ស្វែងរក

រដ្ឋមន្រ្តីការបរទេសឈីលី និងបូលីវី យល់ព្រមចាប់ផ្តើមឡើងវិញការពិគ្រោះយោបល់នយោបាយ ក្រោយរយៈពេល ៤៨ឆ្នាំ

04/24/2026 05:04 PM        58
រដ្ឋមន្រ្តីការបរទេសឈីលីលោក Perez Mackenna បានជួបជាមួយរដ្ឋមន្រ្តីការបរទេសបូលីវីលោក Fernando Aramayo នៅទីក្រុង La Paz ជាទីដែលភាគីទាំង ២និយាយថា ពួកគេមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនងទ្វេភាគី ។លោក Mackenna និយាយថា ឈីលីចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងអន្តោប្រវេសន៍ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធព្រំដែន ដែលជាផ្នែកមួយនៃកិច្ចខិតខំ ដើម្បីប្រយុទ្ធប្រឆាំងការធ្វើអន្តោប្រវេសន៍ខុសប្រក្រតី អង្គការឧក្រិដ្ឋកម្ម ការជួញដូរមនុស្សខុសច្បាប់ ការរត់ពន្ធ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ។លោកថា ក្រុមតំណាងធុរកិច្ចឈីលី និងបូលីវី បានជួបគ្នា ហើយភាគីទាំង ២ បានព្រមព្រៀងគ្នាចាប់ផ្តើមកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ។ចំណែកឯលោក Aramayo និយាយដែរថា ភាគីទាំង ២ បានយល់ព្រមស្តាឡើងវិញយន្តការសម្រាប់ការពិគ្រោះយោបល់នយោបាយ និងគ្រប់គ្រងរបៀបវារៈទ្វេភាគីតាមវិធីគ្រប់ជ្រុងជ្រោយ ។យោងតាមការអះអាងរបស់ក្រសួងការបរទេសឈីលី បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Mackenna គឺជាដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ ដោយផ្តោតសំខាន់លើការបង្កើតទំនុកចិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ វិស័យទេសចរណ៍ បណ្តាញទំនាក់ទំនង សន្តិសុខ អន្តោប្រវេសន៍ រ៉ែសំខាន់ សមាហរ័ណកម្មសិក្សា និងវប្បធម៌ ។សូមបញ្ជាក់ថា ឈីលី និងបូលីវី បានរក្សាទំនាក់ទំនងត្រឹមស្ថានកុងស៊ុលប៉ុណ្ណោះ មិនមែនជាទំនាក់ទំនងការទូតពេញលេញនោះទេ ចាប់តាំងពីឆ្នាំ ១៩៧៨រហូតមក ពេលដែលការចរចាលើតម្រូវការយូរអង្វែងរបស់បូលីវី សម្រាប់អធិបតេយ្យភាពនៅមហាសមុទ្រប៉ាស៊ីហ្វិក បរាជ័យ គឺជាវិវាទមួយផ្តើមចេញពីការបាត់បង់តំបន់ឆ្នេររបស់បូលីវីទៅ ឲ្យឈីលី នៅក្នុងសង្រ្គាមប៉ាស៊ីហ្វិក អំឡុងសតវត្សរ៍ទី ១៩ ៕

អាមេរិកពិចារណាដាក់គោលដៅមេបញ្ជាការ IRGC អ៊ីរ៉ង់ និងគំរាមកំហែងការដឹកជញ្ជូន បើបទឈប់បាញ់ដួលរលំ

04/24/2026 05:04 PM        64
សហរដ្ឋអាមេរិកកំពុងពិចារណាជម្រើសយោធាជាច្រើន ប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើបទឈប់បាញ់បច្ចុប្បន្នបរាជ័យ ដោយផែនការដំបូងផ្តោតលើការកំណត់គោលដៅលើបុគ្គលជាន់ខ្ពស់ដែលត្រូវបានគេមើលឃើញថា បានរារាំងដល់ការចរចា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ CNN នៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះ ដោយដកស្រង់ប្រភពដែលដឹងពីការពិភាក្សា។ជម្រើសមួយ ដែលកំពុងត្រូវបានពិនិត្យ ត្រូវបានរាយការណ៍ថា ពាក់ព័ន្ធនឹងការវាយប្រហារ លើមេដឹកនាំយោធាអ៊ីរ៉ង់ជាក់លាក់ និងឥស្សរជនសំខាន់ៗ នៅក្នុងរបបនេះ ដែលមន្ត្រីអាមេរិកបានចោទប្រកាន់ថា បានធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែងផ្នែកការទូត។ ហើយដោយបានដកស្រង់ប្រភពមួយ ក្នុងចំណោមប្រភពទាំងនោះ ប្រព័ន្ធផ្សព្វផ្សាយ CNN បានឲ្យដឹងថា ក្នុងចំណោមនោះ មានលោក Ahmad Vahidi ដែលបម្រើការជាអគ្គមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)។ក្រៅពីការកំណត់គោលដៅលើបុគ្គល អ្នករៀបចំផែនការយោធាអាមេរិក ក៏កំពុងរៀបចំសេណារីយ៉ូប្រតិបត្តិការទូលំទូលាយជាងមុនផងដែរ ដែលផ្តោតលើសមត្ថភាពដែនសមុទ្ររបស់អ៊ីរ៉ង់។ យោងតាមសារព័ត៌មាន CNN ដដែល បានឲ្យដឹងទៀតថា ផែនការទាំងនេះ រួមមាន «ការកំណត់គោលដៅថាមវន្ត» នៃធនាធាន នៅជុំវិញច្រកសមុទ្រ Hormuz ឈូងសមុទ្រអារ៉ាប់ភាគខាងត្បូង និងឈូងសមុទ្រអូម៉ង់ ដែលរួមមានទូកវាយប្រហារល្បឿនលឿនតូចៗ នាវាដាក់មីន និងឧបករណ៍មិនស៊ីមេទ្រីផ្សេងទៀត ដែលប្រើដោយទីក្រុងតេអេរ៉ង់ ដើម្បីរំខានដល់ផ្លូវដឹកជញ្ជូន។ប្រព័ន្ធផ្សព្វផ្សាយ CNN បានរាយការណ៍បន្ថែមថា ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ពីមុនផ្តោតជាសំខាន់លើគោលដៅចូលជ្រៅ នៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែផែនការថ្មី បានផ្លាស់ប្តូរការយកចិត្តទុកដាក់ទៅលើការវាយប្រហារ ដែលផ្តោតជាសំខាន់ផ្លូវសមុទ្រជាយុទ្ធសាស្ត្រដ៏តូចចង្អៀតនេះ។ តែយ៉ាងណាក្ដី ប្រភពទាំងនោះបានព្រមានថា សកម្មភាពយោធាតែម៉្យាង អាចមិនគ្រប់គ្រាន់ ដើម្បីបើកច្រកសមុទ្រនេះឡើងវិញយ៉ាងឆាប់រហ័សបានឡើយ៕

ស្ដេច Charles របស់អង់គ្លេស នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅអាមេរិក ខណៈទំនាក់ទំនងនយោបាយអាប់អួរ

04/24/2026 05:04 PM        63
ព្រះមហាក្សត្រ Charles ទី៣ នឹងយាងទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី២៧ ខែមេសា ដោយភាពតានតឹងឆ្លងមហាសមុទ្រអាត្លង់ទិក ជុំវិញសង្គ្រាមអ៊ីរ៉ង់ និងស្រមោលវែងអន្លាយនៃនៃរឿងអាស្រូវ Epstein គំរាមកំហែងជ្រៀតជ្រែក ក្នុងព្រះរាជទស្សនកិច្ចដ៏សំខាន់នេះ។ទាំងព្រះបរមរាជវាំង Buckingham និងរដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងថា ព្រះរាជដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃនេះ នឹងជាកិត្តិយសដល់ទំនាក់ទំនងប្រវត្តិសាស្ត្រ រវាងប្រទេសទាំង២ ខណៈសហរដ្ឋអាមេរិក កំពុងប្រារព្ធខួបឯករាជ្យលើកទី២៥០។ព្រះរាជទស្សនកិច្ចរដ្ឋលើកដំបូងរបស់ស្ដេច Charles ក្នុងនាមជាព្រះមហាក្សត្រ បានកើតឡើងតាមការទូលសុំរបស់រដ្ឋាភិបាលអង់គ្លេស និងប្រធានាធិបតីអាមេរិក លោក Donald Trump ហើយនឹងត្រូវយាងទៅជាមួយម្ចាស់ក្សត្រី Camilla។ នេះបើយោងតាមព្រះបរមរាជវាំង។តែយ៉ាងណាក្ដី ខណៈដែលសង្គ្រាមរបស់មេដឹកនាំអាមេរិកជាមួយអ៊ីរ៉ង់ បានជំរុញឲ្យមានភាពរកាំរកូសដ៏កម្រ រវាងទីក្រុងឡុងដ្រ៍ និងវ៉ាស៊ីនតោន វាបានបង្កើតភាពចម្រូងចម្រាសយ៉ាងច្រើន។ លោក Trump បានរិះគន់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ម្តងហើយម្តងទៀត ចំពោះការប្រឆាំងសង្គ្រាមរបស់លោក រួមជាមួយនឹងគោលនយោបាយអន្តោប្រវេសន៍ និងថាមពលរបស់រដ្ឋាភិបាលរបស់លោក។មេដឹកនាំអាមេរិករូបនេះ ក៏បានចំអកឲ្យស្ថានភាពកងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេសផងដែរ ដែលព្រះមហាក្សត្រមានព្រះរាជាតួនាទីជាអគ្គមេបញ្ជាការផងដែរ។ ជាការតបតវិញ លោក Starmer បានបង្កើនការរិះគន់ជាសាធារណៈរបស់លោក ចំពោះសង្គ្រាម ខណៈពេលដែលសង្កត់ធ្ងន់លើវិសាលភាព និងជម្រៅនៃទំនាក់ទំនង រវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក្នុងការការពារព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនេះ៕

មន្ទីរពេទ្យអ៊ីរ៉ង់ចាប់ផ្តើមជួបកង្វះខាតឱសថ ស្របពេលសង្រ្គាមបង្អាក់ខ្សែចង្វាក់ផ្គត់ផ្គង់

04/24/2026 05:04 PM        55
កម្មករថែទាំសុខភាពនៅទីក្រុងតេអេរ៉ង់ និយាយថា មន្ទីរពេទ្យអ៊ីរ៉ង់មួយចំនួនរាយការណ៍ពីកង្វះខាតឱសថ ស្របពេលការបិទរបស់កងទ័ពជើងទឹកអាមេរិក និងការបង្អាក់ធ្ងន់ធ្ងរនៅច្រកសមុទ្រ Hormuzបានរារាំងខ្សែចង្វាក់ផ្គត់ផ្គង់ ។លោក Arash Anisiyan គឺជាប្រធានមន្ទីរពេទ្យ Ebn-Sina ទទួលស្គាល់ពីកង្វះខាតថ្នាំគីមី ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំលើសឈាម ដោយសារប្រតិបត្តិការដឹកតាមផ្លូវអាកាសត្រូ វបានអាក់ខាន ហើយនិងការបង្អាក់ការផលិតគីមីឥន្ធនៈ ។កម្មករវេជ្ជសាស្រ្តផ្សេងទៀតនិយាយថា អ៊ីរ៉ង់អាចការពារកង្វះខាតទ្រង់ទ្រាយធំនៃឱសថ ហើយនិងទំនិញចាំបាច់ បើទោះបីជាមានសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ ប៉ុន្តែក្តីបារម្ភរយៈពេលវែងអាចនឹងមើលឃើញកង្វះខាតឱសថ ។លោក Azade Salem គឺជានាយកឱសថស្ថានអ៊ីរ៉ង់ និយាយថា បច្ចុប្បន្នពួកយើងព្រួយបារម្ភថា តើរយៈពេលយូរបែបណាឱសថបម្រុងរបស់អ៊ីរ៉ង់អាចឈានដល់ស្តុកក្នុងឃ្លាំង ។ស្ថានការបទឈប់បាញ់រយៈពេល ២សប្តាហ៍ដែលគ្រោងនឹងផុតកំណត់ទៅហើយកាលពីដើមសប្តាហ៍នេះ នៅតែមិនច្បាស់លាស់ ។ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយនៅក្នុងសេចក្តីប្រកាសឯកតាភាគីកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងបន្តបទឈប់បាញ់រហូតដល់ពួកគេពិភាក្សាលើសំណើរបស់អ៊ីរ៉ង់ ក្នុងកិច្ចពិភាក្សាសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ២ខែនេះ ៕

មនុស្សយ៉ាងហោច ១០នាក់ រងរបួស ក្រោយព្យុះកួចវាយប្រហាររដ្ឋ Oklahoma សហរដ្ឋអាមេរិក

04/24/2026 05:04 PM        74
 សារព័ត៌មាន KOCO News រាយការណ៍ថា មនុស្សយ៉ាងហោច ១០នាក់ បានរងរបួស ក្រោយព្យុះកួចវាយប្រហាររដ្ឋភាគខាងជើង Oklahoma របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមសង្រ្គោះបន្ទាន់ បានចុះប្រតិបត្តិការជួយសង្រ្គោះ និងរុករក ក្រោយព្យុះកួចបណ្តាលឲ្យមានការខូចខាតច្រើន ធ្វើឲ្យប៉ះពាល់ដល់មូលដ្ឋានទ័ពអាកាស Vance ស្ថិតក្នុងទីក្រុង Enid រដ្ឋ Oklahoma ។ រូបភាពវីដេអូឃ្លីបថតបានដោយសារព័ត៌មាន KOCO News ឃើញកម្ទេចកម្ទីហោះលើអាកាស ពេលដែលព្យុះកួចបោកបក់ឆ្លងកាត់មូលដ្ឋានទ័ពអាកាស ។ សេវាកម្មឧតុនិយមជាតិ រាយការណ៍ថា ការខូចខាតដំបូល បង្អួច រថយន្ត និងដើមឈើ បានកើតមានឡើងនៅមូលដ្ឋានទ័ពអាកាស Vance ។ សារព័ត៌មាន KOCO News រាយការណ៍ទៀតថា ព្យុះទឹកកកដែលមានទំហំប៉ុនកូនបាល់វាយកូនហ្គោល អាចនឹងកើតមាននៅក្នុងសេចក្តីជូនដំណឹងដែលបានចេញកាលពីយប់ថ្ងៃព្រហស្បតិ៍ ៕

តុលាការថៃទទួលយកសំណុំរឿងប្ដឹងឥស្សរជនប្រឆាំង ៤៤រូប ពាក់ព័ន្ធច្បាប់ប្រមាថព្រះមហាក្សត្រ

04/24/2026 05:04 PM        47
តុលាការកំពូលថៃ នៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ខ្លួនបានទទួលបណ្ដឹងមួយដែលចោទប្រកាន់សមាជិកសភាបច្ចុប្បន្ន និងអតីតរបស់គណបក្សប្រឆាំងចំនួន ៤៤រូប ពីបទរំលោភលើក្រមសីលធម៌ ជុំវិញការប៉ុនប៉ងធ្វើវិសោធនកម្មច្បាប់ដែលការពារអង្គព្រះមហាក្សត្រកុំឲ្យមានការរិះគន់ ក្នុងឆ្នាំ២០២១។បុគ្គល ៤៤រូបនោះ ដែលនឹងត្រូវឡើងសវនាការ ចាប់ពីថ្ងៃទី៣០ ខែមិថុនា រួមមានសមាជិកបច្ចុប្បន្ន និងអតីតរបស់គណបក្សជឿនលឿន គឺ People’s Party និងគណបក្សដើម គឺ Move Forward ដែលត្រូវបានរំលាយ។ ប្រសិនបើរកឃើញថា មានទោស ពួកគេនឹងត្រូវប្រឈមមុខនឹងការពិន័យខ្លាំងបំផុត ដោយត្រូវហាមឃាត់មិនឲ្យកាន់តំណែងរដ្ឋអស់មួយជីវិត។តុលាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្រេចមិនព្យួរនោះទេ ចំពោះសមាជិកសភាដែលកំពុងបម្រើការចំនួន ១០រូប ក្នុងចំណោមអ្នកពាក់ព័ន្ធទាំង ៤៤រូប។គួរបញ្ជាក់ថា មនុស្សរាប់រយនាក់ត្រូវបានកាត់ទោសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ប្រទេសថៃ ដែលជាច្បាប់ដ៏តឹងរ៉ឹងបំផុតមួយ ក្នុងពិភពលោក ដោយមានការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ សម្រាប់ជនល្មើស។ការទទួលយកសំណុំរឿងរបស់តុលាការនេះ គឺជាឧបសគ្គចុងក្រោយបំផុត ក្នុងចំណោមបញ្ហាជាបន្តបន្ទាប់ សម្រាប់គណបក្សសេរីនិយមប្រឆាំងនឹងស្ថាប័នរបស់ថៃ ដែលបានមើលឃើញខ្លួនឯងបរាជ័យម្ដងហើយម្ដងទៀត នៅក្នុងសេចក្តីសម្រេចរបស់តុលាការជាបន្តបន្ទាប់ និងដែលត្រូវបានរារាំងមិនឲ្យបង្កើតរដ្ឋាភិបាល បន្ទាប់ពីមានជ័យជម្នះ ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣៕

នគរបាលចរាចរណ៍នៅភាគខាងលិចឥណ្ឌាប្រើប្រាស់អាវត្រជាក់ ដើម្បីទប់ទល់នឹងអាកាសធាតុក្តៅខ្លាំង

04/24/2026 05:04 PM        48
នគរបាលចរាចរណ៍នៅទីក្រុងភាគខាងលិច Ahmedabad របស់ប្រទេសឥណ្ឌា បានងាកមកប្រើប្រាស់អាវត្រជាក់ ដើម្បីទប់ទល់នឹងស្ថានភាពអាកាសធាតុក្តៅខ្លាំង ។ក្រសួងឧតុនិយមឥណ្ឌា និយាយថា សីតុណ្ហភាពអតីបរមានៅទីក្រុងមួយនេះ បានកើនឡើងដល់ ៤០អង្សាសេកាលពីថ្ងៃព្រហស្បតិ៍ ។អាវត្រជាក់នេះ មានកង្ហាខាងក្នុងចំនួន ២ ដែលធានាផ្តល់ភាពត្រជាក់ដល់រាងកាយមនុស្ស និងធ្វើឲ្យមានភាពធូរស្រាល អំឡុងពេលបំពេញការងាររយៈពេលយូរ ។ឥណ្ឌានឹងជួបរដូវក្តៅក្តៅខ្លាំងខុសពីប្រក្រតីក្នុងឆ្នាំនេះ ក្នុងនោះរលកកម្តៅ ត្រូវបានគេរំពឹងថានឹងកើតមាននៅខែឧសភា ។លោក Vikram Singh គឺជាមន្រ្តីនគរបាលចរាចរណ៍មួយរូបនៅទីក្រុង Ahmedabad និយាយថា អំឡុងរដូវក្តៅ សីតុណ្ហភាពនៅទីក្រុងរបស់លោកនឹងកើនឡើងដល់ ៤០អង្សាសេ ឬក្តៅជាងនេះ ។ លោកបន្តថា ហេតុដូច្នេះហើយការពាក់អាវត្រជាក់មានកង្ហា ២ខាងក្នុង នឹងជួយបានច្រើន អំឡុងពេលបំពេញការងារកណ្តាលថ្ងៃត្រង់ ៕

ការិយាល័យប្រធានាធិបតី៖ កូរ៉េខាងត្បូងទទួលបានប្រេងឆៅ ៧៤,៦២លានបារ៉ែលសម្រាប់ខែឧសភា

04/24/2026 05:04 PM        51
ការិយាល័យប្រធានាធិបតីនិយាយនៅថ្ងៃសុក្រនេះថា កូរ៉េខាងត្បូងទទួលបានប្រេងឆៅ ៧៤,៦២លានបារ៉ែលសម្រាប់ខែឧសភា ដែលស្មើនឹងប្រហែល ៨៧ភាគរយនៃការនាំចូលមធ្យមប្រចាំខែរបស់ខ្លួនកាលពីឆ្នាំមុន ស្របពេលដែលទីក្រុងសេអ៊ូលចាត់វិធានការ ធ្វើឲ្យស្ថិរភាពការផ្គត់ផ្គង់ថាមពល ស្របពេលជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។លោក Kang Hoon-sik គឺជានាយសេនាធិការប្រធានាធិបតីកូរ៉េខាងត្បូងនិយាយថា រដ្ឋាភិបាលរបស់លោកបានកាត់បន្ថយការពឹងផ្អែករបស់ខ្លួនផងដែរលើការនាំចូលប្រេងឆៅពីមជ្ឈិមបូព៌ាមកនៅ ៥៦ភាគរយពីចំនួន ៦៩ភាគរយ ដោយបង្កើនការដឹកជញ្ជូនពីសហរដ្ឋអាមេរិក និងអាហ្វ្រិក ។ស្របពេលដែលក្រុមមន្រ្តីពុំព្រួយបារម្ភខ្លាំងចំពោះប្រេងឆៅសម្រាប់ខែឧសភា លោក Kangនិយាយថា ឧស្សាហកម្មមួយចំនួននៅប្រឈមភាពពុំច្បាស់លាស់ចំពោះការផ្គត់ផ្គង់ប្រេងកាត ។លោកថា ប្រេងកាតទម្ងន់ ២,១លានតោនដែលទទួលបាន អំឡុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗរបស់លោកទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងតំបន់មជ្ឈិមបូព៌ា ក្នុងនាមជាប្រេសិតពិសេសនោះ នឹងចាប់ផ្តើមមកដល់បន្តិចម្តងៗ ចាប់ពីចុងខែមេសានេះតទៅ ជួយធ្វើឲ្យល្អប្រសើរឡើងលក្ខខណ្ឌផ្គត់ផ្គង់ចាប់ពីខែក្រោយតទៅ ។លោក Kangនិយាយទៀតថា ក្តីបារម្ភនៅមានចំពោះការផ្គត់ផ្គង់កៅស៊ូក្រាលថ្នល់ ជំរុញឲ្យរដ្ឋាភិបាលគិតគូរពីការកែសម្រួលកាលបរិច្ឆេតធ្វើផ្លូវ ដើម្បីកាត់បន្ថយលទ្ធភាពនៃការអាក់ខាន ៕

យន្តហោះចម្បាំង F-16 ដាក់តាំងនៅប៉េរូ បន្ទាប់ពីការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីពីររូប

04/24/2026 05:04 PM        72
ក្រុមបង្ហាញយន្តហោះចម្បាំងអាមេរិកមួយក្រុម បានធ្វើសមយុទ្ធលើអាកាសជាមួយយន្តហោះចម្បាំង F-16 ខាងលើទីក្រុងលីម៉ា ប្រទេសប៉េរូ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា។ លោក Taylor Hiester មកពីក្រុមបង្ហាញយន្តហោះចម្បាំង F-16 បានពិពណ៌នាយន្តហោះចម្បាំងនេះថា ជាយន្តហោះចម្បាំងដែលបានហោះហើរលើកដំបូងក្នុងឆ្នាំ១៩៧៤ ហើយត្រូវបានធ្វើឱ្យប្រសើរជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ការបង្ហាញនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលប៉េរូ បានធ្វើការទូទាត់ប្រាក់ចំនួន៤៦២លានដុល្លារសម្រាប់យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក ជាការទូទាត់លើកដំបូងនៅក្នុងកិច្ចព្រមព្រៀងរាប់ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីជាន់ខ្ពស់ពីររូបកាលពីថ្ងៃពុធ ទី ២២ ខែមេសា។ប្រទេសប៉េរូ បានចំណាយពេលជាច្រើនឆ្នាំក្នុងការចរចាជាមួយក្រុមហ៊ុនផ្សេងៗគ្នា ដើម្បីធ្វើទំនើបកម្មកងក្រុមយន្តហោះចម្បាំងមានអាយុកាលចាស់ៗរបស់ខ្លួន មានយន្តហោះ Mirage 2000 និង MiG 29 ដែលទទួលបានក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ១៩៩០។ ប្រទេសប៉េរូ កំពុងសម្លឹងមើលការទិញយន្តហោះសរុបចំនួន២៤ គ្រឿង ប៉ុន្តែកិច្ចព្រមព្រៀងដំបូងត្រូវបានគេរំពឹងថានឹងមានចំនួនត្រឹមតែ១២ គ្រឿង។

ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា

04/24/2026 05:04 PM        225
នៅយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣២៩នាក់ ស្រី១១នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកមក្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM