ស្វែងរក

ករណីការទន្រ្ទានកាន់កាប់ដីខុសច្បាប់ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្រ្តខេត្តកោះកុង នឹងត្រូវអនុវត្តវិធានការច្បាប់

04/25/2026 09:04 AM        86
ការទន្រ្ទានកាន់កាប់ដីខុសច្បាប់នៅចំណុចជ្រោះដំណាក់ក្បូនក្នុងឧទ្យានជាតិភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានក្រសួងបរិស្ថានចុះពិនិត្យនិងចាត់វិធានការច្បាប់ បន្ទាប់ពីជនល្មើសមិនព្រមរុះរើនិងចាកចេញពីតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថានបានសហការជាមួយរដ្ឋបាលខេត្ត កោះកុង ដើម្បី៖១. បង្ហាញពីទិដ្ឋភាពច្បាប់ និងទោសទណ្ឌទាក់ទងទៅនឹងការកាប់គាស់ រុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិ ដល់ប្រជាពលរដ្ឋដែលចូលមកកាន់កាប់ដីខុសច្បាប់ ហើយតម្រូវឱ្យពួកគាត់រុះរើនិងចាកចេញជាបន្ទាន់ពីចំណុចជ្រោះដំណាក់ក្បូននៃឧទ្យានជាតិជួរភ្នំក្រវាញ២. ត្រូវអនុវត្តច្បាប់ ក្នុងករណីមិនអនុវត្តតាមវិធានការខាងលើ ។សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកោះកុង ស្រុកមណ្ឌលសីមា អាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធ និងតំណាងអង្គការដៃគូ បានចុះពិនិត្យទីតាំងជាក់ស្តែងនិងបានរកឃើញការកាន់កាប់ដីខុសច្បាប់ នៅចំណុចជ្រោះដំណាក់ក្បូនក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ការចូលទន្ទ្រានកាន់កាប់ដី និងសាងសង់សំណង់អនាធិបតេយ្យដោយខុសច្បាប់ក្នុងតំបន់ការពាធម្មជាតិ មានខ្ទម តូបលក់ដូរ រោងលំហែ និងបន្ទប់ទឹកប្រមាណជា១០០កន្លែង។ ការចូលទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនេះ ជាអំពើល្មើសនឹងមាត្រា៨៥១ ត្រង់ចំណុច ច នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

កម្ពុជាសម្រេចបានតាមការគ្រោងទុកក្នុងការលុបបំបាត់នូវជងឺគ្រុនចាញ់ដោយចាប់ពីត្រីមាសទី៤ឆ្នាំ២០២៥មករហូតដល់សព្វថ្ងៃកម្ពុជាអត់មានអ្នកឆ្លង និងស្លាប់ដោយសារជំងឺគ្រុនចាញ់ទៀតទេ

04/25/2026 08:04 AM        81
ទីបំផុតប្រទេសកម្ពុជាសម្រេចបានតាមការគ្រោងទុករបស់ខ្លួន ហើយ ដោយបានក្លាយជាប្រទេសដំបូងគេ ផងដែរនៅក្នុងចំណោមប្រទេសស្ថិតនៅមហានុតំបន់ទន្លេមេគង្គ ដែលសម្រេចបាននូវគោលដៅផែនការ យុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់តាមផែនការ ដោយគិតចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៥រហូតដល់ សព្វថ្ងៃនេះកម្ពុជាលែងមានអ្នកឆ្លង និងស្លាប់ដោយសារជំងឺគ្រុនចាញ់ទៀតហើយ។ នេះបើតាមការបញ្ជាក់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈសាលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ» ដែលធ្វើឡើងនាថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ឆ្នាំ២០២៥កន្លងមកនេះកម្ពុជាបានបោះជំហានទៅមុខគួរជាទីមោទនៈ និងអបអរសាទរក្រៃលែងដោយសម្រេចបានយ៉ាង ពេញលេញលើគ្រប់គោលដៅគន្លឹះរបស់ «ផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេស កម្ពុជាឆ្នាំ២០១១-២០២៥ ព្រមទាំងមិនមានករណីឆ្លងជំងឺគ្រុនចាញ់ថ្មីក្នុងប្រទេសកម្ពុជានោះទេ គិតចាប់ ពីត្រីមាសឆ្នាំ២០២៥ ហើយក៏មិនមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់នេះដែរ រាប់ចាប់ពីឆ្នំា២០១៨ រហូតដល់បច្ចុប្បន្ននេះ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា កម្ពុជាគឺជាប្រទេសដំបូងគេនៅក្នុងចំណោម ប្រទេសស្ថិតនៅមហាអនុតំបន់ទន្លេមេគង្គ ដែលសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្រ្តជាតិលុបបំ បាត់ជំងឺគ្រុនចាញ់តាមផែនការ។ សម្តេចធិបតី បានគូសបញ្ជាក់ថា សមិទ្ធផលដ៏ត្រចះត្រចង់នេះ ពិតជាគំ រូមេរៀនដ៏ល្អមួយនៃជំហានដំបូងរបស់ផែនការយុទ្ធសាស្រ្តជាតិ ជាត្រីវិស័យច្បាស់លាស់ត្រឹមត្រូវ ដែល យើងត្រូវបន្តដំណើរដ៏វែងឆ្ងាយទៀតប្រកបដោយស្ថិរភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សមធម៌ និងបរិយាបន្តក្នុងបរិបទបច្ចេកវិទ្យាឌីជីថល ក្រោមឥរិយាបទទទួលខុសត្រូវខ្ពស់ក្នុងឆន្ទៈប្តេជ្ញារួមគ្នាបង្ការ ទប់ ស្កាត់ និងធានាថាជំងឺគ្រុនចាញ់នឹងមិនកើតមានក្នុងប្រទេសកម្ពុជាឡើងវិញ គិតចាប់ពីឆ្នាំ២០២៦ទៅឆ្នាំ ២០៣៥ ព្រមទាំងបង្ការទប់ស្កាត់ទាន់ពេលវេលានៃការរីករាលដាលជំងឺគ្រុនចាញ់នាំចូលពីបណ្តាប្រទេស ផ្សេងទៀត ដែលមានជំងឺគ្រុនចាញ់នៅឡើយ។ តាមរយៈសារលិខិតនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា យើងប្តេជ្ញាថែរក្សាសមិទ្ធផល«កម្ពុជាគ្មានជំងឺគ្រុនចាញ់» ដែលជាជោគជ័យជាប្រវត្តិសាស្រ្តឲ្យស្ថិតស្ថេរជា និរន្តរ៕អត្ថបទ បាន ចក់

លោក Netanyahu ថាលោកទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតដោយជោគជ័យ

04/24/2026 09:04 PM        24
 នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយនៅថ្ងៃសុក្រនេះថា លោកបានទទួលការព្យាយបាលដោយជោគជ័យសម្រាប់ជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលដំបូង ដោយរូបលោកពុំបានបញ្ជាក់ពីពេលដែលការព្យាបាលបានធ្វើឡើងនោះទេ ។ នៅក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញព័ត៌មានសង្គម ខណៈដែលរបាយការណ៍វេជ្ជសាស្រ្តប្រចាំឆ្នាំរបស់លោកត្រូវបានបញ្ចេញ លោក Netanyahu វ័យ ៧៦ឆ្នាំ និយាយថា ដុំសាច់ដំណាក់កាលដំបូង ត្រូវបានរកឃើញ អំឡុងពេលពិនិត្យសុខភាព ។ លោកថា ការព្យាបាលសម្រេចគោលដៅ បានយកចេញបញ្ហា ហើយនិងមិនបន្សល់ទុកស្លាកស្នាមអ្វីនោះទេ ។ យោងតាមរបាយការណ៍វេជ្ជសាស្រ្តដែលនិយាយថា លោកនាយករដ្ឋមន្រ្តីមានសុខភាពល្អ លោក Netanyahu ត្រូវបានព្យាបាលដោយវិធីសាស្រ្តវិទ្យុសកម្មសម្រាប់ជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលដំបូង ។ នាយករដ្ឋមន្រ្តីកាន់អំណាចយូរជាងគេបំផុតរបស់អីស្រាអែលរូបនេះ និយាយថា លោកបានពន្យាពេលចេញរបាយការណ៍វេជ្ជសាស្រ្តរយៈពេល ២ខែ ដើម្បីការពារអ៊ីរ៉ង់ពីការផ្សព្វផ្សាយការឃោសនាមិនពិតប្រឆាំងនឹងអ៊ីស្រាអែល ។ កាលពីខែមីនា អំឡុងពេលប្រយុទ្ធគ្នាជាមួយអ៊ីរ៉ង់ ពាក្យចចាមអារ៉ាមបានសាយភាយនៅលើបណ្តាញព័ត៌មានសង្គម និងនៅលើសារព័ត៌មានរដ្ឋអ៊ីរ៉ង់អះអាងថា លោក Netanyahu បានស្លាប់បាត់ហើយ ។ មេដឹកនាំអ៊ីស្រាអែលរូបនេះ បានថតជាវីដេអូឃើញ ឃើញរូបលោកធ្វើដំណើរទៅកាន់ហាងកាហ្វេនៅទីក្រុងហ្សេរុយសាឡឹម កាលពីខែមីនា ដើម្បីបដិសេធន៍ការអះអាងបែបនេះ ៕

លោក Zelenskiy ធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការសន្តិសុខ

04/24/2026 08:04 PM        18
នៅថ្ងៃសុក្រនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានធ្វើដំណើរទៅដល់ទីក្រុង Jeddah នៅលើដំណើរទស្សនកិច្ចលើកទី ២របស់លោកទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងរយៈពេល ១ខែ ស្របពេលដែលទីក្រុងគីវ ព្យាយាមជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងផ្សព្វផ្សាយបច្ចេកវិទ្យាធ្វើតេស្តសង្រ្គាមរបស់ខ្លួននៅមជ្ឈិមបូព៌ា ខណៈសង្រ្គាមអ៊ីរ៉ង់ ។លោក Zelenskiy និយាយនៅលើបណ្តាញព័ត៌មានសង្គម X ពេលទៅដល់អារ៉ាប៊ីសាអ៊ូឌីតថា កាលពីថ្ងៃម្សិលមិញនៅជំនួបជាមួយក្រុមមេដឹកនាំអឺរ៉ុប ពួកយើងទទួលបានការធានាហិរញ្ញវត្ថុសម្រាប់ការតស៊ូរបស់ពួកយើង ។ ថ្ងៃនេះ ពួកយើងនឹងជំរុញកិច្ចព្រមព្រៀងរបស់ពួកយើងជាមួយអារ៉ាប៊ីសាអ៊ូឌីតនៅលើវិស័យសន្តិសុខ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ។លោកបន្តថា លោកគ្រោងនឹងមានជំនួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammed bin Salman ។លោក Zelenskiy ពុំបានអះអាងពីទីក្រុងនោះទេ ប៉ុន្តែទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអ៊ូឌីត រាយការណ៍ថា លោកបានធ្វើដំណើរទៅដល់ទីក្រុង Jeddah ។អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់អារ៉ាប៊ីសាអ៊ូឌីតកាលពីចុងខែឧសភា ទីក្រុងគីវ និងទីក្រុង Riyadh បានឈានដល់កិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការការពារជាតិដែលលោក Zelenskiy ចាត់ទុកថា ជាការចាក់គ្រឹះដ៏រឹងមាំមួយ សម្រាប់កិច្ចព្រមព្រៀងនាពេលអនាគត ៕

មនុស្ស ២នាក់ស្លាប់ អំឡុងការវាយប្រហារតាមអាកាស ខណៈយោធោអ៊ីស្រាអែលចេញការព្រមានជម្លៀស នៅភាគខាងត្បូងលីបង់

04/24/2026 08:04 PM        46
យោធាអ៊ីស្រាអែល នៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះ បានព្រមានឲ្យជម្លៀសចេញជាបន្ទាន់ សម្រាប់ប្រជាជននៅក្នុងភូមិមួយ នៅភាគខាងត្បូងនៃប្រទេសលីបង់ ដែលជាការព្រមានលើកដំបូង ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីការបន្តបទឈប់បាញ់រយៈពេល ៣សប្តាហ៍។អ្នកនាំពាក្យយោធាជាភាសាអារ៉ាប់ លោក Avichay Adraee បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «នេះគឺជាការព្រមានជាបន្ទាន់ដល់ប្រជាជន នៅក្នុងតំបន់ Deir Aames។ ដោយសារតែសកម្មភាពភេរវកម្មរបស់ក្រុមហេសបូឡា កងកម្លាំងអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការកំណត់គោលដៅនៅក្នុងតំបន់នោះ«។ លោកបានបន្ថែមថា៖ «ដើម្បីសុវត្ថិភាពរបស់អ្នកគ្រប់គ្នា យើងសូមអំពាវនាវឲ្យអ្នកជម្លៀសចេញពីផ្ទះសម្បែងរបស់អ្នកចេញជាបន្ទាន់ ហើយបម្លាស់ទីយ៉ាងហោចណាស់ ១.០០០ម៉ែត្រ ខាងក្រៅតំបន់នោះ»។តំបន់ Deir Aames មានទីតាំងស្ថិតនៅភាគខាងជើងនៃអ្វីដែលហៅថា «ខ្សែបន្ទាត់ព្រំដែនពណ៌លឿង» នៅក្នុងប្រទេសលីបង់ ដែលកងកម្លាំងអ៊ីស្រាអែល កំពុងធ្វើប្រតិបត្តិការ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។ជាមួយគ្នានេះ ក្រសួងសុខាភិបាលលីបង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ២នាក់ នៅក្នុងតំបន់តែមួយ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការវាយប្រហារនេះ គឺស្ថិតនៅក្នុងតំបន់ Touline៕

សមាជិកសភាហេសបូឡា៖ បទឈប់បាញ់ «គ្មានន័យ» ទេ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល

04/24/2026 08:04 PM        52
ក្រុមហេសបូឡារបស់ប្រទេសលីបង់ បាននិយាយថា បទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល គឺគ្មានន័យអ្វីឡើយ ដែលការលើកឡើងនេះ កើតមានមួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានពង្រីករយៈពេល ៣សប្តាហ៍ទៀត ដោយចង្អុលបង្ហាញពីការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ និងបញ្ជាក់ថា ក្រុមនេះមានសិទ្ធិឆ្លើយតប។ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីការបន្ថែមរយៈពេល ៣សប្តាហ៍ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) បន្ទាប់ពីបានរៀបចំធ្វើជាម្ចាស់ផ្ទះទទួលឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងលីបង់ នៅសេតវិមាន។ កិច្ចព្រមព្រៀងឈប់បាញ់ដើម រវាងរដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែល ត្រូវគ្រោងនឹងផុតកំណត់នៅថ្ងៃទី២៦ ខែមេសា។នៅក្នុងសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការពន្យាររយៈពេលបន្ថែមនេះ សមាជិកសភាក្រុមហេសបូឡា លោក Ali Fayyad បាននិយាយថា វាគឺជារឿង «ចាំបាច់ណាស់ ដែលត្រូវចង្អុលបង្ហាញថា បទឈប់បាញ់នេះគ្មានន័យអ្វីឡើយ ដោយសារតែសកម្មភាពអរិភាពឥតដាច់របស់អ៊ីស្រាអែល ក្នុងនោះរួមទាំងការធ្វើឃាត ការបាញ់ផ្លោង និងការបាញ់កាំភ្លើង» ក៏ដូចជាការបំផ្លាញភូមិ និងទីប្រជុំជន នៅភាគខាងត្បូង។អរិភាព រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល បានផ្ទុះឡើងម្តងទៀតកាលពីថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមនេះ បានបើកការបាញ់ប្រហារ ដើម្បីគាំទ្រអ៊ីរ៉ង់ ក្នុងសង្គ្រាមក្នុងតំបន់។ បទឈប់បាញ់ នៅក្នុងប្រទេសលីបង់ បានលេចចេញជារូបរាងដាច់ដោយឡែកពីកិច្ចប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយជម្លោះរបស់ខ្លួន ជាមួយទីក្រុងតេអេរ៉ង់ តែអ៊ីរ៉ង់បានអំពាវនាវឲ្យលីបង់ត្រូវបានរួមបញ្ចូលនៅក្នុងបទឈប់បាញ់ដ៏ទូលំទូលាយណាមួយ៕

កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីរបស់ UN ស្លាប់ដោយសាររបួស អំឡុងការផ្ទុះ នៅលីបង់

04/24/2026 07:04 PM        86
បេសកកម្ម នៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា កងកម្លាំងរក្សាសន្តិភាពជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលបម្រើការជាមួយកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅលីបង់ (UNFIL) បានបាត់បង់ជីវិតដោយសាររបួសដែលមានអំឡុងការផ្ទុះ នៅឯមូលដ្ឋានមួយ នៅភាគខាងត្បូងនៃប្រទេសលីបង់។UNIFIL បានឲ្យដឹងថា ពលបាលទោ លោក Rico Pramudia អាយុ ៣១ឆ្នាំ បានរងរបួសធ្ងន់ធ្ងរ ក្នុងអំឡុងពេលមាន «ការផ្ទុះគ្រាប់ផ្លោង» នៅឯមូលដ្ឋានមួយ ក្នុងតំបន់ Adchit al-Qusayr នាយប់ថ្ងៃទី២៩ ខែមីនា ហើយក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងបេរូត។ បេសកកម្មនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «UNIFIL សូមសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់ពលបាលទោ លោក Rico Pramudia»។ដោយមិនបញ្ចេញឈ្មោះអ្នកពាក់ព័ន្ធណាមួយ កងកម្លាំងនេះបានអំពាវនាវឲ្យអង្គភាពទាំងអស់គោរពកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់អន្តរជាតិ និងធានាសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក និងទីតាំងរបស់អង្គការសហប្រជាជាតិ (UN)។សេចក្តីថ្លែងការណ៍នេះ បានសង្កត់ធ្ងន់ថា៖ «ការវាយប្រហារដោយចេតនាលើកងកម្លាំងរក្សាសន្តិភាព គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់មនុស្សធម៌អន្តរជាតិ និងសេចក្តីសម្រេចលេខ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខ ហើយអាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម»។ការស្លាប់របស់នាយទាហានរូបនេះ បានធ្វើឲ្យចំនួនសរុបនៃកងកម្លាំងរក្សាសន្តិភាពជនជាតិឥណ្ឌូនេស៊ីដែលត្រូវបានបាត់បង់ជីវិត នៅភាគខាងត្បូងនៃប្រទេសលីបង់ កើនឡើងដល់ ៤នាក់ហើយ នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នា គិតចាប់តាំងពីថ្ងៃទី២៩ ខែមីនា៕

ទីក្រុងប៉េកាំងច្រានចោលការចោទប្រកាន់របស់លោក Trumpថា នាវាអ៊ីរ៉ង់ស្ទាក់ចាប់បានមានអំណោយពីចិន

04/24/2026 07:04 PM        45
 ក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា នាវាដឹកទំនិញដោតទង់ជាតិអ៊ីរ៉ង់ ដែលត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងសហរដ្ឋអាមេរិកនោះ មានអំណោយពីចិន ។ចិនបានបដិសេធន៍ចោលសេចក្តីអត្ថាធិប្បាយបែបនេះ ដោយពួកគេបញ្ជាក់ថា ចិនជំទាស់រាល់ការចោទប្រកាន់ណាដែលខ្វះមូលដ្ឋានជាក់ស្តែង ។អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិធម្មតារវាងប្រទេស មិនគួរក្លាយជាកម្មវត្ថុនៃជ្រៀតជ្រែក និងការបង្អាក់នោះឡើយ ។គួរឲ្យដឹងថា លោក Trump បាននិយាយប្រាប់ CNBC កាលពីព្រឹកថ្ងៃអង្គារថា នាវាមានអ្វីមួយនៅលើវា ដែលមិនល្អទាល់តែសោះ ។ ប្រហែលអំណោយពីចិន លោកមិនដឹងទេ ។សហរដ្ឋអាមេរិកនិយាយថា ពួកគេបានបាញ់ប្រហារ និងរឹបអូសនាវាដឹកទំនិញដោតទង់ជាតិអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យកន្លងទៅ ដែលព្យាយាមឈ្លានពានការបិទកំពង់ផែអ៊ីរ៉ង់ពីសំណាក់អាមេរិក ។ យោធាអ៊ីរ៉ង់និយាយថា នាវាមួយគ្រឿងនេះ ធ្វើដំណើរពីចិន ហើយនិងសន្យាសងសឹកប្រឆាំងនឹងអ្វីដែលពួកគេនិយាយថា គឺជាការប្លន់ប្រដាប់អាវុធដោយយោធាសហរដ្ឋអាមេរិក ៕

អាល្លឺម៉ង់ និងអ៊ីតាលី សង្កត់ធ្ងន់លើការរួបរួម ក្នុងចំណោមសមាជិករបស់អង្គការណាតូ

04/24/2026 07:04 PM        40
អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់មួយរូប បាននិយាយនៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះថា សមាជិកភាពនៅអង្គការណាតូ (NATO) របស់អេស្ប៉ាញ មិនមានបញ្ហានោះឡើយ។អ្នកនាំពាក្យរូបនេះ បាន និងកំពុងឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានម្នាក់ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍របស់សារព័ត៌មាន Reuters ដោយដកស្រង់អ៊ីម៉ែលផ្ទៃក្នុងរបស់មន្ទីរបញ្ចកោណ ដែលចុះឈ្មោះការព្យួរលើអេស្ប៉ាញ ពីសម្ព័ន្ធភាព ជាជម្រើសមួយដែលកំពុងស្ថិតក្នុងការពិចារណា។ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅទីក្រុងប៊ែរឡាំង អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «អេស្ប៉ាញជាសមាជិករបស់អង្គការណាតូ។ ហើយខ្ញុំមើលមិនឃើញហេតុផលថា ហេតុអ្វីបានជាវាគួរមានផ្លាស់ប្តូរនោះឡើយ»។ចំណែកនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានជំរុញឲ្យសម្ព័ន្ធមិត្តណាតូនៅតែបន្តរួបរួមគ្នា។ នៅពេលដែលលោកស្រីបានចូលរួមកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) នៅទីក្រុង Nicosia ប្រទេសស៊ីប លោកស្រី Meloni បានប្រាប់អ្នកសារព័ត៌មានថា «អង្គការណាតូត្រូវតែរួបរួមគ្នា។ ខ្ញុំជឿថា វាគឺជាប្រភពនៃកម្លាំង»។លោកស្រីបានបន្ថែមថា៖ «យើងត្រូវតែធ្វើការ ដើម្បីពង្រឹងសសរស្តម្ភអឺរ៉ុបរបស់អង្គការណាតូ ដែលត្រូវតែបំពេញបន្ថែមដោយសសរស្តម្ភរបស់អាមេរិក»៕

លោក Putinនិយាយថា រុស្ស៊ីនឹងការពារផលប្រយោជន៍របស់ខ្លួននៅតំបន់អាក់ទិក

04/24/2026 07:04 PM        49
 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយអំឡុងជំនួបជាមួយរដ្ឋាភិបាលថា ប្រទេសរបស់លោកនឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួននៅតំបន់អាក់ទិក ។ លោកថា ផ្លូវសមុត្រខាងជើង ដែលជាច្រកសមុទ្រឆ្លងកាត់តំបន់អាក់ទិក កាន់តែមមាញឹកខ្លាំង ស្របពេលការបង្អាក់សកល រួមទាំងអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា ។ លោក Putin និយាយថា លោកសូមធ្វើការសង្កត់ធ្ងន់ពីតួនាទីកើនឡើងរបស់តំបន់អាក់ទិក នៅក្នុងបរិបទសកលលោក ហើយនិងសម្រាប់បរិស្ថានផែនដី សម្រាប់ប្រេងឥន្ធនៈ និងថាមពលសកល ក៏ដូចជាប្រព័ន្ធវត្ថុធាតុដើម ដើម្បីជំរុញនិរន្តរភាពពាណិជ្ជកម្មអន្តរជាតិ និងការតភ្ជាប់ភស្តុភារ ។ លោកនិយាយទៀតថា សារៈសំខាន់នៃផ្លូវឆ្លងកាត់អាក់ទិកខាងជើង ជាផ្លូវសុវត្ថិភាពបំផុត អាចទុកចិត្តបាន និងជាផ្លូវមានប្រសិទ្ធិភាព កាន់តែមើលឃើញច្បាស់ឡើងៗ ដោយសារការរំខានលើខ្សែចង្វាក់ដឹកជញ្ជូនសកល ក្រោយជម្លោះជាច្រើន រួមទាំងសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាបិទបញ្ចប់ព្រឹត្តិការណ៍ ICIA ឆ្នាំ២០២៦ ជាស្ថាពរ៖ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមគ្នាជំរុញយុវជនសកលឆ្ពោះទៅរកការអភិវឌ្ឍដោយចីរភាព និងនវានុវត្តន៍
04/27/2026 03:04 PM
រដ្ឋមន្ត្រីសុខាភិបាល៖ «ការត្រួតពិនិត្យផលិតផលថ្នាំជក់ គឺជាការងាររបស់គ្រប់វិស័យ និងទទួលខុសត្រូវរួម»
04/27/2026 03:04 PM
រដ្ឋបាលខេត្តប៉ៃលិនកំពុងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់សោភ័ណភាពខេត្ត
04/27/2026 03:04 PM
ក្រុមហេសបូឡា ប្តេជ្ញាថានឹងមិនអត់ធ្មត់ដែលបានដឹងថាកិច្ចព្រមព្រៀងបទឈប់បាញ់មានតែម្ខាង
04/27/2026 03:04 PM
ការប្រឡងសិស្សពូកែថ្នាក់ជាតិ បានចាប់ផ្ដើម នៅថ្ងៃនេះ ទាំងមុខវិជ្ជាឯកទេស និង ចំណេះដឹងទូទៅ
04/27/2026 02:04 PM
ហ្ស៊កដានី និងគូវ៉ែតអំពាវនាវឲ្យមានដំណោះស្រាយប្រកបដោយចីរភាពរវាងអ៊ីរ៉ង់ និងអាមេរិក
04/27/2026 02:04 PM
សហភាពអឺរ៉ុបថ្កោលទោស «ការវាយប្រហារភេរវកម្ម» នៅក្នុងប្រទេសម៉ាលី
04/27/2026 02:04 PM
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
04/27/2026 02:04 PM
បារាំងជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ១១៩នាក់ ដែលកំពុងព្យាយាមឆ្លងសមុទ្រទៅកាន់អង់គ្លេស
04/27/2026 02:04 PM
UN៖ រថយន្តដឹកជំនួយនៅស៊ូដង់ ត្រូវរងការវាយប្រហារដោយយានដ្រូន
04/27/2026 02:04 PM