25/2026 12:04 PM        282
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ Online Scams នៅក្នុងអាគារខុនដូរប៉ោលី (BAOLI INTER CITY) ស្ថិតក្នុងភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។ ជាលទ្ធផល នៃប្រតិបត្តិការ កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស៤០នាក់ ដោយបែងចែងជា០៣ផ្នែកពាក់ព័ន្ធ ក្នុងនោះរួមមាន ៖ ១. ជាប់ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពឆបោកអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ រកឃើញ ៖ ជនបរទេសសរុបចំនួន២២នាក់ មាន០២សញ្ជាតិ ក្នុងនោះ ជនជាតិចិន ២០នាក់ (ប្រុស) និងជនជាតិរុស្ស៊ីចំនួន ០២នាក់ (ស្រី ០១នាក់) ។ សម្ភារៈវត្ថុតាងដែលបានដកហូតរួមមានដូចខាងក្រោម៖ ទូរស័ព្ទដៃ ចំនួន៥០៦គ្រឿង , កុំព្យូទ័រលើតុ (ALL IN ONE) ចំនួន២០ គ្រឿង , ធុង CPU ចំនួន១៨គ្រឿង , អេក្រង់ (MONITOR) ចំនួន១៥គ្រឿង , កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន ០២ គ្រឿង។បានបន្តឆែកឆេរបន្ទប់លេខ ៣២០៦A ជាន់ទី៣២ (ឃ្លាំង) ដកហូតបានទូរស័ព្ទដៃចំនួន១២២គ្រឿង , កុំព្យូទ័រលើតុ (ALL IN ONE) ចំនួន១៥ គ្រឿង , ធុង CPU ចំនួន១២គ្រឿង , អេក្រង់ (MONITOR) ចំនួន ២០ គ្រឿង។២. ឃាត់ជនជាតិបង់ក្លាដេស១២នាក់ ជាប់ពាក់ព័ន្ធករណីឆបោក Online Scams ក្រោមរូបភាពប្រើប្រាស់រូបថតនារីស្អាតៗ បោកប្រាស់លេងល្បែងលើវេបសាយក្លែងក្លាយ ដោយបានដកហូតសម្ភារៈ រួមមាន ៖ទូរស័ព្ទដៃ ចំនួន០២គ្រឿង , កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន០៥គ្រឿង។៣. រកឃើញជនបរទេស០៦នាក់ (ស្រី ០៣នាក់) ក្នុងនោះមាន ជនជាតិថៃ០២នាក់ (ស្រី), ជនជាតិមីយ៉ាន់ម៉ា០១នាក់ (ប្រុស), ជនជាតិវៀតណាម ០១នាក់ (ស្រី) និងជនជាតិចិន ០២នាក់ ជាប់ពាក់ព័ន្ធនឹងគ្មានលិខិតឆ្លងដែន ។ បច្ចុប្បន្ន ជនសង្ស័យទាំង៤០នាក់ ត្រូវបញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

ក្រុមពន្លត់អគ្គិភ័យនៅប្រទេសជប៉ុន ខិតខំទប់ស្កាត់ចំហេះព្រៃ ដោយប្រជាជនជាង៣.០០០ នាក់ត្រូវបានជម្លៀសចេញ

04/25/2026 12:04 PM        44
 ចំហេះព្រៃនៅភាគខាងជើងប្រទេសជប៉ុន បានបន្តរាលដាល ដោយអណ្តាតភ្លើងបានឆាបឆេះខិតទៅជិតតំបន់លំនៅឋាននៅថ្ងៃសៅរ៍ ទី ២៥ ខែមេសានេះ។យោងតាមអង្គភាពពន្លត់អគ្គិភ័យក្នុងស្រុកបានឲ្យដឹងថា ចំហេះព្រៃបានជំរុញឱ្យអាជ្ញាធរពង្រីកបទបញ្ជាជម្លៀសប្រជាជនជាង ៣.០០០ នាក់។ក្រុមពន្លត់អគ្គិភ័យមកពីខាងក្រៅតំបន់ត្រូវបាននាំទៅកាន់តំបន់នោះ ដែលធ្វើឱ្យចំនួនបុគ្គលិកដែលកំពុងប្រយុទ្ធទប់ស្កាត់ចំហេះព្រៃនៅលើដីកើនឡើងដល់ប្រហែល ១.០០០ នាក់។ ទោះជាយ៉ាងណា អណ្តាភ្លើងនៅតែមិនទាន់អាចទប់ស្កាត់បាននៅឡើយ ខណៈស្ថិតនៅក្នុងស្ថានភាពក្តៅស្ងួត។ ប៉ុន្តែពុំមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍នោះទេ ក្រៅពីអគារចំនួនប្រាំបីកន្លែង រួមទាំងលំនៅឋានមួយខ្នងត្រូវបានបំផ្លាញ នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីសុវត្ថិភាពសាធារណៈ

04/25/2026 12:04 PM        103
សៀមរាប ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាម Online Scams នៅ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប បានជំរុញឱ្យមានការបង្ក្រាប និងទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីសុវត្ថិភាពសាធារណៈ។នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ជំរុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និង កងកម្លាំងទាំងបី បន្តអនុវត្តឲ្យបានផុលផុសថែមទៀត ទៅតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។នាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវទទួលខុសត្រូវ និងត្រួតពិនិត្យទីតាំងសង្ស័យ តាមសណ្ឋាគារ ផ្ទះសំណាក់ ឬទីតាំងផ្សេងៗទៀត ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធអនឡាញ កំពុងក្លាយជាបញ្ហាសង្គមធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះហើយការបន្តអនុវត្តយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ប្រភេទបទល្មើសនេះ ត្រូវការការសហការយ៉ាងជិតស្និទ្ធពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ផងដរ៕លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ខេត្តសៀមរាប គឺជាខេត្តប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏សំខាន់ ដូចនេះ បញ្ហាបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា គឺចាំបាច់ត្រូវទប់ស្កាត់ និងបង្ក្រាបឱ្យបានដល់កម្រិតអតិបរិមា ក្នុងគោលដៅរក្សាការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងសុវត្ថិភាពសាធារណៈផងដែរ។ ជាពិសេស មុខមាត់របស់ខេត្តសៀមរាប ភ្ញៀវទេសចរ និងអ្នកវិនិយោគនានា។លោកបន្ដថា តាមរយៈបទពិសោធន៍ នៃការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាកន្លងមក ពិនិត្យឃើញថា បញ្ហាដែលកើតចេញពីបទល្មើស Online Scams គឺធ្វើឱ្យមាន៖ប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ ដូចជា ការបាត់បង់សាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ចេញពីសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈល្បែងស៊ីសងអនឡាញ និងការវិនិយោគក្លែងក្លាយនិងបាត់បង់សីលធម៌សង្គម ដូចជា ការប្រើប្រាស់រូបភាពអាសអាភាស ឬការគំរាមកំហែងតាមអនឡាញ ដើម្បីជម្រិតទារប្រាក់ ឬក្រោមរូបភាពបទល្មើសផ្សេងៗជាច្រើន។លោក បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបានយកចិត្តទុកដាក់បន្ថែម លើការងារប្រយុទ្ធប្រឆាំងបទល្មើស Online Scams គឺអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ដោយត្រូវពង្រឹងការអនុវត្តច្បាប់ ។ បន្តធ្វើរដ្ឋបាលចំហ និងមានវិធានការចំពោះទីតាំងប្រមូលផ្តុំ ខុនដូ ផ្ទះជួល ឬទីតាំងអាជីវកម្មបង្កប់ល្បែងអនឡាញខុសច្បាប់ ត្រូវតែបង្ក្រាបឱ្យអស់ពីមូលដ្ឋាន ដោយមិនមានការយោគយល់។ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយ អំពីបញ្ហាបទល្មើស Online Scams ដល់ប្រជាជន និងព្រមទាំងបន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕ ដោយ ៖ សាវី

មេដឹកនាំមជ្ឈិមបូព៌ា និងសហភាពអឺរ៉ុប បញ្ចប់កិច្ចប្រជុំកំពូលអឺរ៉ុបនៅប្រទេសស៊ីប

04/25/2026 11:04 AM        58
​មេដឹកនាំតំបន់មជ្ឈិមបូព៌ា និងមន្ត្រីសហភាពអឺរ៉ុប បានបញ្ចប់កិច្ចប្រជុំកំពូលក្រៅផ្លូវការនៅប្រទេសស៊ីបកាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមក្នុងតំបន់ និងឱកាសសហប្រតិបត្តិការ។ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi ព្រះអង្គម្ចាស់ Hussein bin Abdullah II របស់ប្រទេសហ្ស៊កដានី និងប្រធានាធិបតីលីបង់ លោក Joseph Aoun បានចូលរួមកិច្ចប្រជុំការងាររបស់មេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងនីកូស៊ី។ កិច្ចប្រជុំកំពូលក្រៅផ្លូវការនេះ ផ្តោតលើបរិយាកាសភូមិសាស្ត្រនយោបាយ និងការឆ្លើយតបរបស់សហភាពអឺរ៉ុបចំពោះជម្លោះក្នុងតំបន់ ជាពិសេសស្ថានភាពនៅអ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ា និងលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងដៃគូសំខាន់ៗនៅមជ្ឈិមបូព៌ា។ប្រធានាធិបតីលីបង់ លោក Joseph Aoun និងប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែរឹងមាំ និងបានព្រមានអំពីហានិភ័យសន្តិសុខ និងសេដ្ឋកិច្ចដែលកំពុងកើនឡើង រួមទាំងការគំរាមកំហែងដល់ពាណិជ្ជកម្មសកល ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ។

រ៉ូម៉ានី នឹងដាក់បញ្ចូលប្រព័ន្ធប្រឆាំងយានដ្រូនរបស់សហរដ្ឋអាមេរិក Merops ក្នុងវិស័យការពារជាតិ

04/25/2026 11:04 AM        66
​នៅមូលដ្ឋានយោធាប្រទេសរ៉ូម៉ានី មន្ត្រីជាន់ខ្ពស់របស់សម្ព័ន្ធយោធាណាតូ និងក្រុមហ៊ុនកិច្ចសន្យាការពារជាតិ បានសម្លឹងមើលទៅលើអាកាស ខណៈប្រព័ន្ធប្រឆាំងយានដ្រូនដែលផលិតដោយអាមេរិក កំពុងឆ្លងកាត់ការធ្វើតេស្តចុងក្រោយ មុនពេលកងទ័ពរ៉ូម៉ានី ចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធនេះ។ រ៉ូម៉ានី ជារដ្ឋរបស់សហភាពអឺរ៉ុប និងណាតូ មានព្រំដែនគោករួមប្រវែង៦៥០គីឡូម៉ែត្រ ជាមួយអ៊ុយក្រែន ហើយមានយានដ្រូនរំលោភលើដែនអាកាសរបស់ខ្លួន និងមានបំណែកធ្លាក់ចូលទឹកដីនេះម្តងហើយម្តងទៀត ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមវាយប្រហារលើកំពង់ផែអ៊ុយក្រែនឆ្លងកាត់ទន្លេ Danube ។ ក្នុងរយៈពេលជាងពីរសប្តាហ៍ក្នុងខែមេសានេះ ទីបញ្ជាការសម្ព័ន្ធមិត្តរបស់ណាតូ និងក្រសួងការពារជាតិរ៉ូម៉ានី បានសាកល្បងដំណោះស្រាយការពារដែនអាកាសថ្មីពីក្រុមហ៊ុនកិច្ចសន្យាឯកជន ជាការធ្វើតេស្តជាបន្តបន្ទាប់ និងជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្តកាន់តែទូលំទូលាយ ដើម្បីកសាងការការពាររួមគ្នាប្រឆាំងការវាយប្រហារដោយយានដ្រូន។ នៅតំបន់ Capu Midia អ្នកសង្កេតការណ៍អឺរ៉ុប អ្នកជំនាញយានដ្រូនអ៊ុយក្រែន មន្ត្រីណាតូ និងរ៉ូម៉ានី បានសាកល្បងយានដ្រូនស្ទាក់ចាប់ សាកល្បងរ៉ាដា ឧបករណ៍ចាប់សញ្ញា ឧបករណ៍ប្រឆាំងការក្លែងបន្លំ និងឧបករណ៍បង្អាក់បរព័ន្ធអេឡិចត្រូនិកជាច្រើនប្រភេទពីក្រុមហ៊ុនឯកជនជាច្រើនក្រុមហ៊ុន។ ក្នុងចំណោមនោះមាន Merops ដែលជាប្រព័ន្ធប្រឆាំងយានដ្រូនមានតម្លៃទាប ដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Project Eagle ជាក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គាំទ្រដោយអតីតនាយកប្រតិបត្តិក្រុមហ៊ុន Google លោក Eric Schmidt ដែលប្រទេសរ៉ូម៉ានី បានទទួលពីរដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំមុន។ ការការពារដែនអាកាសរបស់ប្រទេសរ៉ូម៉ានី បច្ចុប្បន្នរួមមានយន្តហោះចម្បាំង F-16 ប្រព័ន្ធប៉ាទ្រីយ៉ូត( Patriot) ជើងទម្របាញ់រ៉ូកែត HIMARS របស់ក្រុមហ៊ុន Lockheed Martin មីស៊ីលChiron បាញ់ពីលើដីទៅអាកាសរយៈចម្ងាយជិតរបស់កូរ៉េខាងត្បូង និងកាំភ្លើងធំប្រឆាំងយន្តហោះ Gepard របស់ប្រទេសអាល្លឺម៉ង់។

រុស្ស៊ី ​ប្ដេជ្ញាសងសឹកប្រឆាំងនឹងទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប

04/25/2026 11:04 AM        74
​រុស្ស៊ី បានសន្យាសងសឹកប្រឆាំងនឹងទណ្ឌកម្មជុំថ្មីពីសហភាពអឺរ៉ុប។ ប្លុកអឺរ៉ុប បានប្រកាសពីទណ្ឌកម្មនៅក្នុងសប្តាហ៍នេះ រួមជាមួយនឹងកញ្ចប់ប្រាក់កម្ចីសម្រាប់ប្រទេសអ៊ុយក្រែនមានតម្លៃ៩០ពាន់លានអឺរ៉ូ ឬប្រហែល១០៥ពាន់លានដុល្លារ។ទណ្ឌកម្មទាំងនេះ ដាក់គោលដៅទៅលើស្ថាប័នហិរញ្ញវត្ថុ និងវិស័យថាមពលដែលរកប្រាក់ចំណូលបានរបស់រុស្ស៊ី។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ី មានបទពិសោធន៍យ៉ាងច្រើនក្នុងការកាត់បន្ថយផលប៉ះពាល់ពីទណ្ឌកម្ម និងបានបន្តសកម្មភាពរបស់ខ្លួន។អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បាននិយាយថា ទណ្ឌកម្មនឹងត្រូវបានឆ្លើយតបយ៉ាងមុតមាំស្របតាមផលប្រយោជន៍របស់ទីក្រុងមូស្គូ។ កាលពីថ្ងៃសុក្រ រុស្ស៊ី និងអ៊ុយក្រែន បានប្រកាសថា ពួកគេបានដោះដូរឈ្លើយសឹកចំនួន១៩៣នាក់ ដោយឈ្លើយសឹកមួយចំនួន ត្រូវបានគេឃើញដណ្តប់ទង់ជាតិរបស់ពួកគេ។

របាយការណ៍៖ ប្រជាជនជាង២៦០លាននាក់ រងផលប៉ះពាល់ដោយកង្វះស្បៀងធ្ងន់ធ្ងរ

04/25/2026 11:04 AM        55
​របាយការណ៍ថ្មីមួយបានបង្ហាញពីទំហំ និងផលប៉ះពាល់នៃវិបត្តិស្បៀងនៅជុំវិញពិភពលោក។ របាយការណ៍និយាយថា ប្រជាជនចំនួន ២៦៦ លាននាក់បានជួបប្រទះនឹង «កម្រិតខ្ពស់នៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ» ក្នុងឆ្នាំ២០២៥។ តួលេខនេះបង្ហាញថា ២២,៩ ភាគរយនៃចំនួនប្រជាជននៅក្នុងប្រទេស និងដែនដីចំនួន ៤៧ បានគ្របដណ្តប់នៅក្នុងការតាមដានស្ថានភាព។ សមាមាត្រនេះ បានកើនឡើងជិតទ្វេដង ពីឆ្នាំ ២០១៦។របាយការណ៍នេះ ត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រដោយអង្គការស្បៀងអាហារ និងកសិកម្ម និងអង្គការផ្សេងៗទៀត។ របាយការណ៍និយាយថា ជម្លោះ និងអសន្តិសុខ គឺជាកត្តាជំរុញចម្បងនៃកង្វះស្បៀងធ្ងន់ធ្ងរ។ នៅតំបន់ហ្កាហ្សា ប្រជាជនប្រហែល ២ លាននាក់ត្រូវបានគេនិយាយថាបានរងផលប៉ះពាល់។របាយការណ៍និយាយថា ទីផ្សារថាមពល និងជី កំពុងរងផលប៉ះពាល់ដោយជម្លោះនៅអ៊ីរ៉ង់ និងការបិទច្រកសមុទ្រហ័រមូស។ របាយការណ៍ព្រមានថា ការរំខានដល់ការដឹកជញ្ជូនដែលនៅតែបន្តអាចបង្កើតហានិភ័យកាន់តែទូលំទូលាយសម្រាប់ទីផ្សារកសិកម្ម និងស្បៀងអាហារពិភពលោក។អ្នកនាំពាក្យរងរបស់អង្គការយូនីសេហ្វ លោក Ricardo Pires បានប្រាប់អ្នកសារព័ត៌មានថា ទស្សនវិស័យសម្រាប់ឆ្នាំ ២០២៦ «គួរឱ្យព្រួយបារម្ភខ្លាំង»។ លោកក៏បាននិយាយផងដែរថា «ជម្លោះដែលកំពុងកើនឡើង វិបត្តិអាកាសធាតុ និងការរំខានដល់ទីផ្សារពិភពលោក គំរាមកំហែងដល់ការជំរុញឱ្យកុមារកាន់តែច្រើនធ្លាក់ចូលទៅក្នុងស្ថានភាពកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM