រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ត្រូវបានរំពឹងថា នឹងទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ មុនកិច្ចចរចាអាមេរិក-អ៊ីរ៉ង់
ប្រភពពីរដ្ឋាភិបាល បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ នាយប់ថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះ ជាមួយនឹងគណៈប្រតិភូតូចមួយ ខណៈដែលកិច្ចប្រឹងប្រែងផ្នែកការទូត នៅតែបន្ត ជុំវិញលទ្ធភាពដែលអាចកើតមានកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។យោងតាមប្រភពពីរដ្ឋាភិបាល បានឲ្យដឹងថា ក្រុមសម្របសម្រួលរបស់ប៉ាគីស្ថាន ត្រូវបានគេរំពឹងថា នឹងធ្វើការពិភាក្សាសំខាន់ៗដែលមានគោលបំណងសម្របសម្រួលជុំទី២ នៃ «កិច្ចចរចាសន្តិភាព» រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដ។ ប្រភពទាំងនេះបានបង្ហើបឲ្យដឹងថា លទ្ធផលនៃការទំនាក់ទំនងដែលកំពុងបន្តនេះ អាចនាំឲ្យមានការចរចាជុំមួយទៀតដែលត្រូវបានធ្វើឡើង នៅក្នុងរដ្ឋធានីរបស់ប៉ាគីស្ថាន ទោះបីជាមិនមានការបញ្ជាក់ជាផ្លូវការណាមួយ ត្រូវបានចេញដោយភាគីពាក់ព័ន្ធក៏ដោយ។ប្រភពបានបន្ថែមថា ដោយឡែក ក្រុមភស្តុភារ និងសន្តិសុខរបស់សហរដ្ឋអាមេរិក មានវត្តមានរួចហើយ នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ទាក់ទងនឹងកិច្ចចរចាដែលត្រូវបានរំពឹងទុកនេះ។ មិនមានការបញ្ជាក់អះអាងជាសាធារណៈផ្លូវការពីទីក្រុងវ៉ាស៊ីនតោន តេអេរ៉ង់ ឬអ៊ីស្លាម៉ាបាដនោះឡើយ ទាក់ទងនឹងពេលវេលា ឬរបៀបវារៈនៃកិច្ចប្រជុំដែលត្រូវបានស្នើឡើងនេះ។នៅមុននេះ លោក Abbas Araghchi បានធ្វើការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar ក៏ដូចជាប្រមុខកងកម្លាំងការពារជាតិ លោក Asim Munir។យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់អ៊ីរ៉ង់ បានឲ្យដឹងថា ការពិភាក្សានោះ បានផ្តោតលើការវិវត្ត ក្នុងតំបន់ថ្មីៗ ស្ថានភាពនៃបទឈប់បាញ់ និងកិច្ចប្រឹងប្រែងដែលធ្វើឡើងដោយទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីសម្រួលដល់ការចរចាជុំទី២ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក៕