ស្វែងរក

សមាជិកសភាហេសបូឡា៖ បទឈប់បាញ់ «គ្មានន័យ» ទេ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល

04/24/2026 08:04 PM        52
ក្រុមហេសបូឡារបស់ប្រទេសលីបង់ បាននិយាយថា បទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល គឺគ្មានន័យអ្វីឡើយ ដែលការលើកឡើងនេះ កើតមានមួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានពង្រីករយៈពេល ៣សប្តាហ៍ទៀត ដោយចង្អុលបង្ហាញពីការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ និងបញ្ជាក់ថា ក្រុមនេះមានសិទ្ធិឆ្លើយតប។ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីការបន្ថែមរយៈពេល ៣សប្តាហ៍ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) បន្ទាប់ពីបានរៀបចំធ្វើជាម្ចាស់ផ្ទះទទួលឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងលីបង់ នៅសេតវិមាន។ កិច្ចព្រមព្រៀងឈប់បាញ់ដើម រវាងរដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែល ត្រូវគ្រោងនឹងផុតកំណត់នៅថ្ងៃទី២៦ ខែមេសា។នៅក្នុងសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការពន្យាររយៈពេលបន្ថែមនេះ សមាជិកសភាក្រុមហេសបូឡា លោក Ali Fayyad បាននិយាយថា វាគឺជារឿង «ចាំបាច់ណាស់ ដែលត្រូវចង្អុលបង្ហាញថា បទឈប់បាញ់នេះគ្មានន័យអ្វីឡើយ ដោយសារតែសកម្មភាពអរិភាពឥតដាច់របស់អ៊ីស្រាអែល ក្នុងនោះរួមទាំងការធ្វើឃាត ការបាញ់ផ្លោង និងការបាញ់កាំភ្លើង» ក៏ដូចជាការបំផ្លាញភូមិ និងទីប្រជុំជន នៅភាគខាងត្បូង។អរិភាព រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល បានផ្ទុះឡើងម្តងទៀតកាលពីថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមនេះ បានបើកការបាញ់ប្រហារ ដើម្បីគាំទ្រអ៊ីរ៉ង់ ក្នុងសង្គ្រាមក្នុងតំបន់។ បទឈប់បាញ់ នៅក្នុងប្រទេសលីបង់ បានលេចចេញជារូបរាងដាច់ដោយឡែកពីកិច្ចប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយជម្លោះរបស់ខ្លួន ជាមួយទីក្រុងតេអេរ៉ង់ តែអ៊ីរ៉ង់បានអំពាវនាវឲ្យលីបង់ត្រូវបានរួមបញ្ចូលនៅក្នុងបទឈប់បាញ់ដ៏ទូលំទូលាយណាមួយ៕

កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីរបស់ UN ស្លាប់ដោយសាររបួស អំឡុងការផ្ទុះ នៅលីបង់

04/24/2026 07:04 PM        86
បេសកកម្ម នៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា កងកម្លាំងរក្សាសន្តិភាពជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលបម្រើការជាមួយកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅលីបង់ (UNFIL) បានបាត់បង់ជីវិតដោយសាររបួសដែលមានអំឡុងការផ្ទុះ នៅឯមូលដ្ឋានមួយ នៅភាគខាងត្បូងនៃប្រទេសលីបង់។UNIFIL បានឲ្យដឹងថា ពលបាលទោ លោក Rico Pramudia អាយុ ៣១ឆ្នាំ បានរងរបួសធ្ងន់ធ្ងរ ក្នុងអំឡុងពេលមាន «ការផ្ទុះគ្រាប់ផ្លោង» នៅឯមូលដ្ឋានមួយ ក្នុងតំបន់ Adchit al-Qusayr នាយប់ថ្ងៃទី២៩ ខែមីនា ហើយក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងបេរូត។ បេសកកម្មនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «UNIFIL សូមសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់ពលបាលទោ លោក Rico Pramudia»។ដោយមិនបញ្ចេញឈ្មោះអ្នកពាក់ព័ន្ធណាមួយ កងកម្លាំងនេះបានអំពាវនាវឲ្យអង្គភាពទាំងអស់គោរពកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់អន្តរជាតិ និងធានាសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក និងទីតាំងរបស់អង្គការសហប្រជាជាតិ (UN)។សេចក្តីថ្លែងការណ៍នេះ បានសង្កត់ធ្ងន់ថា៖ «ការវាយប្រហារដោយចេតនាលើកងកម្លាំងរក្សាសន្តិភាព គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់មនុស្សធម៌អន្តរជាតិ និងសេចក្តីសម្រេចលេខ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខ ហើយអាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម»។ការស្លាប់របស់នាយទាហានរូបនេះ បានធ្វើឲ្យចំនួនសរុបនៃកងកម្លាំងរក្សាសន្តិភាពជនជាតិឥណ្ឌូនេស៊ីដែលត្រូវបានបាត់បង់ជីវិត នៅភាគខាងត្បូងនៃប្រទេសលីបង់ កើនឡើងដល់ ៤នាក់ហើយ នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នា គិតចាប់តាំងពីថ្ងៃទី២៩ ខែមីនា៕

ទីក្រុងប៉េកាំងច្រានចោលការចោទប្រកាន់របស់លោក Trumpថា នាវាអ៊ីរ៉ង់ស្ទាក់ចាប់បានមានអំណោយពីចិន

04/24/2026 07:04 PM        45
 ក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា នាវាដឹកទំនិញដោតទង់ជាតិអ៊ីរ៉ង់ ដែលត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងសហរដ្ឋអាមេរិកនោះ មានអំណោយពីចិន ។ចិនបានបដិសេធន៍ចោលសេចក្តីអត្ថាធិប្បាយបែបនេះ ដោយពួកគេបញ្ជាក់ថា ចិនជំទាស់រាល់ការចោទប្រកាន់ណាដែលខ្វះមូលដ្ឋានជាក់ស្តែង ។អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិធម្មតារវាងប្រទេស មិនគួរក្លាយជាកម្មវត្ថុនៃជ្រៀតជ្រែក និងការបង្អាក់នោះឡើយ ។គួរឲ្យដឹងថា លោក Trump បាននិយាយប្រាប់ CNBC កាលពីព្រឹកថ្ងៃអង្គារថា នាវាមានអ្វីមួយនៅលើវា ដែលមិនល្អទាល់តែសោះ ។ ប្រហែលអំណោយពីចិន លោកមិនដឹងទេ ។សហរដ្ឋអាមេរិកនិយាយថា ពួកគេបានបាញ់ប្រហារ និងរឹបអូសនាវាដឹកទំនិញដោតទង់ជាតិអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យកន្លងទៅ ដែលព្យាយាមឈ្លានពានការបិទកំពង់ផែអ៊ីរ៉ង់ពីសំណាក់អាមេរិក ។ យោធាអ៊ីរ៉ង់និយាយថា នាវាមួយគ្រឿងនេះ ធ្វើដំណើរពីចិន ហើយនិងសន្យាសងសឹកប្រឆាំងនឹងអ្វីដែលពួកគេនិយាយថា គឺជាការប្លន់ប្រដាប់អាវុធដោយយោធាសហរដ្ឋអាមេរិក ៕

អាល្លឺម៉ង់ និងអ៊ីតាលី សង្កត់ធ្ងន់លើការរួបរួម ក្នុងចំណោមសមាជិករបស់អង្គការណាតូ

04/24/2026 07:04 PM        40
អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់មួយរូប បាននិយាយនៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះថា សមាជិកភាពនៅអង្គការណាតូ (NATO) របស់អេស្ប៉ាញ មិនមានបញ្ហានោះឡើយ។អ្នកនាំពាក្យរូបនេះ បាន និងកំពុងឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានម្នាក់ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍របស់សារព័ត៌មាន Reuters ដោយដកស្រង់អ៊ីម៉ែលផ្ទៃក្នុងរបស់មន្ទីរបញ្ចកោណ ដែលចុះឈ្មោះការព្យួរលើអេស្ប៉ាញ ពីសម្ព័ន្ធភាព ជាជម្រើសមួយដែលកំពុងស្ថិតក្នុងការពិចារណា។ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅទីក្រុងប៊ែរឡាំង អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «អេស្ប៉ាញជាសមាជិករបស់អង្គការណាតូ។ ហើយខ្ញុំមើលមិនឃើញហេតុផលថា ហេតុអ្វីបានជាវាគួរមានផ្លាស់ប្តូរនោះឡើយ»។ចំណែកនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានជំរុញឲ្យសម្ព័ន្ធមិត្តណាតូនៅតែបន្តរួបរួមគ្នា។ នៅពេលដែលលោកស្រីបានចូលរួមកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) នៅទីក្រុង Nicosia ប្រទេសស៊ីប លោកស្រី Meloni បានប្រាប់អ្នកសារព័ត៌មានថា «អង្គការណាតូត្រូវតែរួបរួមគ្នា។ ខ្ញុំជឿថា វាគឺជាប្រភពនៃកម្លាំង»។លោកស្រីបានបន្ថែមថា៖ «យើងត្រូវតែធ្វើការ ដើម្បីពង្រឹងសសរស្តម្ភអឺរ៉ុបរបស់អង្គការណាតូ ដែលត្រូវតែបំពេញបន្ថែមដោយសសរស្តម្ភរបស់អាមេរិក»៕

លោក Putinនិយាយថា រុស្ស៊ីនឹងការពារផលប្រយោជន៍របស់ខ្លួននៅតំបន់អាក់ទិក

04/24/2026 07:04 PM        49
 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយអំឡុងជំនួបជាមួយរដ្ឋាភិបាលថា ប្រទេសរបស់លោកនឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួននៅតំបន់អាក់ទិក ។ លោកថា ផ្លូវសមុត្រខាងជើង ដែលជាច្រកសមុទ្រឆ្លងកាត់តំបន់អាក់ទិក កាន់តែមមាញឹកខ្លាំង ស្របពេលការបង្អាក់សកល រួមទាំងអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា ។ លោក Putin និយាយថា លោកសូមធ្វើការសង្កត់ធ្ងន់ពីតួនាទីកើនឡើងរបស់តំបន់អាក់ទិក នៅក្នុងបរិបទសកលលោក ហើយនិងសម្រាប់បរិស្ថានផែនដី សម្រាប់ប្រេងឥន្ធនៈ និងថាមពលសកល ក៏ដូចជាប្រព័ន្ធវត្ថុធាតុដើម ដើម្បីជំរុញនិរន្តរភាពពាណិជ្ជកម្មអន្តរជាតិ និងការតភ្ជាប់ភស្តុភារ ។ លោកនិយាយទៀតថា សារៈសំខាន់នៃផ្លូវឆ្លងកាត់អាក់ទិកខាងជើង ជាផ្លូវសុវត្ថិភាពបំផុត អាចទុកចិត្តបាន និងជាផ្លូវមានប្រសិទ្ធិភាព កាន់តែមើលឃើញច្បាស់ឡើងៗ ដោយសារការរំខានលើខ្សែចង្វាក់ដឹកជញ្ជូនសកល ក្រោយជម្លោះជាច្រើន រួមទាំងសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ ៕

ក្តីបារម្ភ និងភាពមិនច្បាស់លាស់កើតមាននៅអ៊ីរ៉ាក់ ខណៈអាមេរិកបញ្ឈប់ការដឹកជញ្ជូនប្រាក់ដុល្លារ

04/24/2026 07:04 PM        57
ក្តីបារម្ភ និងភាពពុំច្បាស់លាស់ក្នុងចំណោមប្រជាពលរដ្ឋ បានកើតមាននៅអ៊ីរ៉ាក់ ក្រោយសហរដ្ឋអាមេរិកបញ្ឈប់ការដឹកជញ្ជូនប្រាក់ប្រហែល ៥០០លានដុល្លារទៅកាន់ប្រទេសមួយនេះ ហើយនិងផ្អាកផ្នែកខ្លះនៃប្រតិបត្តិការសន្តិសុខជាមួយទីក្រុងបាកដាដ ។ប្រភពអ៊ីរ៉ាក់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ចំណាត់ការបែបនេះ មានគោលបំណងដាក់សម្ពាធរដ្ឋាភិបាលអ៊ីរ៉ាក់ ពាក់ព័ន្ធនឹងសកម្មភាពក្រុមជីវពលគាំទ្រអ៊ីរ៉ង់ ។វិធានការនេះ បានធ្វើឡើង ស្របពេលដែលផលវិបាកពីសង្រ្គាមអ៊ីរ៉ង់ បានអូសទាញអ៊ីរ៉ាក់ឲ្យចូលក្នុងជម្លោះ ក្នុងនោះក្រុមប្រដាប់អាវុធដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅអ៊ីរ៉ាក់ បានបើកការវាយប្រហារម្តងហើយម្តងទៀតដោយយានដ្រូន និងរ៉ុក្កែតលើទីតាំងយោធាសហរដ្ឋអាមេរិក និងរដ្ឋជិតខាង ដើម្បីបង្ហាញការគាំទ្រដល់ទីក្រុងតេអេរ៉ង់ ។ប្រភពចំនួន ៥របស់អ៊ីរ៉ាក់ បានឲ្យដឹងថា វិធានការនេះត្រូវបានកំហិតការដឹកជញ្ជូនរូបិយវត្ថុសហរដ្ឋអាមេរិកចន្លោះ ៤៥០លានដុល្លារ និង ៥០០លានដុល្លារ ដែលត្រូវបានដឹកតាមយន្តហោះជាប្រចាំទៅកាន់ទីក្រុងបាកដាដ ។ក្រសួងរតនាគារសហរដ្ឋអាមេរិក និងធនាគារកណ្តាលអាមេរិក ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំធ្វើសេចក្តីអត្ថាធិប្បាយជុំវិញការបញ្ឈប់ការដឹកជញ្ជូនសាច់ប្រាក់ដុល្លារនេះ ៕

គណៈកម្មការស៊ើបអង្កេតតង់ហ្សានី៖ មនុស្សជាង ៥០០នាក់ ត្រូវបានសម្លាប់ក្នុងអំពើហិង្សាបោះឆ្នោតឆ្នាំមុន

04/24/2026 07:04 PM        52
គណៈកម្មការស៊ើបអង្កេតតែងតាំងដោយរដ្ឋាភិបាល និយាយថា មនុស្សយ៉ាងហោច ៥១៨នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើហិង្សាដែលបានផ្ទុះឡើង អំឡុងការបោះឆ្នោតតង់ហ្សានីកាលពីខែតុលា ឆ្នាំមុន ដែលជាការទទួលស្គាល់ផ្លូវការជាលើកដំបូងពីទំហំនៃភាពរំជើបរំជួលស្លាប់មនុស្ស ។ទោះបីជាយ៉ាងណាក៏ដោយ គណៈកម្មការមួយនេះ បានដាក់ការស្តីបន្ទោសអំពើហិង្សាលើក្រុមបាតុករ ធ្វើឲ្យអ្នកគាំទ្ររដ្ឋាភិបាលខឹងសម្បារ ។ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) បានធ្វើការប៉ាន់ប្រមាណកាលពីឆ្នាំមុនថា មនុស្សរាប់រយនាក់ ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាបង្កឡើងដោយសារការដកចេញបេក្ខជនប្រឆាំងឈានមុខគេចេញពីការបោះឆ្នោតសភា និងជ្រើសរើសប្រធានាធិបតី ។ គណបក្សប្រឆំាងដ៏សំខាន់មួយ និយាយថា មនុស្សរាប់ពាន់នាក់ បានស្លាប់ ។កាលពីមុន អាជ្ញាធរតង់ហ្សានីបដិសេធន៍មិនព្រមធ្វើសេចក្តីអត្ថាធិប្បាយលើតួលេខគ្រោះថ្នាក់ ដោយពួកគេនិយាយថា ពួកគេរង់ចាំរបាយការណ៍ពីគណៈកម្មការស៊ើបអង្កេតជាមុនសិន ដែលលោកស្រីប្រធានាធិបតី Samia Suluhu Hassan បានតែងតាំងកាលពីខែវិច្ឆិកា ឆ្នាំ ២០២៥ ៕

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ត្រូវបានរំពឹងថា នឹងទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ មុនកិច្ចចរចាអាមេរិក-អ៊ីរ៉ង់

04/24/2026 07:04 PM        79
ប្រភពពីរដ្ឋាភិបាល បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ នាយប់ថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះ ជាមួយនឹងគណៈប្រតិភូតូចមួយ ខណៈដែលកិច្ចប្រឹងប្រែងផ្នែកការទូត នៅតែបន្ត ជុំវិញលទ្ធភាពដែលអាចកើតមានកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។យោងតាមប្រភពពីរដ្ឋាភិបាល បានឲ្យដឹងថា ក្រុមសម្របសម្រួលរបស់ប៉ាគីស្ថាន ត្រូវបានគេរំពឹងថា នឹងធ្វើការពិភាក្សាសំខាន់ៗដែលមានគោលបំណងសម្របសម្រួលជុំទី២ នៃ «កិច្ចចរចាសន្តិភាព» រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដ។ ប្រភពទាំងនេះបានបង្ហើបឲ្យដឹងថា លទ្ធផលនៃការទំនាក់ទំនងដែលកំពុងបន្តនេះ អាចនាំឲ្យមានការចរចាជុំមួយទៀតដែលត្រូវបានធ្វើឡើង នៅក្នុងរដ្ឋធានីរបស់ប៉ាគីស្ថាន ទោះបីជាមិនមានការបញ្ជាក់ជាផ្លូវការណាមួយ ត្រូវបានចេញដោយភាគីពាក់ព័ន្ធក៏ដោយ។ប្រភពបានបន្ថែមថា ដោយឡែក ក្រុមភស្តុភារ និងសន្តិសុខរបស់សហរដ្ឋអាមេរិក មានវត្តមានរួចហើយ នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ទាក់ទងនឹងកិច្ចចរចាដែលត្រូវបានរំពឹងទុកនេះ។ មិនមានការបញ្ជាក់អះអាងជាសាធារណៈផ្លូវការពីទីក្រុងវ៉ាស៊ីនតោន តេអេរ៉ង់ ឬអ៊ីស្លាម៉ាបាដនោះឡើយ ទាក់ទងនឹងពេលវេលា ឬរបៀបវារៈនៃកិច្ចប្រជុំដែលត្រូវបានស្នើឡើងនេះ។នៅមុននេះ លោក Abbas Araghchi បានធ្វើការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar ក៏ដូចជាប្រមុខកងកម្លាំងការពារជាតិ លោក Asim Munir។យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់អ៊ីរ៉ង់ បានឲ្យដឹងថា ការពិភាក្សានោះ បានផ្តោតលើការវិវត្ត ក្នុងតំបន់ថ្មីៗ ស្ថានភាពនៃបទឈប់បាញ់ និងកិច្ចប្រឹងប្រែងដែលធ្វើឡើងដោយទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីសម្រួលដល់ការចរចាជុំទី២ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក៕

ប្រេស៊ីលត្រៀមខ្លួនរួចរាល់ក្នុងការដឹកទំនិញទៅកាន់អឺរ៉ុប ខណៈការនាំចេញនឹងកើនឡើងដល់ ១៣ភាគរយនៅឆ្នាំ ២០៣៨

04/24/2026 07:04 PM        53
ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva និយាយថា ប្រេស៊ីលមានទំនិញ ៥៤០មុខ ត្រៀមខ្លួននឹងចែកចាយទៅកាន់អឺរ៉ុប ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម Mercosur-EU ស្របពេលការនាំចេញនឹងអាចកើនឡើងដល់ ១៣ភាគរយ នៅឆ្នាំ ២០៣៨ ។ខណៈពេលនោះដែរ អនុប្រធានាធិបតីប្រេស៊ីលលោក Geraldo Alckmin និយាយដែរថា រដ្ឋាភិបាលប្រេស៊ីល រំពឹងថា ការនាំចេញរបស់ប្រទេសពួកគេនឹងកើនឡើងដល់ចំនួន ១៣ភាគរយនៅឆ្នាំ ២០៣៨ តាមរយៈការអនុញ្ញាតទាំងស្រុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាមេរិកខាងត្បូង និងអឺរ៉ុប ។ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានអន្តរជាតិ រួមទាំងទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Alckmin និយាយថា ការនាំចេញឧស្សាហកម្មតែមួយគត់ អាចនឹងកើនឡើងដល់ ២៦ភាគរយ នៅក្នុងអំឡុងពេលតែមួយ ដោយសារកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្លុកទាំង ២ កាលពីខែមករាកន្លងទៅ ។កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាននៅថ្ងៃ ១ ខែឧសភាខាងមុខនេះ ស្របពេលដែលរដ្ឋជាសមាជិកសហភាពអឺរ៉ុប(EU)មួយចំនួន ដូចជាបារាំងបានជំទាស់កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសខាងលើ នៅឯតុលាការកំពូលរបស់ប្លុក ។ប៉ុន្តែការដកចេញបន្តិចម្តងៗពន្ធរវាង EU និង Mercosur ដែលរួមមានអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយរុយហ្គាយ នឹងចាប់ផ្តើមភ្លាមៗ ហើយត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេល ១២ឆ្នាំ ៕

ចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្នុងដែនទឹកក្បែរកោះ Luzon របស់ហ្វីលីពីន

04/24/2026 07:04 PM        37
នៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) យោធាចិន បានឲ្យដឹងថា ថ្មីៗនេះ ខ្លួនបានធ្វើសមយុទ្ធយោធា រួមទាំងសមយុទ្ធបាញ់គ្រាប់ពិត នៅក្នុងដែនទឹកភាគខាងកើតនៃកោះ Luzon របស់ប្រទេសហ្វីលីពីន ដោយហៅថា ជា «ប្រតិបត្តិការចាំបាច់» ដើម្បីឆ្លើយតបទៅនឹងស្ថានភាពក្នុងតំបន់បច្ចុប្បន្ន។យោធាបានធ្វើការប្រកាសនេះ ខណៈដែលកងទ័ពអាមេរិក និងហ្វីលីពីនប្រហែល ៨.០០០នាក់ បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំ Balikatan របស់ពួកគេ នៅសប្តាហ៍នេះ ស្របពេលមានភាពតានតឹង ជុំវិញការអះអាងកាន់តែខ្លាំងឡើងៗរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង។កងទ័ពប្រយុទ្ធមកពីប្រទេសជប៉ុន ក៏បានចូលរួមក្នុងសមយុទ្ធ Balikatan ជាលើកដំបូងផងដែរ ក្នុងពេលដែលទីក្រុងតូក្យូ និងប៉េកាំង នៅតែមានភាពរកាំរកូសជាមួយគ្នាមិនទាន់ថមថយ។ទីបញ្ជាការនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៤ ខែមេសានេះថា កងកម្លាំងមួយក្រុមនៃបញ្ជាការដ្ឋានភូមិភាគខាងត្បូង (STC) របស់យោធាចិន បានអនុវត្តការហ្វឹកហាត់ជាច្រើន ដែលផ្តោតលើការបាញ់គ្រាប់ពិត ការសម្របសម្រួលផ្លូវទឹក-ផ្លូវអាកាស ការធ្វើបម្លាស់ទីយ៉ាងលឿនរហ័ស និងការបំពេញការផ្គង់ផ្គង់ដែនសមុទ្រ ដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធរួមបញ្ចូលគ្នា។ស្ថានទូតហ្វីលីពីន នៅទីក្រុងប៉េកាំង មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ហើយយោធាចិនក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីពេលវេលា ឬទីតាំងពិតប្រាកដនៃសមយុទ្ធនោះដែរ ប៉ុន្តែបានបញ្ជាក់ថា សមយុទ្ធរបស់ខ្លួន គឺអនុលោមតាមច្បាប់ និងការអនុវត្តអន្តរជាតិយ៉ាងពេញលេញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាចូលរួមអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងមែលប៊ន» ដើម្បីពង្រឹងសិទ្ធិសុខភាពបន្តពូជ និងសមភាពយេនឌ័រ ក្នុងវេទិកាកម្រិតខ្ពស់រវាងរដ្ឋមន្ត្រី និងសមាជិកសភា
04/27/2026 01:04 PM
អ្នកការពារជើងឯក Carlos Alcaraz នឹងអវត្តមានពី Grand Slam, French Open ខែក្រោយ
04/27/2026 01:04 PM
Mohamed Salah រងរបួសសៃពួរត្រូវអវត្តមានដល់ចប់រដូវកាល
04/27/2026 01:04 PM
ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ
04/27/2026 01:04 PM
កំណើនប្រាក់ចំណេញឧស្សាហកម្មរបស់ចិនកើនឡើងយ៉ាងឆាប់រហ័ស ទោះសង្គ្រាមអ៊ីរ៉ង់បង្កើនហានិភ័យក៏ដោយ
04/27/2026 12:04 PM
អតីតរដ្ឋមន្ត្រីការពារជាតិ៖ ការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធាសមស្របតាមសភាពការណ៍តម្រូវ
04/27/2026 12:04 PM
រដ្ឋបាលខេត្តប៉ៃលិនប្រកាសបដិសេធ និងច្រានចោលការផ្សាយព័ត៌មានបំភ្លៃដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន»
04/27/2026 12:04 PM
ជប៉ុនផ្តល់រថយន្តដឹកសំរាមបន្ថែម ១០គ្រឿងទៀតដល់កម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងសំរាម
04/27/2026 12:04 PM
ក្រសួងការពារជាតិ កែសម្រួលការហ្វឹកហ្វឺនកងទ័ពតាមបែបទំនើបកម្ម និងមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង
04/27/2026 12:04 PM
លោក Trump៖ ខ្មាន់វាយប្រហារមានចរឹតប្រឆាំងគ្រិស្តសាសនា និងពោពេញដោយការស្អប់ខ្ពើមនៅក្នុងចិត្តរបស់គេ
04/27/2026 12:04 PM