ស្វែងរក

លោក Putinនិយាយថា រុស្ស៊ីនឹងការពារផលប្រយោជន៍របស់ខ្លួននៅតំបន់អាក់ទិក

04/24/2026 07:04 PM        49
 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយអំឡុងជំនួបជាមួយរដ្ឋាភិបាលថា ប្រទេសរបស់លោកនឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួននៅតំបន់អាក់ទិក ។ លោកថា ផ្លូវសមុត្រខាងជើង ដែលជាច្រកសមុទ្រឆ្លងកាត់តំបន់អាក់ទិក កាន់តែមមាញឹកខ្លាំង ស្របពេលការបង្អាក់សកល រួមទាំងអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា ។ លោក Putin និយាយថា លោកសូមធ្វើការសង្កត់ធ្ងន់ពីតួនាទីកើនឡើងរបស់តំបន់អាក់ទិក នៅក្នុងបរិបទសកលលោក ហើយនិងសម្រាប់បរិស្ថានផែនដី សម្រាប់ប្រេងឥន្ធនៈ និងថាមពលសកល ក៏ដូចជាប្រព័ន្ធវត្ថុធាតុដើម ដើម្បីជំរុញនិរន្តរភាពពាណិជ្ជកម្មអន្តរជាតិ និងការតភ្ជាប់ភស្តុភារ ។ លោកនិយាយទៀតថា សារៈសំខាន់នៃផ្លូវឆ្លងកាត់អាក់ទិកខាងជើង ជាផ្លូវសុវត្ថិភាពបំផុត អាចទុកចិត្តបាន និងជាផ្លូវមានប្រសិទ្ធិភាព កាន់តែមើលឃើញច្បាស់ឡើងៗ ដោយសារការរំខានលើខ្សែចង្វាក់ដឹកជញ្ជូនសកល ក្រោយជម្លោះជាច្រើន រួមទាំងសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ ៕

ក្តីបារម្ភ និងភាពមិនច្បាស់លាស់កើតមាននៅអ៊ីរ៉ាក់ ខណៈអាមេរិកបញ្ឈប់ការដឹកជញ្ជូនប្រាក់ដុល្លារ

04/24/2026 07:04 PM        57
ក្តីបារម្ភ និងភាពពុំច្បាស់លាស់ក្នុងចំណោមប្រជាពលរដ្ឋ បានកើតមាននៅអ៊ីរ៉ាក់ ក្រោយសហរដ្ឋអាមេរិកបញ្ឈប់ការដឹកជញ្ជូនប្រាក់ប្រហែល ៥០០លានដុល្លារទៅកាន់ប្រទេសមួយនេះ ហើយនិងផ្អាកផ្នែកខ្លះនៃប្រតិបត្តិការសន្តិសុខជាមួយទីក្រុងបាកដាដ ។ប្រភពអ៊ីរ៉ាក់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ចំណាត់ការបែបនេះ មានគោលបំណងដាក់សម្ពាធរដ្ឋាភិបាលអ៊ីរ៉ាក់ ពាក់ព័ន្ធនឹងសកម្មភាពក្រុមជីវពលគាំទ្រអ៊ីរ៉ង់ ។វិធានការនេះ បានធ្វើឡើង ស្របពេលដែលផលវិបាកពីសង្រ្គាមអ៊ីរ៉ង់ បានអូសទាញអ៊ីរ៉ាក់ឲ្យចូលក្នុងជម្លោះ ក្នុងនោះក្រុមប្រដាប់អាវុធដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅអ៊ីរ៉ាក់ បានបើកការវាយប្រហារម្តងហើយម្តងទៀតដោយយានដ្រូន និងរ៉ុក្កែតលើទីតាំងយោធាសហរដ្ឋអាមេរិក និងរដ្ឋជិតខាង ដើម្បីបង្ហាញការគាំទ្រដល់ទីក្រុងតេអេរ៉ង់ ។ប្រភពចំនួន ៥របស់អ៊ីរ៉ាក់ បានឲ្យដឹងថា វិធានការនេះត្រូវបានកំហិតការដឹកជញ្ជូនរូបិយវត្ថុសហរដ្ឋអាមេរិកចន្លោះ ៤៥០លានដុល្លារ និង ៥០០លានដុល្លារ ដែលត្រូវបានដឹកតាមយន្តហោះជាប្រចាំទៅកាន់ទីក្រុងបាកដាដ ។ក្រសួងរតនាគារសហរដ្ឋអាមេរិក និងធនាគារកណ្តាលអាមេរិក ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំធ្វើសេចក្តីអត្ថាធិប្បាយជុំវិញការបញ្ឈប់ការដឹកជញ្ជូនសាច់ប្រាក់ដុល្លារនេះ ៕

គណៈកម្មការស៊ើបអង្កេតតង់ហ្សានី៖ មនុស្សជាង ៥០០នាក់ ត្រូវបានសម្លាប់ក្នុងអំពើហិង្សាបោះឆ្នោតឆ្នាំមុន

04/24/2026 07:04 PM        52
គណៈកម្មការស៊ើបអង្កេតតែងតាំងដោយរដ្ឋាភិបាល និយាយថា មនុស្សយ៉ាងហោច ៥១៨នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើហិង្សាដែលបានផ្ទុះឡើង អំឡុងការបោះឆ្នោតតង់ហ្សានីកាលពីខែតុលា ឆ្នាំមុន ដែលជាការទទួលស្គាល់ផ្លូវការជាលើកដំបូងពីទំហំនៃភាពរំជើបរំជួលស្លាប់មនុស្ស ។ទោះបីជាយ៉ាងណាក៏ដោយ គណៈកម្មការមួយនេះ បានដាក់ការស្តីបន្ទោសអំពើហិង្សាលើក្រុមបាតុករ ធ្វើឲ្យអ្នកគាំទ្ររដ្ឋាភិបាលខឹងសម្បារ ។ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) បានធ្វើការប៉ាន់ប្រមាណកាលពីឆ្នាំមុនថា មនុស្សរាប់រយនាក់ ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាបង្កឡើងដោយសារការដកចេញបេក្ខជនប្រឆាំងឈានមុខគេចេញពីការបោះឆ្នោតសភា និងជ្រើសរើសប្រធានាធិបតី ។ គណបក្សប្រឆំាងដ៏សំខាន់មួយ និយាយថា មនុស្សរាប់ពាន់នាក់ បានស្លាប់ ។កាលពីមុន អាជ្ញាធរតង់ហ្សានីបដិសេធន៍មិនព្រមធ្វើសេចក្តីអត្ថាធិប្បាយលើតួលេខគ្រោះថ្នាក់ ដោយពួកគេនិយាយថា ពួកគេរង់ចាំរបាយការណ៍ពីគណៈកម្មការស៊ើបអង្កេតជាមុនសិន ដែលលោកស្រីប្រធានាធិបតី Samia Suluhu Hassan បានតែងតាំងកាលពីខែវិច្ឆិកា ឆ្នាំ ២០២៥ ៕

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ត្រូវបានរំពឹងថា នឹងទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ មុនកិច្ចចរចាអាមេរិក-អ៊ីរ៉ង់

04/24/2026 07:04 PM        79
ប្រភពពីរដ្ឋាភិបាល បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ នាយប់ថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះ ជាមួយនឹងគណៈប្រតិភូតូចមួយ ខណៈដែលកិច្ចប្រឹងប្រែងផ្នែកការទូត នៅតែបន្ត ជុំវិញលទ្ធភាពដែលអាចកើតមានកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។យោងតាមប្រភពពីរដ្ឋាភិបាល បានឲ្យដឹងថា ក្រុមសម្របសម្រួលរបស់ប៉ាគីស្ថាន ត្រូវបានគេរំពឹងថា នឹងធ្វើការពិភាក្សាសំខាន់ៗដែលមានគោលបំណងសម្របសម្រួលជុំទី២ នៃ «កិច្ចចរចាសន្តិភាព» រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដ។ ប្រភពទាំងនេះបានបង្ហើបឲ្យដឹងថា លទ្ធផលនៃការទំនាក់ទំនងដែលកំពុងបន្តនេះ អាចនាំឲ្យមានការចរចាជុំមួយទៀតដែលត្រូវបានធ្វើឡើង នៅក្នុងរដ្ឋធានីរបស់ប៉ាគីស្ថាន ទោះបីជាមិនមានការបញ្ជាក់ជាផ្លូវការណាមួយ ត្រូវបានចេញដោយភាគីពាក់ព័ន្ធក៏ដោយ។ប្រភពបានបន្ថែមថា ដោយឡែក ក្រុមភស្តុភារ និងសន្តិសុខរបស់សហរដ្ឋអាមេរិក មានវត្តមានរួចហើយ នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ទាក់ទងនឹងកិច្ចចរចាដែលត្រូវបានរំពឹងទុកនេះ។ មិនមានការបញ្ជាក់អះអាងជាសាធារណៈផ្លូវការពីទីក្រុងវ៉ាស៊ីនតោន តេអេរ៉ង់ ឬអ៊ីស្លាម៉ាបាដនោះឡើយ ទាក់ទងនឹងពេលវេលា ឬរបៀបវារៈនៃកិច្ចប្រជុំដែលត្រូវបានស្នើឡើងនេះ។នៅមុននេះ លោក Abbas Araghchi បានធ្វើការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar ក៏ដូចជាប្រមុខកងកម្លាំងការពារជាតិ លោក Asim Munir។យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់អ៊ីរ៉ង់ បានឲ្យដឹងថា ការពិភាក្សានោះ បានផ្តោតលើការវិវត្ត ក្នុងតំបន់ថ្មីៗ ស្ថានភាពនៃបទឈប់បាញ់ និងកិច្ចប្រឹងប្រែងដែលធ្វើឡើងដោយទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីសម្រួលដល់ការចរចាជុំទី២ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក៕

ប្រេស៊ីលត្រៀមខ្លួនរួចរាល់ក្នុងការដឹកទំនិញទៅកាន់អឺរ៉ុប ខណៈការនាំចេញនឹងកើនឡើងដល់ ១៣ភាគរយនៅឆ្នាំ ២០៣៨

04/24/2026 07:04 PM        53
ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva និយាយថា ប្រេស៊ីលមានទំនិញ ៥៤០មុខ ត្រៀមខ្លួននឹងចែកចាយទៅកាន់អឺរ៉ុប ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម Mercosur-EU ស្របពេលការនាំចេញនឹងអាចកើនឡើងដល់ ១៣ភាគរយ នៅឆ្នាំ ២០៣៨ ។ខណៈពេលនោះដែរ អនុប្រធានាធិបតីប្រេស៊ីលលោក Geraldo Alckmin និយាយដែរថា រដ្ឋាភិបាលប្រេស៊ីល រំពឹងថា ការនាំចេញរបស់ប្រទេសពួកគេនឹងកើនឡើងដល់ចំនួន ១៣ភាគរយនៅឆ្នាំ ២០៣៨ តាមរយៈការអនុញ្ញាតទាំងស្រុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាមេរិកខាងត្បូង និងអឺរ៉ុប ។ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានអន្តរជាតិ រួមទាំងទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Alckmin និយាយថា ការនាំចេញឧស្សាហកម្មតែមួយគត់ អាចនឹងកើនឡើងដល់ ២៦ភាគរយ នៅក្នុងអំឡុងពេលតែមួយ ដោយសារកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្លុកទាំង ២ កាលពីខែមករាកន្លងទៅ ។កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាននៅថ្ងៃ ១ ខែឧសភាខាងមុខនេះ ស្របពេលដែលរដ្ឋជាសមាជិកសហភាពអឺរ៉ុប(EU)មួយចំនួន ដូចជាបារាំងបានជំទាស់កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសខាងលើ នៅឯតុលាការកំពូលរបស់ប្លុក ។ប៉ុន្តែការដកចេញបន្តិចម្តងៗពន្ធរវាង EU និង Mercosur ដែលរួមមានអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយរុយហ្គាយ នឹងចាប់ផ្តើមភ្លាមៗ ហើយត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេល ១២ឆ្នាំ ៕

ចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្នុងដែនទឹកក្បែរកោះ Luzon របស់ហ្វីលីពីន

04/24/2026 07:04 PM        37
នៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) យោធាចិន បានឲ្យដឹងថា ថ្មីៗនេះ ខ្លួនបានធ្វើសមយុទ្ធយោធា រួមទាំងសមយុទ្ធបាញ់គ្រាប់ពិត នៅក្នុងដែនទឹកភាគខាងកើតនៃកោះ Luzon របស់ប្រទេសហ្វីលីពីន ដោយហៅថា ជា «ប្រតិបត្តិការចាំបាច់» ដើម្បីឆ្លើយតបទៅនឹងស្ថានភាពក្នុងតំបន់បច្ចុប្បន្ន។យោធាបានធ្វើការប្រកាសនេះ ខណៈដែលកងទ័ពអាមេរិក និងហ្វីលីពីនប្រហែល ៨.០០០នាក់ បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំ Balikatan របស់ពួកគេ នៅសប្តាហ៍នេះ ស្របពេលមានភាពតានតឹង ជុំវិញការអះអាងកាន់តែខ្លាំងឡើងៗរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង។កងទ័ពប្រយុទ្ធមកពីប្រទេសជប៉ុន ក៏បានចូលរួមក្នុងសមយុទ្ធ Balikatan ជាលើកដំបូងផងដែរ ក្នុងពេលដែលទីក្រុងតូក្យូ និងប៉េកាំង នៅតែមានភាពរកាំរកូសជាមួយគ្នាមិនទាន់ថមថយ។ទីបញ្ជាការនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៤ ខែមេសានេះថា កងកម្លាំងមួយក្រុមនៃបញ្ជាការដ្ឋានភូមិភាគខាងត្បូង (STC) របស់យោធាចិន បានអនុវត្តការហ្វឹកហាត់ជាច្រើន ដែលផ្តោតលើការបាញ់គ្រាប់ពិត ការសម្របសម្រួលផ្លូវទឹក-ផ្លូវអាកាស ការធ្វើបម្លាស់ទីយ៉ាងលឿនរហ័ស និងការបំពេញការផ្គង់ផ្គង់ដែនសមុទ្រ ដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធរួមបញ្ចូលគ្នា។ស្ថានទូតហ្វីលីពីន នៅទីក្រុងប៉េកាំង មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ហើយយោធាចិនក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីពេលវេលា ឬទីតាំងពិតប្រាកដនៃសមយុទ្ធនោះដែរ ប៉ុន្តែបានបញ្ជាក់ថា សមយុទ្ធរបស់ខ្លួន គឺអនុលោមតាមច្បាប់ និងការអនុវត្តអន្តរជាតិយ៉ាងពេញលេញ៕

ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ៤នាក់ នៅតំបន់ហ្កាហ្សា ខណៈ UNព្រមានពីសុវត្ថិភាពជនស៊ីវិល

04/24/2026 07:04 PM        44
ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីននិយាយថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៤នាក់ ។គ្រូពេទ្យបឋមក្នុងស្រុកនិយាយថា មនុស្សម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅភាគខាងត្បូងទីក្រុង Khan Younis ខណៈមនុស្សជាច្រើននាក់ផ្សេងទៀង បានរងរបួស ។យោធាអ៊ីស្រាអែលនិយាយថា ពួកគេមានគោលដៅលើក្រុមជីវពលដែលដឹកជញ្ជូនគ្រាប់រំសេវ និងបង្កការគំរាមកំហែងដល់ទាហានអ៊ីស្រាអែល ។ក្រុមមន្រ្តីសុខភាពនិយាយថា មនុស្ស ៣នាក់ផ្សេងទៀត រួមទាំងកម្មករជួយសង្រ្គោះម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយផ្សេងទៀតនៅជំរំជនភៀសខ្លួន Maghazi ស្ថិតក្នុងទីក្រុង Deir al Balah នៅភាគកណ្តាលតំបន់ហ្កាហ្សា ។យោធាអ៊ីស្រាអែល ពុំបានធ្វើសេចក្តីអត្ថាធិប្បាយភា្លមៗនោះទេចំពោះការវាយប្រហារទាំងនេះ ។ អ៊ីស្រាអែលបើកការវាយប្រហារម្តងហើយម្តងទៀតលើតំបន់ហ្កាហ្សា ចាប់តាំងពីបទឈប់បាញ់រៀបចំឡើងដោយសហរដ្ឋអាមេរិក បានចូលជាធរមានកាលពីខែតុលា ឆ្នាំមុន ។ នៅពុំទាន់មានយន្តការ ដើម្បីជំរុញបទឈប់បាញ់នោះទេ ។ ទាហានអ៊ីស្រាអែល ៤នាក់ និងជនប៉ាឡេស្ទីនជាង ៧៨០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា ចាប់តាំងពីបទឈប់បាញ់ចាប់ផ្តើម ៕

នាយករដ្ឋមន្រ្តីហៃទីនិយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខ UNថា គ្មានសន្តិសុខ មិនអាចមានការអភិវឌ្ឍបាននោះទេ

04/24/2026 06:04 PM        38
 នាយករដ្ឋមន្រ្តីហៃទីលោក Alix Didier Fils-Aimé និយាយថា អាទិភាពរបស់រដ្ឋាភិបាលអន្តរកាល គឺស្តាឡើងវិញអាជ្ញាធររដ្ឋ ការការពារប្រជាពលរដ្ឋ និងការរៀបចំវិលត្រឡប់ទៅកាន់សណ្តាប់ធ្នាប់ធម្មនុញ្ញវិញ តាមរយៈការបោះឆ្នោត ។ លោក Fils-Aimé និយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)ថា បើគ្មានសន្តិសុខ ការអភិវឌ្ឍក៏មិនអាចទៅរួចនោះដែរ ហើយលោកអំពាវនាវឲ្យមានការដាក់ពង្រាយកងកម្លាំងបង្ក្រាបក្រុមអន្ធពាល ដោយពុំត្រូវពន្យាពេលនោះទេ ។ លោកថា តំបន់ខ្លះនៅក្នុងរដ្ឋធានី ត្រូវដណ្តើមបានមកវិញបន្តិចម្តងហើយ ដោយមានការគាំទ្រពីកងកម្លាំងប្រដាប់អាវុធហៃទី និងនគរបាលជាតិ ដើម្បីធ្វើឲ្យសកម្មភាពសង្គម និងសេដ្ឋកិច្ចចាប់ផ្តើមឡើងវិញដូចគ្នា ។ ក្រុមប្រឹក្សាសន្តិសុខ UN ផ្តោតសំខាន់លើសន្តិសុខនៅប្រទេសហៃទី ពេលដែលក្រុមមន្រ្តីក្នុងស្រុក និងអន្តរជាតិ អំពាវនាវឲ្យដាក់ពង្រាយកងកម្លាំងបង្រ្កាបក្រុមអន្ធពាល ដើម្បីទប់ស្កាត់អំពើហិង្សារបស់ក្រុមឧក្រិដ្ឋជន ហើយនិងស្តាអាជ្ញាធររដ្ឋឡើងវិញ ។ លោក Jack Christofides គឺជាអ្នកតំណាងពិសេសរបស់កងកម្លាំងបង្រ្កាបក្រុមអន្ធពាល និយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខ UNថា បេសកកម្មនេះ ស្ថិតក្នុងដំណាក់កាលដំបូងដ៏សំខាន់ ។ លោកថា មាននូវតម្រូវការបន្ទាន់ សម្រាប់វិធានការដ៏មុតមាំ ដើម្បីស្តាសន្តិសុខ និងក្តីសង្ឃឹម ៕

អ្នកការទូតជាន់ខ្ពស់ EU៖ កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ គួរតែរួមបញ្ចូលអ្នកជំនាញនុយក្លេអ៊ែរ

04/24/2026 06:04 PM        49
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas នៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះ បានព្រមានថា ការចរចា ដើម្បីបញ្ចប់សង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ កំពុងប្រឈមនឹងហានិភ័យនៃការបង្កើតកិច្ចព្រមព្រៀង «ខ្សោយ» ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ជាងកតិកាសញ្ញាដែលបានធ្វើឡើងកាលពី ១ទសវត្សរ៍មុន។នៅថ្ងៃទី២ នៃកិច្ចប្រជុំកំពូលក្រៅផ្លូវការរបស់មេដឹកនាំ EU នៅប្រទេសស៊ីប លោកស្រី Kallas បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រសិនបើការចរចា គឺពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរ ហើយគ្មានអ្នកជំនាញនុយក្លេអ៊ែរ នៅជុំវិញតុពិភាក្សាទេនោះ យើងនឹងបញ្ចប់ដោយកិច្ចព្រមព្រៀងដែលខ្សោយជាង JCPOA»។កិច្ចព្រមព្រៀអង JCPOA (ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោង) ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋបាលរបស់លោក Barak Obama ក្នុងឆ្នាំ២០១៥ បានចំណាយពេល ២ឆ្នាំ ដើម្បីចរចា ហើយមានពាក់ព័ន្ធនឹងអ្នកឯកទេសប្រហែល ២០០នាក់ ដែលរួមមានទាំងផ្នែករូបវិទ្យានុយក្លេអ៊ែរ ទណ្ឌកម្ម ហិរញ្ញវត្ថុ និងច្បាប់។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ ២០១៨។ សប្តាហ៍នេះលោក បានសន្យាថា នឹងបង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរ «កាន់តែប្រសើរជាងមុន»។តែយ៉ាងណាក្ដី លោកស្រី Kallas បានសង្កត់ធ្ងន់ថា ប្រសិនបើអ្នកចរចាមិនដោះស្រាយ «កម្មវិធីមីស៊ីល ការគាំទ្រសង្គ្រាមតំណាងរបស់ពួកគេ ក៏ដូចជាសកម្មភាពកូនកាត់ និងតាមប្រព័ន្ធអ៊ីនធឺណិត នៅអឺរ៉ុប» របស់អ៊ីរ៉ង់ទេ នោះ វាមានលទ្ធភាព «ដែលយើងនឹងបញ្ចប់ដោយមានប្រទេសអ៊ីរ៉ង់មួយកាន់តែគ្រោះថ្នាក់ជាងមុន»។ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ពួកគេ នៅថ្ងៃសុក្រនេះ បណ្ដាមេដឹកនាំ EU បានអំពាវនាវឲ្យមានដំណោះស្រាយរយៈពេលវែង ចំពោះសង្គ្រាមអ៊ីរ៉ង់ មុនពេលពិភាក្សាជាមួយមន្ត្រី និងមេដឹកនាំ ក្នុងតំបន់៕

UNថ្កោលទោលអំពើហិង្សាអ្នកតាំងលំនៅនិគមន៍កើនឡើងដែលមានគោលដៅលើសិស្សសាលាតំបន់វ៉េសប៊ែង

04/24/2026 06:04 PM        52
 លោក Stephane Dujarric គឺជាអ្នកនាំពាក្យអង្គការសហប្រជាជាតិ(UN) និយាយថា អង្គការរបស់លោក បានថ្កោលទោលអំពើហិង្សាអ្នកតាំងលំនៅនិគមន៍កើនឡើងដែលមានគោលដៅលើសិស្សសាលាប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង ។ លោកថា UN បន្តទទួលបានសេចក្តីរាយការណ៍អាសន្នពីការវាយប្រហាររបស់ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនប៉ាឡេស្ទីន ការខូចខាត និងការជម្លៀសខ្លួន ។ លោកបានគូសបញ្ជាក់ផងដែរពីតម្រូវការបន្ទាន់ ដើម្បីការពារ និងស្តាឡើងវិញការអប់រំសម្រាប់កុមារប៉ាឡេស្ទីន ។ ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីននិយាយថា ទាហានអ៊ីស្រាអែល បានបាញ់សម្លាប់យុវជនវ័យ ១៥ឆ្នាំម្នាក់ អំឡុងការវាយឆ្មក់របស់កងទ័ពនៅតំបន់កាន់កាប់វ៉េសប៊ែង ។ នៅទីក្រុង Nablus ស្ថិតក្នុងតំបន់វ៉េសប៊ែង ក្រុមមន្រ្តីសុខភាព និយាយថា កងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាប់យុវជន Youssef Sameh Shtayyeh អំឡុងការវាយឆ្មក់នៅតែបន្តក្នុងទីក្រុងមួយនេះ ។ យោធាអ៊ីស្រាអែលនិយាយថា យុវជនប៉ាឡេស្ទីនម្នាក់នេះ បានចោលដុំថ្មលើកងកម្លាំងរបស់ខ្លួន អំឡុងប្រតិបត្តិការនៅទីក្រុង Nablus ជាហេតុធ្វើឲ្យពួកគេបាញ់ប្រហារលើជនសង្ស័យម្នាក់នោះ ។ យោធាបន្តថា ពួកគេបានដឹងសេចក្តីរាយការណ៍ថា យុវជនប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់នៅកន្លែងកើតហេតុ ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល បានបាញ់សម្លាប់បុរសជនប៉ាឡេស្ទីនវ័យ ២៥ឆ្នាំម្នាក់ គឺលោក Odeh Awawdeh នៅទីក្រុង Deir Dibwan ស្ថិតនៅជិតទីក្រុង Ramallah កាលពីរយៈពេល ១ថ្ងៃមុន គឺជាអ្វីដែលក្រុមសិទ្ធិមនុស្សរៀបរាប់ថា ជាអំពើហិង្សាកើនឡើងលើជនប៉ាឡេស្ទីនបង្កឡើងដោយក្រុមអ្នកតាំងលំនៅនិគមន៍ និងទាហានអ៊ីស្រាអែល ។ យោធាអ៊ីស្រាអែល ពុំបានធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេលើឧបទ្ទេវហេតុមួយនេះ ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា មនុស្សយ៉ាងហោច ១៥នាក់ ត្រូវបានសម្លាប់ដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អត្តពលិកកេនយ៉ា Sebastian Sawe ក្លាយជាមនុស្សដំបូងរត់ម៉ារ៉ាតុងប្រើពេលក្រោមពីរម៉ោង
04/27/2026 10:04 AM
រុស្ស៊ី និងកូរ៉េខាងជើង យល់ព្រមលើកិច្ចសហប្រតិបត្តិការយោធារយៈពេលវែង
04/27/2026 10:04 AM
រដ្ឋបាលខេត្តបាត់ដំបង នាំយកអំណោយឧបត្ថម្ភកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន
04/27/2026 10:04 AM
កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣ គីឡូម៉ែត្រ ពីគល់ស្ពានកោះធំ ដល់ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ
04/27/2026 10:04 AM
ទោះ MPL រដូវកាលនេះ មិនសូវមានតុល្យភាពរវាងក្រុមខ្លាំង និងខ្សោយ តែ CFU តែងគោរពគូប្រកួតជានិច្ច
04/27/2026 10:04 AM
ទីក្រុងប៉េកាំងព្រមានសហភាពអឺរ៉ុប ក្រោយក្រុមហ៊ុនចិន ត្រូវបានដាក់បញ្ចូលក្នុងទណ្ឌកម្មចុងក្រោយបំផុតរបស់រុស្ស៊ី
04/27/2026 10:04 AM
រទេះសាឡីមិនត្រឹមជារបស់ប្រើប្រាស់បុរាណទេ តែក៏ជាផ្នែកមួយនៃសិល្បៈតាំងលម្អរក្សាទុកអត្តសញ្ញាណវប្បធម៌ខ្មែរឲ្យបន្តរស់នៅក្នុងសង្គមសម័យថ្មី
04/27/2026 10:04 AM
កម្លាំងសមត្ថកិច្ចចុះបង្រ្កាបអគារពាក់ព័ន្ធលបលួចប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ក្នុងក្រុងប៉ោយប៉ែត រកឃើញជនបរទេស និងភស្ដុតាងមួយចំនួន
04/27/2026 10:04 AM
កីឡា ២ប្រភេទមកដល់មាតុភូមិវិញ អមមមេដាយប្រាក់ ១ ក្រោយ​ចប់ភារកិច្ច​ក្នុង​កីឡាលើ​ឆ្នេរ​ខ្សាច់​អាស៊ី នៅចិន
04/27/2026 10:04 AM
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល២រូប រួមគ្នាដើម្បីប្រជែងជាមួយលោក Netanyahu ក្នុងការបោះឆ្នោត
04/27/2026 10:04 AM