មនុស្ស ២នាក់ស្លាប់ អំឡុងការវាយប្រហារតាមអាកាស ខណៈយោធោអ៊ីស្រាអែលចេញការព្រមានជម្លៀស នៅភាគខាងត្បូងលីបង់
យោធាអ៊ីស្រាអែល នៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះ បានព្រមានឲ្យជម្លៀសចេញជាបន្ទាន់ សម្រាប់ប្រជាជននៅក្នុងភូមិមួយ នៅភាគខាងត្បូងនៃប្រទេសលីបង់ ដែលជាការព្រមានលើកដំបូង ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីការបន្តបទឈប់បាញ់រយៈពេល ៣សប្តាហ៍។អ្នកនាំពាក្យយោធាជាភាសាអារ៉ាប់ លោក Avichay Adraee បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «នេះគឺជាការព្រមានជាបន្ទាន់ដល់ប្រជាជន នៅក្នុងតំបន់ Deir Aames។ ដោយសារតែសកម្មភាពភេរវកម្មរបស់ក្រុមហេសបូឡា កងកម្លាំងអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការកំណត់គោលដៅនៅក្នុងតំបន់នោះ«។ លោកបានបន្ថែមថា៖ «ដើម្បីសុវត្ថិភាពរបស់អ្នកគ្រប់គ្នា យើងសូមអំពាវនាវឲ្យអ្នកជម្លៀសចេញពីផ្ទះសម្បែងរបស់អ្នកចេញជាបន្ទាន់ ហើយបម្លាស់ទីយ៉ាងហោចណាស់ ១.០០០ម៉ែត្រ ខាងក្រៅតំបន់នោះ»។តំបន់ Deir Aames មានទីតាំងស្ថិតនៅភាគខាងជើងនៃអ្វីដែលហៅថា «ខ្សែបន្ទាត់ព្រំដែនពណ៌លឿង» នៅក្នុងប្រទេសលីបង់ ដែលកងកម្លាំងអ៊ីស្រាអែល កំពុងធ្វើប្រតិបត្តិការ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។ជាមួយគ្នានេះ ក្រសួងសុខាភិបាលលីបង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ២នាក់ នៅក្នុងតំបន់តែមួយ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការវាយប្រហារនេះ គឺស្ថិតនៅក្នុងតំបន់ Touline៕